មួង ស្រីមុំ ជនរងគ្រោះក្នុងអំពើវាយប្រហារដោយអាស៊ីដមួយដែលបានកើតឡើងក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥។

«ដូច​រស់​ក្នុង​ឋាន​នរក»

អំពើ​ហិង្សា​ដោយ​អាស៊ីដ​នៅ​កម្ពុជា

មួង​ ស្រី​មុំ ជន​រងគ្រោះ​ក្នុង​អំពើវាយ​ប្រហារ​ដោយ​អាស៊ីដ​មួយ​ដែលបាន​​កើត​ឡើង​ក្នុង​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ © 2017 រក្សាសិទ្ធិដោយ យា ខន្តី

 

សេចក្ដី​សង្ខេប​

ខណៈ​អង្គុយ​លើ​ពូក​ដ៏​ស្ដើង​ដែល​ក្រាល​ផ្ទាល់​នឹង​ដី​ក្នុង​ផ្ទះ​របស់​នាង ស្ថិត​ក្នុង​តំបន់​សំណង់​អនាធិបតេយ្យ​មួយ​កន្លែង​នា​រាជធានី​ភ្នំពេញ កុមារី​អាយុ​៣ឆ្នាំ​ម្នាក់​ឈ្មោះ ម៉ូលីតា កំពុង​យក​ដៃ​ស្ទាប​ថ្មមៗ​លើ​ខ្នង​ម្ដាយ​របស់​នាង ដែល​ពោរពេញ​ដោយ​ស្លាក​ស្នាម​រលាក។ នៅ​គ្រា​មួយ ក្នុង​ខែ​វិច្ឆិកា ឆ្នាំ២០១៤ កាល​ណោះ​ម៉ូលីតា​នៅ​ជា​ទារិកា​នៅ​ឡើយ ម្ដាយ​របស់​នាង​ឈ្មោះ​ មួង ស្រី​មុំ បាន​រង​ការ​វាយ​ប្រហារ​ដោយ​អាស៊ីដ​ខ្លាំង​ពី​សំណាក់​ក្រុម​ជន​ល្មើស​ដែល​ជា​ម្ចាស់​តូប​ក្បែរ​ខាង។ ទឹក​អាស៊ីដ​នោះ​បាន​ស្រោច​សឹង​តែ​មួយ​ចំហៀង​ខ្លួន​របស់​ស្រី​មុំ​ទៅ​ហើយ ដោយ​បាន​ដុត​ទម្លុះ​សាច់​ខ្នង ដៃ​ទាំង​សង​ខាង ជើង​ទាំង​ពីរ និង​មួយ​ចំហៀង​មុខ​របស់​ស្រី​មុំ បណ្ដាល​ឲ្យ​ត្រចៀក​ខាង​ស្ដាំ​ត្រូវ​រលេះ​រលួយ​ទាំង​ស្រុង។ នៅ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ការ​វាយ​ប្រហារ​នោះ អាស៊ីដ​បាន​បន្ត​ជ្រាប​ចូល​ក្នុង​រាងកាយ​របស់​ស្រី​មុំ បណ្ដាល​ឲ្យ​ស្រីមុំ ដែល​កាល​ណោះ​កំពុង​មាន​ផ្ទៃ​ពោះ​២​ខែ​ផង ត្រូវ​រលូត​កូន​នោះ។ ចំណែក​កូន​ស្រី ម៉ូលីតា ដែល​កំពុង​នៅ​ជាមួយ​ម្ដាយ​ក្នុង​ពេល​កើត​ហេតុ ត្រូវ​បាន​ខ្លួន​ប្រាណ​របស់​អ្នក​ម្ដាយ​បាំង​បាន​មួយ​ភាគ​មួយ​ធំ តែ​ទឹក​អាស៊ីដ​នៅ​តែ​ប៉ះ​ចំ​ផ្ទៃ​មុខ​របស់​កុមារី​ត្រង់​ពីរ​កន្លែង នៅ​ក្បែរ​ភ្នែក​ខាង​ស្ដាំ​របស់​នាង។

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ (Human Rights Watch)​បាន​ជួប​ជាមួយ​ស្រីមុំ នៅ​ខែ​មិថុនា​ ឆ្នាំ២០១៥ ម្ដង​និង​ម្ដង​ទៀត​នៅ​ខែ​ឧសភា​ ឆ្នាំ​២០១៧។ នាង​បាន​រៀបរាប់​ថា នាង​មិន​ត្រឹម​តែ​រង​ការ​ឈឺចាប់​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​ប៉ុណ្ណោះ​ទេ ថែមទាំង​ត្រូវ​រស់​ក្នុង​ភាព​បាក់​ទឹក​ចិត្ត ភាព​ភ័យ​ខ្លាច​ និង​ភាព​អស់​សង្ឃឹម​ក្នុង​ការ​ប្រឈម​មុខ​នឹង​ប្រព័ន្ធ​ច្បាប់​ដ៏​ពុក​រលួយ​ និង ពោរពេញ​ដោយ​បញ្ហា ដែល​មិន​អាច​ស្វែង​រក​មុខ​ជន​ល្មើស​យក​មក​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​បាន។ ក្នុង​ឆ្នាំ​២០១៧ នៅ​ពេល​នឹក​គិត​អំពី​ជីវិត​ក្រោយ​រង​ការ​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីដ​ ស្រី​មុំ​បាន​ថ្លែង​ថា៖ «ឥឡូវ​ ខ្ញុំ​ស្គាល់​ហើយ​រសជាតិ​រស់​នៅ​ក្នុង​ឋាន​នរក»។ 

ដោយ​ផ្អែក​លើ​ការ​ចុះ​ស្រាវជ្រាវ​ផ្ទាល់​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ (Human Rights Watch) ក្នុង​ប្រទេស​កម្ពុជា​ចាប់​ពី​ខែ​ធ្នូ ឆ្នាំ២០១៣ ដល់​ខែ​ឧសភា​ឆ្នាំ​២០១៧ បូក​រួម​នឹង​កិច្ច​សម្ភាសន៍​តាម​ទូរសព្ទ និង​ការ​ស្រាវជ្រាវ​តាម​រយៈ​ឯកសារ​ផ្សេងៗ​នៅ​ខែ​មិថុនា ឆ្នាំ​២០១៨  របាយការណ៍​នេះ ពណ៌នា​អំពី​ការ​ប្រើ​ប្រាស់​អាស៊ីដ​ខ្លាំង​ដោយ​ចេតនា ដែល​ភាគ​ច្រើន​ជា​ប្រភេទ​អាស៊ីដ​នីទ្រិក​ ឬ​ស៊ុលហ្វួរិក​ ក្នុង​អំពើ​វាយ​ប្រហារ​ចំនួន​១៧​ករណី។ ជន​ប្រព្រឹត្ត​ភាគ​ច្រើន​ជា​បុគ្គល​ឯកជន​ដែល​មាន​ចេតនា​ធ្វើ​ឲ្យ​ជន​រងគ្រោះ​ឈឺចាប់ ឲ្យ​ពួកគេ​មាន​ស្លាក​ស្នាម​ជា​រៀង​រហូត ឬ​ក៏​ស្លាប់​តែ​ម្ដង។ ទោះ​បី​ជា​រដ្ឋាភិបាល​កម្ពុជា​បាន​អនុម័ត​ច្បាប់​ស្ដី​ពី​ការ​គ្រប់គ្រង​អាស៊ីដ​ខ្លាំង ដើម្បី​ទប់ស្កាត់​ការ​ប្រើ​អាស៊ីដ​ក្នុង​អំពើ​វាយ​ប្រហារ​ប្រភេទ​នេះ និង​ដើម្បី​ផ្ដល់​នូវ​សេវា​ថែ​ទាំ​សុខភាព ព្រម​ទាំង​ជំនួយ​ផ្នែក​ច្បាប់​ដល់​ជន​រងគ្រោះ​រួច​ហើយ​ក៏​ដោយ ក៏​ជន​ល្មើស​កម្រ​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ណាស់ រីឯ​ជន​រងគ្រោះ​ទៀត​សោត​ក៏​កម្រ​ទទួល​បាន​ការ​ព្យាបាល​ និង​ ថែទាំ​សុខភាព​ឲ្យ​បាន​គ្រប់គ្រាន់ ឬ​ក៏​ទទួល​បាន​សំណង​សមរម្យ​ណាស់។ ភាព​បរាជ័យ​របស់​រដ្ឋាភិបាល​ក្នុង​ការ​អនុវត្ត​ច្បាប់ ឬ​ផ្ដល់​ដំណោះស្រាយ​ដល់​ជន​រងគ្រោះ ធ្វើ​ឲ្យ​ស្ថានភាព​របស់​ពួកគេ​កាន់​តែ​អាក្រក់ ដោយ​ត្រូវ​ទ្រាំ​រស់នៅ​ក្នុង​​សភាព​បែប​នេះ​អស់​មួយ​ជីវិត។

* * *

នៅ​ពេល​អាស៊ីដ​ខ្លាំង​ត្រូវ​បាន​ជះ​ទៅ​លើ​មនុស្ស​យើង ស្បែក និង​ជាលិកា​របស់​យើង​នឹង​ត្រូវ​រលួយ​ភ្លាមៗ ហើយ​ជា​រឿយៗ អាស៊ីដ​នោះ​ជ្រាប​ដល់​ឆ្អឹង។ ពេល​ជះ​ចំ​មុខ​ម្ដងៗ ទឹក​អាស៊ីដ​តែងតែ​ស៊ី​សាច់​ភ្នែក ត្រចៀក ស្បែក និង​ ឆ្អឹង បណ្ដាល​ឲ្យ​រលួយ​សាច់​នៅ​ត្រង់​កន្លែង​ណា​ដែល​វា​ហូរ​ដល់។ ទោះ​បី​យើង​អាច​លាង​ជម្រះ​ទឹក​អាស៊ីដ​នោះ​ចេញ​ក៏​ដោយ ក៏​វា​នៅ​តែ​ហូរ​ជ្រាប​ចូល​យ៉ាង​ជ្រៅ​តាម​ស្បែក និង​ ជាលិកា​របស់​យើង​ក្នុង​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ។ នៅ​ពេល​លោក​ សំ ប៊ុណ្ណារិទ្ធិ​ត្រូវ​បាន​ភរិយា​របស់​លោក​ជះ​ទឹក​អាស៊ីដ​លើ​កាល​ពី​ឆ្នាំ​២០០៥ លោក​ស្មាន​ថា វា​ជា​ទឹក​ក្ដៅ។ ប៊ុណ្ណារិទ្ធិ​ពន្យល់​ថា៖ «តែ​នៅ​ពេល​យក​ដៃ​ស្ទាប​មុខ ទើប​មាន​អារម្មណ៍​ដឹង​ថា ស្បែក​រលេះ​ចេញ​ពី​មុខ»។ លោក​បន្ត​ថា៖ «អស់​រយៈ​ពេល​៦​ខែ ខ្ញុំ​តែងតែ​ធុំ​ក្លិន​អាស៊ីដ​លើ​មុខ​របស់​ខ្ញុំ រាល់​ពេល​ដក​ដង្កើម​ចេញ​ចូល»។

នៅ​ក្រោយ​ពេល​រង​ការ​វាយ​ប្រហារ​ភ្លាមៗ ជន​រងគ្រោះ​ត្រូវ​ការ​ជា​ចាំ​បាច់​នូវ​ការ​ថែទាំ​សុខភាព​ជា​ច្រើន​មុខ។ ដំបូង​បង្អស់ ពួកគេ​ប្រឈម​នឹង​ការ​ឆ្លង​មេរោគ​យ៉ាង​ខ្លាំង—ពិសេស​ចំពោះ​អ្នក​ដែល​រស់​ក្នុង​តំបន់​ដូច​ប្រទេស​កម្ពុជា ដែល​សម្ភារៈ​បរិក្ខារ​សម្លាប់​មេរោគ​ឲ្យ​បាន​គ្រប់គ្រាន់​សម្រាប់​ជនរងគ្រោះ​ដោយ​ការ​រលាក​ សឹង​តែ​មិន​មាន​តែ​ម្ដង—ហើយ​ពួកគេ​ត្រូវ​ការ​ជា​ចាំ​បាច់​នូវ​ការ​ព្យាបាល​ប្រព័ន្ធ​ដង្ហើម ការ​ឆ្លង​រោគ ការ​គ្រប់គ្រង​ការ​ឈឺចាប់​ ព្រម​ទាំង​ការ​ព្យាបាល​ភ្នែក​ជា​ដើម។

កាល​ពី​ឆ្នាំ​២០១២ ប្រទេស​កម្ពុជា​បាន​អនុម័ត​ច្បាប់​ស្ដី​ពី​ការ​គ្រប់គ្រង​អាស៊ីដ​ខ្លាំង ដែល​តម្រូវ​ឲ្យ​មន្ទីរពេទ្យ​រដ្ឋ​ទាំងអស់​ផ្ដល់​ការ​សង្គ្រោះ និង​ព្យាបាល​ដោយ​មិន​គិត​ថ្លៃ​ដល់​អ្នក​រស់រាន​មាន​ជីវិត​ពី​ការ​វាយ​ប្រហារ​ដោយ​អាស៊ីដ។ ប៉ុន្តែ ក្នុង​ការ​អនុវត្ត​ជាក់ស្ដែង​ ច្បាប់​នោះ​ហាក់​បី​ដូច​ជា​មិន​ត្រូវ​បាន​គេ​យក​ចិត្ត​ទុក​ដាក់​ឡើយ។ រាល់​បុគ្គលិក​មន្ទីរពេទ្យ​ដែល​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​បាន​សម្ភាសន៍ បាន​និយាយ​ថា ជន​រងគ្រោះ​ដោយសារ​ការ​ជះ​ទឹក​អាស៊ីដ​នៅ​តែ​ត្រូវ​បង់​ថ្លៃ​ព្យាបាល ហើយ​ក្នុង​ចំណោម​បុគ្គលិក​មន្ទីរពេទ្យ​ទាំង​នោះ គ្មាន​នរ​ណា​ម្នាក់​បង្ហាញ​ថា ខ្លួន​បាន​ដឹង​ពី​បទ​ប្បញ្ញត្តិ​ក្នុង​ច្បាប់​ស្ដី​ពី​ការ​គ្រប់គ្រង​អាស៊ីដ​ខ្លាំង​នោះ​ឡើយ។ ក្នុង​ខែ​ឧសភា ឆ្នាំ​២០១៧ សូម្បី​តែ​ប្រធាន​ក្រុម​វេជ្ជបណ្ឌិត​ផ្នែក​រលាក នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​—ដែល​ជា​មន្ទីរពេទ្យ​រដ្ឋ​ធំជាងគេ​នៅ​កម្ពុជា​ និង​ជា​ពេទ្យ​រដ្ឋ​តែ​មួយ​គត់​ដែល​មាន​ក្រុម​ឯកទេស​ផ្នែក​រលាក—ក៏​មិន​ដឹង​ថា ជន​រងគ្រោះ​ដោយសារ​អាស៊ីដ​មាន​សិទ្ធិ​ទទួល​បាន​ការ​ព្យាបាល​ដោយ​មិន​គិត​ថ្លៃ​នោះ​ដែរ។ ក្នុង​ចំណោម​ជន​រងគ្រោះ​ដែល​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​បាន​សម្ភាសន៍​ គ្មាន​នរណា​ម្នាក់​ទទួល​បាន​ការ​ព្យាបាល​ដោយ​មិន​គិត​ថ្លៃ​ពី​មន្ទីរពេទ្យ​រដ្ឋ​ឡើយ។ ផ្ទុយ​ទៅ​វិញ ជន​រស់​រាន​មាន​ជីវិត​ពី​ការ​ជះ​ទឹក​អាស៊ីដ​ បែរ​ជា​ត្រូវ​ប្រឈម​នឹង​បញ្ហា​គ្រប់​ជំពូក​ដូច​ពលរដ្ឋ​ទូទៅ​ដទៃទៀត​នៅ​កម្ពុជា​ដែល​ត្រូវ​ការ​ជំនួយ​សង្គ្រោះ​បន្ទាន់​ និង​ការ​ព្យាបាល​តាម​បែប​វេជ្ជសាស្ត្រ​តែងតែ​ជួប​ប្រទះ​ដែរ ដូច​ជា​ការ​បដិសេធ​មិន​ផ្ដល់​ការ​ព្យាបាល​ឲ្យ​ ដោយ​សារ​គ្មាន​អ្នក​រ៉ាប់រង​បង់​ថ្លៃ​ព្យាបាល​ឲ្យ ឬ​ក៏​គ្មាន​លទ្ធភាព​ទូទាត់​ថ្លៃ​ព្យាបាល​ដោយ​ខ្លួនឯង​បាន​ជា​ដើម។

ជារឿយៗ​ ជន​រងគ្រោះ​ត្រូវ​ការ​ការ​វះកាត់​ជា​ច្រើន​ដង ក្នុង​ពេល​ជា​ច្រើន​ឆ្នាំ​ក្រោយ​រង​ការ​វាយ​ប្រហារ​ដោយ​អាស៊ីដ។ របួស​ពី​ការ​រលាក​អាស៊ីដ​អាច​ត្រូវ​ការ​ពេល​ជា​ច្រើន​ឆ្នាំ​ដើម្បី​ជា​សះ​ស្បើយ ហើយ​ប្រសិន​បើ​មិន​ទទួល​បាន​ការ​ថែទាំ​តាម​បែប​វេជ្ជសាស្ត្រ​ឲ្យ​បាន​គ្រប់គ្រាន់​ទេ នោះ​ជន​រងគ្រោះ​នឹង​មាន​ស្លាកស្នាម​យ៉ាង​ក្រាស់ ដែល​បង្ក​គ្រោះថ្នាក់​យ៉ាង​ធ្ងន់ធ្ងរ​លើ​រាងកាយ​របស់​ពួកគេ​អស់​មួយ​ជីវិត ដោយ​បង្ក​ការ​លំបាក​យ៉ាង​ខ្លាំង​ដល់​ការ​ធ្វើ​ចលនា​ប្រចាំ​ថ្ងៃ។ ច្រមុះ​និង​មាត់​អាច​រួញ​បញ្ចូល​គ្នា ចង្កា​អាច​រួញ​ជាប់​នឹង​ក ឬ​ ដើម​ទ្រូង ហើយ​ត្របក​ភ្នែក​អាច​រូញ​ឡើង​លើ​ជាប់​រហូត។ ជា​រឿយៗ ជន​រងគ្រោះ​ធ្ងន់ធ្ងរ​ខ្លាំង ត្រូវការ​ការ​វះកាត់​រាប់​សិប​ដង​ក្នុង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ដើម្បី​កម្ចាត់​ស្លាក​ស្នាម​ទាំងនេះ​ចេញ ទើប​អាច​ធ្វើ​ចលនា​ដោយ​ប្រក្រតី​វិញ​បាន។ សូម្បី​ក្នុង​ករណី​ជន​រងគ្រោះ​ទទួល​បាន​ការ​ថែទាំ​តាម​បែប​វេជ្ជសាស្ត្រ​ត្រឹមត្រូវ​ក៏​ដោយ—ដែល​ភាគ​ច្រើន​នៃ​ជនរងគ្រោះ​ដែល​យើង​បាន​សម្ភាសន៍​ មិន​ទទួល​បាន​នោះ—ក៏​ជា​ធម្មតា ជន​រង​គ្រោះ​តែងតែ​ធ្លាក់​ខ្លួន​ពិការ​ភ្នែក​ ថ្លង់​ និង​ពិការភាព​ផ្សេងៗ​ទៀត។

អ្នក​រស់​រាន​មាន​ជីវិត​ពី​ការ​វាយប្រហារ​ដោយ​អាស៊ីដ​មួយ​ចំនួន ដែល​យើង​បាន​ជួប​សម្ភាសន៍​នៅ​កម្ពុជា បាន​និយាយ​ថា ផល​ប៉ះពាល់​លើ​ផ្លូវ​ចិត្ត​របស់​ពួកគេ​ ជា​ផល​ប៉ះពាល់​ខ្លាំង​ជាង​គេ។ ជន​រងគ្រោះ​ជា​ច្រើន​នាក់​ធ្លាប់​មាន​គំនិត​ចង់​ធ្វើ​អត្តឃាត ទោះ​បី​ការ​វាយ​ប្រហារ​មក​លើ​ពួកគេ​បាន​កន្លង​ផុត​ទៅ​អស់​ជា​ច្រើន​ឆ្នាំ​ហើយ​ក៏​ដោយ។ អ្នក​ខ្លះ​បាន​ឲ្យ​ដឹង​ថា ពួកគេ​មាន​ជំងឺ​បាក់​ទឹក​ចិត្ត​ធ្ងន់ធ្ងរ ដែល​ធ្វើ​ឲ្យ​សុខភាព​ផ្លូវ​ចិត្ត​របស់​ពួកគេ​កាន់​តែ​ចុះ​ខ្សោយ​ទៅៗ។ ក្រុម​ស្ថាប័ន​ដែល​ធ្លាប់​បាន​ធ្វើ​ការ​យ៉ាង​ជិតសិ្នទ្ធ​ជាមួយ​នឹង​ជន​រស់​រាន​មាន​ជីវិត​ពី​ការ​វាយប្រហារ​ដោយ​អាស៊ីដ​បាន​លើក​ឡើង​ថា ការ​ធ្វើ​អត្តឃាត ការ​ប៉ុនប៉ង​ធ្វើ​អត្តឃាត និង​ការ​ធ្លាក់​ទឹក​ចិត្ត​រ៉ាំរ៉ៃ គឺជា​បញ្ហា​ដែល​គេ​សង្កេត​ឃើញ​ជាទូទៅ​ក្នុង​ចំណោម​ជន​រង​គ្រោះ​ទាំង​នោះ។ រដ្ឋាភិបាល​មិន​ធ្លាប់​ផ្ដល់​សេវា​សុខភាព​ផ្លូវ​ចិត្ត​ដល់​អ្នក​រស់រាន​មាន​ជីវិត​ពី​ការ​វាយ​ប្រហារ​ដោយ​អាស៊ីដ​ទាំង​នោះ​ទេ។

សម្រាប់​ជន​រងគ្រោះ ក្ដី​សង្ឃឹម​ក្នុង​ការ​ទទួល​បាន​យុត្តិធម៌​ពី​តុលាការ​មាន​តិចតួច​ណាស់។ នៅ​កម្ពុជា​ ជន​រងគ្រោះ​ក្នុង​បទ​ល្មើស​ទាំងឡាយ ជា​ធម្មតា​ មិន​ទទួល​បាន​ការ​យក​ចិត្ត​ទុកដាក់​ឲ្យ​បាន​គ្រប់គ្រាន់​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច ព្រះ​រាជអាជ្ញា ឬ ​ចៅក្រម​នោះ​ទេ ប្រសិន​បើ​ពួកគេ​មិន​មាន​ប្រាក់កាស​សូកប៉ាន់​ ឬ​ មិនមាន​ឥទ្ធិពល​គ្រប​ដណ្ដប់​លើ​មន្ត្រី​ទាំងនោះ។ ប្រសិន​បើ​ជន​ល្មើស​ក្នុង​អំពើ​វាយប្រហារ​ដោយ​អាស៊ីដ​ជា​បុគ្គល​មាន​តំណែង​ខ្ពង់ខ្ពស់ ឱកាស​សម្រាប់​ជន​រង​គ្រោះ​ក្នុង​ការ​ទទួល​បាន​យុត្តិធម៌​ក៏​កាន់​តែ​តិច​តួច​ទៅ​ទៀត ហើយ​ការ​ដាក់​ពាក្យ​បណ្ដឹង​អាច​នឹង​កាន់​តែ​បង្ក​គ្រោះថ្នាក់​ដល់​ពួកគេ​ថែម​ទៀត។

អំពើ​ពុករលួយ និង ការ​មិន​អើពើ​របស់​មន្ត្រី​នគរបាល​ក៏​មាន​ឥទ្ធិពល​ជំរុញ​ឲ្យ​ជនរងគ្រោះ​ស្ទាក់ស្ទើរ​ក្នុង​ការ​រាយការណ៍​ពី​បទ​ល្មើស​ផង​ដែរ។ ជា​ឧទាហរណ៍ ស្ត្រី​រងគ្រោះ​ដោយ​អំពើ​ហិង្សា​ក្នុង​គ្រួសារ មិន​ហ៊ាន​រាយការណ៍​ពី​បទល្មើស​ដែល​បាន​កើត​មាន​ទៅ​លើ​ពួកគេ​ទេ ដោយសារ​ភ័យ​ខ្លាច​ថា នគរបាល​នឹង​មិន​មាន​ចំណាត់​ការ​អ្វី ហើយ​ពេល​នោះ​នឹង​ធ្វើ​ឲ្យ​ពួកគេ​កាន់​តែ​ប្រឈម​នឹង​គ្រោះថ្នាក់ ប្រសិន​បើ​ហ៊ាន​រាយការណ៍។ ក្នុង​ករណី​មួយ​ចំនួន អំពើ​ហិង្សា​បែប​នេះ​កាន់​តែ​ធ្ងន់ធ្ងរ​ឡើងៗ រហូត​ឈាន​ដល់​ការ​ប្រើ​ប្រាស់​អាស៊ីដ។

ដោយ​សារ​ក្នុង​សង្គម​កម្ពុជា មាន​ការ​យល់​ឃើញ​ជា​ទូទៅ​មួយ​ថា ដើម​ចម​នៃ​អំពើ​វាយ​ប្រហារ​ដោយ​អាស៊ីដ​ គឺ​មក​ពី​រឿងរ៉ាវ​ស្នេហា​ត្រីកោណ មាន​មនុស្ស​ជាច្រើន—រួមទាំង​មន្ត្រី​ប៉ូលិស និង​តុលាការ​ផង—ជា​ពិសេសក្នុងករណី​ជន​រងគ្រោះ​ជា​ស្ត្រី​ភេទ ដែល​តែងតែ​បង្ហាញ​ឥរិយាបថ​មក​លើ​ជនរងគ្រោះ ក្នុង​របៀប​សន្មត​ទុក​ជា​មុន​ថា ជន​រងគ្រោះ​នោះ​សម​នឹង​គេ​ជះ​ទឹក​អាស៊ីដ ព្រោះ​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ ឬ​ ជា «ស្រី​កំណាន់់់» របស់​ស្វាមី​នារី​ដទៃ។ ស្លាកស្នាម​ដ៏​ធ្ងន់ធ្ងរ​ដែល​បណ្ដាល​មក​ពី​អំពើ​វាយ​ប្រហារ ប្រែ​កា្លយ​ជា​តឹកតាង​តំណាង​ឲ្យ«បាបកម្ម» របស់​ពួកគេ​ជា​រៀង​រហូត​ដែល​មិន​អាច​លុប​លាង​ជ្រះ ដោយ​ធ្វើ​ឲ្យ​ជន​រងគ្រោះ​ជាច្រើន​មាន​អារម្មណ៍​កាន់​តែ​ឃ្លាត​ឆ្លាយ​ពី​សង្គម។

ជន​រងគ្រោះ​ម្នាក់​ឈ្មោះ ស៊ុន សុខ​នី ដែល​ត្រូវ​បាន​ស្វាមី​វាយ​ប្រហារ​ដោយ​អាស៊ីដ កាល​ពី​ខែ​កុម្ភៈ ឆ្នាំ២០១៦ ក្នុង​ផ្សារ​ដ៏​មមាញឹក​មួយ​ បាន​មាន​ប្រសាសន៍​ថា មនុស្ស​ម្នា​ដែល​នៅ​ជុំវិញ​នាង​ក្នុង​ពេល​កើត​ហេតុ​នោះ​មិន​ព្រម​ជួយ​នាង​ភ្លាមៗ​ទេ រហូត​ទាល់​តែ​នាង​ពន្យល់​ពួកគេ​ថា នាង​គឺ​ជា​ប្រពន្ធ​របស់​បុរស​ដែល​ជះ​អាស៊ីដ​នោះ មិន​មែន​ជា​ស្រី​កំណាន់​គេ​ទេ។ នាង​បាន​បន្ថែម​ថា នៅ​ពេល​ហ្វូង​មនុស្ស​នៅ​ទីនោះ​ព្រម​ជឿ​នាង ពួកគេ​បែរ​ជា​ស្រែក​បណ្ដេញ​បុរស​ដែល​ប្រព្រឹត្ត​នោះ​ឲ្យ​រត់​គេច​ខ្លួន​ឲ្យ​បាន​មុន​ពេល​ប៉ូលិស​មក​ដល់​ទៅ​វិញ។

ករណី​អំពើ​ហិង្សា​ដោយ​ការ​ប្រើ​អាស៊ីដ​ដែល​ល្បី​ខ្ទរខ្ទារ​បំផុត​នៅ​កម្ពុជា ទំនង​ជា​ករណី​វាយ​ប្រហារ​លើ​អ្នកស្រី តាត ម៉ារីណា ក្នុង​ឆ្នាំ​១៩៩៩ ដែល​កាល​ណោះ​នាង​មាន​វ័យ​១៦ឆ្នាំ​នៅ​ឡើយ។ នៅ​ពេល​នោះ​ ស្វាយ ស៊ីថា វ័យ​៤០ឆ្នាំ​ មាន​តំណែង​ជា​អនុ​រដ្ឋលេខាធិការ នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​ចាប់​ចិត្ត​លើ​ម៉ារីណា​ ហើយ​បាន​កុហក​នាង​ថា លោក​ជា​ពាណិជ្ជករ មិន​ទាន់​មាន​គ្រួសារ​នៅ​ឡើយ។ ម៉ារីណា បាន​និយាយ​ថា នៅ​ពេល​ភរិយា​របស់​ ស្វាយ ស៊ីថា ដែល​មាន​ឈ្មោះ​ ឃួន សុផល បាន​ដឹង​ពី​ទំនាក់ទំនង​រវាង​អ្នក​ទាំង​ពីរ​ ឃួន សុផល​បាន​ជួល​បុរស​មួយ​ក្រុម​ឲ្យ​មក​វាយ​ធ្វើ​បាប​នាង​រហូត​ដល់​បាត់​បង់​ស្មារតី ហើយ​បាន​ស្រោច​ទឹក​អាស៊ីដ​នីទ្រិក​លើ​មុខ​របស់​នាង។ រហូត​មក​ទល់​នឹង​ពេល​នេះ គ្មាន​បុគ្គល​ណា​ម្នាក់​ត្រូវ​បាន​តុលាការ​យក​មក​កាត់​ទោស​ចំពោះ​អំពើ​វាយប្រហារ​លើ​ម៉ារីណា​ឡើយ—ទោះ​បី​ជា​ក្រុម​ជន​ល្មើស​បាន​បន្សល់​ទុក​នូវ​ភស្ដុតាង​ដែល​បញ្ជាក់​ពី​អត្តសញ្ញាណ​របស់​ពួកគេ​នៅ​កន្លែង​កើត​ហេតុ​ក៏​ដោយ— ហើយ​ម៉ារីណា មិន​ទទួល​បាន​សំណង​ជំងឺ​ចិត្ត​អ្វី​ទាល់​តែ​សោះ។ បច្ចុប្បន្ន​ ស្វាយ​ ស៊ីថា មាន​តំណែង​ជា​រដ្ឋមន្ត្រី​អម​នាយករដ្ឋ​មន្រ្តី។

អំពើ​និទ្ទណ្ឌភាព ឬ​ ទម្លាប់​ទុក​ឲ្យ​ជនល្មើស​រួច​ផុត​ពី​សំណាញ់​ច្បាប់​ បាន​យក​ឈ្នះ​លើ​ភាព​យុត្ដិធម៌ មិន​មែន​តែ​ក្នុង​ករណី​របស់​ម៉ារីណា​ទេ។ វា​បាន​គ្រប​ដណ្ដប់​លើ​យុត្តិធម៌​ក្នុង​ករណី​ជា​ច្រើន​ទៀត​របស់​ជន​រងគ្រោះ​ភាគច្រើន​ដែល​យើង​បាន​ជួប​សម្ភាសន៍​ក្នុង​ការ​ស្រាវជ្រាវ​សម្រាប់​របាយការណ៍​មួយ​នេះ។ ជន​រងគ្រោះ​មួយ​ចំនួន​បាន​លើក​ឡើង​ពី​ការ​ទទួល​រង​សម្ពាធ​ពី​មន្ត្រី​រដ្ឋាភិបាល​ក្នុង​ការទទួល​យក​សំណង​មិន​សមរម្យ​ក្រៅ​ប្រព័ន្ធ​តុលាការ។ ក្នុង​ចំណោម​ករណី​មួយ​ចំនួន​តូច​ដែល​បាន​ប្ដឹង​ទៅ​តុលាការ មាន​ករណី​តិច​តួច​ប៉ុណ្ណោះ​ដែល​បាន​ឈាន​ដល់​ដំណាក់​កាល​តុលាការ​ផ្ដន្ទាទោស​ជន​ល្មើស ហើយ​កាន់​តែ​តិចតួច​ទៅ​ទៀត​ដែល​បាន​ឈាន​ដល់​ដំណាក់​កាល​ជន​ល្មើស​អនុវត្ត​ទោស។  គិត​ត្រឹម​ពេល​ចងក្រង​របាយការណ៍​នេះ គ្មាន​ជន​រងគ្រោះ​ណាម្នាក់​ដែល​យើង​បាន​សម្ភាសន៍ ទទួល​បាន​សំណង​ណា​មួយ​តាមរយៈ​ប្រព័ន្ធ​តុលាការ​ឡើយ ទោះ​បី​ជា​ច្បាប់​រដ្ឋប្បវេណី និង​ក្រម​ព្រហ្មទណ្ឌ​នៅ​កម្ពុជា​បាន​ធានា​នូវ​សិទ្ធិ​របស់​ជន​រងគ្រោះ ក្នុង​ការ​ទទួល​បាន​ដំណោះ​ស្រាយ​ រួមទាំង​សំណង​ជំងឺចិត្ត​ក៏​ដោយ។

អនុសាសន៍សំខាន់ៗ

ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​លោក​ហ៊ុន សែន ចាប់​តាំង​ពី​ឆ្នាំ​១៩៨៥​មក ប្រព័ន្ធ​យុត្តិធម៌ និង​ សេវា​សុខាភិបាល​នៅ​កម្ពុជា​ ពោរពេញ​ដោយ​បញ្ហា​ជាច្រើន​ដែល​ចាក់​ឫស​យ៉ាង​ជ្រៅ​នៅ​ក្នុង​សង្គម ធ្វើឲ្យ​ពលរដ្ឋ​កម្ពុជា​ភាគ​ច្រើន​មិន​អាច​ទទួល​បាន​ការ​ថែទាំ​សុខភាព​ឲ្យ​បាន​គ្រប់គ្រាន់ ឬ​ មិន​មាន​លទ្ធភាព​សមរម្យ​ក្នុង​ការ​ស្វែងរក​យុត្តិធម៌​ពី​តុលាការ។ ដោយ​សារ​វិសាលភាព​នៃ​របាយការណ៍​នេះ​មាន​កម្រិត យើង​មិន​អាច​រៀបរាប់​បញ្ហា​ទាំង​នេះ​ឲ្យ​បាន​ពិសា្ដរ​ក្នុង​របាយការណ៍​មួយ​នេះ​បាន​ទេ។ ទោះ​យ៉ាង​ណា ដូច​រៀបរាប់​លម្អិត​ជូន​ខាង​ក្រោម​នេះ មាន​ចំណាត់ការ​ជាក់លាក់​មួយ​ចំនួន​ដែល​អាជ្ញាធរ​អាច និង គួរតែ​អនុវត្ត​ដើម្បី​ធានា​ថា ជន​រស់រាន​មាន​ជីវិត​ពី​ការ​វាយប្រហារ​ដោយ​អាស៊ីដ​ទទួល​បាន​ការ​ថែទាំ​សុខភាព និង យុត្តិធម៌​ក្នុង​កម្រិត​មួយ។ រដ្ឋាភិបាល​គួរតែ៖

  • កែ​សម្រួល​ក្រមព្រហ្មទណ្ឌ​ដោយ​ដាក់​បញ្ចូល​អំពើ​រារាំង​ដល់​ការ​អនុវត្ត​ច្បាប់ ជា​បទ​ល្មើស​ព្រហ្មទណ្ឌ រួម​ទាំង​ការ​ដាក់​ចេញ​នូវ​ការ​ណែនាំ ឬ​ ដាក់​សម្ពាធ​លើ​នគរបាល មន្ត្រី ចៅក្រម ឬ​ ព្រះរាជអាជ្ញា ឲ្យ​ចាត់​វិធានការ​ក្នុង​របៀប​ជាក់លាក់​ណាមួយ។
  • ហាម​ឃាត់​ការ​ទូទាត់​សំណង​ក្រៅ​ផ្លូវ​ការ​ក្នុង​ករណី​បទល្មើស​ព្រហ្មទណ្ឌ រួម​ទាំង​ករណី​ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​ដោយ​អាស៊ីដ​ផង ដែល​បំពាន​លើ​ដំណើរ​ការ​កាត់​ទោស​ជន​ល្មើស​ឲ្យ​បាន​សមស្រប។
  • អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​ការពារ​ជនរងគ្រោះ​ និង សាក្សី ដែល​មាន​ជា​យូរ​មក​ហើយ​នោះ​ឲ្យ​ក្លាយ​ជា​ច្បាប់។ វិធានការ​ការពារ​ជន​រងគ្រោះ​ និង សាក្សី​គួរ​តែ​ដាក់​បញ្ចូល​នូវ​កម្មវិធី​សម្រាប់​ការ​ផ្លាស់​ប្ដូរ​ទីលំនៅ​របស់​ជន​រងគ្រោះ​ និង​សាក្សី​ ដែល​ស្ថិត​ក្នុង​ហានិភ័យ ដាក់​បញ្ចូល​ការ​មិន​តម្រូវ​ឲ្យ​សាក្សី​លាត​ត្រដាង​ពី​អត្ដសញ្ញាណ​ និង​ទីលំនៅ​របស់​ពួកគេ ឬ កំណត់​ព្រំដែន​នៃ​ព័ត៌មាន​ដែល​ត្រូវ​លាត​ត្រដាង ព្រម​ទាំង​បញ្ចូល​នូវ​វិធាន​ភស្តុតាង​ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​ធ្វើ​សក្ខីកម្ម​របស់​សាក្សី​ក្នុង​របៀប​មួយ​ដែល​អាច​ការពារ​សាក្សី​ពី​ការ​ធ្វើ​ទុក្ខ​បុកម្នេញ ការ​បំភិតបំភ័យ ឬ​ ការ​បង្ខិតបង្ខំ ដោយ​រក្សា​បាន​នូវ​ការគោរព​សិទ្ធិ​របស់​ជន​ត្រូវ​ចោទ​ក្នុង​ការ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ក្ដី​ដោយ​យុត្តិធម៌។ 
  • បញ្ជាក់​ឲ្យ​បាន​ច្បាស់​ពី​អត្ថន័យ​នៃ​ប្បញ្ញត្តិ​ស្ដី​ពី«ជំនួយ​សង្គ្រោះ​ផ្នែក​ច្បាប់»ត្រង់​មាត្រា​១១នៃ​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​អាស៊ីដ​ខ្លាំង។ រដ្ឋាភិបាល​គួរ​ចាត់​វិធានការ​ក្នុង​ការ​ធានា​ថា ធនធាន​ទាំង​នេះ​ត្រូវ​បាន​ផ្ដល់​ជូន​ដល់​ជនរងគ្រោះ និង​អាច​ឲ្យ​ជនរងគ្រោះ​ទទួល​បាន​នៅ​ពេល​ពួកគេ​ត្រូវ​ការ។
  • ទំនាក់ទំនង​ឲ្យ​បាន​ច្បាស់​ជាមួយ​មន្ទីរ​ពេទ្យ​រដ្ឋ​ទាំងអស់​នៅ​គ្រប់​ជាន់​ថ្នាក់​អំពី​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​អាស៊ីដ​ខ្លាំង​ត្រង់​មាត្រា​១១ ដែល​ចែង​ថា រាល់«មណ្ឌល​សុខភាព​ មន្ទីរពេទ្យ​រដ្ឋ ឬ គ្រឹះស្ថាន​ព្យាបាល​សាធារណៈ​ផ្សេង​ទៀត​ ត្រូវ​ផ្ដល់​ការ​សង្គ្រោះ​ និង ការ​ការពារ​ដល់​ជន​រងគ្រោះ​ដោយ​សារ​អាស៊ីដ​ខ្លាំង ដោយ​ឥត​គិត​ថ្លៃ»។ បញ្ជាក់​ឲ្យ​បាន​ច្បាស់​ដល់​មន្ទីរពេទ្យ​រដ្ឋ​ថា ពួកគេ​នឹង​ទទួល​បាន​ការ​ទូទាត់​ពី​រដ្ឋាភិបាល​សម្រាប់​ការ​ចាយ​វាយ​លើ​ថ្លៃ​ព្យាបាល​ជន​រងគ្រោះ​ដោយ​អាស៊ីដ​ខ្លាំង។
  • ធានា​ថា ថ្នាំ​កាត់​បន្ថយ​ការ​ឈឺចាប់​ដូច​ជា​ ទាំង​ថ្នាំ​ម័រហ្វីន (Morphine) ទាំង​ថ្នាំ​កូដេអ៊ីន (Codeine) មាន​បរិមាណ​គ្រប់គ្រាន់ ហើយ​ពិត​ជា​អាច​បំពេញ​តម្រូវ​ការ​ជាក់ស្ដែង​របស់​ជន​រងគ្រោះ​នៅ​ពេល​ពួកគេ​ត្រូវ​ការ ស្រប​តាម​កាតព្វកិច្ច​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ធានា​នូវ​សិទ្ធិ​ទទួល​បាន​សេវា​សុខាភិបាល​ដល់​ពលរដ្ឋ។
 

វិធីសាស្ត្រស្រាវជ្រាវ

របាយការណ៍​នេះ​ផ្អែក​លើ​កិច្ច​សម្ភាសន៍​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ (Human Rights Watch) ក្នុង​ខែ​ធ្នូ ឆ្នាំ​២០១៣ ខែ​មិថុនា ឆ្នាំ​២០១៥ និង​ខែ​ឧសភា ឆ្នាំ​២០១៧ ជាមួយ​ជន​រស់រាន​មាន​ជីវិត​ពី​ការ​វាយប្រហារ​ដោយ​អាស៊ីដ​ចំនួន​១៧​នាក់​ នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​កំពង់ចាម សាច់​ញាតិ​របស់​ពួកគេ មេធាវី អ្នក​ជំនាញ​តាម​បណ្ដា​អង្គការ​ក្រៅ​រដ្ឋាភិបាល ដែល​ធ្វើ​ការងារ​ផ្ដោត​លើ​បញ្ហា​អំពើ​ហិង្សា​ដោយ​អាស៊ីដ ជាង​មាស និង​អាជីវករ​លក់​អាគុយ​ម៉ូតូ​តាម​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ ព្រម​ទាំង​អ្នក​លក់​អាគុយ និង​កម្មករ​ធ្វើ​ការ​ក្នុង​ចំការ​កៅស៊ូ នៅ​ខេត្ត​កំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ។

បទ​សម្ភាសន៍​ត្រូវ​បាន​ធ្វើ​ឡើង​ជា​ភាសាខ្មែរ​តាម​រយៈ​អ្នក​បកប្រែ។ បទ​សម្ភាសន៍​ជាមួយ​ជន​រស់​រាន​មាន​ជីវិត​ពី​ការ​វាយប្រហារ​ដោយ​អាស៊ីដ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​លំនៅស្ថាន​របស់​ពួកគេ​ ដោយ​មិន​មាន​វត្តមាន​របស់​អ្នក​ផ្សេង​ក្រៅ​ពី​អ្នកស្រាវជ្រាវ​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ អ្នក​បកប្រែ និង​ជន​រងគ្រោះ​នោះ​ទេ។ ក្នុង​ករណី​ខ្លះ សមាជិក​គ្រួសារ​ ឬ​បុគ្គលិក​សង្គមកិច្ច​របស់​អង្គការ​មនុស្សធម៌​ជួយ​ជនរងគ្រោះ​កម្ពុជា​ដោយ​សារ​អាស៊ីដ​ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មាន​វត្តមាន​ក្នុង​ពេល​សម្ភាសន៍​ដែរ ទៅ​តាម​ការ​ស្នើ​សុំ​ពី​ជន​រងគ្រោះ។

យើង​បាន​ជម្រាប​ជូន​រាល់​អ្នក​ដែល​បាន​ផ្ដល់​បទ​សម្ភាសន៍​ទាំងអស់​អំពី​គោល​បំណង​នៃ​ការ​ស្រាវជ្រាវ និង​បាន​ប្រាប់​ពួកគេ​ថា ព័ត៌មាន​ដែល​ពួកគេ​ចែក​រំលែក​នឹង​ត្រូវ​ដាក់​បញ្ចូល​ក្នុង​របាយការណ៍​នេះ។ យើង​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ជូន​ពួកគេ​ថា អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​មិន​អាច​ផ្ដល់​ជំនួយ​ផ្នែក​វេជ្ជសាស្ត្រ ផ្នែក​ច្បាប់ ឬ​ ផ្នែក​ហិរញ្ញវត្ថុ​ណាមួយ​ជូន​ពួកគេ​ទេ។ អ្នក​ដែល​ផ្ដល់​បទ​សម្ភាសន៍​បាន​ជ្រាប​ថា បទ​សម្ភាសន៍​ធ្វើ​ឡើង​តាម​គោលការណ៍​ស្ម័គ្រ​ចិត្ត និង បាន​ដឹង​ថា ពួកគេ​អាច​បដិសេធ​មិន​ឆ្លើយ​សំណួរ​ណាមួយ​ ហើយ​ អាច​បញ្ឈប់​ការ​ផ្ដល់​បទ​សម្ភាសន៍​នៅ​ពេល​ណា​ក៏​បាន។

យើង​បាន​គិតគូរ​ពី​វិធី​សាស្ត្រ​កាត់​បន្ថយ​ឲ្យ​បាន​ជា​អប្បបរិមា​នូវ​ការ​ឈឺចាប់​របស់​ជន​រងគ្រោះ​នៅ​ពេល​ឲ្យ​ពួកគេ​រំឭក​ឡើង​វិញ​ពី​រឿង​រ៉ាវ​ដែល​បាន​កើត​ឡើង​ ដោយ​បាន​ផ្ដល់​ពេល​វេលា​សម្រាក​ដល់​ជន​រងគ្រោះ​គ្រប់​ពេល​ដែល​ពួកគេ​ត្រូវ​ការ​ក្នុង​កំឡុង​ពេល​ធ្វើ​បទ​សម្ភាសន៍  ហើយ​អ្នក​ស្រាវជ្រាវ​របស់​យើង​បាន​ចៀសវាង​ការ​សួរ​អំពី​ព័ត៌មាន​ទាំងឡាយ​ណា​ដែល​យើង​បាន​ដឹង​រួច​ហើយ​តាម​រយៈ​ឯកសារ​ផ្លូវ​ច្បាប់។ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ក៏​បាន​ធានា​ផង​ដែរ​ថា រាល់​អ្នក​ផ្ដល់​បទ​សម្ភាសន៍​ទាំង​អស់​អាច​ទាក់ទង​អ្នក​ស្រាវជ្រាវ​របស់​យើង​បាន ក្នុង​ករណី​មាន​ការ​ព្រួយ​បារម្ភ​អ្វី​មួយ​ក្រោយ​ពេល​ផ្ដល់​បទ​សម្ភាសន៍​រួច។

ដើម្បី​ការពារ​អ្នក​ផ្ដល់​បទ​សម្ភាសន៍​ពី​ការ​សងសឹក​ណាមួយ​ដែល​អាច​កើត​ឡើង​ជា​យថាហេតុ យើង​បាន​លុប​ឈ្មោះ​ពិត និង​ សេចក្ដី​លម្អិត​ទាំង​ឡាយ ​ដែល​ប្រាប់​ពី​អត្តសញ្ញាណ​របស់​ជន​រងគ្រោះ​ ឬ​ ក្នុង​ករណី​ខ្លះ យើង​បាន​ប្រើ​ឈ្មោះ​ក្លែងក្លាយ។ នៅ​ក្នុង​របាយការណ៍​នេះ យើង​បាន​ដាក់​កំណត់​សម្គាល់​បញ្ជាក់​ពី​ការ​ប្រើ​ឈ្មោះ​ក្លែងក្លាយ នៅត្រង់​កន្លែង​បង្ហាញ​ពី​ប្រភព។

ក្នុង​អំឡុង​ពេល​នៃ​ការ​ស្រាវជ្រាវ អត្រា​ប្ដូរ​ប្រាក់​ស្ថិត​ក្នុង​កម្រិត​ជាមធ្យម ដែល​១ដុល្លារ​សហរដ្ឋ​អាមេរិក​ស្មើ​នឹង​៤០០០​រៀល។ អត្រា​នេះ​ត្រូវ​បាន​ប្រើ​ដើម្បី​គណនា​ទំហំ​សាច់​ប្រាក់​នៃ​រូបិយប័ណ្ណ​ទាំង​ពីរ ដែល​បាន​លើក​ឡើង​នៅ​ក្នុង​អត្ថបទ ហើយ​ជា​ទូទៅ​គិត​ជា​ដុល្លារ​អាមេរិក។

 

I. សាវតា

បរិបទនៃការវាយប្រហារដោយអាស៊ីដ

ខណៈ​ការ​វាយ​ប្រហារ​ដោយ​អាស៊ីដ​កើត​មាន​នៅ​ទូទាំង​ពិភពលោក ការ​វាយ​ប្រហារ​បែប​នេះ​ភាគ​ច្រើន​ប្រមូល​ផ្ដុំ​នៅ​តំបន់​អាស៊ី​ខាង​ត្បូង និង​អាស៊ី​អាគ្នេយ៍។ បញ្ហា​នេះ​មាន​ភាព​ខុស​ប្លែក​គ្នា​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ ត្រង់​បរិបទ វិសាលភាព និង​កត្ដា​បង្ក​ហេតុ។ នៅ​ប្រទេស​ឥណ្ឌា បង់ក្លាដែស ប៉ាគីស្ថាន និង​នេប៉ាល់ ភាគ​ច្រើន​លើសលប់​នៃ​ការ​វាយប្រហារ​គឺ​ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​លើ​ស្ត្រី​ភេទ។ កត្តា​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​មូលហេតុ​ជំរុញ​ឲ្យ​មាន​ការ​វាយប្រហរ​បែប​នេះ​នៅ​បណ្ដា​ប្រទេស​ទាំង​នោះ រួម​មាន ការ​បដិសេធ​ស្នេហា អាពាហ៍ពិពាហ៍ ឬ មិន​ព្រម​រួម​ភេទ​ជាមួយ ការ​ដែល​ត្រូវ​បាន​គេ​ចាប់​រំលោភ និង​នាំ​ភាព​អាម៉ាស់​ដល់​គ្រួសារ អំពើ​ហិង្សា​ក្នុង​គ្រួសារ ការ​ស្វែង​រក​ការ​អប់រំ និង​ជម្លោះ​រឿង​បណ្ណាការ​ជា​ដើម។

នៅ​ប្រទេស​បង់ក្លាដែស—ប្រទេស​ឈាន​មុខ​គេ​លើ​ពិភពលោក​ ដែល​មាន​ការ​វាយប្រហារ​ដោយ​អាស៊ីដ​ជាង​៣៦០០​ករណី​ក្នុង​រយៈ​ពេល​១៨​ឆ្នាំ​ចុង​ក្រោយ​នេះ—ភាគ​ច្រើន​លើសលប់​នៃ​ករណី​វាយ​ប្រហារ​ទាំង​នោះ​ គឺ​ជា​ការ​ប្រព្រឹត្ត​របស់​បុរស​ទៅ​លើ​ស្រ្តី​ភេទ។ ក្នុង​នោះ មាន​ការ​វាយ​ប្រហារ​មួយ​ដែល​កើត​ចេញ​ពី​ជម្លោះ​ដីធ្លី​ ដោយ​ស្រ្តី​ម្នាក់​បាន​រង​ការ​វាយ​ប្រហារ​ពី​សំណាក់​បុរស​ម្នាក់​ដែល​​មាន​បំណង​ធ្វើ​បាប​បុរស​ជា​ស្វាមី ឬ ឪពុក​របស់​នាង។ ការ​ធ្វើ​បាប​ស្ត្រី​នោះ​ ធ្វើ​ឡើង​ក្នុង​ន័យ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​របស់​បុរស​ដែល​ជា​សត្រូវ ព្រោះ​ស្ដ្រី​​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​«ទ្រព្យ​សម្បត្តិ​»របស់​បុរស​ជា​ស្វាមី ឬ​ជា​ឪពុក។ នៅ​តំបន់​ខ្លះ​នៃ​ប្រទេស​អាហ្វហ្កានីស្ថាន និង​ប៉ាគីស្ថាន ក្មេង​ស្រី​ទាំង​ឡាយ​ណា​ដែល​មានះ​ចង់​ទៅ​សាលារៀន​ដើម្បី​ទទួល​បាន​ការ​អប់រំ​ អាច​ប្រឈម​នឹង​ការ​វាយប្រហារ​ដោយ​អាស៊ីដ។

នៅ​កម្ពុជា ករណី​វាយប្រហារ​ដោយ​ទឹក​អាស៊ីដ​ដែល​ត្រូវ​បាន​រាយការណ៍ មាន​ចំនួន​៤០​ករណី​ដែល​ជា​ចំនួន​ខ្ពស់​បំផុត​នៅ​ក្នុង​ឆ្នាំ​២០០០។ ករណី​ទាំង​នោះ​ត្រូវ​បាន​គេ​ជឿ​ថា បណ្ដាល​មក​ពី«ការ​យក​គម្រូ​តាម»អំពើ​វាយ​ប្រហារ​លើ​លើ​តាត ម៉ារីណា។ មាន​រលក​នៃ​ការ​វាយប្រហារ​មួយ​ទៀត​នៅ​ឆ្នាំ​២០១០ ដែល​មាន​ជន​រងគ្រោះ​សរុប​ចំនួន​៣៦នាក់​បាន​រាយការណ៍។ ភាគ​ច្រើន​នៃ​ករណី​ទាំង​នោះ​កើត​ចេញ​ពី​ជម្លោះ​រវាង​បុគ្គល​ និង បុគ្គល​ ហើយ​និង​ការ​ចង​គំនុំ។ ការ​វាយ​ប្រហារ​កើត​មាន​ញឹកញាប់​ជាង​គេ​នៅ​ខេត្ត​កំពង់ចាម (បច្ចុប្បន្ន​ខេត្ត​កំពង់ចាម និង​ខេត្ត​ត្បូង​ឃ្មុំ) និង​រាជធានី​ភ្នំពេញ។ ការ​ដែល​ខេត្ត​កំពង់​ចាម​សំបូរ​នូវ​ការ​វាយប្រហារ​បែប​នេះ ដោយ​សារ​ខេត្ត​នេះ​មាន​ការ​ប្រើប្រាស់​អាស៊ីដ​ច្រើន​នៅ​ក្នុង​ផលិត​កម្ម​កៅស៊ូ។១០

ដូច​នៅ​ប្រទេស​បង់ក្លាដែស និង​ប៉ាគីស្ថាន​ដែរ ប្រទេស​កម្ពុជា​បាន​អនុម័ត​ច្បាប់​ដែល​ត្រូវ​បាន​តាក់តែង​ឡើង​ក្នុង​បំណង​យ៉ាង​ជាក់លាក់​ គឺ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​អំពើ​ហិង្សា​ដោយ​អាស៊ីដ។ ច្បាប់​ស្ដី​ពី​ការ​គ្រប់គ្រង​អាស៊ីដ​ខ្លាំង ឆ្នាំ​២០១២ បាន​ចែង​ពី​បទប្បញ្ញត្តិ​យ៉ាង​ទូលំទូលាយ​ចំពោះ​ការ​គ្រប់គ្រង​ការ​ផលិត​ និង​ ចែកចាយ​អាស៊ីដ​ខ្លាំង ការ​គូស​បង្ហាញ​អំពី​នីតិវិធី​ច្បាប់ និង​ការ​ដាក់​ទោសទណ្ឌ​លើ​ជន​ល្មើស​ក្នុង​អំពើ​វាយប្រហារ​ដោយ​អាស៊ីដ ព្រម​ទាំង​អំពាវនាវ​ឲ្យ​មាន​ការ​ផ្ដល់​សេវា​សង្គម​ ច្បាប់ និង​ វេជ្ជសាស្ត្រ​ដល់​ជន​រស់រាន​មាន​ជីវិត​ពី​ការ​វាយប្រហារ។ ចាប់​តាំង​ពី​ការ​អនុម័ត​ច្បាប់​នោះ​នៅ​ឆ្នាំ​២០១២​មក ការ​វាយ​ប្រហារ​ដោយ​អាស៊ីដ​នៅ​កម្ពុជា​បាន​ថយ​ចុះ ប៉ុន្តែ​ការ​ដែល​បទ​ល្មើស​មួយ​ចំនួន​មិន​ត្រូវ​បាន​ជន​រងគ្រោះ​រាយការណ៍ និង​កង្វះ​ខាត​ស្ថិតិ​ដែល​អាច​យក​ជា​ការ​បាន ធ្វើ​ឲ្យ​យើង​មាន​ការលំបាក​ក្នុង​ការ​សន្និដ្ឋាន​ពី​វិសាលភាព​ពេញ​លេញ​នៃ​បញ្ហា​នេះ។១១ មន្ត្រី​អនុវត្ត​ច្បាប់ និង​មន្ត្រី​សុខាភិបាល​នៅ​កម្ពុជា​ពុំ​បាន​កត់​ត្រា​ទុក​នូវ​ហេតុការណ៍​នៃ​អំពើ​ហិង្សា​ដោយ​អាស៊ីដ​ ដាច់​ដោយ​ឡែក​ពី​បទ​ឧក្រិដ្ឋ​ក្នុង​ទម្រង់​ផ្សេង​ទៀត​នោះ​ទេ រហូត​ដល់​មាន​ច្បាប់​ស្ដី​ពី​ការ​គ្រប់គ្រង​អាស៊ីដ​ខ្លាំង​នេះ។

ចាប់​តាំង​ពី​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​មក អំពើ​វាយ​ប្រហារ​ដោយ​អាស៊ីដ​ដែល​ត្រូវ​បាន​រាយការណ៍​មាន​យ៉ាង​ហោច​ណាស់​២៥​ករណី កើត​ឡើង​លើ​ជន​រងគ្រោះ​ចំនួន​៣២នាក់ ក្នុង​នោះ​២៣នាក់​ត្រូវ​បាន​គេ​ដឹង​ថា នៅ​មាន​ជីវិត។ ក្នុង​ចំណោម​ជន​រងគ្រោះ​ទាំង​៣២​នាក់​មាន​១៩នាក់​ជា​ស្ដី្រ និង​១៣នាក់​ទៀត​ជា​បុរស។១២

បើ​ប្រៀបធៀប​ជាមួយ​ប្រទេស​បង់ក្លាដែស និង​ ឥណ្ឌា ប្រទេស​កម្ពុជា​មាន​អត្រា​ជន​រងគ្រោះ​ជា​បុរស​ខ្ពស់​ជាង ប៉ុន្តែ​ជន​រងគ្រោះ​ភាគច្រើន​នៅ​តែ​ជា​ស្រ្តី ហើយ​ករណី​វាយប្រហារ​ជា​ច្រើន​នៅ​កម្ពុជា​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ពី​បញ្ហា​ជេនឌ័រ (ភាព​មិន​ស្មើគ្នា​រវាង​បុរស និង ស្រ្តី)។ ឧទាហរណ៍ មាន​ករណី​ជាច្រើន​ដែល​មាន​ដើម​ហេតុ​ពាក់​ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​ស្ត្រី ដូច​ជា ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​ក្នុង​គ្រួសារ ដែល​មិន​ត្រូវ​បាន​ទុក​ចោល​មិន​ដោះស្រាយ។ ជា​រឿយៗ ស្ដ្រី​ដែល​រង​គ្រោះ​ដោយ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ មិន​ហ៊ាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ទេ ព្រោះ​ពួកគេ​ខ្លាច​សមត្ថកិច្ច​មិន​យក​ចិត្ត​ទុក​ដាក់​លើ​ករណី​របស់​ពួកគេ​ផង និង​ខ្លាច​ជន​ល្មើស​សងសឹក​ផង។

ដោយ​សារ​មាន​ការ​យល់​ឃើញ​ថា ការ​វាយ​ប្រហារ​ដោយ​អាស៊ីដ​លែង​សូវ​កើត​មាន​ញឹកញាប់​ដូច​ពី​មុន ការ​ផ្ដល់​ជំនួយ​ដល់​អង្គការ​មនុស្សធម៌​ជួយ​សង្គ្រោះ​ជន​រងគ្រោះ​កម្ពុជា​ដោយ​សារ​អាស៊ីដ​ត្រូវ​បាន​កាត់​បន្ថយ ហើយ​អង្គការ​នោះ​បាន​បញ្ឈប់​ដំណើរ​ការ​របស់​ខ្លួន​ទាំងស្រុង​នៅ​ឆ្នាំ២០១៤។ ប៉ុន្តែ​ទោះ​បី​ជា​ចំនួន​នៃ​ករណី​វាយ​ប្រហារ​ដោយ​អាស៊ីដ​បាន​ថយ​ចុះ​ក្ដី ជន​រស់រាន​មាន​ជីវិត​ពី​ការ​វាយប្រហារ​នៅ​តែ​បន្ត​ត្រូវ​ការ​ការ​ទំនុកបម្រុង​ត​ទៅ​ទៀត។ ការ​ចាត់ចែង​ធនធាន​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​សម្រាប់​ផ្ដល់​ជំនួយ​ផ្នែក​សុខភាព សេដ្ឋកិច្ច ផ្លូវ​ចិត្ត និង​ផ្នែក​ច្បាប់ ដល់​ជន​រងគ្រោះ​ត្រូវ​បាន​កាត់​បន្ថយ​ស្ទើរ​តែ​គ្មាន​សល់​អ្វី​ទាល់​តែ​សោះ បណ្ដាល​ឲ្យ​ជន​រងគ្រោះ​បាត់បង់​ជំនួយ​ដែល​ពួកគេ​ត្រូវ​ការ​ជា​ចាំបាច់។ រដ្ឋាភិបាល​កម្ពុជា​បាន​បរាជ័យ​ក្នុង​ការ​បំពេញ​ភាព​ចន្លោះ​ប្រហោង​នេះ​ ទោះ​បី​ជា​បាន​បង្ហាញ​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​បំពេញ​កាតព្វកិច្ច​នេះ​ ដូច​បាន​ចែង​ក្នុង​ច្បាប់​ស្ដី​ពី​ការ​គ្រប់គ្រង​អាស៊ីដ​ខ្លាំង​ឆ្នាំ​២០១២​ក៏​ដោយ។

បទដ្ឋាន​ច្បាប់

ច្បាប់ស្ដីពីការគ្រប់គ្រងអាស៊ីដខ្លាំង និងអនុក្រឹត្យ

រដ្ឋសភា​កម្ពុជា​បាន​អនុម័ត​ច្បាប់​ស្ដី​ពី​ការគ្រប់គ្រង​អាស៊ីដ​ខ្លាំង​ (ច្បាប់​ស្ដីពី​អាស៊ីដ) ក្នុង​ខែ​ធ្នូ ឆ្នាំ​២០១១ ហើយ​ច្បាប់​នេះ​បាន​ចូល​ជា​ធរមាន​ក្នុង​ខែ​មករា ឆ្នាំ​២០១២។១៣ អនុក្រឹត្យ​លេខ​៤៨ ស្ដី​ពី​បែបបទ និង​ លក្ខខណ្ឌ​នៃ​ការ​គ្រប់គ្រង​អាស៊ីដ​ខ្លាំង ត្រូវ​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៣។១៤ ទោះ​បី​ជា​មាន​ភាព​ខ្វះ​ចន្លោះ​ក្នុង​ការ​អនុវត្ត​ក្ដី ច្បាប់​អាស៊ីដ និង​ អនុក្រឹត្យ​នេះ​គឺ​ជា​ការ​បោះ​ជំហាន​ដ៏​ប្រសើរ​មួយ​ឆ្ពោះ​ទៅ​រក​ការ​ទប់ស្កាត់ និង​ការ​ដោះស្រាយ​ឲ្យ​បាន​គ្រប់គ្រាន់​នូវ​ផល​ប៉ះពាល់​នៃ​អំពើ​វាយ​ប្រហារ​ដោយ​អាស៊ីដ​នៅ​កម្ពុជា។

ច្បាប់​ស្ដី​ពី​អាស៊ីដ​កំណត់​ពី​និយមន័យ​នៃ​អាស៊ីដ​ខ្លាំង និង ចែង​យ៉ាង​ទូលំទូលាយ​អំពី​បទដ្ឋាន​ផលិត និង ចែកចាយ​អាស៊ីដ​ខ្លាំង​ឲ្យ​បាន​ត្រឹមត្រូវ ព្រមទាំង​ចែង​អំពី​នីតិវិធី​ច្បាប់​សម្រាប់​ផ្ដន្ទាទោស​ជន​ល្មើស​ក្នុង​អំពើ​វាយប្រហារ​ដោយ​អាស៊ីដ​ផង​ដែរ។ ច្បាប់​នេះ​តម្រូវ​ឲ្យ​រដ្ឋាភិបាល​ផ្ដល់​សេវា​ស្ដារ​នីតិសម្បទា ជំនួយ​សង្គ្រោះ​ផ្នែក​ច្បាប់ និង​ផ្នែក​វេជ្ជសាស្ត្រ ដល់​ជន​រស់រាន​មាន​ជីវិត​ពី​ការ​រលាក​អាស៊ីដ​ខ្លាំង។ ចំណែក​អនុក្រឹត្យ​បាន​បកស្រាយ​មាត្រា​នានា​ក្នុង​ច្បាប់​ស្ដី​ពី​អាស៊ីដ ដែល​ទាក់ទង​នឹង​ការ​ផលិត ការ​ទុក​ដាក់ និង​ការ​ចែកចាយ​អាស៊ីដ​ខ្លាំង។

ការ​ដាក់​ទោស​ទណ្ឌ

ជន​ទាំង​ឡាយ​ណា​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ក្នុង​អំពើ​ហិង្សា​ដោយ​អាស៊ីដ​ ត្រូវ​ស្ថិត​ក្រោម​ការ​ដាក់​ទោស​ទណ្ឌ​ដែល​មាន​ចែង​ក្នុង​ច្បាប់​ស្ដី​ពី​អាស៊ីដ។ រយៈពេល​នៃ​ការ​ជាប់​ឃុំ​ និង​វិសាលភាព​នៃ​ការ​ពិន័យ​ ដែល​អាស្រ័យ​លើ​ស្ថានភាព​បញ្ញា​ស្មារតី​របស់​ជន​ប្រព្រឹត្ត​ និង​ភាព​ធ្ងន់ធ្ងរ​នៃ​ការ​វាយ​ប្រហារ ត្រូវ​បាន​ចែង​ដូច​ខាង​ក្រោម៖

មាត្រា

បទ​ល្មើស

 ការ​ដាក់​ទោស​ទណ្ឌ

១៦​

«អំពើ​សម្លាប់​មនុស្ស​ដោយ​ចេតនា​ដោយ​ប្រើ​អាស៊ីដ​ខ្លាំង» ដោយ​មាន​ភស្តុតាង​បង្ហាញ​ថា​មាន«ការ​គិត​ទុក​ជា​មុន» ឬ​ ក្នុង​ករណី​ធ្វើ​អំពើ​ទារុណកម្ម ឬ អំពើ​ឃោរឃៅ ដែល​កើតឡើង​«មុន​ ឬ​ ក្នុង​ពេល​ប្រព្រឹត្ត​អំពើ​សម្លាប់»។១៥

ជាប់​ពន្ធធនាគារ​អស់​មួយ​ជីវិត​

១៩​

អំពើ​ទារុណកម្ម ឬ អំពើ​ឃោរឃៅ ដែល​បណ្ដាល​ឲ្យ​ជន​រងគ្រោះ​ស្លាប់​ដោយ​គ្មាន​ចេតនា​សម្លាប់​ ឬ នាំ​ឲ្យ​ជន​រងគ្រោះ​ធ្វើ​អត្តឃាត។១៦

ជាប់​ពន្ធធនាគារ​ពី​២០ឆ្នាំ​ ទៅ ៣០ឆ្នាំ​

១៦​

«អំពើ​សម្លាប់​មនុស្ស​ដោយ​ចេតនា​ដោយ​ប្រើ​អាស៊ីដ​ខ្លាំង» (ដោយ​មិន​មាន​ភស្តុតាង​បង្ហាញ​ថា​មាន​ការ​គិត​ទុក​ជា​មុន ឬ​ គ្មាន​ភស្ដុតាង​បង្ហាញ​ពី​អំពើ​ទារុណកម្ម​ ឬ អំពើ​ឃោរ​ឃៅ​ដែល​កើតឡើង​មុន​ ឬ​ ក្នុង​ពេល​ប្រព្រឹត្ត​អំពើ​សម្លាប់ )

ជាប់​ពន្ធធនាគារ​ពី​១៥ឆ្នាំ​ ទៅ ៣០ឆ្នាំ

១៩​

ទារុណកម្ម និង​អំពើ​ឃោរឃៅ​ដោយ​ប្រើ​អាស៊ីដ​ខ្លាំង​ ដែល​បណ្ដាល​ឲ្យ​ជន​រងគ្រោះ​បាត់បង់​អវៈយវៈ​ ឬ ​ធ្លាក់​ខ្លួន​​ពិការ​ជា​អចិន្ត្រៃយ៍។

ជាប់​ពន្ធធនាគារ​ពី​១៥ឆ្នាំ​ ទៅ​២៥ឆ្នាំ​

១៩​

ទារុណកម្ម និង​អំពើ​ឃោរឃៅ​ដោយ​ប្រើ​អាស៊ីដ​ខ្លាំង ដែល​ប្រព្រឹត្ត​ទៅ​លើ​បុគ្គល​ណា​មួយ។

ជាប់​ពន្ធធនាគារ​ពី​១០ឆ្នាំ​ ទៅ​២០ឆ្នាំ

២០​

អំពើ​ហិង្សា​ដោយ​ចេតនា​ ដែល​បណ្ដាល​ឲ្យ​ជន​រងគ្រោះ​ស្លាប់ ដោយ​គ្មាន​ចេតនា​សម្លាប់។

ជាប់​ពន្ធធនាគារ​ពី​១០ឆ្នាំ​ ទៅ​២០ឆ្នាំ

២០​

អំពើ​ហិង្សា​ដោយ​ចេតនា ដែល​បណ្ដាល​ឲ្យ​ជន​រងគ្រោះ​បាត់​បង់​អវៈយវៈ​ ឬ ធ្លាក់​ខ្លួន​​ពិការ​ជា​អចិន្ត្រៃយ៍​។

ជាប់​ពន្ធធនាគារ​ពី​៥ឆ្នាំ​ ទៅ​១០ឆ្នាំ​

២០​

អំពើ​ហិង្សា​ដោយ​ចេតនា (ក្នុង​ករណី​ការ​ប្រព្រឹត្ត​មិន​ឈាន​ដល់​ការ​ធ្វើ​ទារុណកម្ម ឬ អំពើ​ឃោរឃៅ) ដោយ​ការ​ប្រើ​អាស៊ីដ​ខ្លាំង។

ជាប់​ពន្ធធនាគារ​ពី​២ឆ្នាំ​ ទៅ​៥ឆ្នាំ​ និង ពិន័យ​ជា​ប្រាក់​ពី​៤​លាន​ ទៅ​ ១០លាន​រៀល​ (១០០០​ដុល្លារ​អាមេរិក ទៅ​២៥០០​ដុល្លារ​អាមេរិក)។

១៧​

អំពើ​​ដែល​បណ្ដាល​ឲ្យ​ជន​រងគ្រោះ​ស្លាប់ ដោយ​គ្មាន​ចេតនា​សម្លាប់។១៧

ជាប់​ពន្ធធនាគារ​ពី​១ឆ្នាំ​ ទៅ​៥ឆ្នាំ និង​ ពិន័យ​ជា​ប្រាក់​ពី​២លាន​ ទៅ​ ១០​លាន​រៀល (៥០០​ដុល្លារ​អាមេរិក ទៅ ២៥០០​ដុល្លារ​អាមេរិក)

២១​

អំពើ​ដែល​បង្ក​ឲ្យ​មាន​របួស​ដោយ​អចេតនា ដោយ​ការ​ប្រើ​អាស៊ីដ​ខ្លាំង។

ជាប់​ពន្ធធនាគារ​ពី​១ខែ​ ទៅ​១២ខែ​ និង ពិន័យ​ជា​ប្រាក់​ពី​២០​ម៉ឺន​រៀល​ ទៅ​ ២​លាន​រៀល​ (៥០​ដុល្លារ​អាមេរិក ទៅ​៥០០​ដុល្លារ​អាមេរិក)

២១​

អំពើ​ដែល​បង្ក​ឲ្យ​មាន​របួស​ដោយ​អចេតនា ដែល​នាំ​ឲ្យ​ជន​រងគ្រោះ​បាត់បង់​អវៈយវៈ ឬ «ពិការភាព​ជា​អចិន្ត្រៃយ៍»។

ជាប់​ពន្ធធនាគារ​ពី​៦ខែ​ ទៅ​៣ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ពី​១លាន​ ទៅ​ ៦លាន​រៀល (២៥០ដុល្លារ​អាមេរិក ទៅ​១៥០០​ដុល្លារ​អាមេរិក)

ការ​ផ្ដល់​សេវា​ស្ដារ​នីតិសម្បទា ជំនួយ​ផ្នែកច្បាប់ និង​វេជ្ជសាស្ត្រ

ច្បាប់​ស្ដី​ពី​អាស៊ីដ​ទទួល​ស្គាល់​ថា ជន​រស់រាន​មាន​ជីវិត​ពី​ការ​វាយ​ប្រហារ​ដោយ​អាស៊ីដ​ខ្លាំង​ជា​ច្រើន​ នឹង​ត្រូវ​ការ​ការ​យក​ចិត្ត​ទុក​ដាក់​ផ្នែក​សុខភាព ជំនួយ​ផ្នែក​ច្បាប់ និង​ ការ​ស្ដារ​នីតិសម្បទា​ភ្លាមៗ ដោយ​ពួកគេ​មិន​មាន​លទ្ធភាព​រ៉ាប់រង​ថ្លៃ​ចំណាយ​ដោយ​ខ្លួន​ឯង​បាន​ឡើយ។ មាត្រា​១១​នៃ​ច្បាប់​ស្ដី​ពី​អាស៊ីដ​ចែង​ថា «មណ្ឌល​សុខភាព​ មន្ទីរពេទ្យ​រដ្ឋ ឬ គ្រឹះស្ថាន​ព្យាបាល​សាធារណៈ​ផ្សេង​ទៀត​ ត្រូវ​ផ្ដល់​ការ​សង្គ្រោះ​និង​ការ​ការពារ​ដល់​ជន​រងគ្រោះ​ដោយ​សារ​អាស៊ីដ​ខ្លាំង ដោយ​ឥត​គិត​ថ្លៃ» ហើយ​ចែង​ថា «រដ្ឋ​ត្រូវ​ផ្ដល់​ជំនួយ​សង្គ្រោះ​ផ្នែក​ច្បាប់ ដល់​ជន​រងគ្រោះ ដោយ​សារ​អាស៊ីដ​ខ្លាំង។»១៨ ទោះ​បី​យ៉ាង​ណា មាត្រា​នេះ​មិន​បាន​ចែង​ឲ្យ​ច្បាស់​អំពី​ទម្រង់​នៃ​ការ​ផ្ដល់​ជំនួយ​ផ្នែក​សុខភាព និង​ផ្នែក​ច្បាប់​នោះ​ទេ។ មាត្រា​១២​បញ្ជាក់​ថា៖ «ការ​គាំពារ ការ​ស្ដារ​នីតិសម្បទា និង ការ​ធ្វើ​សមាហរណកម្ម​ជន​រងគ្រោះ​ដោយ​អាស៊ីដ​ខ្លាំង​ទៅ​ក្នុង​សហគមន៍​ ជា​សមត្ថកិច្ច​របស់​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា។»១៩

មាត្រា​១៣​នៃ​ច្បាប់​នេះ​ហាក់​ដូច​ជា​ ផ្ទេរ​ការ​ទទួល​ខុស​ត្រូវ​ខ្លះ​ទៅ​ឲ្យ​ក្រុម​អង្គការ​សង្គម​ស៊ីវិល ដោយ​ចែង​ថា៖ «រដ្ឋ​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ចូលរួម​ពី​សប្បុរសជន សមាគម អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ និង​ពី​វិស័យ​ឯកជន ក្នុង​ការ​ជួយ​គាំពារ​ដល់​ជន​រងគ្រោះ​ដោយ​សារ​អាស៊ីដ​ខ្លាំង។»២០ បុគ្គលិក​ពី​បណ្ដា​អង្គការ​សង្គម​ស៊ីវិល​បាន​លើក​ឡើង​ថា ក្នុង​ការ​អនុវត្ត​ជាក់​ស្ដែង ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ធានា​នូវ​ជំនួយ​សង្គ្រោះ​បែប​នេះ​ដល់​ជន​រងគ្រោះ​បាន​ធ្លាក់​លើ​សហគមន៍​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំង​ស្រុង។

នៅ​មុន និង ក្រោយ​ការ​អនុម័ត​ច្បាប់​ស្ដី​ពី​ការ​គ្រប់គ្រង​អាស៊ីដ​ខ្លាំង អង្គការ​ជួយ​សង្គ្រោះ​ជន​រងគ្រោះ​កម្ពុជា​ដោយ​សារ​អាស៊ីដ—ស្ថាប័ន​តែ​មួយ​គត់​ក្នុង​ប្រទេស​កម្ពុជា​ដែល​ធ្វើ​ការ​ងារ​ជួយ​សង្គ្រោះ​ជន​រងគ្រោះ​ដោយ​សារ​អាស៊ីដ—បាន​ដើរ​តួនាទី​ស្នូល​ក្នុង​ការ​បំពេញ​ចន្លោះ​ប្រហោង​របស់​រដ្ឋាភិបាល។ អង្គការ​នេះ​បាន​រក្សា​ទុក​នូវឯកសារ​កំណត់​ត្រា​ស្ដី​ពី​ករណី​វាយ​ប្រហារ​ដោយ​អាស៊ីដ ផ្ដល់​ជំនួយ​ផ្នែក​ច្បាប់ ជួយ​ទំនុក​បម្រុង​ថវិកា​សង្គ្រោះ​បន្ទាន់ និង​សេវា​ថែទាំ​សុខភាព​ផ្លូវ​ចិត្ត ថ្នាំពេទ្យ បាន​ផ្ដល់​ធនធាន​បន្ដិច​បន្ដួច​ដល់​ជន​រងគ្រោះ​ និង​ ក្រុម​គ្រួសារ​របស់​ពួកគេ បាន​ផ្គត់ផ្គង់​ជម្រក​សុវត្ថិភាព​ដល់​ពួកគេ ព្រម​ទាំង​បាន​រៀបចំ​ឲ្យ​មាន​ជំនួប​ជា​ប្រចាំ​ជាមួយ​ក្រុម​ជួយ​សង្គ្រោះ​ដែល​បាន​ឆ្លង​កាត់​ការ​បណ្ដុះបណ្ដាល​ជំនាញ​សង្គម​កិច្ច។

ប៉ុន្តែ​ក្រាយ​ពេល​អង្គការ​ជួយ​សង្គ្រោះ​ជន​រងគ្រោះ​កម្ពុជា​ដោយ​សារ​អាស៊ីដ​បាន​បញ្ឈប់​ដំណើរ​ការ​ចាប់​ពី​ឆ្នាំ​២០១៤​មក អ្វី​ដែល​ច្បាប់​បាន​សន្យា​មិន​ត្រូវ​បាន​បំពេញ​ជូន​ដល់​ជនរងគ្រោះ​ឲ្យ​បាន​ប្រហាក់​ប្រហែល​នឹង​កម្រិត​ដែល​អង្គការ​នេះធ្លាប់​បាន​ធ្វើ​កន្លង​ទៅ​នោះ​ទេ។ ដោយ​សារ​មិន​មាន​វត្តមាន​អង្គការ​នេះ​ត​ទៅ​ទៀត ជំនួយ​ដល់​ជន​រងគ្រោះ​បាន​ផុត​រលត់​ បណ្ដាល​ឲ្យ​ជន​រស់​រាន​មាន​ជីវិត​ពី​អំពើ​ហិង្សា​ដោយ​អាស៊ីដ​បាត់បង់​ភ្លាមៗ​នូវ​សេវា​ថែទាំ​សុខភាព​ផ្លូវ​ចិត្ត ឬ ថ្នាំ​ពេទ្យ រួម​ទាំង​ជំនួប​ជាមួយ​ក្រុម​ជំនាញ​ផ្នែក​សង្គម​កិច្ច​ និង​ លែង​មាន​លទ្ធភាព​ចំណាយ​លើ​ថ្លៃ​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​ក្នុង​ដំណើរ​ការ​ជំនុំ​ជម្រះ​ក្ដី​នៅ​តុលាការ​ផង​ដែរ។

ក្របខណ្ឌ​និយ័តកម្ម​

ជំពូក​៤​នៃ​ច្បាប់​ស្ដី​ពី​អាស៊ីដ​គូស​បញ្ជាក់​ពី​ការ​ដាក់​ទោសទណ្ឌ​លើ​ការ​ផលិត​អាស៊ីដ​ដោយ​មិន​មាន​ច្បាប់​អនុញ្ញាត​ ការ​ចែកចាយ និង​ការ​ប្រើប្រាស់​ ឬ ការ​នាំ​ចេញ-នាំ​ចូល​អាស៊ីដ​ខ្លាំង​ ព្រម​ទាំង​ចែង​ពី​ការ​ផ្ដន្ទាទោស​លើ​ជន​ប្រព្រឹត្ត​អំពើ​វាយ​ប្រហារ​ដោយ​ការ​ប្រើប្រាស់​អាស៊ីដ។ មាត្រា​១៤ ចែង​យ៉ាង​ជាក់លាក់​ថា ការ​ចែកចាយ​ ឬ ការ​ប្រើប្រាស់​អាស៊ីដ​ខ្លាំង​ក្នុង​ចំណុះ​ក្រោម​៥០០​មីលីលីត្រ ដោយ​មិន​មាន​អាជ្ញាប័ណ្ណ​ ឬ លិខិត​អនុញ្ញាត​ ត្រូវ​ពិន័យ​ជា​ប្រាក់​ពី ៥សែន​រៀល ទៅ​ ១លាន​៥សែន​រៀល (១២៥ដុល្លារ​អាមេរិក ទៅ​៣៧៥ដុល្លារ​អាមេរិក)។២១ ការ​ចែកចាយ​ ឬ ប្រើប្រាស់​អាស៊ីដ​ខ្លាំង​ក្នុង​ចំណុះ​លើស​ពី​៥០០​មីលីលីត្រ​ដោយ​មិន​មាន​ច្បាប់​អនុញ្ញាត​នឹង​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី​១លាន​៥សែន​រៀល ទៅ ១០លាន​រៀល (៣៧៥​ដុល្លារ​អាមេរិក ទៅ ២៥០០​ដុល្លារ​អាមេរិក)។២២

អនុក្រឹត្យ​ស្ដី​ពី​បែបបទ និង លក្ខខណ្ឌ​នៃ​ការ​គ្រប់គ្រង​អាស៊ីដ​ខ្លាំង​ បាន​បកស្រាយ​បន្ថែម​អំពី​ដែន​សមត្ថកិច្ច​ត្រួត​ពិនិត្យ​ដែល​មួយ​ផ្នែក​ធំ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​ក្រសួង​មហាផ្ទៃ និង​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល។ អនុក្រឹត្យ​តម្រូវ​ឲ្យ​អ្នក​ចែកចាយ​អាស៊ីដ​ខ្លាំង​ទាំង​អស់​កត់ត្រា​ទុក​នូវ​«រាល់​ព័ត៌មាន​ស្ដី​ពី​ការ​ទិញ​ចូល​ ការ​លក់​ចេញ​» ក្នុង​សៀវភៅ​បញ្ជី​ការ​មួយ​ដែល​អាច​ឲ្យ​សមត្ថកិច្ច​ត្រួត​ពិនិត្យ​ នៅ​ពេល​ចាំ​បាច់។ អនុក្រឹត្យ​ក៏​ចែង​ដែរ​ថា អ្នក​ចែកចាយ​អាស៊ីដ​ខ្លាំង​ត្រូវ​ទុក​ដាក់​អាស៊ីដ​ទាំង​នោះ​ឲ្យ​មាន​សុវត្ថិភាព និង​ដាក់​សញ្ញា​ប្រុង​ប្រយ័ត្ន​លើ​អាស៊ីដ​នោះ ត្រូវ​ចេញ​វិក្កយបត្រ​លក់​ដល់​អ្នក​ទិញ​ទាំង​អស់ ហើយ​ត្រូវ​រក្សា​ទុក​នូវ​ឯកសារ​បញ្ជាក់​អំពី​ប្រភព​ដើម​នៃ​អាស៊ីដ និងមាន​តារាង​ព័ត៌មាន​សុវត្ថិភាព​នៃ​សារ​ធាតុ​ផ្សំ (Material Safety Data Sheet)។២៣ អ្នក​ទិញ​ទាំង​អស់​ត្រូវ​មាន​អាយុ​យ៉ាង​តិច​១៨​ឆ្នាំ​ មាន​«អត្ដសញ្ញាណប័ណ្ណ​ និង​/ឬ អាជ្ញាប័ណ្ណ​ ឬ​លិខិត​អនុញ្ញាត​បញ្ជាក់​ពី​មុខរបរ​វិជ្ជាជីវៈ ដែល​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​អាស៊ីដ​ខ្លាំង» ត្រូវ​បញ្ជាក់​ពី​គោល​បំណង​នៃ​ការ​ប្រើប្រាស់​អាស៊ីដ​ខ្លាំង ហើយ​រក្សា​ទុក​វិក្កយបត្រ​ដែល​ចេញ​ដោយ​អ្នក​លក់ ឬ​អ្នក​ចែក​ចាយ។២៤

ច្បាប់ស្ដីពីអំពើហិង្សាក្នុងគ្រួសារ

ចំណុច​ខ្វះខាត​មួយ​ទៀត​ក្នុង​ការ​បង្ការ​ទប់ស្កាត់​អំពើ​ហិង្សា​ដោយ​ការ​ប្រើ​អាស៊ីដ​ គឺ​ការ​ឆ្លើយ​តប​ដ៏​ទន់ខ្សោយ​ពី​សំណាក់​សមត្ថកិច្ច​ចំពោះ​បណ្ដឹង​ពាក់ព័ន្ធ​នឹង​ការ​តាម​​រំខាន​យាយី ការ​គំរាម​កំហែង​វាយ​ប្រហារ ហើយ​និង អំពើ​ហិង្សា​ក្នុង​គ្រួសារ ដែល​ជួន​កាល​ជា​សញ្ញា​បង្ហាញ​ឲ្យ​ដឹង​ជា​មុន​ពី​ចេតនា​វាយ​ប្រហារ​ដោយ​ការ​ប្រើ​អាស៊ីដ​ណា​មួយ។ ក្នុង​ចំណោម​ករណី​វាយ​ប្រហារ​ដោយ​អាស៊ីដ​ដែល​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​បាន​តាមដាន មាន​៣ករណី​ដែល​ជន​ល្មើស​គឺ​ជា​ដៃគូ ឬ ជា​អតីត​ដៃ​គូ​ មាន​ប្រវត្តិ​ធ្លាប់​ប្រើប្រាស់​អំពើហិង្សា​ក្នុង​គ្រួសារ ហើយ​ករណី​ទាំង​នោះ​មិន​ទទួល​បាន​ការ​ត្រួតពិនិត្យ​ពី​សមត្ថកិច្ច​ឡើយ។

ជន​រងគ្រោះ​ឈ្មោះ ស៊ុន សុខនី វ័យ​២៤​ឆ្នាំ បាន​ប្រាប់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ថា ក្រោយ​រៀប​អាពាហ៍​ពិពាហ៍ ស្វាមី​របស់​នាង​បាន​ចោទ​ប្រកាន់​នាង​ម្ដង​ហើយ​ម្ដង​ទៀត​ថា នាង​មាន​សាហាយ​ ហើយ​បាន​វាយ​ធ្វើ​បាប​នាង​ជា​បន្ត​បន្ទាប់។ ថ្ងៃ​មួយ នៅ​ពេល​នាង​រង​ការ​វាយ​ធ្វើ​បាប​ខ្លាំង​ពេក​ នាង​បាន​សុំ​លែងលះ។ ប្ដី​របស់​នាង​ក៏​បាន​ចាប់​ពង្រត់​កូន​ស្រី​អាយុ​៣​ឆ្នាំ​យក​ទៅ​បាត់។ ពីរ​បី​ថ្ងៃ​ក្រោយ​មក​ ប្ដី​របស់​នាង​បាន​តាម​នាង​ពី​កន្លែង​ធ្វើ​ការ​ទៅ​ដល់​ផ្សារ​មួយ​ដែល​ពោរពេញ​ដោយ​មនុស្ស​ម្នា​ ហើយ​ក៏​បាន​វាយ​ប្រហារ​នាង​ដោយ​ប្រើ​អាស៊ីដ​ខ្លាំង។ ប្ដី​របស់​នាង​បាន​គេច​ខ្លួន ក្រោយ​ការ​វាយ​ប្រហារ ប៉ុន្តែ​នៅ​តែ​បាន​ទូរសព្ទ​មក​អង្វរ​សុំ​ស្រុះស្រួល​គ្នា​វិញ​ជា​ញឹកញាប់។ ដោយ​សារ​លែង​ចង់​រស់​នៅ​ជាមួយ​បុរស​ម្នាក់​នោះ​តទៅ​ទៀត សុខ​នី ភ័យ​ខ្លាច​យ៉ាង​ខ្លាំង​ថា បុរស​នោះ​នឹង​តាម​វាយ​ប្រហារ​នាង​ម្ដង​ទៀត។ នាង​មិន​ចង់​បន្ត​រឿង​ក្ដី​នោះ​តទៅ​ទៀត​ទេ—សូម្បី​ទាមទារ​យក​កូន​ស្រី​មក​វិញ ក៏​នាង​លែង​ចង់​ដែរ​—ព្រោះ​ភ័យ​ខ្លាច​ថា​ សមត្ថកិច្ច​នឹង​មិន​ចាត់​ការ​ករណី​នេះ​ដោយ​យក​ចិត្ត​ទុក​ដាក់ និង​ខ្លាច​ថា ការ​បន្ត​ស្វែង​រក​ជំនួយ​តាម​ផ្លូវ​ច្បាប់​ នឹង​ធ្វើ​ឲ្យ​ជន​ល្មើស​កាន់​តែ​ខឹងគុំកួន​ ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​រូប​នាង និង​កូន​ស្រី​កាន់​តែ​ខ្លាំង​ឡើង។២៥

កាល​ពី​ឆ្នាំ​២០០៥ កម្ពុជា​បាន​អនុម័ត​ច្បាប់ ដាក់​បញ្ចូល​ការ​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ជា​បទល្មើស​ព្រហ្មទណ្ឌ​ និង​ បាន​ដាក់​ចេញ​នូវ​ផែនការ​សកម្មភាព​ថ្នាក់​ជាតិ​ដើម្បី​ទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី​ភេទ ដែល​សុទ្ធសឹង​តែ​សង្កត់​ធ្ងន់​លើ​វិធានការ​ទប់ស្កាត់។២៦ ទោះ​យ៉ាង​ណា ច្បាប់​ស្ដី​ពី​អំពើ​ហិង្សា​ក្នុង​គ្រួសារ មាន​ការ​បែងចែក​មិន​ច្បាស់លាស់​រវាង​ទម្រង់​នៃ​ការ​ប្រព្រឹត្ត​អំពើហិង្សា​«កម្រិត​ស្រាល» និង «កម្រិត​ធ្ងន់» ដែល​បង្ក​ជា​ឧបសគ្គ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ទប់ស្កាត់​អំពើ​ហិង្សា​ឲ្យ​បាន​ទាន់​ពេល​វេលា។ ក្នុង​ករណី«បទ​មជ្ឈិម​ស្រាល» ឬ​ «បទ​លហុ» ច្បាប់​នេះ​ជំរុញ​ឲ្យ​មាន​ការ​ផ្សះផ្សា​ ឬ​ សម្របសម្រួល២៧ ដែល​ហាក់​បី​ដូច​ជា​ ដាក់​ទោស​ទណ្ឌ​លើ​ជន​ប្រព្រឹត្ត​ តែ​ក្នុង​ករណី​ដែល​ជន​រងគ្រោះ​រង​របួស​ធ្ងន់ធ្ងរ​តែ​ប៉ុណ្ណោះ។

ក្នុង​ឆ្នាំ​២០១៧ អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង ការពារ​សិទ្ធិ​មនុស្ស​ (ហៅ​កាត់​ថា លីកាដូ) បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ផ្អែក​លើ​ការ​ស៊ើប​អង្កេត​ករណី​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ជិត​៤០០​ករណី​ នៅ​ចន្លោះ​ពី​ឆ្នាំ​២០១៤​ ដល់​ឆ្នាំ​២០១៦។ អង្គការ​នោះ​បាន​រក​ឃើញ​ថា ជាង​៤០​ភាគ​រយ​នៃ​ករណី​ទាំង​អស់​នោះ​បាន​បញ្ចប់​ទៅ​ដោយ​ជន​រងគ្រោះ​បន្ត​រស់​នៅ​ជាមួយ​ដៃគូ​ដែល​ប្រព្រឹត្ដ​អំពើ​ហិង្សា​ ហើយ​មាន​តែ​២០​ភាគរយ​ប៉ុណ្ណោះ​ដែល​ឈាន​ដល់​ដំណាក់​កាល​ការ​ចោទ​ប្រកាន់​ដោយ​តុលាការ។២៨ លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​នោះ​បាន​ឆ្លុះ​បញ្ចាំង​ពី​ទិស​ដៅ​នៃ​ច្បាប់​ក្នុង​ការ​«ថែរក្សា​ភាព​សុខដុមរមនា​ក្នុង​គ្រួសារ​តាម​ទំនៀមទម្លាប់​និង​ប្រពៃណី​ល្អ​របស់​ជាតិ»២៩ ដោយ​បាន​រក​ឃើញ​ថា នៅ​ពេល​ស្ត្រី​ទៅ​ស្វែង​រក​ជំនួយ​ពី​មេ​ភូមិ ឬ​ ចៅ​សង្កាត់ ឬ​ក៏ នគរបាល​មូលដ្ឋាន​ម្ដងៗ ចម្លើយ​ជា​រួម​ដែល​ពួកគេ​តែងតែ​ទទួល​បាន​មក​វិញ​គឺ​ការ​ជំរុញ​ឲ្យ​ពួកគេ​ចៀសវាង​ការ​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់។៣០

ក្នុង​ឆ្នាំ​២០១៥ អង្គការ​សុខភាព​ពិភពលោក បាន​រក​ឃើញ​ថា នៅ​កម្ពុជា ក្នុង​ចំណោម​ស្ត្រី​៥​នាក់​ ដែល​បាន​រងគ្រោះ​ដោយ​អំពើ​ហិង្សា​ក្នុង​គ្រួសារ មាន​តែ​២នាក់​ប៉ុណ្ណោះ​ដែល​ស្វែង​រក​ជំនួយ។ នៅ​ពេល​ស្ត្រី​រងគ្រោះ​ស្វែង​រក​ជំនួយ ជា​រឿយៗ ពួកគេ​ពឹងផ្អែក​លើ​យន្តការ​ក្រៅ​ផ្លូវការ​ ដោយ​សារ​ខ្វះ​ខាត​ធនធាន​ និង​ព័ត៌មាន​ផ្នែក​ច្បាប់​ ប៉ុន្តែ​ក៏​ដោយ​សារ​តែ​បារម្ភ​ពី​បញ្ហា​ពុករលួយ​ដែរ។ ដូច​បាន​បញ្ជាក់​ក្នុង​របាយការណ៍​នោះ អង្គការ​សុខភាព​ពិភពលោក​បាន​រក​ឃើញ​ថា ជារឿយៗ មន្ត្រី​អនុវត្ត​ច្បាប់​ ស្មៀន​ ចៅក្រម​ និង​ព្រះរាជ​អាជ្ញា បាន​តម្រូវ​ឲ្យ​ជន​រងគ្រោះ​បង់​ថ្លៃ​ ដើម្បី​អាច​បន្ត​នីតិ​វិធី​ស្វែង​រក​យុត្ដិធម៌ ក្នុង​ករណី​បទ​ល្មើស​ព្រហ្មទណ្ឌ​ប្រភេទ​ណា​ក៏​ដោយ។៣១

សិទ្ធិទទួលបានការព្យាបាលនិង ថែទាំសុខភាព

កតិកាសញ្ញា​អន្តរជាតិ​ស្ដី​ពី​សិទ្ធិ​សេដ្ឋកិច្ច សង្គម​កិច្ច និង វប្បធម៌ ដែល​ប្រទេស​កម្ពុជា​បាន​ធ្វើ​សច្ចាប័ន​នៅ​ឆ្នាំ​១៩៩២ បញ្ជាក់​ថា បុគ្គល​គ្រប់​រូប​មាន​សិទ្ធិ​«ទទួល​បាន​សុខភាព​ផ្លូវ​កាយ​និង ផ្លូវ​ចិត្ត​ក្នុង​កម្រិត​ខ្ពស់​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន»។៣២ ដោយ​សារ​​រដ្ឋ​មាន​ធនធាន​ក្នុង​កម្រិត​ខុស​គ្នា ច្បាប់​អន្តរជាតិ​មិន​កំណត់​ពី​ប្រភេទ​នៃ​សេវា​សុខាភិបាល​ដែល​ត្រូវ​ផ្ដល់​ដល់​ពលរដ្ឋ​ឲ្យ​ហួស​ពី​កម្រិត​អប្បបរិមា​នោះ​ទេ។ សិទ្ធិ​ទទួល​បាន​សេវា​សុខាភិបាល​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​សិទ្ធិ​ដែល​«អាច​សម្រេច​បាន​តាម​ដំណាក់​កាល» មាន​ន័យ​ថា រដ្ឋ​ភាគី​នៃ​កតិកាសញ្ញា​នេះ «យល់​ព្រម​ចាត់​វិធានការ» ទៅ​តាម​លទ្ធភាព​ធនធាន​អតិបរិមា​ដែល​ខ្លួន​មាន​ ក្នុង​ការ​ឆ្ពោះ​ទៅ​សម្រេច​ឲ្យ​បាន​ពេញ​លេញ​នូវ​សិទ្ធិ​ទទួល​បាន​សេវា​សុខាភិបាល​សម្រាប់​ពលរដ្ឋ។

ទោះ​យ៉ាង​ណា គណៈកម្មាធិការនៃ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​សេដ្ឋកិច្ច សង្គម​កិច្ច និង​វប្បធម៌​ ដែល​ជា​ស្ថាប័ន​ជំនាញ​តែ​មួយ​គត់​មាន​ភារកិច្ច​តាមដាន​ការ​អនុវត្ត​របស់​រដ្ឋ​ជាភាគី លើក​ឡើង​ថា មាន​កាតព្វកិច្ច​ស្នូល​ជា​មូលដ្ឋាន​មួយ​ចំនួន​ ដែល​រដ្ឋ​ទាំង​អស់​ត្រូវ​តែ​បំពេញ ទោះ​ក្នុង​ស្ថានភាព​ហិរញ្ញវត្ថុ​ណា​ក៏​ដោយ ដោយ​បាន​ចែង​ថា៖ «ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ រដ្ឋ​ភាគី​មិន​អាច​យក​លេស​ណាមួយ​មក​ការពារ​ខ្លួន​ចំពោះ​ការ​បរាជ័យ​ក្នុង​ការ​បំពេញ​កាតព្វកិច្ច​សំខាន់ៗ​ទាំង​នោះ​ទេ»។៣៣ ក្នុង​សេចក្ដី​អត្ថាធិប្បាយ​ទូទៅ​របស់​ខ្លួន​លេខ​១៤ស្ដី​ពី​សិទ្ធិ​ទទួល​សេវា​សុខាភិបាល​ គណៈកម្មាធិការនៃ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​សេដ្ឋកិច្ច សង្គម​កិច្ច និង​វប្បធម៌ បាន​កំណត់​ធាតុ​ផ្សំ​សំខាន់ៗ​៤​យ៉ាង​នៃ​សិទ្ធិ​ទទួល​បាន​សេវា​សុខាភិបាល រួម​មាន៖ (ទី១) ការ​បង្កើត​ឲ្យ​មាន​សេវា (availability) (ទី២) លទ្ធភាព​ក្នុង​ការ​ទទួល​បាន​សេវា (accessibility) (ទី៣) ភាព​អាច​ទទួល​យក​បាន​នៃ​សេវា (acceptability) និង​ (ទី៤) គុណភាព​នៃ​សេវា (quality) ដោយ​តម្រូវ​ឲ្យ​រដ្ឋ​ភាគី​ផ្តល់​«សំភារៈ​បរិក្ខារ​ ផលិតផល​ សេវាកម្ម​ ព្រម​ទាំង​កម្មវិធី​ផ្សេងៗ ឲ្យ​បាន​គ្រប់គ្រាន់​ និង​មាន​ដំណើរ​ការ​ សម្រាប់​បម្រើ​ដល់​ការ​ថែទាំ​សុខភាព​ និង​សុខុមាល​ភាព​សាធារណៈ។»៣៤ ចំពោះ​លទ្ធភាព​ក្នុង​ការ​ទទួល​បាន​សេវា (accessibility) គណៈកម្មាធិការ​បាន​កំណត់​នូវ​ធាតុផ្សំ​៤ រួម​មាន៖ លទ្ធភាព​ក្នុង​ការ​ទទួល​បាន​សេវា​ដោយ​គ្មាន​ការ​រើស​អើង (accessibility without discrimination) លទ្ធភាព​ក្នុង​ការ​ទទួលបាន​តាម​ផ្លូវ​រូបវន្ត (physical accessibility) លទ្ធភាព​ក្នុង​ការ​ទទួល​បាន​តាម​ផ្លូវ​សេដ្ឋកិច្ច (economic accessibility) និង​ លទ្ធភាព​ទទួល​បាន​ព័ត៌មាន​អំពី​សេវា (information accessibility)។ ភាព​អាច​ទទួល​យក​បាន​នៃ​សេវា សំដៅ​ដល់​​​តម្រូវ​ការ​ឧបករណ៍​បរិក្ខារ​ព្យាបាល ផលិតផល​ និង​សេវា​នានា​ ដែល​ស្រប​តាម​ក្រម​សីលធម៌​នៃ​ការ​ព្យាបាល​ និង​វប្បធម៌។ សេវាទាំង​នោះ​ត្រូវ​តែ​សមស្រប​តាម​បែប​វេជ្ជសាស្ត្រ និង​វិទ្យាសាស្ត្រ​ ហើយ​មាន​គុណភាព​ល្អ។៣៥  សិទ្ធ​ទទួល​បាន​សេវា​សុខាភិបាល​ក៏​រួម​បញ្ចូល​ផង​ដែរ​នូវ​កាតព្វកិច្ច​ក្នុង​ការ​អនុម័ត​ និង​អនុវត្ត​យុទ្ធសាស្ត្រ​ថ្នាក់​ជាតិ​ស្ដី​ពី​សុខភាព​សាធារណៈ និង​ផែនការ​សកម្មភាព ដោយ​ផ្អែក​លើ​មូលដ្ឋាន​នៃ​ភស្ដុតាង​បាន​ពី​ការ​សិក្សា​ស្រាវជ្រាវ​តាម​បែប​វេជ្ជសាស្ត្រ ដែល​ដោះស្រាយ​ក្ដី​បារម្ភ​របស់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស។៣៦

អនុសញ្ញា​ស្ដី​ពី​សិទ្ធិ​ជន​ពិការ ដែល​ប្រទេស​កម្ពុជា​បាន​ធ្វើ​សច្ចាប័ន​នៅ​ឆ្នាំ​២០១២ ចែង​ថា៖

ជន​ពិការ​មាន​សិទ្ធិ​ទទួល​បាន​ការ​ថែទាំ​សុខភាព​ក្នុង​បទដ្ឋាន​ខ្ពស់​បំផុត​តាម​ដែល​ អាច​ធ្វើ​ទៅ​បាន​ ដោយ​មិន​មាន​ការ​រើស​អើង​ព្រោះ​តែ​ពិការភាព​របស់​ពួកគេ​ ឡើយ។ រដ្ឋ​ភាគី​នៃ​អនុសញ្ញា​ត្រូវ​ចាត់​រាល់​វិធានការ​សមរម្យ​ក្នុង​ការ​ធានា​ថា ជន​  ពិការ​មាន​លទ្ធភាព​ទទួល​បាន​សេវា​សុខាភិបាល ដែល​ផ្ដល់​ភាព​ស្មើ​គ្នា​រវាង​បុរស​ និង​ស្ដ្រី​ ... រួម​ទាំង​ការ​កំណត់​ដំណោះស្រាយ​ឲ្យ​បាន​ឆាប់ និង​ការ​ធ្វើ​អន្តរាគមន៍​ឲ្យ​   បាន​សមរម្យ​ ព្រមទាំង​ផ្ដល់​សេវា​នានា​សំដៅ​កាត់បន្ថយ និង​ បង្ការ​ពិការ​ភាព​បន្ថែម ទៀត។

តម្រូវការថែទាំសុខភាពរបស់ជនរស់រានមានជីវិតក្នុងអំពើហិង្សាដោយអាស៊ីដ

ជនរស់រាន​មាន​ជីវិត​ពី​ការ​វាយប្រហារ​ដោយ​អាស៊ីដ​មាន​តម្រូវ​ការ​ផ្នែក​សុខភាព​ជា​ច្រើន។ ភ្លាមៗ​បន្ទាប់​ពី​រង​គ្រោះ​ដោយ​ការ​វាយ​ប្រហារ អ្វី​ដែល​ជន​រងគ្រោះ​ត្រូវ​ការ​បន្ទាន់​បំផុត​គឺ​ការ​រក្សា​អាយុ​ជីវិត និង​ទប់ស្កាត់​ផល​ប៉ះពាល់​នានា​លើ​សុខភាព។ ក្នុង​នោះ​មាន​ដូច​ជា ការ​លាង​ជម្រះ​អាស៊ីដ​ចេញ​ពី​រាងកាយ​ជា​បន្ទាន់ ការ​ទប់ស្កាត់​ការ​ឆ្លង​មេរោគ ជំនួយ​ផ្លូវ​ដង្ហើម និង​ការ​គ្រប់គ្រង​ការ​ឈឺចាប់។ ក្នុង​រយៈ​ពេល​វែង ការ​ព្យាបាល​ត្រូវ​បន្ត​ទៅ​ផ្ដោត​លើ​ការ​ធ្វើ​ឲ្យ​ជា​សះ​ស្បើយ​នូវ​ជាលិកា​ដែល​ខូច ដោយ​សា្ដរ​ឡើង​វិញ​នូវ​ភាព​ប្រក្រតី​របស់​ជនរងគ្រោះ ព្រម​ទាំង​ការ​ថែទាំ​សុខភាព​ផ្លូវ​ចិត្ត​ដ៏​សំខាន់។ ជា​ញឹកញាប់ ជន​រងគ្រោះ​ដោយ​អាស៊ីដ​ត្រូវការ​ការ​យកចិត្ត​ទុក​ដាក់​តាម​បែប​វេជ្ជសាស្ត្រ​នៅ​ជា​ច្រើន​ដំណាក់កាល។ ខាង​ក្រោម​នេះ​ជា​សេចក្ដី​សង្ខេប​នៃ​តម្រូវ​ការ​ផ្នែក​សុខភាព​របស់​ពួកគេ ដោយ​ផ្អែក​លើ​បទដ្ឋាន​ថែទាំ​សុខភាព​ជា​អប្បបរិមា​សម្រាប់​ជន​រងគ្រោះ ដែល​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​គោលការណ៍​ព្យាបាល​របស់​អង្គការ​ថ្នាំ​ពេទ្យ​គ្មាន​ព្រំដែន (Medecins Sans Frontieres) គោលការណ៍​របស់​អង្គការ​សុខភាព​ពិភព​លោក​ និង​អង្គការ​សង្គម​អន្តរជាតិ​ដើម្បី​ការ​ព្យាបាល​របួស​ដោយ​រលាក (ISBI)  ព្រមទាំង​បទ​សម្ភាសន៍​ជាមួយ​អ្នក​ជំនាញ​ផ្នែក​ព្យាបាល​ការ​រលាក។៣៨

ការទប់ស្កាត់ផលប៉ះពាល់

រយៈពេល​១០​នាទី​ដំបូង​ក្រោយ​រង​ការ​ជះ​ទឹក​អាស៊ីដ​គឺ​ជា​ដំណាក់​កាល​ដ៏​សំខាន់​ក្នុង​ការ​កាត់​បន្ថយ​ផល​ប៉ះពាល់​រយៈពេល​វែង​ឲ្យ​ស្ថិត​ក្នុង​កម្រិត​តិច​បំផុត។ ដំបូង​បង្អស់​គឺ​ការ​លាង​ជម្រះ​អាស៊ីដ​ចេញ​ បន្ទាប់​មក​គឺ​ការ​លាង​របួស​ដោយ​ប្រើ​ទឹក​ស្អាត​ដែល​បាន​ឆ្លង​កាត់​ការ​សម្លាប់​មេរោគ និង​ការ​ប្រើ​វិធី​សង្គ្រោះ​បឋម​ ដើម្បី​ធានា​ថា ប្រព័ន្ធ​ដង្ហើម​របស់​ជនរងគ្រោះ​គ្មាន​ការ​រាំងស្ទះ។ ក្ដី​បារម្ភ​ដ៏​ធំ​មួយ ក្នុង​អំឡុង​៤៨​ម៉ោង​ដំបូង​បន្ទាប់​ពី​ការ​រលាក​គឺ​ថា ជន​រងគ្រោះ​នឹង​ស្ថិត​ក្នុង​ក្ដី​រន្ធត់​តក់ស្លុត​ខ្លាំង ដូច្នេះ​ការ​បញ្ចូល​ជាតិ​ទឹក​តាមសរសៃ​ឈាម​ ដោយ​ការ​ព្យួរ​សឺរ៉ូម​ជា​ដើម​មាន​សារ​សំខាន់​ណាស់។៣៩ មណ្ឌល​សុខភាព​នៅ​កម្ពុជា​ (បម្រើ​ពលរដ្ឋ​ប្រមាណ​ពី​១ម៉ឺន​ទៅ​២ម៉ឺន​នាក់​ក្នុង​មួយ​មណ្ឌល យោង​តាម​របាយការណ៍​ត្រួត​ពិនិត្យ​ប្រព័ន្ធ​សុខាភិបាល​របស់​អង្គការ​សុខភាព​ពិភពលោក ដែល​ត្រូវ​បាន​លើក​ឡើង​ខាង​លើ) ដែល​«ជា​គោលការណ៍ ស្ថិត​នៅ​ក្បែរ​លំនៅស្ថាន​ពលរដ្ឋ ប្រើ​ពេល​មិន​លើស​ពី​២ម៉ោង​ក្នុង​ការ​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​នោះ»៤០ គួរ​តែ​មាន​សមត្ថភាព​ផ្ដល់​ការ​ព្យាបាល​ជំហាន​ដំបូង​ដ៏​សំខាន់​នេះ​ដល់​ជន​រងគ្រោះ​ដោយ​អាស៊ីដ នេះ​បើ​យោង​តាម​កញ្ចប់​សកម្មភាព​ជា​អប្បបរិមា​របស់​មណ្ឌល​សុខភាព​ ដែល​ដាក់​ចេញ​ដោយ​ក្រសួង​សុខាភិបាល​កម្ពុជា។៤១

ការគ្រប់គ្រងការឆ្លងមេរោគ

យោង​តាម​គោល​ការណ៍​ព្យាបាល​ការ​រលាក​របស់​អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន «ការ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​ឆ្លង​មេរោគ​មាន​សារសំខាន់​ខ្លាំង​ណាស់​ រហូត​ដល់​ពេល​ជន​រងគ្រោះ​បាន​ជា​សះ​ស្បើយ។ ការ​ឆ្លង​មេរោគ​ជា​ផល​វិបាក​ធ្ងន់ធ្ងរ​បំផុត​ និង​កើត​មាន​ញឹកញាប់​បំផុត ក្នុង​ចំណោម​ផល​វិបាក​ជាច្រើន​ទៀត​ដែល​ជនរងគ្រោះ​តែងតែ​ប្រឈម»។៤២ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​មេរោគ​ អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន​ផ្ដល់​អនុសាសន៍​ថា ជន​រងគ្រោះ​គួរ​តែ​ទទួល​បាន​នូវ​ការ​ព្យាបាល​ដែល​ប្រកាន់​ខ្ជាប់​ខ្ជួន​នូវ​គោលការណ៍​រក្សា​អនាម័យ​ខ្ពស់​បំផុត​ ហើយ​ការ​សម្អាត និង​រុំ​របួស​ត្រូវ​ធ្វើ​ឲ្យ​បាន​ទៀង​ទាត់ បូក​រួម​នឹង​ការ​ផ្ដល់​ថ្នាំ​ផ្សះ​ដល់​អ្នក​ជំងឺ​ផង​ដែរ​។៤៣ អង្គការ​នេះ​ណែនាំ​ឲ្យ​ប្រើ​ថ្នាំ​ផ្សះ​ដូច​ជា cefazolin IV, ciprofloxacin និង​ sulfadiazine ដែល​មាន​នៅ​ក្នុង​បញ្ជី​ឈ្មោះ​ថ្នាំ​ចាំបាច់ កំណត់​ដោយ​កម្មវិធី​សកម្មភាព​នៃ​អង្គការ​សុខភាព​ពិភពលោក​ស្ដី​ពី​ឱសថ​ចាំ​បាច់។ នេះ​មាន​ន័យ​ថា លទ្ធភាព​របស់​ជនរងគ្រោះ​ក្នុង​ការ​ទទួល​បាន​ថ្នាំ​ទាំង​នោះ ត្រូវ​បាន​ចាត់ទុក​ជា កាតព្វកិច្ច​ស្នូល​មិន​អាច​ខ្វះ​បាន​ដែល​រដ្ឋ​ត្រូវ​ធានា​សម្រាប់​ពលរដ្ឋ​របស់​ខ្លួន​ ក្រោម​សិទ្ធិ​ទទួល​បាន​សេវា​សុខាភិបាល​របស់​ពលរដ្ឋ។៤៤

ការថែទាំផ្លូវចិត្តរបស់ជនរងគ្រោះជាប្រចាំតាមរយៈការចូលរួមពីសង្គម

ក្នុង​ចំណោម​ផល​ប៉ះពាល់​រយៈពេល​វែង​ទាំង​អស់​ដែល​កើត​មាន​លើ​ជន​រងគ្រោះ​ដោយ​អាស៊ីដ គឺ​ផល​ប៉ះពាល់​លើ​ផ្លូវ​ចិត្ត។ ពិត​ណាស់ ការ​ថែទាំ​ផ្លូវ​ចិត្ត​ជន​រងគ្រោះ​​តាម​រយៈ​ការ​ចូលរួម​ពី​សង្គម (pyschosocial) ត្រូវ​បាន​ចាត់​ទុក​ថា ជា​ធាតុផ្សំ​ដ៏​សំខាន់​មួយ​ក្នុង​ការ​ព្យាបាល​ការ​រលាក​ ហើយ​អង្គការ​សង្គម​អន្តរជាតិ​ដើម្បី​ការ​ព្យាបាល​របួស​ដោយ​រលាក (ISBI) បាន​ផ្ដល់​ការ​ណែនាំ​មួយ​ចំនួន​សម្រាប់​ការ​ថែទាំ​ផ្លូវ​ចិត្ត​ជន​រងគ្រោះ​តាម​រយៈ​ការ​ចូលរួម​ពី​សង្គម (pyschosocial)នៅ​គ្រប់​ដំណាក់​កាល​ធូរស្បើយ​ពី​ការ​រលាក។

ការ​សិក្សា​ស្រាវជ្រាវ​ស្ដី​ពី​ការ​ធូរស្បើយ​ពី​ការ​រលាក​បាន​រក​ឃើញ​ថា ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​អាស្រ័យ​លើ​កម្រិត​នៃ​ភាព​ឈឺ​ចាប់​ដែល​ជន​រង​គ្រោះ​ជួប​ប្រទះ ហើយ​ក៏​បណ្ដាល​មក​ពី​កង្វះ​ខាត​ការ​គាំទ្រ​ពី​សង្គម​ដែរ។៤៦ ទោះ​បី​ការ​ថែទាំ​ផ្លូវ​ចិត្ត​តាម​ក្បួន​ចិត្តសាស្ត្រ​ ប្រកប​ដោយ​ជំនាញ​វិជ្ជាជីវៈ​នៅ​មិន​ទាន់​មាន​គ្រប់គ្រាន់​នៅ​ឡើយ វា​មាន​ភាព​ចាំ​បាច់​ណាស់​ក្នុង​ការ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​តម្រូវ​ការ​ផ្លូវ​ចិត្ត​របស់​ជន​រងគ្រោះ​នៅ​​គ្រប់​ដំណាក់​កាល​ទាំង​អស់​នៃ​ការ​ធូរ​ស្រាល​ពី​របួស។

ក្នុង​រយៈពេល​មធ្យម​ នៅ​ពេល​អ្នក​ជំងឺ​ស្ថិត​ក្រោម​ការ​សង្គ្រោះ​បន្ទាន់ ពួកគេ​អាច​នឹង​ស្ថិត​ក្នុង​សភាព​ភ័យ​ខ្លាច និង​ក្ដី​រន្ធត់​ខ្លាំង ដូច្នេះ​អ្នក​ជំនាញ​វេជ្ជសាស្ត្រ​​គួរ​តែ​ផ្ដោត​លើ​វិធីសាស្ត្រ​លើក​ទឹក​ចិត្ត​អ្នក​ជំងឺ ធ្វើ​ឲ្យ​អ្នក​ជំងឺ​វិល​ទៅ​រក​សភាព​ប្រក្រតី​វិញ និង​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ធូរស្រាល​ក្នុង​អារម្មណ៍។ ក្នុង​ដំណាក់​កាល​ថែទាំ​ដ៏​សំខាន់​នេះ​  ភាព​ក្ដុកក្ដួល​ក្នុង​ចិត្ត​របស់​អ្នក​ជំងឺ​អាច​នឹង​បង្ក​ឲ្យ​មាន​ជំងឺ​តានតឹង​ក្នុង​ចិត្ត​ធ្ងន់ធ្ងរ ហើយ​អាច​ត្រូវ​ការ​ឱសថ​សម្រួល​អារម្មណ៍​ ព្រម​ទាំង​ការ​ទំនុក​បម្រុង​ផ្នែក​ចិត្ត​សាស្ត្រ​ជា​បន្ត​បន្ទាប់​ទៀត។ នៅ​ដំណាក់​កាល​ចុង​ក្រោយ​ គឺ​ដំណាក់​កាល​ស្ដារ​នីតិសម្បទា​ និង​ការ​ធ្វើ​សមាហរណកម្ម​ចូល​ក្នុង​សង្គម ជន​រងគ្រោះ​អាច​ប្រឈម​នឹង​ជំងឺ​បាក់​ស្បាត ហើយ​​អង្គការ​សង្គម​អន្តរជាតិ​ដើម្បី​ការ​ព្យាបាល​របួស​ដោយ​រលាក (ISBI) ណែនាំ​ឲ្យ​មាន​កម្មវិធី​ព្យាបាល​ផ្លូវ​ចិត្ត​តាម​រយៈ​ការ​ចូលរួម​ក្នុង​សហគមន៍​ ការ​ព្យាបាល​តាម​បែប​ចិត្ត​សាស្ត្រ និង​ប្រើ​ឱសថ​ប្រឆាំង​ការ​ធ្លាក់​ទឹកចិត្ត​នៅ​ពេល​ចាំ​បាច់។៥០

ការចរាចរអាស៊ីដខ្លាំងនៅក្នុងទីផ្សារ

នៅ​ពេល​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​បាន​សាក​សួរ​អាជីវករ​លក់​អាស៊ីដ​សម្រាប់​ដាក់​អាគុយ​នៅ​តាម​ផ្សារ​ធំៗមួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ ក្រោយ​ការ​ចេញ​អនុក្រឹត្យ​ស្ដី​ពី​អាស៊ីដ​ខ្លាំង​នៅ​ឆ្នាំ២០១៣ អ្នក​លក់​ភាគ​ច្រើន​បាន​និយាយ​ថា ពួកគេ​ឈប់​លក់​អាស៊ីដ​ខ្លាំង​ទៀត​ហើយ (គិត​ត្រឹម​ពាក់​កណ្ដាល​ឆ្នាំ២០១៥)។៥១ ស្ដ្រី​ជា​អាជីវករ​ម្នាក់​បាន​ប្រាប់​ថា ក្រសួង​មហាផ្ទៃ​បាន​អញ្ជើញ​អ្នក​លក់​អាស៊ីដ​ទៅ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​មួយ​នៅ​ឆ្នាំ​២០១៣ ដែល​មាន​អ្នក​ចូល​រួម​ប្រហែល​៥០​នាក់។ អាជីវករ​រូប​នោះ​មាន​ប្រសាសន៍​ថា៖ «រដ្ឋាភិបាល​មិន​ឲ្យ​ខ្ញុំ​លក់​អាស៊ីដ​ខ្លាំង​ទេ»។៥២ អាជីវករ​មួយ​ចំនួន​បាន​លើក​ឡើង​ថា តំណាង​នៃ​ក្រសួង​មហាផ្ទៃ​បាន​ចុះ​មក​ជា​ក្រុមៗ ដែល​ក្នុង​មួយ​ក្រុម​មាន​សមាជិក​ពី​៣ទៅ៤​នាក់ ដើម្បី​ត្រួត​ពិនិត្យ​ថា តើ​នៅ​មាន​ការ​បន្ត​លក់​អាស៊ីដខ្លាំង​ត​ទៅ​ទៀត​ឬ​ទេ និង​ត្រួត​ពិនិត្យ​ថា​តើ​អាជីវករ​បាន​រក្សា​ទុក​នូវ​ឯកសារ​បញ្ជាក់​អត្ដសញ្ញាណ​របស់​អ្នក​ទិញ​អាស៊ីដ​ខ្សោយ​ឬ​ទេ។៥៣

ក្នុង​ឆ្នាំ​២០១៥ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ក៏​បាន​ចុះ​សាកសួរ​អាជីវករ​លក់​អាស៊ីដ​មួយ​ចំនួន​នៅ​ខេត្ត​កំពង់ចាម ក្បែរ​តំបន់​ចម្ការ​កៅស៊ូ។ ទោះ​បី​អាជីវករ​ខ្លះ​បាន​លើក​ឡើង​ថា សមត្ថកិច្ច​បាន​ចុះ​មក​ត្រួត​ពិនិត្យ​កំណត់​ហេតុ​របស់​អាជីវករ​អំពី​អត្តសញ្ញាណ​របស់​អ្នក​ទិញ​ក៏​ដោយ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ និង​ក្រុម​ការងារ​របស់​យើង​ក្នុង​ប្រទេស​កម្ពុជា អាច​ទិញ​អាស៊ីដ​ខ្លាំង​បាន​យ៉ាង​ងាយ​ស្រួល។ ដោយ​សារ​អ្នក​លក់​អាស៊ីដ​ជា​ច្រើន​បាន​ដឹង​អំពី​ភាព​គ្រោះ​ថ្នាក់​នៃ​អាស៊ីដ​ខ្លាំង​ ពួកគេ​មិន​បាន​លក់​អាស៊ីដ​ខ្លាំង​នោះ​ទៀត​ទេ។ ប៉ុន្តែ​ ដោយ​សារ​ការ​អនុវត្ត​ច្បាប់​នៅ​មាន​ភាព​ធូរ​រលុង​  នៅ​តាម​បណ្ដា​ខេត្ត​ ជា​ពិសេស​ខេត្ត​កំពង់​ចាម និង​ខេត្ត​ត្បូង​ឃ្មុំ ដែល​មាន​ការ​ប្រើប្រាស់​អាស៊ីដ​ក្នុង​ឧស្សាហកម្ម​កៅស៊ូ និង​ជា​ទី​ដែល​​មាន​ការ​វាយ​ប្រហារ​ដោយ​អាស៊ីដ​ច្រើន​ជាង​គេ​ អាជីវករ​មួយ​ចំនួន​ដែល​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​បាន​សម្ភាសន៍​ មិន​សូវ​មាន​ការ​យល់​ដឹង​ពី​ច្បាប់​ និង​អនុក្រឹត្យ​ស្ដី​ពី​ការ​គ្រប់គ្រង​អាស៊ីដ​ខ្លាំង​ទេ។

ខណៈ​ការ​ប្រើប្រាស់​អាស៊ីដ​ខ្លាំង ច្រើន​មាន​នៅ​តាម​ហាង​លក់​អាគុយ និង​តាម​ចំការ​កៅស៊ូ​ អាស៊ីដ​ក៏​ត្រូវ​បាន​ប្រើប្រាស់​ជា​ទូទៅ ក្នុង​ចំណោម​ជាង​មាស​ផង​ដែរ។ នៅ​ឆ្នាំ​២០១៥ ជាង​មាស​ភាគ​ច្រើន​ដែល​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​បាន​ជួប មិន​ធ្លាប់​ឮ​ពី​អនុក្រឹត្យ​នោះ​ទេ ហើយ​ជាង​មាស​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ ហ៊ាន​លក់​អាស៊ីដ​ខ្លាំង​ក្នុង​តម្លៃ​ត្រឹម​តែ​១ដុល្លារ​កន្លះ​តែប៉ុណ្ណោះ​សម្រាប់​អាស៊ីដ​មួយ​លីត្រ។ នៅ​ពេល​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​​សួរ​ជាង​មាស​ម្នាក់​ ក្នុង​ចំណោម​ជាង​មាស​ដទៃ​ទៀត​ដែល​ហ៊ាន​លក់​អាស៊ីដ​នោះ​ថា​តើ​ធ្លាប់​មាន​សមត្ថកិច្ច​ចុះ​មក​ប្រាប់​គាត់​អំពី​ច្បាប់​អាស៊ីដ​ដែរ​ឬ​ទេ ហើយ​ថា​តើ​មាន​ដឹង​អំពី​ច្បាប់​ដែល​តម្រូវ​ឲ្យ​អ្នក​លក់​ត្រូវ​​សុំ​មើល​ឯកសារ​បញ្ជាក់​អត្ដសញ្ញាណ​របស់​អ្នក​ទិញ​ដែរ​ឬ​ទេ ជាង​មាស​រូប​នោះ​គ្រាន់​តែ​សើច​ និង​គ្រវី​ក្បាល។៥៤

នៅ​ពេល​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ចុះ​ស្រាវជ្រាវ​តាម​ទី​ផ្សារ​ធំៗ​មួយ​ចំនួន​ក្នុង​ឆ្នាំ​២០១៧​ម្ដង​ទៀត ការ​អនុវត្ត​បទ​ប្បញ្ញាត្តិ​ស្ដី​ពី​ការ​គ្រប់គ្រង​អាស៊ីដ​ខ្លាំង​ ហាក់​ដូច​ជា​ មាន​ភាព​តឹងរឹងនៅ​តាម​ហាង​លក់​អាគុយ​ក្នុង​រាជធានី​ភ្នំពេញ ប៉ុន្តែ​អាស៊ីដ​ខ្លាំង​នៅ​តែ​ងាយ​ស្រួល​រក​ទិញ​បាន​នៅ​តាម​ហាង​ផ្គត់ផ្គង់​សម្ភារៈ​កែច្នៃ​គ្រឿង​អលង្ការ​នៅ​ជុំវិញ​ផ្សារ​ដែល​មាន​ជាងមាស​ប្រកប​របរ។ គ្មាន​អាជីវករ​ផ្គត់ផ្គង់​សំភារៈ​កែច្នៃ​គ្រឿង​អលង្ការ​ណា​ម្នាក់​ដែល​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​បាន​ជួប បាន​ទាមទារ​ឲ្យ​អ្នក​ទិញ​បង្ហាញ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ នៅ​ពេល​ទិញ​អាស៊ីដ​ខ្លាំង​ក្នុង​បរិមាណ​ដ៏​ច្រើន ដែល​មាន​តម្លៃ​ពី​៣៥០០​រៀល (ប្រហែល​០.៨៥​ដុល្លារ​អាមេរិក) ដល់​៥៥០០​រៀល (ប្រហែល​១.៣៥​ដុល្លារ​អាមេរិក) ក្នុង​មួយ​លីត្រ​នោះ​ទេ ហើយ​ពួកគេ​ទាំង​អស់​សុទ្ធ​តែ​បាន​និយាយ​ថា គ្មាន​អាជ្ញាធរ​ណា​ម្នាក់​បាន​ចុះ​មក​ជូន​ដំណឹង​ដល់​ពួក​គេ​អំពី​ច្បាប់​ ឬ អនុក្រឹត្យ​ស្ដី​ពី​អាស៊ីដ​ខ្លាំង​នោះ​ឡើយ។

 

II. ឧបសគ្គ​របស់​ជន​រងគ្រោះ​ក្នុង​ការ​ទទួល​បាន​សេវា​ថែទាំ​សុខភាព

បរាជ័យរបស់រដ្ឋាភិបាលក្នុងការកំណត់ និង អនុវត្តបទដ្ឋាននៃការព្យាបាលជនរងគ្រោះដោយការរលាក

យោង​តាម​អង្គការ​សុខភាព​ពិភពលោក របួស​ដោយ​សារ​ការ​រលាក​ដែល​មិន​ប៉ះពាល់​ដល់​ជីវិត គឺជា​មូលហេតុ​នាំ​មុខ​គេ​ដែល​ធ្វើ​ឲ្យ​មាន​ការ​កើត​ជំងឺ រួម​ទាំង​ការ​ស្នាក់​នៅ​មន្ទីរ​ពេទ្យ​ក្នុង​រយៈ​ពេល​យូរ ការ​បំផ្លាញ​រូបរាង​កាយ និង​ពិការភាព ដែល​ជា​រឿយៗ ធ្វើ​ឲ្យ​ជនរងគ្រោះ​រង​ការ​មើល​ងាយ និង ការ​មិន​ទទួល​ស្គាល់​ពី​សង្គម។ ក្នុង​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​កម្រិត​មធ្យម​ និង​ទាប របួស​ដោយ​សារ​ការ​រលាក​ទាំង​នោះ​គឺ​ជា​ដើម​ហេតុ​នាំ​មុខ​គេ​មួយ​នៃ​ការ​ខាតបង់​ពេលវេលា​ដោយ​សារ​ការ​រស់នៅ​ក្នុង​ពិការ​ភាព ដែល​ប៉ះពាល់​ដល់​ការ​ប្រកប​របរ​ និង​ការ​ធ្វើ​ចលនា​ប្រចាំ​ថ្ងៃ។៥៥ កម្ពុជា​ក៏​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ទាំង​នោះ​ដែរ។

ស្រប​តាម​សិទ្ធិ​ទទួល​បាន​សេវា​សុខាភិបាល​ រដ្ឋាភិបាល​កម្ពុជា​គួរតែ​កំណត់ និង​អនុវត្ត​ផែនការ ឬ គោល​នយោបាយ​ដើម្បី​ដោះស្រាយ​បញ្ហា​រលាក និង​ផល​ប៉ះពាល់​របស់​វា​មក​លើ​សុខភាព​ពលរដ្ឋ។ ច្បាប់​ស្ដី​ពី​ការ​គ្រប់គ្រង​អាស៊ីដ​ខ្លាំង​ឆ្នាំ​២០១២​របស់​កម្ពុជា តម្រូវ​ឲ្យ​រដ្ឋាភិបាល​មាន​ការ​ប្ដេជ្ញាចិត្ត​ក្នុង​ការ​ផ្ដល់​ការ​ថែទាំ​សុខភាព​ដល់​ជនរស់រាន​មាន​ជីវិត​ពី​ការ​វាយ​ប្រហារ​ដោយ​អាស៊ីដ​ខ្លាំង។ ប៉ុន្តែ អស់​រយៈពេល​៦​ឆ្នាំ​ក្រោយ​ការ​អនុម័ត​ច្បាប់​នោះ​មក​នេះ រដ្ឋាភិបាល​នៅ​តែ​មិន​ទាន់​បាន​ផ្ដល់​ការ​ណែនាំណា​មួយ​សម្រាប់​ការ​អនុវត្ត​ជាក់ស្ដែង​នៅ​ឡើយ  ដូច​ជា​ មិន​បាន​កំណត់​ពី​ប្រភេទ​នៃ​សេវា​ថែទាំ​សុខភាព​ដែល​គួរ​តែ​ផ្ដល់​ជូន​ជន​រងគ្រោះ ឬ កំណត់​ថា​តើ​សេវា​ប្រភេទ​ណា​ដែល​ច្បាប់​នោះ​គួរ​តែ​គ្របដណ្ដប់​នោះ​ទេ ដែល​ការ​នេះ​ធ្វើ​ឲ្យ​ការ​បេ្ដជ្ញាចិត្ត​របស់​រដ្ឋាភិបាល​ហាក់​គ្មាន​ខ្លឹមសារ។

ជន​រងគ្រោះ​ក្នុង​អំពើ​វាយប្រហារ​ដោយ​អាស៊ីដ ត្រូវ​ការ​ការ​យក​ចិត្ត​ទុក​ដាក់​ផ្នែក​វេជ្ជសាស្ត្រ​ជា​ញឹកញាប់​នៅ​ជា​ច្រើន​ដំណាក់​កាល​នៃ​ការ​ថែទាំ។ គ្លីនិក​នៅ​តាម​មូលដ្ឋាន​តែង​តែ​ជា​ទី​ដែល​ជន​រងគ្រោះ​ទៅ​ស្វែង​រក​សេវា​មុន​គេ ដោយ​សារ​នៅ​ក្បែរ​លំនៅ​ស្ថាន​របស់​ពួកគេ។ ទោះ​បី​គ្លីនិក​ទាំង​នោះ ប្រហែល​ជា​អាច​នឹង​ផ្ដល់​ការ​សង្គ្រោះ​បឋម​បាន​ខ្លះ​ក្ដី​—ដូច​ជា​ការ​លាង​ជម្រះ​អាស៊ីដ​ចេញ​ពី​ខ្លួន​ជន​រងគ្រោះ​ជា​ដើម—ក៏​ជា​ទូទៅ គ្លីនិក​ទាំង​នោះ​មិន​មាន​សម្ភារៈ​បរិក្ខារ​គ្រប់គ្រាន់​ក្នុង​ការ​ផ្ដល់​សេវា​សង្គ្រោះ​បន្ទាន់​ដែល​ជន​រងគ្រោះ​ត្រូវ​ការ​នោះ​ទេ។ គ្លីនិក​ទាំង​នេះ​ទំនង​ជា​មិន​មាន​ឧបករណ៍​ផ្ដល់​អុកស៊ីសែន ថ្នាំ​ផ្សះ ឬ ថ្នាំ​សម្រាល​ការ​ឈឺចាប់​គ្រប់គ្រាន់​ទេ ឬ​ ទំនង​ជា​មិន​អាច​ឆ្លើយតប​នឹង​តម្រូវ​ការ​ជន​រងគ្រោះ ក្នុង​ករណី​ស្ថានភាព​របួស​របស់​ពួកគេ​វិវត្ដន៍​ទៅ​រក​បញ្ហា​ផ្សេងទៀត​នោះ​ឡើយ។ គោលការណ៍​ក្រសួង​សុខាភិបាល​បាន​ណែនាំ​ថា មន្ទីរ​ពេទ្យ​បង្អែក​ត្រូវ​មាន​លទ្ធភាព​ផ្ដល់​ការ​ព្យាបាល​ជា​មូលដ្ឋាន​សម្រាប់​អ្នក​របួស​ពី​ការ​រលាក។ យោង​តាម​គោលការណ៍​នោះ មន្ទីរ​ពេទ្យ​បង្អែក​ត្រូវ​ផ្ដល់​សេវា​ថែទាំ​ដល់​អ្នក​ជំងឺ​ ទាំង​អ្នក​ស្នាក់​នៅ​ក្នុង​មន្ទីរពេទ្យ ទាំង​អ្នក​ដែល​មិន​ស្នាក់នៅ​ក្នុង​មន្ទីរពេទ្យ ត្រូវ​មាន​សមត្ថភាព​វះកាត់​កម្រិត​មូលដ្ឋាន មាន​កន្លែង​ធ្វើ​តេស្ត​ពិសោធន៍ព្រម​ទាំង​អាច​ផ្លល់​សេវា​ស្ដារ​នីតិសម្បទា​ដល់​អ្នក​ជំងឺ។៥៦ ទោះ​យ៉ាង​ណា ដោយ​សារ​មិន​មាន​គោលការណ៍​ជាក់លាក់​ពី​រដ្ឋាភិបាល​សម្រាប់​ការ​ថែទាំ​ជន​រងគ្រោះ​ដោយ​ការ​រលាក​ វា​ធ្វើ​ឲ្យ​មាន​ភាព​ស្រពិចស្រពិល​ថាតើ ក្នុង​ស្ថានការណ៍​ជាក់ស្ដែង ការ​ព្យាបាល​បែបណា​ខ្លះ ហើយ​ធនធាន​អ្វី​ខ្លះ​ទៀត​ដែល​មាន​សម្រាប់​បម្រើ​ឲ្យ​ការ​ព្យាបាល​ជនរងគ្រោះ​ដោយ​សារ​ការ​រលាក ក្នុង​ដំណាក់កាល​សង្គ្រោះ​បន្ទាន់​នេះ។ ជន​រងគ្រោះ​ដោយ​សារ​ការ​ជះទឹក​អាស៊ីដ​មួយ​ចំនួន​បាន​ប្រាប់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​ថា មន្ទីរពេទ្យ​បង្អែក​ប្រាប់​ពួកគេ​ថា មិន​មាន​លទ្ធភាព​ព្យាបាល​ពួកគេ​ទេ ហើយ​បាន​បញ្ជូន​ពួកគេ​ទៅ​មន្ទីរពេទ្យ​ជំនាញ​ក្នុង​រាជធានី​ភ្នំពេញ ដែល​បង្ក​ឲ្យ​មាន​ការ​ពន្យារ​ពេល​បន្ថែម​ទៀត ខណៈ​ជន​រងគ្រោះ​កំពុង​ត្រូវ​ការ​ការ​សង្គ្រោះ​បន្ទាន់។

កម្ពុជា​មាន​អង្គភាព​មួយ​ឯកទេស​ខាង​ផ្នែក​ព្យាបាល​ការ​រលាក ស្ថិត​ក្នុង​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ ដែល​ជា​មន្ទីរ​ពេទ្យ​រដ្ឋ​មួយ​ក្នុង​រាជធានី​ភ្នំពេញ។ អង្គភាព​ជំនាញ​ខាង​ព្យាបាល​ការ​រលាក​នេះ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ខែ​សីហា ឆ្នាំ​២០១៦ ដោយ​មាន​គ្រូពេទ្យ​ចំនួន​​១០​នាក់ ក្នុង​នោះ​មាន​២នាក់​ជា​អ្នក​ឯកទេស។ អង្គភាព​នេះ​មាន​សមត្ថភាព​ព្យាបាល និង​ប៉ះប៉ូវ​ស្បែក​ឡើង​វិញ (skin graft) និង​ ដំណើរ​ការ​ផ្សេងៗ​ទៀត​ដែល​សំខាន់​ក្នុង​ការ​ព្យាបាល​ការ​រលាក​ធ្ងន់ធ្ងរ។ មជ្ឈមណ្ឌល​វះកាត់​កុមារ​ក៏​មាន​បុគ្គលិក​ដែល​ទទួល​បាន​ការ​បណ្ដុះ បណ្ដាល​អំពី​ការ​ព្យាបាល​ការ​រលាក​ដែរ​ ប៉ុន្តែ​មជ្ឈមណ្ឌល​នោះ​ជា​មន្ទីរពេទ្យ​ឧបត្ថម្ភ​ដោយ​អង្គការ​ក្រៅ​រដ្ឋាភិបាល។ ដោយ​សារ​មន្ទីរ​ពេទ្យ​តែ​មួយ​គត់​ដែល​មាន​សមត្ថភាព​ផ្ដល់​ការ​ព្យាបាល​ និង​ ថែទាំ​ដល់​ជន​រងគ្រោះ​ដោយ​អាស៊ីដ​នៅ​កម្ពុជា​មាន​ទីតាំង​ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ ជន​រងគ្រោះ​រស់​នៅ​ឆ្ងាយ​ពី​ទីក្រុង​មាន​ការ​លំបាក​ខ្លាំង​ក្នុង​ការ​ទទួល​បាន​សេវា ដែល​នេះ​ឆ្លុះ​បញ្ចាំង​ពី​គម្លាត​ជា​ទូទៅ​រវាង​ប្រព័ន្ធ​សុខាភិបាល​នៅ​ទីក្រុង​ និង​នៅ​ជនបទ ក្នុង​ប្រទេស​កម្ពុជា។៥៧ សម្រាប់​ខេត្ត​កំពង់ចាម​ ដែល​ជា​ខេត្ត​មាន​អំពើ​វាយប្រហារ​ដោយ​អាស៊ីដ​កើត​ឡើង​ច្រើន​ជាង​គេ​ ជន​រងគ្រោះ​ដែល​ត្រូវ​ធ្វើ​ដំណើរ​មក​រាជធានី​ភ្នំពេញ ត្រូវ​ចំណាយ​ពេល​យ៉ាង​ហោច​ណាស់​៣ម៉ោង​ សម្រាប់​ការ​ធ្វើ​ដំណើរ​តាម​រថយន្ត​ ក្នុង​ចម្ងាយ​​ប្រមាណ​១២៧គីឡូម៉ែត្រ។

កិច្ច​សម្ភាសន៍​របស់​យើង​ជាមួយ​ជនរងគ្រោះ​ដោយ​អាស៊ីដ​បង្ហាញ​ថា កង្វះខាត​ចំណេះ​ដឹង​ការ​ផ្គត់ផ្គង់​សេវា​ថែទាំ​តាម​បែប​វេជ្ជសាស្ត្រ​ ព្រម​ទាំង​កង្វះខាត​បទដ្ឋាន​ និង​ការណែនាំ​ពី​សំណាក់​រដ្ឋាភិបាល​ក្នុង​ប្រព័ន្ធ​សុខាភិបាល​នៅ​ថ្នាក់​ក្រោម​ជាតិ នាំ​ឲ្យ​ការ​ព្យាបាល​ជន​រងគ្រោះ​ត្រូវ​ពន្យារ​ពេល​ ឬ​ ត្រូវ​បាន​មន្ទីរពេទ្យ​បដិសេធ​មិន​ព្យាបាល​ឲ្យ​តែ​ម្ដង​ ដែល​អាច​បណ្ដាល​ឲ្យ​សុខភាព​ជនរងគ្រោះ​ត្រូវ​ខូចខាត​ជា​រៀង​រហូត។

ករណី​របស់​ជន​រងគ្រោះ​ឈ្មោះ គង់ ទូច វ័យ​៥៥​ឆ្នាំ និង​ ជន​រងគ្រោះ​ឈ្មោះ សំ ប៊ុណ្ណា​រិទ្ធិ​ វ៏័យ​៤៨ឆ្នាំ ស​បញ្ជាក់​ឲ្យ​ឃើញ​ពី​បញ្ហា​ជា​ច្រើន​ដែល​ពលរដ្ឋ​រស់​នៅ​ក្រៅ​រាជធានី​ភ្នំពេញ​តែងតែ​ប្រឈម​ក្នុង​ការ​ស្វែងរក​​សេវា​សុខាភិបាល។ កាល​ពី​ព្រឹក​ព្រលឹម ថ្ងៃ​ទី១៥ ខែ​កញ្ញា ឆ្នាំ​២០១១ ខណៈ​គង់ ទូច​កំពុង​ដើរ​ទៅ​ធ្វើ​ការ​ក្នុង​ចំការ​កៅស៊ូ​មួយ​ នាង​បាន​ដឹង​ថា​មាន​មនុស្ស​កំពុង​ដើរ​តាម​ពី​ក្រោយ​នាង។ នៅ​ពេល​នាង​ងាក​ក្រោយ​ ជន​ល្មើស​ឈ្មោះ ពៅ​ កូលាប បាន​ជះ​ទឹក​អាស៊ីដ​ខ្លាំង​ចំណុះ​៥​លីត្រ​ចំ​ពី​មុខ បណ្ដាល​ឲ្យ​មុខ ក ដើម​ទ្រូង ដៃ​ទាំង​ពីរ​ សុដន់​ និង​ពោះ​របស់​នាង​ត្រូវ​រលាក​ក្នុង​កម្រិត​៣។៥៨ គ្លីនិក​នៅ​ក្បែរ​នោះ​បាន​បដិសេធ​​មិន​ផ្ដល់​ការ​សង្គ្រោះ​ដល់​គង់ ទូច ទេ ព្រោះ​មិន​មាន​ឧបករណ៍​បរិក្ខារ​ព្យាបាល​គ្រប់គ្រាន់។ ដូច្នេះ​នាង​បាន​ធ្វើ​ដំណើរ​ទៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​កំពង់​ចាម​  ដែល​នៅ​ទី​នោះ បុគ្គលិក​មន្ទីរ​ពេទ្យ​បាន​ស្វែង​រក​ជំនួយ​ពី​អង្គការ​សង្គ្រោះ​ជន​រងគ្រោះ​កម្ពុជា​ដោយ​អាស៊ីដ (CASC) ព្រោះ​មន្ទីរ​ពេទ្យ​នោះ​ក៏​មិន​មាន​ធនធាន​ ឬ ជំនាញ​គ្រប់គ្រាន់​ក្នុង​ការ​ព្យាបាល​របួស​របស់​នាង​ដែរ។ ក្រោយ​មក អង្គការ​នោះ​បាន​បញ្ជូន​ គង់ ទូច ទៅ​មជ្ឈមណ្ឌល​វះកាត់​កុមារ (CSC) ក្នុង​រាជធានី​ភ្នំពេញ ដែល​នៅ​ទី​នោះ​នាង​ទទួល​បាន​ការ​វះកាត់​ចំនួន​៧​លើក​ នៅ​ត្រង់​ភ្នែក មាត់ ក្បាល ដៃ​ទាំង​សង​ខាង និង​ដើម​ទ្រូង រួម​ទាំង​ការ​វះកាត់​ស្បែក​ជា​ច្រើន​សារ​ផង​ដែរ។ ចាប់​ពី​ពេល​នោះ​មក គង់ ទូច បាន​ធ្លាក់​ខ្លួន​ពិការ​ភ្នែក​ខាង​ស្ដាំ។៥៩

នៅ​ព្រឹក​ព្រលឹម​មួយ​ នៅ​ថ្ងៃ​ទី៣១ ខែ​ធ្នូ ឆ្នាំ​២០០៥ ភរិយា​របស់​សំ ប៊ុណ្ណា​រិទ្ធិ ដែល​មាន​ឈ្មោះ​ អៀ គីម​លី បាន​ដើរ​រក​ប្ដី​របស់​នាង​ ដែល​បាន​បាត់​ពី​ផ្ទះ​អស់​ជា​ច្រើន​យប់។ នៅ​ពេល​ប៊ុណ្ណា​រិទ្ធិ​បាន​ត្រឡប់​មក​ដល់​ផ្ទះ​វិញ នាង​បាន​ជះ​អាស៊ីដ​មួយ​ដប ដែល​ប្រើ​សម្រាប់​ដាក់​អាគុយ​មក​លើ​មុខ​របស់​ប្ដី។ ដំបូង ប៊ុណ្ណា​រិទ្ធិ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ខេត្ត​ពោធិ៍សាត់។ បុគ្គលិក​មន្ទីរពេទ្យ​នោះ​បាន​ប្រាប់​ប៊ុណ្ណារិទ្ធិ ឲ្យ​ទៅ​មន្ទីរពេទ្យ​ខេត្ត​បាត់ដំបង។ ប៊ុណ្ណា​រិទ្ធិ​បាន​ស្នាក់​នៅ​មន្ទីរ​ពេទ្យ​ខេត្តបាត់ដំបង​នោះ​អស់​រយៈពេល​៧ថ្ងៃ។ នៅ​ទី​នោះ បុគ្គលិក​មន្ទីរពេទ្យ​បាន​សម្អាត​របួស​របស់​លោក និង​ ប្រើ​ទឹកថ្នាំ​លាង​ភ្នែក (Saline Solution) មក​សម្អាត​ភ្នែក​ទាំង​ពីរ​របស់​ប៊ុណ្ណារិទ្ធិ។ ដោយ​សារ​ការ​ប្រើ​ទឹកថ្នាំ​នោះ ភ្នែក​ប៊ុណ្ណារិទ្ធិ​អាច​មើល​ឃើញ​ច្បាស់​ជា​បណ្ដោះ​អាសន្ន​ ប៉ុន្តែ​ក្រៅ​ពី​ការ​លាង​សម្អាត​ភ្នែក​នោះ លោក​មិន​ទទួល​បាន​ការព្យាបាល​ពី​អ្នក​ឯកទេស​ភ្នែក​ភ្លាមៗ​ទេ។ ប៊ុណ្ណារិទ្ធិ​បាន​ប្រាប់​ថា ដោយ​សារ​ឃើញ​ភ្នែក​របស់​លោក​នៅ​អាច​មើល​ឃើញ​ ក្រុមហ៊ុន​ធានា​រ៉ាប់រង​សុខភាព​ឯកជន​មិន​ព្រម​រ៉ាប់រង​ថ្លៃ​ព្យាបាល​ភ្នែក​របស់​លោក​បន្ថែម​ទៀត​ទេ ហើយ​មន្ទីរពេទ្យ​ក៏​លែង​ព្យាបាល​ភ្នែក​របស់​លោក​តទៅ​ទៀត ទោះ​បី​លោក​បាន​ប្រាប់​បុគ្គលិក​មន្ទីរពេទ្យ​ថា ស្ថានភាព​ភ្នែក​របស់​លោក​កាន់​តែ​ធ្ងន់ធ្ងរ​ក៏​ដោយ។ ក្រោយ​មក​ ប៊ុណ្ណា​រិទ្ធិ​បាន​ទៅ​រក​សេវា​ព្យាបាល​នៅ​គ្លីនិក​ព្យាបាល​ភ្នែក​ឯកជន​មួយ​ក្នុង​រាជធានី​ភ្នំពេញ ដែល​ពេទ្យ​នៅ​ទីនោះ​បាន​ប្រាប់​លោក​ថា «ភ្នែក​របស់​លោក​អាច​ព្យាបាល​បាន បើ​សិន​ជា​ទទួល​បាន​ការ​ព្យាបាល​ត្រឹមត្រូវ​តាំង​ពី​ដំបូង​ទី​មក ប៉ុន្តែ​នៅ​ពេល​នេះ វា​ហួស​ពេល​ហើយ»។៦០

កង្វះខាតក្នុងការជួយអ្នកជនរងគ្រោះគ្រប់គ្រងភាពឈឺចាប់

ភាព​ឈឺចាប់​គឺ​ជា​រោគ​សញ្ញា​សំខាន់​​មួយ​ដែល​ជន​រង​គ្រោះ​ដោយ​សារ​អាស៊ីដ​ត្រូវ​ប្រឈម—ជា​ពិសេស​ក្នុង​ដំណាក់​កាល​ដំបូង និង​ពេល​ចាប់​ផ្ដើម​ធូរ​ស្បើយ—ហើយ​អាច​ជា មូលហេតុ​ចម្បង​នាំ​ឲ្យ​ជន​រងគ្រោះ​មាន​ទុក្ខ​ខ្លាំង។៦១ លើស​ពី​នេះ​ទៅ​ទៀត ភាព​ឈឺចាប់​ធ្ងន់ធ្ងរ និង រ៉ាំរ៉ៃ​ អាច​ធ្វើ​ឲ្យ​លទ្ធភាព​របស់​ជន​រងគ្រោះ​ក្នុង​ការ​ប្រកប​របរ​ចិញ្ចឹម​ជីវិត ឬ សូម្បី​ការ​ធ្វើ​ចលនា​ប្រចាំ​ថ្ងៃ​ត្រូវ​ចុះ​ខ្សោយ។

បទ​សម្ភាសន៍​របស់​យើង​ជាមួយ​អ្នក​ជំនាញ​បង្ហាញ​ថា ការ​គ្រប់គ្រង​ភាព​ឈឺចាប់​របស់​ជនរងគ្រោះ​ឲ្យ​បាន​ត្រឹមត្រូវ កម្រ​មាន​ណាស់​នៅ​កម្ពុជា។ នេះ​ជា​បញ្ហា​ដែល​ប៉ះពាល់​មិន​ត្រឹមតែ​ជន​រងគ្រោះ​ដោយ​អាស៊ីដ​ទេ តែ​ក៏ជា​បញ្ហាប៉ះពាល់​ដល់​ពលរដ្ឋ​កម្ពុជា​ស្ថិត​ក្នុង​ស្ថានភាព​ជំងឺ​ដែល​បង្ក​ភាព​ឈឺ​ចាប់​ផ្សេង​ទៀត​ផង​ដែរ។ ក្នុង​សិក្ខាសាលា​មួយ​ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០១៨ អង្គការ​ឈឺចាប់​គ្មាន​ព្រំដែន (Douleurs Sans Frontieres/Pain Without Borders) និង​ក្រសួង​សុខាភិបាល​កម្ពុជា បាន​រាយការណ៍​ថា ៨០​ភាគរយ​នៃ​ពលរដ្ឋ​កម្ពុជា​ទាំង​អស់​ដែល​មាន​ជំងឺ​គំរាម​កំហែង​ដល់​អាយុ​ជីវិត បាន​ទទួល​រង​នូវ​ការ​ឈឺចាប់​ធ្ងន់ធ្ងរ​ ដែល​អាច​បញ្ចៀស​បាន​ដោយ​ការ​ប្រើ​ឱសថ។៦២

ភាព​ចន្លោះ​ប្រហោង​ក្នុង​ការ​ផ្ដល់​ការ​ថែទាំ​សុខភាព​ដល់​ពលរដ្ឋ​មាន​ជំងឺ​ដែល​គំរាម​កំហែង​ដល់​ដល់​ជីវិត​នេះ​នៅ​ប្រទេស​កម្ពុជា គឺ​ភាគ​ច្រើន​ដោយ​សារ​តែ​កង្វះខាត​ឱសថ​បន្ថយ​ការ​ឈឺចាប់​ និង​ ការ​រឹតត្បិត​ខ្លាំង​លើ​ការ​ចេញ​វេជ្ជបញ្ជា​ផ្ដល់​ថ្នាំ​ប្រភេទ​នេះ​ដល់​អ្នក​ជំងឺ។ បរិមាណ​ជា​មធ្យម​ដែល​ថ្នាំ​ប្រភេទ​នេះ​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ប្រទេស​កម្ពុជា​ចន្លោះ​ពី​ឆ្នាំ២០១១ ដល់​២០១៣ គឺ​គ្រប់គ្រាន់​សម្រាប់​តែ​ព្យាបាល​ពលរដ្ឋ​១០​ភាគរយ​នៃ​អ្នក​ដែល​មាន​ជំងឺ​មហារីក​ដំណាក់​កាល​ចុងក្រោយ និង​អ្នក​មាន​ជំងឺ​អេដស៍​ដែល​ស្ថិត​ក្នុង​ដំណាក់​កាល​ឈឺ​ចាប់​ពី​កម្រិត​មធ្យម​ទៅ​កម្រិត​ខ្លាំង​ប៉ុណ្ណោះ។៦៣ ការ​សិក្សា​ស្រាវជ្រាវ​មួយ​ក្នុង​ឆ្នាំ២០១១​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ បាន​រក​ឃើញ​ថា កម្ពុជា​មាន​បទ​ប្បញ្ញត្តិ​តឹងតែង​បំផុត​លើ​ការ​គ្រប់គ្រង​ឱសថ​បន្ថយ​ការ​ឈឺចាប់​  ធៀប​នឹង​បណ្ដា​ប្រទេស​១១​ផ្សេង​ទៀត​ក្នុង​តំបន់​អាស៊ី​ដែល​ត្រូវ​បាន​សិក្សា។ បទ​ប្បញ្ញត្តិ​នៅ​កម្ពុជា​តម្រូវ​ឲ្យ​វេជ្ជបណ្ឌិត​មាន​អាជ្ញាប័ណ្ណ​ ឬ​ លិខិត​អនុញ្ញាត​ពិសេស​មួយ ដើម្បី​អាច​ចេញ​វេជ្ជបញ្ជា​ផ្ដល់​ថ្នាំ​បន្ថយ​ការ​ឈឺចាប់​ម័រហ្វីន​ (Morphine)​ ដល់​អ្នក​ជំងឺ តម្រូវ​ឲ្យ​មាន​គ្រូពេទ្យ​ច្រើន​ចុះ​ហត្ថលេខា​យល់​ព្រម​ចេញ​វេជ្ជបញ្ជា​នីមួយៗ​សម្រាប់​ថ្នាំ​ប្រភេទ​នេះ និង​ដាក់​កំហិត​ថា វេជ្ជបញ្ជា​នីមួយៗ​មាន​សុពលភាព​តែ​ក្នុង​រយៈពេល​៧​ថ្ងៃ​ប៉ុណ្ណោះ។៦៤

ក្នុង​រយៈកាល​៧​ឆ្នាំ​ក្រោយ​ការ​សិក្សា​នោះ​មក លទ្ធភាព​របស់​អ្នក​ជំងឺ​ក្នុង​ការ​ទទួល​បាន​ថ្នាំ​បន្ថយ​ការ​ឈឺចាប់​សឹង​តែ​គ្មាន​អ្វី​ប្រសើរ​ឡើង​ទាល់​តែ​សោះ​នៅ​កម្ពុជា ហើយ​ការ​ដាក់​កំហិត​តឹងតែង​លើ​ការ​ចេញ​វេជ្ជបញ្ជា​នៅ​តែ​បន្ត​កើត​មាន។ ការ​រឹតត្បិត​ដែល​ជា​បញ្ហា​សំខាន់​បំផុតនោះ គឺ​ការ​ដាក់​កំហិត​ថា វេជ្ជ​បញ្ជា​ឲ្យ​ប្រើ​ថ្នាំ​បន្ថយ​ការ​ឈឺចាប់​ម័រហ្វីន (Morphine) មាន​សុពលភាព​តែ​៧​ថ្ងៃ។ ការ​កំណត់​រយៈពេល​បែប​នេះ រួម​ផ្សំ​នឹង​ការ​ដែល​ថ្នាំ​នេះ​អាច​រក​បាន​តែ (ក្នុង​បរិមាណ​បន្ដិច​បន្តួច) ក្នុង​រាជធានី​ភ្នំពេញ​ទៀត​ បាន​បង្ក​ឧបសគ្គ​ជា​ច្រើន​ដល់​អ្នក​ជំងឺ​នៅ​តាម​ជនបទ​ដែល​ត្រូវ​ការ​ប្រើ​ថ្នាំ​ប្រភេទ​នេះ។ គិត​ត្រឹម​ពេល​ចងក្រង​របាយ​ការណ៍​ គ្មាន​មន្ទីរពេទ្យ​រដ្ឋ​ណាមួយ​ដែល​ស្ថិត​នៅ​ក្រៅ​រាជធានី​ភ្នំពេញ មាន​ថ្នាំគ្រាប់​ម័រហ្វីន​ទុក​ក្នុង​មន្ទីរពេទ្យ​ឡើយ។៦៥ សម្រាប់​អ្នក​ក្រ​នៅ​តាម​ទី​ជនបទ ការ​ចេញ​ថ្លៃ​ព្យាបាល​ពី​ហោប៉ៅ​ខ្លួន​ឯង​ បូក​ផ្សំ​នឹង​ការ​ចំណាយ​លើ​ថ្លៃ​ធ្វើ​ដំណើរ​ទៅ​មក​ភ្នំពេញ​ទៀត អាច​ជា​បន្ទុក​ចំណាយ​ដ៏ធំធេង ដែល​រាំងស្ទះ​ដល់​លទ្ធភាព​របស់​ពួកគេ​ក្នុង​ការ​ទទួល​បាន​ថ្នាំ​បន្ថយ​ការ​ឈឺចាប់ ជា​ពិសេស​នៅ​ពេល​ពួកគេ​ត្រូវ​ធ្វើ​ដំណើរ​ជា​ច្រើន​ដង​នៅ​រៀងរាល់​៧​ថ្ងៃ​ម្ដង។  សូម្បី​តែ​នៅ​រាជធានី​ភ្នំពេញ ថ្នាំ​ម័រហ្វីន (morphine) នៅ​មាន​តិចតួច​នៅ​ឡើយ ហើយ​ចំពោះ​ថ្នាំ​គ្រាប់​ មាន​តែ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-សូវៀត​ ឬ ពេទ្យ​រូស្ស៊ី និង​មន្ទីរពេទ្យ​កាល់ម៉ែត​តែ​ប៉ុណ្ណោះ។ មន្ទីរពេទ្យ​ព្រះ​កុសុមៈ ដែល​ជា​មន្ទីរពេទ្យ​រដ្ឋ​តែ​មួយ​គត់​ដែល​មាន​ផ្នែក​ជំនាញ​ខាង​ព្យាបាល​ការ​រលាក​នោះ មិន​មាន​ថ្នាំ​គ្រាប់​ម័រហ្វីន​រក្សា​ទុក​ទេ។ ចំណែក​ថ្នាំ​ម័រហ្វីន​នៅ​មន្ទីរពទ្យ​មិត្តភាព​ខ្មែរ-សូវៀត និង​មន្ទីរពេទ្យ​កាល់ម៉ែត​ បាន​អស់​ពី​ស្តុក​ ក្នុង​អំឡុង​ពី​ខែ​តុលា ឆ្នាំ​២០១៧ ដល់​ខែ​កក្កដា ឆ្នាំ​២០១៨។

គោលការណ៍​សម្រាប់​ការ​ពិនិត្យ និង​ព្យាបាលការ​រលាក​នៃ​អង្គការ​ថ្នាំ​ពេទ្យ​គ្មាន​ព្រំដែន (Medicins Sans Frontieres) ផ្ដល់​ការ​ណែនាំ​ឲ្យ​ប្រើ​ថ្នាំ​ម័រហ្វីន​សម្រាប់​កាត់​បន្ថយ​ការ​ឈឺចាប់​កម្រិត​មធ្យម និង​ កម្រិត​ធ្ងន់​ និង​សម្រាប់​បន្ថយ​ការ​ឈឺចាប់​ក្នុង​ដំណាក់​កាល​របួស​ចាប់ផ្ដើម​ធូរ​ស្បើយ ព្រមទាំង​ការ​ឈឺចាប់​ភ្លាមៗ​ក្នុង​អំឡុង​ពេល​រុំ​របួស និង​ពេល​ព្យាបាល​ដោយ​ការ​ធ្វើ​លំហាត់​ប្រាណ​រាងកាយ (physiotherapy)។៦៦ ដោយ​សារ​ថ្នាំ​ម័រហ្វីន​ និង​កូដេអ៊ីន ស្ថិត​ក្នុង​បញ្ជី​ឈ្មោះ​ថ្នាំ​ចាំ​បាច់​កំណត់​ដោយ​អង្គការ​សុខភាព​ពិភពលោក គ្រប់​ប្រទេស​ទាំង​អស់​ចាំ​បាច់​ត្រូវ​ផ្ដល់​ថ្នាំ​ទាំង​នេះ​ដល់​អ្នក​ជំងឺ ជា​ផ្នែក​មួយ​នៃ​កាតព្វកិច្ច​របស់​រដ្ឋ​ក្នុង​ការ​ធានា​នូវ​សិទ្ធិ​ទទួល​បាន​ការ​ថែទាំ​សុខភាព​ដល់​ពលរដ្ឋ។៦៧ លើស​ពី​នេះ​ទៅ​ទៀត រដ្ឋាភិបាល​កម្ពុជា​មាន​កាតព្វកិច្ច​ធានា​ថា ថ្នាំ​ទាំង​ពីរ​នេះ​ស្ថិត​ក្នុង​បរិមាណ​គ្រប់គ្រាន់​ ដែល​អាច​ផ្គត់ផ្គង់​តម្រូវ​ការ​ជាក់​ស្ដែង​របស់​ពលរដ្ឋ និង​ស្ថិត​ក្នុង​តម្លៃ​ដែល​ពលរដ្ឋ​មាន​លទ្ធភាព​ទិញ​បាន រួម​ទាំង​ពលរដ្ឋ​ដែល​រស់នៅ​ឆ្ងាយ​ពី​ទីក្រុង​ផង​ដែរ និង​ជា​ពិសេស​ក្រុម​ពលរដ្ឋ​ងាយ​រងគ្រោះ ឬ​ ពលរដ្ឋ​ដែល​រង​ការ​រើស​អើង​ពី​សង្គម។៦៨ អស់​រយៈពេល​៥​ឆ្នាំ​កន្លង​ទៅ​ហើយ​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ឆ្នាំ​២០១៣ - ២០២០ ស្ដី​ពី​ការ​បង្ការ​ទប់ស្កាត់​ និង​គ្រប់គ្រង​ជំងឺ​មិន​ឆ្លង ដែល​ក្នុង​នោះ​បាន​ដាក់​បញ្ចូល​ការ​បង្កើន​លទ្ធភាព​ទទួល​បាន​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ក្នុង​ការ​ព្យាបាល​ ទៅ​ក្នុង​គោល​ដៅ​ជា​អាទិភាព​មួយ ក្នុង​ចំណោម​គោលដៅ​អាទិភាព​ទាំង​៤​របស់​ខ្លួន។៦៩ ចំណាត់​ការ​ក្នុង​ការ​ឈាន​ទៅ​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​ទាំងនោះ រួម​មាន​ ការបង្កើន​ការ​ផ្គត់ផ្គង់​ថ្នាំ​បន្ថយ​ការ​ឈឺចាប់​កម្រិត​ខ្លាំង​បំផុត​ (palliative medicines) ព្រម​ទាំង​ថ្នាំ​បំបាត់​ការ​ឈឺចាប់​កម្រិត​មធ្យម​ទៅ​ខ្លាំង (opioid analgesics)។៧០ទោះ​យ៉ាង​នេះ​ក្ដី នា​ពេល​បច្ចុប្បន្ន​ ថវិកា​ជាតិ​សម្រាប់​វិស័យ​សុខាភិបាល​មិន​មាន​ខ្ទង់​ចំណាយ​សម្រាប់​ការ​ផ្ដល់​ការ​ថែទាំ​ដល់​អ្នក​ជំងឺ​ដែល​មាន​ការ​ឈឺចាប់​ខ្លាំង​ទេ ចំណែក​ឯ​បទ​ប្បញ្ញត្តិ​គ្រប់គ្រង​ថ្នាំ​កាត់​បន្ថយ​ការ​ឈឺចាប់​នៅ​តែ​មាន​លក្ខណៈ​រឹតត្បិត​ខ្លាំង​ដដែល​ចាប់​តាំង​ពី​ឆ្នាំ​២០០៨​មក។៧១

កង្វះខាតនៃសេវាព្យាបាលផ្លូវចិត្តតាមបែបចិត្តសាស្ត្រ  និងការព្យាបាលតាមរយៈការចូលរួមក្នុងសង្គម

ជន​រស់រាន​មាន​ជីវិត​ពី​អំពើ​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីដ​ជា​ច្រើន​នាក់​ដែល​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​បាន​ជួប​សម្ភាសន៍​បាន​លើក​ឡើង​ថា ពួកគេ​ធ្លាប់​គិត​ចង់​បញ្ចប់​ជីវិត​ខ្លួន​ឯង​ ទោះ​បី​ការ​វាយ​ប្រហារ​ដែល​កើត​មាន​លើ​ពួកគេ​បាន​កន្លង​ផុត​ទៅ​អស់​ជា​ច្រើន​ឆ្នាំ​ហើយ​ក៏​ដោយ។ ជន​រង​គ្រោះ​ម្នាក់​ឈ្មោះ​ស្រីមុំ និយាយ​ថា៖ «ខ្ញុំ​មិន​ចង់​រស់​ទេ។ ខ្ញុំ​ចង់​ស្លាប់។ តែ​ដើម្បី​កូន​ស្រី ខ្ញុំ​ក៏​ខំ​រស់​បន្ត​ទៀត ព្រោះ​ខ្ញុំ​ស្រឡាញ់​កូន​ខ្លាំង​ណាស់។»៧២ សម្រាប់​ជន​រង​គ្រោះ​មួយ​ចំនួន​ ភាព​បាក់​ស្បាត​ក្នុង​រយៈពេល​ជា​ច្រើន​ខែ​ក្រោយ​មក​ និង​ ពេលខ្លះ​អាច​ដល់​ជា​ច្រើន​ឆ្នាំ អាច​ធ្វើ​ឲ្យ​ពួក​គេ​ចុះ​ខ្សោយ​ជា​លំដាប់។

ជា​ទូទៅ នៅ​កម្ពុជា​ ការ​ផ្ដល់​សេវា​ថែទាំ​ផ្លូវ​ចិត្ត​តាម​បែប​ចិត្តសាស្ត្រ​ និង​ ការ​ថែទាំ​តាមរយៈ​ការ​ចូលរួម​ក្នុង​សង្គម​ ឲ្យ​បាន​គ្រប់គ្រាន់​ដល់​ជន​រងគ្រោះ​នៅ​មាន​ភាព​ខ្វះខាត​នៅ​ឡើយ។ នៅ​មុន​ការ​បោះឆ្នោត​ឆ្នាំ​១៩៩៣ សេវា​ទាំង​នោះ​មិន​មាន​ទាល់​តែ​សោះ​តែ​ម្ដង​។៧៣ គិត​ត្រឹម​ឆ្នាំ​២០១៥ អ្នក​ជំនាញ​ផ្នែក​ចិត្ត​សាស្ត្រ​ដែល​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​មាន​ត្រឹម​តែ​៤៩នាក់​ប៉ុណ្ណោះ ក្នុង​នោះ​មាន​១០នាក់​ប៉ុណ្ណោះ​បំពេញ​ការងារ​នៅ​តាម​បណ្ដា​ខេត្ត​ ហើយ​​គិលានុបដ្ឋាក​ផ្នែក​ចិត្ត​សាស្ត្រ​មាន​ចំនួន​តែ​៤៥នាក់​ប៉ុណ្ណោះ​នៅ​ទូទាំង​ប្រទេស ខណៈ​ចំនួន​ប្រជាជន​សរុប​មាន​រហូត​ដល់​ជាង​១៥​លាន​នាក់។៧៤ លទ្ធភាព​របស់​ជន​រងគ្រោះ​ដោយ​អាស៊ីដ ក្នុង​ការ​ទទួល​បាន​សេវា​ព្យាបាល​ផ្លូវ​ចិត្ត​តាម​រយៈ​ការ​ចូលរួម​ក្នុង​សង្គម (psychosocial) ក៏​គ្មាន​អ្វី​ប្រសើរ​ជាង​លទ្ធភាព​ទទួល​បាន​សេវា​ព្យាបាល​តាម​បែប​ចិត្តសាស្ត្រ​ដែរ។ បច្ចុប្បន្ន​នេះ កម្ពុជា​ពុំ​ទាន់​មាន​សេវា​ព្យាបាល​ផ្លូវ​ចិត្ត​តាម​រយៈ​ការ​ចូល​រួម​ក្នុង​សង្គម ដែល​ផ្ដល់​ដោយ​រដ្ឋាភិបាល​ដល់​ជន​រងគ្រោះ​ដោយ​អាស៊ីដ​នៅ​ឡើយ។

ជន​រងគ្រោះ​ឈ្មោះ សំ ប៊ុណ្ណា​រិទ្ធិ​ វ័យ​៤៨​ឆ្នាំ​ បាន​ប៉ុនប៉ង​ធ្វើ​អត្តឃាត​ជា​ច្រើន​ដង​ ក្រោយ​រង​ការ​វាយ​ប្រហារ។ ប៊ុណ្ណារិទ្ធិ បាន​ប្រាប់​ថា៖ «យប់​មួយ​ នៅ​ពេល​ខ្ញុំ​កំពុង​ស្នាក់​នៅ​ផ្ទះ​បងស្រី​ខ្ញុំ​ ក្នុង​ស្រុក​កំណើត ខ្ញុំ​បាន​រង់​ចាំ​រហូត​ដល់​ពេល​យប់​ស្ងាត់ រួច​លប​ចេញ​ទៅ​ខាង​ក្រៅ​ផ្ទះ​ ដោយ​យក​ក្រមា​មួយ​តាម​ខ្លួន បម្រុង​ទៅ​រក​ដើមឈើ​ចងក​បញ្ចប់​ជីវិត​ខ្លួន​ឯង។» ដោយ​សារ​ធ្លាក់​ខ្លួន​ពិការ​ភ្នែក​ទាំង​ស្រុង ប៊ុណ្ណារិទ្ធិ បាន​ដើរ​រាវរក​ដើមឈើ​អស់​ពេញ​មួយ​យប់ ហើយ​រក​ផ្លូវ​ត្រលប់​ទៅ​ផ្ទះ​វិញ​ក៏​មិន​ឃើញ។  លោក​បាន​បន្ត​ថា៖  «នៅ​ពេល​បង​ស្រី​ខ្ញុំ​តាម​រក​ខ្ញុំ​ឃើញ គាត់​យំ ព្រោះ​គាត់​គិត​ថា ខ្ញុំ​ព្យាយាម​សម្លាប់​ខ្លួន។ ខ្ញុំ​មិន​ចង់​ឲ្យ​គាត់​បារម្ភ​ពី​ខ្ញុំ​ទេ ដូច្នេះ​ខ្ញុំ​ក៏​កុហក​គាត់​ថា​អត់​មាន​ចង់​សម្លាប់​ខ្លួន​ទេ​ … ប៉ុន្តែ​តាម​ពិត បើ​សិន​ជា​យប់​នោះ​ខ្ញុំ​រក​ដើមឈើ​ឃើញ​ ខ្ញុំ​ប្រាកដ​ជា​ចង​ក​សម្លាប់​ខ្លួន​មែន​ហើយ។» ពីរ​ថ្ងៃ​ក្រោយ​មក កូន​ប្រុស​របស់​ប៊ុណ្ណារិទ្ធិ​បាន​ប្រទះ​ឃើញ​ប៊ុណ្ណារិទ្ធិ​កំពុង​ព្យាយាម​សម្លាប់​ខ្លួន​ ដោយ​យក​ក្រមា​ចង​ក​នឹង​របា​ដែក​មួយ។៧៥

ស្ទើរ​តែ​គ្រប់​ជន​រងគ្រោះ​ដោយ​អាស៊ីដ​ទាំង​អស់​ដែល​យើង​បាន​ជួប​សម្ភាសន៍​ បាន​រៀបរាប់​ពី​អារម្មណ៍​តប់​ប្រមល់​ក្នុង​ចិត្ត​ខ្លាំង​ជា​ប្រចាំ ការ​យល់សប្ដិ​អាក្រក់ និង​អារម្មណ៍​ភ័យ​ខ្លាច​នៅ​ពេល​ដើរ​ម្នាក់​ឯង​នៅ​ពេល​យប់។ ជន​រងគ្រោះ​ជា​ច្រើន​បាន​ពឹងផ្អែក​លើ​ការ​ជួបជុំ​ជា​ទៀងទាត់​ជាមួយ​ក្រុម​ជួយ​សង្គ្រោះ​ដែល​រៀបចំ​ដោយ​អង្គការ​ជួយ​សង្គ្រោះ​ជន​រងគ្រោះ​កម្ពុជា​ដោយ​សារ​អាស៊ីដ​ ដោយ​បាន​ប្រមូល​ផ្ដុំ​ជន​រងគ្រោះ​ដោយ​សារ​អាស៊ីដ​នៅ​ទូទាំង​ប្រទេស​ឲ្យ​បាន​ជួបជុំ​គ្នា។ អង្គការ​នេះ​ថែម​ទាំង​បាន​ជួយ​ឲ្យ​ជន​រងគ្រោះ​បាន​ជួប​ជាមួយ​អ្នក​ជំនាញ​សង្គម​កិច្ច​ ហើយ​បាន​ផ្ដល់​សេវា​ប្រឹក្សា​ផ្លូវ​ចិត្ត​ ទៅ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន។ ក្រោយ​ពេល​អង្គការ​នេះ​ត្រូវ​បាន​បញ្ឈប់​ដំណើរ​ការ​ទាំង​ស្រុង​មក ការ​ជួបជុំ​ដូច​កាល​កន្លង​ទៅ ក៏​លែង​មាន​ត​ទៅ​ទៀត​ ហើយ​ជន​រងគ្រោះ​ត្រូវ​ទ្រាំ​រស់​នៅ​ជាមួយ​ជំងឺ​តប់​ប្រមល់​ក្នុង​ចិត្ត ដោយ​មិន​មាន​លទ្ធភាព​ទទួល​បាន​សេវា​ថែទាំ​តាម​បែប​ចិត្តសាស្ត្រ​នានា​ដែល​ពួកគេ​ត្រូវ​ការ​ជា​ចាំ​បាច់​ត​ទៅ​ទៀត​ឡើយ។

ការរ៉ាប់រងថ្លៃព្យាបាលដោយខ្លួនឯង និងត្រូវបានមន្ទីរពេទ្យបដិសេធមិនព្យាបាលឲ្យ

ប្រទេស​កម្ពុជា​មិន​មាន​ប្រព័ន្ធ​ធានា​រ៉ាប់រង​ការ​ថែទាំ​សុខភាព​សម្រាប់​ពលរដ្ឋ​ទូទៅ​នោះ​ទេ។ ការ​ចេញ​លុយ​ហោប៉ៅ​ខ្លួន​ឯង​ក្នុង​ការ​ព្យាបាល​គឺ​ជា​បញ្ហា​រួម​ដែល​ពលរដ្ឋ​កម្ពុជា​តែងតែ​ប្រឈម ដែល​នេះ​បង្ក​ជា​បន្ទុក​យ៉ាង​ធ្ងន់ធ្ងរ​លើ​ពលរដ្ឋ​ក្រីក្រ។ របាយការណ៍​ឆ្នាំ​២០១៥​របស់​អង្គការ​សុខភាព​ពិភពលោក ដែល​វាយ​តម្លៃ​ប្រព័ន្ធ​សុខាភិបាល​កម្ពុជា បាន​រក​ឃើញ​ថា៖ «ការ​ចំណាយ​លើ​សុខភាព​ដោយការ​ប្រើ​លុយ​ហោប៉ៅ​ខ្លួន​ឯង​ ដែល​មាន​យ៉ាង​ច្រើន​លើសលប់​នៅកម្ពុជា​នៅ​តែ​ជា​ឧបសគ្គ​ចម្បង​មួយ​ដែល​រាំងស្ទះ​ដល់​លទ្ធភាព​ទទួល​បាន​សេវា​សុខាភិបាល​ ជា​ពិសេស​ក្នុង​ចំណោម​ពលរដ្ឋ​ក្រីក្រ​ និង​ពលរដ្ឋ​ងាយ​រងគ្រោះ​ ហើយ​ធ្វើ​ឲ្យ​ពលរដ្ឋ​ស្ថិត​ក្នុង​ហានិភ័យ​នៃ​ការ​ធ្លាក់​ចូល​ក្នុង​ភាព​ក្រីក្រ។»៧៦ទោះ​បី​ជា​ច្បាប់​ស្ដី​ពី​អាស៊ីដ​ខ្លាំង​ចែង​ថា គ្រប់​គ្រឹះស្ថាន​ព្យាបាល​សាធារណៈ​ទាំងអស់​ត្រូវ​«ផ្ដល់​ការ​សង្គ្រោះ​ និង​ ការ​ព្យាបាល​ជន​រងគ្រោះ​ដោយ​សារ​អាស៊ីដ​ខ្លាំង​ ដោយ​ឥត​គិត​ថ្លៃ»ក៏​ដោយ ក៏​បុគ្គលិក​មន្ទីរពេទ្យ​ទាំង​អស់​ដែល​យើង​បាន​សម្ភាសន៍​សុទ្ធ​តែ​និយាយ​ថា ជន​រងគ្រោះ​នៅ​តែ​ត្រូវ​បង់​លុយ​ ហើយ​គ្មាន​បុគ្គលិក​ណា​ម្នាក់​និយាយ​ថា ខ្លួន​បាន​ដឹង​ពី​មាត្រា​ក្នុង​ច្បាប់​ស្ដី​ពី​អាស៊ីដ​ដែល​តម្រូវ​អោយ​ផ្ដល់​ការ​សង្គ្រោះ​និង​ព្យាបាល​ដោយ​ឥត​គិត​ថ្លៃ​ដល់​ជន​រងគ្រោះ​ដោយ​សារ​អាស៊ីដ​ឡើយ។ នៅ​ឆ្នាំ​២០១៧ សូម្បី​ប្រធាន​ក្រុម​វេជ្ជបណ្ឌិត​ផ្នែក​ព្យាបាល​ការ​រលាក​នៃ​មន្ទីរពេទ្យ​ព្រះ​កុសមៈ​—ដែល​ជា​មន្ទីរពេទ្យ​ធំ​ជាង​គេ​បង្អស់​ និង​ជា​មន្ទីរពេទ្យ​តែ​មួយ​គត់​ដែល​មាន​ផ្នែក​ព្យាបាល​ការ​រលាក—ក៏​មិន​បាន​ដឹង​ពី​ការ​ចែង​ក្នុង​ច្បាប់​ស្ដី​ពី​អាស៊ីដ​ខ្លាំង​ដែរ។៧៧ គ្មាន​ជនរងគ្រោះ​ណាម្នាក់​ដែល​យើង​បាន​ជួប​សម្ភាសន៍​ និយាយ​ថា ពួកគេ​ធ្លាប់​ទទួល​បាន​សេវា​ព្យាបាល​ដោយ​ឥត​បង់​ថ្លៃ​ពី​មន្ទីរពេទ្យ​រដ្ឋ​នោះ​ឡើយ។

នៅ​ថ្ងៃទី​១ ខែ​មករា ឆ្នាំ​២០១៧ ប្រាំ​មួយ​ខែ​បន្ទាប់​ពី​ សា សុខា វ័យ​១៨​ឆ្នាំ និង គា សំណាង វ័យ​២២​ឆ្នាំ បាន​ភ្ជាប់​ពាក្យ​នឹង​គ្នា​ អ្នក​ទាំង​ពីរ​បាន​ក្លាយ​ជា​ជន​រងគ្រោះ​ក្នុង​អំពើ​វាយ​ប្រហារ​ដោយ​អាស៊ីដ។ អតីត​មិត្ត​ស្រី​របស់​សំណាង បាន​ស្រោច​ទឹក​អាស៊ីដ​លើ​ក្បាល​របស់​សុខា ហើយ​អាស៊ីដ​នោះ​បាន​ខ្ទាត​ដល់​សំណាង​ដែរ។ ពូ​របស់​សំណាង​បាន​ប្រញាប់​ប្រញាល់​បញ្ជូន​អ្នក​ទាំង​ពីរ​តាម​ម៉ូតូ​ទៅ​គ្លីនិក​ឯកជន​មួយ​ដែល​នៅ​ជិត​បំផុត។ ដំបូង​ឡើយ​ គ្រួសារ​របស់​សំណាង​បាន​បង់​១០០​ដុល្លារ​អាមេរិក​សម្រាប់​ថ្លៃ​សង្គ្រោះ​បឋម​នៅ​គ្លីនិក​នោះ ប៉ុន្តែ​ដោយ​សារ​មិន​មាន​លទ្ធភាព​បង់​ថ្លៃ​សេវា​បន្ថែម​ទៀត គ្រួសារ​សំណាង​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​រាជធានី​ភ្នំពេញ​ដើម្បី​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ។

ជន​រងគ្រោះ​ទាំង​ពីរ​បាន​ចំណាយ​ពេល​អស់​ជិត​២ខែ សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ។ សំណាង​ទទួល​បាន​ការ​វះកាត់​ចំនួន​៤លើក រីឯ​សុខា​ទទួល​បាន​ការ​វះកាត់​ចំនួន​មួយ​លើក។ សំណាង​បាន​និយាយ​ថា៖ «គ្មាន​ការ​ព្យាបាល​ដោយ​ឥត​គិត​ថ្លៃ​នោះ​ទេ។ រាល់​ពេល​គ្រូពេទ្យ​បូម​ឈាម​ ឲ្យ​ថ្នាំ អ្វី​ក៏​ដោយ​ ពួកគេ​គិត​លុយ​រហូត។»៧៨ ចំណែក​សុខា​វិញ​ បាន​ពន្យល់​ថា នាង​ និង សំណាង​ ត្រូវ​ខ្ចី​លុយ​សាច់ញាតិ​ក្នុង​អត្រា​ការប្រាក់​ដ៏​ខ្ពស់​មក​ទូទាត់​ថ្លៃ​ព្យាបាល។ សុខា ដែល​ធ្លាប់​ធ្វើ​ជា​នារី​របាំ​អប្សរា បាន​ប្រាប់​ថា នាង​បាន​បាត់បង់​ការងារ​ ក្រោយ​ពី​រង​ការ​វាយ​ប្រហារ​នោះ​មក​។ នាង​និយាយថា៖ «ខ្ញុំ​លែង​ស្អាត​ទៀត​ហើយ។»៧៩ បច្ចុប្បន្ន​ សុខា ប្រកប​របរ​ជា​អ្នក​គិត​លុយ​នៅ​ផ្សារ​មួយ​ ដែល​ស្ថិត​នៅ​តាម​ផ្លូវ​ក្នុង​រាជធានី ហើយ​នាង​លែង​មាន​លទ្ធភាព​ទៅ​រៀន​ទៀត​ហើយ។ នាង​បាន​រៀបរាប់​ប្រាប់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ថា៖ «ខ្ញុំ​បាន​បាត់បង់​អ្វីៗ​អស់​ហើយ។ ទាំង​ពេល​វេលា ទាំង​ការងារ ទាំង​ការ​រាំ​របាំ​ ទាំង​ការ​សិក្សា។»៨០

មាន​ករណី​ជាច្រើន​ដែល​ជនរងគ្រោះ​បាន​និយាយ​ថា មន្ទីរពេទ្យ​បាន​បដិសេធ​ផ្ដល់​សេវា​ព្យាបាល​បឋម រួម​ទាំង​ការ​សង្គ្រោះ​បន្ទាន់​ផង​ដែរ លុះ​ត្រា​តែ​ជន​រងគ្រោះ​បង្ហាញ​ថា ពួកគេ​មាន​លទ្ធភាព​បង់​ថ្លៃ​សេវា​សង្គ្រោះ​នោះ​ភ្លាមៗ។ ការ​អូស​បន្លាយ​មិន​ព្រម​ផ្ដល់​ការ​ព្យាបាល​ភា្លមៗ​ក្រោយ​អំពើ​វាយ​ប្រហារ អាច​បណ្ដាល​ឲ្យ​ជនរងគ្រោះ​ត្រូវ​ការ​ប្រើ​ពេល​យូរ ដើម្បី​បាន​ជា​សះស្បើយ និង​អាច​បណ្ដាល​ឲ្យ​ជន​រងគ្រោះ​ស្លាប់​ផង​ដែរ។

ជាក់​ស្ដែង​ មន្ទីរពេទ្យ​រដ្ឋ​ដែល​ជន​រងគ្រោះ​ឈ្មោះ ស៊ុន សុខនី បាន​ទៅ​រក​សេវា​សង្គ្រោះ​បន្ទាន់​ភ្លាមៗ​បន្ទាប់​ពី​រង​ការ​វាយ​ប្រហារ​ដោយ​អាស៊ីដ បាន​ទាមទារ​ឲ្យ​សុខនី បង់​ថ្លៃ​ព្យាបាល​ មុន​ពេល​យល់​ព្រម​ផ្ដល់​សេវា​ព្យាបាល។ សុខនី បាន​និយាយ​ថា ចំ​ថ្ងៃ​គម្រប់​ខួប២ឆ្នាំ​នៃ​អាពាហ៍​ពិពាហ៍​របស់​នាង ស្វាមី​នាង​បាន​ដើរ​តាម​ក្រោយ​នាង​ទៅ​ផ្សារ​មួយ​ដែល​មាន​មនុស្ស​ម្នា​ច្រើន​កុះករ ក្រោយ​ពេល​នាង​ចេញ​ពី​ធ្វើការ​រោងចក្រ​ ហើយ​ក៏​បាន​ចាក់​ទឹក​អាស៊ីដ​លើ​រូប​នាង។ បន្ទាប់​ពី​អ្នក​នៅ​ក្នុង​ផ្សារ​ម្នាក់​បាន​តេ​ទូរសព្ទ​ហៅ​រថយន្ត​សង្គ្រោះ​បន្ទាន់ នាង​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​បំផុត។ សុខនី​បាន​ប្រាប់​ថា មុន​ពេល​នាង​ត្រូវ​បាន​គេ​លើក​ដាក់​ឡាន​សង្គ្រោះ​បន្ទាន់​នោះ​  អ្នក​បើក​បរ​បាន​ទារ​លុយ​៧០​ដុល្លារ​ពី​បង​ថ្លៃ​របស់​នាង ដែល​នេះ​ហាក់​ដូច​ជា ការ​អនុវត្ត​ជាទូទៅ​មួយ​ទៅ​ហើយ​នៅ​កម្ពុជា។៨១ នៅ​ពេល​នាង​ត្រូវ​បាន​បញ្ជូន​ដល់​បន្ទប់​សង្គ្រោះ​បន្ទាន់​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត​ ដែល​ជា​មន្ទីរពេទ្យ​រដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ គ្រូពេទ្យ​បាន​សួរ​ថា​ តើ​សមាជិក​គ្រួសារ​មាន​លទ្ធភាព​បង់​ថ្លៃ​ព្យាបាល​ឬ​ទេ ប៉ុន្តែ​ពេល​នោះ​សមាជិក​គ្រួសារ​បង្កើត​របស់​នាង​មិន​ទាន់​ទៅ​ដល់​មន្ទីរពេទ្យ​នៅ​ឡើយ។ គ្រូពេទ្យ​បាន​បញ្ចូល​សឺរ៉ូម និង​ បាន​រុំ​របួស​ឲ្យ​នាង ប៉ុន្តែ​បាន​ទុក​នាង​ចោល​ដោយ​មិន​ផ្ដល់​បំបាត់​ការ​ឈឺចាប់ ឬ​ បន្ត​ការ​ពិនិត្យ​ព្យាបាល​ដល់​នាង​ឡើយ​ក្នុង​រយៈពេល​១៤​ម៉ោង។  រហូត​ទាល់​តែ​តំណាង​ពី​សហជីព​ក្នុង​រោងចក្រ​ដែល​នាង​ធ្វើ​ការ​ មក​ដល់​មន្ទីរពេទ្យ​ដើម្បី​បញ្ជាក់​ថា សហជីព​នឹង​រ៉ាប់រង​ចេញ​ថ្លៃ​ព្យាបាល ទើប​គ្រូពេទ្យ​ព្រម​ផ្ដល់​ថ្នាំ​បំបាត់​ការឈឺ​ចាប់​ប្រភេទ​ម័រហ្វីន (morphine) និង បន្ត​ការ​ព្យាបាល​ត​ទៅ​ទៀត។៨២

នៅ​ថ្ងៃ​ទី១៥ ខែ​មីនា ឆ្នាំ​២០១៧ ក្នុង​រាជធានី​ភ្នំពេញ ខណៈ​ជន​រងគ្រោះ​ឈ្មោះ សន ចន្ទី វ័យ​២៤​ឆ្នាំ កំពុង​ជិះ​កង់​ពី​សាលា​បណ្ដុះ​បណ្ដាល​ជំនាញ​សំអាង​ការ​ ត្រលប់​ទៅ​ផ្ទះ​វិញ នៅ​វេលា​ម៉ោង​ប្រហែល​៨យប់ បុរស​ម្នាក់​បាន​រត់​សំដៅ​មក​រក​នាង ឆក់​កាបូប​ពី​ដៃ​កង់​របស់​នាង​ រួច​ហើយ​ជះ​អាស៊ីដ​លើ​មុខ​របស់​នាង។ អ្នក​ដែល​នៅ​ក្បែរ​នោះ​បាន​តេ​ទូរសព្ទ​ហៅ​រថយន្ត​សង្គ្រោះ​បន្ទាន់​ភ្លាមៗ។ ចន្ទី​បាន​និយាយ​ថា នៅ​ពេល​រថយន្ត​នោះ​មក​ដល់​–ប្រហែល​មួយ​ម៉ោង​ក្រោយ​ទូរសព្ទ​ហៅ–ក្រុម​ការងារ​នៃ​រថយន្ត​សង្គ្រោះ​បន្ទាន់​នោះ​បាន​ប្រាប់​នាង​ឲ្យ​ចូល​ក្នុង​រថយន្ត​ ប៉ុន្តែ​មិន​ព្រម​បើកបរ​បញ្ជូន​នាង​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ ឬ​ ធ្វើ​ការ​សង្គ្រោះ​បឋម​ឡើយ។ នាង​ប្រាប់​ថា៖ «ខ្ញុំ​បាន​ចាំ​នៅ​ក្នុង​រថយន្ត​នោះ​អស់​ប្រហែល​១៥​នាទី។ ខ្ញុំ​បាន​ស្រែក​ហៅ​អ្នក​សង្គ្រោះ​នោះ​ឲ្យ​ឆាប់​បញ្ជូន​ខ្ញុំ​ទៅ​ពេទ្យ​ ប៉ុន្តែ​ពួកគេ​មិន​ព្រម​ចេញ​ដំណើរ​ទេ។ ខ្ញុំ​មិន​យល់! ចុង​ក្រោយ ពេល​អតីត​មិត្ត​ប្រុស​ខ្ញុំ​មក​ដល់ ទើប​ពួកគេ​ព្រម​ដឹក​ខ្ញុំ​ទៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ។» ចន្ទី​បន្ត​ថា៖ នៅ​ពេល​ទៅ​ដល់​មន្ទីរពេទ្យ អ្នក​បើកបរ​រថយន្ត​នោះ​មិន​អនុញ្ញាត​ឲ្យ​នាង​ចុះ​ពី​លើ​រថយន្ត​ទេ លុះ​ត្រា​តែ​អតីត​មិត្ត​ប្រុស​របស់​នាង​​បង់​លុយ​៣០​ដុល្លារ​អាមេរិក​រួច​រាល់​សិន។ នៅ​ពេល​ចូល​ដល់​ក្នុង​មន្ទីរពេទ្យ ពួកគេ​ត្រូវ​បាន​បុគ្គលិក​មន្ទីរពេទ្យ​​តម្រូវ​ឲ្យ​បង់​២៥​ដុល្លារ​ទៀត​ ទើប​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់ ហើយ​អតីត​មិត្ត​ប្រុស​របស់​នាង​ក៏​យល់​ព្រម​បង់​បន្ថែម​ទៀត។ នាង​ត្រូវ​បាន​បញ្ជូន​ទៅ​ផ្នែក​ព្យាបាល​ការ​រលាក​ ដែល​នៅ​ទីនោះ​គ្រូពេទ្យ​បាន​លាង​សម្អាត និង​រុំ​របួស​របស់​នាង។ នាង​បាន​ចំណាយ​អស់​ប្រាក់​៦០​ដុល្លារ​សម្រាប់​ការ​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​រយៈពេល​២យប់ មុន​ពេល​តំណាង​ពី​សហជីព​ក្នុង​រោងចក្រ​កាត់ដេរ​ដែល​នាង​ធ្វើ​ការ បាន​មក​ទទួល​រ៉ាប់រង​ថ្លៃ​ចំណាយ​សម្រាប់​ការ​ព្យាបាល​បន្តបន្ទាប់​ទៀត​ដែល​នៅ​សេសសល់ នៅ​មន្ទីរពទ្យ​ព្រះ​កុសុមៈ។៨៣

ជន​រងគ្រោះ​ម្នាក់​ទៀត​ឈ្មោះ ធឿន សំអន វ័យ​២៤​ឆ្នាំ ជា​ចុងភៅ​នៅ​តូប​លក់​បាយ​មួយ​ស្ថិត​នៅ​តាម​ដង​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ។ ព្រឹក​មួយ​ក្នុង​ខែ​មេសា ឆ្នាំ​២០១៤ ខណៈ​នាង​កំពុង​រៀបចំ​បាយ មុន​ពេល​បើក​តូប​តាម​ធម្មតា ស្រាប់​តែ​មាន​ស្ត្រី​ម្នាក់​បាន​ចូល​មក​សុំ​បាយ។ នៅ​ពេល​នាង​ហុច​បាយ​ឲ្យ ស្រាប់​តែ​ស្ត្រី​ម្នាក់​នោះ​បាន​ជះ​ទឹកអាស៊ីដ​ចំ​មុខ​របស់​នាង ហើយ​ស្រោច​លើ​រាងកាយ​ផ្នែក​ខាង​លើ​របស់​នាង​ផង​ដែរ។ នៅ​ពេល​អាស៊ីដ​នោះ​កំពុង​កាត់​ទម្លុះ​សម្លៀក​បំពាក់​របស់​នាង នាង​ក៏​បាន​ហែក​សម្លៀក​បំពាក់​នោះ​ចោល ហើយ​ឈរ​ស្រែក​ទាំង​អាក្រាត​កាយ​នៅ​លើ​ផ្លូវ។ សំអន​បាន​តេ​ទូរសព្ទ​ហៅ​ស្វាមី ហើយ​ស្វាមីនាង​ក៏​បាន​បញ្ជូន​រូប​នាង​ទៅ​គ្លីនិក​ឯកជន​មួយ​ដែល​នៅ​ជិត​បំផុត។ ដោយ​សារ​សំអន​មិន​មាន​លទ្ធភាព​បង់​ថ្លៃ​ចំណាយ​បាន​ គ្លីនិក​នោះ​ក៏​បាន​បញ្ជូន​សំអន​ទៅ​មន្ទីរពេទ្យ​រដ្ឋ គឺ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ។ សំអន​ទទួល​បាន​ការ​ព្យាបាល​រយៈពេល​៣​ថ្ងៃនៅ​ទី​នោះ​ ប៉ុន្តែ​ក្រោយ​មក​ត្រូវ​បង្ខំ​ចិត្ត​ចេញ​ពី​មន្ទីរពេទ្យ—ទោះ​បី​ជា​ស្ថានភាព​របួស​របស់​នាង​ត្រូវ​ការ​ការ​ព្យាបាល​បន្ថែម​យ៉ាង​ណា​ក្ដី—ព្រោះ​នាង និង​គ្រួសារ​មិន​អាច​រ៉ាប់រង​ថ្លៃ​ព្យាបាល​ ដែល​មាន​តម្លៃ​៥០ដុល្លារ​ក្នុង​មួយ​ថ្ងៃ​នោះ​ទេ។ សំអន​បាន​ប្រាប់​ថា៖ «យើង​គ្មាន​លទ្ធភាព​បង់​ទេ ដូច្នេះ​ប្អូន​ប្រុស​របស់​ខ្ញុំ​ក៏​បាន​សុំ​ការ​អនុញ្ញាត​ពី​គ្រូពេទ្យ​ឲ្យ​ខ្ញុំ​បាន​ចេញ​ពី​មន្ទីរពេទ្យ​ ដោយ​សារ​តែ​រឿង​លុយ​នោះ​ឯង។ គ្រូពេទ្យ​ប្រាប់​ថា មិន​អី​ទេ! ហើយ​ខ្ញុំ​ក៏​បង្ខំ​ចិត្ត​ចេញ​ទៅ ព្រោះ​ខ្ញុំ​អត់​លុយ។»៨៤

ដូច​ករណី​ជាច្រើន​ខាង​លើ​បាន​បង្ហាញ រដ្ឋាភិបាល​កម្ពុជា មិន​ទាន់​បាន​ធានា​ថា មន្ទីរពេទ្យ​រដ្ឋ​ទាំង​ឡាយ​បាន​ដឹង​ ឬ មាន​ធនធាន និង​ជំនាញ​ឯកទេស​ចាំបាច់​ក្នុង​ការ​បំពេញ​ការ​ទទួល​ខុស​ត្រូវ​ដែល​ចែង​ដោយ​ច្បាប់​ក្នុង​ការ​ជួយ​សង្គ្រោះ​ជន​រងគ្រោះ​ដោយ​អាស៊ីដ​នោះ​ទេ ក្នុង​នោះ​រួម​មាន​ការ​មិន​យល់​ដឹង​ពី​បទ​ប្បញ្ញត្តិ​ស្ដីពី​ការ​ផ្ដល់​សេវា​សង្គ្រោះ​ និង​ព្យាបាល​ដោយ​ឥត​គិត​ថ្លៃ​ដល់​ជន​រងគ្រោះ​ផង​ដែរ។ គ្រប់​ជន​រស់រាន​មាន​ជីវិត​ពី​ការ​ប្រហារ​ទាំង​អស់​ដែល​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​បាន​សម្ភាសន៍​ សុទ្ធ​តែ​បាន​និយាយ​ដូចៗ​គ្នា​ថា ពួកគេ​ត្រូវ​តែ​ស្វែងរក​ជំនួយ​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ គ្រួសារ ឬ សាច់​ញាតិ​ ដើម្បី​ទទួល​បាន​ការ​ព្យាបាល​ក្នុង​រាជធានី​ភ្នំពេញ។ លើស​ពី​នេះ​ទៅ​ទៀត ដោយ​សារ​ជំនួយ​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​ផុត​រលត់​ទៅ​ហើយ ជន​រងគ្រោះ​ដោយសារ​អាស៊ីដ​កាន់តែ​ត្រូវ​បង្ខំ​ចិត្ត​ចេញ​ពី​មន្ទីរពេទ្យ​ទាំង​មិន​ទទួល​បាន​​ការ​ព្យាបាល​ទាល់​តែ​សោះ​តែ​ម្ដង បើ​មិន​ដូច្នោះ​ទេ ពួកគេ​ត្រូវ​បង្ខំ​ចិត្ត​ខ្ចី​លុយ​ពី​សមាជិក​គ្រួសារ​ (ប្រសិន​បើ​ពួកគេ​មាន) ដើម្បី​បង់​ថ្លៃ​ព្យាបាល។ បន្ទុក​ចំណាយ​នេះ​បង្ក​ជា​សំពាធ​យ៉ាង​ខ្លាំង​ដល់​ជន​រងគ្រោះ​ ធ្វើ​ឲ្យ​ពួកគេ​សុខ​ចិត្ត​ទទួល​យក​ដំណោះស្រាយតាម​រយៈ​ការ​ទូទាត់​សំណង​ក្រៅ​ប្រព័ន្ធ​តុលាការ និង​រាថយ​ក្នុង​ការ​ទាមទារ​រក​យុត្ដិធម៌។

 

III. ឧបសគ្គ​រាំងស្ទះ​ដល់​ការ​ស្វែងរក​យុត្តិធម៌

ជន​រស់រាន​មាន​ជីវិត​ក្នុង​អំពើ​វាយ​ប្រហារ​ដោយ​អាស៊ីដ​បាន​រៀបរាប់​ពី​ការ​គំរាម​កំហែង​របស់​មន្ត្រី​នគរបាល​ និង​មន្ត្រី​តុលាការ ឲ្យ​ពួកគេ​ដក​ពាក្យ​បណ្ដឹង ឬ​ ឲ្យ​យល់ព្រម​ទទួល​យក​ដំណោះ​ស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ។ ជនរងគ្រោះ​ទាំង​នោះ​ក៏​បាន​រៀបរាប់​ពី​ការ​រង​សម្ពាធ​ឲ្យ​ប្រព្រឹត្ត​អំពើ​សូក​ប៉ាន់​ដើម្បី​ទទួល​បាន​យុត្តិធម៌ និង​ការ​ដែល​ត្រូវ​ប្រឈម​នឹង​ការ​បដិសេធ ឬ ភាព​ស្ទាក់ស្ទើរ​របស់​មន្ត្រី​នគរបាល​ក្នុង​ការ​ចាត់​ការ​លើ​សំណុំ​រឿង​របស់​ពួកគេ។ នេះ​ជា​បញ្ហា​រួម​ ដែល​ចោទ​ចំពោះ​ជន​រងគ្រោះ​កម្ពុជា​ជា​ទូទៅ ក្នុង​ករណី​បទ​ល្មើស​ព្រហ្មទណ្ឌ។ ជាក់​ស្ដែង​ ស្រីមុំ ដែល​ជា​ជនរងគ្រោះ​ម្នាក់​បាន​ប្រាប់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ថា៖ «ក្នុង​ប្រទេស​នេះ គ្មាន​ទេ​យុត្តិធម៌ ប្រសិន​បើ​អ្នក​គ្មាន​លុយ។»៨៥

អំពើ​ពុករលួយ​មាន​នៅ​គ្រប់​ជាន់​ថ្នាក់​ទាំងអស់​នៃ​រដ្ឋាភិបាល​កម្ពុជា ហើយ​តុលាការ​មិន​មាន​សមត្ថភាព ភាព​អព្យាក្រឹត្យ​ ឬ ឯករាជភាព​ទេ។ ជា​លទ្ធផល ជន​រងគ្រោះ​ដែល​គ្មាន​លុយ​ ឬ អំណាច ទំនង​ជា​មិន​អាច​ទទួល​បាន​ការ​កាត់ក្ដី​ដោយ​យុត្តិធម៌​មួយ​លើក​ណា​ឡើយ​ពី​តុលាការ ឬ​ ទំនង​ជា​មិន​អាច​ទទួល​បាន​សំណង​សមរម្យ​ពី​ជន​ល្មើស​នោះ​ទេ។ បញ្ហា​ទាំងនេះ​កាន់​តែ​អាក្រក់​ទៅ​ទៀត ក្នុង​ករណី​ជនល្មើស​មាន​លុយ​ មាន​អំណាច​ ឬ ស្និទ្ធ​នឹង​អ្នក​មាន​លុយ​ មាន​អំណាច។

វប្បធម៌​និទ្ទណ្ឌភាព​ដែល​ចាក់​ឫស​យ៉ាង​ជ្រៅ​ក្នុង​សង្គម​កម្ពុជា ព្រមទាំង​អំពើ​ពុក​រលួយ​ក្នុង​តុលាការ និង​កង​កម្លាំង​នគរបាល​ មិន​មាន​ភាព​ថមថយ​ឡើយ​ក្នុង​រយៈកាល​ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ។ អង្គការ​សហប្រជាជាតិ ប្រទេស​ម្ចាស់​ជំនួយ ព្រមទាំង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ​បាន​អំពាវនាវ​អស់​ពេល​ជា​យូរ​មក​ហើយ ឲ្យ​រដ្ឋាភិបាល​ធ្វើ​កំណែ​ទម្រង់​ដើម្បី​កែលម្អ​ការ​គ្រប់គ្រង​ប្រព័ន្ធ​យុត្តិធម៌​ និង​លុប​បំបាត់​អំពើ​ពុករលួយ—ប៉ុន្តែ​នៅ​តែ​គ្មាន​ឥទ្ធិពល​ជា​ដុំកំភួន។

គង់​ ទូច កំពុង​រង់​ចាំ​​សាល​ក្រម​ នៅ​ខាង​ក្រៅ​តុលាការ​កំពូល​កម្ពុជា​ នៅ​ថ្ងៃ​ទី​២២​ ខែ​កក្កដា​ ឆ្នាំ​២០១៥។ © 2015 រក្សា​សិទ្ធិ​ដោយ​ ភ្នំពេញ​ពេញ​ប៉ុស្ដិ៍​

មាត្រា​១១នៃ​ច្បាប់​ស្ដី​ពី​ការ​គ្រប់គ្រង​អាស៊ីដ​ខ្លាំង​ចែង​ថា៖ «រដ្ឋ​ត្រូវ​ផ្ដល់​ជំនួយ​សង្គ្រោះ​ផ្នែក​ច្បាប់​ដល់​ជន​រងគ្រោះ ដោយ​សារ​អាស៊ីដ​ខ្លាំង។» ទោះ​បី​ជា​ច្បាប់​ចែង​ដូច្នេះ​ក្ដី ទាំង​ច្បាប់ ទាំង​អនុក្រឹត្យ​ដែល​ពន្យល់​បន្ថែម​អំពី​ច្បាប់​នេះ​ ពុំ​បាន​បញ្ជាក់​ថា​តើ​ ការ​ផ្ដល់​ជំនួយ​សង្គ្រោះ​ផ្នែក​ច្បាប់​នោះ​គួរ​តែ​ប្រព្រឹត្ត​ទៅ​ក្នុង​ទម្រង់​ណា​ឲ្យ​បាន​ជាក់លាក់​នោះ​ទេ។ ក្នុង​ចំណោម​ជនរងគ្រោះ​ដែល​យើង​បាន​ជួប​សម្ភាសន៍​ គ្មាន​ជន​រងគ្រោះ​ណាម្នាក់​បាន​និយាយ​ថា ខ្លួន​ទទួល​បាន​ជំនួយ​សង្គ្រោះ​ផ្នែក​ច្បាប់​ពី​ក្រសួង​យុត្តិធម៌​ ឬ ស្ថាប័ន​រដ្ឋាភិបាល​ដទៃ​ទៀត​ទេ។ ផ្ទុយ​ទៅ​វិញ ជន​រងគ្រោះ​ទាំង​នោះ​ រួម​ទាំង​ជន​រងគ្រោះ​៥នាក់​ដែល​បាន​ប្ដឹង​ទៅ​តុលាការ​តាម​ច្បាប់​ស្ដី​ពី​ការគ្រប់គ្រង​អាស៊ីដ​ខ្លាំង (ជនរងគ្រោះ​ស្ទើរ​តែ​ទាំងអស់​ក្នុង​ចំណោម​អ្នក​ទាំង​៥នោះ បាន​ដាក់​បណ្ដឹង​ទៅ​តុលាការ ក្រោយ​ពេល​ច្បាប់​ស្ដីពី​អាស៊ីដ​ខ្លាំង​ត្រូវ​បាន​អនុម័ត) បាន​រៀបរាប់​ថា ពួកគេ​រង​សម្ពាធ​ពី​មន្ត្រី​តុលាការ​ដែល​ជំរុញ​ឲ្យ​ពួកគេ​ទម្លាក់​ចោល​បណ្ដឹង​ ហើយ​យល់​ព្រម​ដោះ​ស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ​ ឬ ឲ្យ​ពួកគេ​បង់​ប្រាក់​សំណូក​ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​យុត្តិធម៌។៨៦ លោក​វេជ្ជ​បណ្ឌិត ហង ឡៃ​រ៉ាប៉ូ ដែល​បាន​បម្រើ​ការងារ​ជា​អ្នក​គ្រប់គ្រង​ផ្នែក​ច្បាប់ និង​ផ្នែក​ព្យាបាល​ នៃ​អង្គការ​ជួយ​សង្គ្រោះ​ជន​រងគ្រោះ​កម្ពុជា​ដោយ​អាស៊ីដ (CASC) មុន​ពេល​អង្គការ​នោះ​ឈប់​ដំណើរ​ការ បាន​ប្រាប់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ថា លោក​បាន​ទទួល​ការ​គំរាមកំហែង​ជា​ច្រើន​ពី​គ្រួសារ​របស់​ជន​ល្មើស​ និង​មន្ត្រី​តុលាការ​ដែល​បង្ខំ​ឲ្យ​លោក​ទម្លាក់​ចោល​សំណុំ​រឿង​របស់​ជន​រងគ្រោះ​ទាំង​នោះ។៨៧

នៅ​ពេល​ជនរងគ្រោះ​ម្នាក់​ឈ្មោះ ​ចន្ធូ បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​នៅ​ថ្នាក់​មូលដ្ឋាន ក្រោយ​ពេល​រង​ការ​វាយ​ប្រហារ​នៅ​ឆ្នាំ​២០០៩ តុលាការ​មិន​បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ចាប់​ខ្លួន​ជន​ល្មើស​ទេ ទោះ​បី​ជា​ចន្ធូ បាន​ស្គាល់​អត្តសញ្ញាណ​ជនប្រព្រឹត្ត​នោះ​យ៉ាង​ច្បាស់​ក៏​ដោយ។ ផ្ទុយ​ទៅ​វិញ ចៅក្រម​បាន​ជំរុញ​ឲ្យ​ក្រុមគ្រួសារ​ដែល​ពាក់ព័ន្ធ​ក្នុង​សំណុំ​រឿង​នោះ​សម្របសម្រួល​គ្នា​ក្រៅ​ប្រព័ន្ធ​តុលាការ​ទៅ​វិញ។ ចន្ធូ បាន​បដិសេធ​ និង​បាន​បន្ត​សំណុំ​រឿង ដោយ​ចុង​ក្រោយ​បាន​ឡើង​ដល់​សាលា​ឧទ្ធរណ៍ នៅ​រាជធានី​ភ្នំពេញ។ ចន្ធូ បាន​លើក​ឡើង​ថា ស្មៀន​នៅ​តុលាការ​ខេត្ត​បាន​ព្រមាន​នាង​ឲ្យ​ដក​ពាក្យ​ប្ដឹង​ ហើយ​ឲ្យ​នាង​យល់​ព្រម​ទទួល​យក​សំណង​ក្រៅ​ប្រព័ន្ធ​តុលាការ។ នៅ​ទី​បំផុត ចន្ធូ បាន​បង្ខំ​ចិត្ត​ទទួល​យក​សំណង​នោះ​ដោយ​សារ​តែ​ភាព​ភ័យ​ខ្លាច ដែល​នៅ​តែ​បន្ដ​លង​បន្លាច​នាង​ជាប់​ជានិច្ច។ នាង​បាន​និយាយ​ថា៖ «ខ្ញុំ​នៅ​តែ​មាន​អារម្មណ៍​ភ័យ​ខ្លាច​អ្នក​ដែល​បាន​វាយ​ប្រហារ​នាង​ ដែល​រស់​នៅ​ក្បែរ​ផ្ទះ​របស់​នាង។ ខ្ញុំ​ព្រួយ​បារម្ភ​ថា ថ្ងៃ​ណា​មួយ ស្រ្តី​ជា​ជនល្មើស​អាច​នឹង​មក​សងសឹក​ខ្ញុំ។»៨៨

ជន​រងគ្រោះ​ម្នាក់​ទៀត​ឈ្មោះ​ ផេង ស្រីឡា វ័យ​២៤ឆ្នាំ ត្រូវ​បាន​តុលាការ​កោះហៅ​ឲ្យ​ទៅ​ឆ្លើយ​បំភ្លឺ ក្រោយ​ពេល​នាង​ត្រូវ​បាន​ជនល្មើស​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីដ​កាល​ពី​ខែ​មករា ឆ្នាំ​២០១៧។ ស្រីឡា​ បាន​និយាយ​ថា ចៅក្រម​បាន​ផ្ដល់​លុយ​៤០០០ដុល្លារ​អាមេរិក​ឲ្យ​នាង ជា​ថ្នូរ​នឹង​ការ​ដក​ពាក្យ​ប្ដឹង ដែល​នោះ​ទំនង​ជា​លុយ​របស់​ជនល្មើស។ ចៅក្រម​បាន​ធានា​អះអាង​ថា ជន​ល្មើស​នឹង​បន្ត​ស្ថិត​ក្នុង​ពន្ធធនាគារ ប៉ុន្តែ​មួយ​សប្ដាហ៍​ក្រោយ​មក​ ចន្ធូ​ បាន​ប្រទះ​ឃើញ​ស្ត្រី​ជា​ជនល្មើស​នៅ​ក្នុង​ភូមិ។ នៅ​ពេល​ស្រីឡា​តេទូរសព្ទ​ទៅ​ចៅក្រម​ ហើយ​សួរ​រក​មូលហេតុ​នៃ​ការ​ដោះលែង​ជនល្មើស​ឲ្យ​ដើរ​ហើរ​ដោយ​សេរី​នៅ​ក្នុង​ភូមិ​នោះ ចៅក្រម​ឆ្លើយ​ថា៖ «មិន​ទាន់​ដល់​ពេល​សវនាការ​ជនុំជម្រះ​ក្ដី​ទេ។» ស្រីឡា​បាន​និយាយ​ថា នៅ​ពេល​នាង​សួរ​ចៅក្រម​វិញ​ថា ពេល​ណា​ទើប​ដល់​ពេល​ជំនុំជម្រះ​ក្ដី ចៅក្រម​នោះ​ឆ្លើយ​ថា៖ «មក​ពី​សួរ​អ៊ីចឹង បាន​ជា​យើង​ចេះ​តែ​មាន​រឿង។»៨៩ បន្ទាប់​ពី​ឮ​ប្រតិកម្ម​របស់​ចៅក្រម​ដែល​ពោរពេញ​ដោយ​កំហឹង​បែប​នោះ ស្រីឡា​ក៏​ឈប់​សួរ​តទៅ​ទៀត។ ស្រីឡា​បាន​ប្រាប់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ថា៖ «ខ្ញុំ​មាន​អារម្មណ៍​ថា ពេល​នោះ​ ចៅក្រម​កំពុង​ដាក់​សម្ពាធ​លើ​ខ្ញុំ​ ឲ្យ​ខ្ញុំ​ព្រម​ទទួល​យក​លុយ​៤០០០​ដុល្លារ​នោះ​ ហើយ​ដោយ​សារ​ខ្ញុំ​ត្រូវ​ការ​លុយ​នោះ​យក​មក​ព្យាបាល​របួស។ កាល​ណោះ ខ្ញុំ​បាន​ខ្ចី​លុយ​គេ​អស់​២៦០០ដុល្លារ​រួច​ទៅ​ហើយ ហើយ​កំពុង​តែ​បង់​ការប្រាក់។»៩០ ដូច្នេះ ស្រីឡា​ក៏​បាន​សម្រេច​ចិត្ត​ទទួល​យក​សំណង​នោះ  ដោយ​មិន​ដឹង​ឡើយ​ថា​តើ​ការ​យល់​ព្រម​ទទួល​យក​លុយ​នោះ មាន​ន័យ​យ៉ាង​ណា​ចំពោះ​លទ្ធភាព​របស់​នាង​ក្នុង​ការ​បន្ដ​ស្វែង​រក​យុត្តិធម៌។

ចំពោះ​ជន​រងគ្រោះ​ឈ្មោះ​ គា សំណាង​ និង​ ស សុខា វិញ នៅ​ពេល​អ្នក​ទាំង​ពីរ​ដាក់​ពាក្យ​ប្ដឹង​ប្រឆាំង​ជន​ល្មើស​ឈ្មោះ ពិត ស្រីរ័ត្ន ជនរងគ្រោះ​ទាំង​ពីរ​ត្រូវ​បាន​តុលាការ​កោះ​ហៅ​ឲ្យ​ទៅ​ចរចារ​សម្របសម្រួល​គ្នា​នៅ​ខែ​មេសា ឆ្នាំ​២០១៧។ គ្មាន​ព្រះ​រាជាអាជ្ញា​ណា​ម្នាក់​ត្រូវ​បាន​ចាត់​តាំង​ឲ្យ​កាន់​សំណុំ​រឿង​របស់​អ្នក​ទាំង​ពីរ​ទេ។ សំណាង​បាន​និយាយ​ថា នៅ​ពេល​លោក​ទៅ​ដល់​តុលាការ​ លោក​ត្រូវ​បាន​គេ​នាំ​ចូល​ទៅ​ជួប​បុរស​ពីរ​នាក់។ សំណាង​ជឿ​ថា ក្នុង​ចំណោម​បុរស​ទាំង​ពីរ មាន​ម្នាក់​ជា​ចៅក្រម។ សំណាង​ប្រាប់​ថា បុរស​ដែល​លោក​ជឿ​ថា​ជា​ចៅក្រម​នោះ​ បាន​សួរ​លោក​ថា​តើ​លោក​យល់​ព្រម​ដក​ពាក្យ​ប្ដឹង​ជា​ថ្នូរ​នឹង​លុយ​៣០០០​ដុល្លារ​ឬទេ។ ប៉ុន្តែ​កាល​ណោះ គ្រួសារ​សំណាង​បាន​ចំណាយ​លុយ​លើ​ការ​ព្យាបាល​អស់​លើស​ពី​៣០០០​ដុល្លារ​ទៅ​ហើយ។ សំណាង​បាន​និយាយ​ថា៖ «ខ្ញុំ​ប្រាប់​ទៅ​វិញ​ថា អត់​ទេ ប៉ុន្តែ​តុលាការ​នៅ​តែ​សួរ​ខ្ញុំ​ម្ដង​ហើយ​ម្ដង​ទៀត។»៩១

តាម​ច្បាប់ មុន​ពេល​ជនរងគ្រោះ​អាច​បន្ត​នីតិវិធី​ប្ដឹង​ទៅ​តុលាការ   ប៉ូលិស​ត្រូវ​បើក​ការ​ស៊ើប​អង្កេត​ជា​មុន​សិន។ ភាគ​ច្រើន​នៃ​ជនរងគ្រោះ​ដែល​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​បាន​ជួប​សម្ភាសន៍​ បាន​បង្ហាញ​ពី​ជំនឿ​ទុក​ចិត្ត​តិចតួច​លើ​មន្ត្រី​នគរបាល​ ហើយ​ជន​រងគ្រោះ​ខ្លះ​បាន​និយាយ​ថា អំពើ​ពុក​រលួយ​ក្នុង​ចំណោម​នគរបាល​ជា​ឧបសគ្គ​ដែល​រារាំង​ដោយ​ផ្ទាល់​ដល់​ការ​ស្វែង​រក​យុត្តិធម៌​របស់​ពួកគេ។ ដោយ​សារ​តែ​មិន​ប្រាកដ​ថា តើ​មន្ត្រី​នគរបាល​នឹង​ចាត់​ការ​រឿង​ក្ដី​របស់​ពួកគេ​ដោយ​បើក​ការ​ស៊ើប​អង្កេត​ ឬ​ ចាប់​ខ្លួន​ជន​ល្មើស​ឬ​ទេ ជន​រងគ្រោះ​មួយ​ចំនួន​បាន​សុខ​ចិត្ត​មិន​រាយការណ៍​ទៅ​សមត្ថកិច្ច​ទេ នៅ​ពេល​ពួកគេ​រង​ការ​វាយ​ប្រហារ​ ព្រោះ​ភ័យ​ខ្លាច​មាន​ការព្យាបាទ​ពី​ជនល្មើស។

ជាវ​ ចិន្ដា ដែល​កាល​ណោះ​​មាន​វ័យ​៣៦​ឆ្នាំ​ កំពុង​ចំណាយ​ពេល​វេលា​យ៉ាង​កក់​ក្ដៅ​ជាមួយ​កូន​ស្រី​របស់​នាងឈ្មោះ​ អមរា ប៊ុន ដែល​កាល​ណោះ​​មាន​អាយុ​១០​ឆ្នាំ នៅ​ក្នុង​ផ្ទះ​​សាច់​ញាតិរបស់​នាង​​ នៅ​ថ្ងៃ​ទី៣០ ខែ​កក្កដា ឆ្នាំ​២០១០ ក្រោយ​ពី​បាន​បែក​ពី​កូន​របស់​នាង​​ក្នុងខេត្ត​កំពង់ចាម ​ប្រទេស​កម្ពុជា អស់​រយៈពេល​ជា​ច្រើន​ខែមក​។   © 2010 រក្សា​សិទ្ធិ​ដោយ Paula Bronstein/Getty Images

ជន​រងគ្រោះ​ឈ្មោះ សន ចន្ទី ដែល​រង​ការ​វាយ​ប្រហារ ក្នុង​ខែ​មីនា ឆ្នាំ​២០១៧ ខណៈ​កំពុង​ធ្វើ​ដំណើរ​ពី​សាលារៀន​សំអាង​ការ​ ត្រលប់​ទៅ​ផ្ទះ​វិញ ជឿ​ថា អតីត​មិត្ត​ប្រុស​របស់​នាង​ស្ថិត​នៅ​ក្រោយ​អំពើ​វាយ​ប្រហារ​នោះ។ កាល​ណោះ នាង​ទើបតែ​បញ្ចប់​ទំនាក់ទំនង​ជាមួយ​អតីត​មិត្ត​ប្រុស​របស់​នាង​ថ្មីៗ ក្រោយ​ពេល​ដឹង​ថា បុរស​ម្នាក់​នោះ​មាន​ស្រី​ផ្សេង។ ចន្ទី បាន​និយាយ​ថា៖ «ប៉ុន្តែ​គាត់​នៅ​តែ​បង្ខំ​ខ្ញុំ​ឲ្យ​បន្ដ​នៅ​ជាមួយ​គាត់។» នៅ​ពេល​នាង​រាយការណ៍​ទៅ​សមត្ថកិច្ច នាង​បាន​ប្រាប់​មន្ត្រី​ប៉ូលិស​ថា នាង​ជឿ​ថា អតីត​មិត្ត​ប្រុស​នាង​ជា​អ្នក​ប្រព្រឹត្ត៖

ប៉ូលិស​បាន​ព្យាយាម​ស៊ើប​អង្កេត​ដោយ​បាន​សួរ​ដេញ​ដោល​បុរស​ម្នាក់​នោះ​ម្ដង​ ហើយ​ម្ដង​ទៀត ប៉ុន្តែ​ពួកគេ​គ្រាន់​តែ​បង្ខំ​ឲ្យ​គាត់​បង់​លុយ​ទៅ​សមត្ថកិច្ច​ ដើម្បី​បាន​រួច​ ផុត​ពី​ការ​ចាប់​ខ្លួន​ប៉ុណ្ណោះ។ ដូច្នេះ​ហើយ​ គ្រួសារ​ខ្ញុំ​ក៏​ជំរុញ​ឲ្យ​​ខ្ញុំ​បោះបង់​ចោល​ពាក្យ​ ប្ដឹង​ប្រឆាំង​បុរស​ម្នាក់​នោះ ហើយ​ខ្ញុំ​ក៏​ឈប់​ប្ដឹង​ទៅ។ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្លាច​បុរស​ នោះ​តាំង​ពី​មុន​ពេល​កើត​ហេតុ​ម្ល៉េះ ហើយ​នៅ​ពេល​នេះ ក៏​ខ្ញុំ​នៅ​តែ​ភ័យ​ខ្លាច​ដែរ។ គាត់​មក​រក​ខ្ញុំ​ជា​ញឹកញាប់។ ខ្ញុំ​មាន​អារម្មណ៍​ភ័យ​ខ្លាច។ គាត់ថា មក​លេង​ក្នុង​នាម​ជា​ មិត្តភក្ដិ​ ប៉ុន្តែ​គាត់​បាន​ព្យាយាម​បង្កើត​ទំនាក់ទំនង​ជាមួយ​ខ្ញុំ​ឡើង​វិញ។ គ្រួសារ​ខ្ញុំ​ បាន​ជំរុញ​ឲ្យ​ខ្ញុំ​រៀបការ​ជាមួយ​គាត់​ តែ​ខ្ញុំ​បារម្ភ​អំពី​អនាគត​ខ្ញុំ។៩២

ក្រោយ​ពេល​រង​ការ​វាយ​ប្រហារ​ដោយ​អាស៊ីដ ក្នុង​ខែ​មេសា ឆ្នាំ​២០១៤ ជនរងគ្រោះ​ឈ្មោះ ធឿន សំអន បាន​រាយការណ៍​ដល់​សមត្ថកិច្ច​ភ្លាមៗ ប៉ុន្តែ​សំអន បាន​និយាយ​ថា ប៉ូលិស​ហាក់​បី​ដូច​ជា​មិន​ចាប់​អារម្មណ៍​ក្នុង​ការ​បន្ដ​នីតិវិធី​សម្រាប់​រឿង​ក្ដី​របស់​នាង​ឡើយ ហើយ​មិន​ធ្លាប់​ទាក់ទង​មក​នាង​ដើម្បី​សាកសួរ​ព័ត៌មាន​បន្ថែម​ទាល់​តែ​សោះ។ សំអន​និយាយ​ថា៖ «ក្រោយ​ពេល​កើត​ហេតុ ខ្ញុំ​បាន​សាកល្បង​តេ​ទូរសព្ទ​ទៅ​ប៉ូលិស​មួយ​អាទិត្យ​២ដង​ ដើម្បី​ជំរុញ​ពួក​គាត់​ឲ្យ​ស៊ើប​អង្កេត​ករណី​នោះ ប៉ុន្តែ​ពួកគាត់​គ្រាន់​តែ​និយាយ​ដដែល​ថា កំពុង​ធ្វើ​ការ​លើ​រឿង​ហ្នឹង​ហើយ។ ខ្ញុំ​គ្មាន​ទំនុក​ចិត្ត​លើ​ការងារ​របស់​ប៉ូលិស​ទេ។»៩៣ សំអន​បាន​បាត់បង់​ក្ដី​សង្ឃឹម​ទាំង​ស្រុង​ក្នុង​ការ​បន្ដ​រឿង​ក្ដី។

ភាព​គ្មាន​ប្រសិទ្ធភាព​នៃ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា ប៉ះ​ទង្គិច​ខ្លាំង​បំផុត​លើ​ពលរដ្ឋ​ទាំងឡាយ​ណា​ដែល​មិន​មាន​ធនធាន​ក្នុង​ការ​បញ្ជា​ប្រព័ន្ធ​នោះ​ឲ្យ​ដំណើរ​ការ​សម្រាប់​ពួកគេ។ សូម្បី​ព័ត៌មាន​ជា​មូលដ្ឋាន​ក៏​ពិបាក​នឹង​ទទួល​បាន​ដែរ។ ឧទាហរណ៍ ក្រោយ​ពេល​ជន​រងគ្រោះ​ដាក់​ពាក្យ​ប្ដឹង វា​អាច​នឹង​មាន​ការ​ពិបាក​សម្រាប់​ជន​រងគ្រោះ​ក្នុង​ការ​ទទួល​បាន​ដំណឹង​ពី​ការ​វិវត្ដ​នៃ​សំណុំ​រឿង​របស់​ពួកគេ​ពី​សំណាក់​អាជ្ញាធរ។ ជន​រងគ្រោះ​មួយ​ចំនួន​ដែល​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​បាន​ជួប​សម្ភាសន៍​ គ្រាន់​តែ​ចង់​ដឹង​អំពី​ការ​វិវត្ដ​នៃ​សំណុំ​រឿង​របស់​ពួកគេ​ និង​ចង់​ដឹង​ថា​តើ​ ជន​ល្មើស​ស្ថិត​ក្នុង​ពន្ធធនាគារ​ឬ​យ៉ាង​ណា​ប៉ុណ្ណោះ។

នៅ​កម្ពុជា គ្មាន​ឡើយ​កន្លែង​រក្សា​ទុក​សាលក្រម​តុលាការ​ដែល​អាច​ឲ្យ​សាធារណជន​ស្វែង​រក​ព័ត៌មាន​ស្ដី​ពី​ការ​សម្រេច​របស់​តុលាការ​ក្នុង​សំណុំ​រឿង​ណាមួយ​ សូម្បី​តែ​សំណុំ​រឿង​របស់​ខ្លួន​ឯង​ផ្ទាល់។ ជា​រឿយៗ ភាព​ចន្លោះ​ប្រហោង​បែប​នេះ​បែរ​ជា​ជួយ​បិទ​បាំង​បរាជ័យ​របស់​មន្ត្រី​នគរបាល​ក្នុង​ការ​ស៊ើប​អង្កេត​បទ​ល្មើស ឬ កាត់​ទោស​ជនល្មើស​ទៅ​វិញ ជា​ពិសេស​ក្នុង​ករណី ជន​សង្ស័យ​ក្នុង​បទ​ឧក្រិដ្ឋ​គឺជា​បុគ្គល​មាន​ទ្រព្យសម្បត្តិ​ ឬ អំណាច។ សូម្បី​តែ​ក្នុង​ករណី​ឈាន​ដល់​ដំណាក់កាល​តុលាការ​សម្រេច​ចោទ​ប្រកាន់​ជន​ត្រូវ​ចោទ​ហើយ​ក៏​ដោយ ក៏​ការ​ប្ដឹង​ឧទ្ធរណ៍​អាច​នឹង​ត្រូវ​ប្រើ​ជា​ច្រើន​ឆ្នាំ​ទៅ​មុខ​ទៀត។ កម្ពុជា​មាន​សាលាឧទ្ធរណ៍​តែ​មួយ​គត់​នៅ​ទូទាំង​ប្រទេស ដែល​ទទួល​សំណុំ​រឿង​រាប់​រយ​ច្រើន​ហូរហៀរ​ក្នុង​មួយ​ឆ្នាំៗ ហើយ​បុគ្គល​ដែល​ត្រូវ​បាន​តុលាការ​សម្រេច​ចោទ​ប្រកាន់​អាច​ប្ដឹង​ជំទាស់​សាលក្រម​ ឬ ប្ដឹង​ជំទាស់​ការ​សម្រេច​ផ្តន្តាទោស បាន​ជា​ច្រើន​ដង។

កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១២ ជន​រងគ្រោះ​ឈ្មោះ​ គង់ ទូច បាន​ក្លាយ​ជា​បុគ្គល​ដំបូង​បង្អស់​ដែល​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ ក្រោម​ច្បាប់​ស្ដី​ពី​ការ​គ្រប់គ្រង​អាស៊ីដ​ខ្លាំង។ តុលាការ​ក្រុង​កំពង់ចាម​បាន​រក​ឃើញ​ជន​ល្មើស​ប្រព្រឹត្ត​អំពើ​វាយប្រហារ​នោះ ដែល​មាន​ឈ្មោះ​ ពៅ កូលាប និង​ចោទ​ប្រកាន់​ជន​នោះ​ពី​បទ​«ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា ដែល​បណ្ដាល​ឲ្យ​ជន​រងគ្រោះ​បាត់​បង់​អវៈយវៈ​ ឬ ធ្លាក់​ខ្លួន​​ពិការ​ជា​អចិន្ត្រៃយ៍» ហើយ​បាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធធនាគារ​រយៈពេល​១០​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់៥០០០ដុល្លារ​ជាសំណង​ដល់​គង់ ទូច។ នៅ​ខែ​កក្កដា ឆ្នាំ​២០១២ ជន​ជាប់​ចោទ​ឈ្មោះ កូលាប បាន​ប្ដឹង​ឧទ្ធរណ៍​ជំទាស់​នឹង​សេចក្ដី​សម្រេច​នោះ។ នៅ​ខែ​មីនា ឆ្នាំ​២០១៣ សាលាឧទ្ធរណ៍​បាន​សម្រេច​តម្កល់​សាល​ក្រម​របស់​តុលាការ​ក្រុង​កំពង់ចាម។ ក្នុង​ខែ​កក្កដា ឆ្នាំ​២០១៥ តុលាការ​កំពូល​បាន​សម្រេច​ចោទ​ប្រកាន់​ ពៅ កូលាប​ ពី​បទ​ប៉ុនប៉ង​មនុស្ស​ឃាត​ ប៉ុន្តែ​បាន​សម្រេច​រក្សា​ការ​ផ្ដន្ទាទោស​ឲ្យ​កូលាប ជាប់​ពន្ធធនាគារ​រយៈពេល​១០​ឆ្នាំ។៩៤

ដិប ដា​ កំពុង​ឲ្យ​គេ​ថត​រូប​​នៅឯ​​អង្គការជួយសង្គ្រោះជនរងគ្រោះកម្ពុជាដោយសារអាស៊ីដ (បច្ចុប្បន្ន​ត្រូវ​បាន​បិទ​មិន​ដំណើរ​ការ) នៅ​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៤ ក្នុង​រាជធានី​ភ្នំពេញ​ ប្រទេស​កម្ពុជា។   © 2013 រក្សា​សិទ្ធិ​ដោយ Erin Bourgois

ក្នុង​ដំណើរ​ការ​រឿង​ក្ដី​នេះ​ទាំង​មូល គង់​ ទូច​ មិន​ធ្លាប់​ទទួល​បាន​ជំនួយ​ផ្នែក​ច្បាប់​ពី​រដ្ឋាភិបាល​ទាល់​តែ​សោះ ទោះ​បី​ជា​សំណុំ​របស់​នាង​ធ្វើ​ឡើង​ក្រោម​ច្បាប់​ស្ដី​ពី​អាស៊ីដ​ខ្លាំង​ក៏​ដោយ។ អង្គការ​ជួយ​សង្គ្រោះ​ជន​រងគ្រោះ​កម្ពុជា​ដោយ​អាស៊ីដ​ (CASC) បាន​រ៉ាប់រង​ថ្លៃ​ចំណាយ​ផ្សេងៗ​របស់​គង់​ទូច ដូច​ជា​ការ​ចំណាយ​លើ​មេធាវី​ការពារ​ក្ដី ថ្លៃ​ធ្វើ​ដំណើរ​ទៅ​-មក​តុលាការ និង​តម្រូវ​ការ​ដទៃ​ទៀត​ដើម្បី​បន្ដ​រឿង​ក្ដី​របស់​គង់ ទូច។៩៥

នៅ​ថ្ងៃ​ទី៥ ខែ​កុម្ភៈ ឆ្នាំ​២០០៨ ខណៈ​ជន​រងគ្រោះ​ឈ្មោះ ជាវ ចិន្ដា កំពុង​ជិះ​ម៉ូតូ​ជាមួយ​កូនៗ​៣នាក់ មាន​​បុរស​មួយ​ក្រុម​មាន​គ្នា​៥នាក់​បាន​ជះ​ទឹក​អាស៊ីដ​ចំ​មុខ​របស់​នាង។ កូន​ស្រី​អាយុ​៣ឆ្នាំ​របស់​នាង​ឈ្មោះ ម៉ាលីតា ដែល​អង្គុយ​នៅ​ខាង​មុខ​នាង បាន​រង​គ្រោះ​យ៉ាង​ធ្ងន់ធ្ងរ ត្រង់​ក្បាល​ មុខ ក និង​ដៃ​ទាំង​សង​ខាង។៩៦ នៅ​ពេល​អាស៊ីដ​កំពុង​ចោះ​ទម្លុះ​ខោអាវ និង​​ឆេះ​រោលរាល​ស្បែក​របស់​នាង បណ្ដាល​ឲ្យ​នាង​អាក្រាត​កាយ​ទាំង​កណ្ដាល​ផ្លូវ នាង​បាន​ឃើញ​មុខ​ជន​ល្មើស​សំឡឹង​មើល​នាង​ដែល​កំពុង​ខំប្រឹង​បិទបាំង​រាយកាយ​ ហើយ​បាន​សើច​ចំអក​ដាក់​នាង​ថែម​ទៀត។ ចិន្ដា និយាយ​ថា៖ «ខ្ញុំ​នឹង​មិន​អាច​បំភ្លេច​មុខ​ជន​ល្មើស​បាន​ទេ។ ជន​នោះ​បាន​ឈរ​សើច​នៅ​ទីនោះ។»៩៧ នោះ​ជា​ទិដ្ឋភាព​ដែល​ចិន្ដា​បាន​ឃើញ​ជា​លើក​ចុងក្រោយ។

ជាវ ចិន្ដា បាន​ទៅ​តុលាការ​ចំនួន​៤ដង ដើម្បី​ស្ដាប់​សវនាការ​ ហើយ​នាង​បាន​រៀបរាប់​ពី​បទ​ពិសោធន៍​របស់​នាង​នៅ​តុលាការ​ប្រាប់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ថា៖

គ្មាន​នរណា​ម្នាក់​ជួយ​ខ្ញុំ​នៅ​តុលាការ​ទេ។ គ្មាន​នរណាម្នាក់​ដើរ​មក​និយាយ​ជាមួយ​ខ្ញុំ​ ទេ។ គ្មាន​នរណាម្នាក់​ខ្វល់​ពី​ខ្ញុំ​ទេ។ ខ្ញុំ​បន់​ឲ្យ​តែ​តុលាការ​សួរ​ខ្ញុំ​ដូច​ដែល​អ្នក​កំពុង​សួរ​ ខ្ញុំ​អ៊ីចឹង។ តែ​គ្មាន​នរណាម្នាក់​នៅ​តុលាការ​និយាយ​រក​ខ្ញុំ​ទាល់​តែ​សោះ។ ខ្ញុំ​គ្រាន់​តែ​ ចង់​ឲ្យ​មេធាវី​សួរ​ខ្ញុំ​ដូច​ដែល​អ្នក​កំពុង​សួរ​ខ្ញុំ​អ៊ីចឹង​ នោះ​ខ្ញុំ​នឹង​មាន​អារម្មណ៍​ធូរ​ ស្បើយ។ ពួកគេ​ទាំង​អស់​នោះ​និយាយ​ដើម​ខ្ញុំ តែ​មិន​និយាយ​ជាមួយ​ខ្ញុំ​ទេ។ ខ្ញុំ​មាន​       អារម្មណ៍​ថា អស់​សង្ឃឹម​ណាស់​ចំពោះ​សំណុំ​រឿង​ខ្ញុំ។៩៨

ចិន្ដា​ មិន​ធ្លាប់​ទទួល​បាន​ការ​ជួយ​ទំនុក​បម្រុង​សម្រាប់​ភាព​ពិការ​ភ្នែក​របស់​នាង ឬ ជំនួយ​ផ្នែក​ផ្លូវ​ចិត្ត​ណាមួយ ក្នុង​អំឡុង​ពេល​ចូលរួម​ស្ដាប់​សវនាការ​នៅ​តុលាការ​ឡើយ។  ដោយ​សារ​មិន​មាន​ជំនួយ​ផ្នែក​ច្បាប់ នាង​ត្រូវ​ពឹង​ផ្អែក​លើ​ស្វាមី​ ដែល​បច្ចុប្បន្ន​រស់​នៅ​ទីទៃ​ពី​គ្នា។៩៩ ស្វាមី​របស់​នាង​ធ្វើ​ការ​សម្រេច​ចិត្ត​ជំនួស​នាង ដោយ​មិន​បាន​ពិគ្រោះ​យោបល់​ជាមួយ​នាង​ទាល់​តែ​សោះ។ ចិន្ដា​និយាយ​ថា សូម្បី​មេធាវី​ការពារ​ក្ដី ដែល​ត្រូវ​បាន​ជ្រើសរើស​ដោយ​អតីត​ប្ដី​របស់​នាង​ក៏​មិន​ធ្លាប់​ពិគ្រោះ​យោបល់​ជាមួយ​នាង​ដែរ។ ចិន្ដា​បាន​ដឹង​ថា មាន​បុគ្គល​៤នាក់​ត្រូវ​បាន​ចាប់​ខ្លួន និង​ត្រូវ​បាន​ចោទ​ប្រកាន់​ក្នុង​សំណុំ​រឿង​របស់​នាង ហើយ​ក្នុង​នោះ ៣នាក់​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធធនាគារ​១៤​ឆ្នាំ​ និង​ម្នាក់​ទៀត​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធធនាគារ​១០​ឆ្នាំ។១០០ នាង​បាន​ប្រាប់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ថា នាង​មិន​ច្បាស់​ថា​តើ​ ជន​ទាំង​បួន​នាក់​នោះ​កំពុង​អនុវត្ត​ទោស​ឬ​យ៉ាង​ណា​នោះ​ទេ។ នាង​ចង់​ប្ដឹង​ជំទាស់​សេចក្ដី​សម្រេច​របស់​តុលាការ​ ប៉ុន្តែ​នាង​យល់​ថា មិន​អាច​ទៅ​រួច​ទេ ក្នុង​ការ​ចូលរួម​ដោយ​ផ្ទាល់​ក្នុង​ដំណើរ​ការ​ផ្លូវ​ច្បាប់​នោះ៖

ខ្ញុំ​សង្ឃឹម​ថា ខ្ញុំ​អាច​ប្ដឹង​ឧទ្ធរណ៍​ជំទាស់​ការ​សម្រេច​របស់​តុលាការ​ ប៉ុន្តែ​ប្ដី​ខ្ញុំ​បាន​ និយាយ​ថា មិន​ចាំ​បាច់​ប្ដឹង​ទេ ហើយ​ឲ្យ​ខ្ញុំ​មើល​តែ​កូន​ឲ្យ​ល្អ​ទៅ។ គាត់​ថា ខ្ញុំ​ជា​ មនុស្ស​អត់​ប្រយោជន៍ ហើយ​ចាំបាច់​អី​ត្រូវ​ឲ្យ​ខ្ញុំ​គិតពី​រឿង​ក្ដី​ហ្នឹង? ខ្ញុំ​បាន​តេ​ទូរសព្ទ​ ទៅ​គាត់​ម្ដង​ហើយ​ម្ដង​ទៀត​ព្រោះ​ចង់​ដឹង​ថា ដំណើរ​ការ​រឿង​ក្ដី​ដល់​ណា​ហើយ​ ហើយ​គាត់​តែងតែ​ឆ្លើយ​ថា គាត់​រវល់​ណាស់ ហើយ​ក៏​បិទ​ទូរសព្ទ​ទៅ។ ខ្ញុំ​មិន​ស្គាល់​ មេធាវី​ការពារ​ក្ដី​ឲ្យ​ខ្ញុំ​ទេ—អ្វីៗ​គ្រប់​យ៉ាង​អាស្រ័យ​លើ​ប្ដី​របស់​ខ្ញុំ​ទាំង​អស់។១០១

ដូច​បាន​កត់​សម្គាល់​ខាង​លើ ខ្លឹមសារ​នៃ​បទ​ប្បញ្ញត្តិ​ស្ដី​ពី​«ជំនួយ​សង្គ្រោះ​ផ្នែក​ច្បាប់» ដែល​មាន​ចែង​ក្នុង​ច្បាប់​ស្ដី​ពី​អាស៊ីដ​ខ្លាំង​ មិន​មាន​ភាព​ច្បាស់លាស់​ឡើយ។ ក្នុង​ចំណោម​ករណី​ទាំង​អស់​ដែល​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​បាន​សិក្សា​ គ្មាន​ករណី​ណាមួយ​ដែល​រដ្ឋ​បាន​ផ្ដល់​ដល់​ជនរស់​រាន​មាន​ជីវិត​ពី​ការ​វាយ​ប្រហារ​ដោយ​អាស៊ីដ នូវ​សេវា​ផ្លូវ​ច្បាប់​សម្រាប់​រឿងក្ដី​របស់​ពួកគេ​ឡើយ។

ការការពារជនរងគ្រោះនិងសាក្សី

ស្ទើរ​តែ​គ្រប់​ជន​រងគ្រោះ​ទាំងអស់​ដែល​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​បាន​សម្ភាសន៍​បាន​និយាយ​ថា ពួកគេ​ស្ទាក់ស្ទើរ​ក្នុង​ការ​បន្ដ​នីតិវិធី​ច្បាប់​ ព្រោះ​ភ័យ​ខ្លាច​ការ​សងសឹក។ អ្នក​ផ្ដល់​បទ​សម្ភាសន៍​ជា​ច្រើន​នាក់​ដែល​បាន​ដាក់​បណ្ដឹង​រដ្ឋប្បវេណី ឬ បណ្ដឹង​ព្រហ្មទណ្ឌ​ទៅ​តុលាការ បាន​និយាយ​ថា ពួកគេ​បាន​រស់​ក្នុង​ភាព​ភ័យ​ខ្លាច​ ចាប់​ពី​ពេល​ដាក់​ពាក្យ​ប្ដឹង​មក។ មូលហេតុ​មួយ​ដែល​នាំ​ឲ្យ​ពួកគេ​ភ័យ​ខ្លាច​ គឺ​ កង្វះ​ការ​ការពារ​ពី​រដ្ឋ​ដល់​ជនរងគ្រោះ និង​សាក្សី​ក្នុង​សំណុំ​រឿង​ប្រើ​អំពើ​ហិង្សា​ រួម​ទាំង​អំពើ​វាយ​ប្រហារ​ដោយ​អាស៊ីដ​ផង​ដែរ។

នា​យប់​មួយ​ ក្នុង​ឆ្នាំ​១៩៩៧ ខណៈ​ជន​រងគ្រោះ​ឈ្មោះ ដិប ដា ដែល​កាល​ណោះ មាន​អាយុ​១០ឆ្នាំ​ កំពុង​គេង​លង់លក់​លើ​គ្រែ​ជា​មួយ​ម្ដាយ និង​ប្អូន​ប្រុស ពួកគេ​បាន​ឮ​សំឡេង​គោះ​ទ្វារ។ ពេល​ម្ដាយ​របស់​ដិប ដា បាន​ងើប​ទៅ​បើក​ទ្វារ ស្រាប់​តែ​មាន​បុរស​ពីរ​នាក់​បាន​ចាប់​សង្កត់​ម្ដាយដិប ដា ទៅ​នឹង​ដី  ហើយ​ស្រ្ដី​ម្នាក់​ទៀត​ដែល​ជា​អ្នក​ជិតខាង​ បាន​បង្ខំ​ម្ដាយ​របស់​ដិប ដា  ឲ្យ​ផឹក​ទឹក​អាស៊ីដ។ ដិប ដា បាន​និយាយ​ថា នៅ​ពេល​ខ្លួន​ចាប់​ផ្ដើម​ស្រែក​យំ  «ស្រ្ដី​ម្នាក់​នោះ​បាន​ងាក​សំដៅ​មក​រក​ខ្ញុំ​ ហើយ​បាន​ជះ​ទឹក​អាស៊ីដ​នោះ​ចំ​មុខ​ខ្ញុំ​ ដើម្បី​ឲ្យ​ខ្ញុំ​ឈប់​យំ។»១០២ ដិប ដា បាន​និយាយ​ថា អ្នក​មា្ដយ​បាន​ស្លាប់​ក្នុង​រយៈពេល​១៥​នាទី​ក្រោយ​មក។ កាល​ណោះ កុមារា ដិប ដា មិន​ដឹង​ថា មាន​រឿង​អ្វី​កើត​ឡើង​ទេ។ ដិប ដា បាន​ប្រាប់​ថា៖ «ខ្ញុំ​គ្រាន់​តែ​ដឹង​ថា ទឹក​នោះ​ក្ដៅ​ខ្លាំង​ណាស់​។ ភ្លាមៗ​នោះ ភ្នែក​ខ្ញុំ​មើល​ឃើញ​មិន​ច្បាស់​ទេ ហើយ​ខ្ញុំ​គិត​ថា ខ្ញុំ​នឹង​ត្រូវ​ធ្លាក់​ខ្លួន​ពិការ​ភ្នែក​ហើយ។ កាល​ណោះ ខ្ញុំ​ឮ​មនុស្ស​ធំ​ស្រែក​ថា "ទឹក​អាស៊ីដ! "។»១០៣

ដិប ដា​ និង​ ប្អូន​ប្រុស ត្រូវ​បាន​ម្ដាយ​មីង​នាំ​ទៅ​មន្ទីរពេទ្យ​នៅ​ក្នុង​មូលដ្ឋាន ប៉ុន្តែ​មន្ទីរពេទ្យ​នោះ​មិន​ដឹង​ថា ត្រូវ​ព្យាបាល​របួស​របស់​ដិប ដា របៀប​ណា​ទេ ទើប​បញ្ជូន​ដិប ដា​ទៅ​ខេត្ត​កំពង់​ចាម ហើយ​ក្រោយ​មក​ត្រូវ​បាន​បញ្ជូន​បន្ត​ទៀត​ទៅ​មន្ទីរ​ពេទ្យ​កុមារ​គន្ធបុប្ផា នៅ​រាជធានី​ភ្នំពេញ។ កុមារា​រូប​នោះ បាន​សម្រាក​ព្យាបាល​នៅ​ទីនោះ​អស់​រយៈពេល​៤ខែ។ នៅ​គ្រា​មួយ ខ្ញុំ​បាន​សុំ​ឲ្យ​គ្រូពេទ្យ​សម្លាប់​ខ្ញុំ​ដោយ​បញ្ចូល​ខ្យល់​ដាក់​សឺរ៉ូម។ ដិប ដា និយាយ​ថា៖ «ខ្ញុំ​ខ្លាច​ខ្លួន​ឯង។ ខ្ញុំ​ខ្លាច​រាងកាយ​ខ្លួន​ឯង។»១០៤

អ្នកនាង ថុង ខាំ កំពុង​ឈរ​នៅ​មាត់​ទ្វារ​​​ផ្ទះ​របស់​គាត់​ នៅ​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៤។ © 2013 រក្សា​សិទ្ធិ​ដោយ Erin Bourgois

នៅ​ឆ្នាំ​១៩៩៧​នោះ ឪពុក​មា​របស់​កុមារា​ ដិប ដា បាន​ប្ដឹង​ទៅ​តុលាការ​ ដោយ​ទទួល​បាន​ជំនួយ​ពី​អង្គការ​លីកាដូ ចំពោះ​ករណី​​ឃាតកម្ម​លើ​ម្ដាយ​របស់​ដិប ដា និង​ករណី​វាយ​ប្រហារ​ដោយ​អាស៊ីដ។ ដិប ដា បាន​ឈរ​ឈ្មោះ​ជា​ដើម​បណ្ដឹង​ក្នុង​ដំណើរ​ការ​ជំនុំ​ជម្រះ​ក្ដី​នោះ។ ដិប ដា បាន​ប្រាប់​ថា៖ «ពេល​ខ្ញុំ​ដាក់​ពាក្យ​ប្ដឹង​ដំបូង ខ្ញុំ​ភ័យ​ខ្លាច​ពួក​ជន​ល្មើស​មក​តាម​សម្លាប់​ខ្ញុំ​ណាស់ ព្រោះ​ខ្ញុំ​ជា​មនុស្ស​តែ​មួយ​គត់​ដែល​បាន​ឃើញ​មុខ​ពួក​ជនល្មើស​យ៉ាង​ច្បាស់។» ដិប ដា​ បាន​ផ្លាស់​ប្ដូរ​ទីលំនៅ​ជា​ច្រើន​ដង​អស់​រយៈពេល​២ឆ្នាំ ដើម្បី​លាក់​ខ្លួន ហើយ​នៅ​ចុង​ក្រោយ​ ក៏​ទទួល​បាន​ទីជម្រក​ពី​អង្គការ​ទស្សនៈ​ពិភពលោក (World Vision) សម្រាប់​រស់នៅ​រយៈ​ពេល​៤ឆ្នាំ។១០៥

ដិប ដា បាន​និយាយ​ថា ក្នុង​ចំណោម​ក្រុម​ជនល្មើស​នោះ មាន​ពីរ​នាក់—ម្នាក់​ជា​អ្នក​ជិតខាង និង​ ម្នាក់​ទៀត​ដែល​បាន​សម​គំនិត—ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​មនុស្សឃាត និង​ត្រូវ​បាន​កាត់​ទោស។ ជន​សម​គំនិត​ម្នាក់​ទៀត​នៅ​មាន​សេរីភាព​នៅ​ឡើយ។ ចំណែក​ជន​សម​គំនិត​ម្នាក់​ទៀត​ដែល​បាន​សារភាព​ថា បាន​ទទួល​លុយ​៥ដុល្លារ​សម្រាប់​ការ​ជួយ​ប្រព្រឹត្ត​បទ​ល្មើស​នោះ ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធធនាគារ​រយៈពេល​៣ឆ្នាំ និង​បាន​អនុវត្ត​ទោស​រួច​ហើយ។ រីឯ​អ្នក​ជិតខាង​នោះ​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធធនាគារ​រយៈពេល​១៨ឆ្នាំ ប៉ុន្តែ​នាង​ត្រូវ​បាន​ដោះលែង​ ក្រោយ​ពី​អនុវត្ត​ទោស​បាន​១១ឆ្នាំ។ ដិប ដា មិន​ដឹង​ពី​មូលហេតុ​ពី​ក្រោយ​ការ​ដោះ​លែង​នោះ​ទេ។

ការ​ដោះ​លែង​ជន​ល្មើស​នោះ​ធ្វើ​ឲ្យ​ខ្ញុំ​កើត​ទុក្ខ និង​ ខក​ចិត្ត​យ៉ាង​ខ្លាំង។ ស្ត្រី​ម្នាក់​នោះ​ បាន​សម្លាប់​ម្ដាយ​របស់​ខ្ញុំ ហើយ​បច្ចុប្បន្ន​ គេ​អាច​រស់​នៅ​បាន​ដោយ​ធម្មតា។ ខ្ញុំ​មិន​ ពេញ​ចិត្ត​នឹង​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​ទេ។ ស្ត្រី​ម្នាក់​នោះ​បាន​រស់​នៅ​យ៉ាង​សប្បាយ​ រីករាយ​ ឆ្ងាយ​ពី​ផ្ទះ​ខ្ញុំ​តែ​១គីឡូម៉ែត្រ​ប៉ុណ្ណោះ។ ខ្ញុំ​មិន​ចង់​សងសឹក​ដោយ​ធ្វើ​បាប ឬ​ក៏​ សម្លាប់​គេ​ទេ ប៉ុន្តែ​ខ្ញុំ​ចង់​បាន​យុត្តិធម៌។១០៦

ដិប ដា ចង់​ប្ដឹង​ឧទ្ធរណ៍​ ប៉ុន្ដែ​លោក​មាន​ភាព​ស្ទាក់ស្ទើរ។ លោក​បាន​និយាយ​ថា៖ «ប្រសិន​បើ​ខ្ញុំ​បន្ដ​សំណុំ​រឿង​នេះ ខ្ញុំ​គិត​ថា ស្ត្រី​ម្នាក់​នោះ​អាច​នឹង​តាម​ធ្វើបាប​​ខ្ញុំ ឬ ប្រពន្ធ​ខ្ញុំ ឬ​ក៏​កូន​ខ្ញុំ។»១០៧

ជន​រងគ្រោះ​ក្នុង​អំពើ​វាយ​ប្រហារ​អាស៊ីដ​មួយ​ចំនួន ត្រូវ​អូស​បន្លាយ​រយៈ​ពេល​ស្នាក់​នៅ​ក្នុង​កន្លែង​ព្យាបាល​ ដោយ​សារ​បារម្ភ​ពី​សុវត្ថិភាព។ ចន្ធូ ដែល​បាន​ស្នើ​សុំ​ឲ្យ​យើង​កែប្រែ​រាល់​សេចក្ដី​លម្អិត​ពាក់ព័ន្ធ​នឹង​អត្តសញ្ញាណ​របស់​នាង​ព្រោះ​ខ្លាច​ការ​សងសឹក ត្រូវ​បាន​ជនល្មើស​វាយ​ប្រហារ​ដោយ​ប្រើ​អាស៊ីដ​រាវ​ ខណៈ​នាង​កំពុង​ទម្រេត​ខ្លួន​គេង​ជាមួយ​កូន​២នាក់ នៅ​យប់​មួយ​ក្នុង​ខែ​កញ្ញា ឆ្នាំ​២០០៩។ នាង​និយាយ​ថា នាង​បាន​ស្នាក់​នៅ​អង្គការ​ជួយ​សង្គ្រោះ​ជន​រងគ្រោះ​ដោយ​សារ​អាស៊ីដ (CASC) អស់​រយៈពេល​៤ខែ​ ព្រោះ​នាង​មិន​ហ៊ាន​ត្រឡប់​ទៅ​ផ្ទះ​វិញ។១០៨ នៅ​មន្ទីរពេទ្យ​ ជន​រងគ្រោះ​ក៏​អាច​នឹង​មិន​មាន​សុវត្ថិភាព​ពេញ​លេញ​ដែរ។ លោក​​វេជ្ជ​បណ្ឌិត ហង ឡៃ​រ៉ាប៉ូ បាន​និយាយ​ថា​ ពេលខ្លះ​ ជនល្មើស​ ឬ សាច់​ញាតិ​របស់​ជន​ល្មើស​ទៅ​មន្ទីរពេទ្យ ដោយ​បន្លំ​ខ្លួន​ជា​សាច់ញាតិ​របស់​ជន​រងគ្រោះ​ ដើម្បី​ចូល​ទៅ​វាយ​ប្រហារ ឬ គំរាម​កំហែង​កុំ​ឲ្យ​ជន​រងគ្រោះ​ហ៊ាន​ប្ដឹង​ពួកគេ។១០៩

ស្ដ្រី​ជា​ជន​រងគ្រោះ​ម្នាក់​ទៀត​ឈ្មោះ​ ចាន់ ប៊ុន​ធឿន អាយុ​៤៥ឆ្នាំ​ ដែល​រង​ការ​វាយ​ប្រហារ​ដោយ​អាស៊ីដ​កាល​ពី​ខែ​កញ្ញា ឆ្នាំ​១៩៩៧ ក្នុង​ខេត្ត​កំពង់ស្ពឺ ពី​សំណាក់​ប្រពន្ធ​របស់​បុរស​ម្នាក់​ដែល​នាង​កំពុង​ជួប​ក្នុង​ពេល​កើត​ហេតុ​នោះ បាន​និយាយ​ថា បន្ទាប់​ពី​នាង​បាន​ចេញ​ពី​មន្ទីរពេទ្យ កូនៗ​របស់​ស្ត្រី​ជា​ជនល្មើស​បាន​មក​សួរសុខ​ទុក្ខ​នាង។ នាង​ជឿ​ថា ពួកគេ​មក​សួរ​សុខ​ទុក្ខ​នាង ដោយ​សារ​មាន​វិប្បដិសារី​ចំពោះ​អ្វី​ដែល​ម្ដាយ​របស់​ពួកគេ​បាន​ប្រព្រឹត្ត​មក​លើ​នាង។ ប៊ុនធឿន​បាន​ប្រាប់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ថា៖ «ប៉ុន្តែ​ថ្ងៃ​មួយ កូនប្រុស​ទាំង​ពីរ​របស់​ស្ដ្រី​ជា​ជនល្មើស​នោះ បាន​ព្យាយាម​រឹតក​សម្លាប់​នាង​ដោយ​ប្រើ​ខ្សែ​កាប​ទូរទស្សន៍។» ប៊ុន​ធឿន​មិន​បាន​ប្ដឹង​អ្នក​ទាំង​ពីរ​នោះ​ទេ ដោយ​សារ​ខ្លាច​រង​ការវាយ​ប្រហារ​បន្ថែម​ទៀត។ នាង​និយាយ​ថា៖ «ចាប់​តាំង​ពី​ពេល​នោះ​មក​ ខ្ញុំ​ខ្លាច​ខ្លាំង​ណាស់។ បងប្អូន​បង្កើត​របស់​ខ្ញុំ​បាន​រៀបចំ​ឲ្យ​ខ្ញុំ​ស្នាក់​នៅ​ចល័ត ពេល​ខ្លះ​ខ្ញុំ​ស្នាក់​នៅ​ជាមួយ​បង​ស្រី​ម្នាក់​នេះ​ទៅ ពេល​ខ្លះ​ទៀត​ទៅ​ស្នាក់​នៅ​ជាមួយ​បង​ប្អូន​ផ្សេងទៀត​ទៅ។»១១០

កែវ ស្រី​វី កំពុង​សម្រាក​​​នៅ​​អង្គការជួយសង្គ្រោះជនរងគ្រោះកម្ពុជាដោយសារអាស៊ីដ (បច្ចុប្បន្ន​ត្រូវ​បាន​បិទ​មិន​ដំណើរ​ការ) នៅ​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០១០ ក្នុង​រាជធានី​ភ្នំពេញ​ ប្រទេស​កម្ពុជា ក្រោយ​ពេល​​ទទួល​ការ​វះកាត់ប៉ះ​ប៉ូវ​ស្បែក​មួយ​លើក​​​ទៀត។​ ​​   © 2010 រក្សា​សិទ្ធិ​ដោយ Paula Bronstein/Getty Images

គង់​ ទូច​បាន​រៀបរាប់​ពី​អារម្មណ៍​ភ័យ​ខ្លាច​ដែល​នាង​មាន​ជា​ប្រចាំ ចាប់​តាំង​ពី​រង​ការ​វាយ​ប្រហារ​នោះ​មក​ថា៖ «បន្ទាប់​ពី​ហេតុការណ៍​នោះ​មក​ … សូម្បី​តែ​ពេល​មាន​មនុស្ស​ដើរ​កាត់​ខ្ញុំ​ ក៏​ខ្ញុំ​ខ្លាច​ដែរ។»១១១ នាង​ជឿ​ថា មាន​បុគ្គល​ផ្សេង​ទៀត​ដែល​ពាក់ព័ន្ធ​ក្នុង​អំពើ​វាយ​ប្រហារ​មក​លើ​នាង​ ទោះ​បី​យ៉ាង​ណា​ នាង​មិន​ជំរុញ​ឲ្យ​មាន​ការ​កាត់​ទោស​អ្នក​ទាំង​នោះ​ទេ។ នាង​និយាយ​ថា៖ «ខ្ញុំ​មាន​អារម្មណ៍​ថា ខ្លួន​ខ្ញុំ​ស្លាប់​បាត់​ហើយ។ ប៉ុន្តែ​ ខ្ញុំ​នៅ​តែ​គិត​ថា ប៉ូលិស​គួរ​តែ​បើក​ការ​ស៊ើប​អង្កេត​ដោយ​ខ្លួន​ឯង​ទៅ។» នៅ​ពេល​យើង​សួរ​គង់ ទូច ថា​តើ​នាង​ខ្លាច​រង​ការ​សងសឹក​ ទើប​បាន​ជា​មិន​ហ៊ាន​ប្ដឹង​ពួកគេ​ជា​សាធារណៈ​ឬ​យ៉ាង​ណា នាង​​បាន​ឆ្លើយ​ថា៖ «ខ្ញុំ​ខ្លាច​គេ​សងសឹក​ខ្លាំង​ណាស់។ ខ្ញុំ​មាន​អារម្មណ៍​ខ្លាច​ ជន​ល្មើស​សងសឹក​លើ​ខ្ញុំ ឬ កូន​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​សង្ឃឹម​ថា​នឹង​មាន​យុត្តិធម៌។»១១២

ភាព​ភ័យ​ខ្លាច​បែប​នេះ​នឹង​នៅ​តែ​ជា​បញ្ហា​ប្រឈម​រួម​មួយ​ក្នុង​ចំណោម​ជន​រស់រាន​មាន​ជីវិត​ពី​ការ​វាយប្រហារ​ដោយ​អាស៊ីដ​ ដរាប​ណា​ការ​ការពារ​តាម​ផ្លូវ​ច្បាប់​សម្រាប់​សាក្សី នៅ​តែ​មាន​ភាព​ទន់​ខ្សោយ។ ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​បាន​ចែង​អំពី​ការ​ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ​​បណ្ដោះ​អាសន្ន​ ដើម្បី​«រារាំង​កុំ​ឲ្យ​មាន​ការ​គាបសង្កត់​លើ​សាក្សី ឬ ជន​រងគ្រោះ ឬ រារាំង​ដើម្បី​កុំ​ឲ្យ​មាន​ការ​ត្រូវ​រ៉ូវ​គ្នា​រវាង​ជន​ត្រូវ​ចោទ និង​អ្នក​សម​គំនិត» ប៉ុន្តែ​មិន​ទាន់​បាន​ចែង​អំពី​កម្មវិធី​ការពារ​សាក្សី​ឡើយ។១១៣ កម្ពុជា​បាន​ចូលរួម​ជាមួយ​ប្រទេស​ចំនួន​៥​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ នៅ​ទីក្រុង​គូតា ប្រទេស​ឥណ្ឌូនេស៊ី នៅ​ថ្ងៃ​ទី១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ក្នុង​កិច្ច​ពិភាក្សា​ពី​ការ​ការពារ​សាក្សី និង​បាន​ញ្ជាក់​អំពី៖

ភាព​ចាំ​បាច់​នៃ​ការ​កែលម្អ និង​អនុម័ត​វិធានការ​ និង យន្តការ​ថ្នាក់​ជាតិ​សម្រាប់​ការ​ ផ្ដល់​កិច្ច​ការពារ​ប្រកប​ដោយ​ប្រសិទ្ធភាព​ដល់​សាក្សី​ ឲ្យ​រួច​ផុត​ពី​អំពើ​សងសឹក ឬ  ការ​បំភិត​បំភ័យ​ដែល​អាច​កើតមាន ក្នុង​ដំណើរ​ការ​ជំនុំ​ជម្រះ​ក្ដី។ … ព្រម​ទាំង​ភាព ​ចាំ​បាច់​ក្នុង​ការ​អនុវត្ត​វិធានការ​ដើម្បី​បង្កើត​ឲ្យ​មាន​ការ​ការពារសុវត្ថិភាព​ផ្លូវ​កាយ​     របស់​សាក្សី ដូច​ជា​ការ​ផ្លាស់​ប្ដូរ​ទីលំនៅ​របស់​សាក្សី ការ​មិន​តម្រូវ​ឲ្យ​លាត​ត្រដាង ឬ​ កំណត់​ព្រំដែន​នៃ​ការ​លាត​ត្រដាង​នូវ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​អត្ដសញ្ញាណ​ និង​ទីលំនៅ​   របស់​សាក្សី ព្រម​ទាំង​ការ​ដាក់​ចេញ​នូវ​វិធាន​ភស្តុតាង​ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​ធ្វើ​ សក្ខីកម្ម​របស់​សាក្សី​ក្នុង​របៀប​មួយ​ដែល​ធានា​បាន​នូវ​សុវត្ថិភាព​របស់​ពួកគេ។១១៤

ក្នុង​កិច្ច​ប្រជុំ​ថ្នាក់​តំបន់​មួយ​ដែល​បាន​ប្រព្រឹត្ត​ទៅ​ក្នុង​ប្រទេស​ហ្វីលីពីន រដ្ឋាភិបាល​កម្ពុជា​បាន​ប្ដេជ្ញា​ចិត្ត​ថា នឹង​តាក់តែង​សេចក្ដី​ព្រាង​ច្បាប់​ការពារ​សាក្សី «ឲ្យ​បាន​ឆាប់​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។»១១៥ ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៤ លោក ឱម យ៉ិន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នៃ​ប្រទេស​កម្ពុជា (ACU) បាន​ប្រកាស​ពី​ផែនការ​ក្នុង​ការ​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​ដើម្បី​ការពារ​អ្នក​ហ៊ាន​បក​អាក្រាត​ពី​អំពើ​ល្មើស​ច្បាប់ និង បាន​ប្រកាស​រៀបចំ​បង្កើត​គណៈកម្មាធិការ​មួយ​សម្រាប់​តាក់តែង​សេចក្ដី​ព្រាង​ច្បាប់​ដែល​ដាក់​បញ្ចូល​នូវ​វិធានការ​ផ្ដល់​ការ​ការពារ​ដល់​សាក្សី​ ស្រប​តាម​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ស្ដី​ពី​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​ ដែល​កម្ពុជា​បាន​ចុះ​ហត្ថលេខា​ទទួល​យក​កាល​ពី​ឆ្នាំ​២០០៧។១១៦ ទោះ​បី​ជា​ការ​បញ្ចប់​ដំណើរ​ការ​តាក់តែង​សេចក្ដី​ពា្រង​ច្បាប់​ទាំង​នោះ​ត្រូវ​បាន​លើក​ពេល​ជា​បន្ត​បន្ទាប់​យ៉ាង​ណា​ក៏​ដោយ ក៏​លោក​ឱម យ៉ិន​ទៀង បាន​ប្រកាស​ក្នុង​សិក្ខាសាលា​មួយ​ជាមួយ​អ្នក​សារព័ត៌មាន​ ក្នុង​ខែ​ធ្នូ ឆ្នាំ​២០១៧​ថា ការ​តាក់តែង​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​ការការពារ​សាក្សី​ និង​បុគ្គល​ហ៊ាន​រាយការណ៍​ពី​បទ​ល្មើស​នោះ សម្រេច​បាន​ស្ទើរ​តែ​ទាំង​ស្រុង​ហើយ។១១៧ គិត​ត្រឹម​ពេល​ចងក្រង​របាយការណ៍​នេះ​ ការ​ចាប់ផ្ដើម​តាក់តែង​សេចក្ដី​ពា្រង​ច្បាប់​ទាំង​នោះ​បាន​កន្លង​ផុត​ទៅ​អស់​រយៈ​ពេល​ជិត​៤​ឆ្នាំ​ហើយ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ សេចក្ដី​ព្រាង​ច្បាប់​ទាំង​នោះ​នៅ​តែ​មិន​ទាន់ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ​នៅ​ឡើយ។

ការផ្ដល់សំណង

ច្បាប់​កម្ពុជា​មិន​បាន​ចែង​ពី​ការ​ផ្ដល់​ថវិកា​រដ្ឋ​ដល់​ជនរងគ្រោះ​ដោយ​អាស៊ីដ​ឡើយ ហើយ​គ្មាន​ជន​រងគ្រោះ​ណាម្នាក់​ដែល​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​បាន​សម្ភាសន៍​ ធ្លាប់​ទទួល​បាន​សំណង​ដែល​សម្រេច​ដោយ​តុលាការ​ទេ។ ក្នុង​ករណី​មួយ​ចំនួន ជន​រងគ្រោះ​បាន​រង​គំនាប ឬ ការ​គំរាម​កំហែង រួម​ទាំង​ពី​សំណាក់​មន្ត្រី​រដ្ឋាភិបាល​ផង ដែល​មិន​ឲ្យ​ពួកគេ​ស្វែងរក​ដំណោះ​ស្រាយ​តាម​ច្បាប់ ឬ បង្ខំ​ឲ្យ​ពួកគេ​យល់​ព្រម​ទទួល​យក​ដំណោះ​ស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ។ សំណុំ​រឿង​មួយ​ចំនួន​ត្រូវ​បាន​ពន្យារ​ពេល​ជា​ច្រើន​ឆ្នាំ ដែល​ជា​រឿយៗ​បណ្ដាល​មក​ពី​ការ​គេច​ខ្លួន​របស់​ជនល្មើស ហើយ​ក្នុង​សំណុំ​រឿង​ខ្លះ ដែល​បាន​ឈាន​ដល់​ដំណាក់​កាល​ទទួល​បាន​សេចក្ដី​សម្រេច​ពី​តុលាការ​ហើយ​នោះ ជន​ជាប់​ចោទ​បែរ​ជា​មិន​ព្រម​ផ្ដល់​សំណង​ដល់​ជន​រងគ្រោះ​តែ​ម្ដង។

ជន​រងគ្រោះ​ដោយ​សារ​អំពើ​វាយ​ប្រហារ​ដោយ​អាស៊ីដ​ ត្រូវ​ការ​សំណង​ភ្លាមៗ ក្រោយ​អំពើ​វាយ​ប្រហារ ព្រោះ​ពួកគេ​ត្រូវ​ការ​ចំណាយ​លើ​ថ្លៃ​ព្យាបាល​ជា​ច្រើន។ លើស​ពី​នេះ ជារឿយៗ​ ការ​វាយប្រហារ​ដោយ​អាស៊ីដ​បាន​បង្ក​ឲ្យ​ជន​រងគ្រោះ​ធ្លាក់​ខ្លួន​ពិការ ដែល​មិន​អាច​ឲ្យ​ពួកគេ​ប្រកប​របរ​ដែល​ធ្លាប់​ធ្វើ​កន្លង​ទៅ​ដើម្បី​ចិញ្ចឹម​ជីវិត​ត​ទៅ​ទៀត​ឡើយ ។ ជន​រងគ្រោះ​ម្នាក់​ឈ្មោះ ថុង ខាំ បាន​រង​គ្រោះ​ដោយ​ការ​ជះ​ទឹក​អាស៊ីដ​នៅ​ថ្ងៃ​ទី៥ ខែ​ឧសភា ឆ្នាំ​១៩៩០ ខណៈ​នាង​កំពុង​ឈរ​ក្បែរ​បុគ្គល​ដែល​ជា​គោលដៅ​នៃ​ការ​វាយ​ប្រហារ​របស់​ជន​ល្មើស។ ជិត​២៥​ឆ្នាំ​ក្រោយ​មក​ គឺ​នៅ​ថ្ងៃ​ទី៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ នាង​បាន​ទទួល​មរណភាព​ ដោយ​មិន​ទទួល​បាន​សំណង​អ្វី​ទាល់​តែ​សោះ។ កាល​ពី​ឆ្នាំ​២០០៥ ថុង ខាំ បាន​ប្រាប់​អង្គការ​ជួយ​សង្គ្រោះ​ជន​រងគ្រោះ​ដោយ​អាស៊ីដ​ (CASC)ថា៖

ខ្ញុំ​ត្រូវ​សំងំ​រស់នៅ​ក្នុង​ផ្ទះ​អស់​រយៈពេល​ជា​យូរ ដើម្បី​លាក់​ខ្លួន​ពី​សង្គម។ ខ្ញុំ​មិន​អាច​ ធ្វើ​ការងារ​ចិញ្ចឹម​ជីវិត​បាន​ទៀត​ទេ ព្រោះ​ខ្ញុំ​ខ្លាច​អ្នក​ផង​មិន​ទទួល​ស្គាល់​ខ្ញុំ។ គ្រួសារ​ ខ្ញុំ​រស់​ក្នុង​ជីវភាព​ដ៏​លំបាក ដោយ​សារ​តែ​ខ្ញុំ ព្រោះ​ខ្ញុំ​មិន​អាច​បំពេញ​តម្រូវការ​របស់​ ពួកគេ​បាន។១១៨

ថ្វី​បើ​បាន​ឆ្លង​កាត់​នីតិវិធី​ច្បាប់​ក្ដី រយៈពេល​២៣ឆ្នាំ​ក្រោយ​រង​ការ​វាយ​ប្រហារ ជន​រងគ្រោះ​ឈ្មោះ ដិប ដា បាន​និយាយ​ថា៖ «ខ្ញុំ​មិន​ធ្លាប់​ទទួល​បាន​សំណង​សូម្បី​មួយ​សេន​[ពី​ជន​ល្មើស]ទេ សម្រាប់​ករណី​ខ្ញុំ។»១១៩

ជន​រងគ្រោះ​ឈ្មោះ មួង ស្រី​មុំ ដែល​មិន​ទទួល​បាន​សំណង​ដែរ​នោះ​ ធ្លាប់​មាន​តូប​លក់​ដូរ​មួយ​នៅ​ក្នុង​ផ្សារ។ ប៉ុន្តែ​ចាប់​តាំង​ពី​រង​ការ​វាយ​ប្រហារ​មក​ នាង​បាន​ចំណាយ​ពេល​ភាគ​ច្រើន​ថែទាំ​សុខភាព​ ហើយ​កាល​ពី​ឆ្នាំ​មុន នាង​បាន​ចាប់​ផ្ដើម​ធ្វើការ​ងារ​នៅ​ក្នុង​តំបន់​ដែល​នាង​រស់​នៅ ដោយ​ប្រកប​របរ​ជា​អ្នក​ធ្វើ​ក្រចក​ រីឯ​ប្ដី​របស់​នាង​ប្រកប​របរ​រត់​ម៉ូតូ​ឌុប ដោយ​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​អង្គការ Smiling Gecko។១២០ ស្រី​មុំ​បាន​និយាយ​ថា ជន​ល្មើស​បាន​ភៀស​ខ្លួន​ទៅ​ប្រទេស​វៀតណាម​ ហើយ​សំណុំ​រឿង​របស់​នាង​ត្រូវ​បាន​ផ្អាក​អស់​រយៈ​ពេល​ជាង​៣ឆ្នាំ​ទៅ​ហើយ។ នាង​និយាយ​ថា៖

និយាយ​តាម​ត្រង់​ទៅ ខ្លួន​ខ្ញុំ​ទាំង​មូល​ឈឺ​ខ្លាំង​ណាស់ ប៉ុន្តែ​ក្នុង​ចិត្ត​របស់​ខ្ញុំ​ក៏​ឈឺ​ខ្លាំង​ ណាស់​ដែរ។ …  ខ្ញុំ​មិន​ចង់​សងសឹក​ទេ ខ្ញុំ​គ្រាន់​តែ​ចង់​បាន​យុត្តិធម៌ និង​សំណង​យក​ មក​ព្យាបាល​សុខភាព​ប៉ុណ្ណោះ។១២១

ជន​រងគ្រោះ​ម្នាក់​ទៀត​ឈ្មោះ​ ជាវ ចិន្ដា ដែល​ស៊ី​ឈ្នួល​វេច​ខ្ចប់​អង្ករ​ នៅ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​ (CFC) ដើម្បី​ទ្រទ្រង់​ជីវភាព​របស់​ខ្លួន​ និង​កូន​ស្រី​២នាក់​ ក្នុង​កម្រៃ​៣.៥០​ដុល្លារ​ក្នុង​មួយ​ថ្ងៃ បាន​និយាយ​ថា៖ «ខ្ញុំ​ដឹង​ថា ជន​ល្មើស​ត្រូវ​បាន​ចាប់​ខ្លួន ប៉ុន្តែ​ខ្ញុំ​មិន​បាន​ទទួល​សំណង​អ្វី​ឡើយ។»១២២

មាន​តែ​ជន​រងគ្រោះ​ពីរ​នាក់​ប៉ុណ្ណោះ​ក្នុង​ចំណោម​ជន​រងគ្រោះ​ទាំង​អស់​ដែល​យើង​បាន​ជួប​សម្ភាសន៍​ បាន​និយាយ​ថា ពួកគេ​ទទួល​បាន​សំណង​ជា​លុយ​ពី​ជន​ប្រព្រឹត្ត​បទ​ល្មើស។ ចន្ធូ និង​ ផេង ស្រីឡា បាន​និយាយ​ថា ពួកគេ​សុខ​ចិត្ត​ទទួល​យក​សំណង​បន្តិចបន្តួច​ ព្រោះ​ស្ថិត​ក្រោម​សំពាធ។ សំពាធ​ដែល​អ្នក​ទាំង​ពីរ​បាន​លើក​ឡើង​នោះ គឺ​សំដៅ​ដល់​ ការ​គាប​សង្កត់​ពី​មន្ត្រី​តុលាការ​ដែល​ជំរុញ​ឲ្យ​ពួកគេ​ទម្លាក់​ចោល​បណ្ដឹង ហើយ​យល់​ព្រម​ទទួល​យក​សំណង​ក្រៅ​ប្រព័ន្ធ​តុលាការ។ ដោយ​សារ​ភាព​ភ័យ​ខ្លាច និង​តម្រូវ​ការ​ចាយ​វាយ​លើ​ថ្លៃ​ព្យាបាល​ដែល​មាន​តម្លៃ​ថ្លៃ​ផង ស្រ្តី​ទាំង​ពីរ​នាក់​ក៏​បាន​យល់​ព្រម​ទទួល​យក​សំណង​នោះ។

មាន​កត្ដា​ជា​ច្រើន​ដែល​ជា​កត្តា​រួម​ក្នុង​គ្រប់​ករណី​បង្ក​របួស​ស្នាម​ទាំងអស់​នៅ​កម្ពុជា ដែល​ជំរុញ​ឲ្យ​ជន​រងគ្រោះ​យល់​ព្រម​ទទួល​យក​សំណង​បន្ដិច​បន្តួច​ជា​ថ្នូរ​នឹង​ការ​ទម្លាក់​ចោល​បណ្ដឹង​ព្រហ្មទណ្ឌ​របស់​ពួកគេ។ ក្នុង​ចំណោម​មូលហេតុ​ទាំង​ឡាយ​ដែល​នាំ​ឲ្យ​ពួកគេ​សុខ​ចិត្ត​ធ្វើ​បែប​នោះ គឺ​ការ​យល់​ខុស​ជា​ទូទៅ​មួយ​ដែល​ថា ជន​ជាប់​ចោទ​ដែល​ត្រូវ​បាន​តុលាការ​សម្រេច​ឲ្យ​បង់​ប្រាក់​សំណង​ដល់​ដើម​បណ្ដឹង​នោះ ចាំ​បាច់​ត្រូវ​បង់​ប្រាក់​សំណង​នោះ​ តែ​នៅ​ក្រោយ​ពេល​បាន​អនុវត្ត​ទោស​ក្នុង​ពន្ធធនាគារ​ចប់​សព្វ​គ្រប់​ប៉ុណ្ណោះ ហើយ​នៅ​ពេល​នោះ​ជន​រងគ្រោះ​ត្រូវ​ដាក់​បណ្ដឹង​មួយ​ទៀត​ទៅ​តុលាការ​ដើម្បី​ទាមទារ​ឲ្យ​ជន​ល្មើស​បង់​ប្រាក់​សំណង​ដល់​ជន​រងគ្រោះ។១២៣ ការ​ពិត​មិន​មែន​ដូច្នោះ​ឡើយ។

ទាំង​ច្បាប់​រដ្ឋប្បវេណី ទាំង​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​របស់​កម្ពុជា​សុទ្ធ​តែ​បាន​ចែង​ពី​ការ​បង់​ប្រាក់​សំណង​ការ​ខូចខាត​ដល់​ជន​រងគ្រោះ​ក្នុង​អំពើ​ឃោរឃៅ​ ដូចជា ការ​សម្លាប់ ការ​ធ្វើ​ឲ្យ​របួស​លើ​រាងកាយ​ និង​ការ​ខូចខាត​សតិអារម្មណ៍​ ដែល​បង្ក​ដោយ​ការ​រង​របួស​ស្នាម​លើ​រាងកាយ ឬ ការ​ប៉ះពាល់​ដល់​កិត្តិយស​ ឬ កេរ្ដិ៍ឈ្មោះ។១២៤  តុលាការ​ព្រហ្មទណ្ឌ​អាច​សម្រេច​ឲ្យ​មាន​ការ​ទូទាត់​សំណង​ចំពោះ​ការ​ខូចខាត(ព្យសនកម្ម )បាន លុះ​ត្រា​តែ​«បាន​ប្រកាស​ថា ជន​ជាប់​ចោទ​ត្រូវ​មាន​ពិរុទ្ធ​ជា​មុន​សិន» បូក​រួម​ទាំង​ការ​ប្ដឹង​ឧទ្ធរណ៍​ដែល​អាច​មាន​ផង​ដែរ។១២៥នេះ​មាន​ន័យ​ថា ជន​រង​គ្រោះ​អាច​នឹង​ត្រូវ​រង់ចាំ​ជា​ច្រើន​ឆ្នាំ​ដើម្បី​មាន​សិទ្ធិ​ទទួល​បាន​សំណង​​ទៅ​តាម​ច្បាប់ ដូច្នេះ​វា​មិន​មែន​ជា​ការពិត​ឡើយ​ដែល​ថា ជន​រងគ្រោះ​ត្រូវ​រង់ចាំ​រហូត​ដល់​ជនល្មើស​អនុវត្ត​ទោស​ចប់​ ឬ ត្រូវ​ដាក់​ពាក្យ​ប្ដឹង​មួយ​ទៀត​សិន​ ទើប​ទទួល​បាន​សំណង​នោះ។

ទោះ​ជា​យ៉ាង​ណា ក្នុង​ករណី​មួយ​ចំនួន​ ថ្វី​បើ​ជន​ជាប់​ចោទ​ត្រូវ​បាន​តុលាការ​ប្រកាស​ថា មាន​ពិរុទ្ធ ហើយ​ត្រូវ​បាន​តុលាការ​សម្រេច​ឲ្យ​សង​ការ​ខូចខាត​ដល់​ជន​រងគ្រោះ​ក៏​ដោយ  ក៏​ជន​ជាប់​ចោទ​នោះ​នៅ​តែ​មិន​ព្រម​ផ្ដល់​សំណង​ដល់​ជន​រងគ្រោះ​ដដែល។  ក្នុង​ករណី​បែប​នេះ ជន​ល្មើស​អាច​នឹង​ត្រូវ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធធនាគារ​រយៈពេល​២ឆ្នាំ។១២៦ ដើម្បី​ស្នើ​សុំ​ឲ្យ​ឃុំ​ខ្លួន​ជន​ល្មើស​ចំពោះ​ការ​ដែល​ពួកគេ​មិន​ព្រម​បង់​សំណង​ ជន​រងគ្រោះ​ដំបូង​ត្រូវ​ផ្ដល់​ភស្ដុតាង​បង្ហាញ​ថា «ខ្លួន​បាន​ប្រើ​អស់​មធ្យោបាយ​អនុវត្ត​ដែល​មាន​ចែង​ក្នុង​ច្បាប់​ដូច​ជា​ការ​រឹបអូស​ចលនវត្ថុ ឬ អចលនវត្ថុ​ជា​ដើម។»១២៧ ទោះ​យ៉ាង​ណា មិន​មាន​នីតិវិធី​ច្បាប់​ច្បាស់លាស់ សម្រាប់​ឲ្យ​ជន​រងគ្រោះ​ធ្វើ​ការ​រឹបអូស​ទ្រព្យសម្បត្តិ​របស់​ជន​ល្មើស​បាន​ទេ ហើយ​ជន​រងគ្រោះ​ភាគច្រើន​មិន​សូវ​យល់​ដឹង​ពី​នីតិវិធី​នៃ​ការ​ទូទាត់​សំណង​ សិទ្ធិ​របស់​ពួកគេ និង​ ជម្រើស​ផ្លូវ​ច្បាប់​ផ្សេងៗ​នោះ​ឡើយ។ ទោះ​បី​ជនល្មើស​ត្រូវ​បាន​ឃុំ​ខ្លួន​ចំពោះ​ការ​មិន​ព្រម​បង់​ប្រាក់​ពិន័យ​ហើយ​ក៏​ដោយ ក៏​ជន​នោះ​នៅ​តែ​ជំពាក់​ជន​រងគ្រោះ​ដដែល ប៉ុន្តែ​ច្បាប់​មិន​អនុញ្ញាត​ឲ្យ​ឃុំ​ខ្លួន​ជន​ល្មើស​នោះ​ម្ដង​ទៀត​ចំពោះ​ប្រាក់​បំណុល​ដដែល​នេះ​ទៀត​ទេ។១២៨ នៅ​ពេល​ឈាន​ដល់​ចំណុច​នេះ មិន​មាន​ជម្រើស​ផ្លូវ​ច្បាប់​ណា​ផ្សេង​ទៀត​ដែល​អាច​ឲ្យ​ជន​រងគ្រោះ​បន្ដ​ទាមទារ​សំណង​នោះ​ទេ ដែល​នេះ​ធ្វើ​ឲ្យ​លទ្ធភាព​របស់​ជនរងគ្រោះ​ក្នុង​ការ​ទទួល​បាន​សំណង​ហាក់​តិចតួច​ស្ដួចស្ដើង​បំផុត។ ដោយ​សារ​កត្តា​ទាំង​អស់​នេះ រួម​ផ្សំ​នឹង​ការ​ដែល​ចុង​ចោទ​ខ្លះ​មាន​ឥទ្ធិពល​លើ​មន្ត្រី​នគរបាល ព្រះរាជអាជ្ញា និង ចៅក្រម​ផង​ នោះ​ ការ​អនុវត្ត​ច្បាប់​ផ្ដល់​សំណង​ដល់​ជន​រងគ្រោះ​នឹង​មិន​អាច​ធ្វើ​ទៅ​បាន​ឡើយ (បើ​អាច​ធ្វើ​ទៅ​បាន​ ក៏​ត្រូវ​ប្រឈម​នឹង​ភាព​ពិបាក​ខ្លាំង​ដែរ) ដែល​នាំ​ឲ្យ​ពួកគេ​ងាយ​នឹង​យល់​ព្រម​ទទួល​យក​សំណង​មិន​សមរម្យ​ក្រៅ​ប្រព័ន្ធ​តុលាការ ឬ មិន​ទទួល​បាន​សំណង​ទាល់​តែ​សោះ​តែ​ម្ដង។

ក្របខណ្ឌ​ច្បាប់​ដ៏​ទន់ខ្សោយ​សម្រាប់​ការ​ទាមទារ​សំណង​បែប​នេះ ធ្វើ​ឲ្យ​​ការ​ប្ដេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ផ្ដល់​ជំនួយ​សង្គ្រោះ​ផ្នែក​ច្បាប់ និង​ ការ​ព្យាបាល​ដល់​ជន​រងគ្រោះ​ដោយ​សារ​អាស៊ីដ​ ដូច​មាន​ចែង​ក្នុង​ច្បាប់​ស្ដី​ពី​អាស៊ីដ​កាន់​តែ​មាន​បញ្ហា។

សិទ្ធិបស់ជនពិការក្នុងការទទួលបានយុត្តិធម៌

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​បាន​សម្ភាសន៍​មេធាវី​មួយ​ចំនួន​ដែល​ការពារ​ក្ដី​ឲ្យ​ជន​រងគ្រោះ​ដោយ​សារ​អាស៊ីដ។ ពួកគេ​បាន​និយាយ​ថា ពួកគេ​មិន​បាន​ដឹង​ពី​ការ​ទំនុក​បម្រុង​ណាមួយ​សម្រាប់​ឲ្យ​ជនរងគ្រោះ​ដែល​​មាន​ពិការ​ភាព​មាន​លទ្ធភាព​ចូលរួម​ក្នុង​សវនាការ​ឡើយ។១២៩

ជន​រងគ្រោះ​ឈ្នោះ គង់ ទូច ដែល​កំពុង​តស៊ូ​ក្នុង​ការ​សម្រប​ខ្លួន​ទៅ​នឹង​ពិការ​ភាព (អាច​មើល​ឃើញ​បាន​តែ​៥០ភាគរយ) បាន​និយាយ​ថា នាង​មាន​អារម្មណ៍​ថា ត្រូវ​បាន​គេ​រើសអើង​ ដោយសារ​រូបរាង​កាយ​របស់​នាង និង ដោយ​សារ​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា​ពុំ​បាន​ផ្ដល់​ជំនួយ​អ្វី​ដែល​អាច​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​នាង​ទៅ​កាន់​តុលាការ​ឡើយ។

តុលាការ​មិន​បាន​គិតគូរ​ពី​ភាព​ពិការ​ភ្នែក​របស់​ខ្ញុំ​ទេ។ ពេល​ខ្លះ អ្នក​នៅ​តុលាការ​អាច នឹង​រើសអើង​ខ្ញុំ​ទៀត។ ខ្ញុំ​មើល​មិន​ឃើញ​ទេ តែ​ខ្ញុំ​មាន​អារម្មណ៍​ថា ពួកគេ​ប្រហែល​ជា​ មាន​អារម្មណ៍​រើស​អើង​ខ្ញុំ។ ខ្ញុំ​កត់​សម្គាល់​ឃើញ​ថា ពួកគេ​មិន​ចង់​និយាយ​រក​ខ្ញុំ​ ទេ។១៣០

អតីត​បុគ្គលិក​អង្គការ​ជួយ​សង្គ្រោះ​ជន​រងគ្រោះ​ដោយ​អាស៊ីដ បាន​កត់​សម្គាល់​ថា ជា​រឿយៗ ជន​រងគ្រោះ​ពឹង​ផ្អែក​លើ​ពួកគេ​ដើម្បី​ទទួល​បាន​ជំនួយ​ចាំ​បាច់​នានា​ក្នុង​ដំណើរ​ការ​រឿង​ក្ដី​ពី​ដើម​ដល់​ចប់។ ជា​ពិសេស​គឺ​ជំនួយ​ដើម្បី​បាន​ទៅ​ចូលរួម​ក្នុង​សវនាការ ព្រោះ​ការ​ធ្លាក់​ខ្លួន​ពិការ​ក្រោយ​ពេល​រងគ្រោះ​ដោយ​ការ​វាយប្រហារ ដែល​មាន​ដូច​ជា ភាព​ពិការ​ភ្នែក ឬ ការ​មិន​អាច​ដើរ​បាន​ធម្មតា​ដូច​ពី​មុន​ជា​ដើម ធ្វើ​ឲ្យ​ពួកគេ​មាន​ការ​លំបាក​យ៉ាង​ខ្លាំង ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ភ្នំពេញ។ ក្រោយ​ពេល​អង្គការ​ជួយ​សង្គ្រោះ​ជន​រងគ្រោះ​ដោយ​អាស៊ីដ​ត្រូវ​បាន​បិទ កង្វះ​ខាត​នូវ​សម្ភារៈ​បរិក្ខារ​សម្រួល​ដល់​​ការ​ធ្វើ​ដំណើរ​របស់​ជន​ពិការ​ទៅ​តុលាការ បាន​ក្លាយ​ជា​ឧបសគ្គ​ចម្បង​ដល់​ជន​រងគ្រោះ​ក្នុង​ការ​ទទួល​បាន​ដំណោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់។

ក្រៅ​ពី​នេះ ជន​រងគ្រោះ​ដោយ​សារ​អាស៊ីដ​នៅ​កម្ពុជា​ ដែល​រង​ការ​រើសអើង​ដោយ​សារ​ពិការភាព​ ក៏​ត្រូវ​ប្រឈម​នឹង​វប្បធម៌​មាក់​ងាយ​ថែម​ទៀត ដែល​ជួនកាល​បណ្ដាល​មក​ពី​ទស្សនៈ​កម្មផល​នៅ​ក្នុង​ពុទ្ធសាសនា។ ជន​រងគ្រោះ​ខ្លះ​រៀបរាប់​ថា  មនុស្ស​មួយ​ចំនួន​ចាត់​ទុក​បញ្ហា​រូប​សម្បត្តិ​ដែល​កើត​មាន​មក​លើ​ពួកគេ​ថា ជា​កម្មពៀរ​ចំពោះ​អំពើ​បាប​ដែល​ពួកគេ​បាន​សាង​កាល​ពី​ជាតិ​មុន។ ក្នុង​នោះ ក៏​មាន​ជន​រងគ្រោះ​ដែល​សុខ​ចិត្ត​ទទួល​យក​ថា វា​ជា​កម្មពៀរ​របស់​ពួកគេ​ដែរ។១៣១

រដ្ឋាភិបាល​ត្រូវ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ធានា​ថា ជន​ពិការ​មាន​លទ្ធភាព​ទទួល​បាន​យុត្ដិធម៌ ដោយ​ស្មើ​ភាព​គ្នា​នឹង​ជន​ដទៃ​ទៀត​ដែរ​ និង​ត្រូវ​ធានា​ថា ប្រព័ន្ធ​តុលាការ​មិន​រើសអើង​ជន​ពិការ​ឡើយ។ កម្ពុជា​ជា​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​ស្ដី​ពី​សិទ្ធិ​ជន​ពិការ​ ដែល​ចែង​ថា ជន​ពិការ«មាន​សិទ្ធិ​ស្មើ​គ្នា​ ចំពោះ​មុខ​ច្បាប់» និង​មាន​«សិទ្ធិ​ទទួល​បាន​នូវ​យុត្តិធម៌»។១៣២

សមភាព​ និង យុត្តិធម៌​មិន​អាច​សម្រេច​ទៅ​បាន​ឡើយ ប្រសិន​បើ​លទ្ធភាព​នៃ​ការ​ប្រើប្រាស់​សិទ្ធិ​មិន​ត្រូវ​បាន​ផ្ដល់​ជូន​ដល់​ពលរដ្ឋ។ ក្រោម​អនុសញ្ញា​ស្ដី​ពី​សិទ្ធិ​ជន​ពិការ​ រដ្ឋាភិបាល​ទាំង​ឡាយ​មាន​កាតព្វកិច្ច​ក្នុង​ការ​ធានា​ថា តុលាការ​ផ្ដល់​លទ្ធភាព​ដល់​ជនពិការ​ដើម្បី​អាច​ឲ្យ​ពួកគេ​ទទួល​បាន​សេវា​ផ្លូវ​ច្បាប់។១៣៣ ក្រោម​អនុសញ្ញា​នេះ ការ​ផ្ដល់​លទ្ធភាព​ដល់​ជន​ពិការ​តម្រូវ​ឲ្យ​មាន​ការ​កំណត់ និង ដោះ​ស្រាយ​បញ្ហា​ទាំង​ផ្នែក​រូបវ័ន្ដ ទាំង​ផ្នែក​សង្គម ដែល​បង្ក​ជា​ឧបសគ្គ​ដល់​ការ​ទទួល​បាន​យុត្តិធម៌​ ក្នុង​នោះ រួម​មាន​ឧបសគ្គ​ដែល​រារាំង​មិន​ឲ្យ​ជន​ពិការ​ចូល​ក្នុង​អគារ​តុលាការ  មិន​ឲ្យ​ជនពិការ​អាច​ធ្វើ​ដំណើរ​បាន​ និង​មិន​ឲ្យ​ពួកគេ​អាច​ទទួល​បាន​ព័ត៌មាន​ជា​ដើម។ ប្រព័ន្ធ​តុលាការ​មិន​ត្រឹម​តែ​ត្រូវ​ធានា​ថា ជន​ពិការ​អាច​ប្រើប្រាស់​អគារ​តុលាការ​បាន​ទេ ប៉ុន្តែ​ក៏​ចាំ​បាច់​ត្រូវ​ផ្ដល់​ការ​ទំនុក​បម្រុង​សមរម្យ​ផ្សេងទៀត​ដែល​ជា​តម្រូវ​ការ​របស់​ជន​ពិការ​ផង​ដែរ។ ក្រៅ​ពី​នេះ តុលាការ​ក៏​ចាំ​បាច់​ត្រូវ​ធ្វើ​ការ​ទំនាក់ទំនង​ប្រកប​ដោយ​ប្រសិទ្ធភាព​ជាមួយ​ជន​ពិការ ដូច​ជា តាម​រយៈ​ការ​ផ្ដល់​ឯកសារ​ក្នុង​ទម្រង់​ដែល​អាច​​អោយ​ជន​ពិការ​ភ្នែក​អាន​បាន ឬ ផ្ដល់​សេវា​បកប្រែ​ភាសា​គ​ដល់​ជនរងគ្រោះ​គ​ថ្លង់​ជា​ដើម។

 

អនុសាសន៍

អំពើ​វាយប្រហារ​ដោយ​ការ​ប្រើប្រាស់​អាស៊ីដ​ខ្លាំង​ជា​ទម្រង់​នៃ​អំពើ​ហិង្សា​ដ៏​អមនុស្សធម៌​មួយ​  និង​ព្រៃ​ផ្សៃ​ជា​ទី​បំផុត ដែល​បន្សល់​ទុក​នូវ​ផល​ប៉ះពាល់​លើ​ជន​រងគ្រោះ​អស់​មួយ​ជីវិត។ ខណៈ​អំពើ​វាយ​ប្រហារ​ដោយ​អាស៊ីដ​នៅ​កម្ពុជា​មិន​សូវ​កើត​មាន​ញឹកញាប់​ដូច​កាល​ពី​មុន បញ្ហា​លំបាក​ជាច្រើន​ដែល​ជនរងគ្រោះ​ដោយ​សារ​អាស៊ីដ​នៅ​តែ​បន្ដ​ប្រឈម គូស​បញ្ជាក់​ពី​ភាព​ចាំ​បាច់​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​ ទាំង​កំណែ​ទម្រង់​តាម​មុខសញ្ញា​ជាក់លាក់​ដើម្បី​ជួយ​ជន​រងគ្រោះ ទាំង​កំណែទម្រង់​បែប​ទូលំទូលាយ​ជា​ប្រព័ន្ធ​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​ចាក់​ឫស​យ៉ាង​ជ្រៅ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌ នគរបាល​ និង​សុខាភិបាល ដែល​ប៉ះពាល់​មិន​ត្រឹម​តែ​ជន​រងគ្រោះ​ដោយ​សារ​អាស៊ីដ​ទេ ប៉ុន្តែ​ក៏​ប៉ះពាល់​ដល់​ពលរដ្ឋ​កម្ពុជា​ទាំង​អស់​ផង​ដែរ។

អនុសាសន៍សម្រាប់រាជរដ្ឋាភិបាលកម្ពុជា

ប្រព័ន្ធយុត្តិធម៌

ជា​ចំណែក​មួយ​នៃ​ការ​ខិតខំ​ប្រឹងប្រែង​ដ៏​ពិតប្រាកដ​ក្នុង​ការ​បង្កើត​ប្រព័ន្ធ​យុត្តិធម៌​ដែល​ឯករាជ្យ មិន​លម្អៀង​ និង​មាន​សមត្ថភាព រដ្ឋាភិបាល​កម្ពុជា​គួរ​តែ៖

  • បង្កើត​ឲ្យ​មាន​នូវ​នគរបាល​យុត្តិធម៌​ប្រកប​ដោយ​ឯករាជភាព និង​គោរព​គោលការណ៍​វិជ្ជាជីវៈ មាន​ថ្នាក់​ដឹកនាំ​តែងតាំង​ដោយ​គណៈកម្មការ​នគរបាល​យុត្តិធម៌​ដែល​មាន​អំណាច​ក្នុង​ការ​ធ្វើ​សវនកម្ម​លើ​នគរបាល​ថ្នាក់​ក្រោម អាច​បើក​ការ​ស៊ើប​អង្កេត​បណ្ដឹង​របស់​ពលរដ្ឋ និង​មាន​អំណាច​បណ្ដេញ​មន្ត្រី​ដែល​មិន​គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ​ចេញ​ពី​តំណែង។
  • បង្កើត​ឲ្យ​មាន​នូវ​តុលាការ​ដែល​មាន​ភាព​ឯករាជ្យ និង​ គោរព​គោលការណ៍​វិជ្ជាជីវៈ។ ចៅក្រម និង​ព្រះរាជ​អាជ្ញា​គួរ​តែ​ត្រូវ​បាន​តែងតាំង​ដោយ​ក្រុម​ប្រឹក្សា​នៃ​អង្គចៅក្រម​ដែល​មាន​ភាព​ឯករាជ្យ មាន​អំណាច​ក្នុង​ការ​ស៊ើប​អង្កេត​រាល់​បណ្ដឹង​របស់​ពលរដ្ឋ និង​ដាក់​ទោស​ទណ្ឌ​ដល់​ចៅក្រម និង​ព្រះរាជ​អាជ្ញា​ដែល​បំពាន​ក្រម​សីលធម៌​វិជ្ជាជីវៈ។
  • កែ​លម្អ​ក្រម​ព្រហ្មទណ្ឌ​ដើម្បី​ចាត់​បញ្ចូល​អំពើ​រារាំង​ដល់​ដំណើរ​ការ​អនុវត្ត​ច្បាប់​ជា​បទ​ល្មើស​ព្រហ្មទណ្ឌ  រួម​ទាំង​ការ​ដាក់​ចេញ​នូវ​ការ​ណែនាំ ឬ ដាក់​សម្ពាធ​លើ​មន្ត្រី​ប៉ូលិស ចៅក្រម ឬ ព្រះរាជអាជ្ញា ដើម្បី​ឲ្យ​ពួកគេ​ដឹង​ថា អ្វី​ដែល​ពួកគេ​ត្រូវ​ធ្វើ ឬ អ្វី​ដែល​ពួកគេ​មិន​ត្រូវ​ធ្វើ​ក្នុង​ពេល​បំពេញ​​ការងារ។
  • ហាម​ឃាត់​ការ​ទូទាត់​សំណង​ក្រៅ​ផ្លូវការ​ចំពោះ​បទ​ល្មើស​ព្រហ្មទណ្ឌ រួម​ទាំង​បទ​ល្មើស​ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​ដោយ​ការ​ប្រើ​អាស៊ីដ​ផង​ដែរ ដែល​រារាំង​ដល់​ការ​ផ្ដន្ទាទោស​ជន​ប្រព្រឹត្ត​ឲ្យ​បាន​សមរម្យ។
  • អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​ការ​ការពារ​សាក្សី និង​ជន​រងគ្រោះ ដែល​បាន​សន្យា​ជា​យូរ​មក​ហើយ​នោះ​ ឲ្យ​ក្លាយ​ជា​ច្បាប់។ វិធាន​ការ​ការពារ​គួរ​តែ​រួម​បញ្ចូល​នូវ​កម្មវិធី​ផ្លាស់​ប្ដូរ​ទីលំនៅ​របស់​ជនរងគ្រោះ​ និង​សាក្សី​ដែល​ស្ថិត​ក្នុង​ហានិភ័យ ការ​មិន​តម្រូវ​ឲ្យ​សាក្សី​លាត​ត្រដាង​ពី​អត្ដសញ្ញាណ​ និង​ទីលំនៅ​របស់​ពួកគេ ឬ កំណត់​ព្រំដែន​នៃ​ព័ត៌មាន​ដែល​ត្រូវ​លាត​ត្រដាង ព្រម​ទាំង​បញ្ចូល​នូវ​វិធាន​ភស្តុតាង​ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​ធ្វើ​សក្ខីកម្ម​របស់​សាក្សី​ក្នុង​របៀប​មួយ​ដែល​អាច​ការពារ​ពួកគេ​ពី​ការ​ធ្វើ​ទុក្ខ​បុកម្នេញ ការ​បំភិតបំភ័យ ឬ ​ការ​បង្ខិតបង្ខំ ដោយ​មិន​បំពាន​សិទ្ធិ​​របស់​ជន​ត្រូវ​ចោទ​ក្នុង​ការ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ក្ដី​ដោយ​យុត្តិធម៌។ 
  • បញ្ជាក់​ឲ្យ​បាន​ច្បាស់​ពី​អត្ថន័យ​នៃ​បទ​ប្បញ្ញត្តិ​ស្ដី​ពី«ជំនួយ​សង្គ្រោះ​ផ្នែក​ច្បាប់»ត្រង់​មាត្រា​១១នៃ​ច្បាប់​ស្ដីពីការ​គ្រប់គ្រង​អាស៊ីដ​ខ្លាំង។ រដ្ឋាភិបាល​គួរ​ចាត់​វិធានការ​ក្នុង​ការ​ធានា​ថា សេវា ឬ ធនធាន​នេះ​ត្រូវ​បាន​ផ្ដល់​ជូន​ដល់​ជនរងគ្រោះ និង​អាច​ឲ្យ​ជនរងគ្រោះ​ទទួល​បាន​នៅ​ពេល​ពួកគេ​ត្រូវ​ការ។

ជំនួយសង្គ្រោះផ្នែកវេជ្ជសាស្ត្រសម្រាប់ជនរងគ្រោះក្នុងអំពើវាយប្រហារដោយអាស៊ីដ

ប្រព័ន្ធ​សុខាភិបាល​កម្ពុជា​មាន​ចំណុច​ខ្វះខាត​ជា​ច្រើន ដែល​យើង​មិន​អាច​រៀបរាប់​ពិស្ដារ​ក្នុង​របាយការណ៍​នេះ​បាន។ ខាង​ក្រោម​នេះ គឺ​ជា​អនុសាសន៍​មួយ​ចំនួន​ដែល​ពាក់​ព័ន្ធ​ដោយ​ផ្ទាល់​នឹង​ការ​ព្យាបាល​ និង​ការ​ធូរស្បើយ​របស់​ជន​រស់រាន​មាន​ជីវិត​ក្នុង​អំពើ​វាយ​ប្រហារ​ដោយ​អាស៊ីដ។ រដ្ឋាភិបាល​កម្ពុជា​គួរ​តែ៖

  • បង្កើត​ផ្នែក​ជំនាញ​ព្យាបាល​ការ​រលាក​នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ​ធំៗ ជា​ពិសេស​នៅ​ក្នុង​ខេត្ត​កំពង់ចាម
  • ផ្ដល់​សេវា​ព្យាបាល និង​ថែទាំ​សុខភាព​ផ្លូវ​ចិត្ត​តាម​រយៈ​ការ​ចូលរួម​ក្នុង​សង្គម​ជូន​ជន​រងគ្រោះ​ដោយ​អាស៊ីដ និង​គ្រួសារ​របស់​ពួកគេ។
  • ទំនាក់ទំនង​ឲ្យ​បាន​ច្បាស់​ជាមួយ​មន្ទីរ​ពេទ្យ​រដ្ឋ​ទាំងអស់​នៅ​គ្រប់​ជាន់​ថ្នាក់​អំពី​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​អាស៊ីដ​ខ្លាំង​ត្រង់​មាត្រា​១១ ដែល​ចែង​ថា​រាល់ «មណ្ឌល​សុខភាព​ មន្ទីរពេទ្យ​រដ្ឋ ឬ គ្រឹះស្ថាន​ព្យាបាល​សាធារណៈ​ផ្សេង​ទៀត​ ត្រូវ​ផ្ដល់​ការ​សង្គ្រោះ​និង​ការ​ការពារ​ដល់​ជន​រងគ្រោះ​ដោយ​សារ​អាស៊ីដ​ខ្លាំង ដោយ​ឥត​គិត​ថ្លៃ។»
  • ធានា​ថា ថ្នាំ​កាត់​បន្ថយ​ការ​ឈឺចាប់​ ទាំង​ថ្នាំ​ម័រហ្វីន (Morphine) ទាំង​ថ្នាំ​កូដេអ៊ីន (Codeine) មាន​បរិមាណ​គ្រប់គ្រាន់​ដែល​អាច​បំពេញ​តម្រូវ​ការ​ជាក់ស្ដែង​ និង​អាច​ឲ្យ​ជន​រងគ្រោះ​ទទួល​បាន​ នៅ​ពេល​ពួកគេ​ត្រូវ​ការ១៣៤ ស្រប​តាម​កាតព្វកិច្ច​របស់​រដ្ឋាភិបាល​កម្ពុជា​ដែល​មាន​ចែង​ក្នុង​កតិកាសញ្ញា​អន្តរជាតិ​ស្ដី​ពី​សិទ្ធិ​សេដ្ឋកិច្ច សង្គម​កិច្ច និង វប្បធម៌ ហើយ​និង​ផែនការ​យុទ្ធសាស្ដ្រ​ជាតិ​ស្ដី​ពី​ការ​ទប់ស្កាត់ និង​គ្រប់គ្រង​ជំងឺ​មិន​ឆ្លង ឆ្នាំ​២០១៣-២០២០  ដោយ៖
    • ធ្វើ​បច្ចុប្បន្នភាព​ និង​បញ្ជាក់​ឲ្យ​បាន​ច្បាស់​អំពី​ការចេញ​វេជ្ជបញ្ជា​ផ្ដល់​ថ្នាំ​បំបាត់​ការ​ឈឺចាប់ (opioid analgesics)
    • បង្កើន​រយៈកាល​ផុត​សុពលភាព​នៃ​វេជ្ជបញ្ជា​ផ្ដល់​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ឲ្យ​បាន​ដល់​៣សប្ដាហ៍​ ស្រប​តាម​បទដ្ឋាន​កំណត់​ដោយ​អង្គការ​ឈឺចាប់​គ្មាន​ព្រំដែន (Douleurs Sans Frontieres)
    • បញ្ចូល​ខ្ទង់​ចំណាយ​សម្រាប់​ការ​ថែទាំ​អ្នក​ជំងឺ​មាន​ការ​ឈឺចាប់​ធ្ងន់ធ្ងរ​ក្នុង​ថវិកា​ជាតិ​សម្រាប់​វិស័យ​សុខាភិបាល
    • ធ្វើ​ឲ្យ​ថ្នាំ​គ្រាប់​បំបាត់​ការ​ឈឺចាប់​ប្រភេទ​ម័រហ្វីន​(morphine)មាន​នៅ​តាម​ឱសថស្ថាន និង​មណ្ឌល​សុខភាព​ គ្រប់​ខេត្ដ​-រាជធានី
    • ផ្ដល់​ការ​បណ្ដុះបណ្ដាល​ស្ដី​ពី​ការ​គ្រប់គ្រង​ភាព​ឈឺចាប់​របស់​អ្នក​ជំងឺ ដល់​គិលានុបដ្ឋាក និង​ គ្រូពេទ្យ​នៅ​តាម​បណ្ដា​មន្ទីរពេទ្យ​បង្អែក​
    • បញ្ចូល​ការ​គ្រប់គ្រង​ភាព​ឈឺចាប់ ជា​លក្ខន្ដិកៈ​មួយ​ក្នុង​ចំណោម​លក្ខន្ដិកៈ​ផ្សេងទៀត សម្រាប់​ប្រើក្នុង​ការ​វាយតម្លៃ​គុណភាព​នៃ​ការ​ព្យាបាល និង ថែទាំ​អ្នក​ជំងឺ។

ការជួសជុលការខូចខាតនិងជំនួយស្ដារនីតិសម្បទាដល់ជនរងគ្រោះ

  • ដូច​មាន​បញ្ជាក់​ក្នុង​មាត្រា១២​នៃ​ច្បាប់​ស្ដី​ការ​គ្រប់គ្រង​អាស៊ីដ​ខ្លាំង ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធជន​ និង​យុវនីតិ​សម្បទា គួរ​តែ​ដាក់​ចេញ​នូវ​កម្មវិធី​សម្រាប់​ទ្រទ្រង់ ស្ដារ​នីតិសម្បទា និង​ ធ្វើ​សមាហរណកម្ម​ជន​រងគ្រោះ​ដោយ​អាស៊ីដ​ទៅ​ក្នុង​សហគមន៍។ កម្មវិធី​ទាំង​នោះ​គួរ​តែ​បញ្ចូល​នូវ​ការ​ព្យាបាល​ និង​ ថែទាំ​សុខភាព​ផ្លូវចិត្ត​របស់​ជន​រងគ្រោះ វិធី​សាស្ត្រ​ព្យាបាល​ផ្លូវ​កាយ និង​ផ្ដល់​មុខរបរ​ដល់​ជន​រងគ្រោះ ព្រម​ទាំង​ការ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ជា​ដើម។
  • ស្រប​តាម​អនុសញ្ញា​ស្ដី​ពី​សិទ្ធិ​ជន​ពិការ​ ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធជន​ និង​យុវនីតិ​សម្បទា គួរ​តែ​ធានាថា បុគ្គល​ដែល​ធ្លាក់​ខ្លួន​ពិការ​ក្រោយ​ពេល​រង​ការ​វាយ​ប្រហារ​ដោយ​អាស៊ីដ មាន​លទ្ធភាព​ទទួល​បាន​សេវា​ទំនុកបម្រុង​ជាច្រើន​នៅ​ក្នុង​សហគមន៍។
  • ស្រប​តាម​អនុសាសន៍​ទូទៅ​លេខ​៣៥ នៃ​គណៈកម្មាធិការ​ស្ដី​ពី​ការ​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើសអើង​ប្រឆាំង​នឹង​ស្ត្រី​ភេទ (CEDAW) រដ្ឋាភិបាល​គួរ​តែ​បង្កើត​កម្មវិធី​ឲ្យ​បាន​ជាក់​លាក់​សម្រាប់​ជួសជុល​ការ​ខូចខាត​ដល់​ជន​រងគ្រោះ​ជា​ស្ត្រី​ដោយ​សារ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ រួម​ទាំង​អំពើ​ហិង្សា​ដោយ​ការ​ប្រើ​អាស៊ីដ​ផង​ដែរ។ ក្នុង​អនុសាសន៍​នេះ​ អនុសញ្ញា​ស្ដី​ពី​ការ​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើសអើង​ប្រឆាំង​នឹង​ស្ត្រី​ភេទ​ ជំរុញ​ឲ្យ​រដ្ឋាភិបាល​ទាំង​ឡាយ​«ផ្ដល់​ការ​ជួសជុល​ការ​ខូចខាត​ប្រកប​ដោយ​ប្រសិទ្ធភាព​ដល់​ជន​រងគ្រោះ​ជា​ស្ត្រី​ភេទ ឬ ជន​រស់រាន​មាន​ជីវិត​ក្នុង​អំពើ​ហិង្សា​ជេនឌ័រ» រួម​ទាំង​ការ​ផ្ដល់​សំណង​ជា​ប្រាក់​កាស និង​ សេវា​ព្យាបាល​សុខភាព សេវា​សង្គម និង សេវា​ផ្លូវ​ច្បាប់​ផង​ដែរ។ អនុសញ្ញា​នេះ​ក៏​ផ្ដល់​អនុសាសន៍​ផង​ដែរ​ដល់​រដ្ឋ​ភាគី​ឲ្យ​បង្កើត​«កញ្ចប់​ថវិកា​សម្រាប់​ចំណាយ​លើ​ការ​ជួសជុល​ការ​ខូចខាត​ដល់​ជន​រងគ្រោះ​ឲ្យ​បាន​ជាក់លាក់ ឬ ដាក់​បញ្ចូល​ខ្ទង់​ចំណាយ​លើ​អំពើ​ហិង្សា​យេនឌ័រ​ប្រឆាំង​ស្ដ្រី​ភេទ ទៅ​ក្នុង​កញ្ចប់​ថវិកា​ដែល​មាន​ស្រាប់។ »១៣៥
  • អនុសាសន៍​ទូទៅ​នៃ​CEDAWបញ្ជាក់​ថា បរាជ័យ​ក្នុង​ការ​ចាត់​វិធានការ​សមរម្យ​នានា​ដើម្បី​ទប់ស្កាត់​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​ជេនឌ័រ រួម​ទាំង​បរាជ័យ​ក្នុង​ការ​បង្កើត​កម្មវិធី​ផ្ដល់​សំណង​ការ​ខូចខាត​ដល់​ជន​រងគ្រោះ​ក្នុង​អំពើ​ហិង្សា​នេះ គឺ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស។ កម្មវិធី​នោះ​គួរ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​លក្ខណៈ​តម្លាភាព​ មាន​ការ​ពិគ្រោះ​យោបល់ និង ទាន់​ពេល​វេលា គួរ​ដក​បទ​ពិសោធន៍​ពី​គម្រូ​ល្អៗ​ក្នុង​ប្រទេស​ដទៃ ព្រម​ទាំង​ផ្ដល់​សំណង​ជា​ប្រាក់កាស​ សេវា​ព្យាបាល​សុខភាព សេវា​សង្គម និង​សេវា​ផ្នែក​ច្បាប់​ដល់​ជន​រងគ្រោះ។

លទ្ធភាពរបស់ជនពិការ

  • ដូច​មាន​ចែង​ក្នុង​អនុសញ្ញា​ស្ដី​ពី​សិទ្ធិ​ជន​ពិការ ក្រសួង​យុត្តិធម៌​គួរ​ធានា​ថា តុលាការ​មាន​បរិក្ខារ​គ្រប់គ្រាន់​សម្រាប់​ឲ្យ​បុគ្គល​ដែល​មាន​ពិការ​ភាព​ផ្សេងៗ​អាច​ប្រើប្រាស់​បាន រួម​ទាំង​ពិការភាព​បង្ក​ដោយ​អំពើ​ហិង្សា​ដោយ​អាស៊ីដ​ផង​ដែរ។

វិធីបង្ការ

  • ធានា​នូវ​ការ​ផ្ដល់​សេវា​ប្រឹក្សា​ចាំបាច់​ឲ្យ​បាន​គ្រប់គ្រាន់ និង​ផ្ដល់​ទីជម្រក​ប្រកប​ដោយ​សុវត្ថិភាព​ ក្នុង​គ្រប់​ស្រុក/ខណ្ឌ​ដល់​ជន​រងគ្រោះ​ក្នុង​អំពើ​ហិង្សា​ក្នុង​គ្រួសារ ទៅ​តាម​គោលដៅ​យុទ្ធសាស្ត្រ​នៃ​ផែនការ​សកម្មភាព​ថ្នាក់​ជាតិ​ដើម្បី​ទប់ស្កាត់​អំពើ​ហិង្សា​ប្រឆាំង​ស្ត្រី​ភេទ សម្រាប់​ឆ្នាំ​២០០៩-២០១២ និង​ឆ្នាំ​២០១៤-២០១៨។
  • ក្រសួង​មហាផ្ទៃ​គួរ​តែ​ពង្រីក​យុទ្ធនាការ​ផ្សព្វផ្សាយ​អប់រំ​អំពី​ច្បាប់​ស្ដី​ពី​អាស៊ីដ​ខ្លាំង​ទៅ​ដល់​បណ្ដា​ខេត្ត​នានា​ក្រៅ​ពី​រាជធានី​ភ្នំពេញ ជាពិសេស​ខេត្ត​កំពង់​ចាម។ ក្រសួង​គួរ​តែ​ចុះ​ត្រួត​ពិនិត្យ​​នៅ​តាម​វិស័យ​ផ្សេងៗ​ទៀត​ដែល​មាន​ការ​ប្រើប្រាស់​អាស៊ីដ​ ជា​ពិសេស​ក្នុង​ចំណោម​ជាង​មាស៕
 


សេចក្ដីថ្លែងអំណរគុណ

របាយការណ៍​នេះ​ជា​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​ និង​ការ​រៀបរៀង​របស់​ Julia Bleckner ទីប្រឹក្សា​ប្រចាំ​ផ្នែក​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​អន្តរជាតិ​ (Human Rights Watch) ដោយ​មាន​ជំនួយ​ខាង​ស្រាវជ្រាវ​ពី​ Storm Tiv អតីត​មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​តំបន់​អាស៊ី។ របាយការណ៍​នេះ​ត្រូវ​បាន​ត្រួត​ពិនិត្យ និង​កែ​សម្រួល​ដោយ​ Brad Adamsនាយក​ផ្នែក​តំបន់​អាស៊ី Aruna Kashyabទីប្រឹក្សា​ជាន់​ខ្ពស់​ផ្នែក​សិទ្ធិ​នារី Diederik Lohman នាយក​ផ្នែក​សុខភាព​ និង សិទ្ធិ​មនុស្ស Bede Sheppard នាយក​រង​ផ្នែក​សិទ្ធិ​កុមារ និង Emina Ćerimović អ្នក​ស្រាវជ្រាវ​ផ្នែក​សិទ្ធិ​ជន​ពិការ។ James Ross នាយក​ផ្នែក​គោល​នយោបាយ និង ច្បាប់​ ព្រម​ទាំង​ Joseph Saunders នាយក​រង​នៃ​កម្មវិធី បាន​ផ្ដល់​ការ​ត្រួត​ពិនិត្យ​ផ្នែក​ច្បាប់ និង​ កម្មវិធី។

យើង​ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​ដល់​ Erin Bourgois អតីត​អ្នក​គ្រប់គ្រង​គម្រោង​នៃ​អង្គការ​ជួយ​សង្គ្រោះ​ជន​រងគ្រោះ​កម្ពុជា​ដោយ​សារ​អាស៊ីដ (CASC) ចំពោះ​ការ​អនុញ្ញាត​ឲ្យ​យើង​ខ្ញុំ​ដក​ស្រង់​ចំណេះ និង ជំនាញ​យ៉ាង​ច្រើន​ពី​នាង​សម្រាប់​ការ​ចងក្រង​របាយការណ៍​នេះ។ យើង​ក៏​សូម​អរគុណ​ដែរ​ដល់​អតីត​បុគ្គលិក​ដទៃ​ទៀត​នៃ​អង្គការ​ជួយ​សង្គ្រោះ​ជន​រងគ្រោះ​កម្ពុជា​ដោយ​សារ​អាស៊ីដ​ ដែល​បាន​ជួយ​រៀបចំ​កិច្ច​សម្ភាសន៍ ព្រម​ទាំង​ជួយ​ផ្ដល់​ឯកសារ​ និង សំណុំ​រឿង​របស់​ជន​រងគ្រោះ។

សំខាន់​បំផុត យើង​សូម​ថ្លែង​អំណរ​គុណ​ដល់​ជន​រងគ្រោះ​ក្នុង​អំពើ​វាយ​ប្រហារ​ដោយ​អាស៊ីដ​ដែល​ហ៊ាន​ចែក​រំលែក​រឿង​រ៉ាវ​របស់​ខ្លួន​ដល់​យើង​ខ្ញុំ៕

 

 

ទោះ​យ៉ាង​ណា​ ការ​វាយ​ប្រហារ​បែប​នេះ​បាន​កើន​ឡើង​នៅ​ចក្រភព​អង់គ្លេស​នា​ពេល​ថ្មីៗ​នេះ។ សូម​មើល Joanna Kakissis, “Acid Attacks on the Rise in UK,” National Public Radio, August 6, 2017, http://www.npr.org/sections/parallels/2017/08/06/541209398/acid-attacks-on-the-rise-in-the-u-k (ចូល​មើល​ថ្ងៃ​ទី១៩ ខែ​កុម្ភៈ ឆ្នាំ​២០១៨)។

  Acid Survivors Trust International, “Country Files,” undated, https://www.acidviolence.org/a-worldwide-problem.html (ចូល​មើល​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០១៨)។

មូល​និធិ​ជន​រងគ្រោះ​ដោយ​អាស៊ីដ​នៃ​ប្រទេស​បង់ក្លាដែស (Acid Survivors Foundation Bangladesh), “អំពើ​ហិង្សា​ដោយ​អាស៊ីដ​,” គ្មាន​កាល​បរិច្ឆេទ, http://www.acidsurvivors.org/Acid-Violence (ចូល​មើល​នៅ​ថ្ងៃ​ទី៦ ខែ​កក្កដា ឆ្នាំ​២០១៦); Avon Global Center for Women and Justice at Cornell Law School et al., “ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ហិង្សា​ដោយ​អាស៊ីដ​នៅ​បង់ក្លាដែស ឥណ្ឌា និង​កម្ពុជា,” ឆ្នាំ​២០១១, http://www.ohchr.org/Documents/HRBodies/CEDAW/HarmfulPractices/AvonGlobalCenterforWomenandJustice.pdf (ចូល​មើល​ថ្ងៃ​ទី២៩ ខែ​មិថុនា ឆ្នាំ​២០១៥); មូល​និធិ​ជន​រងគ្រោះ​ដោយ​អាស៊ីដ​នៃ​ប្រទេស​បង់ក្លាដែស, “របាយការណ៍​ប្រចាំ​ឆ្នាំ​២០១៣,” ខែ​ធ្នូ ឆ្នាំ​២០១៣, http://www.acidsurvivors.org/images/frontImages/Annual_Report-2013.pdf (ចូល​មើល​ថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ​២០១៥)។

  មូល​និធិ​ជន​រងគ្រោះ​ដោយ​អាស៊ីដ​នៃ​ប្រទេស​បង់ក្លាដែស (Acid Survivors Foundation Bangladesh), “ស្ថិតិ,” ខែ​ធ្នូ ឆ្នាំ​២០១៧, http://www.acidsurvivors.org/Statistics (ចូល​មើល​នៅ​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៨); មូល​និធិ​ជន​រងគ្រោះ​ដោយ​អាស៊ីដ​នៃ​ប្រទេស​បង់ក្លាដែស, “របាយការណ៍​ប្រចាំ​ឆ្នាំ​២០១៣”។

  មូល​និធិ​ជន​រងគ្រោះ​ដោយ​អាស៊ីដ​នៃ​ប្រទេស​បង់ក្លាដែស (Acid Survivors Foundation Bangladesh), “របាយការណ៍​ប្រចាំ​ឆ្នាំ​២០១៣”។

  Allie Torgan, “Acid Attacks, Poison: What Afghan Girls Risk by Going to School,” CNN, ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ​២០១២, http://www.cnn.com/2012/08/02/world/meast/cnnheroes-jan-afghan-school/ (ចូល​មើល​ថ្ងៃ​ទី​៣ ខែ​កក្កដា ឆ្នាំ​២០១៥); Shaan Khan, “Pakistani Taliban Target Female Students with Acid Attack,” CNN, ថ្ងៃ​ទី​៣ ខែ វិច្ឆិកា ឆ្នាំ​២០១២, http://www.cnn.com/2012/11/03/world/asia/pakistan-acid-attack/ (ចូល​មើល​ថ្ងៃ​ទី​៣ ខែ​កក្កដា ឆ្នាំ​២០១៥); Atia Abawi, “Afghan Girls Maimed by Acid Vow to Go to School,” CNN, ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០០៩, http://www.cnn.com/2009/WORLD/asiapcf/01/22/acid.attacks/index.html?eref=onion (ចូល​មើល​ថ្ងៃ​ទី​៣ ខែ​កក្កដា ឆ្នាំ​២០១៥); “Acid Attack on Afghan Schoolgirls,” BBC, ថ្ងៃ​ទី១២ ខែ​វិច្ឆិកា ឆ្នាំ​២០០៨, http://news.bbc.co.uk/2/hi/south_asia/7724505.stm (ចូល​មើល​ថ្ងៃ​ទី៣ ខែ​កក្កដា ឆ្នាំ​២០១៥); Dexter Filkins, “Afghan Girls, Scarred by Acid, Defy Terror, Embracing School,” New York Times, ថ្ងៃទី​១៣ ខែ​មករា ឆ្នាំ​២០០៩, http://www.nytimes.com/2009/01/14/world/asia/14kandahar.html?pagewanted=all (ចូល​មើល​ថ្ងៃ​ទី​៣ ខែ​កក្កដា ឆ្នាំ​២០១៥)។

  អង្គការ​ជួយ​សង្គ្រោះ​ជន​រងគ្រោះ​កម្ពុជា​ដោយ​សារ​អាស៊ីដ (CASC), “ទម្លាយ​ភាព​ស្ងប់ស្ងាត់,” ខែ​ឧសភា ឆ្នាំ​២០១០, http://cchrcambodia.org/admin/media/report/report/english/2010-05-21-%20Breaking%20the%20Silence%20Addressing%20Acid%20Attacks%20in%20Cambodia_%20EN.pdf (ចូល​មើល​នៅ​ថ្ងៃ​ទី២១ ខែ​កុម្ភៈ ឆ្នាំ​២០១៨)។

សំណុំ​រឿង​ជន​រងគ្រោះ​ដែល​ត្រូវ​បាន​កត់​ត្រា​ទុក​ដោយ​អង្គការ​ជួយ​សង្គ្រោះ​ជន​រងគ្រោះ​កម្ពុជា​ដោយ​សារ​អាស៊ីដ​ (CASC), រក្សា​ទុក​នៅ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ (Human Rights Watch)។

  អង្គការ​ជួយ​សង្គ្រោះ​ជន​រងគ្រោះ​កម្ពុជា​ដោយ​សារ​អាស៊ីដ (CASC), “ទម្លាយ​ភាព​ស្ងប់ស្ងាត់”។

១០ អង្គការ​ជួយ​សង្គ្រោះ​ជន​រងគ្រោះ​កម្ពុជា​ដោយ​សារ​អាស៊ីដ (CASC),“របាយការណ៍​ការងារ​ប្រចាំ​ឆ្នាំ​២០១៤” ខែ​ធ្នូ ឆ្នាំ​២០១៤,  http://www.thecasc.org/docs/CASC%20Annual%20Progress%20Report%202014.pdf (ចូល​មើល​នៅ​ថ្ងៃ​ទី៩ ខែ​កក្កដា ឆ្នាំ​២០១៥); ឯកសារ​ដែល​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្ន​ភាព​ដល់ខែ​មិថុនា ឆ្នាំ​២០១៥ រក្សា​ទុក​នៅ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ (Human Rights Watch)។

១១ ដដែល។

១២​ តួលេខ​ទាំង​នេះ​ផ្អែក​លើ​សំណុំ​រឿង​ដែល​ត្រូវ​បាន​កត់​ត្រា​ទុក​ដោយ​អង្គការ​ជួយ​សង្គ្រោះ​ជនរងគ្រោះ​កម្ពុជា​ដោយសារ​អាស៊ីដ និង​សេចក្ដីរាយការណ៍​របស់​សារព័ត៌មាន​ ដែល​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​បាន​តាមដាន។

១៣ ច្បាប់​ស្ដី​ពី​ការគ្រប់គ្រង​អាស៊ីដ​ខ្លាំង ដែល​បាន​ចូល​ជា​ធរមាន​នៅ​ខែ​មករា ឆ្នាំ​២០១២។

១៤ អនុក្រឹត្យ​លេខ​៤៨ ស្ដី​ពី​បែបបទ និង​លក្ខខណ្ឌ​នៃ​ការ​គ្រប់គ្រង​អាស៊ីដ​ខ្លាំង ដែល​ចូល​ជា​ធរមាន​នៅ​ខែ​មករា ឆ្នាំ​២០១៣។ ច្បាប់​ស្ដី​ពី​អាស៊ីដ​ខ្លាំង​ និង​អនុក្រឹត្យ​ជា​ភាសាខ្មែរ និង​ការ​បក​ប្រែ​ក្រៅ​ផ្លូវការ​ជា​ភាសាអង់គ្លេស​ត្រូវ​បាន​ភ្ជាប់​ជូន​ក្នុង​ឧបសម្ព័ន្ធ​១នៃ​របាយការណ៍​នេះ។

១៥ យោង​តាម​ច្បាប់​ស្ដី​ពី​ការគ្រប់គ្រង​អាស៊ីដ​ខ្លាំង ហើយ​ទោស​បន្ថែម​ដែល​មាន​ចែង​ក្នុង​មាត្រា​២០៦​នៃ​ក្រម​ព្រហ្មទណ្ឌ​អាច​ត្រូវ​បាន​ប្រកាស​ចំពោះ​ករណី​នេះ។

១៦ ដដែល។

១៧ បទ​ល្មើស​នេះ​ត្រូវ​បាន​ចាត់​ទុក​ជា​បទ​ល្មើស​មជ្ឈិម​ ហើយ​ទោស​បន្ថែម​ដែល​មាន​ចែង​ក្នុង​មាត្រា​២០៨ នៃ​ក្រម​ព្រហ្មទណ្ឌ​អាច​ត្រូវ​បាន​ប្រកាស​ចំពោះ​ករណី​នេះ។

១៨ ច្បាប់​ស្ដី​ពី​ការ​គ្រប់គ្រង​អាស៊ីដ​ខ្លាំង, មាត្រា​១១។

១៩ ដដែល, មាត្រា​១២។

២០ ដដែល,​ មាត្រា​១៣។

២១ ការ​ចេញ​អាជ្ញាប័ណ្ណ​ទាក់ទង​នឹង​ការ​នាំចេញ​នាំ​ចូល ការ​ផលិត ការ​កែច្នែ​ជា​សមត្ថកិច្ច​របស់​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល ឬ ក្នុង​ករណី​ចែក​ចាយ​អាស៊ីដ​អ៊ីដ្រូ​ក្ល័ររីឌ្រិក និង​អាស៊ីដ​ស៊ុលហ្វួរិក ការ​ចេញ​លិខិត​អនុញ្ញាត​ជា​សមត្ថកិច្ច​របស់​ក្រសួង​សុខាភិបាល។

២២ ច្បាប់​ស្ដី​ពី​ការ​គ្រប់គ្រង​អាស៊ីដ​ខ្លាំង​, មាត្រា​១៤។

២៣ អនុក្រឹត្យ​លេខ​៤៨ ស្ដី​ពី​បែបបទ និង​លក្ខខណ្ឌ​នៃ​ការ​គ្រប់គ្រង​អាស៊ីដ​ខ្លាំង, មាត្រា​៦។​

២៤ ដដែល, មាត្រា​៧។

២៥ បទ​សម្ភាសន៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ ជាមួយ​ជន​រងគ្រោះ​ឈ្មោះ​ ស៊ុន​ សុខនី នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២៦ ខែ​ឧសភា ឆ្នាំ​២០១៧។

២៦ ផែនការ​សម្រាប់​ឆ្នាំ​២០០៩-២០១២ ដាក់​ចេញ​នូវ​គោលដៅ​ ចំណែក​ផែនការ​សម្រាប់​ឆ្នាំ​២០១៤-២០១៨ ផ្ដល់​នូវ​ក្របខណ្ឌ​គោល​នយោបាយ​សម្រាប់​ការ​អនុវត្ត​ផែនការ​ទី១។

២៧ ច្បាប់​ស្ដី​ពី​ការ​ទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​ កិច្ច​ការពារ​ជន​រងគ្រោះ​ (ឆ្នាំ​២០០៥) មាត្រា​១ និង​មាត្រា​២៦។

២៨ អង្គការ​លីកាដូ, "បើ​គ្មាន​ការ​ផ្ដន្ទាទោសគឺ គ្មាន​ការ​ការពារ៖ ការ​ឆ្លើយ​តប​ចំពោះ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​នៅ​កម្ពុជា,”   ខែ​ធ្នូ ឆ្នាំ​២០១៧។

២៩ ច្បាប់​ស្ដី​ពី​ការ​ទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​កិច្ច​ការពារ​ជន​រងគ្រោះ​ (ឆ្នាំ​២០០៥) មាត្រា​១។

៣០ អង្គការ​លីកាដូ, "បើ​គ្មាន​ការ​ផ្ដន្ទាទោសគឺ គ្មាន​ការ​ការពារ៖ ការ​ឆ្លើយ​តប​ចំពោះ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​នៅ​កម្ពុជា,”   ខែ​ធ្នូ ឆ្នាំ​២០១៧។

៣១ អង្គការ​សុខភាព​ពិភពលោក (WHO), UN Women Cambodia, និង រាជរដ្ឋាភិបាល​កម្ពុជា, “ការ​អង្កេត​ថ្នាក់​ជាតិ​ស្ដីពី​បទ​ពិសោធន៍​ជីវិត និង​សុខភាព​ស្ត្រី​នៅ​កម្ពុជា,” ឆ្នាំ​២០១៥, http://asiapacific.unwomen.org/en/digital-library/publications/2015/11/national-survey-on-women-s-health-and-life-experiences-in-cambodia (ចូល​មើល​នៅ​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០១៧)។

៣២ កតិកា​សញ្ញា​អន្តរជាតិ​ស្ដី​ពី​សិទ្ធិ​សេដ្ឋកិច្ច សង្គម​កិច្ច និង វប្បធម៌, អនុម័ត​នៅ​ថ្ងៃ​ទី១៦ ខែ​ធ្នូ ឆ្នាំ​១៩៩៦, G.A. Res. 2200A (XXI), 21 U.N. GAOR Supp. (No. 16) at 49, U.N. Doc. A/6316 (1966), 993 U.N.T.S. 3, ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី៣ ខែ​មករា ឆ្នាំ​១៩៧៦, មាត្រា​១២ និង​២៧។

៣៣ គណៈកម្មាធិការនៃ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​សេដ្ឋកិច្ច សង្គម​កិច្ច និង​វប្បធម៌, សេចក្ដី​អត្ថាធិប្បាយ​ទូទៅ លេខ​១៤, សិទ្ធិ​ទទួល​បាន​ស្ដង់ដារ​សេវា​សុខាភិបាល​ក្នុង​កម្រិត​ខ្ពស់​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន, E/C. ១២/២០០០/៤ (២០០០), កថាខណ្ឌ៤៧។

៣៤ ដដែល, កថាខណ្ឌ​ ១២(ក)។

៣៥ ដដែល​, កថាខណ្ឌ​៩ និង​១២។

៣៦ ដដែល។

៣៧ អនុសញ្ញា​អន្តរជាតិ​ស្ដី​ពី​ការ​ការពារ​ និង​លើក​ស្ទួយ​សិទ្ធិ​ និង​សេចក្ដី​ថ្លៃថ្នូរ​របស់​ជន​ពិការ (CRPD), G.A.​Res. 61/106, Annex I, U.N. GAOR, 61st Sess., Supp. No. 49, at 65, U.N. Doc. A/61/49 (2006), ចូលជាធរមានថ្ងៃទី ខែឧសភា ឆ្នាំ២០០៨, មាត្រា​២៥។

៣៨ អង្គការ​ថ្នាំ​ពេទ្យ​គ្មាន​ព្រំដែន  (Medecins Sans Frontieres), “Clinical Guidelines: Diagnosis and Treatment Manual,” ឆ្នាំ​២០១៦, http://refbooks.msf.org/msf_docs/en/clinical_guide/cg_en.pdf (ចូល​មើល​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០១៧); អង្គការ​សុខភាព​ពិភពលោក, “A WHO Plan for Burn Prevention and Care,” ឆ្នាំ​២០០៨, http://apps.who.int/iris/bitstream/10665/97852/1/9789241596299_eng.pdf (ចូល​មើល​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០១៨); “ISBI Practice Guidelines for Burn Care,” Burns, vol. 42, no. 5, ខែ​សីហា ឆ្នាំ​២០១៦, https://www.ncbi.nlm.nih.gov/pubmed/27542292 (ចូល​មើល​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០១៨), ទំព័រ ៩៥៣-១០២១; បទ​សម្ភាសន៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ជាមួយ​ Dr. Teicher, medical epidemiologist, Epicentre, Medecins Sans Frontieres, និង Dr. Gallagher, director, Burn Center at New York-Presbyterian/Weill Cornell Medical College, ញូវយ៉ក, ខែ​កក្កដា ឆ្នាំ​២០១៧។

៣៩ បទ​សម្ភាសន៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ជាមួយ​ Dr. Teicher, ខែ​កក្កដា ឆ្នាំ​២០១៧។

៤០ Peter Leslie Annear et al. “The Kingdom of Cambodia Health System Review,” WHO Regional Office for the Western Pacific, vol. 5, no. 2, 2015, http://www.wpro.who.int/asia_pacific_observatory/hits/series/cambodia_health_systems_review.pdf (ចូល​មើល​នៅ​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០១៨), ទំព័រ១៣៦។

៤១ ដដែល។

៤២  អង្គការ​ថ្នាំ​ពេទ្យ​គ្មាន​ព្រំដែន (Medecins Sans Frontieres), “Clinical Guidelines: Diagnosis and Treatment Manual”។

៤៣  គោលការណ៍​រក្សា​អនាម័យ​ខ្ពស់​បំផុត​មាន​ដូច​តទៅ៖ រៀបចំ​បន្ទប់​ស្អាត​មួយ​សម្រាប់​លាង​សម្អាត និង​រុំ​របួស។ បន្ទប់​នោះ​ត្រូវ​តែ​ស្អាត​មាន​អនាម័យ​ជា​និច្ច​ ដោយ​ត្រូវ​ប្រមូល​សម្រាម​យក​ទៅ​ចោល​ជា​រៀងរាល់​ថ្ងៃ​ ត្រូវ​សម្លាប់​មេរោគ​នៅ​លើ​តុ​ដាក់​សម្ភារៈ​លាង​សម្អាត និង​រុំ​របួស​ នៅ​ចន្លោះ​ជន​រងគ្រោះ​ម្នាក់ៗ ហើយ​ក្នុង​ករណី​ការ​រុំ​របួស​​ត្រូវ​តែ​ធ្វើ​នៅ​លើ​គ្រែ​របស់​ជន​រង​គ្រោះ​នោះ ត្រូវ​ប្រើ​រទេះ​រុញ​ដាក់​សម្ភារៈ​ដែល​ផ្នែក​ខាង​លើ​ត្រូវ​ឆ្លង​កាត់​ការ​សម្លាប់​មេរោគ​ត្រឹមត្រូវ, ដដែល, ទំព័រ ២៧៣។

៤៤ CESCR, សេចក្ដី​អត្ថាធិប្បាយ​ទូទៅ No. 14, កថាខណ្ឌ​ ៤៣(d).

៤៦ Medecins Sans Frontieres, “Clinical Guidelines: Diagnosis and Treatment Manual.”

៥០ Blakney et al., “Psychosocial Care of Persons with Burn Injuries.”

៥១ បទ​សម្ភាសន៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ជាមួយ​អ្នក​លក់​អាស៊ីដ​អាគុយ​ នៅ​ផ្សារ​ធំ​ថ្មី និង​ផ្សារ​អូឡាំពិក ក្នុង​រាជធានីភ្នំពេញ នៅ​ខែ​មិថុនា ឆ្នាំ​២០១៥។

៥២ បទ​សម្ភាសន៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ជាមួយ​អ្នក​លក់​អាស៊ីដ​អាគុយ​ម្នាក់​ ក្នុង​រាជធានីភ្នំពេញ នៅ​ថ្ងៃ​ទី ១១ ខែ​មិថុនា ឆ្នាំ​២០១៥។

៥៣ បទ​សម្ភាសន៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ជាមួយ​អ្នក​លក់​អាស៊ីដ​អាគុយ​មួយ​ចំនួន​ នៅ​ខែ​មិថុនា ឆ្នាំ​២០១៥។

៥៤ បទ​សម្ភាសន៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ជាមួយ​ជាង​មាស​ម្នាក់​ ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃ​ទី១៩ ខែ​កក្កដា ឆ្នាំ​២០១៥។

៥៥ អង្គការ​សុខភាព​ពិភពលោក (WHO), “Burn: Fact Sheet,”  http://www.who.int/mediacentre/factsheets/fs365/en (ចូល​មើល​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៨)។

៥៦ Peter Leslie Annear et al. “The Kingdom of Cambodia Health System Review,” WHO Regional Office for the Western Pacific, vol. 5, no. 2, 2015, http://www.wpro.who.int/asia_pacific_observatory/hits/series/cambodia_health_systems_review.pdf (ចូល​មើល​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០១៨), ទំព័រ xxvi។

៥៧ ដដែល, ទំព័រ​១៣៦។

៥៨  សំណុំ​រឿង​ជន​រងគ្រោះ​នៅ​អង្គការ​ជួយ​សង្គ្រោះ​ជន​រងគ្រោះ​កម្ពុជា​ដោយ​អាស៊ីដ​ រក្សា​ទុក​នៅ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ; បទ​សម្ភាសន៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ជាមួយ​ជន​រងគ្រោះ​ឈ្មោះ​គង់ ទូច, ភ្នំពេញ, ថ្ងៃទី១០ ខែ​ធ្នូ ឆ្នាំ​២០១៣ និង​ ខេត្ត​កំពង់ចាម​, ថ្ងៃ​ទី១៦ ខែ​មិថុនា ឆ្នាំ​២០១៥។

៥៩ ដដែល។​

៦០ បទ​សម្ភាសន៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ជាមួយ​ជន​រងគ្រោះ​ឈ្មោះ សំ ប៊ុណ្ណារិទ្ធិ, ភ្នំពេញ, ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៣។

៦១ Patricia Blakeney et al., “Psychosocial Care of Persons with Burn Injuries,” ឆ្នាំ​២០០៨, http://www.worldburn.org/documents/PsychosocialCare.pdf (ចូល​មើល​នៅ​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០១៨)។

៦២ អង្កការ​Douleurs Sans Frontieres និង​នាយកដ្ឋាន​ឱសថ​បង្ការ​និង​ទប់ស្កាត់​, ក្រសួង​សុខាភិបាល​, “សិក្ខាសាលា​ស្ដី​ពី​ការ​ថែទាំ​សម្រន់” ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៨, ភ្នំពេញ, កម្ពុជា។ ឯកសារ​ស្ដី​ពី​លទ្ធផល​នៃ​សិក្ខាសាលា​ មាន​នៅ​អង្គការ​Human Rights Watch។

៦៣ ព្យាបាល​ការ​ឈឺចាប់​, “របាយការណ៍​ស្ដី​ពី​ប្រទេស​កម្ពុជា,” ខែ​មេសា ឆ្នាំ​២០១៦, http://treatthepain.org/Assets/CountryReports/Cambodia.pdf (ចូល​មើល​នៅ​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០១៨)។ តួលេខ​ចុង​ក្រោយ​ដែល​អាច​រក​បាន​ស្ដី​ពី ការ​ប្រើប្រាស់​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ប្រភេទ (opioid analgesics) ជា​តួលេខ​ពី​ឆ្នាំ​២០១១-២០១៣ ព្រោះ​រដ្ឋាភិបាល​កម្ពុជា​មិន​ទាន់​រាយការណ៍​តួលេខ​ថ្មី​ជាង​នេះ​ជា​សាធារណៈ​នៅ​ឡើយ។

៦៤ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ,​ “Global State of Pain Treatment: Access to Palliative Care as a Human Right,” ខែ​ឧសភា​ ឆ្នាំ​២០១១, https://www.hrw.org/sites/default/files/reports/hhr0511W.pdf.

៦៥ បទ​សម្ភាសន៍​តាម​ទូរសព្ទ​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ ជាមួយ​ Florence Chatot នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ​ឈឺ​ចាប់​គ្មាន​ព្រំដែន​ (Douleurs Sans Frontiers), ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៨។

៦៦ អង្គការ​ថ្នាំ​ពេទ្យ​គ្មាន​ព្រំដែន (Medecins Sans Frontieres), “Clinical Guidelines: Diagnosis and Treatment Manual,” ឆ្នាំ​២០១៦, http://refbooks.msf.org/msf_docs/en/clinical_guide/cg_en.pdf (ចូល​មើល​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០១៧)។

៦៧ អង្គការ​សុខភាព​ពិភពលោក​, “WHO Model List of Essential Medicines, 20th List,” ខែ​មីនា ឆ្នាំ​២០១៧, កែ​សម្រួល​នៅ​ខែ​សីហា ឆ្នាំ​២០១៧, http://www.who.int/medicines/publications/essentialmedicines/20th_EML2017_FINAL_amendedAug2017.pdf?ua=1 (ចូល​មើល​នៅ​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​២០១៨)។

៦៨ CESCR, សេចក្ដី​អត្ថាធិប្បាយ​ទូទៅ​ No. 14, កថាខណ្ឌ​ ១២(b)(ii).

៦៩ ក្រសួង​សុខាភិបាល, “ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ឆ្នាំ​២០១៣ - ២០២០ ស្ដី​ពី​ការ​បង្ការ​ទប់ស្កាត់​ និង​គ្រប់គ្រង​ជំងឺ​មិន​ឆ្លង,” https://www.iccp-portal.org/system/files/plans/KHM_B3_NSP-NCD%202013-2020_Final%20approved.pdf (ចូល​មើល​នៅ​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​២០១៨)។

៧០ ដដែល, ទំព័រ៣០។

៧១ បទ​សម្ភាសន៍​តាម​ទូរសព្ទ​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ ជាមួយ​ Florence Chatot នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ​ឈឺ​ចាប់​គ្មាន​ព្រំដែន​ (Douleurs Sans Frontiers), ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៨។

៧២  បទ​សម្ភាសន៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ ជាមួយ​ជន​រងគ្រោះ​ឈ្មោះ មួង ស្រីមុំ និង​ស្វាមី​របស់​នាង​ ឈ្មោះ​ សុវណ្ណារ័ត្ន​, ភ្នំពេញ, ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​២០១៥។

៧៣ Charlotte Aberdein និង​ Cathy Zimmerman, “Access to Mental Health and Psychosocial Services in Cambodia by Survivors of Trafficking and Exploitation: A Qualitative Study,” International Journal of Mental Health Systems, vol. 9, no. 16, ឆ្នាំ​២០១៥; Daya J. Somasundaram et al., “Starting Mental Health Services in Cambodia,” Social Science Medicine, vol. 48, no. 8, ឆ្នាំ​១៩៩៩, ទំព័រ ១០២៩–១០៤៦។

៧៤ Aberdein និង Zimmerman, “Access to Mental Health and Psychosocial Services in Cambodia by       Survivors of Trafficking and Exploitation.”

៧៥ បទ​សម្ភាសន៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ជាមួយ​ជន​រងគ្រោះ​ឈ្មោះ សំ ប៊ុណ្ណារិទ្ធិ​, ថ្ងៃ​ទី៦ ខែ​ធ្នូ​ ឆ្នាំ​២០១៣។

៧៦ Annear et al., “The Kingdom of Cambodia Health System Review,” ទំព័រ 136។

៧៧ មូលនិធិ​សមធម៌​សុខាភិបាល​ (HEF) ដែល​ត្រូវ​បាន​ឧបត្ថម្ភ​ថវិកា​ដោយ​ដៃគូ​អភិវឌ្ឍន៍​ និង​ថវិកា​ជាតិ កំពុង​ដំណើរ​ការ​នៅ​កម្ពុជា ក្នុង​ការ​បំពេញ​ការងារ​ទៅ​តាម​ការ​ប្ដេជ្ញាចិត្ត​របស់​រដ្ឋាភិបាល​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា ដើម្បី​ធានា​ថា «ពលរដ្ឋ​ក្រីក្រ​​ត្រូវ​បាន​ទទួល​ការ​ពិនិត្យ​រោគ​ដោយ​ឥត​បង់​ថ្លៃ នៅ​តាម​មន្ទីរពេទ្យ គិលានដ្ឋាន និង​មន្ទីរ​សម្ភព​សាធារណៈ។» រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ (ឆ្នាំ​១៩៩៣), មាត្រា​៧២។ ទោះ​យ៉ាង​នេះ​ក្ដី ដើម្បី​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​អ្នក​ជំងឺ​មាន​ប្រាក់​ចំណូល​ទាប អ្នក​ជំងឺ​ត្រូវ​បង្ហាញ​ប័ណ្ណ​ក្រីក្រ​ដែល​បញ្ជាក់​ដោយប្រធាន​ភូមិ​ដែល​ខ្លួន​រស់​នៅ—ក្នុង​ការ​អនុវត្ត​ជាក់ស្ដែង វា​ជា​ដំណើរ​ការ​មួយ​ដែល​ជារឿយៗ​តម្រូវ​ឲ្យ​មាន​ការ​សូក​ប៉ាន់​ក្នុង​ទឹកប្រាក់​ដែល​អ្នកក្រីក្រ​មិន​មាន​លទ្ធភាព​បង់។ របាយការណ៍​ឆ្នាំ​២០១៥​របស់​អង្គការ​សុខភាព​ពិភពលោក​បាន​រកឃើញ​ថា ត្រឹម​ឆ្នាំ​២០១៣ មូលនិធិ​សមធម៌​សុខាភិបាល​គ្រប​ដណ្ដប់​បាន​ប្រហែល​១៦ភាគរយ​នៃ​ប្រជាជន​រស់​នៅ​ក្រោម​បន្ទាត់​នៃ​ភាព​ក្រីក្រ​ចំនួន​២.២លាន​នាក់​នៅ​កម្ពុជា។ សូម​មើល​ Annear et al., “The Kingdom of Cambodia Health System Review.”

៧៨ បទ​សម្ភាសន៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ជាមួយ គា សំណាង, ភ្នំពេញ ថ្ងៃ​ទី២៧ ខែ​ឧសភា ឆ្នាំ​២០១៧។

៧៩ បទ​សម្ភាសន៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ជាមួយ សា សុខា , ភ្នំពេញ ថ្ងៃ​ទី៣១ ខែ​ឧសភា ឆ្នាំ​២០១៧។

៨០ ដដែល។

៨១ បទ​សម្ភាសន៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ជាមួយ​ជន​រងគ្រោះ​ឈ្មោះ ស៊ុន សុខនី , ភ្នំពេញ ថ្ងៃ​ទី២៦ ខែ​ឧសភា ឆ្នាំ​២០១៧។

៨២ ដដែល។​

៨៣ បទ​សម្ភាសន៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ជាមួយ​ជន​រងគ្រោះ​ឈ្មោះ សន ចន្ទី, ភ្នំពេញ, ថ្ងៃ​ទី២៧ ខែ​ឧសភា ឆ្នាំ​២០១៧។

៨៤ ការ​ធ្វើ​ដំណើរ​ពី​មន្ទីរពេទ្យ​ទៅ​ផ្ទះ​វិញ ត្រូវ​ចំណាយ​ពេល​ប្រហែល​២ម៉ោង​កន្លះ តាម​រថយន្ត; បទ​សម្ភាសន៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ជាមួយ ធឿន សំអន, ភ្នំពេញ, ថ្ងៃ​ទី២៤ ខែ​ឧសភា ឆ្នាំ​២០១៧។

៨៥ បទ​សម្ភាសន៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ ជាមួយ​មួង ស្រីមុំ និង​ស្វាមី​របស់​នាង​ ឈ្មោះ​សុវណ្ណារ័ត្ន​, ភ្នំពេញ, ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​២០១៥។

៨៦ ស្ទើរ​តែ​គ្រប់​​ពាក្យ​បណ្ដឹង​របស់​ជន​រងគ្រោះ​ទាំងអស់​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្រោយ​ការ​អនុម័ត​ច្បាប់​ស្ដី​ពី​ការ​គ្រប់គ្រង​អាស៊ីដ​ខ្លាំង។​

៨៧ បទ​សម្ភាសន៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ ជាមួយ​លោក​វេជ្ជ​បណ្ឌិត ហង ឡៃ​រ៉ាប៉ូ​, ភ្នំពេញ, ថ្ងៃ​ទី១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៣។

៨៨ បទ​សម្ភាសន៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ ជាមួយ​ជន​រងគ្រោះ​ឈ្មោះ ចន្ធូ (ឈ្មោះ​ក្លែងក្លាយ), ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​២០១៥។

៨៩ បទ​សម្ភាសន៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ ជាមួយ​ជន​រងគ្រោះ​ឈ្មោះ ផេង ស្រីឡា, ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០១៧។

៩០ ដដែល។

៩១ បទ​សម្ភាសន៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ ជាមួយ​គា សំណាង, ភ្នំពេញ, ថ្ងៃ​ទី២៧ ខែ​ឧសភា ឆ្នាំ​២០១៧។

៩២ បទ​សម្ភាសន៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ជាមួយ សន ចន្ទី, ភ្នំពេញ, ថ្ងៃ​ទី២៧ ខែ​ឧសភា ឆ្នាំ​២០១៧។

៩៣ បទ​សម្ភាសន៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ជាមួយ ធឿន សំអន, ភ្នំពេញ, ថ្ងៃ​ទី២៤ ខែ​ឧសភា ឆ្នាំ​២០១៧។

៩៤ គឹម សារុំ, “Charge Upped in Acid Verdict,” ភ្នំពេញប៉ុស្ដិ៍, ថ្ងៃ​ទី២៣ ខែ​កក្កដា ឆ្នាំ​២០១៥, http://www.phnompenhpost.com/national/charge-upped-acid-verdict (ចូល​មើល​នៅ​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​២០១៥)។

៩៥ សំណុំ​រឿង​របស់​ជន​រងគ្រោះ​នៅ​អង្គការ​CASC មាន​នៅ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​; បទ​សម្ភាសន៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ជាមួយ​ជន​រងគ្រោះ​ឈ្មោះ គង់ ទូច, ភ្នំពេញ, ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៣, និង​កំពង់​ចាម, ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០១៥។

៩៦ បទ​សម្ភាសន៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ជាមួយ​ជន​រងគ្រោះ​ឈ្មោះ​ ជាវ ចិន្ដា, ភ្នំពេញ, ថ្ងៃទី​១៧ ខែ​មិថុនា ឆ្នាំ​២០១៥។

៩៧ Tibor Krausz, “A Life Sentence: Cambodia’s Acid-Attack Victims Face an Agonising Future,” SCMP, ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៤, http://www.scmp.com/magazines/post-magazine/article/1573449/life-sentence-cambodias-acid-attack-victims-face-agonising (ចូល​មើល​នៅ​ថ្ងៃ​ទី​៣ ខែ​កក្កដា ឆ្នាំ​២០១៥)។

៩៨ បទ​សម្ភាសន៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ជាមួយ​ជន​រងគ្រោះ​ឈ្មោះ​ ជាវ ចិន្ដា, ភ្នំពេញ, ថ្ងៃទី​១៧ ខែ​មិថុនា ឆ្នាំ​២០១៥។

៩៩ ចិន្តា ឈប់​រស់​នៅ​ជាមួយ​ស្វាមី​របស់​នាង​តទៅ​ទៀត​ហើយ ប៉ុន្តែ​តាម​ច្បាប់​ អ្នក​ទាំង​ពីរ​នៅ​តែ​ជា​ប្ដី​ប្រពន្ធ​នៅ​ឡើយ។

១០០ បទ​សម្ភាសន៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ជាមួយ​ជន​រងគ្រោះ​ឈ្មោះ​ ជាវ ចិន្ដា, ភ្នំពេញ, ថ្ងៃទី​១៧ ខែ​មិថុនា ឆ្នាំ​២០១៥។

១០១ ដដែល។

១០២ Krausz, “A Life Sentence: Cambodia’s Acid-Attack Victims Face an Agonising Future,” SCMP.

១០៣ បទ​សម្ភាសន៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ជាមួយ​ជន​រងគ្រោះ​ឈ្មោះ ដិប ដា, ភ្នំពេញ, ខែ​វិច្ឆិកា​ ឆ្នាំ​២០១៣។

១០៤ ដដែល។

១០៥ បទ​សម្ភាសន៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ជាមួយ​ជន​រងគ្រោះ​ឈ្មោះ ដិប ដា, ភ្នំពេញ, ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ​២០១៥។

១០៦ ដដែល។

១០៧ ដដែល។

១០៨ បទ​សម្ភាសន៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ជាមួយ​ជន​រងគ្រោះ​ឈ្មោះ ចន្ធូ, ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​២០១៥។

១០៩ បទ​សម្ភាសន៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ ជាមួយ​លោក​វេជ្ជ​បណ្ឌិត ហង ឡៃ​រ៉ាប៉ូ​, ភ្នំពេញ, ថ្ងៃ​ទី១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៣។

១១០ បទ​សម្ភាសន៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ជាមួយ​ជន​រងគ្រោះ​ឈ្មោះ​ ចាន់​ ប៊ុន ធឿន, ភ្នំពេញ, ថ្ងៃ​ទី៦ ខែ​ធ្នូ ឆ្នាំ​២០១៣។

១១១ បទ​សម្ភាសន៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ជាមួយ​ជន​រងគ្រោះ​ឈ្មោះ​គង់ ទូច, ថ្ងៃ​ទី១៦ ខែ​មិថុនា ឆ្នាំ​២០១៥។

១១២ ដដែល។

១១៣ ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា (២០០៧) https://www.unodc.org/res/cld/document/khm/2007/code_of_criminal_procedure_of_the_kingdom_of_cambodia_html/Cambodia_Code_of_Criminal_Procedure_Khmer-English_Translation.pdf (ចូល​មើល​នៅ​ថ្ងៃ​ទី​៩ ខែ​កក្កដា ឆ្នាំ​២០១៥), មាត្រា ២០៥។

១១៤ “សេចក្ដី​ថ្លែងការណ៍​រួម​ស្ដី​ពី​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ថ្នាក់​តំបន់​លើ​ការ​ការពារ​ជន​រងគ្រោះ និង​សាក្សី,” កិច្ច​ប្រជុំ​អន្តរ​តំបន់​នៃ​ប្រទេស​អាស៊ីអាគ្នេយ៍, ទីក្រុង​គូតា​, ប្រទេស​ឥណ្ឌូនេស៊ី, ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា​ឆ្នាំ​២០១៣, http://www.lpsk.go.id/upload/Joint%20Statement%20Witness%20and%20Victims%20Protection.pdf (ចូល​មើល​នៅ​ថ្ងៃ​ទី​៩ ខែ​កក្កដា ឆ្នាំ​២០១៥)។

១១៥ Philippe Nil, ប្រធាន​, នាយកដ្ឋាន​ផ្សព្វផ្សាយ​និង​អប់រំ​ច្បាប់​, ក្រសួង​យុត្តិធម៌​កម្ពុជា, “ការ​ធានា​ការពារ​និង​កិច្ច​សហការ​ដល់​សាក្សី និង​ អ្នក​ហ៊ាន​រាយការណ៍​បទ​ល្មើស,” ទីក្រុង​ម៉ានីល, ប្រទេស​ហ្វីលីពីន, ខែ​ធ្នូ ឆ្នាំ​២០១០, https://www.unafei.or.jp/publications/pdf/GG4/Fourth_GGSeminar_all.pdf (ចូល​មើល​នៅ​ថ្ងៃ​ទី​៩ ខែ​កក្កដា ឆ្នាំ​២០១៥), ទំព័រ ៦៣-៦៧។

១១៦ ឆាយ ចាន់នីដា និង Zoe Holman, “Whistleblower Law in the Works, ACU Says,” ភ្នំពេញប៉ុស្ដិ៍, ថ្ងៃ​ទី​២ ខែ​តុលា ឆ្នាំ​២០១៥, https://www.phnompenhpost.com/national/whistleblower-law-works-acu-says (ចូល​មើល​នៅ​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៨)។

១១៧ ផាក់ ស៊ាង​លី, “Whistleblower Law Nearly Done: ACU,” Phnom Penh Post, December 27, 2017, https://www.phnompenhpost.com/national-politics/whistleblower-law-nearly-done-acu (accessed August 22, 2018).

១១៨ សំណុំ​រឿង​របស់​ជន​រងគ្រោះ​ឈ្មោះ ថុង ខាំ​ មាន​នៅ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​។

១១៩  បទ​សម្ភាសន៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ជាមួយ​ជន​រងគ្រោះ​ឈ្មោះ ដិប ដា, ភ្នំពេញ, ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ​២០១៥។

១២០ បទ​សម្ភាសន៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ជាមួយ​ជន​រងគ្រោះ​ឈ្មោះ មួង ស្រី​មុំ និង​ សុវណ្ណារ័ត្ន, ថ្ងៃ​ទី៩ ខែ​មិថុនា ឆ្នាំ​២០១៥។

១២១ ដដែល។

១២២ បទ​សម្ភាសន៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ជាមួយ​ជន​រងគ្រោះ​ឈ្មោះ ជាវ ចិន្ដា, ថ្ងៃ​ទី១៧ ខែ​មិថុនា ឆ្នាំ​២០១៥។

១២៣បទ​សម្ភាសន៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ជាមួយ​លោក រុន សារ៉ាយ, នាយក​ប្រតិបត្តិ​, អង្គការ​ជំនួយ​ផ្នែក​ច្បាប់​នៃ​កម្ពុជា, ភ្នំពេញ, ថ្ងៃ​ទី១៩ ខែ​មិថុនា​ ឆ្នាំ​២០១៥, និង​ Erin Bourgois, អតីត​អ្នក​គ្រប់គ្រង​គម្រោង, CASC, ភ្នំពេញ, ថ្ងៃ​ទី៧ ខែ​មិថុនា ឆ្នាំ​២០១៥។

១២៤ក្រម​នីតិវិធី​រដ្ឋប្បវេណី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា (២០០៧), មាត្រា​៧៥៦-៧៦៥; ក្រម​នីតិវិធី​ព្រហ្មទណ្ឌ, មាត្រា​២១។ ការ​ខូចខាត​រួម​បញ្ចូល​ទាំង«សោហ៊ុយ​ព្យាបាល​ដែល​បាន​ចំណាយ​ហើយ ឬ សោហ៊ុយ​ព្យាបាល​ដែល​ប្រមាណ​ថានឹង​ត្រូវ​ចំណាយ​នា​ពេល​អនាគត ប្រាក់​ចំណូល​ដែល​មិន​អាច​ទទួល​បាន​នៅ​ពេល​កំពុង​ព្យាបាល​ និង​ប្រាក់​ចំណូល​ដែល​មិន​អាច​ទទួល​បាន​នៅ​ពេល​អនាគត​ដោយ​សារ​ផល​វិបាក​ដែល​បន្សល់​ក្រោយ​ពី​ការ​ព្យាបាល​ជាអាទិ៍។» (ក្រម​រដ្ឋប្បវេណី, មាត្រា៧៦១), ការ​គណនា​ចំនួន​ទឹក​ប្រាក់​នៃ​ការខូចខាត​លើ​ទ្រព្យ​សម្បត្ដិ​ត្រូវ​ធ្វើ​ឡើង​ដោយ​គិត​ពិចារណា​នូវ«ភាព​ខុស​គ្នា​រវាង​ស្ថានភាព​នៃ​ទ្រព្យ​សម្បត្តិ​ដែល​ត្រូវ​បាន​សន្មត​ថា នឹង​មាន ប្រសិន​បើ​គ្មាន​អំពើ​អនីត្យានុកូល និង ស្ថានភាព​នៃ​ទ្រព្យ​សម្បត្តិ​ជាក់​ស្ដែង ក្រោយ​ពេល​ដែល​អំពើ​អនីត្យានុកូល​បាន​កើត​ឡើង។» (មាត្រា​៧៥៨(១)), ការ​អាប់ឱន​កិត្តិយស ឬ កេរ្ដិ៍ឈ្នោះ​ក៏​អាច​ជា​មូលដ្ឋាន​សម្រាប់​ឲ្យ​ជនរងគ្រោះ​ទទួល​បាន​សំណង​ដែរ៖ «ជន​រងគ្រោះ​អាច​ទាមទារ​សំណង​នៃ​ការ​ខូចខាត​សតិអារម្មណ៍​ ដោយ​សារ​ការ​អាប់ឱន​កេរ្ដិ៍ឈ្មោះ​ក្នុង​សង្គម។» (មាត្រា​៧៦២), ការ​ទាមទារ​សំណង​អាច​ធ្វើ​ឡើង​ក្នុង​អំឡុង​ពេល​៣ឆ្នាំ​ គិត​ចាប់​ពី​ពេល​ដែល​«ជន​រងគ្រោះ ឬ អ្នក​តំណាង​ដែល​ច្បាប់​បាន​កំណត់​របស់​ជន​រងគ្រោះ​នោះ  បាន​ដឹង​ថា អាច​ទាមទារ​សំណង​ការ​ខូចខាត» ឬ ក្នុង​អំឡុង​ពេល​១០​ឆ្នាំ​បន្ទាប់​ពី​អំពើ​អនីត្យានុកូល​នោះ​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង។ (មាត្រា៧៦៥), ជន​រងគ្រោះ​អាច​ទាមទារ​សំណង​បាន​ពី​ចារី សហចារី​នៃ​បទល្មើស​ អ្នក​ផ្ដើម​គំនិត អ្នក​សម​គំនិត និង​ «អ្នក​ទទួល​ខុស​ត្រូវ​រដ្ឋប្បវេណី» ចំពោះ​បទ​ល្មើស​បង្ក​របួស​ស្នាម​ដែល​បាន​ប្រព្រឹត្ត។ (ក្រម​នីតិវីធី​ព្រហ្មទណ្ឌ មាត្រា​២១)។

១២៥ ក្រម​នីតិវីធី​ព្រហ្មទណ្ឌ, មាត្រា​២៣។

១២៦ ព្រះ​រាជអាជ្ញា​កំណត់​រយៈពេល​ចុងក្រោយ​ដល់​ទណ្ឌិត​ ឲ្យ​បង់​ប្រាក់​ពិន័យ​នោះ (ប៉ុន្តែ​មិន​អាច​លើស​ពី​១០ថ្ងៃ​ទេ), ក្រម​នីតិវីធី​ព្រហ្មទណ្ឌ, មាត្រា៥២៥។

១២៧ ក្រម​នីតិវីធី​ព្រហ្មទណ្ឌ, មាត្រា៥៣៣។

១២៨ ដដែល, មាត្រា​៥៣២: ភាព​នៅ​តែ​មិន​រួច​ពី​បំណុល​ដដែល។

១២៩ បទ​សម្ភាសន៍​របស់អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ជាមួយ​មេធាវី​នៃ​អង្គការ​លីកាដូ (លាក់​ឈ្មោះ), ភ្នំពេញ, ថ្ងៃ​ទី១៨ ខែ​មិថុនា ឆ្នាំ​២០១៥។

១៣០ បទ​សម្ភាសន៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ជាមួយ​ជន​រងគ្រោះ​ឈ្មោះ​គង់ ទូច, ថ្ងៃ​ទី១៦ ខែ​មិថុនា ឆ្នាំ​២០១៥។

១៣១  បទ​សម្ភាសន៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ជាមួយ​ Erin Bourgois, ថ្ងៃ​ទី៧ ខែ​មិថុនា ឆ្នាំ​២០១៥។

១៣២ អនុសញ្ញា​ស្ដី​ពី​សិទ្ធិ​ជន​ពិការ, មាត្រា​៥ និង​ ១៣។

១៣៣  អនុសញ្ញា​ស្ដី​ពី​សិទ្ធិ​ជន​ពិការ, មាត្រា​៩។

១៣៤ រដ្ឋាភិបាល​គួរ​តែ​ធានា​ឲ្យ​មាន​នូវ​ប្រព័ន្ធ​ផ្ទត់ផ្គង់ និង​ចែកចាយ ដែល​អាច​ឲ្យ​សាធារណជន និង​គ្រឹះស្ថាន​ផ្ដល់​សេវា​សុខាភិបាល​ឯកជន ទទួល​បាន​ ចេញ​វេជ្ជបញ្ជា និង​ផ្ដល់​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ដល់​អ្នក​ជំងឺ។ បទ​ប្បញ្ញត្តិ​ទាំងឡាយ​ណា​ដែល​រារាំង​ដល់​ការ​ផ្គត់ផ្គង់ និង​ចែក​ចាយ​ថ្នាំ​ទាំង​នេះ​តាម​អំពើ​ចិត្ត​ ជា​ការ​រំលោភ​សិទ្ធិ​ទទួល​បាន​សេវា​សុខាភិបាល​របស់​ពលរដ្ឋ​ ក្រោម​ច្បាប់​អន្តរជាតិ។ សូម​មើល​ CESCR, សេចក្ដី​អត្ថាធិប្បាយ​ទូទៅ​លេខ​១៤, កថាខណ្ឌ​ទី១២។

១៣៥ គណៈកម្មាធិការ​នៃ​អង្គការ​សហប្រជាជាតិ​ស្ដី​ពី​ការ​លុប​បំបាត់​ការ​រើសអើង​ប្រឆាំង​ស្ត្រី​ភេទ, អនុសាសន៍​ទូទៅ​លេខ​៣៥, អំពើ​ហិង្សា​ជេនឌ័រ​ប្រឆាំង​ស្ត្រី​ភេទ, ការ​ធ្វើ​បច្ចុប្បន្នភាព​នៃ​អនុសាសន៍​ទូទៅ​លេខ​១៩, CEDAW/C/GC/៣៥ (២០១៧), កថាខណ្ឌទី​៤៦-៤៧។

Region / Country