Skip to main content

កម្ពុជា៖ អ្នកប្រកបមុខរបររកស៊ីផ្លូវភេទ ប្រឈមនឹង ការចាប់ខ្លួន និងឃុំខ្លួនខុសច្បាប់

មន្រ្តីមានសមត្ថកិច្ចត្រូវតែស៊ើបអង្កេត និងបិទមជ្ឈមណ្ឌលរដ្ឋាភិបាលដែលមានការរំលោភ

(រាជធានីភ្នំពេញ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១០) - អង្គការឃ្លាំមើលសិទិ្ធមនុស្សបាននិយាយ​នៅ​​ក្នុងរបាយការណ៍ដែលចេញផ្សាយថ្ងៃនេះថា រដ្ឋាភិបាលកម្ពុជាគួរតែធ្វើសកម្មភាព បញ្ឈប់ជាបន្ទាន់នូវរាល់អំពើហិង្សាប្រឆាំងនឹងអ្នកប្រកបមុខរបររកស៊ីផ្លូវភេទ និងគួរបិទជាស្ថាពរ នូវមជ្ឈ​មណ្ឌល ដែលស្រ្តីប្រកបរបររកស៊ីផ្លូវភេទទាំងឡាយត្រូវបានគេឃុំឃាំងខ្លួនដោយខុសច្បាប់​ និងដោយ​រំលោភ​នៅទីនោះ។ អង្គការឃ្លាំមើលសិទិ្ធមនុស្ស បានជំរុញផងដែរឲ្យរដ្ឋាភិបាល កម្ពុជា ព្យួរ​បទបញ្ញត្តិមួយចំនួននៅក្នុងច្បាប់ឆ្នាំ២០០៨ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើ​អាជីវកម្មផ្លូវភេទ ដែលបញ្ញត្តិទាំងនោះ​សម្របសម្រួលឲ្យប៉ូលីសប្រព្រឹត្ត អំពើ យារយី និង​អំពើរំលោភបំពាន។

របាយការណ៍ចំនួន៧៦ទំព័រ របស់អង្គការឃ្លាំមើលសិទិ្ធមនុស្ស ដែលមានចំណងជើងថា  "បង្រ្កាបអ្នកប្រកបមុខរបររកស៊ីផ្លូវភេទ៖ ការ​ឃុំខ្លួនតាមអំពើចិត្តនិងអំពើរំលោភផ្សេងទៀត ប្រឆាំងនឹងអ្នកប្រកបរបររកស៊ី​ផ្លូវ​ភេទនៅ​ក្នុង​ប្រទេស​កម្ពុជា" ត្រូវបានធ្វើឡើងដោយផ្អែកលើ ការសម្ភាសន៍ និងការ​ពិភាក្សា​ជា​​​ក្រុមជាមួយអ្នកប្រកបរបររកស៊ី​ផ្លូវ​ភេទជាស្រ្តី និង ស្រីស្រស់ (Transgender) ច្រើនជាង៩០​នាក់ ​ក្នុងរាជ​ធានី​ភ្នំពេញ​ ខែត្របាត់ដំបង បន្ទាយមានជ័យ និងខែត្រសៀមរាប។ របាយការណ៍នេះបាន​ពិពណ៌នា​នូវ​របៀបដែលអ្នកប្រកបរបររកស៊ី ផ្លូវភេទ ប្រឈមនឹងការរំលោភដ៏រីករាលដាល មាន​ជាអាទិ៍ ការ​វាយដំ អំពើជំរិតយកលុយ និងអំពើរំលោភសេពសន្ថវៈនៅក្នុងដៃអាជ្ញាធរ ជាពិសេសនៅក្នុង​រាជធានីភ្នំពេញ។

អេឡេន ភាសុន នាយកស្តីទីប្រចាំអាស៊ីនៃអង្គការឃ្លាំមើលសិទិ្ធមនុស្សបានមានប្រសាសន៍ ថា​ "អស់ពេលជាយូរមកហើយ ប៉ូលីសនិងអាជ្ញាធរដទៃទៀត បានចាក់សោរបង្ខាំង អ្នកប្រកបរបររកស៊ីផ្លូវភេទដោយខុសច្បាប់ វាយដំ និងរំលោភលើផ្លូវភេទរបស់ពួកគេ ហើយលួចលុយ​និង​ទ្រព្យសម្បត្តិដែលមានជាប់ខ្លួនរបស់ពួក​គេ។ រដ្ឋាភិបាលកម្ពុជា ត្រូវតែ បញ្ជារឲ្យមានការស៊ើបអង្កេតជាបន្ទាន់ ដោយហ្មត់ចត់និងឯករាជ្យ ចំពោះអំពើរំលោភ ជាប្រព័ន្ធទៅលើសិទិ្ធមនុស្សរបស់អ្នកប្រកបមុខរបររកស៊ីផ្លូវភេទ និងត្រូវបិទមជ្ឈមណ្ឌល ដែលជាកន្លែងដែលអ្នកប្រកបមុខរបររកស៊ីផ្លូវភេទ ទទួលរង​នូវអំពើ​រំលោភ។"

ប៉ូលីសចាប់ខ្លួនអ្នកប្រកបរបររកស៊ីផ្លូវភេទ ក្នុងវិធានការបោសសម្អាតជាទៀងទាត់តាម ដងផ្លូវនិង​តាមសួនច្បារនៃរាជធានីភ្នំពេញ។ អំពើហិង្សាខ្លះជា អំពើឆ្លៀតឱកាស ចំណែកឯ អំពើរំលោភ​ដទៃទៀតកើតឡើងជាទូទៅ នៅក្នុងវិធានការបង្រ្កាបនិង ចុះចាប់ប្រមូលតាម ពេលកំណត់របស់ប៉ូ​លីសនិងអាជ្ញាធរខ័ណ្ឌ ជាពិសេស នៅ​ពេលសំដៅចាប់តែអ្នកប្រកប របររកស៊ីផ្លូវភេទ និងនៅ​ពេលផ្សេងទៀតសំដៅចាប់អ្នកប្រកបរបររកស៊ីផ្លូវភេទ ក្នុង ចំណោមក្រុមដទៃទៀតនៃប្រជាពលរដ្ឋដែលគេចាត់ទុកជា​កាក​សំណល់សង្គម ដែលគេ ឃើញនៅតាមដងផ្លូវ។

 

ប៉ូលីសរំលោភស្រ្តីប្រកបរបររកស៊ីផ្លូវភេទ ដោយគ្មានទទួលការផ្តន្ទាទោសឡើយ។ ស្រ្តី ប្រកបរបររកស៊ីផ្លូវភេទ បាន​ប្រាប់អង្គការឃ្លាំមើលសិទិ្ធមនុស្សថា មន្រ្តីប៉ូលីសបានវាយ ពួកគេដោយប្រើកណ្តាប់ដៃ រំពាត់​ ដំបងឈើ និងដំបងឆក់អគ្គីសនី។ ក្នុងកាលៈទេសៈខ្លះ មន្រ្តីប៉ូលីសបានរំលោភសេពសន្ថវៈ​លើស្រ្តីប្រកបរបររកស៊ីផ្លូវភេទ នៅអំឡុងពេលដែល ពួកគេស្ថិតក្នុងការឃុំឃាំងរបស់ប៉ូលីស។ ស្រ្តី​ប្រកបរបររកស៊ីផ្លូវភេទរាល់រូប ដែលអង្គការ ឃ្លាំមើលសិទិ្ធមនុស្សបានសម្ភាសន៍ បានបង់ប្រាក់​សំណូក ឬត្រូវមន្រ្តីប៉ូលីសលួចលុយ របស់ពួកគេ។


ច្បាប់កម្ពុជាឆ្នាំ២០០៨ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ បាន​ដាក់​ជាបទព្រហ្មទណ្ឌនូវរាល់ទម្រង់ទាំងអស់នៃអំពើជួញដូរ រួមទាំងការងារដោយបង្ខំ។ អង្គការ​ឃ្លាំមើលសិទិ្ធមនុស្សបានរកឃើញថា មន្រ្តីប៉ូលីសពេលខ្លះអាចប្រើផ្នែកទាំងឡាយ នៃច្បាប់​ដែលដាក់ជាបទព្រហ្មទណ្ឌលើ "អំពើអូសទាញ" និង "អំពើសញ្ចារកម្ម" នៃការជួញដូរភេទ ដើម្បី បង្ហាញពីភាពត្រឹមត្រូវចំពោះអំពើយារយីរបស់ខ្លួនលើស្រ្តី ប្រកប របររកស៊ីផ្លូវភេទ ។ បទបញ្ញត្តិ​ច្បាប់ទាំងឡាយ មានលក្ខណៈទូលំទូលាយគ្រប់គ្រាន់ សម្រាប់ប្រើប្រាស់ដាក់ជាបទ ព្រហ្មទណ្ឌ​លើ​សកម្មភាពស្វែងរកការគាំទ្រ និងសកម្មភាព អប់រំដោយផ្ទាល់ ដោយក្រុមអ្នកប្រកបរបររកស៊ីផ្លូវភេទ និងអ្នកទាំងឡាយដែលគាំទ្រ ពួកគេ។

 

អង្គការឃ្លាំមើលសិទិ្ធមនុស្ស បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ពិភាក្សាជាមួយក្រុមអ្នកប្រកប របររកស៊ីផ្លូវភេទ ទីភ្នាក់ងារសហប្រជាជាតិ និងអង្គការដែលធ្វើការលើ បញ្ហាសិទិ្ធមនុស្ស បញ្ហា​ជួញ​ដូរ​មនុស្ស និងសុខភាព ដើម្បីពិនិត្យមើលឡើងវិញ បទបញ្ញត្តិច្បាប់ឆ្នាំ២០០៨ ស្តីពីអំពើជួញដូរមនុស្សនិងអំពើធ្វើអាជីវម្មផ្លូវភេទ និងដោះស្រាយផលប៉ះពាល់សិទិ្ធ មនុស្សរបស់អ្នក​ទាំងឡាយដែលជាប់ពាក់ព័ន្ធក្នុងការងារប្រកបរបររកស៊ីផ្លូវភេទ  មុនពេល អនុវត្តបទបញ្ញត្តិទាំងនោះ។​

 

ភាសុន បានមានប្រសាសន៍ថា "ក្នុងបរិយាកាសមួយ ដែលប៉ូលីសប្រព្រឹត្តអំពើរំលោភច្បាប់ ដោយឥតទោស​ពៃរ៍ នោះរដ្ឋាភិបាលកម្ពុជាចាំបាច់ត្រូវតែទទួលស្គាល់ថា ការដាក់ជាបទ ព្រហ្មទណ្ឌលើ អំពើអូស​ទាញ គឺជារូបមន្តមួយសម្រាប់បន្តរំលោភសិទិ្ធមនុស្ស។ រដ្ឋាភិបាល គួរតែត្រឡប់ទៅរកដំណាក់កាលមួយ - ដោយចាប់ផ្តើមដំបូងពីការពិភាក្សាយ៉ាងទូលំ ទូលាយជាមួយក្រុមអ្នកប្រកបរបររកស៊ីផ្លូវភេទ ​និង​ក្រុមដទៃទៀត - មុនបន្តអនុវត្តបទបញ្ញត្តិ ទាំងឡាយដែល រំលោភដោយប៉ូ​លីស។"


នៅក្នុងរាជធានីភ្នំពេញ ប៉ូលីសបញ្ជូនអ្នកប្រកបរបររកស៊ីផ្លូវភេទ ទៅមន្ទីរសង្គមកិច្ចរាជធានី និង​បញ្ជូន បន្តពី​ទីនោះទៅអង្គការមិនមែនរដ្ឋាភិបាល ឬមជ្ឈមណ្ឌលសង្គមកិច្ចរបស់ រដ្ឋាភិបាល ព្រៃ​ស្ពឺ។ ស្ថានភាពនៅ ព្រៃស្ពឺ គឺដូចជានរក។ អ្នកប្រកបរបររកស៊ីផ្លូវភេទ អ្នកសុំទាន អ្នកប្រើប្រាស់គ្រឿងញៀន កុមាររស់តាមចិញ្ចើមថ្នល់ និងអ្នកគ្មានផ្ទះសំបែង ដែលគេរក្សាទុកនៅព្រៃស្ពឺ បានរាយការណ៍ពីរបៀបដែលសមាជិកបុគ្គលិកមណ្ឌលបាន វាយដំ រំលោភសេពសន្ថវៈ និងធ្វើបាបអ្នកជាប់ឃុំ រួមទាំងកុមារ។ បុគ្គលិកសិទិ្ធមនុស្ស ក្នុងស្រុក ដែលដកស្រង់សំដីសាក្សីផ្ទាល់ភ្នែក ចោទ​ប្រកាន់ថា យ៉ាងហោចណាស់ មនុស្ស បីនាក់ និងអាចច្រើនជាងនេះ ត្រូវបានឆ្មាំមណ្ឌលវាយ រហូតដល់ស្លាប់ នៅឯព្រៃស្ពឺ ចន្លោះ ឆ្នាំ២០០៦ និង២០០៨។

 

បន្ទាប់ពីមានសកម្មភាពស្វែងរកការគាំទ្រពីអង្គការជាតិ និងអន្តរជាតិ នៅក្នុងឆ្នាំ២០០៩​ និង​២០១០ មន្ទីរសង្គមកិច្ចរាជធានីបានចាប់ផ្តើមបញ្ជូនស្រ្តីប្រកបរបររកស៊ីផ្លូវភេទ ភាគច្រើន ដែលគេ​ចុះចាប់ប្រមូលបានក្នុងប្រតិបត្តិការបោសសម្អាត ទៅកាន់មណ្ឌលដែលគ្រប់គ្រង ដោយអង្គការ មិនមែនរដ្ឋាភិបាល ជាជាងបញ្ជូនទៅកាន់ព្រៃស្ពឺ។ ក៏ប៉ុន្តែ ចាប់តាំពីខែឧសភា ឆ្នាំ២០១០មកយ៉ាងហោច​ណាស់​ស្រ្តី​ប្រកបរបររកស៊ីផ្លូវភេទ ចំនួន​ប្រាំបីនាក់ ត្រូវបានគេ ឃុំឃាំងនៅព្រៃស្ពឺ ។ ស្រ្តីប្រកបរបររកស៊ីផ្លូវភេទ ដែល​គេឃុំឃាំងខ្លួននៅព្រៃស្ពឺ ក្នុងខែមិថុនា ឆ្នាំ២០១០ ត្រូវបានគេដាក់ឲ្យនៅក្នុង​បន្ទប់​របស់ពួកគេ ដោយអនុញ្ញាតឲ្យពួកនាងចាកចេញ ពីបន្ទប់ទៅងូតទឹកក្នុងទឹកស្រះដ៏កខ្វក់​បាន​​តែពីរដងប៉ុណ្ណោះក្នុងមួយ​ថ្ងៃ ឬក៏ត្រូវគេយាមអម ដំណើរតាមជាមួយដោយឆ្មាំមួយនាក់ ទៅ​កាន់​​បង្គន់អនាម័យ។

 

អង្គការឃ្លាំមើលសិទិ្ធមនុស្ស បានអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា ឲ្យបិទជាស្ថាពរនូវមជ្ឈ​មណ្ឌលសង្គមកិច្ច ដូចជា ព្រៃស្ពឺ ដែលជាកន្លែងឃុំឃាំងប្រជាពលរដ្ឋដោយខុសច្បាប់។ ក្នុង​របាយ​ការណ៍ខែមករាឆ្នាំ២០១០ ដែលមានចំណងជើងថា "ស្បែកដាច់ជាប់ខ្សែភ្លើង" អង្គការ​ឃ្លាំ​មើល​សិទិ្ធមនុស្សបានចងក្រងជាឯកសារផងដែរនូវការរំលោភដ៏សែនរន្ធត់​​ នៅឯកន្លែង​ឃុំ​​​ឃាំង​គ្រឿងញៀនក្នុងប្រទេសកម្ពុជាប្រឆាំងនឹងអ្នកប្រើប្រាស់គ្រឿងញៀន។ រដ្ឋាភិបាល​កម្ពុជាគួរតែបង្កើតគណៈកម្មាការពិសេសមួយ ដើម្បីស៊ើបអង្កេតយ៉ាងហ្មត់ចត់និងឯករាជ្យ នូវអំពើរំលោភទាំងឡាយ និងចាប់ជនប្រព្រឹត្តល្មើសឲ្យមកទទួលខុសត្រូវ។ តាំងពីដើមមក ប៉ូលីសនិងអាជ្ញាធរដទៃទៀត បានរួចខ្លួនពីការទទួលខុសត្រូវចំពោះអំពើរំលោភទាំងនេះ។

 

ភាសុន បានមានប្រសាសន៍ថា "រដ្ឋាភិបាលកម្ពុជា ត្រូវតែបិទមជ្ឈមណ្ឌលឃុំឃាំងទាំងនេះ ជា​បន្ទាន់​និងជាស្ថាពរ ដូចជាមជ្ឈមណ្ឌលព្រៃស្ពឺ ដែលជាកន្លែងឃុំឃាំងប្រជាពលរដ្ឋដោយ​ខុស​ច្បាប់ វាយដំ និងរំលោភ។ ការនាំខ្លួនជនទាំងឡាយ ដែលប្រព្រឹត្តបទឧក្រិដ្ឋទាំងនេះ ទៅ​វិនិច្ឆ័យទោស  គឺជាការបញ្ជូនសារប្រាប់យ៉ាងខ្លាំងថា ការរំលោភប្រឆាំងនឹង អ្នកប្រកបរបរ រកស៊ីផ្លូវភេទ ​មិនអាចអត់ឱនឲ្យបានឡើយ។"

 

ម្ចាស់ជំនួយដែលគាំទ្រដល់កិច្ចប្រឹងប្រែងប្រឆាំងនឹងការជួញដូរមនុស្ស និងការហ្វឹកហ្វឺន ប៉ូលីស ជាពិសេសសហរដ្ឋអាមេរិក អូស្រ្តាលី ជប៉ុន សហគមន៍អឺរ៉ុប និងអង្គការសហប្រជា​ជាតិ គួរតែពិនិត្យមើលឡើងវិញនូវមូលនិធិរបស់ខ្លួន ដែលផ្តល់ដល់ប៉ូលីស និងក្រសួង​សង្គម​កិច្ច រហូតទាល់តែមាន ការស៊ើបអង្កេតមួយដែលឯករាជ្យលើការចោទប្រកាន់ស្តីពី អំពើរំលោភ និងរហូតទាល់តែមានការនាំខ្លួនជនដែលទទួលខុសត្រូវទៅផ្តន្ទាទោស និង រហូត​ទាល់​តែមជ្ឈមណ្ឌលសង្គមកិច្ច ដូចជាព្រៃស្ពឺ ត្រូវបានបិទជាស្ថាពរ។ ទោះជាប្រើពេល ច្រើន​ឆ្នាំសម្រាប់ហ្វឹកហ្វឺនប៉ូលីសក៏ដោយ ក៏ការរំលោភរបស់ប៉ូលីសនៅតែបន្តមាន ទោះជា កងឯក​ភាពដែលបានហ្វឹកហ្វឺនដោយមានការគាំទ្រពីម្ចាស់ជំនួយអន្តរជាតិក៏ដោយ ដូចជា កងនគរ​បាលឯក​ទេសប្រឆាំងការជួញដូរមនុស្សជាដើម។

 

ភាសុន បានមានប្រសាសន៍ថា "ម្ចាស់ជំនួយគួរតែកុំចំណាយលុយរបស់ពួកគេ ទៅហ្វឹកហ្វឺន មន្រ្តីរំលោភច្បាប់ទាំងអស់នេះ ផ្ទុយទៅវិញគួរតែចាប់បោះជំហានជួយលើកស្ទួយដល់ ការទទួលខុសត្រូវ​ពីរដ្ឋា​ភិបាលកម្ពុជា។"

 

សក្ខីកម្មពីអ្នកប្រកបមុខរបររកស៊ីផ្លូវភេទ ក្នុង "បង្រ្កាបអ្នកប្រកបមុខរបររកស៊ីផ្លូវភេទ"

នារី ស្រីស្រស់​ប្រកបរបររកស៊ីផ្លូវភេទ បានពិពណ៌នាអំពីការទទួលរងទារុណកម្មពីប៉ូលីស ៖

"មន្រ្តីប៉ូលីសបីនាក់បានវាយដំច្រំធាក់ខ្ញុំយ៉ាងខ្លាំង នៅឯប៉ុស្តិប៉ូលីសសង្កាត់វត្តភ្នំ បន្ទាប់ពីខ្ញុំ​ត្រូវ​​បានគេនាំខ្លួនពីសួនច្បារ។ ប៉ូលីសម្នាក់ក្នុងចំណោមពួក​គេ បាន​យកកាំភ្លើងមកភ្ជង់​ក្បាល​ខ្ញុំ រួចកេះកៃ ក៏ប៉ុន្តែអត់ផ្ទុះគ្រាប់ទេ។ ពួក​គេទាត់កញ្ជឹងក​របស់​​ខ្ញុំ ចង្កេះរបស់ខ្ញុំ​និងវាយក្បាលរបស់ខ្ញុំ និងខ្លួនខ្ញុំជាមួយ​ដង​​អំបោស។ វាយប្រហែល​​​កន្លះ​​​ម៉ោង។ ខ្ញុំបានសំពះ​អង្វរពួកគេកុំឲ្យវាយខ្ញុំ។ មន្រ្តីប៉ូលីសឃោរឃៅណាស់ ហើយពួកគេមិនប្រាប់ខ្ញុំពីហេតុផល​ដែលធ្វើបែបនោះចំពោះខ្ញុំទេ។"

តុលា ដែលមានអាយុ២០ឆ្នាំ បានពិពណ៌នាអំពីរបៀបដែល ប៉ូលីស ជំរិតយកលុយពី ស្រ្តីប្រកបរបររកស៊ីផ្លូវភេទ ៖

"នៅឯស្ថានីយ៍ប៉ូលីសមួយ [ក្នុងខ័ណ្ឌដូនពេញ] ប៉ូលីសបានសួរយើងថាតើ ខ្ញុំមានមេការ [អ្នកគ្រប់គ្រង] ទេ។ ប៉ូលីសអនុញ្ញាតឲ្យខ្ញុំ និង​ស្រ្តីប្រកបរបររកស៊ីផ្លូវភេទដទែទៀត ទូរស័ព្ទ ហៅមេការមកអោយបង់ប្រាក់លោះ [សំណូក] ជាថ្នូរនឹងការដោះលែង។ ស្រ្តីដប់ប្រាំនាក់ក្នុង ចំណោមម្ភៃនាក់ ត្រូវបានគេដោះ​លែង បន្ទាប់ពីមេការរបស់ពួកគេ យកលុយមកបង់ឲ្យ ប៉ូលីស។ អ្នកនៅសល់ពីហ្នឹង ត្រូវគេទុកនៅឯប៉ុស្តិប៉ូលីសអស់ពេលបីថ្ងៃ មុនពេលបញ្ជូនទៅ មន្ទីរសង្គមកិច្ច និង​បន្ទាប់​មកបញ្ជូនទៅមណ្ឌលអង្គការក្រៅរដ្ឋាភិបាល។"

ស្រី ផា អាយុ២៧ឆ្នាំ បានពិពណ៌នាអំពីបទពិសោធន៍របស់នាងនៅឯព្រៃស្ពឺ ៖

"[ព្រៃស្ពឺ ] គឺដូចជាឋាននរកអញ្ចឹង។ ខ្ញុំស្ថិតក្នុងចំណោមមនុស្ស៣០នាក់ ដែលគេចាក់សោរ​ទុកក្នុងបន្ទប់ ដែលមានបុរស ស្រ្តី និងកុមារ។ អត់មានបង្គន់នៅក្នុងបន្ទប់ទេ​ ប៉ុន្តែមានធុង​ពីរ ដែលគេប្រើវាជាបង្គន់សម្រាប់ប្រើទាំងអស់គ្នា។ មានឈាមប្រឡាក់ពេញលើ​ជញ្ជាំង។ ខ្ញុំដេក មិនលក់ទេនៅពេលយប់ ព្រោះខ្ញុំខ្លាចនិងព្រួយ។ ខ្ញុំទទួលបានអាហារបន្តិច​បន្ទួច ហូបពីរ ពេលក្នុងមួយថ្ងៃ - បាយជាមួយប្រហុក (ត្រីដែលគេផ្អាប់ទុក) និងផ្លែអម្ពិល។​ មិនមានចាន បាយ​ ឬស្លាបព្រាទេ ខ្ញុំត្រូវហូបពីថង់ផ្លាស់ស្ទិក។ នៅពេលយប់ ឆ្មាំបានវាយ​យ៉ាងធ្ងន់ធ្ងរ ទៅលើបុរសម្នាក់ ដែលបានព្យាយាមរត់គេចខ្លួន។"

នីកា អាយុ២៨ឆ្នាំ ពិពណ៌នាអំពីការវាយដំដោយឆ្មាំសន្តិសុខសួនច្បាររាជធានី ៖

"សន្តិសុខម្នាក់ដំបូងបានមក និងទាត់ខ្ញុំ ហើយនិយាយថា "ហេតុអី?" បន្ទាប់មក​ឆ្មាំបីនាក់​ទៀត​​បានមកដល់។ អ្នកយាមពីរនាក់ចាប់ដៃទាំងពីររបស់ខ្ញុំ ដោយទុកឲ្យពីរនាក់​ទៀតវាយ​ខ្ញុំ។ ពួកគេទះ​មុខ​ខ្ញុំ។ ពួកគេដូចជាស្រវឹងស្រាបន្តិច។ ពួកគេវៃ​ក្បាល​​​​ខ្ញុំនឹងដំបងឫស្សី និង​វិទ្យុរបស់​ពួកគេ និងវាយសព្វកន្លែងទាំងអស់។ ពួកគេ​ចាប់ហែកអាវខ្ញុំ។ ប៉ូលីសបានមក កាត់តាមនោះ តែគេអត់រវល់នឹងខ្ញុំទេ។ សន្តិសុខបន្តវាយខ្ញុំជិតកន្លះម៉ោង។ មនុស្សជាច្រើន​នាក់​ឃើញខ្ញុំ តែគេរាល់គ្នាខ្លាច មិនហ៊ានជួយខ្ញុំទេ។ ប្រធានសន្តិសុខ ប្រាប់កូនចៅ​ផ្សេង​ទៀតថាបើឃើញ​ខ្ញុំ​នៅទីនោះម្តងទៀត ត្រូវវាយខ្ញុំឲ្យងាប់។

GIVING TUESDAY MATCH EXTENDED:

Did you miss Giving Tuesday? Our special 3X match has been EXTENDED through Friday at midnight. Your gift will now go three times further to help HRW investigate violations, expose what's happening on the ground and push for change.
Region / Country