តាំងពីលោក ហ៊ុន ម៉ាណែត ក្លាយជានាយករដ្ឋមន្ត្រីកាលពីឆ្នាំ ២០២៣ មក ស្ថានភាពសិទ្ធិមនុស្ស នៅតែបន្តធ្លាក់ចុះ ដោយយុទ្ធនាការបង្ក្រាបជាប់ជាប្រចាំ ពីសំណាក់រដ្ឋាភិបាលកម្ពុជា ដើម្បី ធ្វើទុក្ខបុកម្នេញរាល់ទម្រង់ទាំងអស់ទៅលើអ្នកប្រឆាំង។ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច បានគ្រប់គ្រងលើគ្រប់ស្ថាប័នទាំងអស់របស់រាជរដ្ឋាភិបាល ក្នុងនោះរួមមានទាំងស្ថាប័នតុលាការផងដែរ។ រដ្ឋាភិបាលបានដាក់ទោសពួកអ្នកប្រឆាំង ដោយការចាប់ឃុំឃាំងពួកគេតាមអំពើចិត្ត ជាញឹកញាប់តាមវិធីបង្ខំអោយសារភាពទោសកំហុស ឬការសុំទោសជាសាធារណៈ និងការលួចឈ្លបមើលយ៉ាងទូលំទូលាយ និងបង្រ្កាបឆ្លងប្រទេសទៅលើអ្នកប្រឆាំង ដែលបានរត់គេចចេញពីការចាប់ខ្លួនទៅកាន់ប្រទេសក្រៅ។
ការបង្រា្កបអ្នកនយោបាយឆ្លងដែន
គណបក្សប្រឆាំង រួមមានគណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ និងគណបក្សកម្លាំងជាតិ ជាដើម នៅតែរងការការធ្វើទុក្ខបុកម្នេញជាប្រចាំ៖ មេដឹកនាំ និងអ្នកគាំទ្ររងនូវការបំពាន ការចាប់ខ្លួនតាមអំពើចិត្ត និងការចោទប្រកាន់ទោសដោយហេតុផលយោបាយ។ កាលពីខែឧសភា ឆ្នាំ២០២៥ លោក រ៉ុង ឈុន ទីប្រឹក្សាជាន់ខ្ពស់គណបក្សកម្លាំងជាតិ ត្រូវបានផ្តន្ទាទោសពីបទញុះញង់ និងកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៤ឆ្នាំ។
នៅខែកញ្ញា រលកនៃការចាប់ខ្លួន បានកើតឡើងទៅលើអ្នកនយោបាយបក្សប្រឆាំង និងសកម្មជន ក្រោមបទចោទក្បត់ជាតិ និងបទញុះញង់ អ្នកត្រូវចាប់ខ្លួនទាំងនោះត្រូវបានគេឃុំខ្លួននៅពន្ធធនាគារដែលតូចចង្អៀត។ គិតត្រឹមខែវិច្ឆិកា មានអ្នកទោសនយោបាយសរុប ៨៨ រូប ស្ថិតនៅក្នុងការឃុំឃាំងខ្លួន។ មេដឹកនាំបក្សនយោបាយប្រឆាំង លោក កឹម សុខា ស្ថិតក្នុងការឃុំខ្លួន ក្នុងផ្ទះ តាមរយៈសាលដីការអោយជាប់ទោសចំនួន ២៧ឆ្នាំ ដែលចេញដោយតុលាការកាលពីឆ្នាំ ២០២៣ ពីបទក្បត់ជាតិមានចរិតនយោបាយ។
រាជរដ្ឋាភិបាលកម្ពុជាក៏បានប៉ុនប៉ងជាប់ជាប្រចាំ ក្នុងការបំបិតសំឡេង និងគំរាមកំហែងពួកអ្នក ហ៊ានរិះគន់ អ្នកប្រឆាំងនៅក្រៅប្រទេស តាមរយៈយុទ្ធនាការបង្រ្កាបឆ្លងដែនប្រទេស រួមមាននៅប្រទេសថៃ ម៉ាឡេស៊ី និងនៅប្រទេសជប៉ុន។ នៅខែមករា ឆ្នាំ ២០២៥ អតីតតំណាងរាស្រ្តបក្សប្រឆាំង និងមានសញ្ជាតិខ្មែរ និងបារាំង លោក លឹម គឹមយ៉ា ត្រូវបានគេលបធ្វើឃាតនៅ កណ្តាលទីក្រុងបាងកក ដោយឃាតកម្មនេះត្រូវបានគេចាត់ទុកថាជាឃាតកម្មនយោបាយ។ អាជ្ញាធរថៃបានចាប់ខ្លួន និងចោទប្រកាន់ជនសង្ស័យម្នាក់ ប៉ុន្តែ នៅមិនទាន់ច្បាស់ នរណានៅពីក្រោយ អំពើឃាតកម្មនេះទេ។
ការរិតត្បិតសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ
អង្គការសង្គមស៊ីវិល ដូចជាអង្គការ សមធម៌កម្ពុជា និងអង្គការសង់ត្រាល់ ជាដើម ត្រូវបានរាយការណ៍ថាសមាជិក និងបុគ្គលិករបស់ពួកគេត្រូវបានកំណត់គោលដៅ សម្រាប់ការដាក់ពិន័យ រដ្ឋបាល ចោទប្រកាន់ផ្លូវច្បាប់ និងចោទពីបទព្រហ្មទណ្ឌ ចំពោះការតស៊ូមតិរបស់ពួកគាត់។ អាជ្ញាធរកម្ពុជា នៅបន្តប្រើប្រាស់ច្បាប់ដែលមិនមានកំណត់និយមន័យច្បាស់លាស់ ទាក់ទងនឹងអំពើក្បត់ ការញុះញង់ និងសន្តិសុខជាតិ ដើម្បីធ្វើទុក្ខបុកម្នេញអ្នកប្រឆាំង និងលទ្ធភាពអង្គការសង្គមស៊ីវិលក្នុងការប្រតិបត្តិការងារ ឥឡូវនេះស្ទើរតែមិនអាចអនុវត្តបាន។ ការចូលរួមប្រកបដោយអត្ថន័យ របស់សង្គមស៊ីវិល នាពេលនេះស្ទើរតែមិនអាចធ្វើទៅបាន។
សេរីភាពក្នុងការផ្សព្វផ្សាយកំពុងរងនូវការគំរាមយ៉ាងស្រួចស្រាល់ ដោយប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឯករាជ្យ និងការផ្សព្វផ្សាយតាមអនឡាញ ប្រឈមការបំភិតបំភ័យតាមផ្លូវច្បាប់ ការឈ្លបលួចស្តាប់ និងការគំរាមកំហែងពីការបិតលែងអោយផ្សព្វផ្សាយ ការផ្សព្វផ្សាយរបាយការណ៍ស៊ើបអង្កេតកាន់តែមានគ្រោះថ្នាក់។
នៅថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២៤ អ្នកកាសែតបរិស្ថាន ឆឿង ឆេង ត្រូវបានគេសម្លាប់ ខណៈកំពុងធ្វើការស៊ើបអង្កេត ការកាប់ឈើខុសច្បាប់ នៅក្បែរឧទ្យានជម្រកសត្វព្រៃ បឹងពែ និងបានបាត់បង់ជីវិត បីថ្ងៃក្រោយមក។ សម្រាប់ឃាតកម្មនេះ បើទោះមានការចាប់ខ្លួនជនសង្ស័យ និងបានកាត់អោយជាប់ទោស នៅខែ ឧសភា ឆ្នាំ ២០២៥ ក៏ដោយ ក៏ករណីរបស់គាត់ នៅតែជាករណីលើកលែង ដ៏កម្រមួយក្នុងបរិយាកាសនិទណ្ឌភាពទូលំទូលាយសម្រាប់ការវាយប្រហារលើអ្នកសារព័ត៌មានកម្ពុជា។
អាជ្ញាធរកម្ពុជា បានចោទប្រកាន់អ្នកកាសែតជនជាតិអង់គ្លេស លោក ជែរាល់ ហ្វ្លីន Gerald Flynn ពីបទប្រើប្រាស់ទិដ្ឋាការក្លែងក្លាយ និងបានដាក់លោកក្នុងបញ្ជីខ្មៅ ហាមចូលក្នុងប្រទេស ភ្លាមៗក្រោយពីលោក បានផ្តល់កិច្ចសម្ភាសន៍នៅលើបណ្តាញព័ត៌មាន France 24 ក្នុងកម្រងឯកសារ អំពីគម្រោងឥណទានកាបោនដ៏សំខាន់មួយនៅប្រទេសកម្ពុជា។
នៅថ្ងៃទី ៣១ កក្កដា ឆ្នាំ ២០២៥ អាជ្ញាធរកម្ពុជាបានចាប់ខ្លួនអ្នកសារព័ត៌មាន ២ នាក់ ដែលបានរាយការណ៍អំពីព្រឹត្តិការណ៍ក្រោយការប៉ះទង្គិចគ្នានៅព្រំដែនថៃ កម្ពុជា។ ក្រោយមកពួកគាត់ត្រូវបានចោទប្រកាន់ពីបទ ក្បត់ជាតិ ក្រោមមាត្រា ៤៤៥ នៃក្រមព្រហ្មទណ្ឌ ត្រូវជាប់ទោស ពី ៧ ទៅ១៥ឆ្នាំ។ អាជ្ញាធរបានចោទប្រកាន់ពួកគាត់ថាបាន ថតយករូបភាពពីតំបន់ហាមឃាត់ផ្នែកយោធា និងបានផ្តល់ព័ត៌មានដែលនាំប៉ះពាល់សន្តិសុខជាតិ។
នៅក្នុងរបាយការណ៍របស់ខ្លួន ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ អ្នករាយការណ៍ពិសេសស្តីពីសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅកម្ពុជា បានលើកឡើងថា អ្នកការពារសិទ្ធិមនុស្ស និងអ្នកផ្សេងៗទៀត “ដែលត្រូវបានចាត់ទុកថា ជាក្រុមប្រឆាំង” ត្រូវគេកំណត់មុខសញ្ញាសម្រាប់ការកាត់ទោសពីបទញុះញង់ និងបទល្មើសពាក់ព័ន្ធ ដោយសារតែពួកគាត់បានប្រើប្រាស់សិទ្ធិបញ្ចេញមតិ និងការជួបជុំដោយសន្តិវិធីរបស់ពួកគេ។
ច្បាប់ស្តីពីសញ្ជាតិ
នៅពាក់កណ្តាលឆ្នាំ ២០២៥ រាជរដ្ឋាភិបាលបានអនុម័ត ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ និងការអនុវត្តតាមផ្លូវច្បាប់ ដើម្បីដកចេញនូវការហាមប្រាម ស្តីពីការដកហូតសញ្ជាតិពីពលរដ្ឋក្រោមច្បាប់កម្ពុជា។ អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាពជាតិ លោក ហ៊ុន សែន បានប្រកាស នៅថ្ងៃទី ២៧ មិថុនា ថាគាត់បានណែនាំរដ្ឋមន្ត្រីក្រសួងយុត្តិធម៍អោយសិក្សាអំពីការដកហូតសញ្ជាតិសម្រាប់ពលរដ្ឋកម្ពុជាណាហ៊ាន “ចូលរួមជាមួយបរទេសប្រឆាំងនឹងប្រទេសរបស់ខ្លួន”។
អាជ្ញាធរកម្ពុជា ពេលនេះអាចដកហូតសញ្ជាតិពីគ្រប់ជនណាដែលបានប្រព្រឹត្តបទល្មើសក្បត់ជាតិ ឬត្រូវបានពិនិត្យឃើញថា បានធ្វើសកម្មភាពប្រឆាំងផលប្រយោជន៍ជាតិ។ ក្រុមសង្គមស៊ីវិលកម្ពុជា បានថ្កោលទោសចំពោះច្បាប់ដែលមានភាពទូលំទូលាយ និងបានបើកផ្លូវសម្រាប់ការអនុត្តតាមអំពើចិត្ត ពោលគឺវាមានសក្តានុពល ប្រើប្រាស់ប្រឆាំងក្រុមអ្នកប្រឆាំង អ្នកហ៊ានរិះគន់នៅក្រៅប្រទេស និងអ្នកការពារសិទ្ធិមនុស្ស។
ក្រុមអ្នកការពារបរិស្ថាន
រាជរដ្ឋាភិបាលកម្ពុជានៅបន្ត ការបង្ក្រាបទៅលើក្រុមសកម្មជនបរិស្ថាន។ សកម្មជន មាតាធម្មជាតិ ត្រូវកាត់ទោសនៅឆ្នាំ ២០២៤ និងបានកាត់ទោសអោយជាប់ពន្ធធនាគារចន្លោះពី ៦ ទៅ ៨ឆ្នាំក្នុងម្នាក់ៗ។ នៅខែឧសភា ឆ្នាំ ២០២៥ អ្នករាយការណ៍អំពីបរិស្ថាន លោក អ៊ុក ម៉ៅ ត្រូវបានចាប់ខ្លួននៅខេត្តស្ទឹងត្រែង ក្រោយបានរាយការណ៍អំពីការកាប់ឈើខុសច្បាប់។ អ្នកការពារបរិស្ថានផ្សេងទៀត ដែលបានចងក្រងឯកសារស្តីអំពីការរិចរិលព្រៃឈើ ឬផលប៉ះពាល់ផ្នែក បរិស្ថាន ឥឡូវត្រូវបានចោទថាជាអ្នក បានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ឬអំពើញុះញង់ បង្ក អោយមាន”ចលាចលសង្គម”។
សកម្មជនបរិស្ថាន លោក អ៊ួច ឡេង នៅបន្តរងការធ្វើទុក្ខបុកម្នេញ ក្រោយត្រូវបានចាប់ខ្លួនដោយយោធាកម្ពុជានៅខេត្តស្ទឹងត្រែង នៅខែ វិច្ឆិកា ឆ្នាំ ២០២៤ ខណៈកំពុងធ្វើការស៊ើបអង្កេត អំពីបទល្មើសកាប់ឈើខុសច្បាប់ក្នុងព្រៃដែនការពារ។ ក្រោយការដោះលែងពីការឃុំខ្លួន ប៉ូលីស បានឡោមព័ទ្ធផ្ទះរបស់គាត់ ដែលបង្ខំអោយគាត់ត្រូវរត់គេចខ្លួនចេញទៅក្រៅប្រទេស។
សិទ្ធិជនជាតិដើមភាគតិច
សហគមន៍ជនជាតិដើមភាគតិចនៅ កម្ពុជា មានការលំបាកក្នុងការទទួលបានការទទួលស្គាល់ក្នុងនាមជាជនជាតិដើមភាគតិច និងជាញឹកញាប់ មិនអាចទទួលបានកម្មសិទ្ធិដីធ្លីជាសមូហភាព ដោយសារតែដំណើរការចុះបញ្ជីមានភាពស្មុគស្មាញក្រោមច្បាប់កម្ពុជា។ កម្មសិទ្ធិដីដែលមិនមានសុវត្ថិភាព បានធ្វើអោយពួកគេស្ថិតក្នុងហានិភ័យសម្រាប់ការបណ្តេញចេញដោយបង្ខំ ដោយសារតម្រូវការដីសម្រាប់កសិឧស្សាហកម្ម គម្រោងឥណទានកាបោន និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទេសចរ។
សហគមន៍ជនជាតិដើមភាគតិច ប្រឈមមុខចំពោះការផ្តល់ប្រាក់កម្ចីមីក្រូហិរញ្ញវត្ថុពិសពុល។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានទទួលយកប្លង់កម្មសិទ្ធិដីធ្លី “ប្លង់ទន់” ដែលចេញអោយដោយអាជ្ញាធរមូលដ្ឋាន សម្រាប់ធ្វើជាទ្រព្យបញ្ចាំ បើទោះជាពេលខ្លះប្លង់កម្មសិទ្ធិទាំងនេះត្រួតគ្នាជាមួយកម្មសិទ្ធិដីធ្លីជាសមូហភាពក៏ដោយ ដែលនេះជាការមិនទទួលស្គាល់នូវកិច្ចការពារកម្មសិទ្ធិដីធ្លី របស់ជនជាតិដើមភាគតិចជាប្រពៃណី។ បំណុលវ័ណ្ឌករទាំងនេះ នាំអោយមានការបង្ខំលក់កម្មសិទ្ធិដីធ្លី ការកាត់បន្ថយស្បៀងទុកសម្រាប់បរិភោគ និងការបាត់បង់ការរស់នៅជាប្រពៃណី និងការទទួលបានការងារ។ អង្គការឃ្លាំមើលសិទ្ធិមនុស្ស និងអ្នកផ្សេងទៀតបានកត់ត្រាជាឯកសារនូវអំពើអត្តឃាត ដែលមានជាប់ពាក់ព័ន្ធទៅនឹងបំណុល ក្នុងចំណោមអ្នកខ្ចីប្រាក់ជាជនជាតិដើម ភាគតិចមួយចំនួន។
អ្នកឃ្លាំមើលក្នុងស្រុក នៃសារជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បានបញ្ចប់ការស៊ើបអង្កេតរបស់ខ្លួន ក្រោយមានពាក្យបណ្តឹង ពីអង្គការសង្គមស៊ីវិលកម្ពុជា ប៉ុន្តែ លទ្ធផលនៃការស៊ើបអង្កេតនេះ មិនត្រូវបានចែកផ្សាយជាសាធារណៈទេ រហូតមកដល់ពេលនេះ។ ការវាយតម្លៃជាដំបូងរបស់ស្ថាប័ននេះកាលពីឆ្នាំ ២០២៣ បានរកឃើញថា មាន”សញ្ញជាដំបូងៗនៃផលប៉ះពាល់” ចំពោះអ្នកខ្ចីប្រាក់ និងបានរំលោភលើបទដ្ឋានប្រតិបត្តិរបស់សារជីវកម្មហិរញ្ញវត្ថុអន្តរជាតិ រួមមានប្រការនានាទាក់ទងនឹងសហគមន៍ជនជាតិដើមភាគតិច ហើយដែលនេះ ជម្រុញអោយមានការស៊ើប អង្កេតពេញលេញនេះកើតមានឡើង។
ជម្លោះតាមព្រំដែន និងការវិលត្រឡប់វិញរបស់ពលករ ចំណាកស្រុក
ជម្លោះព្រំដែនរវាង ប្រទេសថៃ និងកម្ពុជា កាលពីខែ កក្កដា ឆ្នាំ ២០២៥ បានធ្វើមានការបាត់បងជីវិត និងរងរបួសជនស៊ីវិល រួមមានទាំងកុមារ និងនាំអោយមានជនភៀសសិកប្រមាណជា ៣០០ ០០០ នាក់ និងធ្វើអោយមានការខូចខាតដល់ទីកន្លែងសាសនា និងវប្បធម៍ជាច្រើន កន្លែង។ អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានរាយការណ៍ អំពីការប្រើប្រាស់ អាវុធជាតិផ្ទុះនៅក្នុងតំបន់ដែលមានប្រជាជនរស់នៅអំឡុងពេលប្រយុទ្ធគ្នា។
ការផ្ទុះមីននៅតាមតំបន់ជម្លោះតាមព្រំដែន ដែលនាំអោយទាហានថៃរងរបួស ត្រូវបានគេប្រើប្រាស់ជាលេសសម្រាប់ការផ្តើមការវាយប្រយុទ្ធគ្នា។ ប្រទេសថៃ និងកម្ពុជា បានផ្តល់សច្ចាប័នកាលពីឆ្នាំ ១៩៩៧ នូវអនុសញ្ញាស្តីអំពីមីន ដែលមានចែងយ៉ាងទូលំទូលាយ នូវការហាមរាល់ទម្រង់ទាំងអស់នៃការផលិត ដឹកជញ្ជូន ការរក្សាទុក ឬប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស។ កម្ពុជាក៏បានចោទប្រកាន់ផងដែរថា យោធាថៃបានប្រើប្រាស់គ្រាប់បែកចង្កោម ដែលមានការហាមឃាត់ប្រើប្រាស់ជាអន្តរជាតិ។ នៅថ្ងៃទី ២៥ ខែ តុលា កុមារអាយុ ១០ ឆ្នាំ ឈ្មោះ ស៊ើន សុវណ្ណ បានបាត់បង់ជីវិតដោយសារគ្រាប់ផ្ទុះ ក្រោយត្រូវគេរាយការណ៍ថា គាត់បានរើសគ្រាប់មិនទាន់ផ្ទុះ ពីស្រែនៅក្បែរផ្ទះរបស់ពួកគាត់នៅខេត្តព្រះវិហារជិតព្រំដែនកម្ពុជា ថៃ។ កម្ពុជាបានចោទថា នេះជាសំណល់គ្រាប់បែកចង្កោមមិនទាន់ផ្ទុះរបស់ថៃ ហើយដែលប្រទេសថៃបានបដិសេធន៍។
បទឈប់បាញ់បានចូលជាធរមាននាថៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ ប៉ុន្តែ បានបន្តបាញ់គ្នាឡើងវិញនាថ្ងៃទី ៨ ខែ ធ្នូ ដែលភាគីទាំងពីរចោទគ្នាទៅវិញទៅមក ថាជាអ្នកវាយប្រហារខ្លួនមុន នៅជាច្រើនទីតាំងតាមបណ្តោលព្រំដែន នាំអោយមានជនភៀសសឹកជាងកន្លះលាននាក់។ មេដឹកនាំថៃ និងកម្ពុជាបានព្រមព្រៀងលើបទឈប់បាញ់មួយលើកទៀតនាថ្ងៃទី ២៧ ខែធ្នូ និងមានការធ្វើមាតុភូមិនិវត្តន៍នូវ ទាហាននកម្ពុជា ចំនួន ១៨នាក់ ដែលត្រូវបានយោធាថៃចាប់ឃុំខ្លួនតាំងពីខែកក្កដា។
ដោយសារភាពតានតឹងកើនឡើងនាពាក់កណ្តាលឆ្នាំ នាំអោយមានពលករចំណាកស្រុកកម្ពុជា ជាង ៩០០ ០០០ នាក់ បានវិលត្រឡប់មកកាន់ប្រទេសវិញ ពីប្រទេសថៃ ដោយខ្លាចរងការធ្វើទុក្ខបុកម្នេញ។ រាជរដ្ឋាភិបាលកម្ពុជាក៏បានអំពាវនាវផងដែរ អោយកម្មករ វិលត្រឡប់វិញ និងបានសន្យាផ្តល់ការងារធ្វើក្នុងស្រុក ទោះជាយ៉ាងណា ពលករដែលបានវិលត្រឡប់វិញប្រឈម កង្វះខាតជាបន្ទាន់ជាច្រើន និងមិនមានមុខរបររកប្រាក់ចំណូល។ មន្ត្រីឥណទាន ព្យាយាមប្រមូលប្រាក់សំណងកម្ចីឥណទានដែលជំពាក់ ដែលនេះនាំអោយមានបន្ទុកបំណុលគ្រួសារកាន់តែធ្ងន់ធ្ងរឡើង។
មជ្ឈមណ្ឌលឆបោកអនឡាញ
របាយការណ៍អំពីមណ្ឌលប្រតិបត្តិការឆបោកតាមអនឡាញនៅបន្តកើនឡើង ដោយជនរងគ្រោះ ត្រូវបានគេជួញដូរ បញ្ជូនបង្ខំអោយទៅធ្វើការក្នុងទីតាំងឆបោកទាំងនោះយ៉ាងឃោរឃៅ។ ម្តងម្កាលអាជ្ញាធរបានលប់ឆ្មក់ចូលបង្ក្រាប ប៉ុន្តែ ការរំលោភបំពាននៅត្រូវបានរាយការណ៍ថានៅតែមានជាប្រព័ន្ធ៖ អ្នកត្រូវគេឃុំឃាំងមិនទទួលបានការការពារ និងទទួលបានការយកចិត្តទុកដាក់បន្តិចបន្តួច។ នៅខែ តុលា សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានប្រកាស់ដាក់ទណ្ឌកម្ម លើបុគ្គល និងស្ថាប័ន ដែលមានជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុន Prince Group ដែលមាន មូលដ្ឋានស្ថិតនៅក្នុងប្រទេសកម្ពុជា ក្នុងនោះការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេស នៃក្រសួងរតនាគាជាតិ សហរដ្ឋអាមេរិក (OFAC) បានកំណត់ថា ជាអង្គការឧក្រិដ្ឋកម្មឆ្លងដែន សម្រាប់តួនាទីដែលក្រុមហ៊ុននេះជាប់ពាក់ព័ន្ធនឹងការវិនិយោគការឆបោកតាមអនឡាញ។
នៅថ្ងៃទី ២១ខែមករា ឆ្នាំ ២០២៥ អាជ្ញាធរកម្ពុជា បានចាប់ឃុំខ្លួនអ្នកកាសែត ២ នាក់ ក្រោយពួកគាត់បានចុះផ្សាយកម្រងខ្សែ VDO ចោទប្រកាន់អំពីការធ្វើទារណ្ឌកម្មមនុស្សក្នុងបរិវេណ ឆបោកអនឡាញនារាជធានីភ្នំពេញ។ ប៉ូលីសបានចោទពួកគេថា បានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដែលគំរាមសន្តិសុខជាតិ និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំជាតិ ហើយបានចោទប្រកាន់ ពួកគាត់ពីបទញុះញង់។