Skip to main content

ប្រទេសកម្ពុជា

ព្រឹត្តិការឆ្នាំ ២០២២

បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុនណាហ្កាវើលដ៍ កាន់ផ្ទាំងប៉ាណូ និងលើកបដាអំឡុងពេលជួបជុំតវ៉ាមួយ នៅរាដ្ឋធានីភ្នំពេញ នែប្រទេសកម្ពុជា កាលពីថ្ងៃទី៤ ខែមករា​ ឆ្នាំ២០២២​។

© ២០២២ រូបថត AP ហ៊េង ស៊ីនីត

ក្នុងឆ្នាំនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្កើនការបង្រ្កាបរបស់គាត់យ៉ាងចាស់ដៃទៅលើគណបក្សប្រឆាំង និងសកម្មជនដីធ្លី មេដឹកនាំសហជីព សកម្មជនសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វ ផ្សាយព័ត៌មានសំខាន់ៗ។

ប្រព័ន្ធតុលាការដែលមាននិន្នាការនយោបាយរបស់កម្ពុជាបានកាត់ទោសជាចង្កោម​ ប្រឆាំងសមាជិកបក្សនយោបាយជាង ១០០ នាក់ និងអ្នកការពារសិទ្ធិមនុស្សរាប់សិបនាក់ផ្សេងទៀត។ រាជអាជ្ញាបានចោទប្រកាន់អ្នកទាំងនោះថាបានប្រព្រឹត្តិបទល្មើស “ញុះញង់ឱ្យប្រព្រឹត្តិបទល្មើសមានស្ថានទម្ងន់ទោស” ដោយគ្រាន់តែបានអនុវត្តសិទ្ធិរបស់ពួកគាត់ក្នុងការសំដែងមតិ ការបង្កើតសមាគម និងការជួបជុំជាសាធារណៈដោយសន្តិវិធី។ មកដល់ពេលនេះ កម្ពុជានៅមានអ្នកទោស​នយោបាយជាង ៥០ នាក់ក្នុងពន្ធនាគារនៅឡើយ។

មុនការបោះឆ្នោតឃុំ សង្កាត់នៅខែមិថុនា ឆ្នាំ ២០២២ រដ្ឋាភិបាលបានរារាំង និងធ្វើទុក្ខបុកម្នេញដល់សមាជិកគណបក្សភ្លើងទៀនដែលទើបបានរស់ឡើងវិញ ជាគណបក្សប្រឆាំងធំជាងគេកំពុងតស៊ូផ្នែកនយោបាយប្រឆាំងគណបក្សកាន់អំណាច គឺគណបក្សប្រជាជនកម្ពុជា (CPP)។ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត និងគណបក្សប្រជាជនកម្ពុជាបានប្តឹងលោក សុន ឆៃ អនុប្រធានគណបក្សភ្លើងទៀន ពីបទបរិហារកេរ្តិ៍ ដោយសារលោកបានរិះគន់ចំពោះដំណើរការបោះឆ្នោតឃុំ សង្កាត់។

ច្បាប់ និងបទបញ្ញាតិថ្មីៗដែលបំពានសិទ្ធិមនុស្ស

ក្រោមលេសប្រឆាំងការរីករាលដាលនៃជំងឺកូវីដ ១៩ រដ្ឋាភិបាលបានប្រើប្រាស់ច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដែលដាក់ឱ្យប្រើប្រាស់កាលពីឆ្នាំ ២០២១ ដើម្បីរារាំងដល់សកម្មជនសិទ្ធិមនុស្ស ក្នុងការធ្វើកូដកម្មដោយសន្តិវិធី។ ច្បាប់នេះបានផ្តល់ដល់អាជ្ញាធរនូវអំណាចយ៉ាងទូលំទូលាយក្នុងការដាក់ទោសទណ្ឌដល់ជនណាដែលគេចាត់ទុកថាបានបំពានវិធានការពារជំងឺ​    កូវីដ ១៩ ដាក់ពន្ធធនាគាររហូត ២០ ឆ្នាំ។ ច្បាប់កូវីដ ១៩ មានខ្លឹមសារចែងទូលំទូលាយ និង កង្វះការត្រួតពិនិត្យឯករាជ្យ ឬនីតិវិធីការពារ។ នៅខែមិនា ២០២២ គណៈកម្មការសិទ្ធិមនុស្សនៃអង្គ​ការសហប្រជាជាតិ បានពិនិត្យសើរើនូវការ អនុលោមតាមរបស់ប្រទេសកម្ពុជាចំពោះអនុសញ្ញា អន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ ហើយបានលើកឡើងអំពីការចាប់ខ្លួនមនុស្សច្រើនជាង ៧០០ នាក់ ធ្វើឡើងនៅចន្លោះពេលពីខែ មិនា និង តុលា ឆ្នាំ ២០២១ ដោយប្រើប្រាស់ច្បាប់កូវីដ ១៩ នេះ។

នៅខែ កុម្ភៈ​ឆ្នាំ ២០២១ រដ្ឋាភិបាលបានអនុម័ត អនុក្រិតស្តីពីការ បង្កើតនូវច្រកទ្វារ អ៊ីនធើណិត ជាតិ ដែលបន្ថែមអំណាចដល់រដ្ឋាភិបាលក្នុងការឃ្លាំមើល គ្រប់សកម្មភាពក្នុងបណ្តាញអ៊ិនធើណិត និងការរាំងខ្ទប់ និងកាត់ផ្តាច់បណ្តាញទំនាក់ទំនងក្នុងប្រព័ន្ធអ៊ិនធើណិត។ ទោះជាយ៉ាងណា អាជ្ញាធរមិនទាន់បានអនុវត្តជាផ្លូវការក្រិត្យនេះ ដែលគ្រោងចាប់ផ្តើមនៅខែ កុម្ភៈ​ឆ្នាំ ២០២២ ដែលប្រការនេះនាំអោយ ក្រិត្យនេះនៅមិនទាន់ដាច់ស្រេចក្នុងគំនិតអ្នកប្រើប្រាស់      បណ្តាញអ៊ិនធើណិតនៅកម្ពុជានៅឡើយ។ ច្បាប់ផ្សេងទៀត រួមមានដូចជា ច្បាប់ស្តីពី ទូរគមនាគមន៍ ដែលអនុម័តនៅឆ្នាំ ២០១៦ បានផ្តល់អំណាចដល់រដ្ឋាភិបាល ក្នុងការរំខាន និងការឈ្លបយកការណ៍តាមប្រព័ន្ធអនឡាញ។

នៅខែ មករា ឆ្នាំ ២០២២ ក្រសួងមហាផ្ទៃ បានបង្ហាញបំណងក្នុងការធ្វើសេចក្តីព្រៀងច្បាប់ស្តីពីការជ្រៀតជ្រែកពីបរទេស ដោយយកលំនាំតាមច្បាប់ស្តីពីការកំចាត់រាល់ការជ្រៀតជ្រែកពីបរទេសរបស់ប្រទេសសិង្ហបុរី ប៉ុនែ្ត រហូតដល់ពេលនេះ សេចក្តីព្រៀងច្បាប់នេះមិនទាន់ត្រូវបានចែកចាយជាសាធារណៈនៅឡើយ។

អំឡុងឆ្នាំនេះផងដែរ អាជ្ញាធរបានធ្វើបច្ចុប្បន្នភាពជាសាធារណៈអំពីការខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការព្រៀងច្បាប់ស្តី ការបង្កើតស្ថាប័នជាតិសិទ្ធិមនុស្ស។ ទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរមិនទាន់បានបញ្ចេញសេចក្តីព្រៀងច្បាប់ ឬបង្ហាញអោយបានច្បាស់ថា ច្បាប់នេះនឹងមានការអនុលោមទៅនឹង គោលការណ៍ទីក្រុងប៉ារីស ដើម្បីធានាថាស្ថាប័ននេះនឹងមានឯករាជ្យ មិនលំអៀង និងមានប្រសិទ្ធភាព។

សេរីភាពបង្កើតសមាគម និងការជួបជុំ

នៅឆ្នាំ ២០២២ រដ្ឋាភិបាលបានអនុវត្តនូវការហាមប្រាមចំពោះការជួបជុំដោយសន្តិវិធី។ អាជ្ញាធរ​ បានប្រើប្រាស់វិធានការសុខាភិបាលសាធារណៈ ក្នុងការបញ្ឈប់កូដកម្មដែលស្របច្បាប់ និងដោយសន្តិវិធី។ រដ្ឋាភិបាលក៏បានបន្ថែមការបង្រ្កាបរបស់ខ្លួនទៅលើក្រុមសហជីពឯករាជ្យ និងសិទ្ធិរបស់ពួកគាត់ក្នុងការបង្កើតសមគម ការជួបជុំដោយសន្តិវិធី និងសិទ្ធិធ្វើកូដកម្មរបស់កម្មករ។

រដ្ឋាភិបាលបានប្រើប្រាស់វិបត្តិសុខាភិបាលដោយជំងឺកូវីដ ១៩ ជាលេសក្នុងការបំបែកការធ្វើកូដកម្ម​ដោយសន្តិវិធីរបស់សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុនណាហ្កាវើលដ៍  (LRSU) ដែលដឹកនាំការតវ៉ានៅកណ្តាលរាជធានីភ្នំពេញ ទាមទារការទទួលឱ្យចូលធ្វើ​ការងារវិញនៃកម្មករដែលត្រូវបណ្តេញចេញពីការងារ និងឱ្យមានការសងសំណងសមរម្យចំពោះ ការដោះស្រាយវិវាទការងារជាមួយក្រុមហ៊ុនល្បែងកាស៊ីណូ។ ប៉ូលីសមានឯកសណ្ឋាន និងមន្ត្រី​សន្តិសុខគ្មានឯកសណ្ឋានបានប្រើប្រាស់កំលាំងមិនមានសមាមាត្ររុញច្រាន និងចាប់កូដករ​ដាក់ចូលរថយន្តក្រុង ហើយដឹកពួកគេទៅឃុំឃាំង នៅមណ្ឌលរៀបចំសម្រាប់ការធ្វើចត្តាឡីស័កនៅតំបន់ដាច់ស្រយាលនាជាយរាជធានីភ្នំពេញ។

នៅខែធ្នូ ឆ្នាំ ២០២១ អាជ្ញាធរបានចាប់ខ្លួន ឃុំឃាំង និងកាត់ទោសសកម្មជនសហជីពរាប់សិបនាក់ ពីបទចោទដឹកនាំធ្វើកូដកម្ម “ខុសច្បាប់”។ នៅថ្ងៃទី ៥ ខែកុម្ភៈ ប៉ូលីសបានចាប់ខ្លួនសមាជិកសកម្មជនសហជីព ៦ រូបនៅក្រុមហ៊ុនកាស៊ីណូណាហ្កាវើលដ៍នារាជធានីភ្នំពេញ       ខណៈពួកគាត់បានចាកចេញពីកន្លែងធ្វើតេស្តកូវីដ ១៩ និងចោទទាំងមិនមានមូលដ្ឋានទៅលើសកម្មជន ៣នាក់ពីបទ រារាំងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលប្រឆាំងជំងឺកូវីដ ១៩។ ​ បន្តបន្ទាប់មកទៀតមានការចាប់ឃុំខ្លួនសមាជិកសហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុនណាហ្កាវើលដ៍  (LRSU) ចំនួន ៨នាក់ ក្នុងនោះរួមមានទាំងប្រធានសហជីពនេះ​ កញ្ញា ឈឹម ស៊ីថរពីបទ “ញុះញង់”។ ក្រោយមកទើបមានការដោះលែងដោយមានការធានា​    ខណៈបទចោទប្រឆាំងពួកគាត់មិនត្រូវ​បានទម្លាក់ចោលនៅឡើយ ដែលនេះពួកគាត់នៅតែមានហានិភ័យពីការចាប់ខ្លួនសារជាថ្មីក្នុងពេល​ណាមួយ។

ការវាយប្រហារលើបក្សប្រឆាំង

មុនការបោះឆ្នោតឃុំ សង្កាត់នៅថ្ងៃទី ៥ ខែមិថុនា ២០២២ អាជ្ញាធរបានបំពានសិទ្ធិសមាជិកគណបក្សភ្លើងទៀន ដោយបានដកហូតបេក្ខភាពរបស់ពួកគាត់ចំនួន ១៥០ រូបពីបញ្ជីបេក្ខជនរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ការចាប់ខ្លួនសកម្មជនគណបក្ស គំរាមកំហែង​ឱ្យដកខ្លួនពីបេក្ខភាព មិនដូច្នោះទេនឹងត្រូវរងនូវការចោទប្រកាន់បទព្រហ្មទណ្ឌ និងកាត់ទោស និងរំខានដល់ការឃោសនាបោះឆ្នោត។​ បើទោះជាមានការរំខានរារាំងទាំងនេះក៏ដោយ គណបក្សភ្លើងទៀននៅទទួលបានការគាំ​ទ្រចំនួន ១៨ ភាគរយពីសំឡេងឆ្នោតនៅទូទាំងប្រទេស--ទោះជាយ៉ាងណា តាមរយៈលទ្ធផល នេះមានតំណែងមេឃុំតែ ៤ ឃុំប៉ុណ្ណោះក្នុងចំណោមអាសនៈមេឃុំ ចៅសង្កាត់ចំនួន ១៦៥២ នៅទូទាំងប្រទេស ដែលគណបក្សភ្លើងទៀនទទួលបាន។

តាមរយៈសាលដីការតុលាការកាលពីខែវិច្ឆិកា ឆ្នាំ ២០២០​ រាជអាជ្ញាកម្ពុជាបានចាប់ផ្តើមដំណើរការកាត់ក្តីជាប់ពាក់ព័ន្ធមនុស្សជាចង្កោមជាង ១០០នាក់ នៅឆ្នាំ ២០២១ និងបន្តចូលដល់ឆ្នាំ ២០២២ ដែលជាប់ពាក់ព័ន្ធជាមួយគណៈបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ និងសកម្មជន សង្គមស៊ីវិលមួយចំនួនទៀត។

នៅថ្ងៃទី ១៧ ខែមិនា តុលាការរាជធានីភ្នំពេញបានកាត់ទោសសកម្មជន និងអ្នកនយោបាយបក្សប្រឆាង ចំនួន ២០ រូប ក្នុងនោះរួមមានទាំងសមាជិកគ្រួសារជនជាប់ចោទផង អោយ​ជាប់ពន្ធនាគារម្នាក់ចន្លោះពី ៥ ទៅ​១០ ឆ្នាំ។ តុលាការក៏បានកាត់ទោសកំបាំងមុខផងដែរ មនុស្ស​ចំនួន ៧នាក់ ដែលកំពុងរស់នៅក្រៅប្រទេស អោយជាប់ពន្ធនាគារម្នាក់ៗចំនួន ១០ឆ្នាំ ពីបទចោទចំនួនបីទាក់ទងនឹង “បទញុះញង់”  “បទញុះញង់កងទ័ពអោយបះបោរ” និង “បទរួមគំនិតក្បត់”។ ការចោទប្រកាន់ទាំងនេះមានជាប់ពាក់ព័ន្ធដល់ការបង្កើត ចលនាសង្គ្រោះជាតិកម្ពុជា របស់សកម្មជនបក្សប្រឆាំងនៅបរទេសកាលពីឆ្នាំ ២០១៨ និងការបញ្ចេញមតិរិះគន់រដ្ឋាភិបាលលើបណ្តាញសង្គម។

នៅថ្ងៃទី ១៤ ខែ មិថុនា តុលាការរាជធានីភ្នំពេញបានកាត់ទោសសមាជិកគណបក្សសង្គ្រោះជាតិ និងសកម្មជននយោបាយផ្សេងទៀតយ៉ាងតិច ៥១ នាក់ ពីបទចោទមិនមានភស្តុតាង​ទាក់ទងនឹងបទ “ញុះញង់” និង “បទរួមគំនិតក្បត់”។ ក្នុងចំណោមនោះ ជនជាប់ចោទចំនួន ១២នាក់ត្រូវទទួលទោសជាប់ពន្ធនាគារចំនួន ៨ ឆ្នាំ ខណៈ ១៩នាក់ផ្សេងទៀតជាប់ទោសដាក់ពន្ធនាគារចំនួន ៦ឆ្នាំ។ រីឯជនជាប់ចោទចំនួន ២០នាក់ផ្សេងទៀតត្រូវបានកាត់ត្តីដោយព្យួរទោស ម្នាក់ៗ ចំនួន ៥ឆ្នាំ។ ជនជាប់ចោទសរុបចំនួន ២៧ នាក់ដែលកំពុងរស់នៅនិរទេសខ្លួននៅក្រៅ​ប្រទេសត្រូវបានកាត់ទោសកំបាំងមុខ។ ករណីទាំងនោះ មានជាប់ពាក់ព័ន្ធការគាំទ្រការប៉ុនប៉ង វិលត្រឡប់ចូលប្រទេសវិញរបស់លោក សម រង្ស៊ី នៅខែ វិច្ឆិកា ឆ្នាំ ២០១៩ និងសកម្មភាពទាក់ទងនឹងគណបក្សសង្គ្រោះជាតិដែលត្រូវគេរំលាយចោល និងចលនាសង្គ្រោះជាតិកម្ពុជានៅបរទេស។

សហប្រធានអតីតគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បន្តប្រឈមការចោទប្រកាន់បទក្បត់ជាតិ និងរងនូវការរឹតត្បិតសេរីភាពនយោបាយរបស់លោក ហើយតុលាការបានពន្យាពេលការបន្តការកាត់ក្តីរបស់គាត់ ក្រោមហេតុផលថាព្រះរាជអាជ្ញាចាត់ទុកករណីនេះលែងជាករណី “អាទិភាព” ទៀតហើយ។

សេរីភាពព័ត៌មាន

នៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២២ មន្រ្តីយោធាមកពីបញ្ជាការដ្ឋានអង្គរក្សរបស់លោក នាយក រដ្ឋមន្រ្តី ហ៊ុន សែន បានចាប់ឃុំខ្លួនដោយបំពាន អ្នកសារព័ត៌មាន ៥ រូបមកពីស្ថាប័នព័ត៌មានឯករាជ្យ សារព័ត៌មាន សំឡេងប្រជាធិបតេយ្យ (VOD) និងអ្នកការពារបរិស្ថាន ដែលជាប់ព័ន្ធក្រុម “យុវជនខ្មែរថាវរៈ”។​​ អ្នកសារព័ត៌មាន និងសកម្មជនការពារបរិស្ថាន បានរាយការណ៍អំពីសកម្ម​ភាពកាប់បំផ្លាញព្រៃឈើនៅភ្នំតាម៉ៅ ភាគខាងត្បូងប្រទេសកម្ពុជា ដែលពេលនោះព្រៃឈើចំនួន ៥០០ ហិចតា ដែលគេជឿថាត្រូវបានកាប់បំផ្លាញក្នុងរយៈពេលតែមួយសប្តាហ៍នៅដើម ខែសីហា។ អាជ្ញាធរបានដកហូតទាំងបង្ខំសំភារៈអ្នកកាសែត និងចោទប្រកាន់ពួកគាត់ពីបទផ្សព្វ ផ្សាយព័ត៌មានក្លែង។

យុត្តិធម៌អន្តរជាតិ

នៅខែកញ្ញា  អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានចេញសាលដីការបដិសេធការប្តឹងឧទ្ធរណ៍ពីសំណាក់មេដឹកនាំខ្មែរក្រហម លោក ខៀវ សំផន និងសម្រេចដំកល់សាលដីការពីបទប្រល័យពូជសាសន៍ និងបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិរបស់គាត់។ សាលក្រមកំណត់ការដាក់ពន្ធនាគារអស់មួយជីវិតដល់លោកនៅរក្សាដដែល។​ តាមរយៈសាលក្រមនេះ ការងាររបស់អង្គ​ជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ត្រូវបានបិទបញ្ចប់ ដោយបានកាត់ទោសជាស្ថាពរមនុស្ស ៣នាក់ ប្រើប្រាស់ថវិកាប្រហែល ៣៣០លានដុល្លារ តាំងពីតុលាការនេះត្រូវបង្កើតកាលពីឆ្នាំ ១៩៩៧។

តួអង្គអន្តរជាតិសំខាន់ៗ

រដ្ឋាភិបាលចិន ជាដៃគូសេដ្ឋកិច្ច និងនយោបាយយ៉ាងសំខាន់ ដោយបានវិនិយោគប្រាក់ចំនួន ១.២៩ ពាន់លានដុល្លារ អំឡុងពាក់កណ្តាលឆ្នាំ ២០២២។ នៅថ្ងៃទី ១ ខែ មករា កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីរវាងចិន និងកម្ពុជាបានចូលជាធរមាន ដែលតាមរយៈកិច្ចព្រមព្រៀងនេះ​”ប្រទេសចិន និងកម្ពុជាព្រមព្រៀងគ្នាអនុវត្តការយកពន្ធសូន្យ លើមុខទំនិញជាង ៩០ភាគរយ ហើយបានអនុវត្តការបើកចំហទីផ្សារ”។ កិច្ចព្រមព្រៀងនេះក៏មានចែងផងដែរនូវការជម្រុញកិច្ចសហការក្រោម ”គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ”របស់ប្រទេសចិន បើទោះជាមានក្តីបារម្ភនានា ទាក់ទងនឹងការរំលោភសិទ្ធិមនុស្សក្នុងគម្រោងទំាំងនេះក៏ដោយ។

នៅក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា សហភាពអ៊ឺរ៉ុបលើកទី ១១ នាខែមិនា សហភាពអ៊ឺរុប បានលើកឡើងអំពីការអំពាវនាវរបស់ខ្លួនចំពោះរដ្ឋាភិបាលក្នុងការលើកស្ទួយ “ប្រជាធិបតេយ្យ ពហុបក្ស សិទ្ធិមនុស្ស និងមូលដ្ឋានគ្រឹះនៃសេរីភាព សិទ្ធិការងារ និងនីតិរដ្ឋ។ “ការខកខានរបស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការបញ្ឈប់ការរំលោភសិទ្ធិមនុស្សនាំអោយមានការបង់ខាតដល់ប្រទេសកម្ពុជា តាមរយៈការដកហូតមួយផ្នែកនៃការអនុគ្រោះផ្នែកពាណិជ្ជកម្ម “អ្វីៗទាំងអស់ លើកលែងសព្វាវុទ្ធ” (EBA) របស់សហភាពអឺរ៉ុប។

នៅខែឧសភាព សភាសហភាពអ៊ឺរ៉ុប បានថ្កោលទោសរដ្ឋាភិបាលកម្ពុជា ដែលបន្តរំលោភបំពាន និងបានបញ្ជាក់ឡើងវិញនូវការអំពាវនាវរបស់ខ្លួនដល់ក្រុមប្រឹក្សាអ៊ឺរ៉ុបឱ្យអនុម័តគោលដៅដាក់ ទណ្ឌកម្មប្រឆាំងមេដឹកនាំនយោបាយកម្ពុជា និងមេដឹកនាំកងកម្លាំងប្រដាប់អាវុទ្ធ ដែលទទួលខុសត្រូវរាល់ការបង្រ្កាបទាំងឡាយនៅកម្ពុជា។ សភាសហភាពអ៊ឺរុប បានទទូចអោយ សហភាពអឺរ៉ុបពិចារណាដកហូតទាំងស្រុងនូវឋានៈអនុគ្រោះផ្នែកពាណិជ្ជកម្មនេះពីប្រទេសកម្ពុជា។

នៅខែ ឧសភា សហរដ្ឋអាមេរិកបានទទួលដំណើរទស្សនកិច្ចរបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាមជាភ្ញៀងនៅឯកិច្ចប្រជុំរវាងសហរដ្ឋអាមេរិក និងសមាគមអាស៊ាន (ASEAN) ដែលជាកិច្ចប្រជុំពិសេសធ្វើឡើងនៅសេតវិមាន មុនកិច្ចប្រជុំអាស៊ាន ដែលកម្ពុជាធ្វើជាប្រធានប្តូរវេន ជាកិច្ចខិតខំប្រឹងប្រែងមួយក្នុងការ ពង្រឹងកិច្ចសហការ និងសម្ព័ន្ធភាពជាមួយបណ្តាប្រទេសក្នុងសមាគមអាស៊ាន។

តុលាការបារាំងបានចេញដីការចាប់ខ្លួនឧត្តមសេនីកម្ពុជា ២នាក់ ដែលមានជាប់ពាក់ព័ន្ធការបោកគ្រាប់បែកទៅលើក្រុមបាតុករបក្សប្រឆាំនៅភ្នំពេញកាលពីថ្ងៃទី ៣០ ខែមិនា ឆ្នាំ ១៩៩៧ សម្លាប់មនុស្សចំនួន ១៦ នាក់ និងរបួសជាង ១៥០​នាក់។ តុលាការបានលើកឡើងផងដែរថា ខ្លួនបានកោះហៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនសម្រាប់តួនាទីរបស់លោកក្នុងការវាយប្រហារនេះ ប៉ុន្តែ រដ្ឋាភិបាលប្រទេសបារាំងបានរាំងខ្ទប់មិនបញ្ចេញលិខិតកោះហៅនេះក្រោមហេតុផលថា​ លោកនាយករដ្ឋមន្ត្រីមានអភ័យឯកសិទ្ធិក្នុងនាមជាមេដឹកនាំប្រទេសមួយ។