Skip to main content

ប្រទេសកម្ពុជា

ព្រឹត្តិការណ៍នៃ២០១៩

Workers march along a street to mark International Labor Day in Phnom Penh on May 1, 2019.

© 2019 Tang Chhin Sothy/AFP via Getty Images

ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​​បាន​ធ្លាក់​ដុនដាប​ក្នុង​ឆ្នាំ​២០១៩ ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ​កាល​ពី​ឆ្នាំ២០១៨​ ដែល​នៅ​​ពេល​នោះ​ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​បក្ស​កាន់​អំណាច ​ទទួល​បាន​អាសនៈ​ទាំង​១២៥​ក្នុ​ងរដ្ឋសភា​ បន្ទាប់​ពី​តុលាការ​កំពូល​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​នេះ​ បាន​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​សំខាន់​ ដែលបង្កើត​ឱ្យ​មាន​ការ​ដឹកនាំ​បែបឯកបក្ស​ប្រកប​ដោយ​ប្រសិទ្ធភាព។ ចំនួន​អ្នក​ទោស​នយោបាយ​ក៏បាន​កើនឡើង​ផង​ដែរ ដោយ​មាន​មន្ត្រី​សំខាន់ៗ​នៃ​គណបក្ស​ប្រឆាំង​ត្រូវ​ជាប់​ឃុំ​ឃាំង​ក្នុង​ពន្ធនាគារ​ ឬ ត្រូវ​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ដើម្បី​គេច​ផុត​ពី​ការ​តាម​ចាប់​ខ្លួន។​ ​ការ​ជាប់​ពាក់ព័ន្ធ​ជាមួយ​​គណបក្សសង្គ្រោះ​ជាតិដែល​ជា​បក្ស​​ប្រឆាំង​សំខាន់​មួយ​​​​​​ត្រូវ​បាន​អាជ្ញាធរ​ចាត់​ទុក​ជា​អំពើ​ខុស​ច្បាប់។ អ្នក​នយោបាយ​ជាន់ខ្ពស់របស់​បក្ស​សង្គ្រោះ​ជាតិ​​​ចំនួន​១០៧នាក់ ​ក្នុង​ចំណោម​១១៨​នាក់​​ នៅតែ​​ត្រូវ​បាន​ហាម​ឃាត់សិទ្ធិ​ធ្វើ​​នយោបាយក្នុង​​រយៈ​ពេល​៥​ឆ្នាំ។

នៅ​ពាក់​កណ្ដាល​ខែ​វិច្ឆិកា ឆ្នាំ​២០១៩ រដ្ឋាភិបាល​បានដាក់​ឱ្យមនុស្ស​ប្រមាណ​​៩០​នាក់​ស្ថិត​ក្រោម​ការ​​​ឃុំ​ខ្លួន​ក្នុង​មន្ទីរឃុំឃាំង​​មុន​ជំនុំ​ជម្រះ​ក្ដី​ ឬ​ជាប់​​ពន្ធនាគារ​​ក្រោម​បទ​ចោទ​ដែល​មាន​ចរិត​នយោបាយ។ ទោះ​បីជា​លោក ហ៊ុន សែន បាន​ស្នើ​សុំ​ឱ្យ​មាន​ការ​លើក​លែង​ទោស​ពី​ព្រះមហាក្សត្រ​​ដល់​អ្នក​ទោស​នយោបាយ​១៦​នាក់ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០១៨ ​​​ដើម្បី​​បញ្ចៀស​​​​ការ​រិះគន់​របស់​សហគមន៍​អន្តរជាតិ​​ក្ដី​ ការ​​ដាក់​គោលដៅ​​បង្ក្រាបសំឡេង​ប្រឆាំង​ដោយ​សន្តិវិធី​នៅ​តែ​បន្តកើត​មាន​​នៅ​ឆ្នាំ​២០១៩។ ចំណែកអ្នក​ការពារ​សិទ្ធិ​មនុស្ស​ និង​ សកម្មជន​គណបក្ស​ប្រឆាំងក៏​​​ត្រូវ​បាន​កាត់​ក្ដី​ និង​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ក្នុង​ឆ្នាំ​២០១៩។

សហភាព​អឺរ៉ុប​​​បានចាប់​ផ្ដើមនីតិវិធី​​ត្រួត​ពិនិត្យ​ និង​សើរើ​ ដើម្បី​ព្យួរ​ការ​អនុគ្រោះ​​ពន្ធ​ដល់ទំនិញរបស់​​​កម្ពុជា ក្រោម​​កម្មវិធី​«អ្វីៗ​គ្រប់យ៉ាង​លើក​លែង​តែ​អាវុធយុទ្ធ​ភ័ណ្ឌ»​ ដោយ​ផ្អែក​លើ​ការ​ដែល​​កម្ពុជា​មិន​​គោរព​សន្ធិសញ្ញា​អន្តរជាតិ​ទាក់ទង​នឹង​សិទិ្ធ​មនុស្ស​ និង​ អនុសញ្ញាសំខាន់ៗ​​នៃ​អង្គការ​ពលកម្ម​អន្តរជាតិ។ ការ​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធនាំ​ចូលក្នុង​​ទី​ផ្សារសហភាព​​អឺរ៉ុប​ចំពោះ​ទំនិញ​មួយ​ចំនួនដែល​​នាំចេញពី​កម្ពុជា​ដូចជា ផលិតផល​វាយនភ័ណ្ឌ​ជា​ដើម​ កំពុង​ស្ថិត​ក្នុង​ហានិភ័យ។ សេចក្ដី​សម្រេច​ចុង​ក្រោយ​របស់​សហភាព​អឺរ៉ុប​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​ខែ​កុម្ភៈ​ ឆ្នាំ​២០២០។
 

ការ​វាយ​ប្រហារ​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​

​ច្បាប់​​ថ្មីៗ ឬ វិសោធនកម្ម​ច្បាប់​​ជា​បន្តបន្ទាប់​ដែល​មាន​លក្ខណៈ​រឹតត្បិត​សិទ្ធិ​សេរីភាព​ក្នុង​នោះ​មាន​វិសោធនកម្ម​ច្បាប់​ស្ដី​គណបក្ស​នយោបាយ​ ច្បាប់​ស្ដី​ពី​អង្គការ​មិនមែនរដ្ឋាភិបាល​ ច្បាប់​ស្ដី​ពី​សហជីព និង​ មាត្រា​ដែល​ចែង​ពី​ ការ​ប្រមាថ​ព្រះ​មហាក្សត្រ ​ក្នុង​ក្រម​ព្រហ្មទណ្ឌ​​ជា​ដើម រឹតត្បិត​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​ក្នុង​ការ​បញេ្ចញ​មតិ​ សិទ្ធិ​ជួបជុំ​ដោយ​សន្តិវិធី​ និង​ សិទ្ធិ​ក្នុង​ការ​បង្កើត​សមាគម។

ក្នុង​ខែ​ធ្នូ ឆ្នាំ​២០១៨ តុលាការ​បាន​កាត់​ទោស​​មេ​ដឹកនាំ​សហជីព​​ល្បីៗ​ចំនួន​៦នាក់​ ដោយ​​គ្មាន​មូលដ្ឋាន ក្រោម​បទ​ចោទ​ញុះញង់​ឱ្យ​មាន​ការប្រព្រឹត្ត​អំពើ​​ហិង្សាដោយ​ចេតនា​ និង​ បង្ក​ការ​ខូចខាត ​​ដោយបាន​​ព្យួរ​ទោស​​ជាប់​ពន្ធនាគារ​ចន្លោះ​ពី​៨​ខែ​ដល់​៤ឆ្នាំ​កន្លះ​ និង​ការ​ពិន័យ​ឱ្យ​បង់សំណង​​ក្នុង​ទឹក​ប្រាក់​សរុប​៣៥​លាន​រៀល​ (ប្រមាណ​៨,៦០០​ដុល្លារសហរដ្ឋ​​អាមេរិក) ដល់​ភាគី​ដើម​បណ្ដឹង​រដ្ឋប្បវេណី។ សាលា​ឧទ្ធរណ៍​បាន​ច្រាន​​ចោល​ការ​សម្រេចនោះ​ ក្នុង​ខែ​ឧសភា ឆ្នាំ​២០១៩ ភ្លាមៗ​ក្រោយ​ការ​មក​ដល់​នៃ​​បេសកកម្ម​ស្វែង​រក​ការពិត​របស់​សហភាព​អឺរ៉ុប​ ពាក់ព័ន្ធ​នឹង​ការ​សើរើ​ការ​ផ្ដល់​ការអនុគ្រោះ​ពន្ធ​ដល់​កម្ពុជា។

ក្នុង​ខែ​ធ្នូ ឆ្នាំ​២០១៨ អាជ្ញាធរ​ប្រទេស​ថៃបានបញ្ជូនខ្លួន​ពលរដ្ឋ​កម្ពុជា​ដែល​ជា​អ្នក​រិះគន់​ម្នាក់​គឺ​​​លោក រ៉ាត់ រត្ន​មុនី ​ទាំង​បង្ខំ​មក​កម្ពុជា​វិញ។ ក្រោយ​មក​ អាជ្ញាធរ​កម្ពុជា​បាន​កាត់​ទោស​លោក​ ចំពោះការ​បំពេញ​តួនាទី​​ក្នុងការ​ផលិត​វីដេអូ​ឯកសារមួយ​ឱ្យ​​សារព័ត៌មាន​រុស្សី (Russia Today) ​ក្រោម​​ចំណង​ជើង​ថា «ម្ដាយ​ខ្ញុំ​លក់​ខ្ញុំ» ដែល​ពណ៌នា​អំពី​ក្មេងស្រី​កម្ពុជា​ដែល​ត្រូវ​បាន​ម្ដាយ​បង្ខំ​​ឱ្យ​ធ្លាក់​ចូល​ក្នុង​អំពើ​កេង​ប្រវញ្ច​​ផ្លូវ​ភេទ។ ក្នុង​ខែ​កក្កដា តុលាការ​បាន​សម្រេច​ផ្តន្ទាទោស​លោក​ មុនី​ ពី​បទ​ «ញុះញង់​ឱ្យ​មាន​ការ​រើស​អើង​» និង​បាន​កាត់​ទោស​លោក​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​២ឆ្នាំ​។

ចាប់​តាំង​ពីការ​​បង្កើត​ឱ្យ​មាន​​បទ​ប្រមាថ​ព្រះ​មហាក្សត្រ​ ក្នុង​ឆ្នាំ​២០១៨​មក មនុស្ស​៣នាក់​ត្រូវ​បាន​ផ្តន្ទាទោស​ និង​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​​ក្រោម​បទ​ចោទ​នេះ​។ គិត​ត្រឹម​ពេល​សរសេរ​របាយការណ៍​នេះ ជន​​ទី​៤ហើយ​ ត្រូ​វ​បាន​ដាក់​ឱ្យ​ស្ថិត​ក្រោម​​ការ​ឃុំ​ខ្លួន​មុន​ពេល​ជំនុំ​ជម្រះ​។​ រាល់​សំណុំ​រឿង​ទាំង​អស់នោះ​​ មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បញ្ចេញ​មតិ​រិះគន់​​រដ្ឋាភិបាល ​និង​ ព្រះ​មហាក្សត្រ​ តាម​បណ្ដាញ​សង្គម​ហេ្វសប៊ុក ឬ ការ​ចែក​ចាយបន្ត​នូវ​​​​សារ​របស់​អ្នក​ដទៃ​ដែល​ត្រូវ​បាន​បង្ហោះ​លើ​​បណ្ដាញ​សង្គម​​ហេ្វសប៊ុក។

ក្នុង​​ខែ​កក្កដា​ ឆ្នាំ​២០១៩ អាជ្ញាធរ​បាន​ឃុំ​ខ្លួន​សកម្មជន​ជា​យុវជន​ពីរ​នាក់​ គឺ​លោក គង់ រ៉ៃយ៉ា និង​ លោក សួង​ នាគព័ន្ធ​ ចំពោះ​ការ​ចូល​រួម​របស់អ្នក​ទាំងពីរ​​ក្នុង​ពិធី​រំឭក​ខួប៣ឆ្នាំ​​នៃ​ការ​ធ្វើ​ឃាត​អ្នក​ធ្វើ​អត្ថាធិប្បាយ​លើ​បញ្ហា​នយោបាយ​ដ៏​ល្បីល្បាញម្នាក់​​គឺ លោក​ កែម ឡី ក្នុង​រាជធានី​ភ្នំពេញ។ ក្នុង​ខែ​វិច្ឆិកា តុលាការ​កំពូល​បាន​​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក​ គង់ រ៉ៃយ៉ា។ អាជ្ញាធរ​បាន​ចោទ​ប្រកាន់​អ្នក​ទាំងពីរ​ពី​បទ​ «ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍»។ អាជ្ញាធរ​បាន​ចាប់​ខ្លួន​មនុស្ស​៧​នាក់ចំពោះ​ការ​ធ្វើ​​ពិធីគម្រប់​ខួប​​នេះ​ និង​បាន​បង្អាក់​ ឬ លុបចោល​​ការ​រៀបចំ​ពិធី​នេះ​នៅ​ទូទាំង​ប្រទេស។

នៅ​ថ្ងៃ​ទី​២០ ខែ​មករា​ ឆ្នាំ​២០១៩ ទាហាន​បា​ន​ចាប់​ខ្លួន​សកម្មជន​​​​ដី​ធ្លី​ម្នាក់​ឈ្មោះ ស៊ុម ម៉ឺន ក្នុង​ខេត្ត​ព្រះ​វិហារ​ និង​បាន​ឃុំ​ខ្លួនលោក​នៅការិយាល័យ​ដែន​ជម្រក​សត្វ​ព្រៃ​គូលែន​ព្រហ្ម​ទេព។ នៅ​ព្រឹក​ថ្ងៃ​បន្ទាប់ ​អាជ្ញាធរ​មិនដឹង​ថា​​តើ​​លោក​ ស៊ុម ម៉ឺន ​ ស្ថិត​នៅ​ទីណា​ទេ​។ ពីរ​ខែ​ក្រោយ​មក​ លោក​​បាន​លេច​មុខ​ ក្រោយ​​​រត់​គេច​ខ្លួន​ពី​ដែន​ជម្រកសត្វ​​ព្រៃ​នោះ​ ដោយទន្ទឹង​​រង់ចាំនូវ​​ការ​ធានាថា​នឹង​មិន​មាន​ការចាប់​ខ្លួន​គាត់​ម្ដង​ទៀត​។ អ្នក​ភូមិ​១៤​នាក់​ផ្សេងទៀត​ រួម​ទាំង​កូន​ប្រុស​របស់លោក ស៊ុម ម៉ឺន ផង​ ត្រូវ​បាន​ចាប់​ខ្លួន​ និង​ចោទ​ប្រកាន់​ពី​បទ​​ទន្ទ្រាន​ដី​ព្រៃសាធារណៈដោយ​ខុស​ច្បាប់​ តែ​បទ​ចោទ​ប្រឆាំងពួកគេ​​បួន​នាក់​ត្រូវ​បាន​ទម្លាក់​ ចំណែក​ដប់​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ដោះលែង​​​​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន នៅ​ចន្លោះ​ពី​ខែ​មិថុនា ដល់​ខែ​កក្កដា​ តែ​មិន​មាន​ការ​ទម្លាក់​​បទ​ចោទ​​ឡើយ។​ ទោះ​បី​លោក ស៊ុម ម៉ឺន ​មិ​ន​ត្រូវ​​ចាប់​ខ្លួន​ឡើង​វិញ​ក៏​ដោយ​ ក៏​សវនាការ​ប្រឆាំង​រូប​គាត់​ត្រូវ​បាន​ចាប់​ផ្ដើម​កាល​ពី​ខែ​តុលា ដោយ​ផ្អែក​លើ​បទ​ចោទ​ដូច​គ្នា​នឹង​បទ​ចោទ​ប្រឆាំង​អ្នក​ភូមិទាំង​១៤នាក់​ដែរ។
 

ការ​វាយ​ប្រហារ​លើ​គណបក្ស​ប្រឆាំង​

នៅ​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០១៩ ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ បាន​ផ្ដល់​ឱ្យ​លោក​ ហ៊ុន សែន នូវ​ឆន្ទានុសិទ្ធដោយ​​គ្មាន​ការ​រារាំង​ក្នុង​ការ​សម្រេច​ថា​តើ​អ្នកណាខ្លះ​​​ក្នុង​ចំណោម​សមាជិកជាន់​ខ្ពស់​ទាំង​១១៨រូប​នៃ​​គណបក្ស​សង្គ្រោះ​ជាតិ​​ ​​​ដែល​ត្រូវ​បាន​ហាម​ឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​ពី​ដំបូង​មក​ អាច​​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ។ វិសោធនកម្ម​ច្បាប់​នោះ​ចែង​ថា ​សិទ្ធិ​ធ្វើ​នយោបាយ​​អាច​​ត្រូវ​បាន​ស្ដារ​ឡើង​វិញ​បាន​ លុះ​ណា​តែ​បុគ្គល​​ដាក់​សំណើ​​សុំ​ទៅ​លោក ហ៊ុន សែន ឬ រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ លោក ស ខេង ដែល​នឹង​ថ្វាយ​បន្ត​ជូន​ព្រះ​មហាក្សត្រ។​ សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូ​វ​បាន​ដក​ហូត​សិទ្ធិ​នយោបាយ​មិន​ដល់​១២​នាក់​ទេ​ដែល​បាន​ដាក់​សំណើ​សុំ​នោះ រីឯអ្នក​ដទៃ​ទៀត​បាន​បដិសេធ​​មិនធ្វើ​តាម​​ដំណើរការ​ដែល​ពួកគេ​ចាត់​ទុក​ថា មាន​លក្ខណៈ​នយោបាយ​ និង​ ធ្វើ​តាម​ទំនើង​​ចិត្ត​នោះ។

នៅ​ថ្ងៃ​ទី​១០ ខែវិច្ឆិកា​ ឆ្នាំ​២០១៩ ចៅក្រម​ស៊ើប​សួរ​​បាន​សម្រេចបញ្ឈប់​​​ការ​ដាក់​លោក កឹម សុខា ឱ្យ​ស្ថិតនៅ​​ក្រោម​ការ​ឃ្លាំ​មើលតាម​ផ្លូវ​តុលាការយ៉ាង​​រឹតត្បិត ដែល​ស្មើ​នឹង​ការ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​ ក្រោមលក្ខខណ្ឌតម្រូវ​​ឱ្យ​​​លោក​​ កឹម សុខា ចៀស​វាង​ការ​ធ្វើ​សកម្មភាព​នយោបាយ​ និង​មិន​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស ហើយ​និង​មាន​កិច្ច​សហការ​ល្អ​ក្នុងការ​បន្ត​​ដំណើរ​ការ​​ស៊ើប​អង្កេត​ក្រោម​បទ​ចោទ​​ដែល​​​មាន​លក្ខណៈប្រឌិត​​ពាក់ព័ន្ធ​នឹង​អំពើ​​ក្បត់​ជាតិ។​ លោក កឹម សុខា បាន​ស្ថិត​ក្រោម​ការ​ឃុំ​ខ្លួនតាម​ទំនើង​ចិត្ត​​​អស់​រយៈពេលជាង​​២​ឆ្នាំ។ ប្រសិន​បើលោក​ត្រូវ​បាន​តុលាកា​រ​សម្រេច​កាត់​ទោស​ពី​បទ​ក្បត់​ជាតិ​មែន លោកនឹង​ត្រូវ​ប្រឈម​​នឹង​ការ​ជាប់​ពន្ធនាគាររហូត​ដល់​៣០​ឆ្នាំ។​

នៅ​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០១៩ តុលាការ​បាន​​ចេញ​ដីកា​ចាប់​ខ្លួនក្រោម​បទ​ចោទ​ «រួម​​គំនិត​​​ក្បត់»​ និង ​បទ​ «ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍» លើ​សមាជិក​ឈាន​មុខចំនួន​​​៨​រូប​​របស់​​គណបក្ស​សង្គ្រោះ​ជាតិដែល​បាន​ចាក​ចេញ​ពី​កម្ពុជា​មុន​ការ​បោះឆ្នោត​ខែ​កក្កដា ឆ្នាំ​២០១៨ ដែល​ក្នុង​នោះ​មាន​ លោក សម រង្ស៊ី អ្នក​ស្រី​ មូរ សុខហួរ លោក អ៊ូ ចន្ទ័ឫទ្ធិ លោក អេង ឆៃ​អ៊ាង លោក ម៉ែន សុថាវរិន្ទ​ លោក ឡុង​ រី លោក តុប វ៉ាន់​​ចាន់  និង​លោក ហូរ​ វ៉ាន់។ ​នៅ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា តុលាការ​ក្រុង​ភ្នំពេញ​បាន​ធ្វើការ​​ចោទ​ប្រកាន់មក​លើ​​ពួកគេ។

នៅ​​ចន្លោះ​ខែ​មករា ដល់​ខែ​ឧសភា ឆ្នាំ២០១៩ អាជ្ញាធរ​កម្ពុជា​បាន​ចេញ​ដីកា​ និង​លិខិត​កោះ​​​ហៅ​តាម​ទំនើង​ចិត្តជាង​​១៤៧​ ​ប្រឆាំង​​​សមាជិក​ ឬ ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ។ ​ ដីកាកោះ​ និង​ លិខិត​កោះ​ហៅ​ដែលក្រុម​អង្គការ​សិទ្ធិមនុស្សបាន​ឃើញ​​ មាន​កង្វះ​ខាត​​ភាព​​ជាក់លាក់​ផ្នែក​ច្បាប់​ ដោយ​មាន​ត្រឹម​តែ​ការ​យោងបែប​មិន​ច្បាស់លាស់​​លើ​ការ​ចោទ​ប្រកាន់​ថា អ្នក​ដែល​ត្រូវ​បាន​កោះ​ហៅ​ទាំង​នោះប្រហែល​ជា​បាន​បំពាន​លើសាល​ដីកា​របស់​តុលាការ​កំពូលក្នុង​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិប៉ុណ្ណោះ។ នៅ​ចន្លោះ​ខែ​សីហា និង​ខែវិច្ឆិកា​ អាជ្ញាធរ​បាន​ចាប់​ខ្លួន និង​ឃុំខ្លួន​សមាជិក និងអ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ជាង​៦០​នាក់​ ដោយ​ផ្អែក​លើ​បទ​ចោទផ្សេងៗដែល​មាន​លក្ខណៈប្រឌិត ហើយ​បាន​ចោទ​ប្រកាន់មនុស្ស​ជាង​​១០០នាក់​។ នៅ​ថ្ងៃ​ទី១៦ ខែ​សីហា លោក សម រង្ស៊ី មេដឹកនាំ​​ស្ដីទីនៃ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែលនិរទេស​ខ្លួន​ បាន​ប្រកាស​​ថា​ លោក​នឹង​វិល​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា​ ប៉ុន្តែ​ដោយសារ​ការដាក់​ចេញ​​វិធានការណ៍​រឹតត្បិត​ជា​ច្រើន​ពីសំណាក់​​​លោក​ ហ៊ុន សែន ដែល​រួម​មាន​​ការ​បិទ​ច្រក​ឆ្លងកាត់​ព្រំដែន​គោក​ និង​ ការ​បញ្ជូន​​ដីកា​​ចាប់​ខ្លួន​ទៅ​កាន់​​រដ្ឋាភិបាល​នៃ​បណ្ដា​ប្រទេស​អាស៊ាន​​ ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ត្រូវ​បាន​រារាំង​មិន​ឱ្យ​ចូល​ប្រទេស​កម្ពុជាវិញ​ឡើយ​ ដែល​នេះ​ជា​ការ​រំលោភបំពាន​​យ៉ាង​ច្បាស់​​លើ​សិទ្ធិរបស់​ពួកគេ។ ​

នៅ​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០១៩ ប៉ូលិស​បាន​ចាប់​ខ្លួន​លោក គង់ ម៉ាស់​ ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូ​វ​បាន​ហាមឃាត់​​មិន​ឱ្យ​ធ្វើ​នយោបាយ​ បន្ទាប់​ពី​លោក​បាន​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក(Facebook)ថា សហភាព​អឺរ៉ុប​​មាន​ផែនការយក​ពន្ធ​នាំ​ចូល​លើ​ផលិតផល​អង្ករ​ពី​​កម្ពុជា។ នៅ​ថ្ងៃទី​១៨ ខែតុលា​ តុលាការ​ក្រុង​ភ្នំពេញ​បាន​សម្រេច​​ចោទ​ប្រកាន់​លោក​ពី​ប​ទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ និង​បាន​កាត់​ទោស​លោក​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​១៨​ខែ។

នៅ​ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​២០១៩ លោក ទិត្យ រ៉ន សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​​ និង​ជា​កូន​ប្រុស​របស់​អតីត​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​​ ក្នុង​ខេត្ត​កំពង់​ចាម​​បាន​ស្លាប់​ក្នុងមន្ទីរ​ឃុំឃាំង​។ សាកសព​របស់​លោក​មាន​ស្នាម​របួស​ដែលបង្ហាញ​ថា លោក​បាន​រង​ការ​វាយដំ​។ នគរបាល​បាន​ចាប់​ខ្លួន​លោកកាល​ពី​​ថ្ងៃ​ទី​១៥​ ខែមេសា​ ពាក់ព័ន្ធ​នឹងបណ្ដឹង​ចោទ​ប្រកាន់​ថា​​ ​​លោក​បានប្រព្រឹត្ដ​អំពើ​ហិង្សា​​កាល​ពី​១៣​ឆ្នាំ​មុន ​ទោះ​បីជា​អាជ្ញាយុកាល​នៃ​បទល្មើស​បាន​ផុត​រលត់​ហើយ​​ក៏​ដោយ។ ​អាជ្ញាធរ​កម្ពុជា​អះអាង​ថា លោក ទិត្យ​ រ៉ន បាន​រអិល​ដួល​ក្នុង​បន្ទប់​ទឹក​នៃអគារ​​ឃុំ​ឃាំង​​ដែល​លោក​នៅ ប៉ុន្តែ​មិន​បាន​ស៊ើប​​អង្កេត​ឱ្យ​បាន​ម៉ត់ចត់​ទេ។

 

សេរីភាព​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ

រដ្ឋាភិបាល​កម្ពុជា​បាន​បន្ត​រាំងខ្ទប់​សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ឆ្នាំ​២០១៩​នេះ។ ទោះ​បី​ជា​សា្ថប័ន​សារព័ត៌មាន​សំឡេង​ប្រជាធិបតេយ្យ (វី.អូ.ឌី) និង​សំឡេង​សហរដ្ឋ​អាមេរិក (វី.អូ.អេ) នៅ​អាច​បំពេញ​ការងារ​រាយការណ៍​ព័ត៌មាន​ជា​ភាសាខ្មែរ​ និង​ភាសាអង់គ្លេស​ ដោយ​ឯករាជ្យបាន​ក៏​ដោយ ក៏​ស្ថាប័ន​កាសែត និង​វិទ្យុ​​ឯករាជ្យ ​​​ក្នុង​ស្រុក​ដែលធ្លាប់​​មាន​ពីមុន​មក​ នៅ​តែ​ត្រូវ​​បន្ត​បិទ​ទ្វារ​ ឬ​ ត្រូវ​បាន​លក់ទៅ​​ឱ្យ​ម្ចាស់​ផ្សេង​ដែល​មាន​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល។ បណ្ដាញ​សង្គម​នានា​ក៏​​បន្តស្ថិត​ក្រោម​​​ការតាមដាន​​ឃ្លាំ​មើល​ និងអន្តរាគមន៍​ពី​​រដ្ឋាភិបាល ក្រោយ​​ការ​អនុម័ត​ប្រកាស​ស្ដី​ពី«​ការ​គ្រប់គ្រង​ការ​ផ្សព្វផ្សាយ​តាម​គេហទំព័រ​ និង​បណ្ដាញទំនាក់​ទំនង​សង្គម​ ដែល​ដំណើរ​ការ​តាម​ប្រព័ន្ធ​អ៊ិនធើណិត»កាល​ពី​ឆ្នាំ​២០១៨ ដែល​អនុញ្ញាត​ឱ្យ​មាន​ការ​ជ្រៀតជ្រែកលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាម​​អ៊ិនធើណិត និង​ ការ​​ត្រួត​ពិនិត្យ​ជាមុន​ពី​សំណាក់​រដ្ឋាភិបាល។

អាជ្ញាធរ​កម្ពុជា​បាន​បន្ត​នៅ​ឆ្នាំ​២០១៩ នូវ​ការ​កាត់​ទោស​​ដែល​មាន​លក្ខណៈ​នយោបាយ​លើ​អ្នក​សារព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី​ពីរ​នាក់​គឺ​ លោក យាង​ សុធារិន្ទ និង លោក​ អ៊ួន​ ឈិន។ អ្នក​សារព័ត៌មាន​ទាំងពីរ​រូប​ត្រូវ​បាន​​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ក្រោម​បទ​ចោទ​បែប​ប្រឌិត​ថា ​បាន​ធ្វើ​ចារកម្ម​ឱ្យ​រដ្ឋាភិបាល​បរទេស​​ ចំពោះ​ការ​បំពេញ​ការងារ​រាយការណ៍​ព័ត៌មាន​ឱ្យ​វិទ្យុ​អាស៊ីសេរី បន្ទាប់​ពីរដ្ឋាភិបាល​បាន​បង្ខំ​​ឱ្យ​ស្ថាប័ន​នេះ​បិទ​ការិយាល័យ​​នៅ​កម្ពុជា។ បន្ទាប់​ពីបាន​​រកឃើញ​​ថា មិន​មាន​ភ័ស្តុតាង​គ្រប់គ្រាន់ដើម្បី​ធ្វើ​ការ​កាត់​សេចក្ដី ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​​សម្រេច​កាល​ពី​ថ្ងៃ​ទី​៣​ ខែ​តុលា​ ឱ្យ​បញ្ចូន​សំណុំ​រឿង​នេះ​ទៅ​ចៅក្រម​ស៊ើបសួរ​ដើម្បីធ្វើ​​ការ​ស៊ើប​អង្កេត​ឡើង​វិញ។

កាល​ពី​​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៩ លោក ហ៊ុន សែន​ បាន​ប្រកាសពី​ការ​បញ្ជូនឡើង​វិញ​នូវ​​​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពីសន្តិសុខ​តាម​ប្រព័ន្ធ​អ៊ិនធើណិត និង​ ច្បាប់​ស្ដី​ពី​​ «ព័ត៌មាន​ក្លែង​ក្លាយ» ទៅ​រដ្ឋសភា ដោយ​បង្ក​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​រឹតត្បិត​បន្ថែម​ទៀត​លើ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ និង​បង្កើន​ការ​ឃ្លាំមើល​​លើ​ក្រុម​អង្គការ​សង្គម​ស៊ីវិល គណបក្ស​ប្រឆាំង និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។ ថ្វី​បើ​ច្បាប់​ទាំងនេះ​មិន​ទាន់​ត្រូវ​បាន​អនុម័ត​នៅ​ឡើយក្ដី​ ក៏​ការ​គំរាម​កំហែងបែប​បំភិតបំភ័យ​ពី​សំណាក់​​អាជ្ញាធរ​កម្ពុជាដែល​​ថា​​រាល់​ការ​ទំនាក់ទំនង​ទាំងអស់​ត្រូវ​បាន​ឃ្លាំមើល​ បាន​បណ្ដាល​ឱ្យ​ពលរដ្ឋ​កម្ពុជា​ពោរពេញ​ដោយ​ភាព​ភ័យ​ខ្លាច​ និង​​មាន​ការ​ប្រុង​ប្រយ័ត្ន។

 

តួអង្គ​អន្តរជាតិ​សំខាន់ៗ

ប្រទេស​ចិន​គឺ​ជា​​​វិនិយោគិន​​បរទេស​ធំ​បំផុត​របស់​កម្ពុជា​​ ហើយ​​មាន​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សន្ដិសុខ​ និង​នយោបាយ​យ៉ាង​ជិតស្និទ្ធ​ជាមួយរដ្ឋាភិបាល​​ក្រុង​ភ្នំពេញ។ នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០១៩ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​អះអាង​ថា ខ្លួន​មាន​ឯកសារ​បង្ហាញ​ថា លោក ហ៊ុន សែន បាន​យល់ព្រម​ឱ្យ​រដ្ឋាភិបាល​​ចិន​​ប្រើប្រាស់​មូលដ្ឋាន​ទ័ព​ជើង​ទឹក​ «រាម» ស្ថិត​នៅ​ឈូង​សមុទ្រ​ថៃ ដែល​ការ​អះអាង​នេះ​ត្រូវ​បាន​ច្រាន​ចោល​ដោយ​រដ្ឋាភិបាល​កម្ពុជា ​និង ​ចិន។

នៅ​ខែ​មករា ឆ្នាំ​២០១៩ ប្រទេស​ចិន​បាន​សន្យាផ្ដល់​ជំនួយ​ក្នុង​ទឹកប្រាក់​៤ពាន់​លាន​យ៉ន់​ (ស្មើ​នឹង​៥៨៨លាន​ដុល្លារ​អាមេរិក) ដល់​កម្ពុជា​ពី​​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២១។ នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០១៩ ចិន​បាន​ជំរុញដល់​​ការ​ផ្ដល់​ប្រាក់កម្ចី​ដល់​កម្ពុជាបន្ថែម​ទៀត​ ដោយបាន​​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ចំនួន​១០បន្ថែម​​​ទៀត​​ បន្ទាប់​ពី​​វេទិកា​ស្ដី​ពីគំនិត​ផ្ដួចផ្ដើម​ «ផ្លូវ​មួយ ខ្សែ​ក្រវាត់មួយ​»​ ដែល​ប្រព្រឹត្ត​ទៅ​នៅ​​ទីក្រុង​ប៉េកាំង។

ប្រទេ​សជប៉ុន​នៅ​តែ​រក្សាជំហរ​ស្ងៀមស្ងាត់​លើ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ដែល​កាន់​តែ​ដុនដាបទៅៗ​ ខណៈ​ត្រូវ​ប្រកួត​ប្រជែង​ជាមួយ​ចិនក្នុង​បង្កើន​ឥទ្ធិពល​នៅ​​កម្ពុជា តាម​រយៈ​ទឹក​ប្រាក់​ជំនួយ​អភិវឌ្ឍន៍ និង​ កា​រវិនិយោគ​យ៉ាង​ច្រើន​។ កាល​ពី​ខែ​កញ្ញា ជប៉ុន​បាន​ជួយ​ជ្រោមជ្រែង​ឱ្យ​មានសេចក្ដីសម្រេចកិច្ច​ប្រជុំ​​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ ​ស្ដីពី​កម្ពុជា ដែល​សេចក្ដីសម្រេច​នេះ​មាន​លក្ខណៈ​ទន់​ខ្សោយ ​ដូច​​​​​កាល​ពី​អាណត្តិ​របស់​ប្រធាន​មុនក្នុង​​​​​ឆ្នាំ​២០១៧​ដែរ ដោយ​បាន​បរាជ័យ​ក្នុង​ការ​ដាក់​សម្ពា​ធ​ឱ្យ​បាន​ខ្លាំងលើ​​​កម្ពុជា ដើម្បីឱ្យ​ប្រទេស​នេះ​កែលម្អ​ស្ថានភាព​សិទ្ធិ​មនុស្ស​របស់​ខ្លួនឡើង​វិញ។

នៅ​ឆ្នាំ​២០១៩ សហរដ្ឋ​អាមេរិក​បានបន្ដ​​ព្យួរ​​ការ​ផ្ដល់​ជំនួយ​ដល់​ស្ថាប័ន​រដ្ឋាភិបាល​កម្ពុជា។ ក្នុង​ខែ​កក្កដា​ ឆ្នាំ​២០១៩ សភា​តំណាង​រាស្ត្រ​នៃ​សហរដ្ឋអាមេរិក​បាន​អនុម័ត «​ច្បាប់​ស្ដី​ពី​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឆ្នាំ​២០១៩»​ ក្នុង​បំណង​ដាក់​ទណ្ឌកម្ម​​លើ​មន្ត្រី​កំពូល​ៗ​របស់​កម្ពុជា​ដែលជាប់​ពាក់ព័ន្ធ​ក្នុង​អំពើ​រំលោភ​សិទ្ធិ​មនុស្ស។ គិត​ត្រឹម​ពេល​​សរសេរ​​របាយការណ៍​នេះ ការិយាល័យ​នៃ​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​ ក៏​កំពុង​ពិចារណា​ដក​ហូត​ពី​កម្ពុជា​នូវ​​ឋានៈជា​ប្រទេស​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​ ក្រោម​ប្រព័ន្ធ​ជី.អេស.ភី (GSP) ដោយសារ​អំពើ​រំលោភ​សិទ្ធិ​ការងារផង​ដែរ។​

នា​កិច្ច​ប្រជុំ​ពិនិត្យរបាយការណ៍ជាសកលតាមកាលកំណត់ ហៅ​កាត់​ថា យូ.ភី.អរ (UPR) នៅ​ឯ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​ឆ្នាំ​២០១៩ កម្ពុជា​បាន​ទទួល​យក​អនុសាសន៍​ចំនួន​១៧៣​ចំណុច​ ប៉ុន្តែ​បាន​បដិសេធ​ទទួល​យក​អនុសាសន៍​សំខាន់ៗ​ស្ដីពី​សិទ្ធិ​នយោបាយ​ និង​សិទ្ធិ​ពលរដ្ឋ៕