ប្រទេសកម្ពុជា
ការគោរពសិទ្ធិមនុស្សនៅកម្ពុជាបានធ្លាក់ដុនដាបក្នុងឆ្នាំ២០១៩ ក្រោយការបោះឆ្នោតជាតិកាលពីឆ្នាំ២០១៨ ដែលនៅពេលនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាដែលជាបក្សកាន់អំណាច ទទួលបានអាសនៈទាំង១២៥ក្នុងរដ្ឋសភា បន្ទាប់ពីតុលាការកំពូលដែលគ្រប់គ្រងដោយគណបក្សនេះ បានរំលាយគណបក្សប្រឆាំងដ៏សំខាន់ ដែលបង្កើតឱ្យមានការដឹកនាំបែបឯកបក្សប្រកបដោយប្រសិទ្ធភាព។ ចំនួនអ្នកទោសនយោបាយក៏បានកើនឡើងផងដែរ ដោយមានមន្ត្រីសំខាន់ៗនៃគណបក្សប្រឆាំងត្រូវជាប់ឃុំឃាំងក្នុងពន្ធនាគារ ឬ ត្រូវភៀសខ្លួនទៅក្រៅប្រទេសដើម្បីគេចផុតពីការតាមចាប់ខ្លួន។ ការជាប់ពាក់ព័ន្ធជាមួយគណបក្សសង្គ្រោះជាតិដែលជាបក្សប្រឆាំងសំខាន់មួយត្រូវបានអាជ្ញាធរចាត់ទុកជាអំពើខុសច្បាប់។ អ្នកនយោបាយជាន់ខ្ពស់របស់បក្សសង្គ្រោះជាតិចំនួន១០៧នាក់ ក្នុងចំណោម១១៨នាក់ នៅតែត្រូវបានហាមឃាត់សិទ្ធិធ្វើនយោបាយក្នុងរយៈពេល៥ឆ្នាំ។
នៅពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០១៩ រដ្ឋាភិបាលបានដាក់ឱ្យមនុស្សប្រមាណ៩០នាក់ស្ថិតក្រោមការឃុំខ្លួនក្នុងមន្ទីរឃុំឃាំងមុនជំនុំជម្រះក្ដី ឬជាប់ពន្ធនាគារក្រោមបទចោទដែលមានចរិតនយោបាយ។ ទោះបីជាលោក ហ៊ុន សែន បានស្នើសុំឱ្យមានការលើកលែងទោសពីព្រះមហាក្សត្រដល់អ្នកទោសនយោបាយ១៦នាក់ក្រោយការបោះឆ្នោតឆ្នាំ២០១៨ ដើម្បីបញ្ចៀសការរិះគន់របស់សហគមន៍អន្តរជាតិក្ដី ការដាក់គោលដៅបង្ក្រាបសំឡេងប្រឆាំងដោយសន្តិវិធីនៅតែបន្តកើតមាននៅឆ្នាំ២០១៩។ ចំណែកអ្នកការពារសិទ្ធិមនុស្ស និង សកម្មជនគណបក្សប្រឆាំងក៏ត្រូវបានកាត់ក្ដី និងឃុំខ្លួនក្នុងពន្ធនាគារក្នុងឆ្នាំ២០១៩។
សហភាពអឺរ៉ុបបានចាប់ផ្ដើមនីតិវិធីត្រួតពិនិត្យ និងសើរើ ដើម្បីព្យួរការអនុគ្រោះពន្ធដល់ទំនិញរបស់កម្ពុជា ក្រោមកម្មវិធី«អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធយុទ្ធភ័ណ្ឌ» ដោយផ្អែកលើការដែលកម្ពុជាមិនគោរពសន្ធិសញ្ញាអន្តរជាតិទាក់ទងនឹងសិទិ្ធមនុស្ស និង អនុសញ្ញាសំខាន់ៗនៃអង្គការពលកម្មអន្តរជាតិ។ ការទទួលបានការអនុគ្រោះពន្ធនាំចូលក្នុងទីផ្សារសហភាពអឺរ៉ុបចំពោះទំនិញមួយចំនួនដែលនាំចេញពីកម្ពុជាដូចជា ផលិតផលវាយនភ័ណ្ឌជាដើម កំពុងស្ថិតក្នុងហានិភ័យ។ សេចក្ដីសម្រេចចុងក្រោយរបស់សហភាពអឺរ៉ុបនឹងត្រូវធ្វើឡើងនៅក្នុងខែកុម្ភៈ ឆ្នាំ២០២០។
ការវាយប្រហារលើអ្នកការពារសិទ្ធិមនុស្ស
ច្បាប់ថ្មីៗ ឬ វិសោធនកម្មច្បាប់ជាបន្តបន្ទាប់ដែលមានលក្ខណៈរឹតត្បិតសិទ្ធិសេរីភាពក្នុងនោះមានវិសោធនកម្មច្បាប់ស្ដីគណបក្សនយោបាយ ច្បាប់ស្ដីពីអង្គការមិនមែនរដ្ឋាភិបាល ច្បាប់ស្ដីពីសហជីព និង មាត្រាដែលចែងពី ការប្រមាថព្រះមហាក្សត្រ ក្នុងក្រមព្រហ្មទណ្ឌជាដើម រឹតត្បិតយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិក្នុងការបញេ្ចញមតិ សិទ្ធិជួបជុំដោយសន្តិវិធី និង សិទ្ធិក្នុងការបង្កើតសមាគម។
ក្នុងខែធ្នូ ឆ្នាំ២០១៨ តុលាការបានកាត់ទោសមេដឹកនាំសហជីពល្បីៗចំនួន៦នាក់ ដោយគ្មានមូលដ្ឋាន ក្រោមបទចោទញុះញង់ឱ្យមានការប្រព្រឹត្តអំពើហិង្សាដោយចេតនា និង បង្កការខូចខាត ដោយបានព្យួរទោសជាប់ពន្ធនាគារចន្លោះពី៨ខែដល់៤ឆ្នាំកន្លះ និងការពិន័យឱ្យបង់សំណងក្នុងទឹកប្រាក់សរុប៣៥លានរៀល (ប្រមាណ៨,៦០០ដុល្លារសហរដ្ឋអាមេរិក) ដល់ភាគីដើមបណ្ដឹងរដ្ឋប្បវេណី។ សាលាឧទ្ធរណ៍បានច្រានចោលការសម្រេចនោះ ក្នុងខែឧសភា ឆ្នាំ២០១៩ ភ្លាមៗក្រោយការមកដល់នៃបេសកកម្មស្វែងរកការពិតរបស់សហភាពអឺរ៉ុប ពាក់ព័ន្ធនឹងការសើរើការផ្ដល់ការអនុគ្រោះពន្ធដល់កម្ពុជា។
ក្នុងខែធ្នូ ឆ្នាំ២០១៨ អាជ្ញាធរប្រទេសថៃបានបញ្ជូនខ្លួនពលរដ្ឋកម្ពុជាដែលជាអ្នករិះគន់ម្នាក់គឺលោក រ៉ាត់ រត្នមុនី ទាំងបង្ខំមកកម្ពុជាវិញ។ ក្រោយមក អាជ្ញាធរកម្ពុជាបានកាត់ទោសលោក ចំពោះការបំពេញតួនាទីក្នុងការផលិតវីដេអូឯកសារមួយឱ្យសារព័ត៌មានរុស្សី (Russia Today) ក្រោមចំណងជើងថា «ម្ដាយខ្ញុំលក់ខ្ញុំ» ដែលពណ៌នាអំពីក្មេងស្រីកម្ពុជាដែលត្រូវបានម្ដាយបង្ខំឱ្យធ្លាក់ចូលក្នុងអំពើកេងប្រវញ្ចផ្លូវភេទ។ ក្នុងខែកក្កដា តុលាការបានសម្រេចផ្តន្ទាទោសលោក មុនី ពីបទ «ញុះញង់ឱ្យមានការរើសអើង» និងបានកាត់ទោសលោកឱ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ។
ចាប់តាំងពីការបង្កើតឱ្យមានបទប្រមាថព្រះមហាក្សត្រ ក្នុងឆ្នាំ២០១៨មក មនុស្ស៣នាក់ត្រូវបានផ្តន្ទាទោស និងកាត់ទោសឱ្យជាប់ពន្ធនាគារក្រោមបទចោទនេះ។ គិតត្រឹមពេលសរសេររបាយការណ៍នេះ ជនទី៤ហើយ ត្រូវបានដាក់ឱ្យស្ថិតក្រោមការឃុំខ្លួនមុនពេលជំនុំជម្រះ។ រាល់សំណុំរឿងទាំងអស់នោះ មានជាប់ពាក់ព័ន្ធនឹងការបញ្ចេញមតិរិះគន់រដ្ឋាភិបាល និង ព្រះមហាក្សត្រ តាមបណ្ដាញសង្គមហេ្វសប៊ុក ឬ ការចែកចាយបន្តនូវសាររបស់អ្នកដទៃដែលត្រូវបានបង្ហោះលើបណ្ដាញសង្គមហេ្វសប៊ុក។
ក្នុងខែកក្កដា ឆ្នាំ២០១៩ អាជ្ញាធរបានឃុំខ្លួនសកម្មជនជាយុវជនពីរនាក់ គឺលោក គង់ រ៉ៃយ៉ា និង លោក សួង នាគព័ន្ធ ចំពោះការចូលរួមរបស់អ្នកទាំងពីរក្នុងពិធីរំឭកខួប៣ឆ្នាំនៃការធ្វើឃាតអ្នកធ្វើអត្ថាធិប្បាយលើបញ្ហានយោបាយដ៏ល្បីល្បាញម្នាក់គឺ លោក កែម ឡី ក្នុងរាជធានីភ្នំពេញ។ ក្នុងខែវិច្ឆិកា តុលាការកំពូលបានបដិសេធសំណើសុំនៅក្រៅឃុំរបស់លោក គង់ រ៉ៃយ៉ា។ អាជ្ញាធរបានចោទប្រកាន់អ្នកទាំងពីរពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។ អាជ្ញាធរបានចាប់ខ្លួនមនុស្ស៧នាក់ចំពោះការធ្វើពិធីគម្រប់ខួបនេះ និងបានបង្អាក់ ឬ លុបចោលការរៀបចំពិធីនេះនៅទូទាំងប្រទេស។
នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ ទាហានបានចាប់ខ្លួនសកម្មជនដីធ្លីម្នាក់ឈ្មោះ ស៊ុម ម៉ឺន ក្នុងខេត្តព្រះវិហារ និងបានឃុំខ្លួនលោកនៅការិយាល័យដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព។ នៅព្រឹកថ្ងៃបន្ទាប់ អាជ្ញាធរមិនដឹងថាតើលោក ស៊ុម ម៉ឺន ស្ថិតនៅទីណាទេ។ ពីរខែក្រោយមក លោកបានលេចមុខ ក្រោយរត់គេចខ្លួនពីដែនជម្រកសត្វព្រៃនោះ ដោយទន្ទឹងរង់ចាំនូវការធានាថានឹងមិនមានការចាប់ខ្លួនគាត់ម្ដងទៀត។ អ្នកភូមិ១៤នាក់ផ្សេងទៀត រួមទាំងកូនប្រុសរបស់លោក ស៊ុម ម៉ឺន ផង ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទទន្ទ្រានដីព្រៃសាធារណៈដោយខុសច្បាប់ តែបទចោទប្រឆាំងពួកគេបួននាក់ត្រូវបានទម្លាក់ ចំណែកដប់នាក់ផ្សេងទៀតត្រូវបានដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន នៅចន្លោះពីខែមិថុនា ដល់ខែកក្កដា តែមិនមានការទម្លាក់បទចោទឡើយ។ ទោះបីលោក ស៊ុម ម៉ឺន មិនត្រូវចាប់ខ្លួនឡើងវិញក៏ដោយ ក៏សវនាការប្រឆាំងរូបគាត់ត្រូវបានចាប់ផ្ដើមកាលពីខែតុលា ដោយផ្អែកលើបទចោទដូចគ្នានឹងបទចោទប្រឆាំងអ្នកភូមិទាំង១៤នាក់ដែរ។
ការវាយប្រហារលើគណបក្សប្រឆាំង
នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០១៩ ការធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ បានផ្ដល់ឱ្យលោក ហ៊ុន សែន នូវឆន្ទានុសិទ្ធដោយគ្មានការរារាំងក្នុងការសម្រេចថាតើអ្នកណាខ្លះក្នុងចំណោមសមាជិកជាន់ខ្ពស់ទាំង១១៨រូបនៃគណបក្សសង្គ្រោះជាតិ ដែលត្រូវបានហាមឃាត់សិទ្ធិធ្វើនយោបាយពីដំបូងមក អាចទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ។ វិសោធនកម្មច្បាប់នោះចែងថា សិទ្ធិធ្វើនយោបាយអាចត្រូវបានស្ដារឡើងវិញបាន លុះណាតែបុគ្គលដាក់សំណើសុំទៅលោក ហ៊ុន សែន ឬ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ដែលនឹងថ្វាយបន្តជូនព្រះមហាក្សត្រ។ សមាជិកគណបក្សសង្គ្រោះជាតិដែលត្រូវបានដកហូតសិទ្ធិនយោបាយមិនដល់១២នាក់ទេដែលបានដាក់សំណើសុំនោះ រីឯអ្នកដទៃទៀតបានបដិសេធមិនធ្វើតាមដំណើរការដែលពួកគេចាត់ទុកថា មានលក្ខណៈនយោបាយ និង ធ្វើតាមទំនើងចិត្តនោះ។
នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ចៅក្រមស៊ើបសួរបានសម្រេចបញ្ឈប់ការដាក់លោក កឹម សុខា ឱ្យស្ថិតនៅក្រោមការឃ្លាំមើលតាមផ្លូវតុលាការយ៉ាងរឹតត្បិត ដែលស្មើនឹងការឃុំខ្លួនក្នុងផ្ទះ ក្រោមលក្ខខណ្ឌតម្រូវឱ្យលោក កឹម សុខា ចៀសវាងការធ្វើសកម្មភាពនយោបាយ និងមិនធ្វើដំណើរទៅក្រៅប្រទេស ហើយនិងមានកិច្ចសហការល្អក្នុងការបន្តដំណើរការស៊ើបអង្កេតក្រោមបទចោទដែលមានលក្ខណៈប្រឌិតពាក់ព័ន្ធនឹងអំពើក្បត់ជាតិ។ លោក កឹម សុខា បានស្ថិតក្រោមការឃុំខ្លួនតាមទំនើងចិត្តអស់រយៈពេលជាង២ឆ្នាំ។ ប្រសិនបើលោកត្រូវបានតុលាការសម្រេចកាត់ទោសពីបទក្បត់ជាតិមែន លោកនឹងត្រូវប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់៣០ឆ្នាំ។
នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ តុលាការបានចេញដីកាចាប់ខ្លួនក្រោមបទចោទ «រួមគំនិតក្បត់» និង បទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» លើសមាជិកឈានមុខចំនួន៨រូបរបស់គណបក្សសង្គ្រោះជាតិដែលបានចាកចេញពីកម្ពុជាមុនការបោះឆ្នោតខែកក្កដា ឆ្នាំ២០១៨ ដែលក្នុងនោះមាន លោក សម រង្ស៊ី អ្នកស្រី មូរ សុខហួរ លោក អ៊ូ ចន្ទ័ឫទ្ធិ លោក អេង ឆៃអ៊ាង លោក ម៉ែន សុថាវរិន្ទ លោក ឡុង រី លោក តុប វ៉ាន់ចាន់ និងលោក ហូរ វ៉ាន់។ នៅថ្ងៃទី២៦ ខែកញ្ញា តុលាការក្រុងភ្នំពេញបានធ្វើការចោទប្រកាន់មកលើពួកគេ។
នៅចន្លោះខែមករា ដល់ខែឧសភា ឆ្នាំ២០១៩ អាជ្ញាធរកម្ពុជាបានចេញដីកា និងលិខិតកោះហៅតាមទំនើងចិត្តជាង១៤៧ ប្រឆាំងសមាជិក ឬ អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ។ ដីកាកោះ និង លិខិតកោះហៅដែលក្រុមអង្គការសិទ្ធិមនុស្សបានឃើញ មានកង្វះខាតភាពជាក់លាក់ផ្នែកច្បាប់ ដោយមានត្រឹមតែការយោងបែបមិនច្បាស់លាស់លើការចោទប្រកាន់ថា អ្នកដែលត្រូវបានកោះហៅទាំងនោះប្រហែលជាបានបំពានលើសាលដីការបស់តុលាការកំពូលក្នុងការរំលាយគណបក្សសង្គ្រោះជាតិប៉ុណ្ណោះ។ នៅចន្លោះខែសីហា និងខែវិច្ឆិកា អាជ្ញាធរបានចាប់ខ្លួន និងឃុំខ្លួនសមាជិក និងអ្នកគាំទ្រគណបក្សប្រឆាំងជាង៦០នាក់ ដោយផ្អែកលើបទចោទផ្សេងៗដែលមានលក្ខណៈប្រឌិត ហើយបានចោទប្រកាន់មនុស្សជាង១០០នាក់។ នៅថ្ងៃទី១៦ ខែសីហា លោក សម រង្ស៊ី មេដឹកនាំស្ដីទីនៃគណបក្សសង្គ្រោះជាតិ ដែលនិរទេសខ្លួន បានប្រកាសថា លោកនឹងវិលត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី៩ ខែវិច្ឆិកា ប៉ុន្តែដោយសារការដាក់ចេញវិធានការណ៍រឹតត្បិតជាច្រើនពីសំណាក់លោក ហ៊ុន សែន ដែលរួមមានការបិទច្រកឆ្លងកាត់ព្រំដែនគោក និង ការបញ្ជូនដីកាចាប់ខ្លួនទៅកាន់រដ្ឋាភិបាលនៃបណ្ដាប្រទេសអាស៊ាន ថ្នាក់ដឹកនាំគណបក្សសង្គ្រោះត្រូវបានរារាំងមិនឱ្យចូលប្រទេសកម្ពុជាវិញឡើយ ដែលនេះជាការរំលោភបំពានយ៉ាងច្បាស់លើសិទ្ធិរបស់ពួកគេ។
នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ ប៉ូលិសបានចាប់ខ្លួនលោក គង់ ម៉ាស់ សមាជិកគណបក្សសង្គ្រោះជាតិដែលត្រូវបានហាមឃាត់មិនឱ្យធ្វើនយោបាយ បន្ទាប់ពីលោកបានបង្ហោះសារលើបណ្ដាញសង្គមហ្វេសប៊ុក(Facebook)ថា សហភាពអឺរ៉ុបមានផែនការយកពន្ធនាំចូលលើផលិតផលអង្ករពីកម្ពុជា។ នៅថ្ងៃទី១៨ ខែតុលា តុលាការក្រុងភ្នំពេញបានសម្រេចចោទប្រកាន់លោកពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ និងបានកាត់ទោសលោកឱ្យជាប់ពន្ធនាគាររយៈពេល១៨ខែ។
នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ លោក ទិត្យ រ៉ន សកម្មជនគណបក្សសង្គ្រោះជាតិ និងជាកូនប្រុសរបស់អតីតសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងខេត្តកំពង់ចាមបានស្លាប់ក្នុងមន្ទីរឃុំឃាំង។ សាកសពរបស់លោកមានស្នាមរបួសដែលបង្ហាញថា លោកបានរងការវាយដំ។ នគរបាលបានចាប់ខ្លួនលោកកាលពីថ្ងៃទី១៥ ខែមេសា ពាក់ព័ន្ធនឹងបណ្ដឹងចោទប្រកាន់ថា លោកបានប្រព្រឹត្ដអំពើហិង្សាកាលពី១៣ឆ្នាំមុន ទោះបីជាអាជ្ញាយុកាលនៃបទល្មើសបានផុតរលត់ហើយក៏ដោយ។ អាជ្ញាធរកម្ពុជាអះអាងថា លោក ទិត្យ រ៉ន បានរអិលដួលក្នុងបន្ទប់ទឹកនៃអគារឃុំឃាំងដែលលោកនៅ ប៉ុន្តែមិនបានស៊ើបអង្កេតឱ្យបានម៉ត់ចត់ទេ។
សេរីភាពនៃប្រព័ន្ធផ្សព្វផ្សាយ
រដ្ឋាភិបាលកម្ពុជាបានបន្តរាំងខ្ទប់សេរីភាពប្រព័ន្ធផ្សព្វផ្សាយនៅឆ្នាំ២០១៩នេះ។ ទោះបីជាសា្ថប័នសារព័ត៌មានសំឡេងប្រជាធិបតេយ្យ (វី.អូ.ឌី) និងសំឡេងសហរដ្ឋអាមេរិក (វី.អូ.អេ) នៅអាចបំពេញការងាររាយការណ៍ព័ត៌មានជាភាសាខ្មែរ និងភាសាអង់គ្លេស ដោយឯករាជ្យបានក៏ដោយ ក៏ស្ថាប័នកាសែត និងវិទ្យុឯករាជ្យ ក្នុងស្រុកដែលធ្លាប់មានពីមុនមក នៅតែត្រូវបន្តបិទទ្វារ ឬ ត្រូវបានលក់ទៅឱ្យម្ចាស់ផ្សេងដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាល។ បណ្ដាញសង្គមនានាក៏បន្តស្ថិតក្រោមការតាមដានឃ្លាំមើល និងអន្តរាគមន៍ពីរដ្ឋាភិបាល ក្រោយការអនុម័តប្រកាសស្ដីពី«ការគ្រប់គ្រងការផ្សព្វផ្សាយតាមគេហទំព័រ និងបណ្ដាញទំនាក់ទំនងសង្គម ដែលដំណើរការតាមប្រព័ន្ធអ៊ិនធើណិត»កាលពីឆ្នាំ២០១៨ ដែលអនុញ្ញាតឱ្យមានការជ្រៀតជ្រែកលើប្រព័ន្ធផ្សព្វផ្សាយតាមអ៊ិនធើណិត និង ការត្រួតពិនិត្យជាមុនពីសំណាក់រដ្ឋាភិបាល។
អាជ្ញាធរកម្ពុជាបានបន្តនៅឆ្នាំ២០១៩ នូវការកាត់ទោសដែលមានលក្ខណៈនយោបាយលើអ្នកសារព័ត៌មានរបស់វិទ្យុអាស៊ីសេរីពីរនាក់គឺ លោក យាង សុធារិន្ទ និង លោក អ៊ួន ឈិន។ អ្នកសារព័ត៌មានទាំងពីររូបត្រូវបានចាប់ខ្លួននៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោមបទចោទបែបប្រឌិតថា បានធ្វើចារកម្មឱ្យរដ្ឋាភិបាលបរទេស ចំពោះការបំពេញការងាររាយការណ៍ព័ត៌មានឱ្យវិទ្យុអាស៊ីសេរី បន្ទាប់ពីរដ្ឋាភិបាលបានបង្ខំឱ្យស្ថាប័ននេះបិទការិយាល័យនៅកម្ពុជា។ បន្ទាប់ពីបានរកឃើញថា មិនមានភ័ស្តុតាងគ្រប់គ្រាន់ដើម្បីធ្វើការកាត់សេចក្ដី ចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចកាលពីថ្ងៃទី៣ ខែតុលា ឱ្យបញ្ចូនសំណុំរឿងនេះទៅចៅក្រមស៊ើបសួរដើម្បីធ្វើការស៊ើបអង្កេតឡើងវិញ។
កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ លោក ហ៊ុន សែន បានប្រកាសពីការបញ្ជូនឡើងវិញនូវសេចក្ដីព្រាងច្បាប់ស្ដីពីសន្តិសុខតាមប្រព័ន្ធអ៊ិនធើណិត និង ច្បាប់ស្ដីពី «ព័ត៌មានក្លែងក្លាយ» ទៅរដ្ឋសភា ដោយបង្កឱ្យមានការព្រួយបារម្ភអំពីការរឹតត្បិតបន្ថែមទៀតលើសេរីភាពក្នុងការបញ្ចេញមតិ និងបង្កើនការឃ្លាំមើលលើក្រុមអង្គការសង្គមស៊ីវិល គណបក្សប្រឆាំង និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។ ថ្វីបើច្បាប់ទាំងនេះមិនទាន់ត្រូវបានអនុម័តនៅឡើយក្ដី ក៏ការគំរាមកំហែងបែបបំភិតបំភ័យពីសំណាក់អាជ្ញាធរកម្ពុជាដែលថារាល់ការទំនាក់ទំនងទាំងអស់ត្រូវបានឃ្លាំមើល បានបណ្ដាលឱ្យពលរដ្ឋកម្ពុជាពោរពេញដោយភាពភ័យខ្លាច និងមានការប្រុងប្រយ័ត្ន។
តួអង្គអន្តរជាតិសំខាន់ៗ
ប្រទេសចិនគឺជាវិនិយោគិនបរទេសធំបំផុតរបស់កម្ពុជា ហើយមានកិច្ចសហប្រតិបត្តិការលើវិស័យសន្ដិសុខ និងនយោបាយយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលក្រុងភ្នំពេញ។ នៅពាក់កណ្ដាលឆ្នាំ២០១៩ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានអះអាងថា ខ្លួនមានឯកសារបង្ហាញថា លោក ហ៊ុន សែន បានយល់ព្រមឱ្យរដ្ឋាភិបាលចិនប្រើប្រាស់មូលដ្ឋានទ័ពជើងទឹក «រាម» ស្ថិតនៅឈូងសមុទ្រថៃ ដែលការអះអាងនេះត្រូវបានច្រានចោលដោយរដ្ឋាភិបាលកម្ពុជា និង ចិន។
នៅខែមករា ឆ្នាំ២០១៩ ប្រទេសចិនបានសន្យាផ្ដល់ជំនួយក្នុងទឹកប្រាក់៤ពាន់លានយ៉ន់ (ស្មើនឹង៥៨៨លានដុល្លារអាមេរិក) ដល់កម្ពុជាពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១។ នៅពាក់កណ្ដាលឆ្នាំ២០១៩ ចិនបានជំរុញដល់ការផ្ដល់ប្រាក់កម្ចីដល់កម្ពុជាបន្ថែមទៀត ដោយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន១០បន្ថែមទៀត បន្ទាប់ពីវេទិកាស្ដីពីគំនិតផ្ដួចផ្ដើម «ផ្លូវមួយ ខ្សែក្រវាត់មួយ» ដែលប្រព្រឹត្តទៅនៅទីក្រុងប៉េកាំង។
ប្រទេសជប៉ុននៅតែរក្សាជំហរស្ងៀមស្ងាត់លើស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាដែលកាន់តែដុនដាបទៅៗ ខណៈត្រូវប្រកួតប្រជែងជាមួយចិនក្នុងបង្កើនឥទ្ធិពលនៅកម្ពុជា តាមរយៈទឹកប្រាក់ជំនួយអភិវឌ្ឍន៍ និង ការវិនិយោគយ៉ាងច្រើន។ កាលពីខែកញ្ញា ជប៉ុនបានជួយជ្រោមជ្រែងឱ្យមានសេចក្ដីសម្រេចកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ស្ដីពីកម្ពុជា ដែលសេចក្ដីសម្រេចនេះមានលក្ខណៈទន់ខ្សោយ ដូចកាលពីអាណត្តិរបស់ប្រធានមុនក្នុងឆ្នាំ២០១៧ដែរ ដោយបានបរាជ័យក្នុងការដាក់សម្ពាធឱ្យបានខ្លាំងលើកម្ពុជា ដើម្បីឱ្យប្រទេសនេះកែលម្អស្ថានភាពសិទ្ធិមនុស្សរបស់ខ្លួនឡើងវិញ។
នៅឆ្នាំ២០១៩ សហរដ្ឋអាមេរិកបានបន្ដព្យួរការផ្ដល់ជំនួយដល់ស្ថាប័នរដ្ឋាភិបាលកម្ពុជា។ ក្នុងខែកក្កដា ឆ្នាំ២០១៩ សភាតំណាងរាស្ត្រនៃសហរដ្ឋអាមេរិកបានអនុម័ត «ច្បាប់ស្ដីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឆ្នាំ២០១៩» ក្នុងបំណងដាក់ទណ្ឌកម្មលើមន្ត្រីកំពូលៗរបស់កម្ពុជាដែលជាប់ពាក់ព័ន្ធក្នុងអំពើរំលោភសិទ្ធិមនុស្ស។ គិតត្រឹមពេលសរសេររបាយការណ៍នេះ ការិយាល័យនៃតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ក៏កំពុងពិចារណាដកហូតពីកម្ពុជានូវឋានៈជាប្រទេសទទួលបានការអនុគ្រោះពន្ធ ក្រោមប្រព័ន្ធជី.អេស.ភី (GSP) ដោយសារអំពើរំលោភសិទ្ធិការងារផងដែរ។
នាកិច្ចប្រជុំពិនិត្យរបាយការណ៍ជាសកលតាមកាលកំណត់ ហៅកាត់ថា យូ.ភី.អរ (UPR) នៅឯក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិឆ្នាំ២០១៩ កម្ពុជាបានទទួលយកអនុសាសន៍ចំនួន១៧៣ចំណុច ប៉ុន្តែបានបដិសេធទទួលយកអនុសាសន៍សំខាន់ៗស្ដីពីសិទ្ធិនយោបាយ និងសិទ្ធិពលរដ្ឋ៕