Skip to main content

ប្រទេសកម្ពុជា

ព្រឹត្តិការណ៍នៃ២០២១

Cambodian prisoners, including Rong Chhun, president of the Cambodian Confederation of Unions, arrive by prison truck at the Municipal Court in Phnom Penh, Cambodia, August 18, 2021.

© 2021 AP Photo/Heng Sinith

មុនការមកដល់នៃការបោះឆ្នោតឃុំ សង្កាត់ និងការបោះឆ្នោតជាតិ នៅឆ្នាំ ២០២២​ និង​២០២៣​ខាងមុខ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រើប្រាស់ការរីករាលដាលជាសកលយ៉ាងធ្ងន់ធ្ងរ នៃជំងឺកូវីដ ១៩ ដើម្បីពង្រឹកការក្តោបក្តាប់អំណាចផ្តាច់ការ តាមរយៈការរឹតត្បិតបន្តទៀតចំពោះសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ប៉ុន្តែមិនបានការពារសិទ្ធិសង្គម និងសិទ្ធិសេដ្ឋកិច្ចរបស់ក្រុមពលរដ្ឋងាយរងគ្រោះនោះទេ។ រដ្ឋាភិបាលបានអនុម័តច្បាប់ហួសកម្រិតថ្មីមួយសម្រាប់ការគ្រប់គ្រងជំងឺកូវីដ ១៩ ដែលអាចដាក់ទោសជាប់ពន្ធនាគាររហូតដល់ ២០ ឆ្នាំនូវរាល់ការបំពានវិធានការកូវីដ ១៩។

ដើម្បីបំបិទសំឡេងជំទាស់គេបានប្រើប្រាស់ប្រព័ន្ធតុលាការដែលមានទំនោនយោបាយ ដើម្បីកាត់ទោសជាស៊េរីប្រឆាំងសមាជិកបក្សប្រឆាំងជាង ១០០ នាក់ និងអ្នកការពារសិទ្ធិមនុស្សមួយចំនួន សម្រាប់ការអនុវត្តសិទ្ធិរបស់ពួកគេក្នុងការបញ្ចេញមតិ និងការជួបជុំដោយសន្តិវិធី។ គិតត្រឹមរយៈពេលកំពុងតាក់តែងរបាយការណ៍នេះ ប្រទេសកម្ពុជាមានអ្នកទោសនយោបាយជាង ៦០ នាក់កំពុងជាប់ឃុំក្នុងពន្ធនាគារ។

ការបិទខ្ទប់ក្នុងវិធានការបង្ការជំងឺកូវីដ ១៩ ដ៏តឹងរឹងរបស់រដ្ឋាភិបាលត្រូវបានដាក់ចេញដោយមិនបានធានាដល់ការទទួលបានគ្រប់គ្រាន់នូវស្បៀង ថ្នាំពេទ្យ និងតម្រូវការជាមូលដ្ឋានផ្សេងៗទៀតរបស់ពលរដ្ឋទេ។ អាជ្ញាធរក៏មិនញញើតដៃផងដែរ ក្នុងការប្រើប្រាស់ដំបងឬស្សីដើម្បីវាយដំទៅលើអ្នកចេញពីផ្ទះ នៅតាមដងផ្លូវនៅរាជធានីភ្នំពេញ ដែលបំពានវិធានការបិទខ្ទប់។ រដ្ឋាភិបាលក៏ខកខានផងដែរក្នុងការចាត់វិធានការអោយបានគ្រប់គ្រាន់ដើម្បីការពារការផ្ទុះករណីជំងឺកូវីដ១៩ ក្នុងចំណោមទណ្ឌឹតក្នុងពន្ធនាគារដែលមានអ្នកជាប់ឃុំចង្អៀតណែន។

រដ្ឋាភិបាលបានអនុម័តអនុក្រឹត្យមួយ ដែលរិតត្បិតលើការគ្រប់គ្រងប្រព័ន្ធអិនធើណិត និងពង្រីក ការលបស្តាប់អ្នកប្រើប្រាស់ប្រព័ន្ធអិនធើណិត តាមអនឡាញណាដែលបញ្ចេញមតិរិះគន់រដ្ឋាភិបាល ដែលនេះជាការបំពានលើសិទ្ធិឯកជនរបស់ពលរដ្ឋ។ អ្នកកាសែត និងប្រព័ន្ធព័ត៌មានឯករាជ្យក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គមដែលមានមតិរិះគន់បន្តប្រឈមការគំរាមកំហែង និងវាយប្រហារពីរដ្ឋាភិបាល។

ច្បាប់ និងសេចក្តីព្រៀងច្បាប់ដែលរំលោភសិទ្ធិមនុស្ស

រដ្ឋាភិបាលបានអនុម័តវិធានការថ្មីៗដែលបន្តរំលោភសិទ្ធិមនុស្ស។

នៅខែកុម្ភៈអាជ្ញាធរបានអនុម័តអនុក្រឹត្យស្តីពីការបង្កើតច្រកទ្វារអិនធើណិតជាតិ ហើយបន្ទាប់ពីចូលជាធរមានបញ្ញាតិនៅខែ កុម្ភៈ ២០២២ វានឹងផ្តល់អំណាចដល់រដ្ឋាភិបាលក្នុងការឃ្លាំមើល​ រាល់សកម្មភាពក្នុងប្រព័ន្ធអិនធើណិតទាំងអស់ និងផ្តល់ដល់អាជ្ញាធរនូវអំណាចយ៉ាងទូលំទូលាយក្នុងការបិទ និងការកាត់ផ្តាច់ប្រព័ន្ធទំនាក់ទំនងបណ្តាញ​ ​​អិនធើណិត។

នៅខែមិនា រដ្ឋាភិបាលបានអនុវត្តច្បាប់ដែលរំលោភសិទ្ធិមនុស្ស ស្តីអំពីការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ជំងឺឆ្លង និងជំងឺប្រកបដោយគ្រោះថ្នាក់ផ្សេងទៀត។ ច្បាប់នេះមានចែងអំពីការដាក់ទោសចំពោះអ្នកបំពានវិធានការកូវីដ ១៩ ជាប់ពន្ធនាគាររហូតដល់ ២០​ឆ្នាំ និងការដាក់ពិន័យដែលមិនសមាមាត្រផ្សេងៗទៀត។ មាត្រាខ្លះនៃច្បាប់នេះមានចែងយ៉ាងទូលំទូលាយ និងដោយមិនមានការត្រួតពិនិត្យឯករាជ្យ ឬនីតិវិធីការពារ។ គិតត្រឹមខែឧសភា អាជ្ញាធរបានចោទប្រកាន់តាមផ្លូវច្បាប់ អ្នកបំពានច្រើនជាង ១០០ នាក់។

នៅមានច្បាប់ឃោឃៅផ្សេងទៀតកំពុងរង់ចាំបញ្ចប់សេចក្តីព្រៀង ឬអនុម័ត ក្នុងនោះរួមមានសេចក្តីព្រៀងច្បាប់ស្តីពីឧក្រិដ្ឋកម្មព័ត៌មានវិទ្យា ដែលច្បាប់នេះនឹងចោទជាការគំ​រាម​បន្ថែមទៀត ដល់ការបញ្ចេញមតិតាមប្រព័ន្ធអនឡាញ និងសេចក្តីព្រៀងច្បាប់ស្តីពីសណ្តាប់ធ្នាប់សង្គម ដែលព្យាយាមត្រួតពិនិត្យលើជីវភាពប្រចាំថ្ងៃរបស់ប្រជាជន តាមរយៈការហាមប្រាមសកម្មភាព     សាធារណៈ និងឯកជនក្នុងវិសាលភាពយ៉ាងធំធេង។ កម្ពុជានៅមិនទាន់មានច្បាប់ស្តីពីការការពារទិន្នន័យ ឬកិច្ចការពារផ្សេងៗ ដើម្បីធានាអោយមានការស្នើសុំប្រើប្រាស់ទិន្នន័យជាចាំបាច់ និងមានសមាមាត្រ។

អង្គការឃ្លាំមើលសិទ្ធិមនុស្សបានទទួលនៅខែមិនានូវសេចក្តីព្រៀងច្បាប់ស្តីពីពិការភាព ដែលខកខានមិនបានបញ្ចូលយុទ្ធសាស្រ្ត ផ្អែកលើសិទ្ធិមនុស្ស ដើម្បីធានាលើសិទ្ធិស្មើភាពគ្នាសម្រាប់ ប្រជាជនដែលមានពិការភាព។ សេចក្តីព្រៀងច្បាប់នេះបានជម្រុញការរើសអើងចំពោះប្រជាជនដែលមានពិការភាព ជាជាងធានាអោយទទួលបានស្មើភាពគ្នានូវសេវាអប់រំ ការងារ ការធ្វើដំណើរ និងសេវាសង្គម និងផ្លូវច្បាប់ និងការរស់នៅដោយឯករាជ្យ។

អ្នកការពារសិទ្ធិមនុស្សជាប់ពន្ធនាគារ

នាពេលកំពុងតាក់តែងរបាយការណ៍នេះ រដ្ឋាភិបាលនៅឃុំខ្លួនអ្នកការពារសិទ្ធិមនុស្សយ៉ាងតិច ២៤ នាក់ទៀតក្នុងពន្ធនាគារ។

នៅខែសីហា អាជ្ញាធរ បានកាត់ទោសមេដឹកនាំសហជីព លោក​ រ៉ុង ឈុន ពីបទញុះញង់ រួមជាមួយសមាជិកអតីតគណបក្សនយោបាយប្រឆាំង រួមមានកញ្ញា សរ កន្និកា និង ទន់ និមល។ ទម្ងន់ទោសរបស់ពួកគាត់គឺត្រូវជាប់ពន្ធនាគាររយៈពេល ពី ២០​ខែ ដល់ ២ ឆ្នាំ រួមទាំងពិន័យជាទឹកប្រាក់ជាច្រើនសន្ធឹកសន្ធាប់ ពោលគឺ ៤០០លានរៀន (គឺប្រហែល ១០០.០០០ដុល្លារ) ដែលត្រូវបង់ទៅគណៈកម្មការកិច្ចការព្រំដែនរបស់រាជរដ្ឋាភិបាល។ ករណីចាប់ខ្លួនលោក រ៉ុង​ ឈុន ធ្វើឡើងក្រោយពីលោកបានបញ្ចេញមតិអំពីការបាត់បង់ដីធ្លីរបស់សហគមន៍ ពីការបោះបង្គោលព្រំដែនរវាងប្រទេសកម្ពុជា និងវៀតណាម។ សកម្មជន ២ នាក់ទៀតបានធ្វើការតវ៉ាដោយសន្តិវិធី អោយមានការដោះលែងលោក រ៉ុង ឈុន។ អាជ្ញាធរបានចាប់ខ្លួន សកម្មជន សិល្បករ និងអ្នកការពារសិទ្ធិមនុស្សសរុបចំនួន ១៩ នាក់ ដែលបានចូលរួមក្នុងបាតុកម្មតវ៉ាលើរឿងស្រដៀងគ្នានេះដែរ។

នៅខែសីហា តុលាការរាជធានីភ្នំពេញបានកាត់ទោសសកម្មជន ៩ នាក់ និងសមាជិកអតីតបក្សប្រឆាំងពីបទញុះញង់ និងបញ្ជូនទៅឃុំឃាំងនៅពន្ធនាគាររយៈពេលពី ១២ ដល់ ២០ ខែ ក្នុង ម្នាក់ៗ។ ពួកគាត់បានធ្វើបាតុកម្មតវ៉ានៅក្បែរស្ថានទូតចិន នៅរាជធានីភ្នំពេញ ជាផ្នែកមួយនៃយុទ្ធនាការរំលឹកដល់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។

ការវាយប្រហារប្រឆាំងសកម្មជនបរិស្ថាន

ចាប់ពីឆ្នាំ ២០២០​ អាជ្ញាធរបង្កើនការប៉ុនប៉ងរបស់ខ្លួនដើម្បីបំភិតបំភ័យលើសកម្មជន   បរិស្ថាន ដែលធ្វើសកម្មភាពប្រកដោយសន្តិភាព ដោយចោទប្រកាន់ពួកគាត់ពីបទប៉ុនប៉ងប្រើប្រាស់មូលនិធិបរទេសដើម្បីផ្ដួលរំលំរដ្ឋាភិបាល។ គិតត្រឹមខែ ឧសភា ២០២១ តុលាការរាជធានីភ្នំពេញបានកាត់ទោសសកម្មជន អង្គការមាតាធម្មជាតិ ៥រូប ពីបទញុះញង់ និងបញ្ចូនខ្លួនពួកគាត់ទៅឃុំឃាំងនៅពន្ធនាគាររយៈពេលពី ១៨ ទៅ ២០ ខែ។ ដោយសកម្មជនទាំងនោះបានធ្វើការផ្សព្វផ្សាយជាសាធារណៈ អំពីក្តីកង្វល់ទាក់ទងនឹងការលុបបឹងមួយកន្លែងនៅរាជធានីភ្នំពេញ និងការលើកឡើងអំពីផលប៉ះពាល់ជាអវិជ្ជ​មានដោយ​ផ្នែកបរិស្ថាន។ នៅខែកក្កដា អាជ្ញាធរបានដាក់បន្ថែមបទចោទ រួមគំនិតក្បត់ ប្រឆាំនឹងសកម្មជន ៣រូបក្នុងចំណោមនោះ។

នៅខែ មិថុនា អាជ្ញាធរ បានចោទប្រកាន់សកម្មជន អង្គការមាតាធម្មជាតិ ពីបទចងក្រងជាឯកសារនូវការបំផ្លាញផ្នែកបរិស្ថានរបស់រដ្ឋាភិបាល  និងបានបញ្ជូនខ្លួនទៅជំនំជម្រះពីបទរួមគំនិតក្បត់ និងបទប្រមាថព្រះមហាក្សត្រ។ អាជ្ញាធរបានឃុំខ្លួនមនុស្ស ៣ រូបក្នុងចំណោមនោះដើម្បីរង់ចាំការកាត់ក្តី ហើយជនជាប់ចោទទី ៤ ស្ថិតនៅក្រៅប្រទេស។

ការវាយប្រហារលើសមាជិកបក្សប្រឆាំង

នៅចំពោះមុខការបោះឆ្នោត ដែលនឹងមកដល់នៅឆ្នាំ ២០២២​​ និង​ ២០២៣ ខាងមុខ ការធ្វើទុក្ខបុកម្នេញកាន់តែកើនឡើង ប្រឆាំងសមាជិកបក្សប្រឆាំង។ មេដឹកនាំបក្សប្រឆាំង និងសមាជិកជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិ  ដែលត្រូវបានតុលាការកំពូលរំលាយចោលជាច្រើននាក់ត្រូវបង្ខំចិត្តភៀសខ្លួនចេញបីប្រទេស និងបន្តរស់នៅនិរទេសខ្លួននៅក្រៅប្រទេស គេចចេញពីការចាប់ខ្លួន។

បន្ទាប់ពីចេញដីការកោះហៅអោយចូលខ្លួននៅខែ វិច្ឆិកា ២០២០ អាជ្ញាធរចាប់ផ្តើមជំនុំជម្រះក្តីករណីជាច្រើនរួមគ្នា នៅឆ្នាំ ២០២១ ប្រឆាំងមនុស្សជាង ១០០នាក់ ជាប់ពាក់ព័ន្ធជាមួយគណបក្សសង្គ្រោះជាតិ និងសកម្មជននយោបាយផ្សេងទៀត។ គិតត្រឹមខែមិនា អាជ្ញាធរបានកាត់ទោស កំបាំងមុខនូវ មេដឹកនាំបក្សសង្គ្រោះជាតិដែលរស់នៅនិរទេសខ្លួននៅក្រៅប្រទេសចំនួន ៩ នាក់ ពីបទប៉ុនប៉ង “ធ្វើរដ្ឋប្រហារ” ដែលក្នុងនោះរួមមានទាំងមេដឹកនាំបក្សសង្គ្រោះជាតិ លោក​ សម     រង្ស៊ី អោយជាប់ពន្ធនាគាររហូតដល់ ២៥ ឆ្នាំ។​​ សំណុំបទចោទប្រកាន់ចំពោះពួកគាត់ ផ្អែកលើការចោទប្រកាន់ទាំងមិនមានភស្តុតាងដែលថា គណបក្សសង្គ្រោះជាតិបានប៉ុងប៉ងធ្វើរដ្ឋប្រហារ  តាមរយៈប្រកាសអំពីផែនការវិញចូលទៅកម្ពុជាវិញរបស់ពួកគាត់នៅខែ វិច្ឆិកា ឆ្នាំ ២០១៩។

លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បន្តរងការចោទប្រកាន់ពីបទសន្និដ្ឋិភាពជាមួយបរទេស។ សាវនាការរយៈពេលបីខែរបស់គាត់ត្រូវបានបញ្ឈប់នៅខែមិនា ២០២០ បណ្តាលពីការរីករាលដាលនៃជំងឺកូវីដ ១៩។ នៅខែមករា ឆ្នាំ ២០២១ តុលាការបានជូនដំណឹងទៅគាត់ថា ករណីក្តីរបស់គាត់លែងស្ថិតជាករណី “អាទិភាព” ហើយ និងប្រហែលជាមិនបានបន្តទៀតនៅខែមករា ឆ្នាំ ២០២១ ទេ ដោយហេតុថាអាជ្ញាធរកំពុងស្វះស្វែងរៀបចំការចោទប្រកាន់ថ្មីប្រឆាំងសមាជិកបក្សប្រឆាំងរាប់រយនាក់ផ្សេងទៀត។

និទណ្ឌភាព

នៅខែកក្កដា ២០២១ ជាខួបទី ៥ ឆ្នាំ នៃការធ្វើឃាត លោក កឹម ឡី អ្នកវិភាគនយោបាយ និងអ្នកការពារសិទ្ធិមនុស្ស ដ៏លេចធ្លោមួយរូបនៅកម្ពុជា។ រហូតដល់ពេលនេះនៅមិនទាន់មានការស៊ើបអង្កេតណាមួយ ប្រកបដោយភាពជឿទុកចិត្ត និងឯករាជ្យណាមួយទៅក្នុងឃាតកម្មទាំងកណ្តាលថ្ងៃ នៅរាជធានីភ្នំពេញនេះនៅឡើយ។ ម្យ៉ាងវិញទៀតក៏នៅមិនទាន់មានការវិវឌ្ឍសំខាន់ៗណាមួយនៅឡើយ ទៅលើការស្វែងរកការពិតជុំវិញការចាប់ពង្រាត់សកម្មជនថៃដ៏លេចធ្លោម្នាក់គឺលោក វ៉ាន់ឆាលើម សាតសាគីត។ ករណីទាំងពីរនេះនៅមិនទាន់រកឃើញពន្លឺយុត្តិធម៌នៅឡើយ បើទោះជាមានភស្តុតាង និងសាក្សីដែលបានបង្ហាញថា ប្រហែលជាមានជាប់ពាក់ព័ន្ធជាមួយនឹងរដ្ឋាភិបាល ដែលតម្រូវអោយមានការស៊ើបអង្កេតប្រកបដោយតម្លាភាព និងប្រសិទ្ធភាពក៏ដោយ។

សេរីភាពព័ត៌មាន

នៅឆ្នាំ ២០២១ អាជ្ញាធរបានប្រើប្រាស់ការរីករាលដាលជាសកលនៃជំងឺកូវីដ ១៩ ដើម្បីបន្តវាយប្រហារទៅលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ តាមរយៈការចោទប្រកាន់សេចក្តីរាយការណ៍ព័ត៌មានឯករាជ្យថាជា “ព័ត៌មានក្លែងក្លាយ” និង បានដាក់ចេញនូវការហាមប្រាមជាក់ស្តែងលើការរាយការណ៍ព័ត៌មានរបស់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។

នៅខែ មករា អាជ្ញាធររាជធានីភ្នំពេញ បានផ្សព្វផ្សាយបទបញ្ជាមួយ ដោយការហាមប្រាម ការថតវីឌីអូ សំឡេង និងការផ្សាយផ្ទាល់សកម្មភាពទាំងឡាយរបស់ប៉ូលីស។

នៅខែ ឧសភា ក្រសួងព័ត៌មានបានបញ្ជាក់ថា មានតែស្ថាប័នព័ត៌មានរបស់រដ្ឋ ឬសារព័ត៌មានដែលត្រូវបាន “អញ្ជើញ” ដោយរដ្ឋាភិបាលប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតរាយការណ៍ព័ត៌មាន ពីតំបន់ដែលស្ថិតក្រោមការបិទខ្ទប់ដោយសារជំងឺកូវីដ ១៩។ ក្រោយពីមានការផ្សាយបន្តផ្ទាល់ អំពីភាពកកកុញនៃអ្នកជំងឺកូវីដ ១៩ ជាច្រើននាក់នៅមណ្ឌលព្យាបាលរបស់រដ្ឋាភិបាល ក្រសួងបានចេញនូវលិខិតព្រមានដល់អ្នកកាសែត មិនអោយផ្សព្វផ្សាយព័ត៌មានដែលអាច “បង្កភាពចលាចលដល់សង្គម” ហើយបានគំរាមចាត់វិធានការតាមផ្លូវច្បាប់ដល់អ្នកដែលបំពាន។

នៅខែ កក្កដា ប៉ូលីសរាជធានីភ្នំពេញបានសួរចម្លើយអ្នកកាសែត ៣​ នាក់ដែលបានរាយការណ៍ព័ត៌មានអំពីការតវ៉ារឿងដីធ្លី និងបានបង្ខំអោយពួកគាត់ធ្វើកិច្ចសន្យាមិនបន្តរាយការណ៍ព័ត៌មានអំពីករណីដីធ្លីនេះតទៅទៀតទេ។ សកម្មភាពគំរាមរបៀបនេះជាយុទ្ធវិធី ដែលអាជ្ញាធរប្រើប្រាស់ញឹកញាប់បំផុតក្នុងការបំបិទសំឡេងព័ត៌មានឯករាជ្យ។

យុទ្ធនាការរបស់រដ្ឋាភិបាលដើម្បីបំបិទសំឡេងមតិរិះគន់ក៏ត្រូវបានអនុវត្តផងដែរចំពោះបណ្តាញសង្គម។ នៅខែ សីហា រដ្ឋាភិបាលបានបញ្ចូនមន្ត្រីជាន់ខ្ពស់របស់ខ្លួនទៅទីក្រុងបាងកក ដើម្បីស្នើសុំអាជ្ញាធរថៃជួយរាំងខ្ទប់ ឬបិទចោលការផ្សព្វផ្សាយតាមបណ្តាញសង្គមរបស់សកម្មជនបក្សប្រឆាំងដែលរស់នៅប្រទេសថៃ។

កង្វះបទដ្ឋានរស់នៅសមរម្យ

ដោយសារការផ្ទុះរីករាលដាលយ៉ាងលឿននៃករណីជំងឺកូវីដ ១៩ នៅខែមេសា អាជ្ញាធរ​បាន​ណែនាំប្រព័ន្ធកំណត់តំបន់តាមពណ៌ ដោយត្រូវអនុវត្តវិធានការបិទខ្ទប់ផ្អែកតាមតំបន់ដែលមាន​អត្រាឆ្លងខ្ពស់។ ប្រជាជនដែលស្ថិតនៅតំបន់ដែលត្រូវកំណត់ថាមានពណ៌ “ក្រហម” ដែលមានពល​រដ្ឋមានចំណូលទាប និងមិនសមាមាត្រ ប្រឈមនឹងការអនុវត្តវិធានការបិទខ្ទប់យ៉ាងតឹងរឹង រួមមានបំរាមចាកចេញពីលំនៅឋានជាដើម។ រយៈពេលជាងមួយខែ ប្រជាជនជាច្រើនមិនអាច​ចេញទៅបំពេញការងារ និងទទួលបានមិនគ្រប់គ្រាន់នូវអាហារ ថ្នាំពេទ្យ និងតម្រូវការជា​មូល​ដ្ឋាន​ផ្សេងៗ​ទៀត​សម្រាប់ការរស់នៅ។ អាជ្ញាធរ ក៏មិនអនុញ្ញាតអោយក្រុមអ្នកផ្តល់ជំនួយ និងភ្នាក់ងារអង្គការសហប្រជាជាតិចែកចាយជំនួយដល់អ្នកទាំងនោះ ដែលមានតម្រូវការជាបន្ទាន់ទេ។ ប្រជាពលរដ្ឋដែលប្រឆាំងតវ៉ា នឹងត្រូវចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធនឹងក្រុមប្រឆាំង។

ការរីករាលដាលជាសកលនៃជំងឺកូវីដ ១៩ បានបង្ហាញយ៉ាងច្បាស់ពីកង្វះប្រព័ន្ធគាំពារសង្គម​រឹងមាំមួយរបស់កម្ពុជា ដែលនេះវានាំអោយគ្រួសារ ដែលមានចំណូលទាបទទួលរងគ្រោះដែលមិនសមាមាត្រផ្នែកសេដ្ឋកិច្ចដោយជំងឺកូវីដ ១៩ និងការបិទខ្ទប់ដោយពុំមានសំណាញ់ (គោល​នយោបាយគាំពារសង្គម) សុវត្ថិភាព។ ការឧបត្ថមសាច់ប្រាក់ម្តងម្កាល និងការមិនបានដោះស្រាយវិបត្តិបំណុលមីក្រូហិរញ្ញវត្ថុ គឺជាការខកខានធានានូវសិទ្ធិរបស់ប្រជាជនកម្ពុជាក្នុងការទទួលបានសុវត្ថិភាពសង្គម និងបទដ្ឋានរស់នៅពេញលេញ។

តួអង្គអន្តរជាតិសំខាន់ៗ

កម្ពុជាបានបន្តរឹតចំណងទាក់ទងជាមួយប្រទេសចិន អំឡុងពេលការរីករាលដាលជាសកលនៃជំងឺ កូវីដ ១៩។ ខណៈដែលសហភាពអឺរ៉ុបបានព្យួរមួយផ្នែកនៃការអនុគ្រោះពន្ធផ្នែកពាណិជ្ជកម្មរបស់កម្ពុជាកាលពីខែសីហា ឆ្នាំ ២០២០ ក្រោយបានរកឃើញនូវការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធ យ៉ាងណាមិញ ពាណិជ្ជកម្មរវាងកម្ពុជា និងចិនបានកើនឡើងដល់ ២០% ពោលគឺស្មើទឹកប្រាក់ ៣ ពាន់លានដុល្លារ គិតត្រឹមត្រីមាសទីមួយនៃឆ្នាំ ២០២១។ កម្ពុជាជាដៃគូដ៏សំខាន់មួយក្នុង “គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ” ទោះជាយ៉ាងណា ការរំលោភសិទ្ធិមនុស្សនៅតែបន្តកើតមាននៅតាមគម្រោងអភិវឌ្ឍន៍ធំៗ នៅកម្ពុជា។

កម្ពុជាត្រូវបានចាត់ចំណាត់ថ្នាក់ ក្នុងចំណោមប្រទេសដែលមានភាគរយខ្ពស់នៃពលរដ្ឋដែលទទួលបានការចាក់វ៉ាក់សាំងកូវីដ​១៩ ពេញលេញ។ នៅខែកញ្ញា ប្រទេសចិនបានសន្យាផ្តល់​ជំនួយជាទឹកប្រាក់ចំនួន ២៧០ លានដុល្លារ និងវ៉ាក់សាំងកូវីដ ១៩ ប្រភេទ ស៊ីណូវ៉ាក់ចំនួន ៣ លានដូស ដែលនេះជាចំនួនបន្ថែមនៃវ៉ាក់សាំងកូវីដ ១៩ ប្រភេទ ស៊ីណូវ៉ាក់ និង ស៊ីណូហ្វាម ចំនួន ៣.២ លានដូស ដែលចិនបានផ្តល់ជូនរួចហើយ។ នៅពាក់កណ្តាលឆ្នាំ ២០២១ តាមរយៈយន្តការ COVAX ប្រទេស ជប៉ុន សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ក៏បានផ្តល់ជំនួយ ​វ៉ាក់សាំងកូវីដ ១៩ ដល់កម្ពុជាដែរ។

នៅខែមិនា សភាអឺរ៉ុបបានអនុម័តដំណោះស្រាយដែលប្រើប្រាស់វោហារសាសន៍ធ្ងន់ៗ ថ្កោលទោសការកាត់ក្តីមានចំនួនច្រើនរួមគ្នា ចំពោះសមាជិកបក្សប្រឆាំង និងការបន្ថែមការធ្វើទុក្ខបុកម្នេញលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងសង្គមស៊ីវិល ព្រមទាំងអំពាវនាវរកអោយការដាក់ទណ្ឌកម្មប្រឆាំងមេដឹក​នាំ ដែលរំលោភសិទ្ធិពលរដ្ឋកម្ពុជា។ សេចក្តីថ្លែងការណ៍មួយរបស់សហភាពអឺរ៉ុប ក៏បានថ្កោលទោស​ការកាត់ទោសក្នុងចំនួនច្រើនរួមគ្នានេះដែរ។

សហរដ្ឋអាមេរិក មួយផ្នែកដោយសារការធ្វើទុក្ខបុកម្នេញលើសកម្មជនបរិស្ថានបានប្រ​កាស​នៅថ្ងៃទី ១៧ ខែមិថុនា អំពីការផ្អាកជំនួយជាង ១០០ លានដុល្លារ ដែលគ្រោងផ្តល់ដល់រដ្ឋាភិបាល​ក្នុងគម្រោងការពារព្រៃឈើឈ្មោះ គម្រោង “ព្រៃឡង់បៃតង”។

នៅខែតុលាគណៈកម្មការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានអនុម័តដំណោះ​ស្រាយដែលប្រើវោហារសាសន៍មិនសូវខ្លាំងមួយ អោយបន្តអាណត្តិរបស់អ្នករាយការ​ណ៍ពិសេសស្តីពីស្ថាន​ភាពសិទ្ធិមនុស្សនៅកម្ពុជាផ្តល់អាណត្តិដល់ការរាយការ​ណ៍ផ្ទាល់មាត់មួយលើកទៀតនៅ​ខែ មិនា ២០២២ ខាងមុខ បន្ថែមលើការរាយការណ៍ធម្មតាជាទៀតទាត់ដល់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ។