December 23, 2021

ប្រទេសកម្ពុជា

មុនការមកដល់នៃការបោះឆ្នោតឃុំ សង្កាត់ និងការបោះឆ្នោតជាតិ នៅឆ្នាំ ២០២២​ និង​២០២៣​ខាងមុខ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រើប្រាស់ការរីករាលដាលជាសកលយ៉ាងធ្ងន់ធ្ងរ នៃជំងឺកូវីដ ១៩ ដើម្បីពង្រឹកការក្តោបក្តាប់អំណាចផ្តាច់ការ តាមរយៈការរឹតត្បិតបន្តទៀតចំពោះសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ប៉ុន្តែមិនបានការពារសិទ្ធិសង្គម និងសិទ្ធិសេដ្ឋកិច្ចរបស់ក្រុមពលរដ្ឋងាយរងគ្រោះនោះទេ។ រដ្ឋាភិបាលបានអនុម័តច្បាប់ហួសកម្រិតថ្មីមួយសម្រាប់ការគ្រប់គ្រងជំងឺកូវីដ ១៩ ដែលអាចដាក់ទោសជាប់ពន្ធនាគាររហូតដល់ ២០ ឆ្នាំនូវរាល់ការបំពានវិធានការកូវីដ ១៩។

ដើម្បីបំបិទសំឡេងជំទាស់គេបានប្រើប្រាស់ប្រព័ន្ធតុលាការដែលមានទំនោនយោបាយ ដើម្បីកាត់ទោសជាស៊េរីប្រឆាំងសមាជិកបក្សប្រឆាំងជាង ១០០ នាក់ និងអ្នកការពារសិទ្ធិមនុស្សមួយចំនួន សម្រាប់ការអនុវត្តសិទ្ធិរបស់ពួកគេក្នុងការបញ្ចេញមតិ និងការជួបជុំដោយសន្តិវិធី។ គិតត្រឹមរយៈពេលកំពុងតាក់តែងរបាយការណ៍នេះ ប្រទេសកម្ពុជាមានអ្នកទោសនយោបាយជាង ៦០ នាក់កំពុងជាប់ឃុំក្នុងពន្ធនាគារ។

ការបិទខ្ទប់ក្នុងវិធានការបង្ការជំងឺកូវីដ ១៩ ដ៏តឹងរឹងរបស់រដ្ឋាភិបាលត្រូវបានដាក់ចេញដោយមិនបានធានាដល់ការទទួលបានគ្រប់គ្រាន់នូវស្បៀង ថ្នាំពេទ្យ និងតម្រូវការជាមូលដ្ឋានផ្សេងៗទៀតរបស់ពលរដ្ឋទេ។ អាជ្ញាធរក៏មិនញញើតដៃផងដែរ ក្នុងការប្រើប្រាស់ដំបងឬស្សីដើម្បីវាយដំទៅលើអ្នកចេញពីផ្ទះ នៅតាមដងផ្លូវនៅរាជធានីភ្នំពេញ ដែលបំពានវិធានការបិទខ្ទប់។ រដ្ឋាភិបាលក៏ខកខានផងដែរក្នុងការចាត់វិធានការអោយបានគ្រប់គ្រាន់ដើម្បីការពារការផ្ទុះករណីជំងឺកូវីដ១៩ ក្នុងចំណោមទណ្ឌឹតក្នុងពន្ធនាគារដែលមានអ្នកជាប់ឃុំចង្អៀតណែន។

រដ្ឋាភិបាលបានអនុម័តអនុក្រឹត្យមួយ ដែលរិតត្បិតលើការគ្រប់គ្រងប្រព័ន្ធអិនធើណិត និងពង្រីក ការលបស្តាប់អ្នកប្រើប្រាស់ប្រព័ន្ធអិនធើណិត តាមអនឡាញណាដែលបញ្ចេញមតិរិះគន់រដ្ឋាភិបាល ដែលនេះជាការបំពានលើសិទ្ធិឯកជនរបស់ពលរដ្ឋ។ អ្នកកាសែត និងប្រព័ន្ធព័ត៌មានឯករាជ្យក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គមដែលមានមតិរិះគន់បន្តប្រឈមការគំរាមកំហែង និងវាយប្រហារពីរដ្ឋាភិបាល។

ច្បាប់ និងសេចក្តីព្រៀងច្បាប់ដែលរំលោភសិទ្ធិមនុស្ស

រដ្ឋាភិបាលបានអនុម័តវិធានការថ្មីៗដែលបន្តរំលោភសិទ្ធិមនុស្ស។

នៅខែកុម្ភៈអាជ្ញាធរបានអនុម័តអនុក្រឹត្យស្តីពីការបង្កើតច្រកទ្វារអិនធើណិតជាតិ ហើយបន្ទាប់ពីចូលជាធរមានបញ្ញាតិនៅខែ កុម្ភៈ ២០២២ វានឹងផ្តល់អំណាចដល់រដ្ឋាភិបាលក្នុងការឃ្លាំមើល​ រាល់សកម្មភាពក្នុងប្រព័ន្ធអិនធើណិតទាំងអស់ និងផ្តល់ដល់អាជ្ញាធរនូវអំណាចយ៉ាងទូលំទូលាយក្នុងការបិទ និងការកាត់ផ្តាច់ប្រព័ន្ធទំនាក់ទំនងបណ្តាញ​ ​​អិនធើណិត។

នៅខែមិនា រដ្ឋាភិបាលបានអនុវត្តច្បាប់ដែលរំលោភសិទ្ធិមនុស្ស ស្តីអំពីការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ជំងឺឆ្លង និងជំងឺប្រកបដោយគ្រោះថ្នាក់ផ្សេងទៀត។ ច្បាប់នេះមានចែងអំពីការដាក់ទោសចំពោះអ្នកបំពានវិធានការកូវីដ ១៩ ជាប់ពន្ធនាគាររហូតដល់ ២០​ឆ្នាំ និងការដាក់ពិន័យដែលមិនសមាមាត្រផ្សេងៗទៀត។ មាត្រាខ្លះនៃច្បាប់នេះមានចែងយ៉ាងទូលំទូលាយ និងដោយមិនមានការត្រួតពិនិត្យឯករាជ្យ ឬនីតិវិធីការពារ។ គិតត្រឹមខែឧសភា អាជ្ញាធរបានចោទប្រកាន់តាមផ្លូវច្បាប់ អ្នកបំពានច្រើនជាង ១០០ នាក់។

នៅមានច្បាប់ឃោឃៅផ្សេងទៀតកំពុងរង់ចាំបញ្ចប់សេចក្តីព្រៀង ឬអនុម័ត ក្នុងនោះរួមមានសេចក្តីព្រៀងច្បាប់ស្តីពីឧក្រិដ្ឋកម្មព័ត៌មានវិទ្យា ដែលច្បាប់នេះនឹងចោទជាការគំ​រាម​បន្ថែមទៀត ដល់ការបញ្ចេញមតិតាមប្រព័ន្ធអនឡាញ និងសេចក្តីព្រៀងច្បាប់ស្តីពីសណ្តាប់ធ្នាប់សង្គម ដែលព្យាយាមត្រួតពិនិត្យលើជីវភាពប្រចាំថ្ងៃរបស់ប្រជាជន តាមរយៈការហាមប្រាមសកម្មភាព សាធារណៈ និងឯកជនក្នុងវិសាលភាពយ៉ាងធំធេង។ កម្ពុជានៅមិនទាន់មានច្បាប់ស្តីពីការការពារទិន្នន័យ ឬកិច្ចការពារផ្សេងៗ ដើម្បីធានាអោយមានការស្នើសុំប្រើប្រាស់ទិន្នន័យជាចាំបាច់ និងមានសមាមាត្រ។

អង្គការឃ្លាំមើលសិទ្ធិមនុស្សបានទទួលនៅខែមិនានូវសេចក្តីព្រៀងច្បាប់ស្តីពីពិការភាព ដែលខកខានមិនបានបញ្ចូលយុទ្ធសាស្រ្ត ផ្អែកលើសិទ្ធិមនុស្ស ដើម្បីធានាលើសិទ្ធិស្មើភាពគ្នាសម្រាប់ ប្រជាជនដែលមានពិការភាព។ សេចក្តីព្រៀងច្បាប់នេះបានជម្រុញការរើសអើងចំពោះប្រជាជនដែលមានពិការភាព ជាជាងធានាអោយទទួលបានស្មើភាពគ្នានូវសេវាអប់រំ ការងារ ការធ្វើដំណើរ និងសេវាសង្គម និងផ្លូវច្បាប់ និងការរស់នៅដោយឯករាជ្យ។

អ្នកការពារសិទ្ធិមនុស្សជាប់ពន្ធនាគារ

នាពេលកំពុងតាក់តែងរបាយការណ៍នេះ រដ្ឋាភិបាលនៅឃុំខ្លួនអ្នកការពារសិទ្ធិមនុស្សយ៉ាងតិច ២៤ នាក់ទៀតក្នុងពន្ធនាគារ។

នៅខែសីហា អាជ្ញាធរ បានកាត់ទោសមេដឹកនាំសហជីព លោក​ រ៉ុង ឈុន ពីបទញុះញង់ រួមជាមួយសមាជិកអតីតគណបក្សនយោបាយប្រឆាំង រួមមានកញ្ញា សរ កន្និកា និង ទន់ និមល។ ទម្ងន់ទោសរបស់ពួកគាត់គឺត្រូវជាប់ពន្ធនាគាររយៈពេល ពី ២០​ខែ ដល់ ២ ឆ្នាំ រួមទាំងពិន័យជាទឹកប្រាក់ជាច្រើនសន្ធឹកសន្ធាប់ ពោលគឺ ៤០០លានរៀន (គឺប្រហែល ១០០.០០០ដុល្លារ) ដែលត្រូវបង់ទៅគណៈកម្មការកិច្ចការព្រំដែនរបស់រាជរដ្ឋាភិបាល។ ករណីចាប់ខ្លួនលោក រ៉ុង​ ឈុន ធ្វើឡើងក្រោយពីលោកបានបញ្ចេញមតិអំពីការបាត់បង់ដីធ្លីរបស់សហគមន៍ ពីការបោះបង្គោលព្រំដែនរវាងប្រទេសកម្ពុជា និងវៀតណាម។ សកម្មជន ២ នាក់ទៀតបានធ្វើការតវ៉ាដោយសន្តិវិធី អោយមានការដោះលែងលោក រ៉ុង ឈុន។ អាជ្ញាធរបានចាប់ខ្លួន សកម្មជន សិល្បករ និងអ្នកការពារសិទ្ធិមនុស្សសរុបចំនួន ១៩ នាក់ ដែលបានចូលរួមក្នុងបាតុកម្មតវ៉ាលើរឿងស្រដៀងគ្នានេះដែរ។

នៅខែសីហា តុលាការរាជធានីភ្នំពេញបានកាត់ទោសសកម្មជន ៩ នាក់ និងសមាជិកអតីតបក្សប្រឆាំងពីបទញុះញង់ និងបញ្ជូនទៅឃុំឃាំងនៅពន្ធនាគាររយៈពេលពី ១២ ដល់ ២០ ខែ ក្នុង ម្នាក់ៗ។ ពួកគាត់បានធ្វើបាតុកម្មតវ៉ានៅក្បែរស្ថានទូតចិន នៅរាជធានីភ្នំពេញ ជាផ្នែកមួយនៃយុទ្ធនាការរំលឹកដល់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។

ការវាយប្រហារប្រឆាំងសកម្មជនបរិស្ថាន

ចាប់ពីឆ្នាំ ២០២០​ អាជ្ញាធរបង្កើនការប៉ុនប៉ងរបស់ខ្លួនដើម្បីបំភិតបំភ័យលើសកម្មជន បរិស្ថាន ដែលធ្វើសកម្មភាពប្រកដោយសន្តិភាព ដោយចោទប្រកាន់ពួកគាត់ពីបទប៉ុនប៉ងប្រើប្រាស់មូលនិធិបរទេសដើម្បីផ្ដួលរំលំរដ្ឋាភិបាល។ គិតត្រឹមខែ ឧសភា ២០២១ តុលាការរាជធានីភ្នំពេញបានកាត់ទោសសកម្មជន អង្គការមាតាធម្មជាតិ ៥រូប ពីបទញុះញង់ និងបញ្ចូនខ្លួនពួកគាត់ទៅឃុំឃាំងនៅពន្ធនាគាររយៈពេលពី ១៨ ទៅ ២០ ខែ។ ដោយសកម្មជនទាំងនោះបានធ្វើការផ្សព្វផ្សាយជាសាធារណៈ អំពីក្តីកង្វល់ទាក់ទងនឹងការលុបបឹងមួយកន្លែងនៅរាជធានីភ្នំពេញ និងការលើកឡើងអំពីផលប៉ះពាល់ជាអវិជ្ជ​មានដោយ​ផ្នែកបរិស្ថាន។ នៅខែកក្កដា អាជ្ញាធរបានដាក់បន្ថែមបទចោទ រួមគំនិតក្បត់ ប្រឆាំនឹងសកម្មជន ៣រូបក្នុងចំណោមនោះ។

នៅខែ មិថុនា អាជ្ញាធរ បានចោទប្រកាន់សកម្មជន អង្គការមាតាធម្មជាតិ ពីបទចងក្រងជាឯកសារនូវការបំផ្លាញផ្នែកបរិស្ថានរបស់រដ្ឋាភិបាល និងបានបញ្ជូនខ្លួនទៅជំនំជម្រះពីបទរួមគំនិតក្បត់ និងបទប្រមាថព្រះមហាក្សត្រ។ អាជ្ញាធរបានឃុំខ្លួនមនុស្ស ៣ រូបក្នុងចំណោមនោះដើម្បីរង់ចាំការកាត់ក្តី ហើយជនជាប់ចោទទី ៤ ស្ថិតនៅក្រៅប្រទេស។

ការវាយប្រហារលើសមាជិកបក្សប្រឆាំង

នៅចំពោះមុខការបោះឆ្នោត ដែលនឹងមកដល់នៅឆ្នាំ ២០២២​​ និង​ ២០២៣ ខាងមុខ ការធ្វើទុក្ខបុកម្នេញកាន់តែកើនឡើង ប្រឆាំងសមាជិកបក្សប្រឆាំង។ មេដឹកនាំបក្សប្រឆាំង និងសមាជិកជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលរំលាយចោលជាច្រើននាក់ត្រូវបង្ខំចិត្តភៀសខ្លួនចេញបីប្រទេស និងបន្តរស់នៅនិរទេសខ្លួននៅក្រៅប្រទេស គេចចេញពីការចាប់ខ្លួន។

បន្ទាប់ពីចេញដីការកោះហៅអោយចូលខ្លួននៅខែ វិច្ឆិកា ២០២០ អាជ្ញាធរចាប់ផ្តើមជំនុំជម្រះក្តីករណីជាច្រើនរួមគ្នា នៅឆ្នាំ ២០២១ ប្រឆាំងមនុស្សជាង ១០០នាក់ ជាប់ពាក់ព័ន្ធជាមួយគណបក្សសង្គ្រោះជាតិ និងសកម្មជននយោបាយផ្សេងទៀត។ គិតត្រឹមខែមិនា អាជ្ញាធរបានកាត់ទោស កំបាំងមុខនូវ មេដឹកនាំបក្សសង្គ្រោះជាតិដែលរស់នៅនិរទេសខ្លួននៅក្រៅប្រទេសចំនួន ៩ នាក់ ពីបទប៉ុនប៉ង “ធ្វើរដ្ឋប្រហារ” ដែលក្នុងនោះរួមមានទាំងមេដឹកនាំបក្សសង្គ្រោះជាតិ លោក​ សម រង្ស៊ី អោយជាប់ពន្ធនាគាររហូតដល់ ២៥ ឆ្នាំ។​​ សំណុំបទចោទប្រកាន់ចំពោះពួកគាត់ ផ្អែកលើការចោទប្រកាន់ទាំងមិនមានភស្តុតាងដែលថា គណបក្សសង្គ្រោះជាតិបានប៉ុងប៉ងធ្វើរដ្ឋប្រហារ តាមរយៈប្រកាសអំពីផែនការវិញចូលទៅកម្ពុជាវិញរបស់ពួកគាត់នៅខែ វិច្ឆិកា ឆ្នាំ ២០១៩។

លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បន្តរងការចោទប្រកាន់ពីបទសន្និដ្ឋិភាពជាមួយបរទេស។ សាវនាការរយៈពេលបីខែរបស់គាត់ត្រូវបានបញ្ឈប់នៅខែមិនា ២០២០ បណ្តាលពីការរីករាលដាលនៃជំងឺកូវីដ ១៩។ នៅខែមករា ឆ្នាំ ២០២១ តុលាការបានជូនដំណឹងទៅគាត់ថា ករណីក្តីរបស់គាត់លែងស្ថិតជាករណី “អាទិភាព” ហើយ និងប្រហែលជាមិនបានបន្តទៀតនៅខែមករា ឆ្នាំ ២០២១ ទេ ដោយហេតុថាអាជ្ញាធរកំពុងស្វះស្វែងរៀបចំការចោទប្រកាន់ថ្មីប្រឆាំងសមាជិកបក្សប្រឆាំងរាប់រយនាក់ផ្សេងទៀត។

និទណ្ឌភាព

នៅខែកក្កដា ២០២១ ជាខួបទី ៥ ឆ្នាំ នៃការធ្វើឃាត លោក កឹម ឡី អ្នកវិភាគនយោបាយ និងអ្នកការពារសិទ្ធិមនុស្ស ដ៏លេចធ្លោមួយរូបនៅកម្ពុជា។ រហូតដល់ពេលនេះនៅមិនទាន់មានការស៊ើបអង្កេតណាមួយ ប្រកបដោយភាពជឿទុកចិត្ត និងឯករាជ្យណាមួយទៅក្នុងឃាតកម្មទាំងកណ្តាលថ្ងៃ នៅរាជធានីភ្នំពេញនេះនៅឡើយ។ ម្យ៉ាងវិញទៀតក៏នៅមិនទាន់មានការវិវឌ្ឍសំខាន់ៗណាមួយនៅឡើយ ទៅលើការស្វែងរកការពិតជុំវិញការចាប់ពង្រាត់សកម្មជនថៃដ៏លេចធ្លោម្នាក់គឺលោក វ៉ាន់ឆាលើម សាតសាគីត។ ករណីទាំងពីរនេះនៅមិនទាន់រកឃើញពន្លឺយុត្តិធម៌នៅឡើយ បើទោះជាមានភស្តុតាង និងសាក្សីដែលបានបង្ហាញថា ប្រហែលជាមានជាប់ពាក់ព័ន្ធជាមួយនឹងរដ្ឋាភិបាល ដែលតម្រូវអោយមានការស៊ើបអង្កេតប្រកបដោយតម្លាភាព និងប្រសិទ្ធភាពក៏ដោយ។

សេរីភាពព័ត៌មាន

នៅឆ្នាំ ២០២១ អាជ្ញាធរបានប្រើប្រាស់ការរីករាលដាលជាសកលនៃជំងឺកូវីដ ១៩ ដើម្បីបន្តវាយប្រហារទៅលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ តាមរយៈការចោទប្រកាន់សេចក្តីរាយការណ៍ព័ត៌មានឯករាជ្យថាជា “ព័ត៌មានក្លែងក្លាយ” និង បានដាក់ចេញនូវការហាមប្រាមជាក់ស្តែងលើការរាយការណ៍ព័ត៌មានរបស់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។

នៅខែ មករា អាជ្ញាធររាជធានីភ្នំពេញ បានផ្សព្វផ្សាយបទបញ្ជាមួយ ដោយការហាមប្រាម ការថតវីឌីអូ សំឡេង និងការផ្សាយផ្ទាល់សកម្មភាពទាំងឡាយរបស់ប៉ូលីស។

នៅខែ ឧសភា ក្រសួងព័ត៌មានបានបញ្ជាក់ថា មានតែស្ថាប័នព័ត៌មានរបស់រដ្ឋ ឬសារព័ត៌មានដែលត្រូវបាន “អញ្ជើញ” ដោយរដ្ឋាភិបាលប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតរាយការណ៍ព័ត៌មាន ពីតំបន់ដែលស្ថិតក្រោមការបិទខ្ទប់ដោយសារជំងឺកូវីដ ១៩។ ក្រោយពីមានការផ្សាយបន្តផ្ទាល់ អំពីភាពកកកុញនៃអ្នកជំងឺកូវីដ ១៩ ជាច្រើននាក់នៅមណ្ឌលព្យាបាលរបស់រដ្ឋាភិបាល ក្រសួងបានចេញនូវលិខិតព្រមានដល់អ្នកកាសែត មិនអោយផ្សព្វផ្សាយព័ត៌មានដែលអាច “បង្កភាពចលាចលដល់សង្គម” ហើយបានគំរាមចាត់វិធានការតាមផ្លូវច្បាប់ដល់អ្នកដែលបំពាន។

នៅខែ កក្កដា ប៉ូលីសរាជធានីភ្នំពេញបានសួរចម្លើយអ្នកកាសែត ៣​ នាក់ដែលបានរាយការណ៍ព័ត៌មានអំពីការតវ៉ារឿងដីធ្លី និងបានបង្ខំអោយពួកគាត់ធ្វើកិច្ចសន្យាមិនបន្តរាយការណ៍ព័ត៌មានអំពីករណីដីធ្លីនេះតទៅទៀតទេ។ សកម្មភាពគំរាមរបៀបនេះជាយុទ្ធវិធី ដែលអាជ្ញាធរប្រើប្រាស់ញឹកញាប់បំផុតក្នុងការបំបិទសំឡេងព័ត៌មានឯករាជ្យ។

យុទ្ធនាការរបស់រដ្ឋាភិបាលដើម្បីបំបិទសំឡេងមតិរិះគន់ក៏ត្រូវបានអនុវត្តផងដែរចំពោះបណ្តាញសង្គម។ នៅខែ សីហា រដ្ឋាភិបាលបានបញ្ចូនមន្ត្រីជាន់ខ្ពស់របស់ខ្លួនទៅទីក្រុងបាងកក ដើម្បីស្នើសុំអាជ្ញាធរថៃជួយរាំងខ្ទប់ ឬបិទចោលការផ្សព្វផ្សាយតាមបណ្តាញសង្គមរបស់សកម្មជនបក្សប្រឆាំងដែលរស់នៅប្រទេសថៃ។

កង្វះបទដ្ឋានរស់នៅសមរម្យ

ដោយសារការផ្ទុះរីករាលដាលយ៉ាងលឿននៃករណីជំងឺកូវីដ ១៩ នៅខែមេសា អាជ្ញាធរ​បាន​ណែនាំប្រព័ន្ធកំណត់តំបន់តាមពណ៌ ដោយត្រូវអនុវត្តវិធានការបិទខ្ទប់ផ្អែកតាមតំបន់ដែលមាន​អត្រាឆ្លងខ្ពស់។ ប្រជាជនដែលស្ថិតនៅតំបន់ដែលត្រូវកំណត់ថាមានពណ៌ “ក្រហម” ដែលមានពល​រដ្ឋមានចំណូលទាប និងមិនសមាមាត្រ ប្រឈមនឹងការអនុវត្តវិធានការបិទខ្ទប់យ៉ាងតឹងរឹង រួមមានបំរាមចាកចេញពីលំនៅឋានជាដើម។ រយៈពេលជាងមួយខែ ប្រជាជនជាច្រើនមិនអាច​ចេញទៅបំពេញការងារ និងទទួលបានមិនគ្រប់គ្រាន់នូវអាហារ ថ្នាំពេទ្យ និងតម្រូវការជា​មូល​ដ្ឋាន​ផ្សេងៗ​ទៀត​សម្រាប់ការរស់នៅ។ អាជ្ញាធរ ក៏មិនអនុញ្ញាតអោយក្រុមអ្នកផ្តល់ជំនួយ និងភ្នាក់ងារអង្គការសហប្រជាជាតិចែកចាយជំនួយដល់អ្នកទាំងនោះ ដែលមានតម្រូវការជាបន្ទាន់ទេ។ ប្រជាពលរដ្ឋដែលប្រឆាំងតវ៉ា នឹងត្រូវចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធនឹងក្រុមប្រឆាំង។

ការរីករាលដាលជាសកលនៃជំងឺកូវីដ ១៩ បានបង្ហាញយ៉ាងច្បាស់ពីកង្វះប្រព័ន្ធគាំពារសង្គម​រឹងមាំមួយរបស់កម្ពុជា ដែលនេះវានាំអោយគ្រួសារ ដែលមានចំណូលទាបទទួលរងគ្រោះដែលមិនសមាមាត្រផ្នែកសេដ្ឋកិច្ចដោយជំងឺកូវីដ ១៩ និងការបិទខ្ទប់ដោយពុំមានសំណាញ់ (គោល​នយោបាយគាំពារសង្គម) សុវត្ថិភាព។ ការឧបត្ថមសាច់ប្រាក់ម្តងម្កាល និងការមិនបានដោះស្រាយវិបត្តិបំណុលមីក្រូហិរញ្ញវត្ថុ គឺជាការខកខានធានានូវសិទ្ធិរបស់ប្រជាជនកម្ពុជាក្នុងការទទួលបានសុវត្ថិភាពសង្គម និងបទដ្ឋានរស់នៅពេញលេញ។

តួអង្គអន្តរជាតិសំខាន់ៗ

កម្ពុជាបានបន្តរឹតចំណងទាក់ទងជាមួយប្រទេសចិន អំឡុងពេលការរីករាលដាលជាសកលនៃជំងឺ កូវីដ ១៩។ ខណៈដែលសហភាពអឺរ៉ុបបានព្យួរមួយផ្នែកនៃការអនុគ្រោះពន្ធផ្នែកពាណិជ្ជកម្មរបស់កម្ពុជាកាលពីខែសីហា ឆ្នាំ ២០២០ ក្រោយបានរកឃើញនូវការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធ យ៉ាងណាមិញ ពាណិជ្ជកម្មរវាងកម្ពុជា និងចិនបានកើនឡើងដល់ ២០% ពោលគឺស្មើទឹកប្រាក់ ៣ ពាន់លានដុល្លារ គិតត្រឹមត្រីមាសទីមួយនៃឆ្នាំ ២០២១។ កម្ពុជាជាដៃគូដ៏សំខាន់មួយក្នុង “គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ” ទោះជាយ៉ាងណា ការរំលោភសិទ្ធិមនុស្សនៅតែបន្តកើតមាននៅតាមគម្រោងអភិវឌ្ឍន៍ធំៗ នៅកម្ពុជា។

កម្ពុជាត្រូវបានចាត់ចំណាត់ថ្នាក់ ក្នុងចំណោមប្រទេសដែលមានភាគរយខ្ពស់នៃពលរដ្ឋដែលទទួលបានការចាក់វ៉ាក់សាំងកូវីដ​១៩ ពេញលេញ។ នៅខែកញ្ញា ប្រទេសចិនបានសន្យាផ្តល់​ជំនួយជាទឹកប្រាក់ចំនួន ២៧០ លានដុល្លារ និងវ៉ាក់សាំងកូវីដ ១៩ ប្រភេទ ស៊ីណូវ៉ាក់ចំនួន ៣ លានដូស ដែលនេះជាចំនួនបន្ថែមនៃវ៉ាក់សាំងកូវីដ ១៩ ប្រភេទ ស៊ីណូវ៉ាក់ និង ស៊ីណូហ្វាម ចំនួន ៣.២ លានដូស ដែលចិនបានផ្តល់ជូនរួចហើយ។ នៅពាក់កណ្តាលឆ្នាំ ២០២១ តាមរយៈយន្តការ COVAX ប្រទេស ជប៉ុន សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ក៏បានផ្តល់ជំនួយ ​វ៉ាក់សាំងកូវីដ ១៩ ដល់កម្ពុជាដែរ។

នៅខែមិនា សភាអឺរ៉ុបបានអនុម័តដំណោះស្រាយដែលប្រើប្រាស់វោហារសាសន៍ធ្ងន់ៗ ថ្កោលទោសការកាត់ក្តីមានចំនួនច្រើនរួមគ្នា ចំពោះសមាជិកបក្សប្រឆាំង និងការបន្ថែមការធ្វើទុក្ខបុកម្នេញលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងសង្គមស៊ីវិល ព្រមទាំងអំពាវនាវរកអោយការដាក់ទណ្ឌកម្មប្រឆាំងមេដឹក​នាំ ដែលរំលោភសិទ្ធិពលរដ្ឋកម្ពុជា។ សេចក្តីថ្លែងការណ៍មួយរបស់សហភាពអឺរ៉ុប ក៏បានថ្កោលទោស​ការកាត់ទោសក្នុងចំនួនច្រើនរួមគ្នានេះដែរ។

សហរដ្ឋអាមេរិក មួយផ្នែកដោយសារការធ្វើទុក្ខបុកម្នេញលើសកម្មជនបរិស្ថានបានប្រ​កាស​នៅថ្ងៃទី ១៧ ខែមិថុនា អំពីការផ្អាកជំនួយជាង ១០០ លានដុល្លារ ដែលគ្រោងផ្តល់ដល់រដ្ឋាភិបាល​ក្នុងគម្រោងការពារព្រៃឈើឈ្មោះ គម្រោង “ព្រៃឡង់បៃតង”។

នៅខែតុលាគណៈកម្មការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានអនុម័តដំណោះ​ស្រាយដែលប្រើវោហារសាសន៍មិនសូវខ្លាំងមួយ អោយបន្តអាណត្តិរបស់អ្នករាយការ​ណ៍ពិសេសស្តីពីស្ថាន​ភាពសិទ្ធិមនុស្សនៅកម្ពុជាផ្តល់អាណត្តិដល់ការរាយការ​ណ៍ផ្ទាល់មាត់មួយលើកទៀតនៅ​ខែ មិនា ២០២២ ខាងមុខ បន្ថែមលើការរាយការណ៍ធម្មតាជាទៀតទាត់ដល់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ។

Khmer
World Report Year
World Report 2022
Subtitle
ព្រឹត្តិការណ៍នៃ២០២១
Teaser

មុនការមកដល់នៃការបោះឆ្នោតឃុំ សង្កាត់ និងការបោះឆ្នោតជាតិ នៅឆ្នាំ ២០២២​ និង​២០២៣​ខាងមុខ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រើប្រាស់ការរីករាលដាលជាសកលយ៉ាងធ្ងន់ធ្ងរ នៃជំងឺកូវីដ ១៩ ដើម្បីពង្រឹកការក្តោបក្តាប់អំណាចផ្តាច់ការ តាមរយៈការរឹតត្បិតបន្តទៀតចំពោះសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ប៉ុន្តែមិនបានការពារសិទ្ធិសង្គម និងសិទ្ធិសេដ្ឋកិច្ចរបស់ក្រុមពលរដ្ឋងាយរងគ្រោះនោះទេ។ រដ្ឋាភិបាលបានអនុម័តច្បាប់ហួសកម្រិតថ្មីមួយសម្រាប់ការគ្រប់គ្រងជំងឺកូវីដ ១៩ ដែលអាចដាក់ទោសជាប់ពន្ធនាគាររហូតដល់ ២០ ឆ្នាំនូវរាល់ការបំពានវិធានការកូវីដ ១៩។

Chapter Type
Country Update

Source URL: https://www.hrw.org/km/world-report/2022/country-chapters/cambodia