ប្រទេសកម្ពុជាបានធ្លាក់ចូលក្នុងវិបត្តិសិទិ្ធមនុស្ស បន្ទាប់ពីការបោះឆ្នោតរដ្ឋសភានៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១៣ ។ លទ្ធផលចុងក្រោយប្រកាសដោយគណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ជាអង្គការមួយត្រួតត្រាដោយគណបក្សកាន់អំណាច គណបក្សប្រជាជនកម្ពុជា (គបក) បានប្រគល់ត្រឡប់ឲ្យ គបក ដែលបានស្ថិតនៅក្នុងអំណាចតាំងពីឆ្នាំ ១៩៧៩ មក នូវភាគច្រើនក្នុងរដ្ឋសភា ។ បន្ទាប់មក រដ្ឋសភាបានជ្រើសរើសលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដំណែងដែលលោកបានកាន់កាប់តាំងពីឆ្នាំ ១៩៨៥ មក ។ បាតុកម្មដោយទ្រង់ទ្រាយធំនានាបានកើតមានជាបន្តបន្ទាប់ នៅពេលដែលការចោទប្រកាន់គួរឲ្យជឿទុកចិត្តបាន នូវភាពមិនប្រក្រតីក្នុងការបោះឆ្នោត និងការត្រួតត្រារបស់ គបក លើអង្គការបោះឆ្នោត បានធ្វើឲ្យប៉ះពាល់ដល់លទ្ធផលចុងក្រោយ ។ កម្លាំងសន្តិសុខ ម្តងហើយម្តងទៀត បានប្រើកម្លាំងហួសហេតុ ដើម្បី បង្ក្រាបការអ្នកវ៉ា និងភាពមិនស្ងប់ក្នុងសង្គម ក្រោយការបោះឆ្នោត បណ្តាលឲ្យមនុស្សស្លាប់ពីរនាក់ និងរបួសជាច្រើននាក់ ។
ទោះបីជាការកើនឡើងនូវវិស័យប្រព័ន្ធសង្គម ស្ថិតនៅដោយមិនមានការដាក់កំហិតភាគច្រើនយ៉ាងណាក៏ដោយ ក៏ស្ថាននីយទូរទស្សន៍រដ្ឋនិងឯកជនស្ទើរតែទាំងអស់ និងសារព័តមានបោះពុម្ព ស្ថានីយវិទ្យុផ្សាយសម្លេងក្នុងស្រុក និងដំណឹងផ្សាយតាមវ៉ិបសាយ ស្ទើរតែទាំងអស់ ត្រូវបានត្រួតត្រា ឬមានការស្មោះត្រង់នឹង គបក ។ ទោះបីជាមានសហជីពការងារជាច្រើនក៏ដោយ ក៏ការធ្វើកូដកម្ម ជារឿយៗ ត្រូវវាយបំបែកដោយកម្លាំងសន្តិសុខ ។
ការបោះឆ្នោតជាតិ
ព្រះមហាក្សត្រកម្ពុជា ព្រះបាទនរោត្តម សីហមុនី ទ្រង់បានលើកលែងទោសឲ្យមេដឹកនាំគណបក្សប្រឆាំង គណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០១៣ ធ្វើឲ្យលោក រង្ស៊ី មានលទ្ធភាពត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ដោយមិនប្រឈមមុខនឹងការជាប់គុកដោយការកាត់ទោសកាលពីពេលកន្លងមក ពីបទចោទប្រកាន់បន្លើឡើងដោយមានការទូងស្គរវាយខ្មោះនោះ ។ ក៏ប៉ុន្តែ សិទ្ធិបោះឆ្នោត និងឈរឈ្មោះបោះឆ្នោត ថ្ងៃទី ២៨ ខែកក្កដា របស់លោក មិនត្រូវបានប្រគល់ឲ្យវិញទេ ។
គបក ត្រួតត្រាលើប្រព័ន្ធផ្សព្វផ្សាយ កម្លាំងសន្តិសុខ និងអង្គការគ្រប់គ្រងការបោះឆ្នោតទាំងអស់ រួមមាន គជប និងខ្សែរយៈតាមខេត្ត និងមូលដ្ឋាន របស់វា ព្រមទាំងក្រុមប្រឹក្សាធម្មនុញ្ញផង ។ ការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០១៣ ត្រូវបានធ្វើឲ្យប្រលាក់ប្រឡូសដោយការឆរបោករៀបចំឡើងដោយ គបក ព្រមទាំងដោយភាពមិនប្រក្រតីដទៃទៀត ។ គជប បានប្រកាសថា គបក ឈ្នះបាន ៦៨ អាសនៈ និង គសជ ឈ្នះបាន ៥៥ អាសនៈ ក្នុងការបោះឆ្នោត ដែលជាលទ្ធផលប្រកៀកប្រកិតគ្នាជាងការដែល គបក ទន្ទឹងទុក តែគបក បានទាត់ចោលការទាមទាររបស់ គសជ ឲ្យមានការស៊ើបអង្កេតដោយឯករាជ្យមួយទៅលើភាពមិនប្រក្រតីទាំងនេះ ។
ក្នុងដំណើរឆ្ពោះទៅការបោះឆ្នោត មេបញ្ជាការកងទ័ព កងរាជអាវុធហត្ថ និងកងនគរបាល បានធ្វើយុទ្ធនាការជាចំហឲ្យ គបក និងលោក ហ៊ុន សែន ។ បន្ទាប់ពីការបោះឆ្នោត ពួកគេបានប្រកាសគាំទ្រជ័យជំនះប្រទាញប្រទង់ របស់ គបក ។ បន្ទាប់មក លោក ហ៊ុន សែន បានបញ្ជាឲ្យបញ្ចេញកងទ័ព និងកងនគរបាលយ៉ាងច្រើន នៅក្នុងទីក្រុងភ្នំពេញ និងនៅកន្លែងដទៃទៀត ក្នុងការប៉ុនប៉ងទប់ស្កាត់បាតុកម្មទាំងឡាយ ។ កម្លាំងសន្តិសុខបានបិទខ្ទប់ផ្លូវចេញចូលរាជធានីភ្នំពេញ នៅថ្ងៃទី ១៥ ខែកញ្ញា ដែលត្រូវបាននាំមកជាមួយនូវការប្រើប្រាសកម្លាំងខ្លាំងហួសហេតុ ប្រឆាំងភាពមិនស្ងប់ក្នុងសង្គម បន្ទាប់ពីបាតុកម្មទាំងនោះ ដោយបានសម្លាប់មនុស្សម្នាក់ និងធ្វើឲ្យរបួសប្រមាណជាងម្ភៃនាក់ផ្សេងទៀត ។ នៅថ្ងៃទី ២០ និង ២២ ខែកញ្ញា ប្រតិបត្តិការរបស់កម្លាំងសន្តិសុខបានបំបែកពួកអ្នកធ្វើពិធីតវ៉ាដោយសន្តិវិធីតូចៗ ពេលយប់ ក្នុងទីក្រុងភ្នំពេញ ដោយនៅលើកទីពីរបានវាយប្រហារដោយគិតទុកជាមុន ពួកអ្នកតាមដានសិទិ្ធមនុស្ស និងអ្នកកាសែត ព្រមជាមួយពួកអ្នកតវ៉ាផង ធ្វើឲ្យរបួស ២០ នាក់យ៉ាងហោច ។ នៅថ្ងៃទី ១២ ខែវិចិ្ឆកា ឆ្នាំ ២០១៣ ជាថ្មីម្តងទៀត កម្លាំងសន្តិសុខបានប្រើកម្លាំងច្រើនហួសហេតុ ម្តងនេះនៅពេលរាំងខ្ទប់ការដើររបស់កម្មករជាកូដករ ដោយបាញ់មនុស្សម្នាក់ស្លាប់ និងធ្វើឲ្យរបួសដោយគ្រាប់កាំភ្លើង ៩ នាក់ផ្សេងទៀត ។
ការវាយប្រហារលើសង្គមស៊ីវិល និងការឃុំខ្លួនក្នុងពន្ធនាគារអ្នកការពារសិទិ្ធមនុស្ស
នៅក្នុងខែនានាមុនការការបោះឆ្នោតថ្ងៃទី ២៨ ខែកក្កដា កងកម្លាំងសន្តិសុខបានវាយបំបែកដោយហឹង្សាការជួបជុំគ្នាដោយសន្តិវិធីរបស់ក្រុមសង្គមស៊ីវិល ជាពិសេសពួកអ្នកប្រឆាំងការរឹបអូសដីធ្លី ។ ការប្រើកម្លាំងហួសហេតុ បានបណ្តាលឲ្យពួកអ្នកតវ៉ាខ្លះរងរបួសធ្ងន់ ។ បន្ទាប់ពីការបោះឆ្នោត អាជ្ញាធរសាសនាដោយមានរដ្ឋាភិបាលនៅពីក្រោយខ្នង បានគំរាមកំហែង និងក្នុងករណីខ្លះ បានវាយប្រហារលោកសង្ឃពុទ្ធសាសនា ដើម្បីទប់ស្កាត់មិនឲ្យលោកសង្ឃចូលរួមការធ្វើបាតុកម្មរបស់ពួកប្រឆាំង ។
នៅពេលសរសេររបាយការណ៍នេះ យ៉ាងហោចណាស់មានអ្នកការពារសិទិ្ធមនុស្ស ៥ នាក់ ត្រូវបានផ្តន្ទាទោសឲ្យជាប់គុក និង ៣ នាក់ទៀតត្រូវបានកាត់ទោសដោយកំបាំងមុខដែលត្រូវប្រឈមមុខនឹងការជាប់គុកបើសិនជាត្រូវចាប់បាន ។ អ្នកទាំងអស់នេះ ត្រូវបានវិនិច្ឆ័យសេចក្តីដោយបទចោទប្រកាន់មានហេតុផលនយោបាយ ភាគច្រើនទាក់ទិនទៅនឹងការការពារសិទិ្ធកាន់កាប់ដីធ្លី ។ ពួកគេទាំងនេះ រួមមាន ប៊ុន រដ្ឋា, មនុស្សសំខាន់ជាគន្លឹះប្រឆាំងការរឹបអូសយកដីក្នុងខេត្តក្រចេះ ដែលត្រូវបានផ្តន្ទាទោសដោយកំបាំងមុខឲ្យជាប់គុក ៣០ ឆ្នាំ ។ អ្នកស្រី យ៉ោម បុផ្ផា បានត្រូវផ្តន្ទាទោសឲ្យជាប់គុកដោយវាយខ្មោះទូងស្គរ ដោយអ្នកស្រីបានដឹកនាំធ្វើបាតុកម្មប្រឆាំងការបណ្តេញចេញដោយខុសច្បាប់នៅក្នុងទីក្រុងភ្នំពេញ ត្រូវបានដោះលែងបណ្តោះអាសន្ននៅថ្ងៃទី ២២ ខែវិចិ្ឆកា ឆ្នាំ ២០១៣ នៅពេលតុលាការកំពូលបង្វិលសំណុំរឿងអ្នកស្រីទៅឲ្យតុលាការថ្នាក់ក្រោមដើម្បីពិនិត្យឡើងវិញបន្ថែមទៀត ។
បញ្ហានិទ័ណ្ឌភាព
កម្លាំងស្ថិតក្រោមលោក ហ៊ុន សែន និង គបក បានប្រព្រឹត្តការរំលោភជាញឹកញាប់ និងដោយទ្រង់ទ្រាយធំ មានការសម្លាប់ក្រៅប្រព័ន្ធតុលាការ និងការធ្វើទារុណកម្ម ប្រកបដោយនិទ័ណ្ឌភាព។ ករណីនានាក្នុងឆ្នាំ ២០១៣ រួមមាន ករណីអភិបាលក្រុងបវ៉ិត មកពី គបក ឈូក បណ្ឌិត៖ ទោះបីជាត្រូវបានផ្តន្ទាទោសពីបទ “បង្ករបួសស្នាមដោយអចេតនា” នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០១៣ ទាក់ទិនទៅនឹងការបាញ់កម្មការីនី ៣ នាក់ ក្នុងពេលកូដកម្មមួយនៅក្បែរទីក្រុងនោះ ក្នុងខែកុម្ភៈ ឆ្នាំ ២០១២ ក៏ដោយ ក៏រូបគេមិនត្រូវបានជាប់ឃុំតាមការវិនិច្ឆ៍យទោសដែរ និងត្រូវបានបណ្តោយឲ្យរត់គេចខ្លួន ទោះបីមានសាលដីកានៃពិរុទ្ធភាពរបស់គេក៏ដោយ ។ ដោយមិនអើពើចំពោះភស្តុតាងដ៏ច្រើនគួរឲ្យកត់សំគាល់ ពាក់ព័ន្ធទៅនឹងអាជ្ញាធររដ្ឋាភិបាល ពុំមាននរណាម្នាក់ត្រូវបានផ្តន្ទាទោស ក្នុងការវិនិច្ឆ័យសេចក្តីក្នុងឆ្នាំ ២០១៣ ចំពោះឃាតកម្មដ៏សាហាវលើអ្នកកាសែត ហង់ សេរីឧត្តម ក្នុងខែកញ្ញា ឆ្នាំ ២០១២ បន្ទាប់ពីរូបគាត់បានផ្សព្វផ្សាយរបាយការណ៍នានា ចោទប្រកាន់អំពីការជាប់ពាក់ព័ន្ធរបស់មន្ត្រីផ្លូវការក្នុងការកាប់ឈើខុសច្បាប់ ។ ពុំមានការស៊ើបអង្កេតដោយហ្មត់ចត់ណាមួយ ត្រូវបានធ្វើឡើងទៅលើការសម្លាប់ និងការធ្វើឲ្យរបួស បាតុករ និងអ្នកឈរមើល ក្នុងពេលតវ៉ានិងការមិនស្ងប់ ក្រោយការបោះឆ្នោត ក្នុងខែកញ្ញា និងវិច្ឆិកា ឆ្នាំ ២០១៣ ឡើយ ។
ពួកអ្នកទទួលខុសត្រូវក្នុងការសម្លាប់មេដឹកនាំសហជីព ជា វិជ្ជា ក្នុងឆ្នាំ ២០០៤ នៅតែដើរហើរដោយសេរី។ ក្រោយឃាតកម្ម រដ្ឋាភិបាលបានចាប់ និងបន្ទាប់មកបានបញ្ជាឲ្យតុលាការផ្តន្ទាទោស ឈ្មោះ ប៊ន សំណាង និង សុខ សំអឿន ។ អ្នកទាំងពីរនាក់ ត្រូវបានដោះលែងក្នុងឆ្នាំ ២០០៩ បន្ទាប់ពីអយ្យការបានទទួលស្គាល់ថាពុំភស្តុតាងប្រឆាំងពួកគេ តែក្រោយមកតុលាការបានដាក់គុកពួកគេវិញក្នុងឆ្នាំ ២០១២ ដោយបានផ្តន្ទាទោសពួកគេឲ្យជាប់គុក ២០ ឆ្នាំ ។ ក្រោមការគៀបសង្កត់យ៉ាងខ្លាំងពីអន្តរជាតិលើរដ្ឋាភិបាល តុលាការកំពូលបានដោះលែងមនុស្សទាំងពីរនាក់ឲ្យរួចខ្លួន នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០១៣ ។ តែតុលាការបានបដិសេធការស្នើសុំទារសំណងរបស់ពួកគេ ។
សិទ្ធិកាន់កាប់ដីធ្លី
ការផ្អាកជាបណ្តោះអាសន្នការផ្តល់សម្បទានដីសេដ្ឋកិច្ចរបស់រដ្ឋាភិបាល នៅតែស្ថិតនៅជាធរមាននៅឡើយ សម្រាប់ក្រុមហ៊ុនកសិឧស្សាហកម្មទ្រង់ទ្រាយធំ លើដីរបស់រដ្ឋ ។ ដីសម្បទានបែបនេះបានប៉ះពាល់ជាអវិជ្ជមានដល់ប្រជាពលរដ្ឋរាប់សែននាក់ ។ ប៉ុន្តែ តួអង្គសេដ្ឋកិច្ចនិងនយោបាយដ៏មានអំណាច បន្តរឹបអូសយកដី នៅកន្លែងដែលអ្នកតាំងលំនៅ និងអ្នកបង្កបង្កើនផលក្រីក្រ ដែលអាចអះអាងបានថាមាន សិទិ្ធកាន់កាប់ដីទាំងនោះ ហើយពេលខ្លះនាំទៅឲ្យមានការប្រឈមមុខគ្នាដោយហឹង្សាផង ។
កម្មវិធីមួយ រៀបចំឡើង និងដឹកនាំ ដោយលោក ហ៊ុន សែន ក្នុងនាមផ្ទាល់របស់គាត់ ដើម្បីផ្តល់ប័ណ្ណកម្មសិទ្ធិដីឲ្យដល់ប្រជាពលរដ្ឋខ្លះរស់នៅជាយៗ ក្នុងដីសម្បទានសេដ្ឋកិច្ច និងដីរដ្ឋដទៃទៀត បានបញ្ចប់មុនការបោះឆ្នោតបន្តិច ដោយបានប្រកាសថាកម្មវិធីនេះត្រូវបានផលចំណេញដល់គ្រួសារនានាដែលមាន សេចក្តីត្រូវការរហូតដល់ចំនួន ៣៦០,០០០ គ្រួ ។ ទោះបីអ្នកត្រូវការពិតប្រាកដដ៏ច្រើន ទទួលបានផលចំណេញក៏ដោយ ក៏ពួកអ្នកមាន និងពួកអ្នកមានអំណាចដែលមានផលប្រយោជន៍ បានបង្វែរកម្មវិធីនេះដើម្បីបង្កើនការទទួលបានដីរបស់ពួកគេ នៅច្រើនកន្លែង ។ លោក ហ៊ុន សែន បានព្យួរកម្មវិធីនេះ មុនពេលបោះឆ្នោត តែនៅខែវិចិ្ឆកា ឆ្នាំ ២០១៣ បានប្រកាសថាបន្តធ្វើការងារនេះនៅពេលដ៏ខ្លីខាងមុខ ។
ការឃុំខ្លួនដោយមិនឈរលើច្បាប់
អាជ្ញាធរ ជាធម្មតាតែងតែឃុំខ្លួនពួកអ្នកត្រូវចោទប្រកាន់ថាជាអ្នកប្រើគ្រឿងញៀន ប្រជាពលរដ្ឋគ្មានទីលំនៅ ក្មេង”អានាថាតាមចិញ្ចើមថ្នល់” ពួកអ្នកធ្វើការផ្លូវភេទ និងប្រជាពលរដ្ឋដែលត្រូវគេមើលឃើញថាមានសមត្ថភាពខុសគេ ក្នុង “មណ្ឌលកែប្រែ” នៅទូទាំងប្រទេស យ៉ាងហោចណាស់ចំនួន ២,០០០ នាក់ ក្នុងមួយឆ្នាំៗ ដោយពុំមានកិច្ចដំណើរការត្រឹមត្រូវតាមផ្លូវច្បាប់ ដែលនៅទីនោះមូលដ្ឋានបង្អែកនៃអ្វីដែលគេហៅថា “ការព្យាបាល” គឺការឲ្យធ្វើការហាត់ប្រាណឲ្យអស់កម្លាំង និងការហ្វឹកហាត់ដូចយោធា ។ ពួកអ្នកយាម បុគ្គលិកដទៃទៀត វាយពួកអ្នកជាប់ឃុំដោយទុយយូទឹកកៅស៊ូ ដោយដំបងឫស្សី ឬធាងត្នោត ឆក់ពួកគេនឹងដំបងអគ្គីសនី រំលោភផ្លូវភេទលើពួកគេ និងដាក់ទ័ណ្ឌកម្មពួកគេឲ្យធ្វើការហាត់ប្រាណក្នុងគោលបំណងឲ្យមានការឈឺចាប់យ៉ាងខ្លាំងលើរូបរាងកាយ ។ ពួកអ្នកជាប់ឃុំមកពីមណ្ឌលខ្លះ ត្រូវបានបង្ខំឲ្យធ្វើការនៅការដ្ឋានសំណង់ ក្នុងនេះយ៉ាងហោចណាស់មានមួយករណីដែរ ដែលឲ្យជួយសាងសង់ សណ្ឋាគារមួយ ។
តុលាការខ្មែរក្រហម
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អវតក) ដោយមានជំនួយរបស់អង្គការសហប្រជាជាតិ បានបន្តរងការឈឺចាប់ដោយផលវិបាកយូរអង្វែងនៃការរាំងខ្ទប់ និងការមិនសហប្រតិបត្តិការ របស់រដ្ឋាភិបាល ជាមួយកិច្ចខិតខំដើម្បីនាំខ្លួនមេដឹកនាំខ្មែរក្រហមមកកាន់តុលាការ ចំពោះបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម ប្រព្រឹត្តឡើងក្នុងរយៈកាលនៃការត្រួតត្រារបស់ពួកគេពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩ ។ អវតក បានវិនិច្ឆ័យសេចក្តីដោយពេញលេញ និងផ្តន្ទាទោស បានមនុស្សតែម្នាក់គត់ចាប់តាំងវាត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៦ មក នោះគឺប្រធានមណ្ឌលធ្វើទារុណកម្មទួលស្លែងដ៏អាស្រូវ ។ សព្វថ្ងៃ តុលាការនេះកំពុងធ្វើការវិនិច្ឆ័យសេចក្តីតែលើមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមដែលត្រូវបានចោទប្រកាន់ ពីរនាក់ប៉ុណ្ណោះ គឺលោក នួន ជា និង លោក ខៀវ សំផន ដែលទាំងពីរនាក់នេះមានអាយុច្រើន និងឈឺផង ចំពោះឧក្រិដ្ឋកម្មតែបន្តិចបន្តួចដែល អវតក បានចោទប្រកាន់តាំងពីដើមទី ក្នុងឆ្នាំ២០១០ មកម៉្លេះ។ ជនជាប់ចោទម្នាក់ទៀត របស់ អវតក លោក អៀង សារី បានស្លាប់នៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០១៣ ។
ការមិនសហប្រតិបត្តិការរបស់រដ្ឋាភិបាល បានពន្យឺតដល់ការស៊ើបអង្កេតរបស់ អសប លើជនសង្ស័យ ៥ នាក់ផ្សេងទៀត ដែលបានចាប់ផ្តើមនៅឆ្នាំ ២០០៦ ក្នុងនេះមានម្នាក់បានស្លាប់ក្នុងឆ្នាំ ២០១៣ ។ ការចាប់អារម្មណ៍ និងការគាំទ្រ របស់ប្រជាពលរដ្ឋ ចំពោះ អវតក បានថមថយយ៉ាងខ្លាំង ។
តួអង្គអន្តរជាតិជាគន្លឹះនានា
រដ្ឋាភិបាលកម្ពុជានៅតែពឹងផ្អែកយ៉ាងខ្លាំងលើជំនួយបរទេស។ ប្រទេសជប៉ុនជាប្រទេសផ្តល់ជំនួយចំបង រីឯប្រទេសចិនវិញ ជាវិនិយោគិនបរទេសផ្ទាល់ធំជាងគេ ។ ប្រទេសវៀតណាមបានបន្តរក្សាការទាក់ទងជិតស្និទ្ធ ថ្នាក់ជាតិ និងតំបន់ ជាមួយរដ្ឋាភិបាល និងទីភ្នាក់ងារកម្លាំងសន្តិសុខនានា ។
សហរដ្ឋអាមេរិកបានផ្តល់ជំនួយយោធាមិនបណ្តាលឲ្យស្លាប់មួយចំនួន ព្រមជាមួយការហ្វឹកហ្វឺនយោធា តែគឺជារដ្ឋាភិបាលបរទេសដែលលើកឡើងនូវសេចក្តីព្រួយបារម្ភអំពីបញ្ហាសិទិ្ធមនុស្សដោយផ្ទាល់និងត្រង់ៗ ជាងគេ ។ ក្នុងពេលប្រជុំនាខែកញ្ញា ក្រុមប្រឹក្សាសិទិ្ធមនុស្សអង្គការសហប្រជាជាតិ បានពន្យារអាណត្តិរបស់អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទិ្ធមនុស្សនៅកម្ពុជា សម្រាប់រយៈពេល ពីរ ឆ្នាំ ទៀត ៕