Skip to main content

ការដាក់ជូនការពិនិត្យឡើងវិញតាមកាលកំណត់សកលនៅកម្ពុជា

បន្តដោយការធ្វើបច្ចុប្បន្នភាពអំពីការអភិវឌ្ឍន៍សិទិ្ធមនុស្សចន្លោះពីខែមិថុនា ឆ្នាំ ២០១៣ និងខែធ្នូ ឆ្នាំ២០១៣

សេចក្តីសង្ខេប

ស្ថានភាពសិទិ្ធមនុស្ស បានធ្លាក់ចុះកាន់តែធ្ងន់ធ្ងរឡើងនៅកម្ពុជា ចាប់តាំងពីការពិនិត្យឡើងវិញចុងក្រោយ ដោយការកើនឡើងនូវឧបទ្ទហេតុហឹង្សាក្នុងឆ្នាំ ២០១២ នៅពេលគណបក្សកាន់អំណាច គណបក្សប្រជាជនកម្ពុជា (គបក) បានរៀបចំការបោះឆ្នោតជាតិកំណត់ធ្វើនៅខែកក្កដា ឆ្នាំ ២០១៣ ។ វិបត្តិសង្គមបានវិវត្តឡើងដែលជាលទ្ធផលនៃការដកហូតកម្មសិទ្ធិដីធ្លីជាប្រព័ន្ធ ដោយរដ្ឋាភិបាល គណបក្សកាន់អំណាច និងតួអង្គឯកជនដែលមានការគាំទ្រ និងការការពារ ជាផ្លូវការ ។ អំពើពុករលួយជាផ្លូវការដ៏ធំ មហស្ចារ្យ បានបន្តបង្អត់ជនកម្ពុជាជាច្រើនរូប នូវសិទិ្ធសេដ្ឋកិច្ច និងសង្គម របស់ពួកគេ ។ សកម្មជន សមា​ជិកសហជីពកម្មករ អ្នកកាសែត និងសមាជិកប្រឆាំង ត្រូវបានជាទិសដៅនៃការសម្លាប់ក្រៅប្រព័ន្ធតុលា​ការ ការធ្វើទោសពីបទព្រហ្មទ័ណ្ឌដោយបទចោទប្រកាន់ដោយការវាយខ្មោះទូងស្គរ និងការធ្វើទុក្ខបុកម្នេញ និងការបំភិតបំភ័យ ជាទៀងទាត់ ។

            ទោះបីជាសំបកក្រៅថាការបោះឆ្នោតពហុបក្សក៏ដោយ ក៏ប្រទេសកម្ពុជាបានបន្លាស់ឆ្ពោះទៅការរៀបចំឡើងវិញនូវរដ្ឋឯកបក្សក្នុងការជាក់ស្តែងដែរ ។ នៅខែមិថុនា ឆ្នាំ ២០១៣ សមាជិកគណបក្សប្រឆាំងទាំងអស់ ត្រូវបានបណ្តេញចេញពីរដ្ឋសភា ដោយ គបក ។ ក្នុងការកាន់កាប់ក្នុងតំណែងតាំងពីឆ្នាំ ១៩៨៥ ហើយឥឡូវមានអាយុ ៦១ ឆ្នាំ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយថារូបគាត់ចង់ស្ថិតនៅជាក្បាលដឹកនាំរដ្ឋាភិបាល រហូតដល់គាត់អាយុ ៩០ ឆ្នាំ ។

ពួកអ្នកការពារសិទ្ធិមនុស្ស និងពួកអ្នកតវ៉ា

            ប្រទេសកម្ពុជា បានខកខានមិនបានអនុវត្តអនុសាសន៍ដែលខ្លួនបានទទួលយកក្នុងពេលនៃការពិនិត្យឡើងវិញតាមកាលកំណត់សកលដើម្បី “ការពារសេរីភាពក្នុងការសំដែងមតិ និងសិទិ្ធរបស់ពួកអ្នកការពារសិទិ្ធមនុស្សទាំងអស់ រួមមានពួកអ្នកធ្វើការបញ្ហាដីធ្លី ដើម្បីឲ្យពួកគេអាចធ្វើការងារដោយគ្មានឧប សគ្គ ឬការបំភិតបំភ័យ” ។ ការរំខានពួកអ្នកការពារសិទិ្ធមនុស្ស - ពេលខ្លះក្នុងរូបភាពជាការចោទប្រកាន់ពីបទព្រហ្មទ័ណ្ឌដោយមិនត្រឹមត្រូវ ការចាប់ខ្លួនដោយមិនឈរលើច្បាប់ ឬការកាត់ទោសដោយឈរលើការ​ចោទប្រកាន់មិនពិត ឬដោយបំផ្លើស នៃការប្រើប្រាសដោយសន្តិវិធីនូវសិទិ្ធមនុស្សទទួលស្គាល់ជាអន្តរជាតិ - ការធ្វើឲ្យមិនបានសម្រេច និងការធ្វើឲ្យញញើត ក្នុងការបំពេញការងាររបស់ពួកគេ បណ្តាលឲ្យ​មានការអន្តរាយដ៏ធ្ងន់ធ្ងរដល់ការការពារ និងការលើកដម្កើងសិទិ្ធមនុស្ស ។

            នៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០១៣ មានការសំគាល់ឃើញថាសកម្មជនបរិស្ថាន ឈុត វុទ្ធី ត្រូវបានបាញ់សម្លាប់បន្ទាប់ពីកងរាជអាវុធហត្ថ និងកងសន្តិសុខក្រុមហ៊ុន បានបញ្ឈប់រូកគេមិនឲ្យធ្វើការស្រាវជ្រាវចងក្រងជាឯកសារ សកម្មភាពកាប់ឈើខុសច្បាប់នៅក្នុងខេត្តកោះកុង ស្ថិតនៅទិសពាយព្យកម្ពុជា ។ ការស៊ើបអង្កេតរបស់រដ្ឋាភិបាល និងរបស់តុលាការ ទៅលើឃាតកម្មនេះ ហាក់បីដូចជាសម្រាប់ការពារពួកអ្នកទទួលខុសត្រូវជាងគេបំផុត  ហើយលើសពីនេះ ដើម្បីបិទបាំងសកម្មភាពសេដ្ឋកិច្ចខុសច្បាប់របស់ពួកគេ។ ឃាតកម្មនេះ បានធ្វើឲ្យមានបច្ច័យត្រជាក់ដល់ការខិតខំរបស់អ្នកដទៃទៀតក្នុងការលាតត្រដាងសកម្ម​ភាព​ដូចគ្នានេះ ។ នៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០១៣ កម្លាំងសន្តិសុខបានបាញ់សម្លាប់កុមារីអាយុ ១៤ ឆ្នាំម្នាក់ឈ្មោះ ហេង ចន្ថា ក្នុងប្រតិបត្តិការយោធារបស់រដ្ឋាភិបាលប្រឆាំងពួកអ្នកភូមិនៅក្នុងខេត្តក្រចេះ ស្ថិតនៅភាគខាងកើតកម្ពុជា ដែលបានតវ៉ាប្រឆាំងនឹងការចោទប្រកាន់អំពីការរឹបអូសដីរបស់ពួកគេ ដោយខុសច្បាប់ ដោយសម្បទានករបរទេស ។ ជាជំនួសការបើកធ្វើការស៊ើបអង្កេតព្រហ្មទ័ណ្ឌក្រោមការដឹកនាំ​ដោយកងនគរបាល ហ៊ុន សែន បានចោទប្រកាន់ពួកអ្នកតវ៉ា ថាបានរៀបចំ “ចលនាអប្បគមន៍” ប្រដាប់អាវុធ ហើយបន្ទាប់មកបានបញ្ជាឲ្យចាប់ខ្លួនមេដឹកនាំ ។

            រដ្ឋាភិបាលក៏បានដាក់គុកផងដែរ លោក ម៉ម សូណង់ដូ - អាយុ ៧១ ឆ្នាំ ម្ចាស់ស្ថានីយវិទ្យុឯករាជ្យចំបងក្នុងប្រទេសកម្ពុជា និងជាអ្នកទិតៀនរដ្ឋាភិបាលដោយឥតសំចៃម្នាក់ - ថាជាមេខ្លោងនៃអ្វីដែលគេ  សន្មត់ថាជាអប្បគមន៍នោះ ។ សូណង់ដូ ត្រូវបានចាប់ខ្លួននៅក្នុងខែកក្កដា ឆ្នាំ ២០១២ និងក្រោយមកត្រូវបានផ្តន្ទាទោសឲ្យជាប់គុក ២០ ឆ្នាំ ក្នុងសវនាការមួយដែលពុំមានភស្តុតាងគួរឲ្យជឿទុកចិត្តបានប្រឆាំងរូបគាត់ត្រូវបានដាក់បង្ហាញឡើយ ។ បន្ទាប់ពីការទាមទារយ៉ាងខ្លាំងពីអន្តរជាតិ ក្រោយមករូបគាត់ត្រូវបានដោះលែងនៅក្នុងបណ្តឹងឧទ្ធរណ៍ ទោះបីជាការផ្តន្ទាទោសនៅតែស្ថិតក្នុងសៀវភៅនៅឡើយក៏ដោយ ។ ក្នុងពេលជាមួយគ្នា អ្នកតស៊ូដីធ្លីឈ្មោះ យ៉ោម​ បុប្ផា នៅតែស្ថិតនៅក្នុងគុកនៅឡើយ បន្ទាប់ពីលោក ហ៊ុន សែន បានប្រតិកម្មលើបណ្តឹងឧទ្ធរណ៍របស់អ្នកស្រី ដោយថ្កោលទោសអ្នកស្រីជាសាធារណៈថាជាឧក្រិដ្ឋករសាមញ្ញម្នាក់ ។

            មេដឹកនាំប្រឆាំង សម រង្ស៊ី ស្ថិតនៅនិរទេសខ្លួនក្នុងពេលសរសេររបាយការណ៍នេះ បន្ទាប់ពីត្រូវបានផ្តន្ទាទោស និងកាត់ទោសឲ្យជាប់គុក ១២ ឆ្នាំ ពីបទចោទប្រកាន់ដោយហេតុផលនយោបាយ ។

សិទិ្ធនែសេរីភាពនៃការជួបជុំគ្នា និងការធ្វើសមាគម និងសិទិ្ធការងារ

          ផ្ទុយនឹងអនុសាសន៍មួយទទួលយក ក្នុងពេលដាក់ជូនការពិនិត្យឡើងវិញតាមកាលកំណត់សកលដើម្បី “ធានាថាសិទិ្ធនៃការធ្វើសហជីពកម្មករក្នុងប្រទេសកម្ពុជា ត្រូវគោរពដោយពេញលេញ និងថាសហជីពករមានលទ្ធភាពធ្វើសកម្មភាពរបស់ពួកគេក្នុងបរិយាកាសគ្មានការបំភិតបំភ័យ” ច្បាប់ដាក់កំហិតមួយទៅលើការធ្វើបាតុកម្មនៅតែប្រើនៅឡើយ ដើម្បីកាត់បន្ថយសេរីភាពនៃការជួបជុំគ្នា និងការធ្វើសមាគម ជាពិសេសដោយគណបក្សនយោបាយប្រឆាំង សហជីពការងាររៀបរយ និងពួកអ្នកតវ៉ាដីធ្លី។ការប៉ុនប៉ងដើម្បីប្រើសិទិ្ធទាំងនេះ រួមមានការធ្វើកូដកម្ម តែងតែត្រូវបានបំបែកដោយហឹង្សាដោយកម្លាំងសន្តិសុខ ។

            លក្ខណៈសម្បត្តិរូបវន្ត និងចិត្តសាស្ត្រក្នុងរោងចក្រ បានបណ្តាលឲ្យកម្មករសន្លប់ជាក្រុមៗយ៉ាងញឹកញាប់ ។ រោងចក្រចំនួនពីរបានរលំក្នុងខែឧសភា ឆ្នាំ ២០១៣ សម្លាប់កម្មករ​ ២ នាក់ និងធ្វើឲ្យរបួស ៤៤ នាក់ផ្សេងទៀត តែពុំមានការចោទប្រកាន់ពីបទព្រហ្មទ័ណ្ឌលើពួកអ្នកសាងសង់ ម្ចាស់ ឬមេការរោងចក្រទេ ។ ជាជំនួស មេដឹកនាំកម្មករ ដូចជាលោក រ៉ុង ឈុន ប្រធានសហព័ន្ធសហជីពកម្ពុជា តែងតែជាកម្មវត្ថុនៃការធ្វើទុក្ខបុកម្នេញផ្លូវច្បាប់ដដែលៗ ។

ការវាយប្រហារ និងការត្រួតត្រា ប្រព័ន្ធផ្សព្វផ្សាយ

          ជាយូរមកហើយ អ្នកកាសែតកម្ពុជាតែងតែទទួលរងការឈឺចាប់ដោយការបង្ក្រាបដោយហឹង្សា។ ពុំមានឃាតកម្មលើអ្នកកាសែត បាននាំទៅឲ្យមានការផ្តន្ទាទោសពួកអ្នកប្រព្រឹត្ត ឬពួកអ្នកដែលអនុញ្ញាត ឲ្យមានការវាយប្រហារទេ ។ ឃាតកម្មថ្មីជាងគេបំផុត នៅដើមខែកញ្ញា ឆ្នាំ ២០១២ គឺឃាតកម្មលើលោក ហង់ សេរីឧត្តម ដែលសាកសពមានស្លាកស្នាមវាយនឹងដំបង ត្រូវបានរកឃើញក្នុងឃ្លុបរថយន្តមួយ ។ រហូតដល់ពេលសរសេររបាយការណ៍នេះ ពុំមាននរណាម្នាក់ត្រូវបានផ្តន្ទាទោសចំពោះឃាតកម្មនេះទេ ។

            ជាលទ្ធផល ការបង្ក្រាបពហុប្រព័ន្ធផ្សព្វផ្សាយ ដែលបានលេចចេញឡើងវិញក្នុងទសវត្ស៍ ១៩៩០ ដែលទាំងអស់ជារបស់រដ្ឋ និងឯកជន មានស្ថានីយទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយសរសេរ និងវ៉ិបសាយព័ត៌មាន ឥឡូវសុទ្ធតែត្រួតត្រាដោយ ឬស្មោះត្រង់ចំពោះ គបក ។ ការដាក់គុកលោក ម៉ម សូណង់ដូ ម្ចាស់ស្ថានីយវិទ្យុសំបុកឃ្មុំ បាននាំទៅឲ្យមានការបន្ថយសម្លេងទិតៀនរដ្ឋាភិបាលនៃស្ថានីយនេះ ។ ការផ្សាំងវិទ្យុសំបុកឃ្មុំនេះ បានពង្រីកឲ្យមានការអនុវត្តដ៏រីករាលដាលនៃការស្វ័យត្រួតពិនិត្យពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយជិះជាន់សង្កត់សង្កិន ដែលតាំងពីយូរមកហើយក៏បានគំរាមកំហែង ដោយការប្រើដោយមិនត្រឹមត្រូវនូវច្បាប់ប្រឆាំង “ការបរិហារកេរ្តិ៍” “ការផ្សាយព័ត៌មានមិនពិត” និង “ការញុះញង់” ដើម្បីធ្វើឲ្យការរាយការណ៍ពិត ទៅជារឿងឧក្រិដ្ឋ។

ការត្រួតត្រាប្រព័ន្ធយុត្តិធ៌មដោយនយោបាយ

          ប្រទេសកម្ពុជាបានខកខានមិនបានអនុវត្តអនុសាសន៍ស្តីអំពីឯករាជ្យភាពនៃតុលាការ រួមមាន “ធានានូវឯករាជ្យភាពរបស់តុលាការ ដោយពុំមានអន្តរាគមន៍ណាមួយ” ។ ជាក់ស្តែង តុលាការបន្តស្ថិតនៅក្រោមការត្រួតត្រារបស់ គបក ។ ប្រធានតុលាការកំពូលជាសមាជិកគណកម្មាធិការអចិន្ត្រៃយ៍នៃគណ    កម្មាធិការមជ្ឈឹម គបក ។ ចៅក្រម និងព្រះរាជអាជ្ញា ត្រូវបានកោះឲ្យចូលរួមការប្រជុំរបស់បក្ស ដើម្បីបំ​ពេញការងាររបស់បក្ស ។ ទោះបីជាចៅក្រមខ្លះ ពេលខ្លះ បានធ្វើអំពើឯករាជ្យពីសំណូមពររបស់មន្រ្តី គបក ដែលមានអំណាច ឥរិយាបទលើកលែងបែបនេះ ត្រូវបានបដិសេធដោយការប្រតិបត្តិតាមគោលនយោបាយទូទៅនៃប្រព័ន្ធតុលាការ ។ ជាទៀងទាត់ តុលាការបានប្រើសម្រាប់ទិសដៅនយោបាយដើម្បី ផ្តន្ទាទោស និងបំភិតបំភ័យ ពួកអ្នកទិតៀន ។ បទដ្ឋាននែការកាត់សេចក្តី តាមទម្លាប់ តែងតែត្រូវធ្វើមិនដឹងមិនឮ ទោះបី ២០ ឆ្នាំ​ ក្រោយមានជំនួយពីប្រទេសផ្តល់ជំនួយក្នុងការហ្វឹកហ្វឺនតុលាការក៏ដោយ ។

ទារុណកម្ម និងប្រព្រឹត្តកម្មយង់ឃ្នងដទៃទៀត

         ទារុណកម្មបន្តកើតមានជាញឹកញាប់ ប្រើដោយនគរបាល និងកងរាជអាវុធហត្ថ ដើម្បីទាញយក “ចម្លើយសារភាព” ពីពួកអ្នកដែលត្រូវចោទពីបទព្រហ្មទ័ណ្ឌ។ តុលាការតែងតែមានទម្លាប់ជឿលើភស្តុតាងបង្ខិតបង្ខំបែបនេះ ដើម្បីផ្តន្ទាទោសជនសង្ស័យ ជាញឹកញាប់ដោយអវត្តមាននៃភស្តុតាងដទៃទៀត ។ ការវាយដំ គឺជាវិធីចំបង នៅពេលការវាយនឹងរំពាត់ ដំបង ការឆក់ខ្សែភ្លើង និងការច្រកក្បាលក្នុងថង់ផ្លាស្ទីកឲ្យថប់ដង្ហើម ក៏ត្រូវបានប្រើផងដែរ ។ លក្ខណៈក្នុងពន្ធនាគារជាច្រើនស្ថិតក្រោមបទដ្ឋានយ៉ាងសម្បើមរួមជាមួយប្រព្រឹត្តកម្មយង់ឃ្នង ធមនុស្សធ៌ម ឬថោកទាប ។

ការឃុំខ្លួនដោយមិនឈរលើច្បាប់ ទារុណកម្ម និងប្រព្រឹត្តកម្មយង់ឃ្នង លើពួកអ្នកប្រើគ្រឿងញៀន

            ប្រទេសកម្ពុជាបានខកខានមិនបានអនុវត្តអនុសាសន៍ដែលខ្លួនបានយល់ព្រមទទួលយក ក្នុងពេលការដាក់ជូនការពិនិត្យឡើងវិញតាមកាលកំណត់សកល ដើម្បី “បិទរបស់ដែលហៅថា មណ្ឌលនីតិសម្បទា” ។ ច្បាប់កម្ពុជាអនុញ្ញាតឲ្យ”ដាក់ឃុំខ្លួនរដ្ឋបាល”ដោយមិនឈរលើច្បាប់ ដោយគ្មានការវិនិច្ឆ័យសេចក្តី ក្នុងមន្ទីរឃុំឃាំងចាក់សោ រហូតដល់រយៈពេលពីរឆ្នាំ ដោយសំញែងថាដើម្បី “ព្យាបាល” ឬ “នីតិ សម្បទា” ។ អតីតអ្នកជាប់ឃុំ បានរាយការណ៍ថា ជាជំនួសការទទួលបានការព្យាបាលត្រឹមត្រូវ ពួកគេត្រូវដាក់ឃុំដោយពុំមានកិច្ចដំណើរការត្រឹមត្រូវ និងជាកម្មវត្ថុនៃអំពើហឹង្សាលើរូបរាងកាយ និងផ្លូវភេទ រួមមានការឆក់ខ្សែភ្លើង ការវាយនឹងរំពាត់អគ្គីសនី ការឲ្យធ្វើការដោយបង្ខំ និងការឲ្យហាត់យោធាយ៉ាងខ្លាំង ។

ការរឹបអូសដីធ្លី

          វិបតិ្តដីធ្លីនៅកម្ពុជា គឺជាលទ្ធផលនៃការផ្តល់សម្បទានសេដ្ឋកិច្ចដ៏ធំមហិមា និងសម្បទានដទៃទៀត ដល់ក្រុមហ៊ុនបរទេស និងក្នុងស្រុក ។ ម្ចាស់សម្បទានជាច្រើននាក់ គឺជាមន្ត្រីជាន់ខ្ពស់ និងហិរញ្ញករ នៃបក្ស ក្នុងនេះរួមមានយុទ្ធនាការបោះឆ្នោតឆ្នាំ ២០១៣ ផង ។ អ្នកផ្សេងទៀត គឺសមាជិកជាន់ខ្ពស់នៃកម្លាំងប្រដាប់អាវុធ និងនគរបាល ជាតិ ។ គោលនយោបាយទាំងនេះ ត្រូវបានប៉ាន់ប្រមាណថាបានប៉ះពាល់មិនអនុគ្រោះដល់ជនកម្ពុជាប្រមាណ ៧០០,០០០ នាក់ ។ ការទប់ទល់នឹងការយកដី បាននាំឲ្យមានការតវ៉ា ក្នុងចំនួនដ៏ច្រើន ។ ក្នុងឆ្នាំ ២០១២ រដ្ឋាភិបាលបានចាប់ខ្លួន សកម្មជនដីធ្លី និងពួកអ្នកការពារ ចំនួនជាង ២០០ នាក់ ។

            នៅថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០១២ លោក ហ៊ុន សែន បានចេញបទបញ្ជាលេខ 01BB បញ្ឈប់        បណ្តោះអាសន្នការផ្តល់សម្បទាន និងបើកសម្ពោធកម្មវិធីចេញប័ណ្ណកម្មសិទិ្ធដល់ប្រជាពលរដ្ឋមួយចំនួនដែលត្រូវបានចោទថារស់នៅលើដីសម្បទាន ឬដីរដ្ឋដទៃទៀត ។ គាត់បានបង្កើតអង្គភាពយុវជនជ្រើសរើសនៃ គបក ដើម្បីវាស់ដីរួមជាមួយមន្ត្រីរដ្ឋាភិបាល និងបានធ្វើអធិបតីជាបន្ទាប់មកនូវការចែលប័ណ្ណកម្មសិទិ្ធលើដីធ្លី ។ គាត់ក៏បានបញ្ជាផងដែរឲ្យបណ្តេញចេញអ្នកណាផ្សេងពីក្រុមយុវជន និងមន្ត្រីមានការអនុញ្ញាត ពីការជាប់ពាក់ព័ន្ធ ឬតាមដាន កម្មវិធីផ្តល់កម្មសិទិ្ធដីធ្លី ។ ទោះបីជាកម្មវិធីនេះ បានផ្តល់ផលចំណេញដល់អ្នកភូមិក្រីក្រជាច្រើនក៏ដោយ ក៏អ្នករងគ្រោះដទៃទៀត នៅតែត្រូវផាត់ចេញពីកិច្ចដំណើរការផ្តល់កម្មសិទិ្ធដែរ ច្បាស់ណាស់គឺដើម្បីដក់ទ័ណ្ឌកម្មពួកគេដែលបានតវ៉ាប្រឆាំងប្រព្រឹត្តកម្មយង់ឃ្នង លើពួកគេ ។ មានភស្តុតាងផងដែរថា កម្មវិធីនេះត្រូវបានប្រើដើម្បីបង្ខំជនអន្តោគ្រាមភាគតិច ឲ្យបោះបង់ចោលសិទិ្ធកម្មសិទ្ធិរួមនៃការកាន់កាប់ដីជាប្រពៃណី ដើម្បីជាការគៀបសង្កត់ពួកអ្នកគាំទ្រប្រឆាំង ឲ្យបែរមកខាង គបក  និងដើម្បីផ្តល់កម្មសិទិ្ធដីឲ្យដល់មន្រ្តី គបក និងពួកអ្នកចូលរួមធុរកិច្ចជាមួយពួកគេដែលពុំមានសិទិ្ធទទួលបាន ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋមកពីសហគមន៍ជនបទ និងទីក្រុង ដទៃទៀត បានបន្តរស់នៅក្រោមការគំរាមកំហែងជាប្រចាំ នៃការបណ្តេញចេញដោយបង្ខំ ដោយពុំមាននីតិវិធីត្រឹមត្រូវ និងការផ្តល់សំណងដោយយុត្តិធ៌ម ។

ការខ្វះគណនេយ្យភាពចំពោះឧក្រិដ្ឋកម្មរបស់ខ្មែរក្រហម, ឆ្នាំ ១៩៧៥-៧៩

          ទោះបីមានសេចក្តីសង្ឃឹមយ៉ាងខ្ពស់យ៉ាងណាក៏ដោយ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អវតក ឬតុលាការខ្មែរក្រហម) ដែលមានជំនួយរបស់អង្គការសហប្រជាជាតិ បានធ្វើបានតែបន្តិចបន្តួច ដើម្បីដោះស្រាយបញ្ហានិទណ្ឌភាពជាមូលដ្ឋាននៃប្រទេសកម្ពុជា ជាការពិតណាស់ ការខតខានមិនបានធ្វើការស៊ើបអង្កេតលើបុគ្គលមួយចំនួនសំខាន់ចំពោះការចោទប្រកាន់គួរឲ្យជឿទុកចិត្តបានថាំ ជាអ្នកទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មអន្តរជាតិធ្ងន់ធ្ងរបំផុតនោះ ជាការបញ្ជូនសារយ៉ាងច្បាស់ដល់ជនកម្ពុជាថា​ បុគ្គលមានអំណាច ឬមានការទាក់ទងគ្នា ស្ថិតនៅលើច្បាប់ ។

            ដោយបានចំណាយប្រាក់អស់ជាង ២០០ លានដុល្លារសហរដ្ឋអាមេរិក អវតក បានត្រឹមតែផ្តន្ទាទោស កាំង ហ្កិចអ៊ាវ ហៅ ឌុច ម្នាក់ប៉ុណ្ណោះ ដែលបានសារភាពអំពីការសម្លាប់រង្គាល និងទារុណកម្ម នៅមន្ទីរឃុំឃាំងទួលស្លែងដ៏ថោកទាប ។ ដោយការពន្យរពេល បណ្តាលយ៉ាងទូលំទូលាយមកពីការរារាំង និងការមិនសហការអកម្ម ដោយរដ្ឋាភិបាល ជនជាប់ចោទម្នាក់ក្នុងចំណោមបួននាក់ សម្រាប់កាត់ទោសថាជាមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម បានស្លាប់ អ្នកទី ២ ត្រូវបានប្រកាសថាឈឺខ្លាំងមិនអាចកាត់ទោសបាន និងពីរនាក់ទៀតដែលនៅសល់ក្នុងរង្វង់ក្រចកសេះ កំពុងត្រូវកាត់ទោសក្នុង “ការកាត់សេចក្តីដ៏តូច” មួយ គ្របដណ្តប់តែបទចោទប្រកាន់មួយនៃបទចោទប្រកាន់ជាច្រើនប្រឆាំងពួកគេ ។

            ការមិនសហការរបស់រដ្ឋាភិបាលក្នុងការស៊ើបអង្កេតលើជនសង្ស័យបួននាក់បន្ថែម ពុំមានសង្ឃឹមថាពួកគេនឹងត្រូវបានយកមកវិនិច្ឆ័យសេចក្តីបានឡើយ ។ ការជំទាស់របស់រដ្ឋាភិបាល ក៏បានទប់ស្កាត់ការស៊ើបអង្កេតដែលអាចជាប់ទាក់ទងនឹងមន្ត្រី គបក បច្ចុប្បន្ន ក្នុងឧក្រិដ្ឋកម្មរបស់ខ្មែរក្រហម ឬធានាថាភស្តុតាងនៃការរកឃើញ ឬបានដឹង ដោយអ្នកស៊ើបអង្កេត អវតក មិនអាចក្លាយជាសាធារណៈបានទេ ។

និទណ្ឌភាពចំពោះឧក្តិដ្ឋកម្មដទៃទៀត ពីឆ្នាំ ១៩៧៩ មកដល់សព្វថ្ងៃ

            ការបិទបាំងពួកឧក្រិដ្ឋករសម័យខ្មែរក្រហម បានឆ្លើយតបទៅនឹងការខាកខានជាប្រចាំតាំងពីឆ្នាំ ១៩៧៩​មក មិនបានកាត់ទោសអាជ្ញាធររដ្ឋាភិបាល យោធា និងនគរបាល ដែលមានភស្តុតាងគួរឲ្យជឿទុកចិត្តបាននៃការជាប់ពាក់ព័ន្ធរបស់ពួកគេ ក្នុងការរំលោភសិទិ្ធមនុស្សធ្ងន់ធ្ងរក្រោយរបបខ្មែរក្រហម ក្នុងរួមមាន ទារុណកម្ម លើអ្នកទោសនយោបាយ ក៏ដូចជាការសម្លាប់ និងការប៉ុនប៉ងធ្វើឃាតអ្នកនយោបាយប្រឆាំង សកម្មជននយោបាយ និងសង្គម ដទៃទៀត អ្នកកាសែត និងអ្នកតវ៉ា ។

            ជនរងគ្រោះរួមមាន មនុស្សជាង ៣០០ នាក់ ដែលត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយហេតុផលនយោបាយនៅចន្លោះឆ្នាំ ១៩៩១ និង ២០១២ ។ ក្នុងករណីជាច្រើន សមាជិកនៃក្រុមមរណៈបង្កើតឡើងដើម្បីធ្វើវិច្ឆទកម្មដោយហឹង្សា ការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ឆ្នាំ ១៩៩១ ដើម្បីរៀបចំការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវក្នុងប្រទេសកម្ពុជា ពួកអ្នកប្រព្រឹត្តមិនត្រឹមតែត្រូវបានស្គាល់ប៉ុណ្ណោះទេ តែថែមទាំងត្រូវបានដំឡើងសក្តិក្នុងដំណែងខ្ពស់ថែមទៀត ក្នុងរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធ និងនគរបាល បច្ចុប្បន្ន ។ នេះជាការពិតចំពោះនាយយោធាកម្ពុជាដែលអនុវត្តយុទ្ធនាការសម្លាប់ក្រោយរដ្ឋប្រហារឆ្នាំ ១៩៩៧ រៀបចំឡើងដោយ ហ៊ុន សែន និង សមាសភាព គបក ដែលស្មោះត្រង់បំផុតចំពោះរូបគេ ។ ពុំមាននរណាម្នាក់ត្រូវបានផ្តន្ទាទោសចំពោះការប៉ុនប៉ងធ្វើឃាតក្នុងឆ្នាំ ១៩៩៧ នៃមេដឹកនាំប្រឆាំងថ្មីកំពុងលេចធ្លោនាពេលនោះ លោក សម រង្ស៊ី ទោះបីជាមានភស្តុតាងមិនអាចប្រកែកបានថាអង្គភាពអង្គរក្សផ្ទាល់របស់ ហ៊ុន សែន​ មានជាប់ពក់ព័ន្ធក៏ដោយ ។

កិច្ចសហប្រតិបត្តិការជាមួយយន្តការសិទិ្ធមនុស្ស អសប

          គបក និងរដ្ឋាភិបាល ជាពិសេស លោក ហ៊ុន សែន បានឆ្លើយតបទៅនឹងរបាយការណ៍របស់តំណាងពិសេស និងអ្នករាយករណ៍ពិសេស អសប ដោយការវាយប្រហារបុគ្គល ជេរពួកគេជាសាធារណៈ ជារឿយៗតែងតែបដិសេធមិនជួបពួកគេ  ឬសុំឲ្យបណ្តេញពួកគេចេញ ។ នៅឆ្នាំ ២០១១ ប្រព្រឹត្តកម្មដូចគ្នា ត្រូវបានអនុវត្តជាមួយប្រធានការិយាល័យឧត្តមស្នងការសិទិ្ធមុនស្ស អសប ប្រចាំកម្ពុជា (OHCHR) ដែលត្រូវបានចាកចេញបន្ទាប់ពីរដ្ឋាភិបាលបានគម្រាមថា នឹងបិទការិយាល័យ បើសិនជារូបគេមិនចាកចេញទៅទេនោះ ។ ក្នុងខែឧសភា ឆ្នាំ ២០១៣ អ្នករាយការណ៍ពិសេស អសប ស្តីពីសិទិ្ធមនុស្សប្រចាំកម្ពុជា ជាកម្មវត្ថុនៃការវាយប្រហាររៀបចំឡើងជាសាធារណៈ ដឹកនាំដោយពួកយុវជន ហ៊ុន សែន ដ៏លេបធ្លោក្នុងការអនុវត្តការផ្តល់កម្មសិទិ្ធដីធ្លី បានសុំឲ្យបញ្ចប់ការងារសិទិ្ធមនុស្ស អសប ។

អនុសាសន៍ទូទៅ

  • បង្កើតកងនគរបាល និងកងរាជអាវុធហត្ថ អាជីព ដែលអ្នកដឹកនាំតែងតាំងដោយគណកម្មការឯករាជ្យ ដែលមានអំណាចធ្វើសវនកម្មលើនគរបាលនិងកងរាជអាវុធហត្ថ ស៊ើបអង្កេតលើពាក្យ      បណ្តឹង និងបណ្តេញនាយនគរបាលឬកងរាជអាវុធហត្ថ ដែលរំលោភក្រមសីលធ៌មវិជ្ជាជីវៈផង   ដែរ ។
  • បង្កើតសេវាតុលាការ និងព្រះរាជអាជ្ញា ប្រកបដោយវិជ្ជាជីវៈ និងឯករាជ្យ ទាំងស្រុង ។ ចៅក្រម និងព្រះរាជអាជ្ញា គួរត្រូវតែងតាំងដោយគណកម្មការយុត្តិធ៌មឯករាជ្យមួយ ដែលមានអំណាចស៊ើបអង្កេតលើពាក្យបណ្តឹង និងដាក់ទ័ណ្ឌកម្មខាងវិន័យ ដល់ចៅក្រមនិងព្រះរាជអាជ្ញា ដែលរំលោភលើក្រមសីលធ៌មវិជ្ជាជីវៈ ផងដែរ ។
  • ហាមមិនឲ្យនាយយោធា និងនគរបាល មន្ត្រីរាជការស៊ីវិល ចៅក្រម និងព្រះរាជអាជ្ញា កាន់តួនាទីដឹកនាំគណបក្សនយោបាយ ផ្លូវការ ឬមិនផ្លូវការ និងចូលរួមធ្វើសកម្មភាពឃោសនាប្រកាន់បក្សពួកនយោបាយ ។
  • ពិនិត្យឡើងវិញច្បាប់ជាធរមាន ដើម្បីកំណត់ថាជាបទឧក្រិដ្ឋ ការរារាំងរដ្ឋបាលយុត្តិធ៌ម រួមមាន ដោយធ្វើការណែនាំ ឬដាក់ការគៀបសង្កត់ហួសហេតុ លើនាយនគរបាល ចៅក្រម ឬព្រះរាជអាជ្ញា ឲ្យចាត់វិធានការ ឬមិនចាត់វិធានការ តាមវិធីពិសេសណាមួយ ។
  • ពិនិត្យឡើងវិញដើម្បីលុបចោលការដាក់ឃុំឃាំងខានមិនបានសម្រាប់ “ការព្យាបាល” ពួកអ្នកប្រើគ្រឿងញៀន និងបង្កើតសេវាកម្មស្មគ្រចិត្ត សុខាភិបាលឈរលើភស្តុតាង និងសង្គម នៅក្នុងសហគមន៍ ដែលគោរពសិទិ្ធមនុស្សរបស់ពួកអ្នកប្រើគ្រឿងញៀន ។
  • ពិនិត្យឡើងវិញច្បាប់ធរមានដើម្បីធ្វើកុំឲ្យបទបរិហារកេរិ៍្តជាបទព្រហ្មទ័ណ្ឌ និងដកចេញការដាក់កំហិតលើការជួបជុំគ្នាដែលតាមពិតទៅបដិសេធសិទិ្ធទទួលបានសេរីភាពក្នុងការជួបជុំគ្នា ។
  • បំពេញbenchmarkមួយឈុត បង្ហាញអំពីសុច្ឆន្ទៈរបស់រដ្ឋាភិបាល ដើម្បីឆ្លើយតបដោយរបៀបជាអាជីព និងមិនលំអៀង ទៅនឹងការចោទប្រកាន់អំពីការរំលោភសិទិ្ធមនុស្ស ដាក់ជូនដោយជនរងគ្រោះ និងគ្រួសារពួកគេ អង្គការសិទិ្ធមនុស្សនានា និងក្រុមសង្គមស៊ីវិលដទៃទៀត ការិយាល័យ សិទិ្ធមនុស្ស អសប និងទីភ្នាក់ងារ អសប ដទៃទៀត ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកដទៃទៀតដែលនាំមកនូវសេចក្តីព្រួយបារម្ភជូនដល់រដ្ឋាភិបាល ។
  • បង្កើតគណកម្មការសិទិ្ធមនុស្សជាតិមួយឯករាជ្យពិតប្រាកដ ដែលមានបទដ្ឋានកំណត់ក្នុងគោលការណ៍ប៉ារីស៍ ។
  • បង្កើតយន្តការទប់ស្កាត់ទារុណកម្មជាតិឯករាជ្យពិតប្រាកដមួយ ដែលមានអាណត្តិចាំបាច់ និងមានធនធាន ដើម្បីបំពេញកាតព្វកិច្ចរបស់ប្រទេសកម្ពុជា ស្របតាមពិធីសារជ្រើសរើសទាក់ទងទៅនឹងអនុសញ្ញាប្រឆាំងទារុណកម្ម ។
  • ពិនិត្យឡើងវិញជាបន្ទាន់ករណីទាំងអស់នៃមនុស្សដែលអាចត្រូវបានដាក់ឃុំ ឬនៅពេលស៊ើបអង្កេតពីបទព្រហ្មទ័ណ្ឌ ឬយុត្តិធ៌ម ដើម្បីជាផលប្រយោជន៍នៃការប្រើប្រាសសិទិ្ធមនុស្សជាមូលដ្ឋានរបស់ពួកគេ និងការដោះលែងភ្លាម ឬទម្លាក់ចោលនូវបណ្តឹងប្រឆាំងមនុស្សទាំងអស់ដែលស្ថិតក្នុងករណីនេះ ។

និទ័ណ្ឌភាព  

  • ស៊ើបអង្កេត និងកាត់ទោសដោយសមស្របករណីដែលមានពីយូរមកហើយ នៃការរំលោភសិទិ្ធ​មនុស្ស ដូចជាការវាយប្រហារដោយគ្រាប់បែកឆ្នាំ ១៩៩៧ លើការប្រជុំប្រឆាំង និងការសម្លាប់ក្រៅប្រព័ន្ធតុលាការប្រព្រឹត្តឡើងក្រោយរដ្ឋប្រហារឆ្នាំ ១៩៩៧ ក៏ដូចជាការរំលោភសិទិ្ធមនុស្សកាលពីពេលថ្មីៗ កន្លងទៅនេះ  ដូចជាការប្រើកម្លាំងហួសហេតុដោយយោធា និងនគរបាលក្នុងការ        បណ្តេញចេញ និងការសម្លាប់មេដឹកនាំការងារ និងអ្នកកាសែត ។
  • បញ្ឈប់ការរារាំងដោយសកម្ម ឬអកម្ម ការស៊ើបអង្កេតរបស់ អវតក  និងកិច្ចដំណើរការតុលាការ អនុញ្ញាតឲ្យតុលាការចាត់នីតិវិធីចាប់ខ្លួនបន្ថែមទៀតជនសង្ស័យទាំងឡាយស្ថិតក្នុងយុត្តាធិការបុគ្គល និងបញ្ចប់ការបិទបាំងភស្តុតាងពីការរក្សាទុកជាការសម្ងាត់ដោយហេតុផលនយោបាយ ។

សេរីភាពក្នុងការសំដែងមតិ ការជួបជុំគ្នា និងការធ្វើសមាគម

  • បញ្ឈប់ការធ្វើទុក្ខបុកម្នេញ ការចាប់ខ្លួនដោយមិនឈរលើច្បាប់ និងការវាយប្រហារលើរូបរាងកាយលើអ្នកការពារសិទិ្ធមនុស្ស អ្នកកាសែត សកម្មជនសង្គមស៊ីវិល និងសមាជិកគណបក្សប្រឆាំង និងស៊ើបអង្កេត និងកាត់ទោសពួកអ្នកប្រព្រឹត្តការវាយប្រហារបែបនេះ ។
  • ធានាថាសិទិ្ធរបស់បុគ្កល និងអង្គការ ដែលការពារ និងលើកតម្កើងសិទិ្ធមនុស្ស ត្រូវបានការពារ ក្នុងនេះរួមមាន សិទិ្ធធ្វើការទិតៀនដោយសន្តិវិធី និងតវ៉ាគោលនយោបាយរបស់រដ្ឋាភិបាល តាម    រយៈការជួបជុំគ្នាតវ៉ាជាសាធារណៈ និងកូដកម្ម ។
  • ធ្វើសេរីភាវូបនីយកម្មវិធានការធ្វើជាម្ចាស់នៃប្រព័ន្ធផ្សព្វផ្សាយ រួមមានការអនុញ្ញាតឲ្យប្រព័ន្ធផ្សព្វ​ផ្សាយឯកជន រិះគន់ ផ្សព្វផ្សាយ ស្មើគ្នានឹងស្ថានីយលំអៀងទៅខាង គបក ។

ការបណ្តេញចេញដោយបង្ខំ និងការផ្តល់កម្មសិទិ្ធដីធ្លី

  • អនុម័តភ្លាមការផ្អាកដ៏ពេញលេញការបណ្តេញចេញដោយបង្ខំ និងការផ្តល់ដីសម្បទាន រហូតដល់រដ្ឋាភិបាលអនុម័ត និងអនុវត្ត ដោយសមស្របនូវក្របខ័ណ្ឌច្បាប់ដាច់ខាតស្តីពីការបណ្តេញ​ចេញ និងការតាំងលំនៅថ្មីដោយសមស្របទៅនឹងបទដ្ឋានរបស់ អសប ក៏ដូចជាសិទិ្ធដីធ្លី និងលំនៅដ្ឋាន ។
  • អភិវឌ្ឍន៍យុទ្ធសាស្ត្របន្លាសមួយដើម្បីជួយពួកអ្នកត្រូវផ្លាស់ប្តូរលំនៅដ្ឋាន និងធានាឲ្យពួកគេមានលំនៅដ្ឋានសមរម្យ និងទទួលបានសេវាមូលដ្ឋាន ការព្យាបាលវេជ្ជសាស្រ្ត និងការងារធ្វើ ។
  • កំណត់ដោយជាក់លាក់ និងអនុវត្ត កម្មវិធីផ្តល់កម្មសិទ្ធដីទាំងអស់ ស្របតាមសេចក្តីណែនាំដោយស្មគ្រចិត្តរបស់អង្គការស្បៀងអាហារ និងកសិកម្ម អសប ឆ្នាំ ២០១២ ស្តីពីអភិបាលកិច្ចដោយទទួលខុសត្រូវនៃការកាន់កាប់ដីធ្លី  ជលផល និងព្រៃឈើ ក្នុងក្របខ័ណ្ឌនៃសន្តិសុខស្បៀងអា​-ហារជាតិ ដែលដាក់ទម្ងន់លើសេចក្តីត្រូវការឲ្យមានតម្លាភាព និងការប្រឹក្សាយោបល់ជាមួយ និងការតាមដាន ដោយសហគមន៍ និងសង្គមស៊ីវិល ជាពិសេស ។

លក្ខណៈពន្ធនាគារ

  • ធានាថាលក្ខណៈពន្ធនាគារកម្ពុជាស្របតាមវិធានបទដ្ឋានអប្បបរិមា អសប នៃប្រព្រឹត្តកម្មលើអ្នកទោស ។

យន្តការសិទ្ធិមនុស្ស

  • ចាប់ធ្វើដោយហ្មត់ចត់ និងដោយស្ថាបនា ជាមួយអ្នករាយការណ៍ពិសេស អសប ទទួលបន្ទុកសិទិ្ធ​មនុស្សប្រចាំកម្ពុជា, ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទិ្ធ និងនីតិវិធីពិសេស អសប ទាំងអស់ ដែលការអញ្ជើញអចិន្ត្រៃយ៍គួរត្រូវចេញឲ្យ ។

ការបោះឆ្នោត

  • រៀបចំឡើងវិញគណកម្មាធិការជាតិរៀបចំការបោះឆ្នោត និងគណកម្មាធិការរៀបចំការបោះឆ្នោតថ្នាក់មូលដ្ឋានទាំងអស់ ដើម្បីធានាឯករាជ្យពីនយោបាយដោយពេញលេញរបស់ពួកគេ ។
  • ពិនិត្យឡើងវិញភ្លាមបញ្ជីឈ្មោះអ្នកបោះឆ្នោត ដើម្បីកែភាពមិនប្រក្រតី និងបញ្ហាធ្ងន់ធ្ងរដទៃ     ទៀត ។
  • អនុញ្ញាតភ្លាម ការវិលត្រឡប់របស់មេដឹកនាំប្រឆាំង សម រង្ស៊ី ដើម្បីចូលរួមដោយពេញលេញក្នុងការបោះឆ្នោត ។
  • មិនអនុញ្ញាតឲ្យបេក្ខជនដែលបានរំលោភតួនាទីយោធា នគរបាល ឬមន្ត្រីរាជការស៊ីវិល ដើម្បីរៀបចំគណបក្សនយោបាយ ឬធ្វើយុទ្ធនាការឲ្យគណបក្សនយោបាយ និងចាត់វិធានការដោយប្រសិទ្ធភាពដើម្បីបញ្ចប់ការប្រកាន់បក្សពួកនយោបាយក្នុងកងកម្លាំងប្រដាប់អាវុធ នគរបាល និងការិយាធិបតេយ្យរដ្ឋ ។
  • បញ្ឈប់ការចែកចាយសទ្ធាទានមានប្រភពពីរដ្ឋសម្រាប់គោលបំណងយុទ្ធនាការ ។
  • ផ្តល់ដោយស្មើភាពនូវការទទួលបានប្រព័ន្ធផ្សព្វផ្សាយរដ្ឋ សម្រាប់គណបក្សនយោបាយដែលទទួលស្គាល់ទាំងអស់ ដើម្បីធ្វើនយោបាយនិងចែកចាយព័ត៌មានសម្រាប់យុទ្ធនាការដទៃទៀត។

ការឃុំខ្លួនដោយមិនឈរលើច្បាប់ ទារុណកម្ម និងប្រព្រឹត្តកម្មយង់ឃ្នង លើអ្នកប្រើគ្រឿងញៀន

  • ដោះលែងភ្លាមអ្នកកំពុងជាប់ឃុំនៅក្នុងមណ្ឌលឃុំឃាំងគ្រឿងញៀនកម្ពុជា ។
  • បិទជាអចិន្រ្តៃយ៍មណ្ឌលឃុំឃាំងគ្រឿងញៀនកម្ពុជា ។
  • ស៊ើបអង្កេត និងផ្តន្ទាទោស ករណីទាំងអស់នៃប្រព្រឹត្តកម្ម និងការដាក់ទ័ណ្ឌកម្មឃោរឃៅ អមនុស្សធ៌ម ឬធ្វើឲ្យថោកទាប និងការរំលោភសិទ្ធិមនុស្ស និងអំពើឧក្រិដ្ឋ ដទៃទៀត ក្នុងមណ្ឌលឃុំឃាំងគ្រឿងញៀនកម្ពុជា ។
  • បង្កើតសេវាសុខាភិបាលលើមូលដ្ឋាននៃភស្តុតាង និងសង្គម ដោយស្មគ្រចិត្ត ក្នុងសហគមន៍ ដែលគោរពសិទិ្ធមនុស្សរបស់អ្នកប្រើគ្រឿងញៀន និងប្រកាន់អាកប្បកិរិយាតាមបទដ្ឋានអន្តរជាតិដោយពេញលេញ ។

ការធ្វើបច្ចុប្បន្នភាពការអភិវឌ្ឍន៍សិទិ្ធមនុស្ស

ពីខែឧសភា ឆ្នាំ ២០១៣ ដល់ខែធ្នូ ឆ្នាំ ២០១៣

ការបោះឆ្នោតមិនសេរី ឬត្រឹមត្រូវ

ព្រះមហាក្សត្រកម្ពុជា នរោត្តម សីហមុនី បានលើកលែងទោសមេដឹកនាំគណបក្សប្រឆាំង គណបក្សសង្គ្រោះជាតិ (គសជ) សម រង្ស៊ី នៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០១៣ ធ្វើឲ្យលោក សម រង្ស៊ី មានលទ្ធភាពត្រឡាប់មកកាន់ប្រទេសកម្ពុជាវិញ ដោយមិនប្រឈមមុខនឹងការជាប់គុកដោយការកាត់ទោសកន្លងមកពីបទចោទប្រកាន់ដោយថាយខ្មោះទូងស្គរ ។ ក៏ប៉ុន្តែ សិទ្ធិរបស់គាត់ក្នុងការបោះឆ្នោត និងឈរឈ្មោះបោះឆ្នោត ក្នុងការបោះឆ្នោតរដ្ឋសភាថ្ងៃទី ២៨ ខែកក្កដា មិនត្រូវបានរៀបចំឡើងវិញទេ ហើយលក្ខណៈសម្រាប់ការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ នៅមិនទាន់មាននៅឡើយទេ ។ កម្ពុជាបានធ្លាក់កាន់តែជ្រៅក្នុងវិបត្តិសិទិ្ធមនុស្សបន្ទាប់ពីការបោះឆ្នោត ។ លទ្ធផលចុងក្រោយប្រកាសដោយគណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) អង្គការមួយត្រួតត្រាដោយគណបក្សកាន់អំណាច គណបក្ដប្រជាជនកម្ពុជា (គបក) បានប្រគល់ត្រឡប់វិញដល់ គបក នូវមតិភាគច្រើនក្នុងរដ្ឋសភា ។ ក្រោយមក សភា បានជ្រើសរើស លោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រី មុខនាទីដែលគាត់កាន់កាប់តាំងពីឆ្នាំ ១៩៨៥ មក ។ គជប បានបដិសេធសេចក្តីអំពាវនាវរបស់សង្គមស៊ីវិលកម្ពុជា និង គសជ ឲ្យមានការស៊ើបអង្កេតឯករាជ្យមួយ ដោយមានជំនួយពីអន្តរជាតិ លើការចោទប្រកាន់អំពីភាពមិនប្រក្រតី ។

សិទិ្ធការជួបជុំគ្នាដោយសន្តិវិធី ការប្រើកម្លាំងហួសហេតុ និងនិទណ្ឌភាព

            ដូចនៅក្នុងដំណើរឆ្ពោះទៅការបោះឆ្នោត  មេបញ្ជាការកងទ័ព កងរាជអាវុទ្ធហត្ថ និងនគរបាល បានគាំទ្រដោយចំហការប្រកាសរបស់ គបក អំពីជ័យជំនះនៃការបោះឆ្នោត។ ក្រោយលទ្ធផលចុងក្រោយរបស់ គជប ត្រូវបានប្រកាស លោក ហ៊ុន សែន បានបញ្ជាឲ្យបញ្ចេញទ័ព និងនគរបាល យ៉ាងច្រើន នៅភ្នំពេញ និងនៅកន្លែងដទៃទៀត ក្នុងការប៉ុនប៉ងដើម្បីទប់ស្កាត់បាតុកម្មរៀបចំឡើងដោយ គសជ តែការត​វ៉ាដោយសន្តិវិធីនៅតែដំណើរការទៅមុខ ។ កម្លាំងសន្តិសុខបានអះអាងយកច្បាប់ដាក់កំហិតយ៉ាងខ្លាំងស្តីពីការធ្វើបាតុកម្ម ដើម្បីធ្វើយុត្តិកម្មឲ្យការប្រើកម្លាំងហួសហេតុម្តងហើយម្តងទៀត បង្ក្រាបការតវ៉ាក្រោ

ការបោះឆ្នោត និងការមិនស្ងប់សង្គមដទៃទៀត បណ្តាលឲ្យស្លាប់ ២ នាក់ និងរបួសជាច្រើននាក់ ។ ទោះបី​ជាមានភស្តុតាងដ៏ច្រើនសន្ធឹកសន្ធាប់ និងយ៉ាងច្បាស់ អំពីការទទួលខុសត្រូវចំពោះការខូចខាតទាំងនេះក៏ដោយ ក៏ពុំមានការស៊ើបអង្កេតគួរឲ្យជឿទុកចិត្តបានដើម្បីនាំខ្លួនពួកអ្នកទទួលខុសត្រូវទៅកាន់តុលាការត្រូវបានចាត់ឲ្យមានឡើងទេ ។

អនុសាសន៍

  • រដ្ឋាភិបាលគួេតែយល់ព្រមឲ្យមានការស៊ើបអង្កេតឯករាជ្យមួយ មានជំនួយពីអន្តរជាតិ ទៅលើការចោទប្រកាន់អំពីការបន្លំសន្លឹកឆ្នោត និងភាពមិនប្រក្រតីដទៃទៀត ជុំវិញការបោះឆ្នោតថ្ងៃទី ២៨ ខែកក្កដា ឆ្នបាំ ២០១៣ នាំទៅឲ្យមានលប់បំបាត់ដោយពិតប្រាកដភាពមិនប្រក្រតីទាំងនោះ និងការកែទម្រង់ការបោះឆ្នោត ដើម្បីបង្កើតលក្ខណសម្បត្តិពេញលេញសម្រាប់ការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនាពេលអនាគត ធ្វើយ៉ាងនេះដោយមានការប្រឹក្សាយោបល់ជាមួយអ្នករាយការណ៍ពិសេសស្តីពីសិទិ្ធមនុស្សប្រចាំកម្ពុជា ។
  • រដ្ឋាភិបាល គួរបញ្ឈប់ភ្លាមសកម្មភាពរបស់កម្លាំងសន្តិសុខ​ទាំងអស់ ដែលផ្ទុយនឹងបទដ្ឋានអន្តរជាតិ និងការអនុវត្តល្អប្រសើរ ចំពោះសិទ្ធិនៃការជួបជុំគ្នាដោយសន្តិវិធី ដាក់ទ័ណ្ឌកម្មខាងវិន័យ ឬផ្តន្ទាទោសដោយសមរម្យ ពួកអ្នកទទួលខុសត្រូវក្នុងការប្រើកម្លាំងហួសហេតុក្នុងរយៈពេលចាប់តាំងពីបោះឆ្នោតមក និងធ្វើការកែទម្រង់ច្បាប់ដើម្បីធ្វើឲ្យច្បាប់នេះស្របគ្នាទៅនឹងសិទ្ធិនៃសេរីភាពក្នុងការជួបជុំគ្នាដោយសន្តិវិធី ធ្វើយ៉ាងនេះដោយមានការប្រឹក្សាយោបលជាមួយអ្នករាយការណ៍ពិសេស អំពីសេរីភាពក្នុងក្នុងការជួបជុំគ្នាដោយសន្តវិធី និងការធ្វើសមាគម ៕

 

Your tax deductible gift can help stop human rights violations and save lives around the world.

Region / Country

Most Viewed