Skip to main content

កម្ពុជា

ព្រឹត្តិការណ៍ក្នុងឆ្នាំ២០០៩

ការគោរពសិទិ្ធមនុស្សរបស់ប្រទេសកម្ពុជាបន្តកាន់តែអាក្រក់ទៅៗ នៅក្នុងអំឡុងឆ្នាំ២០០៩ ជាមួយនិងដំណើរថយក្រោយនៃសេរីភាពខាងសារព័ត៌មាន ការប្រើប្រព័ន្ធតុលាការមិនត្រឹមត្រូវដើម្បីបំបិទមាត់អ្នករិះគន់រដ្ឋាភិបាល និងការដាក់កំហិតថ្មីដ៏តឹងរ៉ឹងលើអ្នកតវ៉ាដោយសន្តិវិធី។

គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្រ្តីហ៊ុនសែន ដែលកំពុងកាន់អំណាច បានបន្តប្រើអំពើយារយី គំរាមកំហែង អំពើហិង្សា និងការចាប់ខ្លួនមនុស្សតាមអំពើចិត្ត ដើម្បីគាបសង្កត់គូប្រជែងនយោបាយ អ្នកសារព័ត៌មានប្រឆាំង សកម្មជនដីធ្លី និងសកម្មជនសហជីព។ នៅចុងឆ្នាំ២០០៩ រដ្ឋាភិបាលបានជំរុញឲ្យមានច្បាប់ថ្មីៗតាមរយៈសភាជាតិ ដោយមានការចូលរួមបន្តិចបន្តួចពីសង្គមស៊ីវិល ដែលក្នុងនោះមានរួមទាំងក្រមព្រហ្មទណ្ឌមួយថ្មីផងដែរ។

ជនល្មើសរំលោភសិទិ្ធដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញ បានទទួលអំណាចបន្ថែម, ដោយការដំឡើងឋានន្តរស័ក្តិដល់មន្រ្តីយោធាមួយចំនួន ដែលជាប់ពាក់ព័ន្ធនិងអំពើទារុណកម្ម ការសម្លាប់ក្រៅប្រព័ន្ធតុលាការ និងអំពើហិង្សានយោបាយ មានជាអាទិ៍មេបញ្ជាការយោធាពីរនាក់ដែលជាប់ពាក់ព័ន្ធនឹងការវាយប្រហារគ្រាប់បែកសម្លាប់បង្ហូរឈាមក្នុងឆ្នាំ១៩៩៧ លើក្រុមអ្នកប្រជុំជំទាស់។

ការបណ្តេញចេញដោយបង្ខំនៃអ្នកក្រីក្រជាយក្រុង និងការរឹបអូសយកដីចំការរបស់កសិករនៅជនបទក្នុងឆ្នាំ២០០៩ បានឈានដល់ទំហំភយន្តរាយ។ កងយោធាជាញឹកញយត្រូវបានគេដាក់ពង្រាយ ដើម្បីអនុវត្តការបណ្តេញចេញដោយបង្ខំ និងដោយហិង្សាទៅលើអ្នកភូមិ ដែលកម្មសិទិ្ធរបស់ពួកគេលើដីធ្លី មិនដែលបានដោះស្រាយសមស្រប និងយុត្តិធម៌ដោយតុលាការសោះឡើយ។

សេរីភាពខាងការសម្តែងមតិ សមាគម និងប្រជុំ

រដ្ឋាភិបាលត្រួតត្រាស្ថានីយ៍ទូរទស្សទាំងអស់ និងស្ថានីយ៍វិទ្យុភាគច្រើន។ រដ្ឋាភិបាលជាញឹកញយបឈ្ឈប់ជាបណ្តោះអាសន្ន គំរាមកំហែង ឬចាត់វិធានការខាងផ្លូវច្បាប់ប្រឆាំងនឹងអ្នក សារព័ត៌មាន ឬអ្នកផ្សាយព័ត៌មានដែលរិះគន់រដ្ឋាភិបាល។ ការបោះពុម្ពព័ត៌មានបង្កវិវាទ ជាញឹកញយត្រូវបានគេហាមឃាត់ឬគេរឹបអូសយក។ អ្នករាយការណ៍ព័ត៌មាន ដែលនិយាយរឿងរ៉ាវដែលរសើប ប្រឈមនឹងការបណ្តេញចេញ ការដាក់គុក ការវាយប្រហារលើរាងកាយ ឬសម្លាប់។ ការសម្លាប់ដោយមានការជំរុញខាងនយោបាយលើអ្នកកាសែតប្រឆាំង ដូចជា លោក ខឹម សំបូរ ដែលត្រូវបានគេសម្លាប់ក្នុងខែកក្កដា ឆ្នាំ២០០៨ អ្នកដទៃជាច្រើននាក់ទៀត ក្នុងពេល១៥ ឆ្នាំកន្លងមកនេះ នៅតែមិនទាន់មានការដោះស្រាយនៅឡើយ។

ក្រមព្រហ្មទណ្ឌថ្មីដែលបានអនុម័តក្នុងខែតុលាឆ្នាំ២០០៩ រក្សាទុកការបង្ខូចកេរ្តិ៍ឈ្មោះ និងការផ្សាយព័ត៌មានមិនពិតជាបទល្មើសឧក្រិដ្ឋ។ អ្នករិះគន់រដ្ឋាភិបាល ឥឡូវនេះអាចត្រូវគេនាំខ្លួនទៅកាត់ទោសពីបទព្រហ្មទណ្ឌចំពោះការសម្តែងទស្សនៈដោយសន្តិវិធីរបស់ខ្លួន មិនថាការរិះគន់នោះចំពោះបុគ្គលឬក៏ស្ថាប័នរដ្ឋាភិបាលទេ។ ករណីបរិហាកេរ្តិ៍ដោយប្រព័ន្ធផ្សាយព័ត៌មានលែងមាននៅក្នុងក្រមព្រហ្មទណ្ឌហើយ ប៉ុន្តែមាននៅក្នុងច្បាប់សារព័ត៌មានកម្ពុជា ឆ្នាំ១៩៩៥ ដែលមិនឲ្យទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌ ឬដាក់គុកពីបទព្រហ្មទណ្ឌទេ។

ក្នុងអំឡុងឆ្នាំ២០០៩  យ៉ាងហោចណាស់អ្នករិះគន់រដ្ឋាភិបាលចំនួន១០នាក់ ត្រូវបាននាំខ្លួនទៅកាត់ទោសពីបទបរិហាកេរ្តិ៍ និងផ្សាយព័ត៌មានមិនពិត ដោយផ្អែកតាមបណ្តឹងពីមន្រ្តីរដ្ឋាភិបាលនិងមន្រ្តីយោធា។ ក្នុងចំណាមជនជនជាប់ទោសទាំងនោះ មានអ្នកកាសែតបួននាក់ ដែលពីរនាក់នៃអ្នកទាំងនេះជាប់គុកលើបទចោទពីការផ្សាយព័ត៌មានមិនពិត មានជាអាទិ៍ ៖ លោក ហង្ស ចក្រា និពន្ធនាយកកាសែតប្រឆាំង ដែលត្រូវបានគេកាត់ទោសក្នុងខែមិថុនា ដាក់គុករយៈពេលមួយឆ្នាំ និងអ្នកកាសែតឈ្មោះរស់ សុខេត ត្រូវបានគេកាត់ទោសក្នុងខែវិច្ឆិកា ដាក់គុករយៈពេលពីរឆ្នាំ។ ក្នុងខែកក្កដា លោកដាំ សិដ្ឋ និពន្ធនាយក បានបិទកាសែត មនសិការខ្មែរ ដែលជាកាសែតមួយនៃកាសែតប្រឆាំងដ៏មានវ័យចំណាស់បំផុតរបស់ប្រទេសកម្ពុជា ជាមធ្យោបាយតែមួយគត់ដើម្បីការពារខ្លួនលោកឲ្យផុតពីបណ្តឹងរបស់រដ្ឋាភិបាល ដែលបានដាក់គាត់ចូលទៅក្នុងគុកទៅហើយនោះ។

បណ្តឹងបរិហាកេរ្តិ៍  ផ្សាយព័ត៌មានមិនពិត និងញុះញង់ ត្រូវបានគេយកមកប្តឹងប្រឆាំងនឹងសមាជិកគណបក្សសមរង្សី មានជាអាទិ៍ លោក សម រង្សី ប្រធានគណបក្ស អ្នកតំណាងរាស្រ្ត មូ សុខហួរ និងហូ វណ្ណ និងសកម្មជនយុវជនគណបក្សសមរង្សីឈ្មោះសួង សុភ័ន្ត។ នាយករដ្ឋមន្រ្តីហ៊ុនសែន បានដាក់ពាក្យចោទប្រកាន់ប្រឆាំងនឹងមេធាវីការពារក្តីករណីរបស់គណបក្សសមរង្សី បង្ខំឲ្យមេធាវីនេះដកខ្លួនចេញពីករណីទាំងនោះក្នុងខែកក្កដា។ ជាលទ្ធផល ជំទាវ មូ សុខហួរ ខ្វះអ្នកការពារខាងផ្លូវច្បាប់ក្នុងអំឡុងសវានាការថ្ងៃទី២៤កក្កដារបស់គាត់ ដែលធ្វើឲ្យគាត់មានកំហុសក្នុងបទបរិហាកេរ្តិ៍នាយករដ្ឋមន្រ្តីនិងត្រូវគេបញ្ជាឲ្យបង់ប្រាក់ពិន័យនិងសំណងចំនួន ៤,១០០ដុល្លារអាមេរិក។

មួយជំហានថយក្រោយដ៏ធំនោះគឺនៅត្រង់ថា ច្បាប់ថ្មីស្តីពីបាតុកម្មដែលបានអនុម័តក្នុងខែតុលា ហាមឃាត់ការតវ៉ាជាសាធារណៈ មិនឲ្យមានមនុស្សលើសពី២០០នាក់ ដោយទាញហេតុផលសំអាងថាដើម្បីការពារ  "សណ្តាប់ធ្នាប់និងសន្តិសុខសាធារណៈ" ។ ច្បាប់នេះតម្រូវឲ្យអ្នករៀបចំការតវ៉ាស្វែងរកការអនុញ្ញាតជាមុន និងហាមការតវ៉ានៅខាងមុខ ឬខាងក្នុងអាគាររដ្ឋាភិបាលឬរោងចក្រ។ អាជ្ញាធរបន្តបំបែកក្រុមបាតុកម្មដោយបង្ខំអំឡុងឆ្នាំ២០០៩ ឧទាហរណ៍នៅក្នុងខែតុលា ខណៈពេលដែលប៉ូលីសប្រឆាំងកុប្បកម្ម បានរាំងខ្ទប់ក្បួនដង្ហែក្នុងទិវាគ្រូបង្រៀនពិភពលោក រៀបចំដោយលោកគ្រូអ្នកគ្រូ ដើម្បីសុំដំឡើងប្រាក់បៀវត្ស។

សេរីភាពខាងសមាគមនៅតែស្ថិតក្រោមការគាបសង្កត់។ កម្មករដែលរៀបចំ ឬធ្វើកូដកម្ម ទាមទារឲ្យមានប្រាក់បៀវត្សនិងល័ក្ខខ័ណ្ឌការងារប្រសើរជាងមុន ត្រូវទទួលរងការយារយី ការវាយប្រហារលើរាងកាយ និងការបណ្តេញចេញដោយអយុត្តិធម៌។ អាជ្ញាធរបានខកខាន ស៊ើបអង្កេត ឬនាំជនប្រព្រឹត្តអំពើហិង្សាប្រឆាំងសកម្មជនសហជីពមកធ្វើការកាត់ទោស មានជាអាទិ៍មេដឹកនាំសហជីពបីរូបដែលត្រូវបានគេធ្វើឃាដតាំងពីឆ្នាំ២០០៤។

ការឃុំឃាំងតាមអំពើចិត្ត អំពើទារុណ្ឌកម្ម និងស្ថានភាពនៃការឃុំឃាំង

នគរបាលកៀងប្រមូលចាប់តាមអំពើចិត្តនូវស្រ្តីបម្រើសេវាផ្លូវភេទ កុមារនិងគ្រួសារឥតលំនៅដ្ឋាន អ្នកសុំទាន និងអ្នកប្រើប្រាស់គ្រឿងញៀន និងបានឃុំពួកគេនៅក្នុងមណ្ឌលសង្គមកិច្ច ដែលគ្រប់គ្រងដោយរដ្ឋាភិបាល ដែលជាកន្លែងធ្វើឲ្យពួកគេទទួលរងនូវការធ្វើបាបលើរូបរាងកាយ ការរំលោភលើផ្លូវភេទ ការទទួលអាហារនិងថែទាំងព្យាបាលមិនគ្រប់គ្រាន់។ នៅអំឡុងឆ្នាំ២០០៩ មនុស្សជាច្រើនរយនាក់ត្រូវបានគេចាប់ខ្លួនដោយខុសច្បាប់ក្នុងរាជធានីភ្នំពេញ ក្នុងរយៈពេលបោសសម្អាតបែបនេះ ដែលវាបានជំរុញឲ្យមានព្រឹត្តិការណ៍សាធារណៈដ៏ធំ បានកើតឡើង ។

ហិង្សាប្រឆាំងនឹងស្រ្តីភេទបន្តរីករាលដាលដោយគ្មានការផ្តន្ទារទោស។ ការជួញដូរស្រ្តីនិងកុមារីសម្រាប់អាជីវកម្មផ្លូវភេទ ក៏ដូចជាការចាប់ខ្លួនតាមអំពើចិត្តនិងការរំលោភលើអ្នកបម្រើសេវាផ្លូវភេទ ក្លាយជារឿងត្រួតត្រាលែងបាន។ ការបោសសម្អាតជាទៀងទាត់ដោយនគរបាលលើស្រ្តីបម្រើសេវាផ្លូវភេទ ត្រូវបានជំរុញឲ្យធ្វើតាមផ្នែកមួយនៃច្បាប់ប្រឆាំងការជួញដូរឆ្នាំ២០០៨ ដែលដាក់ពេស្យាកម្មជាបទឧក្រិដ្ឋ និងជំរុញឲ្យអាជ្ញាធរផ្តោតលើការបិទផ្ទះបន និងឃុំឃាំងស្រ្តីបម្រើផ្លូវភេទតាមអំពើចិត្ត ជាជាងការនាំជនជួញដូរមនុស្សទៅកាត់ទោស។ ក្នុងឆ្នាំ២០០៩ នគរបាលរាជធានីភ្នំពេញ បានចាប់ខ្លួនស្រ្តីបម្រើសេវាផ្លូវភេទជាង ៦០ នាក់តែក្នុងអំឡុងខែកក្កដាមួយប៉ុណ្ណោះ ដោយបានវាយធ្វើបាបលើស្រ្តីមួយចំនួនដែលស្ថិតក្នុងការឃុំឃាំង មុនពេលបញ្ជូនពួកគេទៅកាន់ជម្រករបស់អង្គការក្រៅរដ្ឋាភិបាល ជាកន្លែងដែលអ្នករស់នៅជាមួយមេរោគអេដស៍ មិនអាចទទួលថ្នាំព្យាបាលរបស់ពួកគេបាន។

អ្នកប្រើគ្រឿងញៀនជាង២,០០០ នាក់ ត្រូវបានគេចាប់ឃុំឃាំងខ្លួនតាមអំពើចិត្តនៅក្នុងមជ្ឈមណ្ឌលឃុំឃាំងគ្រឿងញៀនគ្រប់គ្រងដោយរដ្ឋាភិបាល។ មជ្ឈមណ្ឌលទាំងនេះជាទីកន្លែងដែលគេយកលំហាត់ប្រាណដ៏លំបាកក្រៃលែងនិងពលកម្មបង្ខំ មកប្រើជាសកម្មភាពគាំទ្រដល់ "ការព្យាបាល" របស់ពួកគេ និងអំពើទារុណ្ឌកម្មគឺក្លាយជារឿងសាមញ្ញទៅហើយ។ មជ្ឈមណ្ឌលទាំងនោះបានឃុំឃាំងមនុស្ស ទោះជាការវាយតម្លៃបង្ហាញថា ពួកគេមិនញៀននឹងគ្រឿងញៀនក៏ដោយ។

នគរបាលនិងកងរាជអាវុធហត្ថ ជាទម្លាប់ប្រើប្រាស់អំពើទារុណ្ឌកម្មដើម្បីទាញយកចម្លើយសារភាពពីអ្នកជាប់ឃុំឃាំងក្នុងស្ថានីយ៍នគរបាល និងក្នុងពន្ធនាគារ។ រាងកាយរបស់អ្នកជាប់ឃុំឃាំងមួយចំនួនដែលបានស្លាប់ក្នុងស្ថានីយ៍ប៉ូលីសអំឡុងឆ្នាំ២០០៩ បានបង្ហាញស្លាកស្នាមនៃអំពើទារុណ្ឌកម្ម ដូចជាឈ្មោះនាគ នាម ដែលបានស្លាប់ក្នុងនៅថ្ងៃទី២៧ខែឧសភា ក្នុងអំឡុងពេលស្ថិតក្នុងមន្ទីរឃុំឃាំងរបស់នគរបាលស្រុកប៉ៃលិន។

ពន្ធនាគាររបស់ប្រទេសកម្ពុជា បន្តផ្ទុកអ្នកទោសហួសបន្ទុក និងខកខានផ្តល់អាហារ ទឹក ការថែទាំសុខភាព និងអនាម័យគ្រប់គ្រាន់។

ការរឹបអូសដីធ្លី និងការបណ្តេញចេញដោយបង្ខំ

ជម្លោះដីធ្លីបានឡើងដល់កម្រិតក្នុងឆ្នាំ២០០៩។ ការឡើងខ្ពស់នៃថ្លៃអចលនទ្រព្យ គម្រោងអភិវឌ្ឍន៍ និងសម្បទានដីខុសច្បាប់ បានជម្រុញឲ្យមានការបណ្តេញដោយបង្ខំនៃអ្នកក្រីក្រជាយក្រុងជាច្រើនពាន់នាក់ និងនាំឲ្យមានការរឹបអូសដោយខុសច្បាប់នូវដីធ្លីរបស់កសិករ។  ដោយមានភាគច្រើនលើសលប់នៃអ្នកក្រីក្រជាយក្រុងនិងជនបទ ដែលខ្វះប័ណ្ណកម្មសិទិ្ធដីធ្លី ប្រជាពលរដ្ឋជាង ១៥០,០០០ នាក់នៅទូទាំងប្រទេស ត្រូវបានគេប៉ាន់ប្រមាណថានឹងប្រឈមនឹងការបាត់បង់ដីនិងផ្ទះសម្បែងរបស់ពួកគេ។ ទោះជាបែបនេះក៏ដោយ ក្នុងខែកញ្ញា រដ្ឋាភិបាលបានបញ្ឈប់កម្មវិធីផ្តល់ប័ណ្ណកម្មសិទិ្ធដីធ្លី ដែលផ្តល់មូលនិធិដោយធានាគារពិភពលោក ដែលមានទឹកប្រាក់ចំនួន២៤លានដុល្លារអាមេរិក។

អាជ្ញាធរកម្រផ្តល់លំនៅដ្ឋាន ដីធ្លី សេវាកម្ម និងសំណងសមរម្យណាស់ទៅដល់ប្រជាពលរដ្ឋ ដែលគ្មានទីកន្លែង ឬធ្វើឲ្យពួកគេបាត់បង់ដីធ្លី និងការងារដោយការបណ្តេញចេញ និងការចាប់ដណ្តើមយកដីធ្លី។ ជាឧទាហរណ៍ជាក់ស្តែង ក្នុងខែមិថុនា ឆ្នាំ២០០៩ អាជ្ញាធរបានដាក់តាំងទីលំនៅជាថ្មីនៃមនុស្សចំនួន៤០គ្រួសារដែលរស់នៅជាមួយមេរោគអេដស៍ ទៅរស់នៅក្នុងជម្រកស័ង្កសីរួញអង្កាញ់នៅក្នុងកន្លែងតាំងទីលំនៅថ្មីដាច់ស្រយាលក្រៅរាជធានីភ្នំពេញ ឆ្ងាយពីសេវាពេទ្យនិងការងារ។

ប៉ូលីសនិងទាហានជាញឹកញយ ប្រើប្រាស់កម្លាំងហួសហេតុក្នុងការបណ្តេញចេញ។ ក្នុងខែមករា ប៉ូលីសបានប្រើឧស្ម័នបង្ហូរទឹកភ្នែក និងកាំភ្លើងបាញ់ទឹក បណ្តេញ៤០០ គ្រួសារចេញដោយបង្ខំពីសហគមន៍ដីក្រហមក្នុងរាជធានីភ្នំពេញ។ ក្នុងខែមីនា ប៉ូលីសបានបើកការបាញ់ប្រហារទៅលើកសិករបាតដៃទទេ ដែលកំពុងតវ៉ាការរឹបអូសយកដីរបស់ពួកគេក្នុងខែត្រសៀមរាប ដែលធ្វើឲ្យរបួសអ្នកភូមិចំនួន៦នាក់យ៉ាងធ្ងន់ធ្ងរ។ អាជ្ញាធរបានបន្តតាមចាប់ខ្លួនសកម្មជនសហគមន៍ ដែលតវ៉ានឹងការបណ្តេញចេញដោយបង្ខំ និងការចាប់ដណ្តើមយកដីរបស់ពួកគេ ដែលការតាមចាប់ខ្លួននោះ ជាញឹកញយផ្អែកលើបទចោទមិនត្រឹមត្រូវ ដែលនាំឲ្យមនុស្សជាង៦០នាក់ជាប់គុក ឬរងចាំការជំរះក្តីអំឡុងឆ្នាំ២០០៩ ចំពោះការពាក់ព័ន្ធរបស់ពួកគេក្នុងទំនាស់ដីធ្លី។

សាលាក្តីខ្មែរក្រហម

ការជ្រៀតជ្រែកខាងនយោបាយជាបន្តរបស់រដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការរបស់សាលាក្តីខ្មែរក្រហមដែលគាំទ្រដោយអង្គការសហប្រជាជាតិ (អង្គជំនុំជំរះវិសាមញ្ញក្នុងតុលាការកម្ពុជា, អ៊ីស៊ីស៊ីស៊ី) បានធ្វើឲ្យខូចដល់បូរណភាព ឯករាជ្យ និងសេចក្តីជឿជាក់របស់តុលាការ។ ហ៊ុន សែន ដែលរក្សាការចាប់ច្បាមប្រព័ន្ធតុលាការ បានទាមទារច្រំដែលៗថា តុលាការមិនត្រូវនាំខ្លួនជនសង្ស័យមកកាត់ទោស ក្រៅពីមនុស្ស៥នាក់ដែលកំពុងស្ថិតក្នុងការឃុំឃាំងបច្ចុប្បន្ននេះឡើយ។ របាយការណ៍គួរឲ្យជឿទុកចិត្តស្តីពីអំពើពុករលួយដ៏រីករាលដាលនៅឯតុលាការកូនកាត់តម្លៃ១០០លានដុល្លារអាមេរិក ដឹកនាំដោយចៅក្រមកម្ពុជានិងអន្តរជាតិ មិនត្រូវបានគេយកមកដោះស្រាយឲ្យបានគ្រប់គ្រាន់ទេ។

ជនភៀសខ្លួននិងអ្នកស្វែងរកសិទិ្ធជ្រកកោន

អ្នកស្វែងរកសិទិ្ធជ្រកកោនជាតិម៉ុងតាញ៉ានិងវៀតណាម ប្រឈមនឹងការគំរាមធ្វើមាតុភូមិនិវត្តដោយបង្ខំទៅកាន់ប្រទេសវៀតណាម ជាទីដែលពួកគេប្រឈមនឹងអំពើទារុណ្ឌកម្ម ការធ្វើទុក្ខបុកម្នេញ និងការចាប់ដាក់គុក ដែលរំលោភលើកាតព្វកិច្ចរបស់ប្រទេសកម្ពុជាក្រោមអនុសញ្ញាឆ្នាំ១៩៥១ ដែលកម្ពុជាជារដ្ឋភាគី។

ពិន្ទុមួយចំណោមពិន្ទុដែលទាបប្រចាំឆ្នាំ គឺនៅត្រង់ដែលរដ្ឋាភិបាលចាប់បញ្ជូនខ្លួនអ្នកស្វែងរកសិទិ្ធជ្រកកោនជនជាតិអ៊ូហ្គ័រចំនួន២០នាក់ដោយបង្ខំ ពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិនវិញនៅថ្ងៃទី១៩ខែធ្នូ ដោយមិនពិនិត្យការស្នើសុំឋានៈជាជនភៀសខ្លួនរបស់ពួកគេឡើយ។ សកម្មភាពនេះ ជាការរំលោភយ៉ាងច្បាស់ក្រឡែតលើកាតព្វកិច្ចរបស់ប្រទេសកម្ពុជា ក្រោមអនុសញ្ញាជនភៀសខ្លួន។

ខណៈពេលដែលរដ្ឋាភិបាលកម្ពុជាថ្លែងថា ខ្លួនពិចារណាខ្មែរក្រោម (ជាតិពន្ធខ្មែរក្រោមពីវៀតណាមខាងត្បូង) ដែលផ្លាស់ពីវៀតណាមមករស់នៅកម្ពុជា ជាប្រជាពលរដ្ឋកម្ពុជា អាជ្ញាធរញឹកញយបានខកខានផ្តល់កិច្ចការពារដល់សិទិ្ធជ្រកអាស្រ័យខាងនយោបាយ ក្រៅពីសិទិ្ធជាប្រជាពលរដ្ឋពេញលេញ សម្រាប់ខ្មែរក្រោមដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា។ អំឡុងឆ្នាំ២០០៩ ការិយាល័យទទួលបន្ទុកជនភៀសខ្លួនកម្ពុជា បានបន្តទាត់ចោលការពិចារណា អ្នកស្វែងសិទិ្ធជ្រកកោនខ្មែរក្រោមទាំងអស់ រួមទាំងទឹម សាខន និងព្រះសង្ឃខ្មែរក្រោមប្រាំអង្គផ្សេងទៀត ដែលបានភៀសខ្លួនមកកម្ពុជា បន្ទាប់ពីត្រូវបានគេដាក់គុកក្នុងប្រទេសវៀតណាមចំពោះការសម្តែងមតិដោយសន្តិវិធី។

អ្នកដើរតួអន្តរជាតិសំខាន់ៗ

ក្នុងខែកក្កដា២០០៩ ដៃគូអភិវឌ្ឍន៍កម្ពុជា រួមមានធានាគារពិភពលោក  ធានាអភិវឌ្ឍន៍អាស៊ី អង្គការសហប្រជាជាតិ  គណៈកម្មាការអឺរ៉ុប  និងស្ថានទូតមួយចំនួន បានចេញការអំពាវនាវជាសាធារណៈដ៏កម្រមួយដល់រដ្ឋាភិបាលឲ្យបញ្ឈប់ការបណ្តេញចេញដោយបង្ខំ រហូតទាល់តែមានយន្តការអនុវត្តប្រកបដោយយុត្តិធម៌និងតម្លាភាព ដើម្បីដោះស្រាយទំនាស់ដីធ្លី និងបញ្ហាតាំងទីលំនៅជាថ្មី។ ក្នុងខែសីហា សហភាពអឺរ៉ុបនិងស្ថានទូតមួយចំនួនបានលើកកង្វល់ជាមួយរដ្ឋាភិបាលអំពីការបង្រ្កាបលើការសម្តែងមតិសន្តិវិធី។

ជារួម ម្ចាស់ជំនួយរបស់ប្រទេសកម្ពុជានៅតែគ្មានប្រសិទិ្ធភាពក្នុងការបញ្ចុះបញ្ចូលរដ្ឋាភិបាលឲ្យរក្សាពាក្យសន្យារបស់ខ្លួនក្នុងកិច្ចការពារសិទិ្ធមនុស្ស និងកសាងនីតិរដ្ឋឡើយ។ ជាច្រើនឆ្នាំនៃការផ្តល់មូលនិធិសម្រាប់ការកែទម្រង់ប្រព័ន្ធតុលាការ វាស្ទើរតែមិនមានឥទ្ធិពលអ្វីទាល់តែសោះ។ ប្រទេសជប៉ុន ជាប្រទេសម្ចាស់ជំនួយដ៏ធំបំផុតរបស់ប្រទេសកម្ពុជា និងជាអ្នកផ្តល់មូលនិធិតែមួយដ៏ធំបំផុតសម្រាប់អង្គជំនុំជំរះវិសាមញ្ញនៃតុលាការកម្ពុជា បានរក្សាគោលនយោបាយរបស់ខ្លួនមិនប្រឈមមុខនឹងរដ្ឋាភិបាលអំពីការរំលោភសិទិ្ធទេ។ ប្រទេសចិនដែលជាអ្នកវិនិយោគនិងជាម្ចាស់ជំនួយដ៏ធំបំផុតដល់ប្រទេសកម្ពុជា បានបន្តមិនភ្ជាប់ជំនួយរបស់ខ្លួនទៅនឹងការកែទម្រង់នោះឡើយ។

បន្ថែមលើការគាំទ្រឲ្យមាននីតិរដ្ឋ និងគម្រោងសិទិ្ធមនុស្ស  ជំនួយរបស់សហរដ្ឋអាមេរិកដល់ប្រទេសកម្ពុជា មានរាប់បញ្ចូលការហ្វឹកហ្វឺន និងជំនួយសម្ភារដល់យោធា នគរបាល និងកងឯកភាពប្រឆាំងភេរវកម្ម ដែលមានប្រវត្តិរំលោភសិទិ្ធមនុស្សធ្ងន់ធ្ងរ។ ក្នុងខែកញ្ញា អ្នកបង្កើតច្បាប់សហរដ្ឋអាមេរិកចំនួន៨រូប បានចោទសួរក្រសួងការពារជាតិសហរដ្ឋអាមេរិកអំពីជំនួយគាំទ្ររបស់អាមេរិកដល់កងយោធាកម្ពុជា ដែលជាប់ចោទថាបានប្រព្រឹត្តការរំលោភសិទិ្ធ។ ក្នុងឆ្នាំ២០០៩  សហរដ្ឋអាមេរិកបានបង្ខាំងតំណែងប្រឆាំងការជួញដូររបស់ប្រទេសកម្ពុជាថ្នាក់លេខ២ ដោយទាញហេតុផលសំអាងពីការខកខានការពារជនរងគ្រោះនៃការជួញដូរ និងអំពើរំលោភដែលប្រព្រឹត្តប្រឆាំងនឹង "ស្រ្តីដែលគេនាំទៅធ្វើស្រីពេស្យា" ក្នុងស្ថានីយប៉ូលីសនិងមជ្ឈមណ្ទលដែលគ្រប់គ្រងដោយរដ្ឋ។

ក្នុងខែកញ្ញាឆ្នាំ២០០៩  ក្រុមប្រឹក្សាសិទិ្ធមនុស្សអង្គការសហប្រជាជាតិ បានបន្តអាណត្តិការងាររបស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិនៅកម្ពុជា ដែលបានមកធ្វើទស្សនកិច្ចមួយលើកនៅឆ្នាំនោះ។