Skip to main content

World Report 2012: ប្រទេសកម្ពុជា

Events of 2011

ម្ភៃឆ្នាំបន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីសក្នុងឆ្នាំ១៩៩១កំណត់​ត្រាស្តីពីសិទិ្ធមនុស្សរបស់ប្រទេសកម្ពុជានៅតែអាក្រក់ដែល។រដ្ឋាភិបាលដែល​គ្រប់​គ្រង​ដោយ​គណបក្សប្រជា​ជនកម្ពុជាបន្តប្រើប្រាស់តុលាការក្រមព្រហ្មទណ្ឌនិង​ការគំរាម​ចាប់​ខ្លួនឬ​គំរាម​​ចាត់​វិធានការខាងផ្លូវច្បាប់ការដាក់កំហិតដល់សេរីភាព​បញ្ចេញមតិដាក់​គុក​អ្នករិះគន់​រដ្ឋាភិបាលបំបែករាល់ការតវ៉ារបស់កម្មករនិងកសិករនិង​បំបិទមាត់​សមា​ជិកគណបក្ស​ប្រឆាំង។ក្នុងឆ្នាំ​២០១១គណបក្សប្រជាជនកម្ពុជាបានគំរាម​កំហែង​​​ដល់​សមិទ្ធិផលមួយក្នុង​ចំណោមសមិទ្ធិ​ផលទាំងឡាយដែលកើត​ចេញពី​កិច្ចព្រម​ព្រៀងទីក្រុងបារីសសមិទ្ធិផលនេះ​គឺ​ការរីកចម្រើន​លូត​លាស់​​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល  ក្រុមសហគមន៍មូលដ្ឋាន  សមាគម​ក្រៅផ្លូវការនិង​បណ្តាញ​ប្រជាពលរដ្ឋមូលដ្ឋានដោយគណបក្សនេះបានដាក់ស្នើច្បាប់មួយ​ ដែល​ឲ្យឆន្ទានុ​សិទិ្ធ​យ៉ាង​ទូលំ​ទូលាយដល់ខ្លួនដើម្បីបិទចោលរាល់សមាគមនិងអង្គការ​ក្រៅ​រដ្ឋា​ភិបាល។  

ក្នុងឆ្នាំ២០១១រដ្ឋាភិបាលបានខកខានចាត់វិធានការចាំបាច់នានាដើម្បីធានាឲ្យ​តុលា​ការ​មាន​ឯករាជ្យភាពនិងភាពឥតលំអៀង។តុលាការបានបន្តប្រតិបត្តិការជាដៃ​មួយ​របស់គណបក្ស​ប្រជា​​ជន​កម្ពុជាដែលជាក់ស្តែងណាស់ប្រធានតុលាការកំពូលយុត្តិធម៌លោកឌិតមុន្ទីនៅតែ​ជាសមាជិកនៃអង្គការចាត់តាំងដ៏មានអំណាចក្នុងការធ្វើ​សេចក្តី​សម្រេចចិត្តរបស់គណបក្ស​មួយនេះ។ក៏មានការចោទប្រកាន់ជាច្រើនផងដែរ​លើ​នាយក​រដ្ឋមន្រ្តីហ៊ុនសែនដែលនាយក​រដ្ឋមន្រ្តីរូបនេះបានគាបសង្កត់លើ​មន្រ្តី​សាលា​ក្តីខ្មែរក្រហមដោយឲ្យសាលាក្តីនេះទម្លាក់ចោល​ករណីដែលស្ថិតក្នុងដៃតុលាការ។

មេដឹកនាំគណបក្សប្រឆាំងលោកសមរង្សីនៅតែស្ថិតក្នុងការនិរទេសខ្លួនជំនួសឲ្យការ​ប្រឈម​​​​​​មុខទល់នឹងកាត់ឲ្យជាប់ទោសដ៏យូរដែលកើតចេញពីការកាត់ក្តី​អយុត្តិធម៌​យ៉ាង​​ឥត​លាក់​លៀមនិងដោយមានការលើកទឹកចិត្តខាងនយោបាយ។គួរកត់សម្គាល់ថាការ​រិះគន់​លើ​សេចក្តី​សម្រេចចិត្តខាងគោលនយោបាយគឺជា“មុខនាទីមួយក្នុង​ចំណោម​មុខ​នាទីជាមូល​ដ្ឋាន​នានា​របស់អ្នកដឹកនាំគណបក្សប្រឆាំង”  លោកស៊ូយ៉ាអ្នករាយការណ៍​ពិសេស​របស់អង្គការ​សហ​ប្រជា​ជាតិស្តីពីសិទិ្ធមនុស្សប្រចាំនៅកម្ពុជាបានសរសេរថាមេដឹកនាំគណបក្សប្រឆាំង“មិន​ត្រូវ​ទទួលរងចំណាត់ការខាងព្រហ្មទណ្ឌចំពោះការ​បំពេញកិច្ចការទទួលខុសត្រូវ​របស់ពួក​គេតាមលក្ខណៈ​សន្តិវិធី​នោះឡើយ។”​

សេរីភាពសម្តែងមតិសេរីភាពខាងការប្រជុំនិងខាងសមាគម

រដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំ២០១១បានជំរុញឲ្យធ្វើច្បាប់ស្តីពីសមាគមនិងអង្គការ​ក្រៅ​រដ្ឋាភិ​បាលដែលមានប្រើពាក្យមិនច្បាស់លាស់និងដែលតម្រូវឲ្យអង្គការ​ក្រៅរដ្ឋា​ភិបាល​ចុះបញ្ជីនិង​អនុញ្ញាតឲ្យរដ្ឋាភិបាលអាចបញ្ជាបិទអង្គការតាមអំពើចិត្ត។ក្រុម​អង្គ​ការសង្គមស៊ីវិលមាន​ការភ័យខ្លាចថាគេនឹងប្រើច្បាប់នេះដើម្បីបំភិតបំភ័យ​បំបិត​មាត់​​ក្រុមនិងសមាគមនានា។អង្គ​ការក្រៅរដ្ឋាភិបាលជាតិនិងអន្តរជាតិបានបង្កើន​យុទ្ធនា​ការ​ប្រឆាំងសេចក្តីព្រាងច្បាប់ហើយ​អង្គការសហប្រជាជាតិនិងម្ចាស់ជំនួយដូចជា​សហ​រដ្ឋអាមេរិកនិងសហគមន៍អឺរ៉ុបបានបង្ហាញ​ពីកង្វល់របស់​ពួកគេជា​សាធារណៈនិង​ជាឯកជន។

ការភ័យខ្លាចរបស់អង្គការក្រៅរដ្ឋាភិបាលមានភាពកាន់តែជ្រាលជ្រៅដោយនៅថ្ងៃទី២ខែ​សីហាក្រសួងមហាផ្ទៃបានបញ្ជូនលិខិតមួយទៅសមាគមធាងត្នោតដែលជា​អង្គការ​ក្រៅរដ្ឋា​ភិបាល​មួយដោយផ្អាកសកម្មភាព​របស់អង្គការនេះ​រយៈ​ពេល​ប្រាំខែដោយគ្មានបញ្ជាក់ពី​មូល​ដ្ឋាន​ច្បាប់​ចំពោះចំណាត់ការនេះឡើយ។នៅថ្ងៃទី១៣ខែសីហាក្រសួងមហាផ្ទៃបានចោទ​ប្រកាន់​សមាគមធាងត្នោតជាសាធារណៈពីបទ“ញុះញង់” ប្រជាពលរដ្ឋឲ្យប្រឆាំងគម្រោង​អភិវឌ្ឍន៍។អាជ្ញាធរបានចេញលិខិត​​ព្រមាន​ជាផ្លូវការទៅកាន់ក្រុមពីរផ្សេងទៀតគឺក្រុមស្ពាន​ឆ្លងព្រំដែន​កម្ពុជានិងវេទិកាអង្គការ​ក្រៅ​រដ្ឋាភិបាលស្តីពីកម្ពុជានិងបានគំរាមកំហែងក្រុម​ទីបួន​គឺក្រុមសិទ្ធិ​ខាងលំនៅដ្ឋាន។

រដ្ឋាភិបាលកំពុងតែប្រើប្រាស់កាន់តែច្រើនឡើងៗនូវច្បាប់ព្រហ្មទណ្ឌស្តីពីបរិហាកេរ្តិ៍និងច្បាប់​ស្តីពីការញុះញង់ដើម្បីបំភិតបំភ័យអ្នករិះគន់។អង្គការក្រៅរដ្ឋាភិបាល​បានកត់​​សំគាល់​ឃើញ​ថាចាប់តាំងពីខែធ្នូឆ្នាំ២០១០មកយ៉ាងហោចណាស់​ក៏មាន​មនុស្ស​១២រូបដែរដែលត្រូវបានគេ​ចាប់​ដាក់គុក​ក្រោមច្បាប់បែប​នេះដោយសារតែការ​សម្តែងមតិ​សន្តិវិធីអំពីទស្សនៈរបស់ពួក​គេ។ជនដែល​គេចាប់ដាក់គុកទាំងនេះ​ មានរាប់ទាំង​ឈ្មោះ​សេងគុណ្ណាកានិយោជករបស់​អង្គការ​ស្បៀង​អាហារ​ពិភពលោកឈ្មោះសមចាន់គាមន្រ្តីសម្របសម្រួលខេត្ត​របស់អង្គការ​សមាគម​អភិឌ្ឍន៍​សិទិ្ធមនុស្ស(អាត់ហុក) ឈ្មោះ​លាងសុខជឿនបុគ្គលិករបស់អង្គការលីកា​ដូនិង​ឈ្មោះហង្សចក្រានិពន្ធ​នាយក​របស់​សារព័ត៌មានខ្មែរម្ចាស់ស្រុក។

រដ្ឋាភិបាលបន្តប្រើប្រាស់ច្បាប់ឆ្នាំ២០០៩ស្តីពីបាតុកម្មដោយបដិសេធការស្នើសុំតវ៉ាឬក៏​បណ្តេញ​​អ្នកតវ៉ាក្រុមតូចៗឲ្យទៅប្រមូលផ្តុំគ្នា​នៅកន្លែងមួយដែលគេហៅ​ថាសួន​សេរីភាពដែលស្ថិតនៅឆ្ងាយដាច់ស្រយ៉ាល។យ៉ាងណាក៏ដោយក៏ប្រជាពលរដ្ឋជា​ច្រើនបានរៀបចំការ​តវ៉ាជាពិសេសនៅលើដីធ្លីរបស់ពួកគេ។ក្នុងខែមីនារដ្ឋាភិបាលមិន​អនុញ្ញាត​ឲ្យមានការប្រជុំដែលរៀបចំ​អង្គការចលនាស្រ្តីកម្ពុជានិងកម្មករជាស្រ្តីក្នុងរាជធានី​ភ្នំពេញដើម្បីរំលឹកខួបទី​១០០​​នៃទិវាស្រ្តី​អន្តរជាតិទោះបីជារដ្ឋមន្រ្តីក្រសួងកិច្ចការនារីគ្រោងនឹងមកថ្លែងក្នុងទិវានេះក្តី។

រដ្ឋាភិបាលក៏បានបន្តជំរុញឲ្យមានច្បាប់ស្តីពីសហជីពដែលនឹងធ្វើឲ្យសិទិ្ធសហជីពចុះ​ខ្សោយ​​តាម​រយៈការ​កែ​ប្រែបទប្បញ្ញត្តិស្តីពីការចុះបញ្ជីការតវ៉ាជាសមូហភាពនិងបទប្ប​បញ្ញត្តិស្តីពី​កូដកម្ម។សេចក្តីព្រាងនៃច្បាប់នេះរំលោភបទដ្ឋានសិទិ្ធការងារអន្តរជាតិ។អាជ្ញាធរបានរារាំង​យ៉ាងហោចណាស់ចំនួនបីលើកក្នុងរាជធានីភ្នំពេញដោយមិន​ឲ្យ​បង្ហាញជា​សាធារណៈ​នូវ​ឯក​សារមួយអំពីការធ្វើឃាតក្នុងឆ្នាំ២០០៤លើលោកជាវិជ្ជាមេដឹកនាំកម្មករ។គ្មានការរីកចម្រើន​ជឿនលៀនទៅមុខក្នុងករណីរបស់លោកជាវិជ្ជាឬករណីរបស់មេដឹកនាំសហជីពពីរនាក់ផ្សេង​ទៀតដែលគេបានសម្លាប់ក្នុងឆ្នាំ២០០៤។

ទារុណកម្មនិងការឃុំឃាំងតាមអំពើចិត្ត

នគរបាលនិងតម្រួតយោធាប្រើអំពើទារុណកម្មជាទម្លាប់ដើម្បីទាញយកចម្លើយ​សារភាពដែល​ត្រូវបានគេប្រើដើម្បីកាត់ទោសមនុស្សដាក់គុក។ពន្ធនាគារនៅកម្ពុជាមានអ្នកទោស​ណែន​ណាន់និងខ្វះអាហារទឹកអនាម័យនិងការថែទាំសុខភាពឲ្យបាន​គ្រប់គ្រាន់នោះទេ។ការស្ទាប​ស្ទង់មតិដែលធ្វើឡើងដោយអង្គការលីកាដូរកឃើញថាពន្ធនាគារ“កំពុងតែពេញ​ហៀរ​មកក្រៅ”  ដែលតាមការរាយការណ៍គឺថាដាក់លើសដល់ទៅ១៧៩ភាគរយក្នុងខែ​មេសា​ឆ្នាំ២០១១។អ្នកធ្វើយុទ្ធនាការបានទាមទារឲ្យមានការកែទម្រង់ដើម្បី​កម្រិតការឃុំខ្លួនមុនកាត់​ក្តីដ៏រីករាល​ដាលនិងលើកម្ពស់ការអនុវត្តន៍​នីតិវិធីដោះ​លែងមុនកំណត់និងការវិនិឆ្ឆ័យទោស​ដោយគ្មាន​ការឃុំឃាំង។

តាមរបាយការណ៍មកថាអាជ្ញាធរកម្ពុជាកំពុងតែឃុំឃាំងមនុស្សតាមអំពើចិត្ត​ជាង​២,០០០​នាក់រួមទាំងអ្នកគ្មានទីជម្រកកុមាររស់តាមដងវិថីកុមារអាយុប្រហែល១៣ឆ្នាំនិងប្រជាពលរដ្ឋ​ដែល​​មានពិការភាពផ្លូវចិត្តក្នុងមណ្ឌលឃុំឃាំងថ្នាំញៀន​ទាំង​១១​កន្លែងដែលគេបានបង្កើត​ឡើងដើម្បី“ព្យាបាល” និង“ស្តារនីតិសម្បទា” អ្នកប្រើប្រាស់​គ្រឿង​ញៀន។អ្នកជាប់ឃុំនៅក្នុង​មណ្ឌលទាំងនោះទទួលរងនូវអំពើទារុណកម្មអំពើ​ហិង្សាមានជាអាទិ៍ការឆក់នឹងខ្សែភ្លើងនិង​វាយនឹងខ្សែតីបង្ខំឲ្យធ្វើការនិងបង្វឹកបែប​យោធា។ប្រទេសវៀតណាមបានបន្តធ្វើឥទ្ធិពល​យ៉ាង​ខ្លាំងក្លាមកលើគោលនយោ​បាយ​ព្យាបាលគ្រឿងញៀនកម្ពុជា។

ស្រ្តីនិងកុមាររួមទាំងស្រ្តីប្តូរភេទដែលពាក់ព័ន្ធក្នុងការងាររកស៊ីផ្លូវភេទប្រឈមនឹង​ការ​វាយដំរំលោភសេពសន្ថវៈការយារយីខាងផ្លូវភេទការជម្រិតការចាប់ខ្លួននិងឃុំខ្លួន​តាម​​អំពើចិត្តប្រព្រឹត្ត​ដោយនគរបាលនិងឆ្មាំសន្តិសុខដែលជួលដោយរដ្ឋាភិបាល។ច្បាប់​ស្តីពីការជួញដូរនិងការធ្វើអាជីវិកម្មផ្លូវភេទដែលដាក់ការជួញដូរមនុស្សជាបទ​ឧក្រិដ្ឋក៏បានដាក់អំពើអូស​ទាញជាអំពើខុសច្បាប់ផងដែរដែលនាំឲ្យដាក់អ្នករកស៊ី​ផ្លូវ​ភេទស្ថិតក្នុងការឃុំឃាំងនិង​រំលោភតាម​អំពើ​ចិត្ត។កុមារនិងគ្រួសារដែលគ្មានលំនៅ​ដ្ឋានអ្នកសុំទានប្រជាពលរដ្ឋដែល​ពិការ​សតិបញ្ញានិងប្រជាពលរដ្ឋទុគ្គតដទៃទៀតដែល​ត្រូវបានគេប្រមែប្រមូលតាមរយៈការ​បោស​​សម្អាតរបស់នគរបាលត្រូវបានគេ​ឃុំ​ខ្លួននិងធ្វើបាបក្នុងមណ្ឌលសង្គមកិច្ចរបស់​រដ្ឋា​ភិបាល។​

ការរឹបអូសយកដីធ្លីនិងការបណ្តេញចេញដោយបង្ខំ

ការរឹបអូសយកដីធ្លីដោយខុសច្បាប់និងការបណ្តេញចេញដោយបង្ខំដោយមន្រ្តីរដ្ឋា​ភិបាល​និង​​កង​កម្លាំងសន្តិសុខក្នុងនាមក្រុមហ៊ុននិងបុគ្គលដ៏មានអំណាចនៅតែជា​បញ្ហាក្តៅគគុក។សកម្ម​ជនសិទិ្ធដីធ្លីប្រឈមនឹងអំពើហិង្សានិងការចាប់ខ្លួនដែលក្នុង​នោះ​មានជាង៦០នាក់ត្រូវបានគេដាក់គុកឬរងចាំសវនាការក្នុង​ខណៈពេលនៃការ​សរសេររបាយការណ៍នេះព្រោះតែ​ការតវ៉ានឹងការបណ្តេញចេញដោយបង្ខំនិងការ​ចាប់​ច្បាមយកដីធ្លី។

ក្នុងខែសីហាអ្នកតវ៉ាជាង១០០នាក់ពីតំបន់អភិរក្សព្រៃឡង់  ត្រូវបានចាប់ខ្លួននៅ​រាជ​ធានី​​ភ្នំ​ពេញខណៈពេលកំពុងចែកខិតបណ្ណស្វែងរកការគាំទ្រ​ដល់ការការ​ពារព្រៃ​ឈើ។ប្រជាពលរដ្ឋ​ដប់នាក់ត្រូវបានគេធ្វើឲ្យរងរបួសក្នុងខែមិថុនានៅក្នុងខែត្រកំពង់ស្ពឺខណៈ​ពេលដែលព្រះរាជ​អាជ្ញាមួយរូបបានដឹកនាំទាហាននិងប៉ូលីសជាង១០០នាក់ដើម្បី​ចាប់ត្រួតត្រាយ៉ាងបង្ខំលើដី​ទំនាស់ដែលតុលាការបានប្រគល់ឲ្យក្រុមហ៊ុនតៃវ៉ាន់​មួយ។

ចាប់តាំងពីឆ្នាំ២០០៧មកអាជ្ញាធររាជធានីភ្នំពេញដែលមានការគាំទ្រពីទាហាននិង​ប៉ូលីស​បាន​​ស្វះស្វែងបណ្តេញចេញប្រហែល៤,២០០គ្រួសារដែលកំពុងរស់នៅ​ក្នុង​តំបន់បឹងកក់។ដីនេះត្រូវបានរដ្ឋាភិបាលប្រគល់ក្នុងកិច្ចសន្យា៩៩ឆ្នាំសម្រាប់​ជំនួញ​រួម​គ្នារវាង​ក្រុមហ៊ុនចិន​ និង​ស៊ូកាគុដែលជាក្រុមហ៊ុនកម្ពុជារបស់ឡៅម៉េងគីម​ សមាជិក​ព្រឹត្ត​សភានិងជាសមាជិក​ជាន់​ខ្ពស់​របស់គណបក្សប្រជាជនកម្ពុជា។ការបំភិតបំភ័យ​និង​អំពើហិង្សាដោយកង​កម្លាំង​សន្តិ​សុខបានបង្ខំគ្រួសារជាច្រើនឲ្យ​ទទួលយកកញ្ចប់​សំណងបន្តិចបន្ទួចនិងការតាំងទីលំនៅក្នុង​តំបន់​ដាច់​ស្រយាលឯជាយក្រុង។

សាលាក្តីខ្មែរក្រហម

នាយករដ្ឋមន្រ្តីហ៊ុនសែនបានបន្តធ្វើឲ្យអន្តរាយដល់ឯករាជ្យភាពរបស់អង្គជំនុំជំរះ​វិសា​មញ្ញ​នៃ​សាលាក្តីខ្មែរក្រហម(ECCC) ដោយទាមទារឲ្យតុលាការនេះឲ្យឈប់បន្ត​សំណុំ​រឿង០០៣និង​០០៤ប្រឆាំងនឹងជនសង្ស័យប្រាំនាក់ដែលសំណុំរឿងទាំងនេះ​ត្រូវបាន​ដាក់ស្នើសុំដីការចោទ​ពីសហព្រះរាជអាជ្ញាអន្តរជាតិ។ក្នុងខែមេសាលោកយូ​ ប៊ុនឡេងនិងលោកសៀកហ្វាយប្លាំងសហចៅក្រមស៊ើបអង្កេតបានបិទការស៊ើប​អង្កេត​សំណុំ​រឿង០០៣ដោយគ្មានបង្ហាញនិង​ផ្តល់​ការ​អនុញ្ញាតឲ្យមានការ​ពិនិត្យ​ពិច័យ​ឲ្យបានហ្មត់​ចត់នោះឡើយ។សហព្រះរាជអាជ្ញាអន្តរជាតិលោកអានឌ្រូខាយឡេបានប្រឆាំងនឹង​សេចក្តីសម្រេចចិត្តនេះនៅដើមខែឧសភាហើយមួយ​ខែ​ក្រោយមកសហចៅក្រមស៊ើប​អង្កេតបានច្រានចោលការស្នើសុំរបស់គាត់និងបាន​គំរាម​កំហែង​គាត់ថាមិន​ស្មោះត្រង់​នឹង​តុលាការដោយគ្មានមូលដ្ឋានស្តីពី​ការ​រំលោភ​អាថ៌កំបាំង​របស់​តុលាការ។សហចៅ​ក្រមស៊ើបអង្កេតក៏បានបង្រួមនិយមន័យស្តីពី“ជនរងគ្រោះ” ផងដែរដែល​តាមហេតុ​នេះបាននាំឲ្យមានការបិទចោលពាក្យសុំពីភាគី​រដ្ឋប្ប​វេណីក្នុងការបង្ហាញ​ភស្តុតាង​ក្នុង​សំណុំរឿងទាំងនោះ។ក្នុងខែតុលាអង្គការឃ្លាំ​មើលសិទិ្ធមនុស្សបានអំពាវនាវ​ឲ្យសហ​ចៅ​ក្រមស៊ើបអង្កេតលាលែងពីតំណែងចំពោះ​ការខកខានបំពេញករណី​កិច្ចតុលាការ​របស់ខ្លួន។មួយសប្តាហ៍ក្រោយមកលោកប្លាំងបានលាលែងពីតំណែងដោយទាញ​ហេតុ​សំអាង​ពីការ​ជ្រៀត​ជ្រែករបស់រដ្ឋាភិបាលក្នុង​តុលាការ។

ជនភៀសខ្លួននិងអ្នកស្វែងរកសិទិ្ធជ្រកកោន

អ្នកស្វែងរកសិទិ្ធជ្រកកោនជាពិសេសពីប្រទេសវៀតណាម និងប្រទេសចិន នៅតែស្ថិត ក្នុង​គ្រោះថ្នាក់ពីការធ្វើមាតុភូមិនិវត្តន៍ដោយបង្ខំដោយរំលោភលើអនុសញ្ញាស្តីពីជន ភៀស​ខ្លួន។ នៅថ្ងៃទី១៥ ខែកុម្ភៈ រដ្ឋាភិបាលបានបញ្ជាឲ្យបិទមណ្ឌល​ជនភៀស​ខ្លួន​ក្នុង​រាជធានីភ្នំពេញ ដែល​ផ្តល់ទីជម្រកដល់ជនភៀសខ្លួនជាតិម៉ុងតាញ៉ាពីប្រទេសវៀត​ណាម។ ទោះជាមានការ​ជំរុញជាអន្តរជាតិក៏ដោយ ក៏រដ្ឋាភិបាលកម្ពុជា​មិនបានកែប្រែ​អនុក្រិត្យរបស់ខ្លួន​ទាក់ទងការ​កំណត់​ឋានៈជនភៀសខ្លួនដែរ ដែលនេះជាការ​ខកខាន​ដើម្បីច្រកបញ្ចូលនិយមន័យស្តីពីជន​ភៀស​ខ្លួន​របស់អនុសញ្ញាស្តីពីជនភៀសខ្លួន និង​ម៉្យាងទៀតវាជាការខកខានបំពេញ​កាតព្វ​កិច្ច​របស់​ប្រទេសកម្ពុជាជាភាគីមួយនៃអនុ​សញ្ញា​នោះ។

អាជ្ញាធរកម្ពុជា នៅតែមិនផ្តល់សិទិ្ធជ្រកកោណទៅឲ្យខ្មែរក្រោម ដែលជាជាតិពន្ធខ្មែរពី​វៀត​ណាម​ខាងត្បូង ដែលបានភៀសខ្លួនចេញពីប្រទេសវៀតណាម។ ទោះជាមានការ​ចាត់ទុកពួក​គេជាប្រជាពលរដ្ឋកម្ពុជាក៏ដោយ ក៏អាជ្ញាធរមិនបានផ្តល់ឲ្យខ្មែរក្រោមជា​ច្រើន​​នាក់​នូវ​សញ្ជាតិ ឬសិទិ្ធស្នាក់នៅទេ។

ពលករចំណាកស្រុកធ្វើការតាមផ្ទះ

ចាប់តាំងពីឆ្នាំ២០០៨មក ស្រ្តីនិងកុមារីកម្ពុជាពី៤០,០០០ ទៅ៥០,០០០ នាក់ត្រូវបានគេជ្រើស​រើសជាអ្នកចំណាកស្រុកធ្វើការតាមផ្ទះក្នុងប្រទេសម៉ាឡេស៊ី។ ភ្នាក់ងារជ្រើសរើសជាញឹកញយ​ក្លែងបន្លំឯកសារអត្តសញ្ញាណសម្រាប់កុមារ ផ្តល់គ្រឿងលើកទឹកចិត្តជាសាច់ប្រាក់និងជា​ម្ហូប​អាហារ ដូចជា “ប្រាក់កម្ចី” ដែលនាំឲ្យអ្នកធ្វើចំណាកស្រុកជាប់បំណុលយ៉ាងច្រើន នាំឲ្យមាន​ការឃុំឃាំងអ្នកជ្រើសរើសនៅក្នុងមណ្ឌលហ្វឹកហ្វឺនក្នុងប្រទេសកម្ពុជាអស់ពេលជាច្រើនខែ និង​បំភិតបំភ័យជនទាំងឡាយដែលព្យាយាមរត់គេចខ្លួន។ មណ្ឌលជ្រើសរើសជាច្រើនមិនមាន​អាហារ ទឹកហូបគ្រប់គ្រាន់ទេ ហើយមិនមានសិទិ្ធទទួលបានការថែទាំសុខដែរ។ ក្នុងឆ្នាំ២០១១ ស្រ្តីដែលគេបានជ្រើសរើសចំនួនបីរូបបានស្លាប់ អំឡុងពេលត្រូវបានគេបង្ខាំងនៅក្នុងមណ្ឌល ហើយអាជ្ញាធរ មិនបានចាត់វិធានការស៊ើបអង្កេតអំពីមរណភាពរបស់ពួកគេ ឲ្យបាន​ហ្មត់ចត់​ឡើយ ឬក៏មិនបានដាក់ជនណាម្នាក់ឲ្យទទួលខុសត្រូវចំពោះមរណភាពទាំងនេះទេ។

សារាចរ​ការងារដែលគេបានកែប្រែក្នុងខែសីហា មិនបានធានាទាល់តែសោះលើការការពារ​សិទិ្ធអប្បរមាសម្រាប់អ្នកចំណាកស្រុកទៅក្រៅប្រទេស។ សារាចរដែលព្រាងឡើងដោយមាន​ការប្រឹក្សាតិចតួចជាមួយអ្នកធ្វើចំណាកស្រុក ឬអង្គការសង្គមស៊ីវិល មិនមានបទប្បញ្ញត្តិដោះ​ស្រាយ​​ការបង្ខាំមនុស្សដោយបង្ខំ  បំណុលទាសភាព និងការជ្រើសរើសកុមារនោះទេ។ មន្រ្តី​ស្ថានទូតកម្ពុជានៅក្នុងទីក្រុងកូឡាឡាំពួរ និងទីភ្នាក់ងារជ្រើសរើស ជាញឹកញយមិនបានការ​ពារកម្មករដែលភៀសខ្លួនចេញពីការរំលោភឡើយ ហើយក្នុងករណីខ្លះ បានបញ្ជូនកម្មករ​ត្រឡប់​​ទៅឲ្យនិយោជកដែលប្រព្រឹត្តអំពើរំលោភនោះវិញ។ ក្នុងខែតុលា កម្ពុជាបានប្រកាស​ហាមឃាត់មិនឲ្យបញ្ជូន​កម្មករទៅកាន់ប្រទេសម៉ាឡេស៊ីទេ។

អ្នកដើរតួសំខាន់ៗជាអន្តរជាតិ

ម្ចាស់ជំនួយរបស់ប្រទេសកម្ពុជាបានសន្យាផ្តល់ប្រាក់ពីរពាន់ប្រាំបីរយលានដុល្លារ​​ ជាជំនួយ​សម្រាប់​អភិវឌ្ឍន៍សម្រាប់ឆ្នាំ២០០៩ដល់២០១២។ចាប់តាំងពី​ឆ្នាំ១៩៩៨ដល់ឆ្នាំ២០០៨ម្ចាស់​ជំនួយបានបរិច្ចាគប្រចាំឆ្នាំប្រមាណប្រាំមួយរយលានលានដុល្លារក្នុង​មួយ​​ឆ្នាំៗ។ជំនួយបរទេស​កើនឡើងលើស៥០ភាគរយនៃថវិការរបស់​ប្រទេសកម្ពុជាក៏ប៉ុន្តែ​ម្ចាស់​ជំនួយបាននិយាយ​បន្តិច​បន្តួចប៉ុណ្ណោះអំពីបរិកាស​សិទិ្ធ​មនុស្ស​​ដែលកាន់តែអាក្រក់របស់​ប្រទេសកម្ពុជា។

ការលើកលែងគួរឲ្យកត់សម្គាល់មួយគឺនៅត្រង់ការឆ្លើយតបរបស់ម្ចាស់ជំនួយចំពោះ​សេចក្តី​ព្រាងច្បាប់អង្គការក្រៅរដ្ឋាភិបាលដែលនៅពេលធ្វើរបាយការណ៍នេះមិនទាន់​បានអនុម័ត​យក​នៅឡើយទេ។

ធានាគារពិភពលោកបានផ្អាកផ្តល់ប្រាក់កម្ចីថ្មីៗបន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានខកខាន​ដោះ​ស្រាយ​បញ្ហាចម្បងៗក្នុងកម្មវិធីផ្តល់កម្មសិទិ្ធដីធ្លីដែលគាំទ្រដោយ​ធានាគារ​ពិភព​លោក។អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលធនាគារនេះ​បានលើកកង្វល់​ស្តីពី​អំពើ​ពុករលួយ​កម្រិតខ្ពស់ប៉ុន្តែមិនសូវដែលបានចាត់ការទេ។

ប្រទេសជប៉ុនដែលជាប្រទេសម្ចាស់ជំនួយដ៏ធំបំផុតរបស់កម្ពុជាបាននិយាយបន្តិច​បន្ទួច​​អំពី​សិទិ្ធមនុស្សអំពីសេចក្តីព្រាងច្បាប់អង្គការក្រៅរដ្ឋាភិបាលឬមហន្តរាយរបស់​សាលាក្តីខ្មែរ​​ក្រហម។ប្រទេសចិនដែលជាប្រទេសវិនិយោគនិង​ជាម្ចាស់ជំនួយដ៏ធំ​មួយ​ផ្សេង​ទៀតបានបន្ត​បង្កើនជំនួយដល់កម្ពុជាដោយគ្មានលក្ខខណ្ឌធ្វើឲ្យខូចដល់​កិច្ច​ប្រឹងប្រែងរបស់បណ្តាប្រទេស​ដទៃៗទៀតក្នុងការដោះស្រាយកង្វល់អំពីសិទិ្ធ​មនុស្ស។