Skip to main content

ប្រទេសកម្ពុជា

ព្រឹត្តិការណ៍នានាក្នុងឆ្នាំ២០១០

រដ្ឋាភិបាលកម្ពុជាបានបង្កើនការគាបសង្កត់លើ សេរីភាពសម្តែងមតិ, សេរីភាពខាងការ​ប្រជុំ និងខាងសមាគម ក្នុងឆ្នាំ២០១០ ដោយធ្វើឲ្យលំហរ សម្រាប់កិច្ចប្រតិបត្តិការរបស់ សង្គម​ស៊ីវិលកាន់តែរួមតូច។

គណបក្សប្រជាជនកម្ពុជា(CPP) ដែលកំពុងកាន់អំណាចរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ប្រើប្រាស់ប្រព័ន្ធតុលាការ ច្បាប់ថ្មីៗ និងការគំរាមចាប់ខ្លួន ឬ វិធានការផ្លូវច្បាប់ ​ដើម្បី រឹតបន្តឹងលើការសម្តែងមតិដោយសេរី ដាក់គុកអ្នករិះគន់រដ្ឋាភិបាល បំបែកការតវ៉ាដោយ សន្តិវិធីរបស់កម្មករ និងកសិករ និងបំបិទមាត់សមាជិកគណបក្សប្រឆាំង។

ប្រទេសកម្ពុជា មានដំណើរថយក្រោយចំពោះការគោរពសន្ធិសញ្ញាអន្តរ​ជាតិនានាស្តីពី សិទិ្ធមនុស្ស​។ នៅក្នុងខែធ្នូ ឆ្នាំ២០០៩ រដ្ឋាភិបាលបានបញ្ជូនត្រលប់នូវ អ្នកស្វែងរកសិទ្ធ ជ្រកកោនជនជាតិ អ៊ូហ្គ័រ ចំនួន២០​នាក់ ដែលជាអ្នកស្ថិតក្នុងគ្រោះថ្នាក់នៃអំពើទារុណកម្ម និងការធ្វើបាប នៅពេលទៅដល់ប្រទេសចិនវិញ ដែលទង្វើនេះជាការរំលោភទៅលើ កាតព្វកិច្ចរបស់កម្ពុជាក្រោមអនុសញ្ញាស្តីពីជនភៀសខ្លួន ឆ្នាំ១៩៥១។ ការបញ្ជូនត្រលប់ ដោយបង្ខំដ៏ចំរូងចំរាស់ បានធ្វើឡើងមួយថ្ងៃមុនទស្សនកិច្ចរបស់មន្រ្តីជាន់ខ្ពស់ចិន ដែល មន្រ្តីជាន់ខ្ពស់ចិនបានសម្រេចផ្តល់កញ្ចប់ជំនួយដ៏សន្ឋឹកសន្ឋាប់ដល់កម្ពុជា។

សេរីភាពសម្តែងមតិ សេរីភាពខាងសមាគម និងខាងការប្រជុំ

អ្នកសារព័ត៌ដែលរិះគន់រដ្ឋាភិបាល ប្រឈមមុខនឹងវិធានការផ្លូវច្បាប់ដោយភាព អយុត្តិធម៌ ការជាប់ពន្ឋនាគារ និងអំពើហិង្សា។ យ៉ាងហោចណាស់ អ្នកកាសែតប្រឆាំង ចំនួន ១០​រូប ត្រូវបានគេសម្លាប់ក្នុងពេល ១៥ឆ្នាំ ចុងក្រោយនេះ។

ក្រោមក្រមព្រហ្មទណ្ឌថ្មី ដែលបានចូលជាធរមានក្នុងខែវិច្ឆិកា ឆ្នាំ២០០៩ អ្នករិះគន់រដ្ឋាភិបាល ដែលបញ្ចេញទស្សនៈដោយសន្តិវិធីចំពោះ បុគ្គល និងស្ថាប័នរដ្ឋាភិបាល ប្រឈមនឹង ការកាត់ទោសពីបទព្រហ្មទណ្ឌ បរិហាកេរ្តិ៍ និងផ្សព្វផ្សាយព័ត៌មានមិនពិត។ អ្នកទាំងនេះ មានជាអាទិ៍ និពន្ធនាយកនៃសារព័ត៌មាន ខ្មែរអមតៈ ដែលត្រូវបានគេចោទប្រកាន់ ក្នុង ខែមីនា​ ពីបទបរិហារកេរ្តិ៍ និងផ្សព្វផ្សាយព័ត៌មានមិនពិត ចំពោះអត្ថបទអធិប្បាយមួយ ស្តីពីអំពើពុក​រលួយរបស់រដ្ឋាភិបាល និងនិពន្ធនាយកនៃសារព័ត៌មាន ព្រៃនគរ ដែល សរសេរពីកិច្ច​ការរបស់ខ្មែរកម្ពុជាក្រោម ត្រូវបានគេបង្ខំឲ្យលាលែងពីតំណែង ក្នុងខែ សីហា។ ក្នុងខែ​ឧសភា អាជ្ញាធរបានហាមឃាត់ការដាក់បញ្ចាំងភាពយន្តឯកសារជា សាធារណៈ នៅក្នុងទីក្រុងភ្នំពេញ នូវភាពយន្តឯកសារមួយស្តីពីការធ្វើឃាតលើលោក ជា វិជ្ជា មេដឹកនាំសហជីព​ ក្នុងឆ្នាំ២០០៤។ មិនមាន​ភាពជឿនលឿន នៅក្នុងការស៊ើប អង្កេតករណីឃាតកម្មលើលោកជាវិជ្ជាទេ ឬលើមេដឹកនាំ​សហជីពពីររូបផ្សេងទៀត ដែល ត្រូវបានធ្វើឃាតក្នុងឆ្នាំ២០០៤ ទេ។

នៅពេលកំពុងតែរង់ចាំ ច្បាប់ស្តីពីអង្គការមិនមែនរដ្ឋាភិបាល នោះ មានការរំពឹងទុកថា នឹងមាន ការដាក់កំហិតកាន់តែខ្លាំងក្លាថែមទៀតលើសហជីពចំពោះ ​សេរីភាពខាង សមាគម។

នៅក្នុងខែកញ្ញា កម្មករ កាត់ដេររាប់ពាន់ម៉ឺននាក់ ដែលទាមទារប្រាក់ឈ្នួលខ្ពស់ជាងមុន បាន​ចាប់ផ្តើមធ្វើកូដកម្មស្របច្បាប់ ដែលប្រធានសហជីពបានផ្អាកការធ្វើកូដកម្មនេះ ​បន្ទាប់ពីរដ្ឋាភិបាលយល់ព្រមចរចា។ ក៏ប៉ុន្តែ និយោជកបានព្យួរការងារ ឬ បណ្តេញចេញ ពីការងារនូវ មេដឹកនាំសហជីព និងសមា​ជិកសហជីព ជាង២០០ នាក់ ដែលមានតួនាទី ក្នុងកូដកម្ម ហើយដែលការណ៍នេះ បានធ្វើឲ្យមាន ការតវ៉ាពីកម្មករ។

អាជ្ញាធរបានបន្តបំបែកដោយបង្ខំ និងជាញឹកញយដោយហិង្សា លើការតវ៉ាជា សាធារណៈ។ ច្បាប់ថ្មីអនុញ្ញាតឲ្យមន្រ្តីមូលដ្ឋានហាមប្រាមការតវ៉ានានា ដែលចាត់ទុក ថាជាការគំរាមកំហែងដល់ "សន្តិសុខ, សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ"។

ប្រព័ន្ធតុលាការ

ក្នុងឆ្នាំ២០១០ រដ្ឋាភិបាល មិនបានខិតខំប្រឹងប្រែងដើម្បីលើកស្ទួយដល់ ភាពឥតលំអៀង ឬឯករាជ្យភាពរបស់តុលាការ ឡើយ។

ករណីតុលាការដែលមានការជម្រុញខាងនយោបាយ បានបន្តតម្រង់ទៅរក សមាជិក បក្សប្រឆាំង។ ក្នុងខែមករា តុលាការខេត្តមួយ បានកាត់ទោសលោក សម រង្ស៊ី មេដឹកនាំ គណបក្សប្រឆាំង និងអ្នកភូមិពីររូប ពីបទចោទប្រកាន់អំពី ការញុះញង់ឲ្យមានការរើស អើងពូជសាសន៍ និងការបំផ្លិច​បំផ្លាញបង្គោលកំណត់ព្រំដែន។ នៅក្នុងសវនាកាបិទទ្វារ តុលាការបានច្រានចោលមិនពិចារណាលើ​ភស្តុតាងបង្ហាញដោយមេធាវីការពារក្តី និង បានកាត់ទោសលោក រង្ស៊ី កំបាំងមុខឲ្យជាប់គុករយៈពេល ពីរឆ្នាំ។ ក្នុងខែកញ្ញា លោក ត្រូវបានតុលាការកាត់ទោសដាក់គុករយៈពេល ១០ឆ្នាំ បន្ថែមទៀត ចំពោះការផ្សាយ ព័ត៌មានមិនពិត និងការក្លែងបន្លំផែនទី។

កង្វះខាតឯករាជ្យភាពរបស់តុលាការ ត្រូវបានស្តែងចេញឲ្យឃើញជាបន្តទៀត ក្នុងខែ សីហា ខណៈពេលដែល តុលាការ ខេត្ត តាកែវ កាត់ទោសមនុស្ស បួននាក់ ពីបទចោទ ប្រកាន់គ្មានមូលដ្ឋាន​អំពីការផ្សាយព័ត៌មានមិនពិត។

ច្បាប់ប្រឆាំងអំពើពុករលួយ ដែលមានការទន្ទឹងរង់ចាំជាយូរមកហើយនោះ ត្រូវបាន អនុម័តយ៉ាងបន្ទាន់បំផុត ក្នុងខែមីនា ដោយមានពេល តិចតួចសម្រាប់ការផ្តល់យោបល់ពី សាធារណជន។ រដ្ឋាភិបាល ​បានគំរាមបណ្តេញ អ្នកសម្របសម្រួលរបស់អង្គការសហ ប្រជាជាតិប្រចាំប្រទេស នៅពេលដែលទីភ្នាក់ងារអង្គការសហប្រជាជាតិ បានអំពាវនាវ ឲ្យមានការជជែកដេញដោល​ជាសាធារណៈឲ្យបានច្រើនថែមទៀត​លើច្បាប់ ​ ដែលច្បាប់នេះ ខ្វះខាតនូវកិច្ចការពារ គ្រប់គ្រាន់ចំពោះអ្នកផ្តល់ព័ត៌មានអំពីអំពើពុករលួយ និងខកខានធានា ដល់ឯករាជ្យភាពរបស់ស្ថាប័នប្រឆាំងអំពើពុករលួយ ​ដែលបង្កើត​ឡើងដោយច្បាប់។

ការឃុំឃាំងតាមទំនើងចិត្ត និងអំពើទារុកម្ម

នគរបាល និងកងរាជអាវុធហត្ថ ជាទម្លាប់ប្រើប្រាស់ទារុណកម្មដើម្បីទាញយកចម្លើយ សារភាព។ តុលាការខកខានដោះស្រាយអំពើទារុណកម្ម ដែលជាអំពើខុសច្បាប់ និង ប្រើប្រាស់ចម្លើយសារភាពបានមកពីការបង្ខិតបង្ខំ ដើម្បីកាត់ទោសជនជាប់ចោទ។ សម្ព័ន្ធ​ខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស (លីកាដូ) បានទទួលរបាយការណ៍ករណី ទារុណកម្ម ចំនួន ៦០ករណី ត្រឹមតែរយៈពេលកន្លះឆ្នាំដំបូង នៃឆ្នាំ២០១០ ​តែ​ប៉ុណ្ណោះ។

មនុស្សជាង ២០០០ នាក់ ត្រូវបាន ឃុំឃាំងដោយបំពាននៅក្នុងមជ្ឈមណ្ឌលឃុំឃាំងសម្រាប់ អ្នកប្រើគ្រឿងញៀន ចំនួន ១១ កន្លែង របស់រដ្ឋាភិបាល។ មជ្ឈមណ្ឌលទាំងនេះមាន អាណត្តិ ការងារ ដើម្បីព្យាបាល និង"ស្តារនីតិសម្បទា"អ្នកប្រើប្រាស់គ្រឿងញៀន ប៉ុន្តែមជ្ឈមណ្ឌល ទាំងនេះដាក់អ្នកជាប់ឃុំឲ្យទទួលរងនូវអំពើហិង្សា (រួមមានទាំង ការឆក់ខ្សែភ្លើង និង ការវាយនឹងខ្សែតី) ការងារដោយបង្ខំ និងការហ្វឹកហាត់របៀប​យោធា។​ អ្នកជាប់ឃុំ ជា ច្រើននាក់ជាកុមារ និងជាអ្នកដែលមានជំងឺផ្លូវចិត្ត។ ក្នុង​ខែធ្នូ ឆ្នាំ២០០៩ អ្នកប្រើប្រាស់ គ្រឿងញៀនចំនួន២១នាក់ ត្រូវបានគេឃុំឃាំងដោយខុស​ច្បាប់ និងបង្ខំឲ្យទទួល ការសាកល្បងថ្នាំបន្សាបមានរូបមន្តផ្សំពីរុក្ខជាតិរបស់វៀតណាម ដែលគ្មានចុះបញ្ជីការ ដែលគេអះអាងថា "ព្យាបាល" អ្នកញៀនគ្រឿងញៀន។

ស្រ្តី និងកុមារី រួមទាំងស្រីស្រស់ ដែលពាក់ព័ន្ធក្នុងការងារផ្លូវភេទ ប្រឈមនឹងការវាយដំ ការរំលោភសេពសន្ថវៈ អំពើយាយីរផ្លូវភេទ ការជំរិតទារប្រាក់ ការចាប់ខ្លួនតាមទំនើងចិត្ត ការឃុំឃាំងដោយនគរបាល ឆ្មាំសន្តិសុខដែលជួលដោយរដ្ឋាភិបាល និងនិយោជិករបស់ មជ្ឈមណ្ឌលសង្គមកិច្ច។ ច្បាប់ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្ម ផ្លូវភេទ ឆ្នាំ២០០៨ ដាក់ជាបទព្រហ្មទណ្ឌនូវ អំពើជួញដូរ  ក៏ប៉ុន្តែច្បាប់នេះ ក៏ដាក់ "អំពើអូសទាញ" ជាអំពើខុសច្បាប់ផងដែរ ដែលនាំឲ្យអ្នកធ្វើការងារខាងផ្លូវភេទ ប្រឈម នឹងការឃុំឃាំងខ្លួន និងការរំលោភបំពានតាមតែអំពើចិត្ត។ ការបង្រ្កាបរបស់នគរបាល លើ "អំពើជួញដូរ" បានផ្តោតទៅលើ ការបិទ​ផ្ទះបន និងឃុំឃាំងអ្នកធ្វើការងារផ្លូវភេទ តាមទំនើងចិត្ត ជាជាងនាំអ្នកប្រព្រឹត្តអំពើជួញដូរយកទៅកាត់ទោស។

កុមារអានាថា គ្រួសារគ្មានផ្ទះសម្បែង អ្នកសុំទាន អ្នកមានជំងឺផ្លូវចិត្ត និងទុរ៌គតជន ដទៃទៀត ដែលប្រមូលបានក្នុងយុទ្ធនាការបោសសម្អាតរបស់នគរបាល ក៏ត្រូវបាន ឃុំឃាំង​ និងធ្វើបាបផងដែរ នៅក្នុងមជ្ឈមណ្ឌលសង្គមកិច្ចរបស់រដ្ឋាភិបាល។

ពន្ធនាគារកម្ពុជា បន្តដាក់មនុស្សច្រើនហួសពីសមត្ថភាពរបស់ពន្ឋនាគារ យ៉ាងខ្លាំង និងខ្វះអាហារហូបចុកគ្រប់គ្រាន់ ខ្វះទឹក អនាម័យ និងការថែទាំសុខភាព។ ពន្ធនាគារ ខេត្ត ព្រៃវែង បានផ្ទុះឡើងនូវជំងឺអាសន្នរោគដ៏ធំមួយក្នុងខែ កក្កដា ចំណែកឯអ្នកទោស ១៥នាក់ ក្នុងខេត្ត កំពង់ធំ​​ ដែលបានព្យាយាមគេចខ្លួន នៅដើមឆ្នាំ២០១០ ត្រូវបានដាក់ ច្រវាក់ជាប់នឹងចង្រឹងដែកអស់ពេលជាងមួយខែ។

ការរឹបអូសយកដីធ្លី និងការបណ្តេញចេញដោយបង្ខំ​

ការរឹបអូសយកដីធ្លីដោយខុសច្បាប់ និងការបណ្តញចេញដោយបង្ខំ នៅបន្តកើនឡើង។ យោងតាមការអង្កេតរបស់អង្គការលីកាដូលើខេត្តចំនួន ១៣ ក្នុងចំនោមខេត្តទាំង២៤ របស់ប្រទេសកម្ពុជា តែក្នុង​អំឡុងកន្លះឆ្នាំដំបូង នៃឆ្នាំ២០១០ មានមនុស្សប្រមាណជា ជាង៣,៥០០គ្រួសារ - ប្រហែលជា ១៧,០០០នាក់ - បានទទួលរងនូវការប៉ះពាល់ថ្មីៗ ពីការរឹបអូសយកដីធ្លី ។

សកម្មជនខាងសិទិ្ធដីធ្លី ប្រឈមនឹង អំពើហិង្សានិងការចាប់ខ្លួន ដោយមានមនុស្សជាង​ ៦០នាក់  ជាប់ពន្ឋនាគារ ឬកំពុងតែរង់ចាំសវនាការកាត់សេចក្តី ចំពោះការតវ៉ាអំពី ការបណ្តេញចេញដោយបង្ខំ និង ការដណ្តើមយកដីធ្លី។

នៅក្នុងខេត្តកំពង់ស្ពឺ មានមនុស្សជាង៨០០គ្រួសារ បានទទួលរងនូវការរឹបអូសយកដីធ្លី ដោយសារតែការធ្វើសម្បទានដីសំម្រាប់ផលិតស្ករស ឲ្យទៅសមាជិកព្រឹទ្ធសភារបស់ គណបក្សប្រជាជនកម្ពុជា។ ទាហាន កងរាជអាវុធហត្ថ និងតុលាការ បានសម្របសម្រួល ឲ្យមានការចាប់ខ្លួន និងចោទប្រកាន់លើ កសិករ ដែលតវ៉ាប្រឆាំងនឹងការរឹបអូសយកដីធ្លី របស់ពួកគេ។

ក្នុងខែមករា ឆ្មាំក្រុមហ៊ុន និងទាហានពីកងពលតូចលេខ៣១ បានធ្វើឲ្យរបួសដល់អ្នកភូមិ​យ៉ាងហោចណាស់បួននាក់ ខណៈពេលដែលពួកគេបណ្តេញមនុស្សចំនួន ១១៦ គ្រួសារ ដោយបង្ខំ ឲ្យចាកចេញពីដីធ្លីរបស់ពួកគេ នៅក្នុងក្រុងកំពង់សោម ដែលគេមានគម្រោង អភិវឌ្ឍលើដីនោះដោយក្រុមហ៊ុនចិន ។​ ការប្រើប្រាស់កម្លាំងទាហានសម្រាប់ការ បណ្តញ​ចេញ គឺជាអំពើខុសច្បាប់នៅក្នុងប្រទេសកម្ពុជា។

ទំនាស់ដីធ្លីដែលប៉ះពាល់ដល់ជនជាតិដើមភាគតិច បានបន្តកើតមានដោយគ្មាន ស្រាកស្រានឡើយ។ ក្នុងខែ មីនា គណៈកម្មាធិការលុបបំបាត់ការរើសអើងពូជសាសន៍ របស់អង្គការសហប្រជាជាតិ បានរិះគន់រដ្ឋាភិបាលចំពោះការផ្តល់សម្បទានដីច្រើន ហួសប្រមាណលើដីរបស់ជនជាតិដើមភាគតិច ដោយគ្មានការយល់ព្រមពីពួកគេ និង​ការយារយីលើអ្នកតវ៉ាដោយសន្តិវិធី។ ក្នុងខេត្តកំពង់ស្ពឺ អ្នកកាន់កាប់ដីសម្បទាន ជនជាតិសាំងហ្គាពួរ ចាប់ដៃគូជាមួយប្អូនស្រីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បី មើលការខុសត្រូវលើ​ការឈូសឆាយដីចំការ ដែលជាកម្មសិទិ្ធរបស់ជនជាតិសួយ ដែលជាគំរាមកំហែងដល់ប្រភពធនធានសម្រាប់ចិញ្ចឹមជីវិតរបស់ជនជាតិ ចំនួន ៣៥០គ្រួសារ។

នៅថ្ងៃទី២៦ ខែមេសា ឃាតករមិនស្គាល់មុខ ក្នុងខេត្ត បាត់ដំបង បានបាញ់សម្លាប់ ពេជ្យ សុផាន សកម្មជនសហគម ដែលបានដឹកនាំអ្នកភូមិ តវ៉ានឹងទាហានដែលរឹបអូសយកដី របស់ពួកគេ ហើយដែលគាត់គឺជាសាក្សីចំពោះការបាញ់ប្រហារនៅថ្ងៃទី៤ ខែមេសា លើសកម្មជនជាអ្នកភូមិជាមួយគ្នា ឈ្មោះ សឹម​ ម៉ី ។ ម៉ី បានរួចជីវិត ប៉ុន្តែត្រូវបានជាប់ ពន្ឋនាគារក្នុងខែមិថុនា ចំពោះបទចោទប្រកាន់ពីការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ។

សាលាក្តីខ្មែរក្រហម

ក្នុងខែកក្កដា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក)  ដែលគាំទ្រដោយ អង្គការសហប្រជាជាតិ បានកាត់ទោសអតីតប្រធានគុកទួលស្លែង (ស២១) ឈ្មោះ កាំង ហ្កេកអ៊ាវ ហៅឌុច ឲ្យ​ជាប់ពន្ធនាគាររយៈពេល៣៥ឆ្នាំ ពីបទឧក្រិដ្ឋកម្ម​ប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្រ្គាម។ គាត់ត្រូវប្រឈមនឹង​ការជាប់ពន្ធនាគារតែ​ ១៩ឆ្នាំ​ ទៀតប៉ុណ្ណោះ ដោយសាររយៈពេលឃុំឃាំងត្រូវបានទូទាត់ជាមួយនឹងរយៈពេលនៃការឃុំឃាំង​ខុស ច្បាប់​របស់គាត់ មុនពេលគាត់ត្រូវបានបញ្ចូនទៅអង្គជំនុំជម្រះវិសាមញ្ញក្នុង​តុលាការ កម្ពុជា។

ក្នុងខែ កញ្ញា សាលាក្តីនេះបានប្រកាសចោទប្រកាន់ចំពោះអតីតមេដឹកនាំខ្មែរក្រហមបួន​រូប​​ផ្សេងទៀត។ ការចោទប្រកាន់ប្រឆាំងនឹងពួកគេរួមមាន អំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្ស​ជាតិ អំពើទារុណកម្ម និងឃាតកម្ម។ ទោះបីជាមានដីកា ​ពី សហព្រះរាជអាជ្ញាអន្តរជាតិ ឲ្យចោទប្រកាន់មនុស្សប្រាំមួយនាក់បន្ថែមទៀត ក៏ដោយ ក៏លោក ហ៊ុន សែន បានបន្តប្រឆាំងជា​សាធារណៈ លើការកាត់ក្តីបន្ថែមក្រៅតែពី អតីតមេដឹកនាំខ្មែរក្រហមប្រាំរូបដែលកំពុងជាប់ឃុំឃាំង ហើយបាន​បញ្ជាក់ទស្សនៈ​នេះ ឡើងវិញ ទៅកាន់លោក​អគ្គលេខាធិការអង្គការសហប្រជាជាតិ ក្នុងកិច្ចប្រជុំមួយក្នុង ខែ តុលា។

ជនភៀសខ្លួន និងអ្នកស្វែងរកសិទ្ធិជ្រកកោន

អ្នកស្វែងរកសិទ្ធិជ្រកកោន ពិសេសមកពីប្រទេសវៀតណាម និងប្រទេសចិនប្រឈមមុខ ​នឹង​ការបង្ខំឲ្យវិលត្រលប់ទៅកាន់ប្រទេសដើមវិញ ដោយរំលោភនឹង អនុសញ្ញាជនភៀស ខ្លួន។ ជនជាតិ អ៊ូរហ្គ័រ ត្រូវបានបញ្ចូនត្រឡប់​ទៅប្រទេសចិនវិញទាំងបង្ខំ រយៈពេលបីថ្ងៃ បន្ទាប់ពីលោក ហ៊ុន សែន​ បានចុះ​ហត្ថលេខាលើ​អនុក្រិត្យស្តីពីជនភៀសខ្លួន។

អាជ្ញាធរក៏បានបដិសេធសិទ្ធិជ្រកកោនសម្រាប់ខ្មែរក្រោម (ជនជាតិ ខ្មែរ មកពី​ភាគ​ខាង ត្បួង ​ប្រទេសវៀតណាម) ដែលបានភៀសខ្លួនចេញពីប្រទេស វៀតណាម ​មកកាន់​ប្រទេសកម្ពុជា។ ផ្ទុយពីការសន្យាក្នុងការចាត់ទុកខ្មែរក្រោម ថាជាប្រជាពលរដ្ឋកម្ពុជា អាជ្ញា​ធរខកខានមិនបានផ្តល់ ​សញ្ជាតិ និងសិទ្ធិស្នាក់នៅ ដល់ខ្មែរក្រោមជាច្រើននាក់ ដែលក្នុង​នោះមានខ្មែរក្រោមចំនួន ២៤នាក់ ដែលត្រូវបានបញ្ជូនត្រលប់មកប្រទេស កម្ពុជា វិញក្នុងខែធ្នូ ឆ្នាំ២០០៩ បន្ទាប់ពីពួកគេ​បរាជ័យ​ក្នុងការទទួលបានសិទ្ធិជ្រកកោន នៅ​ប្រទេសថៃ។ ក្នុងខែកុម្ភៈ ឆ្នាំ២០១០ អាជ្ញាធរបានច្រានចោលការស្នើសុំរបស់ក្រុម នោះ ក្នុងការទទួលបាន​ឯកសារចាំបាច់​ដើម្បី ជួល​កន្លែង​​ស្នាក់នៅ ទទួលបានការងារធ្វើ និងទទួលបានការថែទាំសុខភាព ការអប់រំ និង​សេវាផ្សេងៗទៀត។

អ្នកដើរតួអន្តរជាតិសំខាន់ៗ

ក្នុងខែមិថុនា ម្ចាស់ជំនួយរបស់ប្រទេសកម្ពុជា បានសន្យាផ្តល់ប្រាក់ចំនួន ១.១ ពាន់លាន ដុលា្លរ​អាមេរិក ជាជំនួយអភិវឌ្ឍសម្រាប់ឆ្នាំ២០១០។ ថវិការជំនួយដែលផ្តល់ឲ្យក្នុង រយៈពេលជាច្រើន​ឆ្នាំ​សម្រាប់កំណែទម្រង់​ប្រព័ន្ធតុលាការ បានទទួលផលតែបន្តិច បន្តួច។ ជប៉ុន ដែលជាប្រទេស​ម្ចាស់​ជំនួយធំបំផុតរបស់​កម្ពុជា និងជាអ្នកឧបត្ថម្ភថវិកា ដ៏ធំបំផុតតែមួយគត់នៃអង្គជំនុំ​ជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានបន្ត​រក្សាការអនុវត្ត របស់ខ្លួនក្នុងការមិនប្រឈម​មុខជាសាធារណៈជាមួយរដ្ឋាភិបាល​ ចំពោះការរំលោភសិទ្ធិ មនុស្សរបស់​រដ្ឋាភិបាលនេះ។ ប្រទេសចិន ដែលជាម្ចាស់ជំនួយ និងជាអ្នកវិនិយោគធំ មួយទៀត បានបន្តបង្កើនជំនួយ​ ដល់​កម្ពុជា ដោយមិនមានដាក់ល័ក្ខខ័ណ្ឌដល់ការលើក ស្ទួយសិទ្ធិមនុស្សសោះឡើយ។

ក្រៅពីបានគាំទ្រដល់គម្រោងនានាស្តីពី នីតិរដ្ឋ សុខាភិបាល និងសិទ្ធិមនុស្ស សហរដ្ឋ អាមេរិក​ បាន​បន្តផ្តល់​ជំនួយ និង បណ្តុះបណ្តាលកងកម្លាំងយោធាកម្ពុជា រួមមានអង្គភាព​ដែលមាន​កំណត់​​​ត្រា​​អំពីអំពើរំលោភ​សិទ្ធិយ៉ាធ្ងន់ធ្ងរ ដូចជាកងពលតូចលេខ៣១ កងវរសេនាតូចលេខ៧០ និងកងពលតូចឆ័ត្រយោងលេខ៩១១ ដែលជាការរំលោភ ច្បាប់លាហ៊ី [Leahy law] ។ ជាការឆ្លើយតបទៅនឹងការបញ្ជូនត្រលប់នូវ អ្នកស្វែងរកសិទ្ធិ ជ្រកកោន ជនជាតិ អ៊ូរហ្គ័រ នៅ​ក្នុងខែ​មេសា សហរដ្ឋអាមេរិក បានលុបចោលការដឹក ជញ្ចូនរថយន្តយោធាបន្ថែមចំនួន២០០​គ្រឿង​មក​ឲ្យ​កម្ពុជា។ នៅក្នុងខែ កក្កដា សមយុទ្ធ រក្សាសន្តិភាពក្នុងតំបន់ ឧបត្ថម្ភដោយ​សហ​រដ្ឋអាមេរិក បានប្រព្រឹត្តឡើងនៅលើដី ដែល ផ្តល់ឲ្យដោយអង្គភាពយោធាមួយ ដែល​មាន​ជាប់ពាក់ព័ន្ធក្នុង​ការ​រឹបអូសដីខុសច្បាប់។

ក្នុងខែ សីហា សហគមន៍អឺរ៉ុប ​បានរៀបចំកិច្ចប្រជុំប្រឹក្សាយោបល់សាធារណៈរបស់ខ្លួន ជាមួយសង្គមស៊ីវិល​ជាលើកដំបូងនៅក្នុងប្រទេស​កម្ពុជា នៅមុនពេលធ្វើកិច្ចពិភាក្សា​ប្រចាំ​ឆ្នាំស្តីអំពីសិទ្ធិមនុស្សជាមួយរដ្ឋាភិបាល។ ក្រុមគាំទ្រសិទ្ធិមនុស្ស បានរិះគន់ គោល​នយោបាយមិនយកពន្ធរបស់សហគមន៍អឺរ៉ុប លើការនាំចូលស្ករ​របស់ប្រទេសកម្ពុជា ដែលស្ករ​មួយចំនួនបានមកពីចំការដំណាំ ដែលធ្វើឲ្យប្រជាពលរដ្ឋកម្ពុជានៅតំបន់​ដាច់ស្រយាល​រាប់ពាន់​នាក់​បាត់បង់ទីលំនៅ។

ក្នុងខែ មីនា កម្ពុជាបានព្រមទទួលយកជាផ្លូវការនូវអនុសាសន៍ទាំង​៩១ចំណុច ដែល រដ្ឋសមាជិកអង្គ​ការសហប្រជាជាតិ បានធ្វើក្នុង​អំឡុងពេលនៃការពិនិត្យជាសកលតាម កាលកំណត់អំពីបញ្ហាសិទិ្ធ​របស់ប្រទេសកម្ពុជា ដែលបានកត់ត្រាដោយក្រុមប្រឹក្សា សិទិ្ធមនុស្សសហប្រជាជាតិ។ ក៏ប៉ុន្តែ ខណៈពេលដែលអ្នកតំណាងប្រចាំប្រទេសមកពី​ឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ធ្វើការរិះគន់លើការ​បញ្ជូនត្រលប់ នូវជនជាតិថៃ ​ពីរ​រូប​ក្នុងខែមិថុនា រដ្ឋាភិបាលបានគំរាមបណ្តេញគាត់ចេញ។ យោងតាម​រដ្ឋមន្រ្តីក្រសួងការបរទេស បានឲ្យដឹងថា លោក ហ៊ុន សែន បានទាមទារឲ្យមានការ​បណ្តេញអ្នកតំណាងរូបនោះ និងបិទការិយាល័យនេះចោល នៅក្នុងកិច្ចប្រជុំមួយជា​មួយ​លោកអគ្គ​លេខាធិការអង្គការសហប្រជាជាតិ ក្នុងខែ តុលា។ ក្នុងខែ កញ្ញា របាយការណ៍​មួយរបស់អ្នករាយការណ៍ពិសេសស្តីពីបញ្ហាសិទិ្ធមនុស្សក្នុងប្រទេស​កម្ពុជា ​បានរិះគន់​យ៉ាង​ខ្លាំង​ទៅលើកង្វះឯករាជ្យ​ភាពនៃប្រព័ន្ធតុលាការ។