January 7, 2021

ប្រទេសកម្ពុជា

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាន់អំណាចរយៈពេល ៣៥ ឆ្នាំ បានក្លាយជាមេដឹកនាំស្ថិតក្នុងអំណាចរយៈពេលយូរជាងគេបំផុតមួយរូប ក្នុងចំណោមមេដឹកនាំក្នុងលោក បានប្រើប្រាស់ ការរីករាលដាលនៃជំងឺកូវីដ ១៩ ជាលេសក្នុងការបន្តរក្សាអំណាចរបស់គាត់។ ក្នុងរយៈពេលមួយឆ្នាំនេះ រដ្ឋាភិបាលបានប្រើអំពើហិង្សាម្តងហើយម្តងទៀតប្រឆាំងនឹងបាតុករអហិង្សា និងការចាប់ខ្លួនអ្នកការពារសិទ្ធិមនុស្ស អ្នកសារព័ត៌មាន សមាជិកបក្សប្រឆាំង និងប្រជាពលរដ្ឋសាមញ្ញ ក្នុងការសម្តែងមតិរបស់ពួកគេដោយ អហិង្សា។ គិតត្រឹមពេលចេញរបាយការណ៍នេះ កម្ពុជាបានចាប់ឃុំអ្នកទោសនយោបាយចំនួន ៦០នាក់។

អំឡុងការរីករាលដាលនៃជំងឺកូវីដ ១៩ គណបក្សប្រជាជនកម្ពុជា បានប្រើប្រាស់យន្តការរដ្ឋសភាដែលមានសមាជិកទាំងអស់ ១២៥​ កៅអីរបស់ខ្លួន ដើម្បីអនុម័តច្បាប់ថ្មីៗ ក្នុងបំណងគំរាមកំហែងដល់សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។ ការឆ្លើយតបរបស់រដ្ឋាភិបាលប្រឆាំងនឹងការរីករាលដាលនៃជម្ងឺកូវីដ ១៩បានពង្រឹងមូលដ្ឋាននៃការរើសអើងប្រឆាំងសហគមន៍ជនជាតិភាគតិចមូស្លីមកម្ពុជា ដោយបានបញ្ចេញអត្តសញ្ញាណសាសនារបស់ពួកគេ ក្នុងពេលរាយការណ៍បុគ្គលដែលឆ្លងជម្ងឺកូវីដ ១៩។

រដ្ឋាភិបាល និងស្ថាប័នមីក្រូហិរញ្ញវត្ថុខកខានមិនបានការពារកូនបំណុលពីស្ថានភាពវិបត្តិបំណុលវ័ណ្ឌកកំពុងកើតមានពីប្រាក់កម្ចីខ្នាតតូច ដែលនេះជាការមើលរំលងសិទ្ធិទទួលបានបទដ្ឋាននៃការរស់នៅពេញលេញ។ អាជ្ញាធរមិនបានដោះលែងអ្នកជាប់ឃុំ ដែលមានហានិភ័យខ្ពស់ពីការឆ្លង និងរងគ្រោះពីផលវិបាកនៃជម្ងឺកូវីដ ១៩ ពីមន្ទីរឃុំឃាំងដែលមានអ្នកជាប់ឃុំចង្អៀតណែន។ ក្នុងចំណោមសិស្ស និស្សិតជាង ៣ លាននាក់ ដែលការសិក្សារបស់ពួកគេត្រូវបានអាកខានតាំងពីមានការបិទសាលារៀននៅខែមិនា កុមារដែលស្ថិតក្នុងគ្រួសារក្រីក្រ និងនៅទីជនបទ ជាអ្នកដែលទទួលបានការអប់រំជំនួសនានាតិចតួចជាងគេ។

បង្កើតច្បាប់ថ្មីៗមានលក្ខណៈកៀបសង្កត់

រដ្ឋាភិបាលបានអនុម័តច្បាប់ថ្មីៗ ដែលមានលក្ខណៈកាន់តែរឹតបន្តឹងសិទ្ធិសេរីភាពបញ្ចេញមតិ សិទ្ធិជួបជុំដោយសន្តិវិធី និងសិទ្ធិបង្កើតសមាគម។ នៅខែមេសា លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានប្រើប្រាស់ការ រីករាលដាលនៃជម្ងឺកូវីដ ១៩ ជាលេសសម្រាប់ការធ្វើច្បាប់ដាក់ប្រទេសក្នុងគ្រាមានអាសន្ន ដែលមានការ រិតត្បិតយ៉ាងធ្ងន់ធ្ងរចំពោះមូលដ្ឋានគ្រឹះនៃសេរីភាព។ ច្បាប់ថ្មីនេះ បានផ្តល់ឱ្យលោក​នាយករដ្ឋមន្ត្រីនូវអំណាចយ៉ាងលើសលប់ក្នុងការហាមឃាត់ការចែកចាយព័ត៌មាន អនុញ្ញតឱ្យមានការឈ្លបយកការណ៍ ការទំនាក់ទំនងទូរគមនាគមន៍ “តាមគ្រប់រូបភាព” និងការគ្រប់គ្រងទាំងស្រុងលើប្រព័ន្ធផ្សព្វផ្សាយ។ វាក៏ផ្តល់អំណាចដល់រដ្ឋាភិបាលដើម្បីរិតត្បិតការធ្វើដំណើរទាំងឡាយ ការតវ៉ា និងការបើកផ្លូវឱ្យប្រើប្រាស់អំណាចរបស់រដ្ឋាភិបាលដោយមិនមានការកំណត់។ ការដាក់ទោសទណ្ឌ និងការពិន័យស្ថិតក្រោមវិធានការគ្រាមានអាសន្នធ្វើឡើងដោយមិនមានសមាមាត្រផ្លូវច្បាប់។

នៅខែមិថុនា រដ្ឋាភិបាលបានពិចារណាសេចក្តីស្នើច្បាប់ស្តីពី សណ្ដាប់ធ្នាប់សាធារណៈ ដែលមានគោលបំណងរក្សា “សង្គមមួយដែលកាន់តែស៊ីវីល័យ” ។ តាមការពិត នេះជាការបំពានយ៉ាងធ្ងន់ធ្ងរ មានដូចជាការរំលោភច្បាប់ តាមរយៈការរក្សាសណ្ដាប់ធ្នាប់លើសកម្មភាពសាមញ្ញៗ ទៅលើប្រជាពលរដ្ឋ និងការហាមប្រាមទៅលើសកម្មភាពសាធារណៈ និងឯកជនជាច្រើន រួមមានទាំងការកំណត់អ្វីដែលពលរដ្ឋត្រូវស្លៀកពាក់ផងដែរ។ ច្បាប់នេះបានរិតត្បិតសិទ្ធិរបស់ពលរដ្ឋកម្ពុជាក្នុងការសម្តែងមតិ និងការប្រមូលផ្តុំដោយសន្តិវិធី និងបានបញ្ចូលមាត្រាសំខាន់ៗដែលរំលោភលើសិទ្ធិរបស់ស្រ្តី និងជនដែលមាន ឬត្រូវបានគេចាត់ទុកថាមាន ឬចាប់ផ្តើមមានពិការផ្លូវចិត្ត។

នៅខែ កក្កដា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានស្នើអនុក្រិតស្តីពី ច្រកទ្វារអឹនធើណែតជាតិ (National Internet Gateway) ដែលស្វែងរកវិធីកំណត់ច្រកទ្វារចរាចរគ្រប់ប្រព័ន្ធអឹនធើណែតទាំងអស់ ឱ្យទៅតាមអ្វីដែលជាការកំណត់ដោយស្ថាប័ននីយ័តករមួយ ដែលអាចឃ្លាំមើលសកម្មភាពតាមប្រព័ន្ធ បណ្តាញសង្គម អនឡាញ ដែលនេះនឹងអនុញ្ញាតឱ្យគេអាចធ្វើសកម្មភាពសម្រាប់ការ “រារាំង និងការកាត់ផ្តាច់ គ្រប់/ឬបណ្តាញទំនាក់ទំនងណាដែលត្រូវ បានចាត់ទុកថា បានប៉ះពាល់ដល់សុវត្ថិភាព ចំណូលជាតិ សណ្តាប់ធ្នាប់់សង្គម សេចក្តីថ្លៃថ្នូរ វប្បធម៌ ប្រពៃណី និងទំនៀមទំលាប់”។

ការវាយប្រហារលើអ្នកការពារសិទ្ធិមនុស្ស

អាជ្ញាធរបានហាមឃាត់ការធ្វើបាតុកម្ម ដែលរៀបចំដោយយុវជន និងសកម្មជនបរិស្ថាន។ ក្នុងរវាងពីខែ សីហា ដល់ខែតុលា រដ្ឋអំណាចបានចាប់ដាក់ឃុំ និងចោទប្រកាន់សកម្មជនចំនួន ១២​ នាក់ ពីបទចោទ “ញុះញង់ឱ្យប្រព្រឹត្តិបទល្មើសជាអាទិ៍” ខណៈដែលពួកគេទាំងនោះបានរៀបចំការជួបជុំស្នើសុំឱ្យមានការដោះលែងអ្នកទោសនយោបាយ រួមមានដូចជាមេដឹកនាំសហជីពដែលកំពុងជាប់ឃុំ គឺលោក រ៉ុងឈុនជាដើម។ ការ តវាប្រកបដោយអហឹង្សា ពីសំណាក់សមាជិកគ្រួសារ អំពាវនាវឱ្យមានការដោះលែងសកម្មជនបក្សប្រឆាំងដែលកំពុងជាប់ឃុំ ជាញឹកញាប់ត្រូវបានឆ្លើយតបដោយការប្រើប្រាស់កងកម្លាំងច្រើនលើសលប់ ដោយកងសន្តិសុខកម្រិតខណ្ឌនៃរាជធានីភ្នំពេញ និងមន្ត្រីប៉ូលីស្លៀកពាក់ស៊ីវិល។

សកម្មជនបរិស្ថានបន្តស្ថិតនៅជាក្រុមដែលរងគ្រោះជាងគេនៅកម្ពុជា។ នៅខែ មិនា អាជ្ញាធរបានចាប់ឃុំ សកម្មជនបរិស្ថានចំនួន ៤នាក់ ដែលរួមមាន សកម្មជនបណ្តាញសហគមន៍ ព្រៃឡង់ និងសកម្មជន បរិស្ថានដ៏លេចធ្លោជាងគេ គឺលោក អួច ឡេង ក្រោយពីពួកគាត់បានស៊ើបអង្កេតចំពោះការចោទប្រកាន់ថា មានការលួចកាប់ឈើខុសច្បាប់នៅខេត្តក្រចេះ​ ដោយក្រុមហ៊ុន ស៊ីង បាយអូទិច (Think Biotech)។ ក្រុមហ៊ុនបានឃុំឃាំងសកម្មជនទាំងនោះដោយមិនឱ្យមានទំនាក់ទំនងមកខាងក្រៅរយៈពេលមួយយប់ និងបានបង្កឱ្យមានរបួសនៅលើក្បាលសកម្មជនម្នាក់ក្នុងចំណោមសកម្មជនទាំងនោះ។ នៅថ្ងៃបន្ទាប់មកទើបក្រុមហ៊ុនបានប្រគល់ពួកគេទៅឱ្យប៉ូលីសដើម្បីសួរចម្លើយ។ ពីរថ្ងៃបន្ទាប់មក អាជ្ញាធរបានដោះលែងពួកគាត់ ប៉ុន្តែ បានប្រាប់ថា ពួកគេនឹងបន្តការស៊ើបអង្កេតប្រឆាំងសកម្មជនទាំងនោះ។ រហូតមកទល់ពេល បច្ចុប្បន្ន នៅមិនទាន់មានការចោទប្រកាន់ណាឡើយប្រឆាំងពួកគាត់។

នៅចន្លោះខែមករា និងខែមេសា អាជ្ញាធរ បានចាប់ឃុំ និងសួរចម្លើយមនុស្សយ៉ាងតិច ៣០ នាក់ ក្នុងនោះរួមមាន ក្មេងស្រីអាយុ ១៤​ឆ្នាំម្នាក់ផង ពីបទបានបង្ហោះសារនៅលើបណ្តាញសង្គម Facebook ទាក់ទងនឹងការរីករាលដាលនៃជម្ងឺកូវីដ ១៩។ រដ្ឋាភិបាល បានចាត់ទុកការបង្ហោះសាររបស់គេនៅលើបណ្តាញនេះថាជា “ការចែកចាយព័ត៌មានក្លែងក្លាយ”។ មនុស្សចំនួន ១២​នាក់ ដែលមាននិន្នាការ ពាក់ព័ន្ធនឹងក្រុមប្រឆាំង គណបក្សសង្គ្រោះជាតិ (CNRP) និងមនុស្ស ៤ រូបផ្សេងទៀត ត្រូវបានចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ ក្នុងនោះមានមនុស្សចំនួន ១៤​នាក់ត្រូវបានដាក់ឱ្យស្ថិតក្រោមការឃុំ​ខ្លួនបណ្តោះអាសន្ន និងមាន ២នាក់ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ។ អ្នកដែលបានដោះលែង ក្រោយការចាប់ឃុំទាំងនោះ ត្រូវបានបង្ខំឱ្យចុះហត្ថេលខាសន្យាសម្រាប់ “ការអប់រំសារជាថ្មី” បើមានការបង្ហោះសារស្រដៀងគ្នានេះពេលក្រោយទៀត។

នៅថ្ងៃទី ៣១​ កក្កដា អាជ្ញាធរបានចាប់ឃុំមេដឹកនាំសហជីពដ៏លេចធ្លោ គឺលោក រ៉ុង ឈុន។ មួយថ្ងៃបន្ទាប់មក តុលាការក្រុងភ្នំពេញបានចោទប្រកាន់រូបលោកពីបទញុះញង់ និងបានបញ្ជូនគាត់ទៅឃុំខ្លួនបណ្តោះ អាសន្ន។ ការចោទប្រកាន់ប្រឆាំងលោក រ៉ុង ឈុន តាមមើលទៅមានការពាក់ព័ន្ធទៅនឹងការតស៊ូមតិរបស់គាត់សម្រាប់ បណ្តឹងពីអ្នកភូមិដែលប្រឈមការបាត់បង់ដីធ្លី ដោយសារការកំណត់ខណ្ឌសីមាបង្គោលព្រំដែនរវាងកម្ពុជា និងប្រទេសវៀតណាម។

នៅខែមិថុនា សកម្មជនថៃនិយមប្រជាធិបតេ្យ លោក វ៉ាឆាលើម សាតសាកស៊ីត Wachalearm Satsaksit ត្រូវបានចាប់ពង្រត់ នៅខាងមុខអាគារផ្ទះល្វែងរបស់គាត់។ សាក្សី និងរូបភាពពីកាមេរ៉ាសុវត្ថិភាព CCTV បានបង្ហាញថា មានជនប្រដាប់អាវុធមិនស្គាល់អត្តសញ្ញាណបានចាប់គាត់រុញបញ្ចូលរថយន្តទំនើបពណ៌ខ្មៅមួយគ្រឿង ហើយបើកបរចេញទៅបាត់។ បើទោះជាមានសំណើពីរារដ្ឋាភិបាលថៃយ៉ាងណាក៏ដោយ អាជ្ញាធរកម្ពុជារហូតមកដល់ខណៈនេះ ខកខានមិនទាន់បានស៊ើបអង្កេតឱ្យមានប្រសិទ្ធភាពចំពោះឧបត្តិហេតុនេះនៅឡើយ ហើយក៏មិនទាន់អាចបង្ហាញថាតើគាត់មានវត្តមាននៅទីណា និងមិនបានឆ្លើយតបចំពោះការចោទប្រកាន់ ចំពោះការទទួលស្គាល់ ឬការជាប់ទាក់ទិនរបស់ខ្លួនលើការចាប់ពង្រត់នេះដែរ។

ការចាប់ចង និងធ្វើទុក្ខបុកម្នេញសមាជិក និងអ្នកគាំទ្របក្សប្រឆាំង

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅបន្តគំរាមកំហែងដល់សកម្មជនបក្សប្រឆាំង។ នៅខែ​មិថុនា លោកនាយករដ្ឋមន្រ្តីបានអះអាងថា គណបក្សសង្គ្រោះជាតិ បានព្យាយាមប្រើប្រាស់ការរីករាលដាលនៃជំងឺ កូវីដ១៩ ក្នុងការ “បង្កភាពភាពចលាចល”។ គាត់និយាយសំដៅដល់សេចក្តីថ្លែងមួយដែលអ្នកដឹកនាំបក្សប្រឆាំងកំពុងរស់នៅនិរទេសនៅក្រៅប្រទេសគឺ លោក សម រង្ស៊ី ដែលថា កូនបំណុលណាដែលមិនអាចសងបំណុលមីក្រូហិរញ្ញវត្ថុរបស់គេ មិនគួរលក់ដី និងផ្ទះដើម្បីសងបំណុលទេ។ លោក ហ៊ុន សែន គំរាម ចាប់ចងសកម្មជនគណបក្សសង្គ្រោះជាតិជាច្រើនដងថា “បើអ្នកហ៊ានធ្វើ យើងនឹងចាប់”។

ខណៈពេលនេះមានសកម្មជនជាង ៣០ នាក់ ត្រូវបានឃុំខ្លួន។ ចំណែកសកម្មជន ៧៨ នាក់ផ្សេងទៀតដែលត្រូវបានដោះលែង ឱ្យនៅក្រៅឃុំ កាលពីខែ វិច្ឆិកា ២០១៩ នៅមានការចោទប្រកាន់ប្រឆាំងពួកគេមិនទាន់ត្រូវបានទំលាក់ចោលនៅឡើយ និងមានហានិភ័យពីការចាប់ខ្លួនឡើងវិញនៅពេលណាមួយ។ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិនៅតែស្ថិតនៅនិរទេសខ្លួននៅក្រៅប្រទេស ដោយភ័យខ្លាចពីការ​ចាប់ខ្លួន បើគេវិលត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញ។

រដ្ឋាភិបាលបានដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ពីការឃុំខ្លួននៅក្នុងផ្ទះនៅខែ វិច្ឆិកា ២០១៩។ ទោះជាយ៉ាងណា លោកនៅតែប្រឈមនឹងការចោទប្រកាន់ពីបទក្បត់ជាតិ។ នាពាក់ កណ្តាលខែ ឧសភា ២០២០ តុលាការបាននិយាយថា សវនាការរឿងក្តីរបស់លោក កឹម សុខា ត្រូវបាន ពន្យាពេល ដោយមិនមានកំណត់។ នៅថ្ងៃទី ២០ ខែកក្កដា តុលាការរាជធានីភ្នំពេញបានព្រមានលោក កុំបំពានលក្ខខណ្ឌធានាការនៅក្រៅឃុំ​ ដែលហាមឃាត់សកម្មភាពនយោបាយក្នុងចំណោមបម្រាមផ្សេងៗទៀត។

សេរីភាពព័ត៌មាន

រដ្ឋាភិបាលបានគាបសង្កត់បន្ថែមទៀតទៅលើសេរីភាពផ្នែកប្រព័ន្ធផ្សព្វផ្សាយ ដោយសំដៅបណ្តាញផ្សព្វផ្សាយព័ត៌មានឯករាជ្យ និងអ្នកសារព័ត៌មានសំខាន់ៗ។ នៅរយៈពេល ប្រាំមួយខែដំបូងនៃឆ្នាំ ២០២០​ រដ្ឋាភិបាលបានដកហូតអាជ្ញាប័ណ្ណផ្សព្វផ្សាយព័ត៌មានឯករាជ្យ TVFB, ស្ថានីវិទ្យុ រិទ្ធិសែន និងព័ត៌មានអនឡាញ និងទូរទស្សន៍អនឡាញ CKV TV។ អាជ្ញាប័ណ្ណ កាសែត ជាតិខ្មែរ កំពុងស្ថិតក្នុងការ ពិនិត្យឡើងវិញ ក្រោយម្ចាស់កាសែតនេះគឺ លោក រស់ សុខែត ត្រូវបានចាប់ឃុំខ្លួនដោយមូលហេតុនយោបាយនៅខែ មិថុនា។

អ្នកកាសែតពីរនាក់របស់វិទ្យុអាស៊ីសេរី លោក យាង សុធារិន និងលោក អ៊ួន ឈឹន រងនូវការស៊ើបអង្កេតគ្មានទីបញ្ចប់ពីការប្រឌិតចោទប្រកាន់ទាក់ទងនឹងចារកម្ម ដែលបទចោទនេះត្រូវបានកាត់សេចក្តីដោយ តុលាការថាមិនមានភស្តុតាងកាលពីខែ តុលា ឆ្នាំ ២០១៩។ ទោះជាយ៉ាងណា តុលាការបានបដិសេធការបិទបញ្ចប់សំណុំរឿងដោយមិនសម្យហេតុផល។ នៅខែមករា និងតុលា ទាំងតុលាការរាជធានីភ្នំពេញ និងតុលាការកំពូល បានបដិសេធការប្តឹងឧទ្ធរណ៍ដើម្បីបិទសំណុំរឿងក្តី ដោយអនុញាតឱ្យបន្តការស៊ើប អង្កេតតទៅទៀត។ ខណៈដែលអ្នកកាសែតទាំងពីររូបត្រូវបានដោះលែងឱ្យនៅក្រៅឃុំ ក្រោយរយៈពេល ជិតមួយឆ្នាំនៃការដាក់ឱ្យស្ថិតនៅក្នុងការឃុំខ្លួនបណ្តោះអាសន្នយ៉ាងណាក៏ដោយ ពួកគេមិនត្រូវបានអនុញាតឱ្យធ្វើដំណើចេញទៅក្រៅប្រទេសទេ។

នៅខែ មិនា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានព្រមានថា នរណាក៏ដោយដែលបានផ្សព្វផ្សាយព័ត៌មានមិនពិតអំពីជំងឺកូវីដ ១៩ ដើម្បី “បង្កឱ្យមានចលាចលសង្គម” នឹងត្រូវប្រឈមចំពោះមុខច្បាប់។ នៅខែមេសា អាជ្ញាធរបានចាប់ខ្លួន និងបញ្ជូនទៅឃុំខ្លួន អ្នកសារព័ត៌មាន និងនាយកសារព័ត៌មានអនឡាញ TVFB លោក សុវណ្ណ រិទ្ធី ពីបទចោទប្រកាន់ “ញុះញង់ឱ្យប្រព្រឹត្តិបទល្មើសជាអាទិ៍មានស្ថានទម្ងន់ទោស” ដោយគ្រាន់តែបានដកស្រង់សំដី លោក ហ៊ុន សែន ទាក់ទងនឹងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចពីជំងឺកូវីដ ១៩។ អាជ្ញាធរបញ្ជាឃុំខ្លួនលោកបណ្តោះអាសន្ន ហើយក្រោយមកបានកាត់ទោសគាត់នៅ ថ្ងៃទី ៥ ខែតុលា ឱ្យជាប់ពន្ធនាគាររយៈពេល ១៨ ខែ។ លោកត្រូវបានដោះលែង បន្ទាប់ពីបានកាត់ចេញរយៈពេលនៃការឃុំខ្លួនបណ្តោះអាសន្ន​ ហើយរយៈពេលទោសដែលនៅសល់ត្រូវបានព្យួរ។ គិតត្រឹមពេលចេញរបាយការណ៍នេះ អាជ្ញាធរបានឃុំខ្លួនអ្នកកាសែតសរុបចំនួន បីរូប រួមមាន៖ លោក សុខ ឧត្តម លោក រស់ សុខែត និងលោករ៉ាត់ រដ្ឋមុន្នី។ បច្ចុប្បន្នលោកមុន្នីជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំបន្ទាប់ពីត្រូវបានផ្តន្ទាទោសពីបទញុះញង់។

កង្វះបទដ្ឋានរស់នៅសមរម្យ

ជំងឺកូវីដ ១៩ បានបង្កឱ្យមានវិបត្តិសេដ្ឋកិច្ច ដោយមានមនុស្សរាប់រយពាន់នាក់ត្រូវបានព្យួរការងារ ដោយមិនមាន ឬមានប្រាក់សំណងតិចតួច ឬត្រូវកាត់រំសាយការងារ។ ប្រជាជនកម្ពុជា ជាច្រើនមានបំណុល មីក្រូហិរញ្ញវត្ថុ ជាធម្មតាប្រើប្រាស់ប្លង់ដីជាទ្រព្យបញ្ចាំ ប៉ុន្តែ ដោយសារមិនមានការងារធ្វើ ឬប្រាក់ចំណូល ពួកគេមិនអាចមានលទ្ធភាពសងប្រាក់កម្ចីទេ។

រដ្ឋាភិបាលកម្ពុជា និងម្ចាស់បំណុលមីក្រូហិរញ្ញវត្ថុបានឆ្លើយតបតិចតួចទៅនឹងវិបត្តិបំណុលនេះ នាំឱ្យមានកូនបំណុលរាប់រយពាន់នាក់ប្រឈមនឹងបន្ទុកហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរ ដោយមិនមានការបន្ធូរបន្ថយ ឬរៀបចំឥណទានឡើងវិញណាមួយដើម្បីសម្រាលបន្ទុកនេះនោះទេ។ កង្វះខាតការត្រួតពិនិត្យ និងអនុវត្ត ការបន្ធូរបន្ថយបំណុល រួមជាមួយនឹងការអនុវត្តការផ្តល់ប្រាក់កម្ចីពីសំណាក់ភ្នាក់ងារមីក្រូហិរញ្ញវត្ថុ ដែលខ្វះក្រមសីលធម៌ ហើយមានបំណងរុញអ្នកខ្ចីប្រាក់ទៅក្នុងស្ថានភាពបំណុលមិនអាចគណនាបាន នាំបណ្តាល​ឱ្យកើតមានករណីបង្ខំឱ្យលក់ដីធ្លីដោយកូនបំណុល។ ជាជាងការស្តាប់ការអំពាវនាវដ៏អស់សង្ឃឹមពីសំណាក់ប្រជាសហគមន៍ក្រីក្រ ដែលដង្ហោយរកការជួយពីរដ្ឋាភិបាលដើម្បីព្យួរការប្រមូលប្រាក់បំណុល មីក្រូហិរញ្ញវត្ថុ អាជ្ញាធររដ្ឋាភិបាលបានចាប់ខ្លួនបាតុករ និងគំរាមដកហូតទ្រព្យសម្បត្តិកូនបំណុល បើគេហ៊ានធ្វើតាមការអំពាវនាវរបស់មេដឹកនាំគណបក្សសង្គ្រោះជាតិ ដែលនៅនិរទេសខ្លួនក្រៅប្រទេសមិនឱ្យសងបំណុល។

រដ្ឋាភិបាលក៏បរាជ័យមិនបានចាត់វិធានការគ្រប់គ្រាន់ក្នុងការបញ្ឈប់ការជួញដូរ “កូនក្រមុំ” ទៅរៀបការនៅប្រទេសចិន ជាជំនួញដែលជម្រុញបន្ថែមដោយភាពអស់សង្ឃឹមផ្នែកសេដ្ឋកិច្ច។

តួអង្គអន្តរជាតិសំខាន់ៗ

កម្ពុជាបានដាក់ខ្លួនឯងផ្នែកសេដ្ឋកិច្ចឱ្យឃ្លាតឆ្ងាយពីសហគមន៍អឺរុប និងសហរដ្ឋអាមេរិក ហើយបាន ពង្រឹកទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសចិន តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកាលពីថ្ងៃទី ១២ ខែតុលា។ នៅត្រឹមខែ មករា ២០២០ ប្រទេសចិនមានចំណែក ៤៣% នៃ វិនិយោគផ្ទាល់ពីបរទេសរបស់កម្ពុជា មានទឹកប្រាក់សរុប ៣.៦ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០១៩ ដែលចំនួននេះ ចិនបានក្លាយជាប្រទេសដែលវិនិយោគមកកាន់កម្ពុជាធំជាងគេ។ ប្រទេសកម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេស “ដៃគូគំនិតផ្តួចផ្តើមផ្លូវមួយ ខ្សែក្រវាត់មួយ” ដែលចិនបានវិនិយោគទឹកប្រាក់ចំនួន ៧.៩ ពាន់លានដុល្លារអាមេរិក នៅរវាងឆ្នាំ ២០១៦ និង២០១៩។

នៅខែ សីហា ក្រោយមានការត្រួតពិនិត្យយ៉ាងដិតដល់ និងការចរចារយៈពេល ១៨​ខែជាមួយភាគីកម្ពុជា និងដោយសារតែលោក ហ៊ុន សែនបានបដិសេធឥតឈប់ឈរក្នុងការធ្វើសកម្មភាពជាក់ស្តែងដោះស្រាយបញ្ហានៃការរំលោភសិទ្ធិនយោបាយ និងសិទ្ធិពលរដ្ឋ និងសិទ្ធិការងារ និងដីធ្លីដែលរកឃើញដោយសហភាពអឺរ៉ុប តាមរយៈនេះសហភាពអឺរ៉ុបបានសម្រេចដកផ្នែកខ្លះនៃឋានៈអនុគ្រោះផ្នែកពាណិជ្ជកម្មដល់កម្ពុជា ដើម្បីនាំចូលទំនិញ ក្រោមគម្រោង “អ្វីៗទាំងអស់ លើកលែងតែសព្វាវុធ” ទៅកាន់ទីផ្សារ សហគមន៍អឺរ៉ុប ។

នៅខែមិថុនា ប្រទេសស៊ុយអែត បានប្រកាសថា ខ្លួននឹងកាត់បន្ថយនូវជំនួយទ្វេភាគីសម្រាប់រដ្ឋាភិបាលកម្ពុជានៅ ថ្ងៃទី​១ ខែ កក្កដា ២០២១ ជាការឆ្លើយតបចំពោះការរិតត្បិត និងបន្ថយលំហប្រជាធិបតេយ្យក្នុងប៉ុន្មានឆ្នាំកន្លងទៅថ្មីៗនេះ។ ខណៈដែលនៅតែបន្តការគាំទ្រដល់ក្រុមអង្គការសង្គមស៊ីវិល ប្រទេសស៊ុយអែត នឹងបង្វែរកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយរដ្ឋាភិបាលកម្ពុជាទៅកាន់ការ “ពង្រឹងការគាំទ្រឱ្យកាន់តែប្រសើរចំពោះ ការផ្លាស់ប្តូរផ្នែកសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងនីតិរដ្ឋ”។

នៅខែ កក្កដា សហរដ្ឋអាមេរិកបានដាក់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យរបស់កម្ពុជា ទៅក្នុងបញ្ជី អង្គភាពដែលលែងទទួលបានជំនួយពីសហរដ្ឋអាមេរិក ក្រោមច្បាប់ លីហាយ (the US Leahy Law) ដែលហាមសហរដ្ឋអាមេរិកផ្តល់មូលនិធិនានាដល់កងកម្លាំងសន្តិសុខបរទេសណា ដែលបានរំលោភសិទ្ធិមនុស្ស (និទណ្ឌភាព) ដែលការសម្រេចចិត្តនេះមានមូលដ្ឋានលើ “ព័ត៌មានដែលអាចជឿទុកចិត្តបានថា អង្គភាពនេះបានរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ”។

Khmer
World Report Year
World Report 2021
Subtitle
ព្រឹត្តិការណ៍នៃ២០២០
Teaser

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាន់អំណាចរយៈពេល ៣៥ ឆ្នាំ បានក្លាយជាមេដឹកនាំស្ថិតក្នុងអំណាចរយៈពេលយូរជាងគេបំផុតមួយរូប ក្នុងចំណោមមេដឹកនាំក្នុងលោក បានប្រើប្រាស់ ការរីករាលដាលនៃជំងឺកូវីដ ១៩ ជាលេសក្នុងការបន្តរក្សាអំណាចរបស់គាត់។ ក្នុងរយៈពេលមួយឆ្នាំនេះ រដ្ឋាភិបាលបានប្រើអំពើហិង្សាម្តងហើយម្តងទៀតប្រឆាំងនឹងបាតុករអហិង្សា និងការចាប់ខ្លួនអ្នកការពារសិទ្ធិមនុស្ស អ្នកសារព័ត៌មាន សមាជិកបក្សប្រឆាំង និងប្រជាពលរដ្ឋសាមញ្ញ ក្នុងការសម្តែងមតិរបស់ពួកគេដោយ អហិង្សា។ គិតត្រឹមពេលចេញរបាយការណ៍នេះ កម្ពុជាបានចាប់ឃុំអ្នកទោសនយោបាយចំនួន ៦០ នាក់។

Chapter Type
Country Update

Source URL: https://www.hrw.org/km/world-report/2021/country-chapters/cambodia