Skip to main content

កម្ពុជា ៖ កែប្រែវិធានការការពារពលករចំណាកស្រុក ធ្វើការតាមផ្ទះ

បម្រាមលើប្រជាពលរដ្ឋកម្ពុជា ទៅធ្វើការក្នុងប្រទេសម៉ាឡេស៊ី គ្រាន់តែជាដំណោះ ស្រាយបណ្តោះអាសន្នប៉ុណ្ណោះ

(ទីក្រុងញូយក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១១) - អង្គការឃ្លាំមើលសិទិ្ធមនុស្សបាន​និយាយ​​​​នៅ​ថ្ងៃ​នេះ​ថា​ ការហាមប្រាមមិនឲ្យបញ្ជូនពលករធ្វើការតាម​ផ្ទះ​​ ទៅកាន់​ប្រទេស​​ម៉ាឡេស៊ីរបស់​លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា គួរតែធ្វើ​ព្រមជាមួយការ​ពិនិត្យកែប្រែជាពិសេសនូវវិធានការការ​ពារ​​ សម្រាប់​ពលករធ្វើការតាមផ្ទះទាំងនេះ។ នៅ​ថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០១១ លោកហ៊ុនសែនបាន​សន្យាជាមួយអ្នកស្រីជំទាវ មួរ សុខហួរ តំណាងរាស្រ្តពីគណបក្សប្រឆាំងថា​ លោក​បញ្ឈប់ការធ្វើ​ចំណាក​ស្រុកនេះ បន្ទាប់​ពីមានការតវ៉ាម្តងហើយម្តងទៀតអំពីអំពើរំលោភ អំឡុង​ពេល​ជ្រើសរើស​ពល​ករនៅក្នុងប្រទេសកម្ពុជា និងអំឡុងពេលជួលឲ្យធ្វើការងារនៅក្នុងប្រទេសម៉ាឡេស៊ី។ 

អង្គការឃ្លាំមើលសិទិ្ធមនុស្សបាននិយាយ​ថា​ ការជួលមនុស្សមិនទាន់ពេញវ័យ ការ​បង្ខាំង​ដោយ​បង្ខំក្នុងមណ្ឌលហ្វឹកហ្វឺន និងការបោកបំភាន់អំពីបំណុលក្នុងការ​ជ្រើស​រើស​ពលករ និងលក្ខ​ខណ្ឌការងារដែលញាំញីដល់ការជ្រើសរើសប្រជាពល​រដ្ឋកម្ពុជា​ជា​ច្រើនពាន់នាក់ ដែលធ្វើ​ចំណាកស្រុកទៅកាន់ប្រទេសម៉ាឡេស៊ី ជាពលករ​ធ្វើការ​តាម​ផ្ទះ។

យូសណា ពូយ៉ាល់ អ្នកស្រាវជ្រាវអំពីសិទិ្ធស្រ្តីនៅឯអង្គការឃ្លាំមើលសិទិ្ធ​មនុស្ស មាន​ប្រសាសន៍​​ថា “លោកនាយករដ្ឋមន្រ្តីហ៊ុនសែន ទីបញ្ចប់បង្ហាញពី​កង្វល់លើស្ថាន​ភាព​អាក្រក់​របស់ពលករចំណាកស្រុកធ្វើការតាមផ្ទះជាតិកម្ពុជា ប៉ុន្តែការហាម​ប្រាមគឺ​គ្រាន់​តែជាវិធានការ​បណ្តោះអាសន្នប៉ុណ្ណោះ។​ រដ្ឋាភិបាលគួរតែបង្ហាញពីការកែទម្រង់ដោយ​​​​ប្រឹក្សាជាមួយសង្គម​ស៊ីវិល ដើម្បីលើកស្ទួយបទប្បញ្ញត្តនិងការឃ្លាំមើលការ​ជ្រើស​​រើស​ពលករក្នុងប្រទេសកម្ពុជា​ ដើម្បីឲ្យស្រ្តីអាចធ្វើចំណាកស្រុកដោយស្ម័គ្រចិត្ត និង​ដោយ​​សុវត្ថិភាព។”

សេចក្តីប្រកាសជាផ្លូវការ ដែលបញ្ជាក់ពីការហាមប្រាមនេះ មិនទាល់បានធ្វើនៅឡើយ​ទេ ប៉ុន្តែ​​ទីភ្នាក់ងារជ្រើសរើសពលករ ត្រូវបានគេរាយការណ៍មកថា ពួកគេបាន​ទទួល​បទបញ្ជាឲ្យ​បញ្ឈប់ការជ្រើសរើសនេះ ពីក្រសួងកិច្ចការងារ​ និងបណ្តុះបណ្តាលវិជ្ជា​ជីវៈ។

ប្រទេសម៉ាឡេស៊ីបានផាត់ចោលអ្នកធ្វើការតាមផ្ទះ ពីបទប្បញ្ញត្តសំខាន់ៗនៅក្នុងច្បាប់​ការ​ងារ​​របស់​ខ្លួន រួមទាំងការដាក់កំហិតលើម៉ោងការងារ និងថ្ងៃសម្រាកប្រចាំសប្តាហ៍។ ករណីរំលោភ​ដ៏​ធ្ងន់ធ្ងរ និងការខ្វែងគំនិតគ្នាអំពីកិច្ចការពារអប្បបរមា បាននាំឲ្យប្រទេស​ឥណ្ឌូនស៊ី បញ្ឈប់ជា​បណ្តោះអាសន្ននូវការបញ្ជូនពលករធ្វើការតាមផ្ទះទៅទីនោះ​ក្នុង​ខែ​មិថុនា ឆ្នាំ២០០៩ ដែល​ជំរុញឲ្យមានកំណើនជ្រើសរើសពលករជាតិកម្ពុជា។

ប្រទេសឥណ្ឌូនេស៊ីនិងប្រទេសម៉ាឡេស៊ី នៅពេលថ្មីៗនេះបានកែប្រែអនុស្សារណៈ​ស្តី​ពីការ​យោគយល់គ្នាមួយ ដែលអនុស្សារណៈបានធានាឲ្យពលករធ្វើការតាមផ្ទះជាតិ​ឥណ្ឌូ​នេស៊ី មាន​ការថ្ងៃឈប់សម្រាកប្រចាំ​សប្តាហ៍ និងមានសិទិ្ធរក្សាទុកលិខិតឆ្លងដែន​បាន​ដោយខ្លួនឯង ជំនួស​ការអនុញ្ញាតឲ្យនិយោជក​កាន់លិខិតឆ្លងដែនរបស់ពួកគេ ដែល​ការដាក់លិខិតឆ្លងដែនដោយនិយោជក​ វាជាការ​កំហិត​មិនឲ្យពលករ​អាច​ចាក​ចេញ​ទៅណាបានឡើយ។

ពូយាល់មានប្រសាសន៍ថា “ប្រទេសម៉ាឡេស៊ី មិនគួរឆ្លើយតបចំពោះការហាមប្រាម​របស់​​ប្រទេស​កម្ពុជា ដោយការបង្វែរទៅកាន់បណ្តាប្រទេសនានា​ដែលមានកិច្ច​ការពារ​ខ្សោយជាង​ក្នុងការជ្រើសរើសពលករចំណាកស្រុកនោះទេ ផ្ទុយទៅវិញ​ប្រទេសម៉ាឡេ​ស៊ី​គួរ​តែកែប្រែច្បាប់​ការងាររបស់ខ្លួន ដើម្បីពង្រឹងកិច្ចការពារផ្ទាល់របស់ខ្លួន។ ប្រទេស​ម៉ាឡេស៊ីគួរតែលើកស្ទួយ​សិទិ្ធទទួលបានយន្តការតវ៉ា និងប្រព័ន្ធយុត្តិធម៌ដែល​ឆ្លើយ​តប​ចំពោះការចោទប្រកាន់ពីអំពើ​រំលោភ។

អង្គការឃ្លាំមើលសិទិ្ធមនុស្សបាននិយាយថា ប្រទេសកម្ពុជានិងប្រទេសម៉ាឡេស៊ី គួរ​បង្ហាញកិច្ច​ការពារ ​ដែលស្របទៅនឹងអនុសញ្ញាស្តីពី​ការ​ងារសមស្របសម្រាប់ពលករ​ធ្វើការតាមផ្ទះ ដែល​ទើបតែបានអនុម័តថ្មីៗរបស់អង្គការពលកម្មអន្តរជាតិ។ មាត្រា​ ​របស់អនុសញ្ញាស្តីពីទីភ្នាក់​ងារជ្រើសរើសពលករ បានដាក់ចេញនូវតម្រូវការឲ្យ​មាន​យន្តការតវ៉ាដែលងាយរកបាន និងឲ្យមានការ​ដាក់ទណ្ឌកម្មជាទម្ងន់​ចំពោះទីភ្នាក់ទាំង​ឡាយដែលរំលោភបទដ្ឋាន ហើយត្រូវហាមឃាត់ការ​កាត់ប្រាក់បៀរវត្សរ៍ សម្រាប់ថ្លៃ​ជ្រើស​រើសពលករ។

សន្ធិសញ្ញានេះ បានអំពាវនាវឲ្យពលករធ្វើការតាមផ្ទះ ទទួលបានការធានាសិទិ្ធដូចគ្នា​និង​​ពលករ​ដទៃទៀតដែរ ដោយគោរពចំពោះម៉ោងការងារ រយៈពេលសម្រាក និងការ​សម្រាកប្រចាំ​ឆ្នាំ។ ប្រទេសកម្ពុជានិងម៉ាឡេស៊ី មិនទាន់បានផ្តល់សច្ចាប័ន​លើ​សន្ធិ​សញ្ញា ដែលបានអនុម័ត​តាំងពីខែមិថុនាមកនោះទេ។

ពូយាល់មានប្រសាសន៍ថា “ប្រទេសកម្ពុជាអាចជំរុញឲ្យមានប្រសិទិ្ធភាពច្រើនថែម​ទៀត ដើម្បី​ការពារប្រជាពលរដ្ឋរបស់ខ្លួននៅក្រៅប្រទេស ប្រសិនបើកម្ពុជាយកចិត្តទុក​ដាក់​ដោះ​ស្រាយ​បញ្ហារំលោភសិទិ្ធមនុស្ស ប្រឆាំងនឹងអ្នកចំណាកស្រុក​ធ្វើការតាមផ្ទះ​ដែលត្រៀមចេញ។ ហើយ​ប្រទេសកម្ពុជា គួរតែសម្របសម្រួលជាមួយ​បណ្តាប្រទេស​បញ្ជូន​ពលករដទៃទៀត ដើម្បីលើក​ស្ទួយកិច្ចសហប្រតិបត្តិការតាមតំបន់ សម្រាប់បទ​ដ្ឋានអប្បបរមា ដើម្បីចៀសវាងការប្រកួត​ប្រជែងនាំគ្នាធ្លាក់ទឹក។”

Your tax deductible gift can help stop human rights violations and save lives around the world.