ការិយាល័យកិច្ចការច្បាប់អង្គការសហប្រជាជាតិ ខកខានចាត់វិធានការ ទោះជាចៅក្រមបានប្រព្រឹត្តមិនត្រឹមត្រូវ
December 5, 2011
The investigating judges concluded their investigation into case 003 without notifying the suspects, interviewing key witnesses, or conducting crime site investigations. This would be shocking for an ordinary crime, but it’s unbelievable when it involves some of the 20th century’s worst atrocities. The Cambodian people have no hope of seeing justice for mass murder as long as these judges are involved.
Brad Adams, Asia director at Human Rights Watch

(ទីក្រុងញូយ៉ក ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១១) – អង្គការឃ្លាំមើលសិទ្ឋិមនុស្សបានមានប្រសាសន៍នៅ​ថ្ងៃ នេះថា ចៅក្រមស៊ើបអង្កេតពីររូបរបស់តុលាការកូនកាត់​ ​អង្គជំនុំជម្រះវិសា​មញ្ញ​​​ក្នុង​តុលា​ការ​កម្ពុជា (ហៅកាត់ថា អ៊ីស៊ីស៊ីស៊ី) ​ដែលបង្កើតឡើង​ ដើម្បីកាត់ទោសបទឧក្រិដ្ឋកម្ម​សម្លាប់​រង្គាល​ក្នុង​របបខ្មែរ​ក្រហម និងរកយុត្តិធម៌ជូនប្រជាពលរដ្ឋកម្ពុជា បានរំលោភយ៉ាងជាក់ស្តែង​លើករណីយ​កិច្ចខាងផ្លូវ​ច្បាប់និងករណីយកិច្ចជាចៅក្រម។

អង្គការឃ្លាំមើលសិទិ្ធមនុស្សមានប្រសាសន៍ថា សហចៅក្រមស៊ើបអង្កេត លោក យូ ប៊ុនឡេង (ចៅក្រម​ជនជាតិ​កម្ពុជា) និង លោក ស៊ៀហ្គហ្វ្រាយ ប្លាំង (ចៅ​ក្រម​ជនជាតិអាឡឺម៉ង់) ដែលតែងតាំង​ដោយ​​អង្គការ​សហប្រជាជាតិ បានខកខានដឹកនាំឲ្យមានការ​ស៊ើបអង្កេតពិតប្រាកដ មិនលំអៀង និង​មាន​ប្រសិទិ្ធភាព ក្នុងសំណុំរឿង០០៣ និង​០០៤ ។ វាទំនងដូច​ជា​ថា ពួកគេបាន ទម្លាក់ចោល​សំណុំ​រឿង​ទាំង​ពីរ ដោយ​មិនបានដឹកនាំធ្វើការស៊ើបអង្កេតឲ្យបានហ្មត់ចត់ឡើយ។

មានជនសង្ស័យចំនួន ៥​ រូប ជាប់ពាក់ព័ន្ធនឹងសំណុំរឿងទាំងពីរនេះ ហើយសហ​ព្រះរាជ​អាជ្ញា​អន្តរជាតិ បានដាក់ជូនសំណុំរឿងទាំងពីរនេះ ទៅការិយាល័យរបស់​សហចៅក្រមស៊ើបអង្កេតក្នុង​ឆ្នាំ​២០០៩ ។ ក្នុង​ខែមេសា ឆ្នាំ២០១១ សហចៅក្រមស៊ើបអង្កេតប្រកាសថា ពួកគេបានដឹកនាំ​ស៊ើប​អង្កេតសំណុំរឿង​០០៣។​ ​ ”ដីការដំណោះស្រាយ” ជាផ្លូវការមិន​បញ្ជូន​ជន​សង្ស័យ​ទៅវិនិច្ឆ័យទោស​នឹងត្រូវចេញនៅពេលឆាប់ៗនេះ។ អតីតបុគ្គលិក និងបុគ្គលិកកំពុង​បម្រើ​ការងារ បាន​ចោទ​​ប្រកាន់​ថា ចៅក្រម​ទាំងនេះមានផែនការបិទនិងទាត់ចោលសំណុំរឿង ០០៤ ដោយ​មិនធ្វើការ​ស៊ើប​អង្កេត​​​​​​ពិតប្រាកដ ឥតលំអៀង និងប្រកបដោយប្រសិទិ្ធភាពនោះទេ។

លោកប្រាដ អាដាំ នាយកអង្គការឃ្លាំមើលសិទិ្ធមនុស្សប្រចាំទ្វីបអាស៊ី មានប្រសាសន៍ថា “ចៅក្រម​ស៊ើបអង្កេតបានធ្វើសេចក្តីសន្និដ្ឋានបញ្ចប់ការស៊ើបអង្កេតរបស់ខ្លួនលើសំណុំរឿង ០០៣ ដោយមិន​ធ្វើ​សេចក្តីជូនដំណឹងអំពីជនសង្ស័យ មិនធ្វើការសម្ភាសន៍សាក្សីសំខាន់ៗ ឬមិនដឹកនាំធ្វើការស៊ើប​អង្កេតដល់ទីកន្លែងដែលបទឧក្រិដ្ឋត្រូវបានប្រព្រឹត្ត។ “ការប្រព្រឹត្តបែបនេះបង្ករនូវក្តីរន្ឋត់តក់ស្លុត សម្រាប់បទឧក្រិដ្ឋកម្មដ៏សាមញ្ញមួយ ប៉ុន្តែវារឹតតែមិនគួរឲ្យជឿទៅទៀតដែលការប្រព្រឹត្តបែបនេះ កើតឡើងចំពោះបទឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើសាហាវយង់ឃ្នង​បំផុតមួយនៃអំពើសាហាវយង់ឃ្នង​ បំផុតជាច្រើនក្នុងសតវត្សរ៍ទី​២០។ ប្រជាពលរដ្ឋកម្ពុជា គ្មាន​សង្ឃឹមបានឃើញយុត្តិធម៌ទេចំពោះ ការកាប់សម្លាប់មហារង្គាល ល្គិកណាចៅក្រមទាំងនេះនៅតែ​ពាក់​ព័ន្ធ។”

ចាប់តាំងពីការបង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាមក​ តុលាការនេះបានទទួលរងការ​ជ្រៀត​ជ្រែក ​ដោយមានការជំរុញខាងនយោបាយជាញឹកញាប់ពីគណបក្សប្រជាជនកម្ពុជា ដែល កំពុងតែ​គ្រប់គ្រងអំណាច។ មេដឹកនាំបច្ចុប្បន្នជាច្រើននាក់របស់រដ្ឋាភិបាល គឺជាអតីតមន្រ្តី ខ្មែរក្រហម។ នាយករដ្ឋមន្រ្តី ហ៊ុន​ សែន ដែលត្រួតត្រាប្រព័ន្ធយុត្តិធម៌កម្ពុជា ដែលនៅក្នុងនោះ មានអង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុងតុលាការកម្ពុជាផងដែរ បាននិយាយច្រំដែលៗថា គាត់ជំទាស់នឹង កិច្ចដំណើការនីតិវិធី ​សំណុំ​រឿង ០០៣ និង ០០៤ ។ ប្រភពពីអង្គជំនុំជម្រះវិសាមញ្ញក្នុង តុលាការកម្ពុជា បានប្រាប់អង្គ​ការ​ឃ្លាំមើលសិទិ្ធមនុស្សថា ការជ្រៀតជ្រែកខាងនយោបាយ បណ្តាលអោយមានការ​ខកខានរបស់ចៅក្រមក្នុងការស៊ើបអង្កេតសំណុំរឿងឲ្យបានត្រឹមត្រូវ ហើយ វាបាននាំឲ្យមានការលា​លែង​ចេញពីតំណែងរបស់បុគ្គលិកការិយាល័យសហ​ចៅក្រមស៊ើបអង្កេត។

លោកប្រាដ អាដាំ មានប្រសាសន៍ថា “យើងបានសម្តែងកង្វល់ជាយូរមកហើយថា ចៅក្រមកម្ពុជា​សម្រាប់​សាលាក្តីខ្មែរក្រហម មិនមានជម្រើសអ្វីក្រៅពីធ្វើតាមអ្វីៗដែល លោក ហ៊ុន សែន និងមន្រ្តី ជាន់ខ្ពស់​ដទៃ​ទៀតចង់ឲ្យធ្វើនោះ​ទេ។ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានប្រព្រឹត្តទៅ ដូចជាមានភាពខ្លាំងក្លាដោយសារតែភាពកម្សោយខាងចំណងអន្តរជាតិ។ ចៅក្រម ប្លាំង គឺជា ចំណងដ៏កម្សោយ​នោះ​ឯង។

ប្រសិនបើសហចៅក្រមស៊ើបអង្កេត ចេញដីកាដំណោះស្រាយម្រាប់សំណុំរឿងណាមួយ នោះសហ​​​ព្រះរាជអាជ្ញាអន្តរជាតិអាចប្តឹងឧទ្ធរណ៍ទៅអង្គបុរេជុំនុំជម្រះ។ ក៏ប៉ុន្តែ បើតាមចរិតលក្ខណៈនយោ​បាយរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា សំណុំរឿងទាំងនេះនឹងត្រូវគេទាត់ចោលជាក់​ជាមិនខានឡើយ។

ច្បាប់បង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាចែងថា សាលាក្តីនេះបង្កើតឡើង “ដើម្បីនាំ​មេដឹកនាំជាន់ខ្ពស់របស់របបកម្ពុជាប្រជាធិបតេយ្យ [របបខ្មែរក្រហម]មកកាត់ទោស រួមទាំងជន​ទាំង​​​ឡាយដែលទទួលខុសត្រូវខ្ពស់បំផុតចំពោះឧក្រិដ្ឋកម្ម និងការរំលោភដ៏ធ្ងន់ធ្ងរលើក្រម ព្រហ្មទណ្ឌកម្ពុជា ច្បាប់និងទម្លាប់មនុស្សធម៌អន្តរជាតិ និងអនុសញ្ញាអន្តរជាតិដែលទទួលស្គាល់ ដោយប្រទេសកម្ពុជា ដែលអំពើទាំងនេះបានប្រព្រឹត្តក្នុងអំឡុងពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។” ប្រជាពលរដ្ឋប្រមាណពីរលាននាក់ក្នុងប្រទេសកម្ពុជាត្រូវបាន គេសម្លាប់ ឬស្លាប់​ដោយ​ជំងឺ ឬការ​អត់ឃ្លាន ក្នុងអំឡុងពេលដែលខ្មែរក្រហមកាន់អំណាច។

ទោះជាដូច្នេះក្តីតាំងពីដើមមក អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា កាត់ទោសបានតែ មនុស្សម្នាក់​ប៉ុណ្ណោះគឺ កាំង ហ្កេកអ៊ាវ (ហៅ ឌុច) ដែលជាប្រធានមណ្ឌលទារុណ្ឌកម្ម ស២១ (ទួលស្លែង) ដ៏ល្បី​ល្បាញ។ គាត់ត្រូវបានកាត់ទោសពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងបទ ឧក្រិដ្ឋកម្មសង្រ្គាម ក្នុងសំណុំ​រឿង ០០១  និងត្រូវជាប់គុករយៈពេល ៣៥ ឆ្នាំ ដែលរយៈពេលនេះ ថយមកត្រឹម ១៩ឆ្នាំវិញ ដោយរយៈ​ពេលដែលគាត់បានជាប់គុកមុនរួចហើយ ​និងដោយសារ រយៈពេលនៃការបន្ធូរបន្ថយ​ទោស។ សំណុំរឿងនិងការកំណត់ទោសនេះ ត្រូវបានប្តឹងឧទ្ធរណ៍ទៅ តុលាការកំពូលរបស់អង្គជំនុំជម្រះ​វិសាមញ្ញក្នុងតុលាការកម្ពុជា។ សំណុំរឿង០០២ ដែលរួមមាន មេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមវ័យ​ចំណាស់ដូចជា នួន ជា, ខៀវ សំផន, អៀង សារី, និង អៀង ធារិទ្ធ ត្រូវបានចោទប្រកាន់អំពីបទ​ប្រល័យពូជសាសន៍ បទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និង បទឧក្រិដ្ឋ កម្មសង្រ្គាម ដែលសំណុំរឿងនេះនឹង​ចាប់ផ្តើមធ្វើសវនាការក្នុងឆ្នាំ ២០១២។

អង្គការឃ្លាំមើលសិទិ្ធមនុស្សមានប្រសាសន៍ថា ការខកខានរបស់ចៅក្រម ប្លាំង និង ប៊ុនឡេង ក្នុងការស៊ើបអង្កេតឲ្យបានត្រឹមត្រូវនិងគួរជាទីទុកចិត្តនោះ រំលោភលើការទទួលខុសត្រូវក្នុងការ ប្រព្រឹត្តដោយឥតលំអៀងរបស់ខ្លួន។ ក្រោមច្បាប់របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា គឺ​វិធានផ្ទៃក្នុងរបស់តុលាការនេះ សហចៅក្រមស៊ើបអង្កេតមានកាតព្វកិច្ចស៊ើបអង្កេតរកការពិត លើ​សំណុំរឿងដែលបានដាក់ជូនដោយព្រះរាជអាជ្ញា។ ក្នុងចំណោមតម្រូវការផ្សេងពីនេះ តាមច្បាប់​​អន្តរ​​ជាតិ តម្រូវឲ្យការស៊ើបអង្កេតទាំងនេះធ្វើទៅដោយឯករាជ្យ ជាបន្ទាន់ និងមានប្រសិទិ្ធ​ភាព ដើម្បី​កំណត់​និងដាក់ទោសជនទាំងឡាយដែលទទួលខុសត្រូវ និងបើកឲ្យមានការពិនិត្យ​ពិច័យ​ជា​សា​ធារណៈ។

ក្នុងអំឡុងពេលបង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលកាលនោះលោក កូហ្វី អា​ណាន់ ជាអគ្គលេខាធិការរបស់អង្កការសហប្រជាជាតិ លោកបានទទួលស្គាល់តួនាទីគ្រប់គ្រងចាំ​បាច់​​របស់​អង្គការ​សហ​​ប្រជា​ជាតិ ក្នុងការធានាថា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បាន​កាត់​ទោសបទឧក្រិដ្ឋកម្មសម្លាប់រង្គាលរបស់ខ្មែរក្រហមប្រកបដោយជោគជ័យ ប៉ុន្តែមន្រ្តីអង្គការ សហ​ប្រជាជាតិបច្ចុប្បន្នបានខកខានមិនបំពេញការទទួលខុសត្រូវបែបនោះឡើយ។ ការិយាល័យ​ទទួលបន្ទុកកិច្ចការច្បាប់ ត្រូវ​ផ្តើមគំនិតស៊ើបអង្កេតឯករាជ្យមួយលើអាកប្បកិរិយារបស់សហចៅ​ក្រម​​ស៊ើបអង្កេត និងការមើលការខុសត្រូវរបស់អង្គការសហប្រជាជាតិ លើអង្គជំនុំជម្រះវិសាមញ្ញ​ក្នុង​តុលា​ការ​កម្ពុជា ដើម្បីឲ្យគេឯងអាចរៀនសូត្រពីមេរៀនដែលស្រង់ចេញពីបទពិសោធន៍នេះ។

អង្គការឃ្លាំមើលសិទិ្ធមនុស្សបានមានប្រសាសន៍ថា ភាសានៅក្នុងកិច្ចព្រមព្រៀងរវាងអង្គការសហ​ប្រជាជាតិ​និងកម្ពុជា ក្នុងការអំពាវនាវឲ្យមានការ​កាត់ទោសជនទាំងឡាយដែល “ទទួលខុសត្រូវ​ខ្ពស់​បំផុត” សម្រាប់បទឧក្រិដ្ឋកម្មរបស់ខ្មែរក្រហម បានសរសេរយ៉ាងច្បាស់ណាស់សម្រាប់ប្រភេទ​មនុស្សដែលត្រូវប្រឈមការចោទប្រកាន់ក្នុងសំណុំរឿង ០០៣ និង ០០៤ ។ ប្រសិនបើតុលាការ​ គ្រាន់តែស៊ើបអង្កេតសំណុំរឿងដែលពាក់ព័ន្ធនឹងមេដឹកនាំកំពូលរបស់របបខ្មែរក្រហម នោះពួក​ឃាតករសម្លាប់រង្គាលដែលមានឋានៈទាបជាងនេះ នឹងបន្តរស់នៅដ៏មានសេរីភាព ក្នុងភូមិជាមួយ​គ្រួសារជនរងគ្រោះ។

លោក ប្រាដអាដាំ មានប្រសាសន៍ថា “អង្គការសហប្រជាជាតិ ធ្វើមិនដឹងមិនឮដោយមិនធ្វើការ ឆ្លើយ​ត​​បចំពោះការចោទប្រកាន់ ដែលគួរឲ្យទុកចិត្តជាច្រើន អំពីអាកប្បកិរិយាមិនល្អរបស់ ចៅក្រម។ ​ប្រសិនបើអង្គការសហប្រជាជាតិ មិនចាត់ការឲ្យបានរហ័ស ដើម្បីធានាថាមានការ ស៊ើបអង្កេត​សំណុំ​រឿង​ទាំងនេះពេញលេញទេនោះ សាលាក្តីនេះនឹងបាត់បង់ជំនឿដែលមានសេស សល់តិចតួចចុង​ក្រោយ​របស់ខ្លួនជាមិនខាន ហើយអង្គការសហប្រជាជាតិ នឹងប្រឈមនឹងសំណួរ ដែលពិបាកឆ្លើយ ចំពោះសកម្ម​ភាពរបស់ខ្លួន។”

ព័ត៌មានពិស្តារ៍បន្ថែមស្តីពីការខកខាន(របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា) លើការ​កាត់​​ក្តី​មេដឹក​នាំខ្មែរក្រហមក្នុងសំណុំរឿង០០៣និង០០៤រួមទាំង សេចក្តីសង្ខេបនៃការ​ចោទ​ប្រកាន់ប្រឆាំង​នឹងជន​សង្ស័យ​ក្នុងសំណុំរឿងទាំងនោះមានជាបន្តបន្ទាប់ដូចតទៅនេះ

ការខាកខានស៊ើបអង្កេតសំណុំរឿង ០០៣ និង ០០៤ ឲ្យបានត្រឹមត្រូវ

សំណុំរឿង ០០៣ និង​ ០០៤ របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា មិនសំដៅតែមេដឹកនាំ​កំពូលបំផុតរបស់ខ្មែរក្រហម ដែលជាប់ក្នុងសំណុំរឿង ០០២ ប៉ុណ្ណោះទេ ក៏ប៉ុន្តែវាសំដៅលើមេដឹក​នាំ​ដទៃទៀត ដែលទទួលខុសត្រូវខ្ពស់បំផុតចំពោះបទឧក្រិដ្ឋកម្មធ្ងន់ធ្ងរក្នុងអំឡុងសម័យខ្មែរ ក្រហម។ ក្នុងឆ្នាំ២០០៨ សហព្រះរាជអាជ្ញាអន្តរជាតិបានចោទប្រកាន់មេបញ្ជាការទ័ពអាកាស ខ្មែរក្រហម លោក ស៊ូ ម៉េត និងមេបញ្ជាការកងទ័ពជើងទឹក លោក មាស មុត ចំពោះការប្រព្រឹត្តបទ​ឧក្រិដ្ឋកម្មប្រឆាំង​មនុស្ស​ជាតិ និងបទឧក្រិដ្ឋកម្មសង្រ្គាមក្នុងសំណុំរឿង ០០៣។ សហព្រះរាជ អាជ្ញាអន្តរជាតិ បានចោទប្រកាន់​មន្រ្តីភូមិភាគរបស់ខ្មែរក្រហមចំនួនបីរូប មានលោក ឱម អាន, យិម ទិត្យ និង អ៊ឹម ចែម អំពីបទ​ប្រល័យពូជសាសន៍ និងបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ក្នុងសំណុំរឿង ០០៤ ។ ឯកសារត្រូវបានដាក់​ក្នុងសំណុំរឿងពីរដែលចោទលើមូលដ្ឋាន បទឧក្រិដ្ឋកម្មចំនួន ៤០ ផ្សេងៗគ្នា។ (សូមមើលសេចក្តី​សង្ខេបខាងក្រោមអំពីការចោទប្រកាន់ ប្រឆាំងនឹងជនសង្ស័យទាំងប្រាំ។

អង្គការឃ្លាំមើលសិទិ្ធមនុស្សនិយាយថា លោក​ ហ៊ុន សែន បានធ្វើសេចក្តីថ្លែងការជាច្រើនប្រឆាំង​នឹង​សំណុំរឿង ០០៣ និង ០០៤ ។ ក្នុងឆ្នាំ ១៩៩៩ មុនការបង្កើតសាលាក្តី លោកថ្លែងថាលោក​មិនចង់​កាត់​ទោស​ជន​សង្ស័យខ្មែរ​ក្រហម​លើសពីបួន ឬប្រាំនាក់នោះទេ។ បន្ទាប់ពីកិច្ចប្រជុំមួយ​នៅប្រទេសកម្ពុជាក្នុងខែតុលា ឆ្នាំ២០១០ រវាងលោក ហ៊ុន សែន និងអគ្គលេខាធិការអង្គ​ការ​សហ​ប្រជាជាតិ លោក បាន គីមូន, រដ្ឋមន្រ្តីក្រសួងការ​បរទេស លោក ហោ ណាំហុង បានប្រកាសថានាយករដ្ឋមន្រ្តី “បានអះអាងយ៉ាងច្បាស់លាស់” ថាមិនមាន​បន្តទៅសំណុំរឿង ផ្សេងទៀតទេ។ នាយករដ្ឋមន្រ្តី មិន​មានអំណាចស្របច្បាប់ក្នុងការធ្វើសេចក្តី​សម្រចចិត្តបែបនេះ សម្រាប់តុលាការទេ ប៉ុន្តែរឿងនេះមិន​បាន​បញ្ឈប់លោក​ហ៊ុន សែន និងមន្រ្តី​ដទៃ​ទៀត ពីការ ផ្តល់ការណែនាំដល់បុគ្គលិក​កម្ពុជា​នៅឯអង្គ​ជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា​នោះឡើយ។

សេចក្តីសម្រេចចិត្តស៊ើបអង្កេតសំណុំរឿង ០០៣ និង ០០៤ ត្រូវបានផុងជ្រៅទៅក្នុងការជជែកយក​ឈ្នះយកចាញ់តាំងតែពីដើមដំបូងមក។ សហព្រះរាជអាជ្ញាទីមួយ លោក រ៉ូបឺត ពឺទីត បានដឹកនាំ ការ​ស៊ើបអង្កេតមួយ និងបានសម្រេចចិត្តថា មានភស្តុតាងគ្រប់គ្រាន់ដើម្បីបញ្ជូនសំណុំរឿងនេះទៅ​សហចៅក្រមស៊ើបអង្កេត។ ក្នុងសេចក្តីសម្រេចចិត្តដែលមានការជំរុញខាងនយោបាយ ដែលឆ្លុះ​បញ្ចាំង​ទស្សនរបស់លោក ហ៊ុន ​សែន សហព្រះរាជអាជ្ញាកម្ពុជាលោកស្រី ជា លាង បានព្យាយាម​រារាំងការដាក់ការចោទប្រកាន់នេះ ដោយអះអាងថាជនសង្ស័យមិនស្របតាមនិយមន័យនៃ​ពាក្យ ថា “ទទួលខុសត្រូវខ្ពស់បំផុត” ក្រោមវិធានច្បាប់របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការ​កម្ពុជា នោះទេ។ ក៏ប៉ុន្តែ ក្នុងសំណុំរឿងរបស់ឌុច អង្គជំនុំជម្រះបានសន្និដ្ឋានថាថ្វីបើឌុចមិន​មែន​ជា​មេ​ដឹកនាំជាន់ខ្ពស់​ក៏ដោយ គាត់គឺជា “ជនមួយរូបក្នុងចំណោមជនទាំងឡាយដែលមានការទទួល​ខុស​​ត្រូវ​ខ្ពស់បំផុត” - នេះមានន័យសំដៅដល់ជនទាំងឡាយដែលនៅកម្រិតទាប ដែលជាប់ពាក់ព័ន្ធ​ក្នុងអំពើដ៏សហាវយង់ឃ្នងធ្ងន់ធ្ងរបំផុត - សម្រាប់បទឧក្រិដ្ឋកម្មរបស់ខ្មែរក្រហម។

អង្គបុរេជំនុំជម្រះរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបង្កើតចេញពីចៅក្រម​កម្ពុជា​បីរូប​​និងចៅក្រមអន្តរជាតិពីររូប បានសម្រេចថាមានភស្តុតាងគ្រប់គ្រាន់ដើម្បីបន្តសំណុំរឿងនោះ។ ខណៈពេលនោះ ចៅក្រមកម្ពុជាទាំងបីរូបបានបោះឆ្នោតរារាំងសំណុំរឿង ចំណែកឯចៅក្រម​អន្តរជាតិបានបោះឆ្នោតគាំទ្រដល់ការបញ្ជូនសំណុំរឿងទៅសហចៅក្រមស៊ើបអង្កេត។ ការបោះ​ឆ្នោតគាំទ្រដោយចៅក្រម​បួនរូបក្នុងចំណោមចៅក្រមប្រាំរូបនៅអង្គបុរេជំនុំជម្រះ អាចរារាំងដល់ សំណុំរឿងមួយបាននៅកម្រិតនេះ តាមរូបមន្តមតិភាគច្រើនលើសលុបរបស់អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា។ រូបមន្តនេះ បង្កើតនូវ​កង្វល់ពីសាធារណជនកម្ពុជា អង្គការសហប្រជាជាតិ និងម្ចាស់ជំនួយអន្តរជាតិ នៅត្រង់ថា រដ្ឋា​ភិបាលនឹងផ្តល់ការណែនាំខាងនយោបាយដល់ ចៅក្រមកម្ពុជា។ ពីព្រោះមានតែចៅ​ក្រម​កម្ពុជាបីរូប​បោះឆ្នោតរារាំងសំណុំរឿង វានាំឲ្យសំណុំរឿង នោះអាចបន្តទៅសហចៅក្រម​ស៊ើប​អង្កេត។

នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០០៩ សហព្រះរាជអាជ្ញាអន្តរជាតិ បានដាក់ជូនសំណុំរឿងរបស់ ជនសង្ស័យ​ចំនួន​ប្រាំ​រូបទៅសហចៅក្រមស៊ើបអង្កេត។ “ដីកាសន្និដ្ឋានបញ្ជូនរឿងអោយស៊ើបសួរ” របស់ព្រះរាជអាជ្ញាខាងអង្គការសហប្រជាជាតិ​ដែល បង្ហាញនូវភស្តុតាងប្រឆាំងនឹងជនទាំងប្រាំរូប មានរហូតដល់ទៅជាង ២០០ ទំព័រ ជាមួយនឹង​ព័ត៌​មានគាំទ្រជាច្រើនពាន់ទំព័រ។ មិនមានការ ចាត់វិធានការស៊ើបអង្កេតឲ្យបានហ្មត់ចត់ត្រឹមត្រូវទេ មុនពេលដែលសហចៅក្រមស៊ើបអង្កេតដាក់ សេចក្តីប្រកាសរបស់ខ្លួននៅថ្ងៃទី​២៩ មេសា ២០១១ ថាពួកគេបានបញ្ចប់ការស៊ើបអង្កេតរបស់ ខ្លួនក្នុងសំណុំរឿង ០០៣ ។ សហចៅក្រមស៊ើបអង្កេតមិន​បានផ្តល់ការពន្យល់ណាមួយទេ ហើយ បានអះអាងថាពួកគេមិនចាំបាច់ផ្តល់ការពន្យល់អ្វីណាមួយ​នោះឡើយ។

មួយសប្តាហ៍ក្រោយមក ស្តិហ្វិន ហេតដឺ ជាអ្នកជំនាញនាំមុខគេអំពីរឿងខ្មែរក្រហម បានសរសេរ ទៅ​លោក ប្លាំង មានសេចក្តីថា គាត់លាលែងពីតំណែងជាទីប្រឹក្សាការិយាល័យសហចៅក្រមស៊ើប​អង្កេត ពីព្រោះតែ “សេចក្តីសម្រេចរបស់ចៅក្រមបញ្ចប់ការស៊ើបអង្កេតក្នុងសំណុំរឿង ០០៣ ជា​ស្ថាពរ ដោយមិនបានធ្វើការស៊ើបអង្កេតសំណុំរឿង០០៣ ដែលរូបខ្ញុំក៏ដូចអ្នកឯទៀត ជឿថាវា មិនមាន​​ហេតុ​ផលទាល់តែសោះ។” ក្រុមអ្នកច្បាប់អង្គការសហប្រជាជាតិទាំងមូលរបស់ សហ ចៅក្រមស៊ើប​អង្កេត និងបុគ្កលិកអង្គការសហប្រជាជាតិជាច្រើនរូបដទៃទៀតបានលាលែងចេញពី តំណែង​របស់​ពួកគេផង​ដែរ​។

នៅថ្ងៃទី៩ ​ខែឧសភា សហព្រះរាជអាជ្ញាអន្តរជាតិ អែនឌ្រូ ខេលី បានបង្ហាញផែនទីផ្លូវដែល​ត្រូវ​ដើរឆ្ពោះទៅរកការស៊ើបអង្កេតមួយដ៏ហ្មត់ចត់និងប្រកបដោយប្រសិទិ្ធភាព ដោយបានស្នើ​សុំ​ឲ្យលោក ប៊ុន ឡេង និងលោកប្លាំង ៖

  1. កោះហៅនិងសាកសួរជនសង្ស័យដែលមានឈ្មោះក្នុងដីកាសន្និដ្ឋានបញ្ជូនរឿងអោយស៊ើបសួរនៃសំណុំរឿង០០៣ និងជូនដំណឹងទៅពួកគេថា ពួកគេស្ថិតនៅក្រោមការស៊ើបអង្កេត
  2. សម្ភាសន៍បុគ្គលមួយចំនួនបន្ថែមទៀត ដែលបានកត់សម្គាល់ថាជាសាក្សីដ៏សំខាន់
  3. សម្ភាសន៍ ឬសម្ភាសន៍ឡើងវិញនូវសាក្សីទាំងឡាយ ដែលបានកត់សម្គាល់ក្នុងសំណុំរឿង​០០២ ដោយផ្តោតលើការចោទប្រកាន់ជាក់លាក់ ដែលមានក្នុងសំណុំរឿង០០៣ ។
  4. ពិនិត្យបន្ថែមលើទីកន្លែងប្រព្រឹត្តបទឧក្រិដ្ឋកម្ម (រួមទាំងការស្រាវជ្រាវរកទីតាំងរណ្តៅកប់ មនុស្ស​ដែលគេ​សម្លាប់​​យ៉ាងរង្គាល)
  5. ដាក់ភស្តុតាងបន្ថែមទៅក្នុងសំណុំរឿង រួមទាំងការផ្ទេរភស្តុតាងបន្ថែមទៀតពីសំណុំរឿង ០០២​ ទៅក្នុងសំណុំរឿង ០០៣ និង
  6. ស៊ើបអង្កេតបន្ថែមទៀតលើការពាក់ព័ន្ធរបស់ជនសង្ស័យក្នុងសំណុំរឿង០០៣ ក្នុងបទ​ឧក្រិដ្ឋ រួមទាំងការផ្ទេរអ្នកទោសក្រោមការត្រួតត្រារបស់ពួកគេទៅកាន់ ស-២១, ការទទួល​”ចម្លើយសារភាព” របស់ពួកគេបានមកពីអ្នកទោសដែលគេបានសម្លាប់នៅឯគុក ស-២១ និងការពាក់ព័ន្ធរបស់ពួកគេនៅក្នុងការចាប់ខ្លួនជាច្រើនបន្ថែមទៀត។

យោងតាម ដីកាសន្និដ្ឋានបញ្ជូនរឿងអោយស៊ើបសួរដំបូងទៅចៅក្រមស៊ើបអង្កេត លោក ខេលី បានកំណត់ទីកន្លែង​ប្រព្រឹត្ត​បទឧក្រិដ្ឋកម្ម និងហេតុការណ៍ឧក្រិដ្ឋនានា រួមទាំងមណ្ឌលទារុណកម្ម ស-២១ ដែលគ្រប់គ្រង​ដោយឌុច, ទីតាំងស្ថាបនាព្រលានយន្តហោះនៅខេត្តកំពង់ឆ្នាំង ជាទីកន្លែង ដែលគេរាយការណ៍ថា​ ពលកម្មដោយបង្ខំក្នុងទំរង់ដ៏ធ្ងន់ធ្ងរនិងស្លាប់រង្គាល​​បានកើតមានឡើង  ការធ្វើវិសុទ្ឋកម្មក្នុងចំនោមកម្មាភិបាលខ្មែរ​ក្រហម ការលុកលុយរបស់ខ្មែរក្រហមទៅក្នុងប្រទេស វៀតណាម។ ខេលីបានស្នើសុំឲ្យមានការ​​ស៊ើប​​​អង្កេតទីតាំងបទឧក្រិដ្ឋកម្ម និងហេតុការណ៍ ដទៃទៀតរួមមាន ៖

  1. មណ្ឌលសន្តិសុខ ស-២១ ក្នុងតំបន់ក្រុងភ្នំពេញ
  2. មណ្ឌលសន្តិសុខវត្តអង្គតាញានក្នុងខេត្តកំពង់សោម
  3. ទីតាំងការងារបង្ខិតបង្ខំនៃតំបន់គាស់ថ្មស្ទឹងហាវ
  4. ការចាប់ខ្លួនជនជាតិបរទេសចេញពីឆ្នេរសមុទ្រកម្ពុជា និងការដាក់គុកពួកគេ​ដោយខុស ច្បាប់ ការបញ្ជូនទៅ ស-២១ ឬសម្លាប់ចោល និង
  5. មណ្ឌលសន្តិសុខដែលបានប្រត្តិបត្តិការក្នុងខេត្តរតនគីរី

លោក ខេលី បានពន្យល់អំពីសេចក្តីស្នើរបស់គាត់ ដោយមានប្រសាសន៍ថា ៖

សហព្រះរាជអាជ្ញាអន្តរជាតិ នឹងស្នើសុំឲ្យមានវិធានការទាំងនេះ ដែលតាមទស្សនរបស់​គាត់ថា បទឧក្រិដ្ឋកម្មដែលបានចោទប្រកាន់នៅក្នុងដីកាបញ្ជូនរឿងអោយស៊ើបសួរ នោះ មិនមានការស៊ើបអង្កេតពេញលេញទេ។ លោក [ខេលី] មានកាតព្វកិច្ចស្រប​ច្បាប់​ក្រោម​វិធាន​ផ្ទៃ​ក្នុង និងក្រោមច្បាប់របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដើម្បី​កំណត់ និងស្នើសុំឲ្យមានការចាត់វិធានការស៊ើបអង្កេតសមស្រប ធ្វើឡើងដោយ​សហចៅក្រម ស៊ើបអង្កេត មុនពេលធ្វើសេចក្តីសម្រេចចិត្តថាតើត្រូវ ឬមិនត្រូវ ចោទ​និងបញ្ជូនបុគ្គល ទាំងឡាយនោះទៅជំនុំជម្រះ។

លោក ប្លាំង និង លោក ប៊ុនឡេង មិនបានធ្វើអ្វីទេចំពោះព័ត៌មាននេះ ផ្ទុយទៅវិញនៅថ្ងៃទី៧ ខែ​មិថុនាពួកគេបានច្រានចោលសំណើររបស់ លោក ខេលី។ ពួកគេបានទាមទារឲ្យ លោក ខេលី ដកការស្នើសុំរបស់​គាត់ចេញវិញ ហើយក្នុងជំហានដ៏ចម្លែកអស្ចារ្យមួយនោះ ពួកគេបានស្នើសុំឲ្យ មានការដាក់រូបគាត់​ក្នុង​បទមិនស្មោះត្រង់នឹងតុលាការដោយការធ្វើការងារដែលគ្មានការអនុញ្ញាត ដោយពួកគេ​បាន​​កំណត់ចេញនូវជំហានចាំបាច់នានា​ដើម្បីដឹកនាំការស៊ើបអង្កេតដ៏ស៊ីជម្រៅមួយ លើការដែល​លោក​ ខេលី រំលោភ​ការសម្ងាត់របស់តុលាការ។ ខេលីបានច្រានចោល។

ង្គការឃ្លាំមើលសិទិ្ធមនុស្សនិយាយថា ការប៉ុនប៉ងរបស់លោក ប្លាំង និង លោក ប៊ុនឡេង ដើម្បី តាមរកចាប់កំហុស​ព្រះ​រាជអាជ្ញា និងដើម្បីគំរាមកំហែងគាត់ជា​​មួយនឹងវិធានការខាងផ្លូវច្បាប់ បង្ហាញពីការរៀបចំដើម្បី​រារាំង​មិនឲ្យមានការស៊ើបអង្កេត​សំណុំ​រឿង។

មន្រ្តីតុលាការដែលតែងតាំងដោយរដ្ឋាភិបាល បានធ្វើឲ្យឃើញយ៉ាងច្បាស់ទាំងជាសាធារណៈ និង ជាឯក​ជនថា សំណុំរឿង០០៣ និង០០៤ នឹងមិនត្រូវបានអនុញ្ញាតឲ្យបន្តធ្វើទេ។ នៅថ្ងៃទី១៧ ខែមីនា លោក ចាន់ ដារារស្មី សហព្រះរាជអាជ្ញារងជាតិកម្ពុជានៅឯអង្គជំនុំជម្រះវិសាមញ្ញក្នុង តុលាការ​កម្ពុជាបាននិយាយនៅក្នុងសន្និសីទមួយស្តីពីការចូលរួមរបស់ជនរងគ្រោះ​ក្នុងអង្គជំនុំ ជម្រះ​វិសាមញ្ញ​ក្នុង​តុលា​​​​​​​​ការ​កម្ពុជាថា នឹងមិនមានការនាំខ្លួនមកកាត់ទោសបន្ថែមទៀតទេ។ គាត់ និយាយថា “នឹងមិន​មានសំណុំរឿង ០០៣ និង០០៤​ ​ទេ។”

នៅថ្ងៃទី៨​ ខែសីហា លោក ប្លាំង និង លោក ប៊ុនឡេង បានប្រកាសជាសាធារណៈថាពួកគេមាន “ការ​សង្ស័យយ៉ាងខ្លាំង” ថាតើជនសង្ស័យក្នុងសំណុំរឿង០០៤ណាខ្លះ ដែលត្រូវបញ្ជូនឡើង សវនាការ ដោយពួកគេអះអាងថា គ្មានជនមួយណាដែលស្ថិតក្រោមយុត្តាធិការរបស់តុលាការ ជាជន “ដែលមានការទទួលខុសត្រូវខ្ពស់បំផុត” នោះទេ។ មូលដ្ឋានសម្រាប់ការសង្ស័យទាំងនេះ មិនច្បាស់​លាស់ទេ ដោយហេតុថាអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការ​កម្ពុជាបានចេញសាលក្រម ប្រឆាំងនឹង​ឌុច ដែល​មិនមែនជាមន្រ្តីជាន់ខ្ពស់របស់ខ្មែរក្រហម បានបង្ហាញថាជនទាំងឡាយដែល “ទទួលខុស​ត្រូវខ្ពស់បំផុត” មានរាប់បញ្ចូលជនឋានៈទាបទាំងឡាយដែលពាក់ព័ន្ធនឹងអំពើដ៏មហា សាហាវ​យង់​ឃ្នងបំផុតទាំងនេះផងដែរ។ ដីការដំណោះស្រាយចុងក្រោយ ដែលច្រានចោលសំណុំ រឿង០០៣ ត្រូវបានគេ​រំពឹងគិតថានឹងចេញនៅពេលឆាប់ៗនេះដោយឈរលើមូលដ្ឋានតែមួយ។  ប៉ុន្តែតាមសេចក្តី​សង្ខេប​របស់សំណុំរឿងដែលបង្ហាញខាងក្រោម ភស្តុតាងដែលអាចមានប្រឆាំង នឹងជនសង្ស័យ​ទាំងអស់មាន​ក្នុង​សំណុំរឿង០០៣ និង ​០០៤ ចង្អុលពីការពាក់ព័ន្ធក្នុងអំពើប្រល័យ ពូជសាសន៍ បទ​ឧក្រិដ្ឋ​សង្រ្គាម និងបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលពាក់ព័ន្ធនឹងការស្លាប់ មនុស្សដែលមានចំនួនយ៉ាងច្រើនបំផុត។

ទោះបីជា លោក ខេលី អាចប្តឹងឧទ្ធរណ៍ទៅអង្គបុរេជំនុំជម្រះក៏ដោយ ប្រសិនបើសហចៅក្រម ស៊ើបអង្កេត​​ចេញ​ដីការដំណោះស្រាយសម្រាប់សំណុំរឿងមួយណានោះ វាមុខជានឹង​ត្រូវគេ​ទាត់​ចោលមិនចាត់ការសំណុំរឿងនោះឡើយ យោលទៅលើ​​​​​​​​​ចរិត​នយោបាយនៃអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការ​កម្ពុជា។ ចំពោះ​ការប្តឹង​​ឧទ្ធរណ៍​នេះ វិធានស្តីពីមតិភាគច្រើនលើសលុបមិនអាចអនុវត្ត បានទេ មានន័យថាសេចក្តី​សម្រេច​​របស់​ចៅ​ក្រម​កម្ពុជា ដែលមានមតិបីទល់នឹងពីរក្នុងអង្គ ជំនុំជម្រះ នឹងនៅតែមិនដំណើរការ​ទៅមុខ​បាន​ដដែល។ ចាប់តាំងពីអង្គជំនុំជម្រះវិសាមញ្ញក្នុង តុលាការ​កម្ពុជាបានបង្កើតឡើង ចៅ​ក្រម​ក​ម្ពុជា​នៅក្នុងអង្គបុរេជំនុំ​ជម្រះ​ដែលមានសមាជិកចំនួន ប្រាំរូប តែងតែធ្វើតាមបញ្ជារបស់រដ្ឋា​ភិបាល​គ្រប់ពេល​វេលា។

ការប្រព្រឹត្តមិនត្រឹមត្រូវទៅលើភាគីដើមបណ្តឹងរដ្ឋប្បវេណី និងជនរងគ្រោះ

អង្គការឃ្លាំមើសិទិ្ធមនុស្សមានកង្វល់ផងដែរ អំពីការប្រព្រឹត្តប្រមាថធ្ងន់ៗរបស់សហចៅក្រមស៊ើប អង្កេតលើភាគីដើមបណ្តឹងរដ្ឋប្បវេណី។ ច្បាប់របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការ​កម្ពុជាបាន​ផ្តល់មូល​ដ្ឋានគ្រឹះ​ថ្មីមួយដោយអនុញ្ញាតឲ្យជនរងគ្រោះនៃបទឧក្រិដ្ឋកម្មរបស់ខ្មែរក្រហមនិងគ្រួសារ របស់ពួកគេចូលរួមនៅ​ក្នុងរឿងក្តី ដើម្បីបង្ហាញភស្តុតាង, ស្នើសុំការស៊ើបអង្កេត និងស្វែងរក សំណង។ ប៉ុន្តែក្នុងកិច្ច​ប្រឹង​ប្រែងឥតលាក់លៀមមួយ ដើម្បីបិទនិងច្រានចោលសំណុំរឿងដោយ ការមិនរាប់​បញ្ចូល​នូវ​ភស្តុតាងដែលបានដាក់តាមរយៈការចូលរួមរបស់ជនរងគ្រោះ សហចៅក្រម ស៊ើបអង្កេតបានច្រាន​ចោល​​​​​ពាក្យសុំរបស់ភាគីដើមបណ្តឹងរដ្ឋប្បវេណី ដោយសំអាងលើមូលដ្ឋាន ដែលស្រាលៗមិនគួរឲ្យជឿ ដែល​ផ្ទុយទៅនឹងច្បាប់កម្ពុជា និងយុត្តិសាស្រ្តអន្តរជាតិ រួមទាំង ច្បាប់របស់អង្គជំនុំជម្រះវិសាមញ្ញក្នុង​តុលា​ការ​​កម្ពុជាខ្លួនឯងក្នុងសំណុំរឿង០០១ និង ០០២។

ចាប់ផ្តើមពីអ្វីៗគ្រប់យ៉ាងដែលអង្គការឃ្លាំមើលសិទិ្ធមនុស្សបានស្រាវជ្រាវរកឃើញ មិនមានពាក្យ​សុំណាមួយក្នុងចំណោមពាក្យសុំរាប់រយរបស់ភាគីដើមបណ្តឹងរដ្ឋប្បវេណី ក្នុងសំណុំរឿង០០៣ និង ០០៤ ត្រូវ​​បានសហចៅក្រមស៊ើបអង្កេតទាំងនេះទទួលយកនោះទេ ពួកគេបានច្រានចោលជា ស្ថាពរ​​នូវ​សិទិ្ធ​​ចូល​រួមរបស់ជនរងគ្រោះ និងរាំងស្ទះការស៊ើបអង្កេត។ ចៅក្រមបានច្រានចោល ញ្ញត្តិ សុំចូលរួម​ជាជនរងគ្រោះពីមនុស្សយ៉ាងហោចណាស់បីនាក់ដែរ។ មួយនាក់នោះគឺជាស្រ្តីកម្ពុជា ដែលប្តីរបស់​នាងត្រូវបានបង្ខិតបង្ខំឲ្យធ្វើការងារជាទម្ងន់ ហើយត្រូវបានខ្មែរក្រហមសម្លាប់គាត់នា ពេលក្រោយមក។ ចៅ​​​ក្រមនិយាយថា ព្យសនកម្មខាងផ្លូវចិត្តដែលនាងបានអះអាងនោះគឺ “មិនទំនងដូចជាពិត​ទាល់​តែសោះ។” ពួកគេបានកំណត់លក្ខខ័ណ្ឌតម្រូវអំពី ព្យសនកម្ម “ដោយផ្ទាល់” ក្នុងន័យ​ចង្អៀត​ហួសហេតុពេក ដែលនាំឲ្យមានការផាត់ចេញមនុស្សគ្រប់រូប លើកលែងតែអ្នករងគ្រោះផ្ទាល់ ដែល​មានន័យថាមិនមានសមាជិកគ្រួសារដែលនៅរស់រានមាន ជីវិតណាមួយរបស់ជនរងគ្រោះ​ អាចដាក់ពាក្យ​ប្តឹងបានឡើយ។

អង្គការសហប្រជាជាតិខកខានឆ្លើយតប

អង្គការឃ្លាំមើលសិទិ្ធមនុស្សនិយាយថា ខណៈពេលដែលអង្គការសហប្រជាជាតិ បញ្ជូនក្រុមស្វែង​រក​ការ​ពិតចំនួនពីរក្រុមមករាជធានីភ្នំ​ពេញ វាជាសកម្ម​ភាពអត់​មានន័យអ្វីទាល់តែសោះ ក្នុងការ​ឆ្លើយ​តបនឹងការខកខានរបស់សហចៅ​ក្រមស៊ើបអង្កេតក្នុងសំណុំរឿង០០៣ និង០០៤។ វាគឺជាការ គួររំខានខ្លាំងណាស់ក្នុងការខកខានទាំងនេះ ព្រោះថា ការពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិនៅ ​អង្គជំនុំជម្រះវិសា​មញ្ញក្នុងតុលាការ​កម្ពុជា គឺក្នុងគោលបំណងសម្រាប់មូលដ្ឋាននៃភាពជោគជ័យ របស់សាលាក្តីនេះ ក្នុងការកាត់​ទោសបទឧក្រិដ្ឋកម្មសម្លាប់រង្គាលអំឡុងការគ្រប់គ្រងរបស់របប ខ្មែរក្រហម។ ក្នុងឆ្នាំ២០០២ ​អគ្គលេខាធិការរបស់អង្គការសហប្រជាជាតិ លោក អាណាន់ និងលោក ហានស៍ កូរ៉ែល ដែលជាប្រធាន​ការិ​យា​ល័យទទួលបន្ទុកកិច្ចការច្បាប់នាពេលនោះ​ បានដកថយពីការចរចារជាមួយប្រទេសកម្ពុជា ដើម្បីបង្កើតសាលាក្តីខ្មែរក្រហម ដោយបារម្ភអំពី កង្វះខាតឯករាជ្យភាពរបស់តុលាការ សមត្ថភាព និងអំពើពុករលួយ។ មន្រ្តីអង្គការសហប្រជាជាតិ បានទទូចសុំឲ្យមានព្រះរាជអាជ្ញាអន្តរជាតិដែល​ឯករាជ្យមួយរូប ជំនួសឲ្យសហព្រះរាជអាជ្ញា និងឲ្យ មានចៅក្រមអន្តរជាតិភាគច្រើន ដើម្បីញែក​តុលាការឲ្យដាច់ពីការជ្រៀតជ្រែកពីរដ្ឋាភិបាលកម្ពុជា។

ទោះជាយ៉ាងណាក៏ដោយ មហាសន្និបាតរបស់អង្គការសហប្រជាជាតិ តាមការបង្គាប់របស់​ប្រទេសជប៉ុន អូស្រ្តាលី បារាំង និងសហរដ្ឋអាមេរិក បន្ទាប់មកបានអនុម័តសេចក្តីសម្រេចចិត្តមួយ អំពាវឲ្យលោកអគ្គលេខាធិការបញ្ចប់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលកម្ពុជា។ ប្រការនេះហើយ ដែលនាំ​ឲ្យទម្រង់បច្ចុប្បន្នរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការ​កម្ពុជា មានសហព្រះរាជអាជ្ញា ចៅក្រម​កម្ពុជា​ភាគ​ច្រើន និងរូបមន្តមតិភាគច្រើនលើសលុប ដើម្បីដោះស្រាយជម្លោះខាងផ្លូវច្បាប់ មួយ​ចំនួន។ លោក អាណាន់ បានធ្វើតាម ប៉ុន្តែលោកបានចេញផងដែរនូវហេតុផលខ្លាំងៗអំពីរចនា​សម្ព័នរបស់តុលាការ និងតួនាទីរបស់ប្រទេសម្ចាស់ជំនួយក្នុងការធ្វើឲ្យខូចដល់បទដ្ឋានអន្តរជាតិ។ នៅក្នុងរបាយការណ៍ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០០៣ ដាក់ជូនទៅមហាសន្និបាត លោក អាណាន់ ​បាន​ថ្លែងថា៖

ខ្ញុំមិនអាចទេ ប៉ុន្តែខ្ញុំសូមរំឭកអំពីរបាយការណ៍របស់តំណាងពិសេសទទួលបន្ទុកសិទិ្ធ​មនុស្សរបស់ខ្ញុំក្នុងប្រទេសកម្ពុជា ដែលតែងតែរកឃើញរាល់ពេលថា តុលាការកម្ពុជា​មាន ការគោរពតិចតួចចំពោះសិទិ្ធជាមូលដ្ឋានបំផុតក្នុងការទទួលបានការកាត់សេចក្តីដោយ យុត្តិធម៌។ ខ្ញុំនៅតែមានកង្វល់ជានិច្ចថា បញ្ញាត្តិនានានៃសេចក្តីព្រាងកិច្ចព្រម​ព្រៀងដ៏ សំខាន់ទាំងនេះ នឹងមិនត្រូវបានអង្គជំនុំជម្រះវិសាមញ្ញ គោរពយ៉ាងពេញលេញ​នោះទេ ហើយខ្ញុំមានកង្វល់ថា បទដ្ឋានយុត្តិធម៌អន្តរជាតិដែលបានបង្កើតឡើង ភាពត្រឹម​ត្រូវ និងដំណើរការត្រឹមត្រូវ អាចនឹងមិនត្រូវបានគេធានានោះទេ។​ បន្ថែមលើសនេះទៀត តាមទស្សនយល់ឃើញច្បាស់លាស់របស់មហាសន្និបាត... គឺថាមានបញ្ហាបន្តទាក់ទងទៅ​នឹងនីតិរដ្ឋ និងកិច្ចដំណើការនៃប្រព័ន្ធតុលាការក្នុងប្រទេសកម្ពុជា ដែលរងការជ្រៀត​ជ្រែក ពីរអង្គនីតិប្រតិបត្តិក្នុងឯករាជ្យភាពរបស់តុលាការ ខ្ញុំពេញចិត្តច្រើនជាង ក្នុងការមានសេចក្តី​ព្រាងកិច្ចព្រមព្រៀងមួយ ដែលផ្តល់ឲ្យអង្គជំនុំជម្រះវិសាមញ្ញមានចៅក្រមអន្តរជាតិភាគ​ច្រើន។

ការចូលរួមនិងការត្រួតត្រារបស់អង្គការសហប្រជាជាតិ ត្រូវបានគេមើលឃើញថាមានសារសំខាន់ ណាស់ក្នុងការធ្វើឲ្យអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការ​កម្ពុជា ជាសាលាក្តីមួយដែលយុត្តិធម៌ ​និង មានសមត្ថភាព ពីព្រោះតែលទ្ឋភាពរបស់អង្គការសហប្រជាតិក្នុងការនាំយកវិជ្ជាជីវៈ និង​ភាព​ឯករាជ្យ ចូលមកក្នុងកិច្ចដំណើរការកាត់សេចក្តី។ ការសន្មត់នេះ ឥឡូវនេះស្ថិតក្នុងបញ្ហាហើយ។

ដោយទទួលស្គាល់ការលំបាកដែលសាលាក្តីនឹងជួបប្រទះក្នុងការធានានូវយុត្តិធម៌ដ៏ត្រឹមត្រូវ លោក អាណាន់ នៅក្នុងរបាយការណ៍របស់លោក ឆ្នាំ ២០០៣ បានបញ្ចេញយោបល់ថា អង្គការ សហប្រជាជាតិ ថ្ងៃណាមួយអាចនឹងដកខ្លួនចេញពីអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការ​កម្ពុជា ៖

ការងាកចេញដោយមិនសមស្របណាមួយរបស់រដ្ឋាភិបាល ពីកាតព្វកិច្ចដែលបានសន្យា អាចនាំឲ្យអង្គការសហប្រជាជាតិ ដកកិច្ចសហប្រតិបត្តិការនិងជំនួយរបស់ខ្លួន ចេញពីកិច្ច​ដំណើរការក្តី។

អង្គការឃ្លាំមើលសិទិ្ធមនុស្ស និងអង្គការក្រៅរដ្ឋាភិបាលដទៃទៀតបាននិយាយថា ​មិនដូចគ្នានឹង​អគ្គលេខាធិកាមុនៗនោះទេ អគ្គលេខាធិការបច្ចុប្បន្ន លោក បាន គីមូន និងការិយាល័យ​ទទួល បន្ទុក​ផ្នែក​ច្បាប់ បានបង្ហាញសេចក្តីយល់ព្រមបន្តិចបន្ទួចប៉ុណ្ណោះ ក្នុងការធានា​ឲ្យអង្គជំនុំជម្រះវិសា​មញ្ញ​ក្នុងតុលាការ​កម្ពុជាបំពេញការទទួលខុសត្រូវរបស់ខ្លួនក្រោមច្បាប់អន្តរជាតិ និងច្បាប់កម្ពុជា។ មន្រ្តី​អង្គការសហប្រជាជាតិ មិនបានស្ម័គ្រចិត្តទទួលយកការស៊ើបអង្កេតហ្មត់ចត់ ដើម្បីធានាឲ្យ លោក​ ប្លាំង ​មានការប្រព្រឹត្តក្នុងនាមជាចៅក្រមត្រឹមត្រូវ ដែលតែងតាំងដោយអង្គការសហប្រ​ជា​​ជាតិ​នោះទេ ទោះ​ជាមានរឿងរ៉ាវលើកឡើងម្តងហើយម្តងទៀត ដោយមន្រ្តីនៃអង្គជំនុំជម្រះ វិសាមញ្ញ​ក្នុងតុលា​ការ​​​​កម្ពុជាក៏ដោយ។

ជំនួសឲ្យការចាត់វិធានការ ដើម្បីការពារអង្គជំនុំជម្រះវិសាមញ្ញ​ក្នុងតុលា​ការ​​​​កម្ពុជា នៅថ្ងទី១៤ ខែ​មិថុនា លោកអគ្គលេខាធិការ បានចេញសេចក្តីថ្លែងការណ៍មួយអះអាងថា អង្គការសហប្រជា​ជាតិ មិនមានការទទួលខុសត្រូវដោះស្រាយរឿងអាស្រូវ ដែលហ៊ុំព័ទ្ធជុំវិញអង្គជំនុំជម្រះវិសាមញ្ញ​ក្នុង​​​តុលា​ការ​​​​កម្ពុជានោះទេ ហើយបានធ្វើការអះអាងថា អង្គជំនុំជម្រះវិសាមញ្ញ​ក្នុងតុលា​ការ​​​​កម្ពុជា ជា “ដំណើរការតុលាការមួយដែលឯករាជ្យ។” សេចក្តីថ្លែងការនោះនិយាយថា ៖

សេចក្តីប្រកាសដែលធ្វើឡើងដោយសហចៅក្រមស៊ើបអង្កេត នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១១ ដែលថាពួកគេបានសម្រេចបញ្ចប់ការស៊ើបអង្កេតរបស់ខ្លួនក្នុងសំណុំរឿង​០០៣នោះ គឺជាជំហាននីតិវិធីបណ្តោះអាសន្នមួយ។ រឿងរ៉ាវដែលទាក់ទងទៅនឹងសេចក្តី​សម្រេចនោះ នឹងមិនមែនជាកម្មវត្ថុសម្រាប់ពិចារណាបន្តទៅមុខដោយសហចៅក្រម​ស៊ើបអង្កេត សហព្រះរាជអាជ្ញា និងអង្គបុរេជំនុំជម្រះនោះទេ។ នីតិវិធីណាមួយដែល អាចផ្តើមចេញដោយសហចៅក្រមស៊ើបអង្កេត នឹងស្ថិតនៅក្រោមកិច្ចដំណើរការឯករាជ្យ​របស់តុលាការ។

អង្គការឃ្លាំមើលសិទិ្ធមនុស្សនិយាយថា សេចក្តីថ្លែងរបស់អគ្គេលខាធិការ មិនបានអើពើនឹងការ​ជ្រៀត​ជ្រែកដោយឥតលាក់លាម និងដ៏យូរ​លង់របស់រដ្ឋាភិបាលកម្ពុជា ទៅក្នុងអង្គជំនុំជម្រះវិសា​មញ្ញ​​ក្នុង​តុលា​ការ​​​​កម្ពុជានោះទេ ហើយក៏មិនអើពើទៅនឹងការស្រុះស្រួលរបស់សហចៅក្រមស៊ើប​អង្កេត​​នៅក្នុងការជ្រៀតជ្រែកនោះដែរ។

សេចក្តីសង្ខេបសំណុំរឿង០០៣ និង០០៤

ព័ត៌មាននៅក្នុងផ្នែកនេះ ជាបឋមជាឯកសារក្នុងសំណុំរឿង​០០៣​និង០០៤ ដែលឥឡូវនេះមានជា​សាធារណៈ ដោយមានឯកសារបន្ថែមពីរប្រភពសាធារណៈនិងឯកជនដទៃៗទៀត រួមទាំងការ​ស្រាវ​ជ្រាវរបស់អង្គការឃ្លាំមើលសិទិ្ធមនុស្សផងដែរ។ ការចោទប្រកាន់ នៅក្នុងសេចក្តីសង្ខេបទាំង​នេះ ធ្វើឲ្យកាន់តែច្បាស់ថា ជនសង្ស័យនៅក្នុងសំណុំរឿងទាំងនេះស្ថិតក្នុងប្រភេទជន “ដែល​ទទួល​ខុសត្រូវខ្ពស់បំផុត”  តាមច្បាប់របស់អង្គជំនុំជម្រះវិសា​មញ្ញ​​ក្នុង​តុលា​ការ​​​​កម្ពុជា។

លោក ស៊ូម៉េត ហៅថា ស៊ូ សាម៉េត ជាជនសង្ស័យក្នុងសំណុំរឿង០០៣

ព្រះរាជអាជ្ញាអន្តរជាតិ បានចោទលោក ស៊ូម៉េត ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋ កម្មកម្ម​សង្រ្គាម។

លោកម៉េត កូនប្រុសរបស់មេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមដែលបានស្លាប់នៅចុងទស្សវត្សរ៍១៩៦០ គឺ​ជាទាហានជើងចាស់បម្រើចលនាដ៏យូរលង់ម្នាក់។ ក្នុងអំឡុងសង្រ្គាមឆ្នាំ១៩៧០-១៩៧៥ រវាងខ្មែរ​ក្រហម និងសាធារណរដ្ឋខ្មែរ លោកម៉េតធ្លាប់ជាសមមិត្តដឹកនាំកងពលធំលេខ១​ ភូមិភាគនិរតី ដែល​វាយប្រយុទ្ធនៅក្នុងតំបន់នានាក្នុងខែត្រ កំពង់ឆ្នាំង និង កំពង់ស្ពឺ។ កងពលតូច ឬអង្គភាព នានា​ដែល​ចំណុះឲ្យកងពលធំនេះ មានជាប់ពាក់ព័ន្ធក្នុងការវាយរឹបអូសយកទីក្រុងភ្នំពេញ និង ទីរួមខេត្ត​កំពង់​ឆ្នាំង ​នៅថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ រួមដោយការបណ្តេញអ្នកស្រុកក្នុងក្រុង និងទីប្រជុំជន​ចេញ​​ដោយបង្ខំទៅកាន់តំបន់ជនបទ និងបានកាប់សម្លាប់ដ៏រង្គាលក្រៅប្រព័ន្ធ តុលាការ​នូវនាយ​ទាហាន​​និងមន្រ្តីរបស់របបសាធារ​ណរដ្ឋខ្មែរដែលចុះចាញ់។

បន្ទាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ម៉េត បានក្លាយជាលេខារបស់កងពលមជ្ឈឹមរបស់ខ្មែរ​ក្រហមមួយ (កម្លាំងស្រួច) លេខ៥០២ ដែលមានការច្របាច់បញ្ចូលទ័ពអាកាសដែលទើបបង្កើត​ថ្មី​និងកងឯកទេសពាក់ព័ន្ធនានា។ កងពលមជ្ឈឹមនេះមានទីបញ្ជាការនៅពោធិចិតុង ព្រលានយន្ត​ហោះ​ទី​ក្រុង​ភ្នំពេញ។ គាត់បានក្លាយជាអ្នកជំនួយការឲ្យគណៈកម្មាធិការមជ្ឈឹម។ កងពលលេខ ៥០២ មានតួនាទីរាយការណ៍ទៅឲ្យអគ្គសេនាធិការខ្មែរក្រហម និងគណកម្មាធិការយោធា ដែលដឹក​នាំ​ដោយសមាជិកគណៈកម្មាធិការអចិន្រៃ្តយ៍ សមមិត្ត សុន សេន និង លេខាបក្ស​សមមិត្ត ប៉ុលពត (ទាំងពីរនាក់បានស្លាប់ហើយ)។  កងពលធំនេះ មានកងវរសេនាធំចម្រុះ និងអង្គភាព​ក្រោមបង្គាប់ដទៃទៀត ដែលសារុបមានយុទ្ធជនពី ៥,០០០ ទៅ៦,០០០ នាក់ ដែលកងទ័ពយុវជន​ត្រូវបានគេដាក់​រាយគ្រប់ពេលនៅទូទាំងប្រទេស រួមទាំងទិសពាយ័ព្យ ទិសឧត្តរ បស្ចឹម និរតី បូព៌ា និងទិសឦសាន។ ម៉េត ទទួលបានការហ្វឹកហ្វឺននយោបាយនៅកម្រិតគណកម្មាធិការមជ្ឈឹម។

ម៉េត បានចូលរួមសកម្មភាពអង្គមិទិញជាញឹកញាប់ ក្រោមការឧត្ថម្ភរបស់អគ្គសេនាធិការ ជាមួយ លេខា​ធិការ​កង​ពលធំមជ្ឈឹមដទៃទៀត ហើយនិងកងឯកភាពទ័ពមជ្ឈឹម ជាកន្លែងដែលពួកគេបាន រាយ​ការណ៍អំពីសកម្មភាពរបស់កងឯកភាពរបស់ពួកគេ បានទទួលការណែនាំរបស់បក្ស និង​បាន​អនុម័ត​​​​គោល​នយោបាយបក្ស។ កិច្ចប្រជុំទាំងនេះ ជាប់ពាក់ព័ន្ធជាមួយនឹងគោលនយោបាយនិង​ការអនុវត្តរបស់ខ្មែរ​ក្រហម ទាក់ទងនឹងការលុបបំបាត់ចោលខ្មាំងផ្ទៃក្នុងនិងខ្មាំងពីក្រៅ តាមការ​អះ​អាង​របស់ខ្មែរក្រហម ដែលមានលក្ខណៈជា “ការងារការពារជាតិ” និងរាប់បញ្ចូលទាំងការ​ប្រហារ​ជីវិតខ្មាំងផ្ទៃក្នុង និងការវាយប្រហារឆ្លងកាត់ព្រំដែនលើភូមិនានាក្នុងប្រទេសវៀតណាម។

លោក ម៉េត នៅតែទទួលបន្ទុកការងាររបស់កងពលធំលេខ ៥០២ រហូតដល់ចុងឆ្នាំ១៩៧៨ ជា​ពេលដែលគាត់ត្រូវបានតម្លើងឋាន្តរសក្កិ និងទទួលបានករណីកិច្ចបន្ថែម។ គាត់បានក្លាយជាសមា​ជិកមួយរូបនៃអគ្គសេនាធិការ ដែលតាមការរាយការណ៍មកថា​ ក្លាយជាអនុប្រធានរបស់មេរបស់​គាត់​​​​ឈ្មោះ សុន សេន ដែលគេជឿថាគាត់ត្រូវបានគេតម្លើងបុណ្យសក្តិពេញសិទិ្ធជាសមាជិក​គណៈ​​កម្មាធិការមជ្ឈឹម និងត្រូវបានគេប្រគល់ការទទួលខុសត្រូវផ្នែកខ្លះលើបញ្ជាការសមរភូមិ​សំខាន់មួយស្ថិតនៅព្រំដែនកម្ពុជានិងវៀតណាម។

មិនខុសនឹងកងឯកភាពយោធាដទៃទៀត នៅគ្រប់កម្រិតទាំងអស់ទូទាំងប្រទេស កងពល ៥០២ មានការទទួលខុសត្រូវចំពោះសន្តិសុខជុំវិញបរិវេណដែលជាកន្លែងដែលពួកគេដាក់ពង្រាយ និង​បាន​​ដឹកនាំ​ចាប់ខ្លួនប្រជាជនសាមញ្ញដែលគេសង្ស័យ ដូចជានៅក្នុងបរិវេណព្រលានយន្តហោះពោ​ធិចិនតុង ហើយឃុំអ្នកទាំងនោះទុកសួរចម្លើយនិងប្រហាជីវិតពួកគេ ឬក៏បញ្ជូនពួកគេប្រគល់ឲ្យទៅ​មណ្ឌលសួរចម្លើយ ស-២១ ដើម្បីចាត់ចែង។ កងពលនេះមានការទទួលខុសត្រូវបឋមក្នុងការ​កំណត់ “ខ្មាំង” ដែលគេបានចោទប្រកាន់ តាមការទទួលខុសត្រូវរបស់កងពលនេះ ដោយបញ្ជូន​ខ្មាំងទៅមន្ទីរសន្តិសុខ ស-២២ របស់កងពលនេះប្រចាំពោធិចិនតុង-ភ្នំពេញ ដែលជា​កន្លែងសួរ ចម្លើយមួយទៀត ឬបញ្ចូនទៅ ស-២១ ។ ជាកងឯកភាពយោធាមជ្ឈឹម កងពលធំលេខ ​៥០២ បានសហការយ៉ាងជិតស្និតជាមួយ ស-២១ ក្នុងការចាប់ខ្លួនមិត្តសមាជិកកងពល និងយុទ្ធជន​ដែល ស-២១ បានកំណត់សម្គាល់ថាជា “ខ្មាំង” ។ ការចាប់ខ្លួនបែបនេះ បានចាប់ផ្តើមក្នុងឆ្នាំ១៩៧៥ ហើយបន្តរហូតដល់ឆ្នាំ១៩៧៨ ដែលមានការពាក់ព័ន្ធជាមួយលោក ម៉េត ក្នុងអំពើទារុណកម្ម និង ការ​កាប់សម្លាប់យ៉ាងរង្គាលដែលប្រព្រឹត្តនៅឯ ស-២១។

ចាប់ផ្តើមយ៉ាងហោចណាស់ពីឆ្នាំ១៩៧៦ កងពលធំ៥០២ ទទួលបន្ទុកមើលការខុសត្រូវលើទីតាំង​ការងារបង្ខិតបង្ខំ ក្នុងខេត្តកំពង់ឆ្នាំង សម្រាប់ការស្ថាបនាព្រលានយន្តហោះគាំទ្រយោធាប្រកប ដោយយុទ្ធ​សាស្រ្តមួយ ដែលត្រូវបានគេប្រើជាទីតាំងអប់រំកែប្រែ សម្រាប់ឃុំខ្លួន និងដាក់ទណ្ឌកម្ម យោធា​និង​ប្រជាជនដទៃទៀត​ដែលគេជម្រះចេញពីកងឯកភាពរបស់ពួកគេ តាមការចោទប្រកាន់ ថា “សមាសភាព​មិន​​ល្អ” ឬម្យ៉ាងទៀតត្រូវបានគេសន្មត់ជានយោបាយថាជាបញ្ហា ។ មនុស្សមួយ ចំនួនធំត្រូវបានគេបញ្ជូន​ទៅការដ្ឋានកំពង់ឆ្នាំង ក្នុងឆ្នាំ១៩៧៨ ពាក់ព័ន្ឋនឹងការបោសសំអាតដ៏ធំ មួយរបស់ខ្មែរ​ក្រហម និងរបស់កងកម្លាំងប្រដាប់អាវុធរបស់ខ្លួនក្នុងភូមិភាគបូព៌ា។ ខណៈពេល ដែលប្រជាជនមួយ​ចំនួនដែលគេបញ្ជូនតាមអំពើចិត្ត ឲ្យទៅទទួលរងនូវការងារនិងទណ្ឌកម្មធ្ងន់ធ្ងរ ក្រោម​លក្ខ​ខណ្ឌ​ដ៏​មហាអមនុស្សធម៌ វាមានការចាត់ថាពួកគេបានទទួលការកែប្រែបានគ្រប់គ្រាន់ ហើយ និង​អាច​​បញ្ជូនត្រឡប់ទៅកាន់អង្គភាពរបស់ពួកគេវិញ តែប្រជាជនជាច្រើននាក់ផ្សេងទៀត បានស្លាប់​ ដោយ​សារ​​ស្ថានភាពដែលពួកគេបានជួបប្រទះ ដោយ​កង​ពលធំ៥០២ ប្រហារជីវិត ពួកគេនៅតាមតំបន់   ឬ​ការប្រហាជីវិតតាមបញ្ជារបស់កងពលធំ៥០២ នៅមន្ទីរសន្តិសុខជនស៊ីវិល ដែលនៅក្បែរៗនោះ ចំពោះ​បទ​ល្មើស​ផ្សេងៗ​ដែលគេបានសន្មត់ ឬក៏បញ្ជូនទៅ ស-២១ តាមការ ផ្តួចផ្តើមរបស់កងពលធំ ឬតាម​ការស្នើ​សុំ​របស់ស-២១។ ការប្រហារជីវិតនៅតាមតំបន់បានធ្វើខ្លាំង ឡើងៗនៅរវាងចុងឆ្នាំ១៩៧៨ ដើម​ឆ្នាំ១៩៧៩ ។

ចុងក្រោយមក នៅចុងឆ្នាំ១៩៧៨ លោក ម៉េត ដែលទើបតម្លើងឋាន្តរសក្តិថ្មីៗ ត្រូវបានបញ្ជូនទៅ​សម​រភូមិមុខរបស់ភូមិភាគ៥០៥​ នៅព្រំដែនជាប់នឹងប្រទេសវៀតណាម ដែលនៅទីនោះគាត់ត្រូវ បានគេចោទថាបាន​ជាប់ពាក់ព័ន្ធនឹងរលកថ្មីមួយនៃការបោសសំអាត ដែលធ្វើឲ្យប៉ះពាល់ដល់ យោធាមជ្ឈឹម និងកម្មាភិបាលរដ្ឋ​បាលមូលដ្ឋាននៅក្នុងតំបន់ ដែលពួកគេមួយចំនួនត្រូវបានបញ្ជូន ទៅកាន់ ស-២១ ពីបទចោទប្រកាន់ថា​បាន​អនុញ្ញាតឲ្យមានការចូលក្នុងដែនដីប្រទេសកម្ពុជារបស់ វៀតណាម។

មាស មុត ហៅថា អាចារ្យ នេន ជាជនសង្ស័យក្នុងសំណុំរឿង ០០៣

សហព្រះរាជអាជ្ញអន្តរជាតិ បានចោទប្រកាន់ មាស មុត ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងបទ​ឧក្រិដ្ឋកម្មសង្រ្គាម។

មុត ជាប់ពាក់ព័ន្ធក្នុងចលនាកុមុយនីស្តកម្ពុជា យ៉ាងហោចណាស់ពីទស្សវត្សរ៍១៩៦០ ខណៈពេល​ដែលគាត់ជាផ្នែកមួយនៃបណ្តាញបដិវត្តរបស់ព្រះសង្ឃតាមបណ្តាវត្តនានានៅទីក្រុងភ្នំពេញ។ ភាគ​ច្រើននៃពួកគេមានប្រភពពីភូមិនភាគនិរតី និងភ្ជាប់ជាមួយខ្មោចលោក ឈិត ជឿន ដែលគេស្គាល់​ឈ្មោះថា តា ម៉ុក។ ម៉ុកបានក្លាយជាលេខាភូមិភាគនិរតីនៅចុងទស្សវត្សរ៍ ១៩៦០។ គាត់ជា​សមា​ជិកអង្គការដឹកនាំជាន់ខ្ពស់របស់ខ្មែរក្រហម សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ និងបាន​ក្លាយ​ជា​​លេខារងរបស់គណៈកម្មាធិការមជ្ឈឹមបក្សរបស់ខ្មែរក្រហម ដែលមានលំដាប់ថ្នាក់ទីបី​នៅ​ក្នុង​បក្ស។

បន្ទាប់ពីសង្គ្រាមស៊ីវិលរវាងខ្មែរក្រហមនិងសាធារណៈរដ្ឋខ្មែរ ចាប់ផ្តើមក្នុងឆ្នាំ១៩៧០ មុត បានក្លាយជាលេខារងនៃភូមិភាគនិរតី ដែលរាប់បញ្ចូលខេត្តតាកែវ ដែលជាខេត្តលំនៅដ្ឋាន​របស់​ម៉ុក​ ផងដែរ។ នៅពេលនោះ មុត បានរៀបការជាមួយកូនស្រីរបស់ ម៉ុក ឈ្មោះខុម ដែលជា កម្មភិបាលបក្ស​ក្នុងស្រុកត្រាំកក់ ជាទីកន្លែងកំណើតរបស់ ម៉ុក។ ក្នុងឆ្នាំ១៩៧៣ មុត ក្លាយជាលេខា​របស់​កងពលលេខ៣ ​ប្រចាំភូមិភាគនិរតី ដែលវាយកំចាត់កម្លាំងកងទ័ពសាធារណៈរដ្ឋខ្មែរ​ក្នុងខេត្ត​តា​កែវ ខេត្ត​កំពត និងកំពង់ស្ពឺ។ ពលទាហានមួយចំនួនរបស់កងពល បានចូលទីក្រុងភ្នំពេញ ចំណែក​ឯពលទាហានដទៃទៀតវាយឈ្ពោះទៅកាន់ទីក្រុងកំពុងផែកំពង់សោម។ កងពល​ធំលេខ ៣ ជាប់ពាក់ព័ន្ធក្នុងការបណ្តេញចេញអ្នកក្រុងភ្នំពេញនិងកំពង់សោម ទៅកាន់តំបន់​ជនបទ​ និង ការកាប់សម្លាប់យ៉ាងរង្គាលក្រៅប្រព័ន្ធតុលាការលើនាយទាហាននិងមន្រ្តីសាធារ​ណ​រដ្ឋខ្មែរ។

បន្ទាប់ពីថ្ងៃទី១៧ មេសា ១៩៧៥ មុត បានក្លាយជាលេខារបស់កង​ពលធំមជ្ឈឹមលេខ១៦៤ ដោយ​​ច្របាច់បញ្ចូលកងទ័ពជើងទឹកដែលទើបបង្កើតថ្មី និងកងឯកទេសពាក់ព័ន្ធផ្សេងទៀត។ កងពលធំ​នេះបោះទីបញ្ជាការនៅកំពង់សោម ដែលមានមូលដ្ឋាននៅតាមកំពង់ផែមួយចំនួន តាម​បណ្តោយ ឆ្នេរសមុទ្រ និងកោះក្នុងឈូងសមុទ្រសៀម។ មុត បញ្ជាការលើកងកម្លាំងលើសពី ៨,០០០ ទៅ ១០,០០០ នាក់។ គាត់បានក្លាយជាលេខាក្រុងកំពង់សោមផងដែរ ដែលបន្ទាប់ពីការបណ្តេញ​ចេញ​​​​​​​ដោយបង្ខំនូវអ្នករស់នៅក្នុងក្រុងពីមុនៗមក ក្រុងនេះមួយផ្នែកបានបំពេញមកវិញដោយកម្មករ ស៊ីវិលបីបួនពាន់​នាក់​​ធ្វើការ​នៅ​កំពង់ផែ​ រួមទាំងកម្មករស៊ីវិលដទៃទៀត​ដែលធ្វើការក្នុងរោង​ចក្រ​នៅ​​ក្នុង​ក្រុង និង​ជុំវិញ​ក្រុង។ តាមរបាយការណ៍មកថា មុត ចែករំលែកអំណាចជាមួយក្រ​សួងនានា លើការគ្រប់គ្រងប្រជា​ជន​​ថ្មីនេះ ប៉ុន្តែមានការទទួលខុសត្រូវជាចម្បងលើសន្តិសុខ​កំពង់សោម។ គាត់​ក៏ជាប់​ចោទថាបានទទួលខុសត្រូវលើផ្នែកខ្លះនៃតំបន់៣៧​ ដែលជាតំបន់ជិតខាង​ក្នុង​ភូមិភាគ​បស្ចិម​ក្រោយសង្រ្គាម ដែលក្នុងតំបន់នោះមានអ្នករស់នៅក្នុងក្រុងកំពង់សោមពីមុន ត្រូវ​បាន​គេ​បញ្ជូន​ចេញឲ្យទៅរស់នៅទីនោះជា “ប្រជាជនថ្មី” ក្រោមលក្ខខណ្ឌអមនុស្សធម៌ដ៏អាក្រក់​បំផុត​ដូច​គ្នា​នឹង​​កន្លែង​ដទៃទៀត​ក្នុងប្រទេសកម្ពុជា។ ដូចគ្នានឹង ស៊ូ ម៉េត ដែរ មុត ជាជំនួយការឲ្យគណៈកម្ម​ធិការ​មជ្ឈឹម។

កងពលធំលេខ ១៦៤ បានរាយការណ៍ឲ្យអគ្គសេនាធិការ និងគណៈកម្មាធិការយោធា ដឹកនាំដោយ​សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ សុន សេន និងលេខាបក្ស ប៉ុល ពត រៀងៗខ្លួន។ មុត ទទួល រ៉ាប់​រងការហ្វឹកហ្វឺននយោបាយនៅកម្រិតគណៈកម្មាធិការមជ្ឈឹម។គាត់ចូលរួមការប្រជុំជាញឹកញាប់ ​ក្រោម​ការឧបត្ថម្ភរបស់អគ្គសេនាធិការ ជាមួយនឹងកងពលធំមជ្ឈឹម និងលេខារបស់កងឯក​ភាព យោធាមជ្ឈឹមដទៃទៀត ដែលពួកគេទាំងនេះត្រូវរាយការណ៍អំពីសកម្មភាពរបស់កងឯកភាព ទទួលការណែនាំពីបក្ស និងអនុម័តគោលនយោបាយបក្ស។ ការប្រជុំទាំងនេះ​ទាក់ទងយ៉ាងជាក់​លាក់​ទៅនឹងគោលនយោបាយ និងការអនុវត្តរបស់ខ្មែរក្រហមស្តីពីការលុបបំបាត់ចោលខ្មាំង​ផ្ទៃ​ក្នុង​និងខ្មាំងពីខាងក្រៅ ដែលអះអាងដោយខ្មែរក្រហម ដែលមានលក្ខណៈជា “កិច្ចការការពារជាតិ។”​ រឿងនេះមានរាប់បញ្ចូលការប្រហារជីវិតខ្មាំងផ្ទៃក្នុង និងការវាយប្រហារលើភូមិនានា ក្នុងប្រទេស​វៀត​​​ណាមផងដែរ។

មុត នៅតែទទួលបន្ទុកការងារកងពលធំលេខ១៦៤ រហូតចុងឆ្នាំ១៩៧៨ គឺជាពេលដែលគាត់ត្រូវ បាន​តម្លើងឋានន្តរសក្កិនិងប្រគល់ករណីយកិច្ចថ្មី។ គាត់បានក្លាយជាសមាជិករបស់អគ្គសេនាធិការ ដែល​​​គេជឿថាត្រូវបានគេតម្លើងឲ្យទៅជាសមាជិកពេញសិទ្ធរបស់គណៈកម្មាធិការមជ្ឈឹម និងត្រូវ​បាន​​​គេប្រគល់អំណាចយោធានិងនយោបាយពេញលេញលើ “តំបន់៥០៥” នៃព្រំដែនកម្ពុជាជាមួយ​នឹង​ប្រទេសវៀតណាម និងបញ្ជាការលើកងឯកភាពមជ្ឈឹមដែលដាក់រាយនៅទីនោះ។

ដូចគ្នានឹងកងឯកភាពទ័ពខ្មែរក្រហមដទៃទៀត នៅគ្រប់កម្រិតទាំងអស់ទូទាំងប្រទេស កងពលធំ​លេខ១៦៤ មានការទទួលខុសត្រូវយ៉ាងហោចណាស់ចំពោះសន្តិសុខនៅជុំវិញបរិវេណដែលមាន ការដាក់ពង្រាយកងទ័ពក្នុងតំបន់កំពង់សោម។ កងពលធំនេះ បានចាប់កម្មករ​ដែលគេចោទប្រកាន់​ថាជា “ខ្មាំង”  នៅក្នុងនិងនៅជុំវិញក្រុងកំពង់សោម និងតាមការចោទប្រកាន់ផងដែរថា បានចាប់​ប្រជាជនសាមញ្ញដែលគេសង្ស័យ នៅក្នុងតំបន់ជិតៗតំបន់៣៧ ដោយបានឃុំឃាំងពួកគេដើម្បីសួរ​ចម្លើយ​និងប្រហារជីវិត ឬប្រគល់ពួកគេទៅឲ្យមន្ទីរសន្តិសុខមូលដ្ឋាន ដើម្បីចាត់ចែង​បន្ត។ ​តាម​សេចក្តី​រាយការណ៍មកថា កងពលធំនេះទទួលខុសត្រូវផ្ទាល់លើសន្តិសុខ ពាក់ព័ន្ធនឹងប្រជា​ជន​ស៊ី​វិលនៅកំពង់​សោមក្នុងឆ្នាំ១៩៧៧ បន្ទាប់ពីការបោសសំអាតពួកខ្មែរក្រហម ដែលមិនមែន​ជា​​របស់​កងពលធំ១៦៤ ដែល មុត បានជួយ។ កងពលធំនេះ​ មានការទទួលខុសត្រូវចម្បងផងដែរ​ ក្នុង​ការ​កំណត់​មុខសញ្ញា “ខ្មាំង” ដែលគេបានចោទ តាមកម្រិតទទួលខុសត្រូវផ្ទាល់របស់កងពល ដោយ​ការបញ្ជូនពួកគេ ទៅកាន់មន្ទីរសន្តិសុខផ្ទាល់របស់កងពលស្ថិតនៅវត្តអង្គតាញ្ញាន​ក្នុង​​​ខេត្ត​កំពង់​សោម  ទៅមូលដ្ឋានអប់រំកែប្រែឲ្យធ្វើការងារបង្ខំនៅឯស្ទឹងហាវ ទៅតំបន់ដាក់ទណ្ឌ​កម្មដទៃៗទៀត ក្រោមអំណាចផ្ទាល់របស់កងពលធំ ឬបញ្ជូនទៅ ស-២១។

មុត ឬអ្នកក្រោមបង្គាប់ដែលនៅគៀកនឹងគាត់ តាមការចោទប្រកាន់មកថា បានបញ្ជាឲ្យមានការ​សម្លាប់នៅមូលដ្ឋានតែម្តង គឺសម្លាប់ទាំងបុគ្គលិកកងពលធំ និងប្រជាជនសាមញ្ញ ដោយមិន ទាក់ទងទៅសមត្ថកិច្ចមានអំណាចខ្ពស់ជាងនោះទេ។ លក្ខខណ្ឌការងារដ៏អមនុស្សធម៌​ ដែល ប្រតិបត្តិនៅកន្លែង​អប់រំកែ​ប្រែនៅឯស្ទឹងហាវ បាននាំឲ្យមានការស្លាប់ដោយសារភាពអត់ឃ្លាន និង ជំងឺ ក្នុងចំណោមកម្មករ​ទាំងឡាយ។ កងពលធំលេខ១៦៤ បានសហការយ៉ាងជិតស្និតជាមួយនឹង ស-២១ ក្នុងការចាប់ខ្លួន​កម្មាភិបាលកងពល និងយុទ្ធជន​ ដែល ស-២១ កំណត់ថាជា “ខ្មាំង” ។ ការចាប់ខ្លួនបែបនេះបានចាប់​ផ្តើមនៅដើមឆ្នាំ១៩៧៦ និងបន្តរហូតដល់ឆ្នាំ១៩៧៨។ ជនរងគ្រោះ ជាច្រើននាក់ពីការបោសសំអាតពីដំបូង ដែលគេបញ្ជូនទៅ ស-២១ គឺជាកម្មាភិបាល និងយុទ្ធជន កងពលធំ១៦៤ ដែលមានដើមកំណើតមកពី​ភូមិភាគបូព៌ា។ ចាប់ផ្តើមក្នុងឆ្នាំ១៩៧៦ កម្មាភិបាល របស់កងពល១៦៤ ត្រូវបានគេបញ្ជូន​ទៅ​កង​ឯក​ភាព​មជ្ឈឹមដទៃៗទៀត ដើម្បីជួយធ្វើការបោស សំអាតខ្មាំង ឬដាក់ជំនួសកម្មាភិបាលដែលត្រូវបានគេបោសសំអាតរួច ​។ មុត បានចូលរួមប្រជុំ នៅ អគ្គសេនាធិការ ដែលក្នុងកិច្ចប្រជុំនោះដំណើរការនៃការបោសសំអាតនៅក្នុងតំបន់ដទៃៗទៀតនៃ ប្រទេសកម្ពុជាត្រូវបាន​គេ​លើក​​មក​ពិភាក្សា ។

ជាអ្នកកាន់អំណាចយោធាខ្មែរក្រហមជាន់ខ្ពស់បំផុត ដែលពាក់ព័ន្ធក្នុងប្រតិបត្តិការក្នុងខេត្តជាប់​មាត់​​សមុទ្រ បន្ទាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ មុត ទទួលបន្ទុកផ្ទាល់លើពលសេនានៃកង​ពល​ធំ១៦៤ ដែលបានល្បាតលើផ្នែកដ៏ធំនៃឈូងសមុទ្រសៀម ជាកន្លែងដែលពួកគេពាក់ព័ន្ធ​នឹង ចរាចរណ៍នៃនាវាថៃ ឬវៀតណាម និងជាញឹញាប់បានវាយប្រហារទៅលើទូកនេសាទស៊ីវិលរបស់ ថៃ​និងវៀតណាម និងទូកដែលដឹកជនស៊ីវិលវៀតណាមដែលព្យាយាមភៀសខ្លួនទៅក្រៅប្រទេស។ ជន​ស៊ីវិលថៃ និងវៀតណាមត្រូវបានសម្លាប់ក្នុងអំឡុងពេលវាយប្រហារទាំងនេះ។ បុគ្គលិកយោធា​និងជនស៊ីវិល​វៀតណាមដែលគេចាប់បាន ត្រូវបានគេបញ្ជូនទៅកាន់ ស-២១ ដើម្បីប្រហារជីវិត ជា​ពិសេសបន្ទាប់ពីខ្មែរក្រហមចាប់ផ្តើមវាយប្រហារប្រឆាំងនឹងវៀតណាម។ ជនជាតិថៃដែលគេចាប់​បាន និងពួកបស្ចឹមប្រទេសមួយចំនួនតូច ដែលស្ទាក់ចាប់បានដោយកងពលធំលេខ១៦៤ ចេញពី​ឆ្នេរសមុទ្រ ត្រូវបានសម្លាប់ផងដែរនៅ ស-២១។

នៅចុងឆ្នាំ១៩៧៨ មុត បានប្រើប្រាស់អំណាចគណៈកម្មាធិការមជ្ឈឹម និងអគ្គសេនាធិការ ដឹកនាំ ការបោសសំអាតកម្មាភិបាលខ្មែរក្រហម និងប្រជាជនមូលដ្ឋាននៅទីនោះ ដែលអ្នករងគ្រោះមួយ ចំនួនត្រូវបាន​គេបញ្ជូនទៅកាន់ ស-២១ និងអ្នកដទៃទៀតត្រូវបានរាយការណ៍មកថាត្រូវបាន ប្រហារជីវិតនៅមូល​ដ្ឋានតែម្តង ស្របពេលនោះ មុត បានតែងតាំងក្រុមកម្មាភិបាលថ្មីអោយកាន់ តំណែងក្នុង​តំបន់​៥០៥ និងកងពលមជ្ឈឹមដែលដាក់ពង្រាយក្នុងតំបន់ប្រតិបត្តិការក្រោមបញ្ជាការ របស់គាត់។

ឱម អាន ហៅថា ថូ អាន ជាជនសង្ស័យក្នុងសំណុំរឿង ០០៤

សហព្រះរាជអាជ្ញាអន្តរជាតិ បានចោទប្រកាន់ឱម​ អាន ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និង​ប្រល័យពូជសាសន៍។

អាន បានចូលរួមជាមួយខ្មែរក្រហម បន្ទាប់ពីបួសជាព្រះសង្ឃនៅក្នុងវត្តមួយ ក្រោមឥទ្ធិពលចលនា​នៅភូមិភាគនិរតីរបស់ខ្មែរក្រហម។ បន្ទាប់ពីជ័យជំនះរបស់ខ្មែរក្រហមនៅថ្ងៃ១៧ មេសា ១៩៧៥ អាន ​ត្រូវបានតែងតាំងជាលេខាស្រុកកណ្តាលស្ទឹងតំបន់២៥ របស់ភូមិភាគនិរតី ក្រោមអំណាច ​លេខា​​ភូមិភាគ ​​​តាម៉ុក។ តំបន់២៥ គ្រប់គ្រងលើដែនដីនានានៅទិសទក្សិណ និងបូព៌ានៃទីក្រុង ភ្នំពេញ ជា​តំបន់​​ដែល​ប្រជា​ពល​រដ្ឋត្រូវបានគេបញ្ជូនចេញដោយបង្ខំ ទៅកាន់តំបន់នានា ដែល ត្រួតត្រាពី​ដំបូង​​ដោយ​​ខ្មែរ​ក្រ​ហម បន្ទាប់ពីថ្ងៃ១៧ មេសា។

មួយភាគធំនៃប្រជាពលរដ្ឋក្រុងភ្នំពេញ ត្រូវបានគេបញ្ជូនចេញជា “ប្រជាជនថ្មី” ទៅកាន់ស្រុក​កណ្តាល​ស្ទឹង និងបណ្តាស្រុកដទៃៗទៀតក្នុងតំបន់២៥ ដែលជាកន្លែងដែលមនុស្សជាច្រើននាក់​ដែលគេចោទថាជានាយទាហាន ឬមន្រ្តីសាធារណរដ្ឋខ្មែរ ត្រូវបានគេសម្លាប់ភ្លាមៗនៅក្នុងមន្ទីរ​សន្តិសុខនានានៅមូលដ្ឋាន។ ប្រជាពលរដ្ឋដទៃទៀតត្រូវបានគេបង្ខំឲ្យធ្វើការ និងស្ថិតក្នុង​ស្ថាន​ភាពការងារអមនុស្សធម៌  ដែលលទ្ធផលបន្តបន្ទាប់មកពួកគេបានស្លាប់ដោយភាពអត់ឃ្លាន និង​ជំងឺ។ ប្រជាជនថ្មីជាច្រើននាក់ និងអ្នកស្រុកដទៃទៀតនៅតំបន់២៥ នៅពេលនោះបាន​ទទួល​រង​នៅ​រលក​ទី​​ពីរ​នៃ​ការ​បញ្ជូន​ចេញដោយបង្ខំនៅចុងឆ្នាំ ១៩៧៥ ជាពេលដែល​មានការ​បញ្ជូន​ចេញ​​នូវ ចំនួនដ៏ច្រើនយ៉ាងអមនុស្សធម៌ទៅកាន់ផ្នែកនានានៃប្រទេសកម្ពុជា ដែលប្រជាជនជាច្រើន​បាន​ស្លាប់​នៅពេលធ្វើដំណើរ ឬនៅពេលទៅដល់។

នៅឆ្នាំ១៩៧៦ អាន ត្រូវបានគេបញ្ជូនទៅតំបន់៣៥ ជាកន្លែងដែលគាត់ក្លាយជាសមាជិកមួយ​រូប នៃគណៈកម្មាធិការភូមិភាគ។ ក្នុងតំណែងនេះ គាត់មើលការខុសត្រូវលើពលកម្មដោយបង្ខិតបង្ខំ រួមមាន​ការសាងសង់ប្រព័ន្ធស្រោចស្រពទឹក និងការងារត្រួតត្រាផ្លូវទឹកផ្សេងៗទៀតនៅកម្រិតតំបន់ និង​ស្រុក កន្លែងដែលមានការបង្ខំឲ្យធ្វើការងារក្រោមលក្ខខណ្ឌការងារអមនុស្សធម៌ ដែលនាំឲ្យ​មាន​​មនុស្សស្លាប់ជាច្រើនដោយការអត់ឃ្លាននិងជំងឺ។ គាត់ត្រូវបានគេជឿផងដែរថា បាន​ចែក​រំលែកអំណាចជាមួយមន្រ្តីតំបន់៣៥ ដទៃទៀត លើមន្ទីរសន្តិសុខតំបន់ និងមន្ទីរ​​សន្តិ​សុខ​ស្រុក​ជា​ច្រើន​របស់តំបន់៣៥នេះ និងមណ្ឌលឃុំឃាំងកម្រិតទាបនានា មិនខុសគ្នា​នឹង​មណ្ឌល​​ដទៃៗ​ទៀត​ក្នុង​ប្រទេសកម្ពុជានោះទេ។ គាត់ទទួលខុសត្រូវលើការកាប់​សម្លាប់​ក្រៅ​ប្រព័ន្ធ​​តុលា​ការ​មួយ​ចំនួន​ដ៏​ធំ រួមទាំងអំពើទារុណ្ឌកម្ម និងប្រព្រឹត្តកម្មដ៏អមនុស្សធម៌ដទៃទៀត លើប្រជា​ជន​​ទាំង​​ឡាយ​​ដែល​ទទួលរងនូវការឃុំឃាំងតាម​អំពើចិត្ត ដោយចាត់ថាជា “ពួកក្បត់” “ខ្មាំង” ឬ “សមាសភាព​មិនល្អ”។

ថ្វីបើភាគច្រើននៃជនទាំងឡាយដែលគេចោទប្រកាន់បែបនេះ នៅក្នុងតំបន់៣៥ ក្នុងអំឡុងពេល​នោះ ត្រូវបានគេចោទថាមានជាប់ទាក់ទងនឹងនយោបាយ សង្គម ឬតាមរយៈចំណងគ្រួសារជា​មួយ​ពួក​​សាធារណរដ្ឋខ្មែរដែលបានចុះចាញ់ក៏ដោយ ក៏ចាប់ពីឆ្នាំ១៩៧៦បន្តបន្ទាប់មក ពួកគេក៏រាប់​បញ្ចូល​​ជន​ទាំង​ឡាយមកពីក្នុងជួរខ្មែរក្រហម ជួររដ្ឋបាលរបស់ខ្មែរក្រហម និងកងទ័ពខ្មែរក្រហម​ផង​ដែរ។ ពួកគេត្រូវបានគេចាប់ខ្លួនដោយមានអំណាចថ្នាក់ស្រុក តំបន់ ឬភូមិភាគ ដោយចោទថា​មាន​ជាប់​ពាក់ព័ន្ធនឹង​ពួកសាធារណរដ្ឋខ្មែរ ជាប់ទាក់ទងជាមួយវៀតណាម ឬពីព្រោះតែ “និន្នាការក្បត់”ដោយគ្មាន​ភស្តុតាងចង្អុលបង្ហាញដទៃៗទៀត។ ពួកគេក៏រាប់បញ្ចូលសមាជិក​សហ គមន៍​ចាមនៅមូល​ដ្ឋាន ជន​ជាតិភាគតិចឥស្លាមដែលគេដៅសម្រាប់ការបង្រ្កាប ជាពិសេសបន្ទាប់ពី ប្រជាជនចាម​មាន​ប្រតិ​កម្មចំពោះការធ្វើទុកបុកម្នេញ ជាមួយនឹងការកើតឡើងនូវការបះបោរ។

ពេលខ្លះនៅចន្លោះខែមីនា និងឧសភា ១៩៧៧ អាន ត្រូវបានគេផ្ទេរ និងតម្លើងឋានន្តរសក្តិ។ គាត់​បានក្លាយជាលេខាតំបន់៤១ ដែលជាតំបន់ភូមិភាគឧត្តររបស់ខ្មែរក្រហមពីមុន និងត្រូវបានគេ​កំណត់ឡើងវិញជាតំបន់មជ្ឈឹម ដែលគាត់បានក្លាយជាលេខារងចំណុះឲ្យលោក​ កែ ពក ដែល​ជា​សមាជិករបស់គណៈកម្មាធិការមជ្ឈឹមខ្មែរក្រហម។ ក្នុងនាមជាលេខារងប្រចាំតំបន់ អាន ​​ត្រូវ​បាន​គេ​ជឿ​ថា បានចូលរួមជាមួយ​ ពក លេខាតំបន់ ទទួលបន្ទុកគណៈកម្មាធិ​ការមជ្ឈឹម ដែលជា​មេ​ដឹក​នាំខ្ពស់បំផុតទីពីររបស់ខ្មែរក្រហម ដែលមានអំណាចទូទាំងប្រទេស និង​ស្ថិតក្រោមតែ​គណៈ​កម្មាធិការអចិន្រ្តៃមួយប៉ណ្ណោះ។ គណៈកម្មាធិការនេះប្រជុំយ៉ាងហោចណាស់​មួយ​លើក រៀងរាល់​ប្រាំ​មួយខែម្តងនៅទីក្រុងភ្នំពេញ ដើម្បីរាយការណ៍ដល់គណៈកម្មាធិការ​អចិន្រ្តៃយ៍ និងទទួល​ការ​ណែនាំរបស់គណៈកម្មាធិការ។

អាន បានមកនៅក្នុងតំបន់៤១ នៅពាក់កណ្តាលនៃការបោសសំអាតដ៏ធំក្នុងជួរខ្មែរ​ក្រហមមូលដ្ឋាន និងការកញ្ជ្រោលឡើងមួយក្នុងការបោសសម្អាតទាំង “ប្រជាជនថ្មី” ដែលតាំងទី​មកពីតំបន់អតីត សាធារណរដ្ឋខ្មែរ និង “ទាហានជើងចាស់” ។ ការបោសសម្អាតទាំងអស់​ធ្វើ​តាមការណែនាំ ពីគណៈកម្មាធិការអចិន្រ្តៃយ៍ និងដឹកនាំដោយ ពក ចំណែកឯ អាន មាន​តួនាទីសំខាន់ ហើយសាក្សីជាច្រើនចោទប្រកាន់គាត់ថា គាត់ចេញការណែនាំផ្ទាល់ខ្លួនឲ្យមានការ​ស្វែងរក “ខ្មាំង” និងសមាសភាពមិនល្អដទៃទៀត។

ជនរងគ្រោះជាច្រើនពីការបោសសំអាតក្នុងបក្ស ក្នុងភូមិភាគមជ្ឈឹម/ភូមិភាគឧត្តរ ត្រូវបានគេបញ្ជូន ទៅ​កាន់​ ស-២១ ក្នុងទីក្រុងភ្នំពេញ ជាកន្លែងដែលពួកគេទទួលរងការសួរចម្លើយជាមួយទារុណ្ឌកម្ម និង​ក្រោយ​​មកសម្លាប់ចោល។ កម្មាភិបាលខ្មែរក្រហមថ្នាក់ទាប ប្រជាជនថ្មីនិងសមាជិកដទៃទៀត​នៃប្រជា​ជន​សាមញ្ញមូលដ្ឋាន ត្រូវគេប្រហារជីវិតក្រៅប្រព័ន្ធតុលាការ ឬត្រូវបានគេឃុំឃាំងគ្មាន កំណត់ក្នុង​ស្ថាន​ភាពការងារអមនុស្សធម៌ក្រៃលែង នៅមូលដ្ឋាន ដែល​ភាគ​ច្រើនស្ថិតនៅកម្រិត ស្រុក ឬកម្រិត​ទាប​ជាងនេះ និងមន្ទីរសន្តិសុខតំបន់ ក្នុងតំបន់៤១ និងកន្លែងដទៃទៀត។ ជាលេខា​តំបន់៤១ អាន មានអំណាចផ្ទាល់លើស្រុកចំណុះរបស់តំបន់ និងរដ្ឋបាលថ្នាក់ទាប គ្រប់គ្រង​លើដែនដីដែលដាក់បង្ខំឲ្យអនុវត្តន៍បែបអមនុស្សធម៌យ៉ាងច្រើនលើប្រជាពលរដ្ឋទាំងមូល និងក្នុង​ឋានៈ​ជា​លេខារងភូមិភាគ គាត់យ៉ាងហោចណាស់មានអំណាចមួយចំនួនក្នុងផ្នែកនៃដែនដី​របស់​ភូមិ​ភាគ លើសពីតំបន់៤១។

អាន ជាប្រធានស្រុកកងមាស ជាកន្លែងដែលគេចោទប្រកាន់ថាមានការប្រព្រឹត្តអំពើប្រល័យពូជ​សាសន៍ ប្រឆាំងនឹងជនជាតិចាម ចាប់ពីពាក់កណ្តាលឆ្នាំ១៩៧៧ និងបន្តពាសពេញប្រទេសរហូត​ដល់ឆ្នាំ១៩៧៨។ អាន ជាប់ពាក់ព័ន្ធយ៉ាងច្រើនក្នុងឆ្នាំ១៩៧៨ តាមការចោទប្រកាន់ថា បានប្រ​ព្រឹត្តបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិក្នុងភូមិភាគមជ្ឈឹម និងជាពិសេសតំបន់៤១ ដែលមានជនរង​គ្រោះ​ជាច្រើន ដែលក្នុងនោះមានប្រជាជនមកពីគ្រប់ផ្នែក រួមទាំងសមាជិកខ្មែរក្រហមផងដែរ។ ជា​លេ​ខាធិការរ​ងភូមិភាគ គាត់មានវត្តមានជារដ្ឋអំណាចមួយនៅឯការដ្ឋានពលកម្មបង្ខិតបង្ខំប្រចាំភូមិ​ភាគដ៏សំខាន់មួយ ដើម្បីដឹកនាំកសាង “ទំនប់១មករា” និងការងារពាក់ព័ន្ធនឹងការស្រោចស្រពទឹក គម្រោងគ្រប់គ្រងទឹកសម្រាប់តំបន់៤២ និង៤៣ ដែលបានចាប់ធ្វើមុនពេលមកដល់របស់គាត់ ប៉ុន្តែ​បានបញ្ចប់នៅពេលដែលគាត់បានមកនៅកន្លែងនោះ និងជាកន្លែងដែលកម្មករជាច្រើនត្រូវបានគេ​ប្រហារ​ជីវិតក្រៅប្រព័ន្ធតុលាការ ឬបានស្លាប់ដោយសារភាពអត់ឃ្លាន ឬជំងឺ។

យិម ​ទិត្យ ជាជនសង្ស័យក្នុងសំណុំរឿង០០៤

សហព្រះរាជអាជ្ញាអន្តរជាតិបានចោទ យិម ទិត្យ ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។

ទិត្យ ជាអ្នកមានស្រុកកំណើតនៅស្រុកត្រាំកក់ ខេត្តតាកែវ។ ទិត្យសកម្មណាស់ក្នុងចលនាកុំមុយ​នីស្ត យ៉ាងហោចណាស់ចាប់តាំងពីឆ្នាំ១៩៦០ គាត់ធ្លាប់បានបួសជាព្រះសង្ឃដំបូងឡើយនៅក្នុង​ខេត្ត​តាកែវ​ និងបន្ទាប់មកនៅក្នុងទីក្រុងភ្នំពេញ។ ជាយថាហេតុ គាត់បានរៀបការជាមួយបងប្អូនស្រី​របស់​ ម៉ុក។ ក្នុងអំឡុងសង្រ្គាមឆ្នាំ១៩៧០-១៩៧៥ រវាងខ្មែរក្រហមនិងរបបសាធារណរដ្ឋខ្មែរ ទិត្យ​បានក្លាយជា​កម្មាភិបាល​ដឹកនាំស្រុកគីរីវង្ស ក្នុងតំបន់១៣ របស់ភូមិភាគនិរតី ដែលជាមូលដ្ឋាន ដ៏អំណាច​របស់ម៉ុក។ ​នៅថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ ទិត្យ ជាលេខាបក្សស្រុកគីរីវង្ស ដែលមានព្រំ​ប្រទល់​ជាប់​នឹង​ប្រទេស​​វៀតណាម។ តាមសេចក្តីរាយការណ៍នៅចំណុចខ្លះមកថា យ៉ាងហោច ណាស់ ទិត្យ បាន​ក្លាយ​ជា​សមាជិកគណៈកម្មាធិការតំបន់១៣ ដែលគេជឿថា គាត់ត្រូវបានគេ ប្រគល់យ៉ាង​ហោច​ណាស់​នូវ​អំណាចមួយចំនួនលើតំបន់ទាំងមូល។

ជាលេខាបក្សគីរីវង្ស ទិត្យ បានប្រើប្រាស់អំណាចផ្ទាល់លើប្រជាជនស្រុក ដែលគិតពីឆ្នាំ១៩៧៥មក មានរាប់ទាំង “ប្រជាជនថ្មី” ដែលគេបណ្តញចេញទាំងបង្ខំពីតំបន់នានាក្រោមការគ្រប់គ្រងរបស់ខ្មែរ​ក្រហមពីមុនមក។ គាត់មានអំណាចលើមន្ទីរសន្តិសុខស្រុក ដែលមានទីតាំងនៅក្នុងវត្តព្រះ​ធាតុ និងប្រតិបត្តិការសន្តិសុខកម្រិតទាប ដែលទទួលខុសត្រូវក្នុងការកំណត់ និងធានាដល់ការប្រ​ហារជីវិតក្រៅប្រព័ន្ធតុលាការ ចំពោះអ្នកដែលគេចោទថាជាអតីតនាយទាហាន និងមន្រ្តីសាធារណ​រដ្ឋ​ខ្មែរ និងអ្នកឯទៀត រួមទាំងប្រជាជនមូលដ្ឋាន ដែលរស់នៅយូមកហើយ ដោយចោទប្រកាន់ថា “ក្បត់” ឬ “ខ្មាំង”។ ប្រជាជនដទៃទៀត “ប្រជាជនថ្មី” និងអ្នកស្រុកដែលរស់នៅយូរមកហើយ ដែល​គេចោទថាជា “សមាសភាពមិនល្អ” ឬអ្នកដែលមាន “និន្នាការ” នយោបាយមិនល្អ ត្រូវបានគេចាប់ ខ្លួន និងឃុំខ្លួននៅមន្ទីរសន្តិសុខ ឬមន្ទីរឃុំឃាំង​នៅទូទាំងស្រុក ដើម្បីអប់រំកែប្រែដោយបង្ខំឲ្យ ធ្វើការងារ។ មនុស្សជាច្រើននាក់បានស្លាប់។ ទិត្យ គ្រប់គ្រងរដ្ឋបាលស្រុកគីរីវង្ស ដែលរដ្ឋបាលនេះ បានដាក់បង្ខំឲ្យមាន​ស្ថានភាពរស់នៅដ៏មហាអមនុស្សធម៌ ដែលនាំឲ្យមានការស្លាប់មនុស្សយ៉ាង ច្រើន។

នៅពាក់កណ្តាលឆ្នាំ១៩៧៨ ទិត្យ ត្រូវបានគេចាត់តាំង ដោយមានការតម្លើងឋានន្តរសក្តិសំខាន់ មួយ​ទៅភូមិភាគពាយ័ព្យ ជាកន្លែងដែលគាត់បានក្លាយជាលេខាតំបន់១ ។ គាត់បានក្លាយជា សមាជិក​ដ៏សំខាន់មួយរូបរបស់គណៈកម្មាធិការភូមិភាគ ដែលនៅក្នុងនោះ តាម៉ុក ជាលេខា ដែល ស្រប​គ្នា​នោះដែរមានតំណែងមេដឹកនាំដទៃទៀតជាច្រើន ដែលក្រោយពេលបោសសំអាត​សម្លាប់ ​​បានធ្វើឲ្យ​បាត់បង់ក្រុមកម្មាភិបាលជំនាន់មុនរបស់ភូមិភាគពាយ័ព្យ។ យ៉ាងហោចណាស់ ទិត្យ ត្រួតត្រាតំបន់១ ​ដោយផ្ទាល់ និងស្រុក និងកងឯកភាពចំណុះឲ្យតំបន់១ នេះ ហើយគាត់ត្រូវបាន គេជឿថា មាន​អំណាចយ៉ាងហោចណាស់លើផ្នែកដទៃទៀតនៃភូមិភាគពាយ័ព្យ។ តាម ស្ថានការណ៍នេះ គាត់ត្រូវបានគេ​ចោទ​ប្រកាន់ថា បានដឹកនាំការបោសសំអាតកម្មាភិបាលជា ទាហានជើងចាស់នៅកម្រិតមូលដ្ឋាន និង “បោស​សម្អាតប្រជាជន” ច្រើនឡើងៗ ដែលអំឡុង ពេលនោះមានមនុស្សជាច្រើននាក់ ត្រូវបានគេនាំ​ទៅ​ប្រហារជីវិតក្រៅប្រព័ន្ធតុលាការនៅឯមន្ទីរ សន្តិសុខតំបន់ និងស្រុក ឬនាំយកទៅសម្លាប់នៅកន្លែង​ដទៃទៀត។

ក្រុមជាក់លាក់ខ្លះ ជាពិសេសសហគមន៍ខ្មែរក្រោម និងអ្នកតាំងទីលំនៅជនជាតិវៀតណាមដែល​នៅសេសសល់ចុងក្រោយ និងជនទាំងឡាយដែលគេចាត់ថាជាជនជាតិវៀតណាម ត្រូវបានគេដៅ​ជាពិសេសសម្រាប់ការកំទេចចោល ដែលពេលនោះមានប្រជាជនមួយចំនួនធំ ត្រូវបានគេផ្ទេរ​ចេញដោយបង្ខំពីភូមិភាគពូព៌ា ជាផ្នែកមួយក្នុងការបោសសំអាតក្នុងពាក់កណ្តាលឆ្នាំ១៩៧៨ ក៏ត្រូវ បាន​គេសម្លាប់ផងដែរ។ ស្ថានភាពរស់នៅក្នុងភូមិភាគពាយ័ព្យ មានសភាពកាន់តែអាក្រក់ នាំឲ្យមានការ​ផ្ទុះខ្លាំងឡើងនៃកំណើននៃការស្លាប់ពីការអត់ឃ្លាននិងជំងឺ។

អ៊ីម ចែម ហៅថា ស្រី ចែម ជាជនសង្ស័យក្នុងសំណុំរឿង០០៤

សហព្រះរាជអាជ្ញាអន្តរជាតិបានចោទប្រកាន់ អ៊ឹម ចែម ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

ចែម ជាអ្នកមានដើមកំណើតនៅក្នុងស្រុកនៅត្រាំកក់ដែលជាស្រុកកំណើតរបស់ ម៉ុក ជាកន្លែង ដែល​ពួកខ្មែរក្រហមបានដាក់ជាតំបន់១៣ របស់ភូមិភាគនិរតី។ គ្រួសាររបស់គាត់ជាប់ពាក់ព័ន្ធនឹង ចលនា​កុំមុយនីស្តកម្ពុជា យ៉ាងហោចណាស់ចាប់តាំងពីទស្សវត្សរ៍១៩៦០ ហើយអ្នកស្រីបានសកម្ម ក្នុងនាមជា​កម្មាភិបាលមួយរូប ក្នុងចលនាបំផុសសង្រ្គាមស៊ីវិលក្នុងឆ្នាំ១៩៧០។

ក្នុងឆ្នាំ១៩៧៦ ចែម បានក្លាយជាតំណាងកសិករភូមិភាគនិរតីក្នុងមហាសន្និបាតប្រជាជន ដែល ចាត់​តាំងដោយខ្មែរក្រហម ចំណែកឯប្តីរបស់គាត់ឈ្មោះ ណុបញេន ជាលេខាស្រុកក្នុងភូមិភាគ ជា​កន្លែង​​អ្នកស្រីបានក្លាយជាលេខាស្រុកព្រះនេត្រព្រះ ហើយប្តីរបស់គាត់ជាលេខាស្រុកស៊ីសូ​ផុន។ គាត់ស្ថិតនៅក្នុងតំណែងនេះរហូតដល់ចុងឆ្នាំ១៩៧៨។

ការបញ្ជូន ចែម និងប្តីរបស់គាត់ទៅភូមិភាគពាយ័ព្យ មានការគាប់ជួននឹងការចាប់ផ្តើមនូវកំណើន​នៃរលក​នៃការបោសសំអាតកម្មាភិបាលខ្មែរក្រហមជំនាន់មុនៗនៅទីនោះ និងគាប់ជួនផងដែរនូវ ការមកដល់ថ្មី​ក្នុងភូមិភាគពាយ័ព្យនូវមន្រ្តីខ្មែរក្រហមថ្មីៗជាច្រើន ពីភូមិភាគដទៃទៀត មកជំនួស​អ្នកដែលត្រូវបានគេបោសសំអាតទាំងនោះ។ ចែម និងកម្មាភិបាលថ្មីដទៃទៀត ត្រូវបានគេចោទ ថាបានចូលរួមក្នុងការបោសសំអាតជាច្រើន រហូតដល់ដើមឆ្នាំ១៩៧៩។

ប្រជាជនមួយចំនួនដែលទទួលរងការបោសសំអាត ក្នុងស្រុកព្រះនេត្រព្រះ និងផ្នែកជិត​ខាងក្នុង​តំបន់៥ បន្ទាប់ពីគេដាក់ ចែម ក្នុងតំណែងដ៏មានអំណាច ត្រូវបានគេនាំទៅប្រហារជីវិតក្រៅ​ប្រព័ន្ធ​តុលាការនៅឯ ស-២១ ចំណែកឯប្រជាជនដទៃទៀតត្រូវបានគេសម្លាប់ ឬឃុំខ្លួនសម្រាប់​ទណ្ឌកម្ម​ការ​ងារដោយបង្ខំ និងអប់រំកែប្រែឡើងវិញនៅនឹងមូលដ្ឋានតែម្តង រួមទាំងនៅឯមូលដ្ឋានមួយចំនួន​ក្នុងស្រុកព្រះនេត្រព្រះ ដែលកាលនោះ ចែម ដឹកនាំផ្ទាល់ ឬយ៉ាងហោចណាស់មានឥទ្ធិពលខ្លះ ដូចជាលើភ្នំត្រយូងជាដើម។ ទំហំនៃការបោសសំអាតមានកំណើនច្រើនឡើងៗ នៅពាក់កណ្តាល​ឆ្នាំ​១៩៧៨ និងបានកើនច្រើនឡើងទៀត ដោយការប្រយុទ្ធផ្ទៃក្នុងប្រឆាំងគ្នាឯងដ៏ហិង្សានៅចុង​ឆ្នាំ​ក្នុង​ចំណោម​បណ្តាញខ្មែរក្រហមដ៏មានអំណាច។

ចែម ត្រូវបានគេចោទផងដែរថា គាត់គ្រប់គ្រងលើពលកម្មដោយបង្ខិតបង្ខំ ដើម្បីស្ថាបនាប្រព័ន្ធចែក ចាយ​ទឹកភ្ជាប់ទៅទំនប់ត្រពាំងថ្មរបស់តំបន់៥ និងគម្រោងស្រោចស្រពទឹក។ ការកសាងបាន ចាប់ផ្តើមធ្វើ​មុន​ពេលគាត់បានមកដល់ ប៉ុន្តែការស្ថាបនានោះបានបញ្ចប់​ ក្រោយពីគេបានដាក់គាត់​ឲ្យ​ទទួល​ខុស​​ត្រូវលើ​ស្រុកព្រះនេត្រព្រះ។ ស្ថានភាពដ៏អាក្រក់បំផុតដែលគេបានដាក់លើកម្មករ ដែលគេចោទថា​ស្ថិត​​នៅ​ក្រោមការត្រួតត្រារបស់គាត់ បាននាំឲ្យមានមនុស្សស្លាប់ជាច្រើន។ កម្មករ មួយចំនួនត្រូវ​បាន​គេ​ប្រហារ​ជីវិតនៅឯមូលដ្ឋានសាងសង់ប្រព័ន្ធគ្រប់គ្រងទឹក ដោយសារពួកគេតវ៉ា នឹង​លក្ខ​ខណ្ឌការងារ ឬមិនអាចធ្វើទៅតាមសេចក្តីត្រូវការ។ ម្យ៉ាងទៀត ស្ថានភាពទូទៅដែលបាន ដាក់បង្ខំលើប្រ​ជា​ពលរដ្ឋ​ទាំងអស់របស់ស្រុកព្រះនេត្រព្រះ មានលក្ខណៈដ៏មហាពិបាក និងដ៏សែន មហាអាក្រក់​បំផុត ក្នុង​ផ្នែកជាច្រើនរបស់ស្រុក អំឡុងពេលដែល ចែម គ្រប់គ្រង ដែលនាំឲ្យមាន អ្នកស្លាប់ដ៏​ច្រើន​លើស​​លុបដោយការអត់ឃ្លាន និងជំងឺ។ ជនទាំងឡាយណាដែលតវ៉ា ឬត្រូវបាន គេចាត់ថា “ខ្ជិល” ចំពោះការខកខានមិនបានបំពេញការងារចាំបាច់ ត្រូវទទួលរងការប្រហាជីវិត ឬ ដាក់ឃុំឃាំងនៅឯ​កន្លែងអប់រំកែប្រែ និងដាក់ទណ្ឌកម្មឲ្យបំពេញការងារដោយបង្ខិតបង្ខំនៅទូទាំង ស្រុក។

ចែម ត្រូវបានគេចោទប្រកាន់ថា ដឹកនាំសម្លាប់រង្គាលចុងក្រោយ ដូចជានៅឯភ្នំត្រយូង លើប្រជាជន ណាដែល​គេសង្ស័យ នាំអោយមានគំនិតប្រឆាំងនឹងរបបខ្មែរក្រហម ដែលការគ្រប់គ្រងរបស់របប នេះត្រូវ​បានគេធ្វើឲ្យបែកខ្ញែកនៅចុងឆ្នាំ១៩៧៨ ដើមឆ្នាំ១៩៧៩ ដោយការរុលចូលមករបស់កង​ទ័ព​វៀត​​ណាម។ ក្នុងរយៈពេលនៃការកាន់តំណែងរបស់ចែម ជាលេខាស្រុកព្រះ​នេត្រព្រះ ការប្រហារ ជីវិត និងទណ្ឌកម្មការងារដោយបង្ខំ ត្រូវបានផ្តោតជាពិសេសទៅលើ ប្រជា​ជនដែលគេអះអាង ថាពាក់ព័ន្ធនឹងសាធារណរដ្ឋខ្មែរដែលចុះចាញ់ ជនដែលពាក់ព័ន្ធនឹងកម្មាភិបាល​មូលដ្ឋានដែលគេ បានបោសសំអាត និងជនទាំងឡាយដែលគេចាត់ថាជា “វៀតណាម” ។