Skip to main content

កម្ពុជា៖ ច្បាប់ការងារខកខានមិនបានការពារកម្មករកាត់ដេរ

ម៉ាកសម្លៀកបំពាក់គួរប្រកាសឲ្យដឹងអំពីអ្នកផ្គត់ផ្គង់ ជួយការពារកម្មករដែលងាយទទួលរងការឈឺចាប់

 (ភ្នំពេញ) - រដ្ឋាភិបាលកម្ពុជា កំពុងតែខកខានមិនបានការពារ​កម្មករ​កាត់ដេរ ដែលបានផលិតសម្រាប់ម៉ាកសម្លៀកបំពាក់អន្តរជាតិ ពីការរំលោភសិទ្ធិការងារ​ធ្ងន់ធ្ងរ អង្គការឃ្លាំមើលសិទិ្ធមនុស្ស បាននិយាយ ក្នុងរបាយការណ៍ថ្មីមួយ ចេញផ្សាយនៅ​ថ្ងៃ​នេះ ។ កម្មករស្រីដែលមានចំនួនលើសលប់ តែងតែភប់ប្រសព្វនឹងការឲ្យធ្វើការបន្ថែម​ម៉ោង​ដោយបង្ខំ ការរើសអើងលើមូលដ្ឋាននៃការមានផ្ទៃពោះ និងការអនុវត្តប្រឆាំងសហជីព ដែល​ទាំង​រដ្ឋា​ភិ​បាល ទាំងម៉ាកធំៗ មិនបានដោះស្រាយដោយត្រឹមត្រូវទេ ។

          របាយការណ៍កម្រាស់ ១៤០ ទំព័រ ក្រោមចំណងជើង “'ធ្វើការលឿនជាង ឬដើរចេញ'៖ ការរំលោភសិទិ្ធការងារនៅក្នុងរោងចក្រកាត់ដែរនៃកម្ពុជា,” បានចងក្រងជាឯកសារអំពីការធូរ​លុង​នៃការអនុវត្តច្បាប់ការងាររបស់រដ្ឋាភិបាល និងការចាត់វិធានការរបស់ម៉ាកដែលធ្វើឲ្យ​មាន​ការស្ទះដល់ការ​តាមដាន និង​ការប្រព្រឹត្តតាមច្បាប់ ។

          ក្នុងឆ្នាំថ្មីៗនេះ ការតវ៉ាអំពីប្រាក់ខែ ករណីកម្មករដួលសន្លប់ និងនីតិវិធីចុះបញ្ជិការសហ​ជីពស្មុគ្រស្មាញ បានឆ្លុះបញ្ចាំងពីស្ថានភាពកម្មករក្នុងរោងចក្រកាត់ដេរកម្ពុជា ។

          “រដ្ឋាភិបាលកម្ពុជា គួរចាត់វិធានការជាប្រញ៉ាប់ ដើម្បីប្រែក្រឡាស់ប្រវត្តិដ៏សែន​អា​ក្រក់​អាក្រីនៃការគោរពសិទិ្ធការងាររបស់ខ្លួន និងការពារកម្មករពីការរំលោភ,” លោកស្រី អារូណា ខេសៃយ៉ាប់ (Aruna Kashyap) អ្នកស្រាវជ្រាវសិទិ្ធស្ត្រីថ្នាក់ខ្ពស់នៅអង្គឃ្លាំមើលសីទិ្ធមនុស្ស ។ “ម៉ាកសម្លៀកបំពាក់សកលទាំងនេះ គឺជាឈ្មោះដែលគេស្គាល់គ្រប់គ្នា ។ ពួកគេមានអនុភាព​យ៉ាងច្រើន និងអាច ឬគួរធ្វើឲ្យបានច្រើនថែមទៀត ដើម្បីធានាថាកិច្ចសន្យា​របស់ពួកគេ​ជាមួយ​រោងចក្រកាត់ដេរ មិនត្រូវរួមចំណែកក្នុងការរំលោភសិទិ្ធការងារ ។”

            អង្គការឃ្លាំមើលសិទិ្ធបានរកឃើញថា រោងចក្រជាច្រើនបានចេញកិច្ចសន្យារយៈពេល ខ្លីខុសច្បាប់ ដើម្បីជៀសវាងការបង់តម្លៃសម្រាប់មាតុភាពរបស់កម្មការីនី និងប្រាក់អត្ថ-ប្រយោជន៍​​​ដទៃ​ទៀត និងដើម្បីបំភិតបំភ័យ និងត្រួតត្រាលើពួកគេ ។ រោងចក្រតូចៗ ដែលធ្វើ​ការ​ម៉ៅការ​ឲ្យ​រោងចក្រធំជាងមានទិសដៅនាំចេញ ហាក់ដូចជាមានលទ្ធភាព​ច្រើន​ជួល​កម្មករ​លើមូលដ្ឋាន​ម្តងម្កាល ធ្វើឲ្យមានការលំបាកដល់កម្មករដើម្បីអះអាងពី​សិទិ្ធរបស់​ពួកគេ ពីព្រោះ​ពួក​គេមានហានិភ័យនឹងការបណ្តេញចោលយ៉ាងស្រួល ។ ម៉ាកសម្លៀកបំពាក់ មិនបាន​ចាត់​យក​ជំហានសមស្របទេ ដើម្បីបញ្ចប់លែងឲ្យមានកិច្ចសន្យារយៈពេលខ្លី នៅក្នុង​រោងចក្រ​ផ្គត់​ផ្គង់​របស់ពួកគេ-សូម្បីតែក្រមសីលធ៌មនៃអ្នកផ្គត់ផ្គង់ពួកគេ មានបញ្ញត្តិកម្រិត​ព្រំ​ដែននៃការ​ប្រើ​វា​ក៏​ដោយ ។

          ឧស្សាហកម្មកាត់ដេរកម្ពុជា គ្របដណ្តប់ដោយការវិនិយោគបរទេសមកពីហុងកុង, តាយ​វ៉ាន់, ចិន, សឹង្ហបូរី, ម៉ាឡេស្យា និងកូរ៉េខាងត្បូង មានសារសំខាន់ជាអាយុជីវិតចំពោះ​សេដ្ឋ​កិច្ចរបស់ប្រទេស និងជីវភាពរស់នៅរបស់ស្ត្រី ។ ស្ត្រីមានចំនួនរហូតដល់ ៩០% នៃកម្មករកាត់​ដេរជាង ៧០០,០០០ នាក់ របស់ប្រទេសនេះ ធ្វើការក្នុងមុខរបរកាត់ដេរចំនួន ១,២០០ នេះបើ​យោងតាមក្រសួងឧស្សាហកម្ម និងសិប្បកម្ម ។

          របាយការណ៍របស់អង្គការឃ្លាំមើលសិទិ្ធមនុស្ស បានឈរលើបទសម្ភាសន៍ជាមួយ​មនុស្សជាង ៣៤០ នាក់ ក្នុងនេះរួមមាន កម្មករ ២៧០ នាក់ មកពីរោងចក្រក្នុងទីក្រុងភ្នំពេញ​និង​ខេត្តជិតៗ មេដឹកនាំសហជីព តំណាងរដ្ឋាភិបាល ពួកអ្នកតស៊ូមតិសិទ្ធិការងារ សមាគម​ឧស្សាហករកាត់ដេរនៃកម្ពុជា និងតំណាងម៉ាកសម្លៀកបំពាក់អន្តរជាតិ, អង្គការឃ្លាំមើល​សិទិ្ធ​មនុស្សមានការទាក់ទងជាមួយ អាឌីដាស (Adidas), អារម៉ានី (Armani), ហ្កេប (Gap), H&M, Joe Fresh និង Marks and Spencer ។

            នៅពេលដែលច្បាប់ការងារកម្ពុជា តម្រូវឲ្យការងារបន្ថែមម៉ោងធ្វើតាមការស្មគ្រចិត្ត កម្ម​កររោងចក្រចំនួន ៤៨ ផ្គត់ផ្គង់ម៉ាកអន្តរជាតិនានា បានប្រាប់អង្គការឃ្លាំមើលសិទិ្ធមនុស្សថាការ​​​ងារនេះត្រូវបានបង្ខំឲ្យធ្វើ ។ ការសងសឹករបស់រោងចក្រចំនួនមួយភាគបួន​នៃរោងចក្រ​ទាំង​នេះ រួមមានការបណ្តេញចោល ការកាត់បន្ថយប្រាក់ខែ និងការផ្លាស់ប្តូរដោយបង្ខំ។ ក្នុងខែ​កុម្ភៈ ឆ្នាំ ២០១៥ ក្រសួងការងារបានអំពាវនាវម្តងទៀត ឲ្យគោរពបទបញ្ញត្តិអំពីការងារបន្ថែមរបស់​រោង​ចក្រ ។

          កម្មករមកពីរោងចក្រ ៣៥ បានរាយការណ៍ពីការអនុវត្តប្រឆាំងសហជីព ក្នុងនេះរួម​មាន ការបណ្តេញចចោល  និងការបំភិតបំភ័យ មេដឹកនាំសហជីពទើបជាប់ឆ្នោតថ្មី និងកិច្ច​សន្យារយៈពេលខ្លីសម្រាប់បុរស ដើម្បីបំបាក់ទឹកចិត្តពួកគេកុំឲ្យបង្កើត ឬចូលរួម សហជីព ។ កម្មករជាច្រើន បាននិយាយប្រាប់អង្គការឃ្លាំមើលសិទិ្ធមនុស្សថា អ្នកគ្រប់គ្រងរោងចក្របាន​គាបសង្កត់ពួកគេ ឲ្យសម្រេចផលិតផលកំណត់ទុកជាមុន ដែលធ្វើឲ្យប៉ះពាល់ដល់លទ្ធភាព​របស់​ពួកគេសម្រាប់សម្រាកសន្លោះម៉ោងធ្វើការ ទៅបន្ទប់ទឹក ផិកទឹក ឬទទួលទានអាហារថ្ងៃ​ត្រង់ ។ ក្នុងករណីខ្លះ ការគាបសង្កត់ឲ្យសម្រេចផលិតផលកំណត់ទុកជាមុន បានបង្កើនក្រោយ​ប្រាក់​ខែ​អប្បបរមាបានបង្កើនក្នុងឆ្នាំ ២០១៣ និង ២០១៤ ។

          កម្មការីនីមកពីរោងចក្រចំនួន ៣០ បានរៀបរាប់អំពីការរំលោភជាក់លាក់នានា រួមមាន ការបដិសេធការជួល បន្តកិច្ចសន្យារយៈពេលខ្លី  ឬផ្តល់ទីកន្លែងរស់នៅសមរម្យសម្រាប់​កម្មកា​រី​នីមានផ្ទៃពោះ ធ្វើឲ្យពួកគេមានការលំបាកធ្វើការងារក្នុងរោងចក្រ ។ កម្មករមកពីរោងចក្រខ្លះ បានរកឃើញថា មានការលំបាកទទួលបានការឈប់សម្រាកពេលមានជម្ងឺដែលបានបញ្ជាក់​ដោយ​គ្រូពេទ្យ ។ អង្គការឃ្លាំមើលសិទិ្ធមនុស្ស ក៏បានស្រាវជ្រាវចងក្រងជាឯកសារ​អំពីការងារ​កុមារដោយខុសច្បាប់ នៅក្នុងរោងចក្រចំនួន ១១ ដែលខ្លួនបានទៅពិនិត្យ ។ ការរំលោភអា​ក្រក់​​ជាងគេ ត្រូវបានរាយការណ៍ថាកើតមាននៅក្នុងរោងចក្រម៉ៅការតូចៗ ដែលផលិតសម្រាប់​រោងចក្រធំជាងដែលមានអាជ្ញាប័ណ្ណនាំចេញ ។

            យោងតាមក្រសួងការងារ ពីឆ្នាំ ២០០៩ រហូតដល់ឆ្នាំ ២០១៣ ការផាកពិន័យផ្លូវការ​មាន​តែនៅក្នុងរោងចក្រចំនួន ១០ ប៉ុណ្ណោះ និងផ្តើមគំនិតចាត់វិធានការផ្លូវច្បាប់ចំពោះរោង​ចក្រ​​ចំនួន ៧-ទាំងអស់នេះនៅក្នុងឆ្នាំ ២០១១ ។ នៅពេលដែលចំនួននៃការផាកពិន័យ​បានស្ទុះ​ឡើងដល់ ២៥  ក្នុង ១១ ខែដំបូងនៃឆ្នាំ ២០១៤ វានៅតែបន្តនៅទាបហួសប្រមាណ បើសិនជា​ប្រៀបទៅនឹងចំនួនរោងចក្រទាំងអស់ និងលំនាំនៃការរំលោភសិទិ្ធការងារនៅតែមិនចុះថយ ។ ក្នុងឆ្នាំ ២០១៤ ក្រសួងការងារបានចាប់ផ្តើមយន្តការអធិការកិច្ចការងារបញ្ចូលជាមួយ និងកែ​លំអ​ការហ្វឹកហ្វឺន ។ តែក្នុងសភាពការណ៍មួយដែលមានការចោទប្រកាន់អំពីអំពើពុករលួយ និង​​កែលំអការកត់ត្រានៃអធិការកិច្ច កែទម្រង់ដុំកំភួន មានតម្រូវការជាចាំបាច់ ដើម្បីស្ថាបនា​ការ​ជឿ​ទុក​ចិត្ត អង្គការឃ្លាំ​មើលសិទិ្ធមនុស្សបាននិយាយ ។

            ចាប់តាំងពីមានការតវ៉ាដោយកម្មករកាលពីខែធ្នូ ឆ្នាំ ២០១៣ ដើម្បីទាមទារឲ្យតម្លើង​ប្រាក់​ខែអប្បបរមាមក ក្រសួងការងារបានដាក់បញ្ចូលនីតិវិធីស្មុគ្រស្មាញដើម្បីចុះ​បញ្ជិការ​សហ​ជីព ធ្វើឲ្យកាន់តែលំបាកដើម្បីឲ្យសហជីពទទួលបានអាជ្ញាប័ណ្ណ ។

          គម្រោងធ្វើឲ្យប្រសើរឡើងរោងចក្រកាត់ដេរកម្ពុជា (BFC) គឺជាភាគីតាមដានទី ៣ ប្រគល់អាណត្តិឲ្យ ដើម្បីធ្វើអធិការកិច្ចរោងចក្រទាំងអស់ដែលមានអាណត្តិនាំចេញ និងធ្វើ​របាយការណ៍អំពីរោងចក្រជាក់លាក់ណាមួយ ។ ក៏ប៉ុន្តែ អង្គការឃ្លាំមើលសិទិ្ធមនុស្សបានរក​ឃើញថា រោងចក្រម៉ៅការតូចៗពុំមានអាជ្ញាប័ណ្ណនាំចេញ បានរួចផុតពីការធ្វើអធិការកិច្ច តែ​ផ្គត់ផ្គង់ដោយប្រយោលឲ្យម៉ាកធំៗ តាមរយៈរោងចក្រធំជាង។ រោងចក្រតូចៗទាំងនេះ គឺជា​កន្លែងដែលលក្ខខ័ណ្ឌធ្វើការងារអាក្រក់អាក្រីបំផុតនៅតែមានជាបន្ត ។ BFC ដែលបានចាប់​ផ្តើម​​ដំណើរ​​ការ​ធ្វើមូលដ្ឋានទិន្នន័យតម្លាភាពក្នុងឆ្នាំ ២០១៤ បានចង្អុលឈ្មោះរោងចក្រ​ប្រមាណ ១០ ថាជារោងចក្រមានការអនុវត្តទាប ។ ប៉ុន្តែមូលដ្ឋានទិន្នន័យតម្លាភាព មិនបាន​រាប់​បញ្ចូល​អំពីកិច្ចសន្យារបស់ម៉ាក ជាមួយ BFC និងជំហានដែលម៉ាកចាត់ឲ្យមានឡើង ដើម្បី​សម្រួល​ច្បាប់​ការងារសម្រាប់ការធ្វើតាមច្បាប់ក្នុងរោងចក្រផ្គត់ផ្គង់ ។

          បន្ទាប់ពីការតម្លើងប្រាក់ខែថ្មីៗនេះ ដែលសមាគមឧស្សាហករកាត់ដេរកម្ពុជា ខ្លាចថាវា​នឹងនាំទៅឲ្យម៉ាកសម្លៀកបំពាក់ “រត់ទៅរកទីផ្សារប្រាក់ឈ្នួលថោកជាង” នោះ អង្គការពលកម្ម​អន្តរជាតិបានអំពាវ​នាវ​ដល់ម៉ាកសម្លៀកបំពាក់ឲ្យ “រួមចំណែករបស់ខ្លួន” ស្រូបយកការតម្លើង​ថ្លៃ​នេះ ដែលនឹង​បង្កើត​ដល់រោងចក្រ ។ អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានរកឃើញថារោងចក្រ​កាត់ដេរជាច្រើន បាន​ប្រើការអនុវត្តផ្សេងៗ ដើម្បីបញ្ចុះតម្លៃ ដោយមិនគិតដល់សិទិ្ធការពារ​ដោយ​ច្បាប់កម្ពុជា របស់​កម្ម​ករ ។

          “ម៉ាកសម្លៀកបំពាក់អន្តរជាតិទាំងនេះ ចាំបាច់ត្រូវជួយដល់ការប្រព្រឹត្តតាមច្បាប់ការងារ ដោយប្រកាស និងធ្វើបច្ចុប្បន្នភាព ដោយទៀងទាត់ នូវឈ្មោះនិងអាស័យដ្ឋាន នៃរោងចក្រ​ពួក​គេ,” លោកស្រី ខេសៃយ៉ាប់ (Kashyap) បាននិយាយ ។ “ក្រុមហ៊ុនកាត់ដេរសកល អាចនិងគួរ​តាម​ដាន និងដោះស្រាយលក្ខខ័ណ្ឌធ្វើការងារមិនល្អ ក្នុងរោងចក្រផ្គត់ផ្គង់ នឹង​រោងចក្រ​ម៉ៅ​ការ។”

          ក្នុងចំណោមម៉ាកទាំងប្រាំមួយ ដែលអង្គការឃ្លាំមើលសិទិ្ធមនុស្សបានទាក់ទងមានបួន ពោលគឺ អាឌីដាស (Adidas), ហ្កេប (Gap), និង H&M ដែលបានពិភាក្សាគ្នាយ៉ាងហ្មត់ចត់អំពី​កិច្ច​ខិត​ខំ​​របស់ពួក​គេ ដើម្បីដោះស្រាយបញ្ហាដែលរកឃើញ ។ អាឌីដាស់ និង H&M ក៏បាន​ប្រកាសជាចំហនូវ​ឈ្មោះ និងអ្នកផ្គត់ផ្គង់ពួកគេ និងធ្វើបច្ចុប្បន្នភាពទៀងទាត់ នូវបញ្ជីរបស់​ពួក​គេ ។ ម៉ាក និង ស្ប៉េនស័រ (Marks and Spencer) បានសន្យាថានឹងធ្វើការប្រកាសអ្នកផ្គត់ផ្គង់​របស់​ខ្លួននៅឆ្នាំ ២០១៦ ។ មានតែ អាឌីដាស ទេ ដែលបានបង្កើតឲ្យកម្មករអាច​រកអ្នកផ្លុំ​កញ្ចែ​ការពារ ។

          មេដឹកនាំសហជីពឯករាជ្យមកពី សហព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់​ដេរ​កម្ពុជា (CCAWDU), សហព័ន្ធសហជីពកម្ពុជា (CATU), សហព័ន្ធសហជីពជាតិនៃ​ឧស្សាហកម្ម​វាយនភ័ណ្ឌកាត់ដេរកម្ពុជា (NIFTUC), សហព័ន្ធសហជីពចលនាកម្មករ (CUMW), និងសកម្ម​ជនសិទិ្ធការងារដទៃទៀតមកពី មជ្ឈមណ្ឌលអប់រំច្បាប់សហគមន៍ (CLEC), និងមជ្ឈមណ្ឌល​ព័ត៌មានសម្រាប់កម្មករ (WIC) គឺជាសមរភូមិមុខនៃការធ្វើឲ្យលេចឡើងនូវបញ្ហាសិទិ្ធការងារ​ក្នុង​រោងចក្រ និងជួយកម្មករពោលអះអាងនូវសិទិ្ធរបស់ពួកគេ ។

          អង្គការឃ្លាំមើលសិទិ្ធមនុស្សបានអំពាវនាវដល់រដ្ឋាភិបាល សូមឲ្យផ្លាស់ទម្រង់នៃការ​ធ្វើ​អធិការកិច្ច និងចាប់ឲ្យរោងចក្រទទួលនូវគណនេយ្យភាពជាប្រព័ន្ធចំពោះការរំលោភនានា ។ ម៉ាកសម្លៀកបំពាក់ គួរចាត់វិធានការប្រកបដោយប្រសិទ្ធភាពថែមទៀត ដើម្បីទប់ស្កាត់ និងកែ​តម្រូវការរំលោភសិទិ្ធការងារ នៅក្នុងរោងចក្រដែលផលិតឲ្យពួកគេ ។

          “ម៉ាកសម្លៀកបំពាក់ដែលបានយកចិត្តទុកដាក់យ៉ាងពិតប្រាកដជា ចំពោះការសន្យា​របស់​កម្មករ​របស់ខ្លួន គួរត្រូវលើកទឹកចិត្តឲ្យ​មាន​​ការ​តាម​ដាន និងការការពារ ប្រសើរជាង ដោយប្រកាសជាចំហ នូវឈ្មោះនៃពួកអ្នកផ្គត់​ផ្គង់​របស់ពួកគេ” លោក ខេសៃយ៉ាប់ (Kashyap) បាននិយាយ បាននិយាយ ។ “ម៉ាកទាំងអស់​គួរ​ដាក់​បញ្ចូល​​នូវ​តម្លៃការងារ, សុខភាព, និងសុវត្ថិ​ភាព ក្នុងកិច្ចសន្យាដើម្បីធានាបានល្អប្រសើរ​នូវ​​សិទិ្ធ​ទាំង​នេះ ត្រូវបានគោរពនៅក្នុងរោងចក្រ​។”

Your tax deductible gift can help stop human rights violations and save lives around the world.

Region / Country

Most Viewed