រដ្ឋាភិបាលនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាប់ផ្តើមធ្វើការវាយប្រហារថ្មី លើសិទិ្ធមនុស្សនៅក្នុងប្រទេសកម្ពុជា ជាពិសេសចាប់ពីពាក់កណ្តាលទី ២ នៃឆ្នាំ ២០១៥ ដោយចាប់ និងឃុំ ខ្លួន សមាជិកគណបក្សនយោបាយ និងសកម្មជន ប្រឆាំង និងបានអនុម័តច្បាប់ថ្មីដ៏សាហាវស្តីពីអង្គការក្រៅរដ្ឋាភិ-បាល (អករ) ដែលរដ្ឋាភិបាលបានប្រញាប់ប្រញាល់បញ្ជូនច្បាប់ស្តីពី អករ ទៅរដ្ឋសភា នៅថ្ងៃទី ១៣ ខែកក្កដា ។ ច្បាប់មានចរិតបង្ក្រាបដទៃទៀត ក៏ត្រូវបានប្រកាសឲ្យប្រើ ឬបានស្នើឡើង ក្នុងនេះរួមមាន ច្បាប់ ឬបទបញ្ជា ស្តីពីអ៊ីនថឺរណែត (Internet) ដូចដែលលោក ហ៊ុន សែន បានដឹកនាំតាំងពី ឆ្នាំ ១៩៨៥ មក ធ្វើឲ្យប៉ះពាល់កាន់តែខ្លាំងឡើងលើសិទិ្ធមនុស្សជាមូលដ្ឋាននានា ។

លោក សម រង្ស៊ី មេដឹកនាំប្រឆាំង​ បានប៉ុនប៉ងបង្កើតឡើងនូវ “វប្បធ៌មសន្ទនា” ជាមួយលោក ហ៊ុន សែន និងគណបក្សប្រជាជន (គបក) កាន់អំណាច តែការផ្តួចផ្តើមគំនិតរបស់គាត់ខកខានមិនបានទប់ស្កាត់ការចាប់ខ្លួន ឬការវាយប្រហារលើការប្រឆាំង បានទេ ហើយនៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០១៥ ដីកាចាប់ខ្លួនដោយហេតុផលនយោបាយមួយត្រូវបានចាត់ឡើងដើម្បីចាប់រូបគាត់ ដោយឈរលើមូលដ្ឋាននៃការផ្តន្ទាទោសចំពោះការសំដែងមតិដោយសន្តិវិធីរបស់គាត់ នៅក្នុងឆ្នាំ ២០១១ ។

ការរឹបអូសដីធ្លីនៅតែបន្តកើតមាននៅក្នុងឆ្នាំ ២០១៥ និងអំពើពុករលួយនៅតែបន្តកើនឡើងជាលំដាប់ ។ ប្រទេសកម្ពុជាជាប្រទេសភាគីនៃអនុសញ្ញា អ.ស.ប. ស្តីពីជនភៀសខ្លួន តែអាជ្ញាធរ មិនព្រមចុះបញ្ជីពួកម៉ុងតាញ៉ាវៀតណាមស្វែងរកសិទិ្ធជ្រកកោនជាង ៣០០ នាក់ ដើម្បីកំណត់អំពីសេចក្តីថ្លែងរបស់ពួកគេ និងបានចាប់បញ្ជូនភ្លាមៗទៅប្រទេសវៀតណាមវិញ យ៉ាងហោចណាស់ចំនួន ៥៤ នាក់ ។

ការកាត់ទោស និងការវាយប្រហារ ដោយហេតុផលនយោបាយ

          នៅថ្ងៃទី ១៣ ខែកក្កដា តុលាការក្រុងភ្នំពេញមួយ បានបើកការស៊ើបអង្កេតមួយដើម្បីពិចារណាពីបទចោទប្រកាន់អំពីការបរិហារកេរិ៍្ត និងការជ្រៀជ្រែកចូលកិច្ចការតុលាការ ប្រឆាំងលោក នី ចរិយា អ្នក​ល្បីឈ្មោះម្នាក់នៃ អករ ដែលលោកបានលើកឡើងនូវបញ្ហាឯករាជ្យភាពរបស់តុលាការ ក្នុងករណីនៃការរឹបអូសដីធ្លីមួយ ។ នៅថ្ងៃទី ២១ ខែកក្កដា អ្នករៀបចំរបស់គណបក្សសង្គ្រោះជាតិ (គសជ) ១១ នាក់ ក្នុងសវនាការតាំងពីឆ្នាំ ២០១៤ ចំពោះបទចោទប្រកាន់ដោយវាយឃ្មោះទូងស្គរ អំពីការដឹក​នាំ និងការចូលរួម ក្នុង”កុបកម្ម”ប្រឆាំងរដ្ឋាភិបាល ត្រូវបានផ្តន្ទាទោស និងកាត់ទោស ដោយតុលាការក្រុងភ្នំពេញមួយ ឲ្យជាប់គុកពី ៧ ទៅ ២០ ឆ្នាំ ។ ទោះបីជាពុំមានភស្តុតាងទាក់ទិនដល់ពួកគេចំពោះអំពើឧក្រិដ្ឋណាមួយក៏ដោយ ក៏ពួកគេត្រូវបានរកឃើញថាជាអ្នកទទួលខុសត្រូវចំពោះហឹង្សារបស់ហ្វូងមហាជនដែលបានផ្ទុះឡើង នៅពេលកម្លាំងសន្តិសុខរដ្ឋាភិបាលបានវាយបំបែកបាតុកម្មដោយសន្តិវិធីដឹកនាំដោយ គសជ សុំឲ្យបើកឡើងវិញ”សួនសេរីភាព”ក្នុងទីក្រុងភ្នំពេញ នៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១៤ ។ ការផ្តន្ទាទោសត្រូវបាននាំមកនូវការព្រមានជាផ្លូវការ​ ដែលថាសមាជិករដ្ឋសភាជាប់ឆ្នោតនៃ គសជ ៧ នាក់ ក៏ត្រូវបានជាប់ចោទពីបទកុបកម្មទាក់ទិនទៅនឹងឧបទ្វវហេតុដដែលនោះ នឹងអាចផ្តន្ទាទោសឲ្យជាប់គុកផងដែរ ទោះបីពួកគេមានអភ័យឯកសិទិ្ធសភាក៏ដោយ។ បន្ទាប់ពីនោះ លោក ហ៊ុន សែន បានកោះប្រជុំបិទទ្វារនៃមន្ត្រីកម្លាំងសន្តិសុខ គបក កំពូលៗ ប្រមាណ ៥០០០ នាក់ ដែលក្នុងពេលនោះគាត់បានចេញ “បញ្ជាដាច់ខាត” ថាកម្លាំងសន្តិសុខត្រូវ “ធានាថានឹងមិនត្រូវឲ្យមានបដិវត្តិន៍ព័ណ”នៅកម្ពុជា ដោយ “កំទេចការប្រព្រឹត្តរបស់ក្រុម ឬគណបក្ស ណា” ដែលគិតថា “ខុសច្បាប់” ។

          នៅថ្ងៃទី ៤-៥​ ខែសីហា បន្ទាប់ពីការអំពាវនាវជាសាធារណៈរបស់ លោក ហ៊ុន សែន ឲ្យចាប់ថែមទៀតនូវពួកទាំងឡាយណាដែលត្រូវបានចោទថាទទួលខុសត្រូវក្នុងអំពើហឹង្សានៅសួនសេរីភាពនៅខែកក្កដា ឆ្នាំ ២០១៤ នគរបាលបានចាប់ឃុំសកម្មជន គសជ ៣ នាក់ ដែលក្រោយមកត្រូវបានជាប់ចោទពីបទចូលរួមក្នុងអ្វីដែលអះអាងថាជាកុបកម្ម រីឯដីកាចាប់ខ្លួនត្រូវបានធ្វើឡើងសម្រាប់អ្នកដទៃទៀត ។ នៅថ្ងៃទី ១៣ ខែសីហា លោក ហ៊ុន សែន បានចេញបញ្ជាឲ្យចាប់លោក ហុង សុខហួរ សមា​ ជិកព្រឹទ្ធសភាមកពីគណបក្សប្រឆាំង ដែលពីប៉ុន្មានថ្ងៃមុនបានបង្ហោះឃ្លីបវីដេអូក្នុងទំព័រហ្វេសប៊ុកក្នុងនោះមានផ្នែកនិយាយអំពីព្រំដែនកម្ពុជា-វៀតណាម  និងការដកស្រង់ចេញពីការបកប្រែមិនត្រឹមត្រូវនៃ សន្ធិសញ្ញាមិត្តភាពកម្ពុជា-វៀតណាម ឆ្នាំ ១៩៧៩ ។ ដោយមិនខ្វល់អំពីអភ័យឯកសិទិ្ធសភារបស់សមា​ជិកព្រឺទ្ធសភារូបនេះ កងកម្លាំងសន្តិសុខ “ប្រឆាំងភេរវកម្ម” ក្រោមបញ្ជារបស់កូនប្រសាលោក ហ៊ុន សែន បានឃុំខ្លួនគាត់ ។ ការចាប់ខ្លួនមនុស្សថែមទៀតបានធ្វើបន្តចន្លោះពីចុងខែសីហា និងដើមខែតុលា ឆ្នាំ២០១៥ ក្នុងរួមមាននិស្សិតម្នាក់ដែលបានបង្ហោះតាមហ្វេសប៊ុកនូវសារគាំពារ“បដិវត្តិន៍ព័ណ”។

          នៅថ្ងៃទី ២៦-២៧ ខែតុលា បន្ទាប់ពីការគាំទ្រជាសាធារណៈរបស់លោក ហ៊ុន សែន ឲ្យដឹកនាំធ្វើបាតុកម្មប្រឆាំង គសជ សមាសភាពអង្គភាពកងអង្គរក្សនាយករដ្ឋមន្ត្រី និងអ្នកឯទៀតក្នុងសម្លៀកបំពាក់ស៊ីវិល បានវាយប្រហារយ៉ាងឃោរឃៅទៅលើសមាជិករដ្ឋសភា គសជ ពីរនាក់ នៅខាងក្រៅបរិវេណរដ្ឋសភា ។ មនុស្សបីនាក់ត្រូវបានចាប់ខ្លួន និងបានចោទប្រកាន់ថាជាប់ពាក់ព័ន្ធក្នុងការវាយប្រហារ តែពួកអ្នកជាប់ពាក់ព័ន្ធដទៃទៀតដែលត្រូវបានថតជាប់មិនត្រូវបាននាំខ្លួនទៅដាក់ឃុំផងទេ។ ក្រោយមក គសជ បានឈប់ចូលប្រជុំរដ្ឋសភា ដោយលើកឡើងអំពីការព្រួយបារម្ភចំពោះសន្តិសុខ ។

          នៅថ្ងៃទី ១៣ ខែវិចិ្ឆកា បន្ទាប់ពីការព្រមានម្តងហើយម្តងទៀតរបស់លោក ហ៊ុន សែន ដែលថាលោក សម រង្ស៊ី អាចនឹងត្រូវប្រឈមនឹងការកាត់ទោសពីបទព្រហ្មទ័ណ្ឌ តុលាការក្រុងភ្នំពេញ បានចេញបញ្ជាចាប់ខ្លួនធ្វើឡើងដ៏យឺតយ៉ាវដើម្បីអនុវត្តសេចក្តីសម្រេចរបស់តុលាការមួយ ក្នុងខែមីនា ឆ្នាំ ២០១៣ បញ្ជាក់អំពីការផ្តន្ទាទោសឲ្យជាប់គុក ២ ឆ្នាំ ទាក់ទិនទៅនឹងការចោទប្រកាន់លើរូបលោក សម រង្ស៊ី ដោយរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ហោ ណាំហុង ដែលបានថាគាត់ជាប់ពាក់ព័ន្ធជាមួយឧក្រិដ្ឋ​កម្មប្រព្រឹត្តឡើងនៅក្នុងពេលពួកខ្មែរក្រហមកាន់អំណាចក្នុងប្រទេសកម្ពុជា ។ តុលាការកំពូលបារាំង ដោយ​លើកឡើងអំពីបទដ្ឋានសិទិ្ធមនុស្សអន្តរជាតិ កន្លងមកបានសម្រេចថាអត្ថាធិប្បាយទាំងនេះ គឺជាការប្រព្រឹត្តស្របច្បាប់ នូវសេរីភាពក្នុងការសំដែងមតិ ។ នៅថ្ងៃទី ១៩ ខែវិចិ្ឆកា និងថ្ងៃទី ១ ខែធ្នូ តុលាការក្រុងភ្នំពេញ ដែលបានកំណត់គោលដៅលើរូបគាត់ជាមុន ព្រមជាមួយសកម្មភាពឧក្រិដ្ឋដែលបានលើកឡើងដោយវាយឃ្មោះទូងស្គរបន្ថែមទៀតនោះ បានចោទប្រកាន់ដោយកំបាំងមុខគាត់ ថាបានឃុបឃិតជាមួយសមាជិកព្រឹទ្ធសភា ហុង សុខហួរ ក្នុងការបន្លំដាក់ក្នុងហ្វេសប៊ុក ហើយបានកោះហៅរូបគាត់ឲ្យឆ្លើយចំពោះការចោទប្រកាន់អំពីការប្រើទំព័រហ្វេសប៊ុករបស់គាត់ផ្ទាល់ ដើម្បីបរិហារកេរ្តិ៍ ប្រធានកិត្តិយស គបក ហេង សំរិន ។

ច្បាប់ដាក់កំហិតសង្គមស៊ីវិល

          ច្បាប់ថ្មីស្តីពី អករ ផ្តល់ឲ្យដល់អាជ្ញាធរបដិសេធដោយបំពាន នូវការចុះបញ្ជីឲ្យ អករ និងបញ្ឈប់ពួកគេតែម្តង ។ ច្បាប់នេះមានគោលដៅទៅលើសម្លេងប្រឆាំងនៃសង្គស៊ីវិល និងអាចធ្វើឲ្យអន្តរាយយ៉ាងធ្ងន់ធ្ងរដល់សម្បទានៃសមាគមនិងអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក និងអន្តរជាតិជាច្រើន ក៏ដូចជាចលនាគាំពារដល់សហគមន៍មូលដ្ឋាន ដើម្បីធ្វើការដោយប្រសិទ្ធភាពក្នុងប្រទេសកម្ពុជា ។ ការដាក់កំហិតដល់ពួកគេលើសិទិ្ធសេរីភាពក្នុងការធ្វើសមាគម ដែលទៅហួសពីព្រំដែនអនុញ្ញាតផ្តល់ឲ្យដោយច្បាប់សិទិ្ធមនុស្សអន្តរជាតិ ។ ច្បាប់ផ្តល់ដល់ក្រសួងមហាផ្ទៃ ក្រសួងការបរទេស និងក្រសួងដទៃទៀត ដោយគ្មានចន្លោះ នូវអំណាចមិនឈរលើច្បាប់ ដើម្បីបំបិទសមាជិកក្រុម និងអង្កការក្នុងស្រុកនិងបរទេស ដោយគ្មានការទប់ទល់ដោយការពិនិត្យឡើងវិញដោយតុលាការ និងផ្តល់ដល់ពួកគេ នូវការហាមឃាត់ដល់ការបង្កើត អករ ថ្មី ។ ការនេះតម្រូវឲ្យក្រុមធ្វើការចុះបញ្ជី ដើម្បីប្រតិបត្តិការក្រោមកាតព្វ​កិច្ចកំណត់ដោយស្រពិចស្រពិល នៃ”អព្យាក្រិតភាពនយោបាយ” ដោយដាក់ទ័ណ្ឌកម្មជាការរំលាយនិង​ថាជាឧក្រិដ្ឋកម្មសកម្មភាពរបស់ក្រុមគ្មានការចុះបញ្ជី ។

          នៅថ្ងៃទី ១៩ ខែសីហា រដ្ឋាភិបាលបានចេញអនុក្រិត្យមួយតម្លើងថ្នាក់ដល់លក្ខន្តិកៈនៃអង្គភាពប្រឆាំងឧក្រិដ្ឋកម្មបច្ចេកវិជ្ជា និងផ្តល់អំណាចឲ្យអង្គភាពនេះ “ស៊ើបអង្កេត និងចាត់វិធានការណ៍ ស្របទៅនឹងច្បាប់ទាក់ទងនឹងអំពើតាមរយៈអ៊ីនថឺរណែតនៃការញុះញង់ ការជេរប្រមាថ ការរើសអើងពូជសាសន៍ និងជំនាន់នៃចលនាសង្គម” ជាពិសេសអ្វីដែលនាំទៅដល់ “បដិវត្តិន៍ព័ណ” ។

          នៅថ្ងៃទី ៣០ ខែវិចិ្ឆកា រដ្ឋាភិបាលបានដាក់សេចក្តីព្រាងច្បាប់ទូរគមនាគមន៍ជូនរដ្ឋសភា ទោះ​បី​ជាធ្វើយ៉ាងដូច្នេះគ្មានចែងនៅក្នុងរបៀបវារៈនៃការប្រជុំរដ្ឋសភាក៏ដោយ ។ សេចក្តីព្រាងមិនដែលត្រូវបានដាក់ឲ្យពិភាក្សាដោយអង្គការសង្គមស៊ីវិលមានពាក់ព័ន្ធទាល់តែសោះ ហើយ គបក បានអនុម័ត​ច្បាប់នេះ ក្នុងពេលអវត្តមាននៃ គសជ ដូច្នេះវាគ្មានការពិភាក្សាដោយរដ្ឋសភាទេ ។ ច្បាប់នេះបានផ្តល់ដល់អាជ្ញាធររដ្ឋាភិបាលនូវអំណាចមិនឈរលើច្បាប់ ចេញបញ្ជាឲ្យការីទូរគមនាគមន៍ តាមដានដោយសម្ងាត់ និងកត់ត្រាទូរគមនាគមន៍ និងដាក់គុកប្រជាពលរដ្ឋចំពោះការប្រើប្រាសទូរគមនាគមន៍ តាមបែបដែលខ្លួនកំណត់ថាមានគ្រោះថ្នាក់ដល់ “សន្តិសុខជាតិ” ។

ការឃុំខ្លួនដោយមិនឈរលើច្បាប់ ទារុណកម្ម​ និងប្រព្រឹត្តកម្មយង់ឈ្នងដទៃទៀត

          អាជ្ញាធរ ជាពិសេសនៅក្នុងទីក្រុងភ្នំពេញ បានបោសសំអាតវិថីម្តងហើយម្តងទៀត ដែលបានចាប់ឃុំខ្លួនក្នុងចំនួនរាប់រយនាក់ នូវពួកអ្នកសេបគ្រឿងញៀន មនុស្សគ្មានទីលំនៅ ពួកអ្នកសុំទាន ក្មេងតាមចិញ្ចើមថ្នល់ ពួកអ្នកធ្វើការផ្លូវភេទ និងមនុស្សពិការ ... នៅក្នុងអ្វីដែលគេហៅថាមណ្ឌលព្យាបាលគ្រឿងញៀន និងស្តារនីតិសម្បទាសង្គម ។ ពួកអ្នកជាប់ឃុំមិនដែលបានឃើញមេធាវី ឬតុលា​ការ ទាល់​តែសោះ ឬក៏មានឱកាសណាមួយដើម្បីតវ៉ាអំពីភាពស្របច្បាប់នៃការឃុំខ្លួនពួកគេ ។ ពួកអ្នកជាប់ឃុំមិន​ដែលបានទទួលការបណ្តុះបណ្តាល ឬការព្យាបាលសុខភាពទេ និងបានប្រឈមមុខនឹងការធ្វើទារុណ​កម្ម ប្រព្រឹត្តកម្មយង់ឃ្នង និងការរំលោភដទៃទៀត រួមមាន នៅក្នុងមណ្ឌលមួយចំនួន ការធ្វើការ​ងារដោយបង្ខំ និងនៅក្នុងឆ្នាំ ២០១៥ យ៉ាងហោចណាស់មនុស្ស ៣ នាក់បានស្លាប់ ក្នុងកាលៈទេសៈគួរឲ្យសង្ស័យ ។

តុលាការខ្មែរក្រហម

          សេចក្តីថ្លែងការណ៍សាធារណៈជាច្រើនធ្វើឡើងដោយមន្ត្រីកម្ពុជា និងការបោះពុម្ពផ្សាយចាប់ផ្តើមនៅក្នុងខែមិថុនា ឆ្នាំ ២០១៥ នៃឯកសារសម្ងាត់របស់តុលាការនាពេលកន្លងមក បានបង្ហាញឲ្យឃើញនូវករណីជាច្រើននៃការមិនសហការរបស់រដ្ឋាភិបាល ជាមួយអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អវតក) ដោយមានជំនួយរបស់ អ.ស.ប. បង្កើតឡើងដើម្បីកាត់ទោសពួកអ្នកទទួលខុសត្រូវជាងគេចំពោះឧក្រិដ្ឋកម្មប្រព្រឹត្តឡើងដោយខ្មែរក្រហមក្នុងឆ្នាំ ១៩៧៥-១៩៧៩ ។ នៅពេលដែលរដ្ឋាភិបាលអនុញ្ញាតឲ្យធ្វើការវិនិច្ឆ័យសេចក្តីអតីតមេដឹកនាំពីរនាក់នៃរដ្ឋាភិបាលខ្មែរក្រហម នួន ជា និង ខៀវ សំផន ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មសង្គ្រាម រដ្ឋាភិបាលបានបដិសេធមិនឲ្យចៅក្រមស៊ើបអង្កេតតែងតាំងដោយអគ្គលេខាធិការ អ.ស.ប.ចេញបញ្ជាឲ្យចាប់ខ្លួនអតីតមេដឹកនាំខ្មែរក្រហមពីរនាក់ទៀត គឺ មាស មុត និង អ៊ឹម ចែម ។ ការណ៍នេះបានរំលោភលើកិច្ចព្រមព្រៀងរវាង អ.ស.ប-កម្ពុជា ដើម្បីបង្កើត អវតក និងបានបន្តទំនោរប្រឆាំងតាំងពីយូរមកហើយរបស់ លោក ហ៊ុន សែន ដើម្បីឲ្យធ្វើការកាត់ទោសបន្ថែមទៀត ។ ការមិនសហការរបស់រដ្ឋាភិ  បាល បានប៉ះពាល់ធ្ងន់ធ្ងរដល់លទ្ធភាពស៊ើបអង្កេតលើជនសង្ស័យណាដែលលោក ហ៊ុន សែន, ដែល ខ្លួនគាត់ផ្ទាល់ក៏ជាអតីតមេបញ្ជាការខ្មែរក្រហមដែរនោះ, មិនចង់ឲ្យនាំខ្លួនពួកគេមកកាន់តុលា​ការ​ ។  

ពួកអ្នកស្វែងរកសិទិ្ធជ្រកកោន និងជនភៀសខ្លួន

          តាំងពីចុងឆ្នាំ ២០១៤ មក ចរន្តនៃពួកអ្នកស្វែងរកសិទិ្ធជ្រកកោនរបស់ជនជាតិភាគតិចម៉ុងតាញ៉ាមកពីវៀយណាម បានមកដល់ប្រទេសកម្ពុជា ។ ពួកគេភាគច្រើនប្រតិបត្តិគ្រឹស្តសាសនា ដែលអាជ្ញាធរវៀតណាមចាត់ទុកថាជាសាសនា “ចង្រៃ” ។ នៅដើមឆ្នាំ ២០១៥ ប្រទេសកម្ពុជាបានទទួលស្គាល់ ១៣ នាក់ ថាជាជនភៀសខ្លួន តែបានបដិសេធមិនផ្តល់ឲ្យពួកម៉ុងតាញ៉ាជាង ៣០០ នាក់ទៀត ចុះបញ្ជីជាពួកអ្នកស្វែងរកសិទិ្ធជ្រកកោនទេ ។ យ៉ាងហោចណាស់ពួកគេ ៥៤ នាក់ ត្រូវបានចាប់បញ្ជូនឲ្យត្រឡប់ទៅប្រទេសវៀតណាមវិញ ដោយរំលោភអនុសញ្ញាស្តីពីជនភៀសខ្លួន រីឯពួកអ្នកផ្សេងទៀតដែលកំពុងស្ថិតនៅក្នុងប្រទេសកម្ពុជា បានប្រឈមមុខនឹងការគំរាមកំហែងនៃការបញ្ជូនត្រឡប់វិញដូចពួកអ្នកខាងលើ ហើយពួកអ្នកខ្លះបានសម្រេចចិត្តជម្រើសដែលល្អជាងបំផុត នោះគឺវិលត្រឡប់ទៅវៀតណាមវិញដោយស្ម័គ្រចិត្ត ។

          នៅក្នុងខែមិថុនា ឆ្នាំ ២០១៥ រដ្ឋាភិបាលបានអនុវត្តតាមការដោះដូរជាមួយប្រទេសអូស្រ្តាលី ដើម្បីតាំងទីលំនៅថ្មីឲ្យដល់ជនភៀសខ្លួនមួយចំនួន ដែលជាប់ឃុំនៅលើកោះណូរូ តែលក្ខណៈសម្បត្តិសម្រាប់ជនភៀសខ្លួននៅក្នុងប្រទេសកម្ពុជា មានភាពមិនគ្រប់គ្រាន់ ដែលមានតែជនភៀសខ្លួន ៤ នាក់ប៉ុណ្ណោះសុខចិត្តមកតាំងទីលំនៅថ្មី ។ នៅក្នុងខែកញ្ញា ម្នាក់ក្នុងចំណោម ៤ នាក់នេះ បានសម្រេចចាកចេញពីប្រទេសកម្ពុជាវិញ ។

តួអង្គអន្តរជាតិគន្លឹះៗ

          ប្រទេសចិន វៀតណាម ជប៉ុន និង កូរ៉េខាងត្បូង គឺជាប្រទេសនាំមុខគេនៃការវិនិយោគក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ ២០១៥ រីឯប្រទេសជប៉ុន សហភាពអឺរ៉ុប និង សហរដ្ឋអាមេរិក គឺជាប្រទេសផ្តល់ជំនួយនាំមុខគេ ។ ប្រទេសវៀតណាម គឺជាគូកនសំខាន់ឆ្ងាយដាច់ពីគេឯង សំខាន់ជាងគេបំផុត ក្នុងបញ្ហាសន្តិសុខ បន្តដោយប្រទេសចិន ។ សហរដ្ឋអាមេរិកបានផ្តល់ការហ្វឹកហ្វឺនយោធាដោយមាន      កម្រិត ។ សហរដ្ឋអាមេរិក គឺជាប្រទេសនិយាយដោយឥតសំចៃជាងប្រទេសដទៃទៀត អំពីការរំលោភសិទិ្ធ​មនុស្សក្នុងប្រទេសកម្ពុជា ។ សហភាពអឺរ៉ុប ក៏បានធ្វើអត្ថាធិប្បាយជាសាធារណៈម្តងម្កាលផងដែរ អំពីបញ្ហារំលោភសិទិ្ធមនុស្សក្នុងប្រទេសកម្ពុជា និងប្រទេសដទៃទៀតស្ទើរតែទាំងអស់ស្ថិតនៅស្ងៀមស្ងាត់ ។

          ធនាគារពិភពលោកដែលបានព្យួរកម្ចីថ្មីឲ្យប្រទេសកម្ពុជា ក្នុងឆ្នាំ ២០១១ ដោយសាររដ្ឋាភិបាល​បានបណ្តេញប្រជាជនចេញដោយបង្ខំ តាមបែបជាការរំលោភលើគោលនយោបាយរបស់ធនាគារពិភពលោក បានពិចារណាបន្តការផ្តល់ហិរញ្ញប្បទានសម្រាប់ផែនការដីធ្លីរបស់រដ្ឋាភិបាល ក្នុងឆ្នាំ ២០១៥ តែនៅពេលសរសេរនេះនៅមិនទាន់បានផ្តល់ឲ្យទេ ។ ធនាគារមិនបាននិយាយអ្វីជាសាធារណៈ អំពីការបង្ក្រាបរបស់រដ្ឋាភិបាលលើពួកអ្នកតស៊ូមតិនៃសិទិ្ធដីធ្លីទេ ។