Skip to main content

ប្រទេសកម្ពុជា៖ គ្មានយុត្តិធម៌សម្រាប់ជនរងគ្រោះពីការវាយប្រហារគប់គ្រាប់បែកកាលពី២០ឆ្នាំមុន

អេហ្វប៊ីអាយ គួរបើកការស៊ើបអង្កេតឡើងវិញ ហើយម្ចាស់ជំនួយគួរទាមទារឲ្យមានគណនេយ្យភាព

រូបថត​ជនរងគ្រោះ​ត្រូវបាន​ដាក់តាំង​បង្ហាញ​នៅក្នុង​ពិធី​រំលឹក​ដល់​ជនរងគ្រោះ​ក្នុង​ហេតុការណ៍​គប់​គ្រាប់បែក​នៅក្បែរ​មន្ទីរ​រ​ដ្ឋ​សភា​នៃ​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧។ © 2006 Reuters

(ទីក្រុងញូវយ៉ក) - អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បានអះអាងនៅថ្ងៃនេះថា រដ្ឋាភិបាលកម្ពុជាបានការពារ និងដំឡើងតំណែងដល់ជនទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងករណីបោកគ្រាប់បែកដ៏ផ្តាច់ផ្តិលជីវិតចូលទៅក្នុងហ្វូងបាតុករគណបក្សប្រឆាំងកាលពី ២០ឆ្នាំមុន ដែលបានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ១៦ នាក់ស្លាប់ និងជាង ១៥០ នាក់ផ្សេងទៀតរងរបួស។ ការិយាល័យស៊ើបអង្កេតសហព័ន្ធរបស់អាមេរិក អេហ្វប៊ីអាយ (FBI) ដែលបានលូកដៃចូលក្នុងករណីនេះដោយសារជនជាតិអាមេរិកាំង លោក រ៉ន អាប់នី (Ron Abney) បានរងរបួសធ្ងន់ គួរតែស៊ើបអង្កេតសំណុំរឿងគប់គ្រាប់បែកដែលជាការវាយប្រហារទៅលើប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី ឲ្យចប់សព្វគ្រប់ បន្ទាប់ពីបានផ្អាកការស៊ើបអង្កេតរបស់ខ្លួនអស់រយៈពេលជាយូរមកហើយ។

នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ លោក ប្រ៊ែ​ដ អាដាម (Brad Adams) បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា “ភស្តុតាងច្បាស់ៗដែល​បង្ហាញ​ពី​ការជាប់​ពាក់ព័ន្ធ​របស់​កង​អង្គរក្ស​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុង​អំពើ​ដ៏​សាហាវឃោរឃៅ​នេះ គឺ​មានន័យថា ការស៊ើបអង្កេត​ផ្ទៃក្នុង​ដ៏​ម៉ត់ចត់​មួយ គឺ​មិនបាន​កើតឡើង និង​គ្មាន​ថ្ងៃ​កើតឡើង​នោះទេ។ អង្គការសហប្រជាជាតិ និង​ម្ចាស់ជំនួយ​ប្រទេស​កម្ពុជា​ដែល​បានផ្ដល់​ជំនួយ​ថវិកា​ដែលមាន​ភាគរយ​ច្រើន​ក្នុង​ថវិកាជាតិ គួរ​ទាមទារ​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ​នៃ​អំពើ​ឧក្រិដ្ឋ ដែល​រុញច្រាន​ប្រជាធិបតេយ្យ​កម្ពុជា ឲ្យ​ដើរ​ចេញពី​គន្លង”

កាលពី​ថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ ហ្វូងមនុស្ស​មួយក្រុម​ដែលមាន​គ្នា​ប្រមាណ ២០០ នាក់​ជា​អ្នកគាំទ្រ​គណបក្សប្រឆាំង គឺ​គណបក្ស​ជាតិខ្មែរ (KNP) ដឹកនាំ​ដោយ​លោក សម រង្ស៊ី ដែលជា​អតីតរដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ បាន​ប្រមូល​ផ្ដុំគ្នា​នៅ​សួនច្បារ​ទល់មុខ​មន្ទីរ​រដ្ឋសភា​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ប្រឆាំងនឹង​កង្វះ​ឯករាជភាព និង​អំពើពុករលួយ​ក្នុង​វិស័យ​យុត្តិធម៌។

នៅក្នុង​ការវាយប្រហារ​ដែលមាន​ការសម្របសម្រួល​ដ៏​ល្អ​នោះ ជនអនាមិក​បាន​គប់​គ្រាប់បែក​ចំនួន ៤ គ្រាប់​ចូលទៅក្នុង​ហ្វូងមនុស្ស ក្នុង​បំណង​សម្លាប់​លោក សម រង្ស៊ី នោះ បានសម្លាប់​បាតុករ និង​អ្នក​ដែល​ឈរ​ក្បែរ​នោះ ដោយ​រួមទាំង​កុមារ និង​បាន​ខ្ទាត​អំបែង​គ្រាប់​ទៅលើ​អ្នកលក់ដូរ​នៅតាម​ផ្លូវ។ នៅក្រោយ​គ្រាប់បែក​ទី១ បាន​ផ្ទុះឡើង កងការពារ​របស់លោក សម រង្ស៊ី ឈ្មោះ ហាន មុនី បាន​យក​ខ្លួន​ទៅ​ពាំង​ការពារ​លោក សម រង្ស៊ី។ គាត់​រង​នូវ​គ្រាប់បែក​បន្ទាប់​ដែល​ផ្ទុះ​ពេញទំហឹង ហើយ​បាន​ស្លាប់ភ្លាមៗនៅ​កន្លែងកើតហេតុ។ លោក សម រង្ស៊ី បានគេច​ខ្លួន​រួច​ដោយ​របួសស្រាល​នៅ​ជើង។

នគរបាល​ដែល​ពីមុនមក​ធ្លាប់តែ​បង្ហាញ​វត្តមាន​យ៉ាងច្រើន​នៅក្នុង​អំឡុងពេល​តវ៉ារ​បស់​គណបក្សប្រឆាំង​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​រំខាន​ពួកគេ បែរ​ជាមាន​វត្តមាន​តិចតួច​ខុសពី​ធម្មតា​នៅ​ថ្ងៃកើតហេតុ​នោះ​ទៅវិញ។ កង​អង្គរក្ស​បែរជា​ឈរជើង​នៅ​ជ្រុង​ម្ខាង ជាជាង​នៅក្នុង​សួន​ផ្ទាល់។ កង​អង្គភាព​នគរបាល​ផ្សេងទៀត​មាន​វត្ត​មាននៅ​ប៉ុស្តិ៍នគរបាល​ក្បែរ​នោះ​ក្នុងស្ថានភាព​បំពាក់​ដោយ​សម្ភារ​ឧបករណ៍​បង្ក្រាប​កុប្បកម្ម​និង​ប្រុង​ជើងការ​ខ្ពស់ ដែលជា​សញ្ញា​ប្រុងប្រយ័ត្ន​ខុសពី​ធម្មតា​បង្ហាញថា​ពួកគេ​ពិតជា​បានដឹង​មុន​ថា​នឹងមាន​អំពើហិង្សា​នៅក្នុង​អំឡុងពេល​បាតុកម្ម​នោះ។ ទោះជា​យ៉ាងនេះ​ក្តី កងពលតូច​លេខ ៧០ ដែលជា​កង​អង្គរក្ស​ផ្ទាល់ខ្លួន​របស់លោក ហ៊ុន សែន មាន​វត្តមាន​នៅក្នុង​សួនច្បារ បំពាក់​ដោយ​សម្ភារ​ឧបករណ៍​បង្ក្រាប​កុប្បកម្ម​ពេញលេញ។ វា​ជា​លើកទីមួយ​ហើយ​ដែល​កង​អង្គរក្ស​បាន​លេចមុខ​នៅក្នុង​បាតុកម្ម​របស់​គណបក្ស​ប្រឆាំង។

សាក្សី​ជាច្រើន​បាន​រាយការណ៍​ថា ជន​ដែល​បាន​ចោល​គ្រាប់បែក​ចូលក្នុង​ហ្វូង​អ្នក​តវ៉ា​នោះ បាន​រត់​សំដៅទៅ​ក្រុម​កង​អង្គរក្ស​លោក ហ៊ុន សែន ដែល​ត្រូវគេ​ដាក់ពង្រាយ​នៅ​ខ្សែការពារ​ផ្នែក​ខាងលិច​សួន ពោលគឺ​នៅ​ពីមុខ​បរិវេណ​បណ្តុំ​និវេសនដ្ឋាន​ដែល​មានការ​យាមកាម​តឹងរឹង​បិទ​ជិត ក្នុងនោះ​ក៏មាន​ផ្ទះ​មន្ត្រីជាន់ខ្ពស់​ជាច្រើនរូប​របស់​គណបក្ស​ប្រជាជន​កម្ពុជា (CPP) ផងដែរ។ សាក្សី​ក៏បាន​ប្រាប់​អ្នកស៊ើប​អង្កេត​របស់​អង្គការសហប្រជាជាតិ និង​អេ​ហ្វ​ប៊ី​អាយ​ថា កង​អង្គរក្ស​បាន​បើក​ខ្សែការពារ​ឲ្យ​ឃាតក​រត់​ចូលទៅក្នុង​បរិវេណ​នេ​វសនដ្ឋាន​នោះ។ ក្រុម​អង្គរក្ស​នោះ​ទៀតសោត​បាន​ភ្ជង់​កាំភ្លើង​តម្រង់​សមាជិក​នៃ​ក្រុមបាតុករ​ដែល​កំពុង​ដេញតាម​ជន​គប់​គ្រាប់បែក និង​បាន​គំរាម​បាញ់​អ្នក​ដែល​មិន​ព្រម​ដកថយ។

ជំនួស​ឲ្យ​ការស៊ើបអង្កេត​ម៉ត់ចត់ លោក ហ៊ុន សែន បាន​អំពាវនាវភ្លាមៗឲ្យ​ចាប់ខ្លួន​អ្នកដឹកនាំ​ការតវ៉ា និង​ដាក់បទបញ្ជា​ដល់​នគរបាល​រារាំង​មិន​ឲ្យ​ពួកគេ​ចាក​ចេញពី​ប្រទេស​កម្ពុជា។ លោក រង្ស៊ី បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​ទីភ្នាក់ងារសារព័ត៌មាន​បារាំង​ថា “យើង​ទទួលបាន​ការអនុញ្ញាត តើ​គេ​អាច​បន្ទោស​យើង​ចំពោះ​ការស្លាប់​ទាំងនេះ​យ៉ាងដូច​ម្តេចទៅ? ពិតជា​គួរ​ឲ្យ​ឆ្ងល់​ខ្លាំងណាស់។

នៅក្នុង​បទសម្ភាសន៍​ជាមួយ​កាសែត ភ្នំពេញ ប៉ុស្តិ៍ កាលពី​ខែមិថុនា ឆ្នាំ១៩៩៧ លោក ហ៊ីង ប៊ុន​ហៀ​ង អតីត​មេបញ្ជាការរង​កង​អង្គរក្ស​របស់លោក ហ៊ុន សែន នៅពេលនោះ និង​ជា​បុគ្គល​ដែល​គេ​រាយការណ៍​ថា​ជា​អ្នកគ្រប់គ្រង​ប្រតិបត្តិការ​កង​អង្គរក្ស បាន​គំរាម​សម្លាប់​អ្នកសារព័ត៌មាន​ណា​ដែល​ចោទប្រកាន់ថា អង្គរក្ស​លោក ហ៊ុន សែន ជាប់​ពាក់ព័ន្ធ​ករណីនេះ។ លោក​ត្រូវបាន​ស្រង់​សម្តី​ថា ៖ “ចុះផ្សាយ​រឿងនេះ​ទៅ ៖ ប្រាប់​ពួកគេ​ថា​ខ្ញុំ​ចង់​សម្លាប់​ពួកគេ...ចុះផ្សាយ​ទៅ​ថា ខ្ញុំ​ប្រធាន​កង​អង្គរក្ស បាន​និយាយ​ដូច្នេះ។ ខ្ញុំ​ចង់​សម្លាប់... ខ្ញុំ​ខឹង​ខ្លាំងណាស់។

បាតុកម្ម​កាលពី​ថ្ងៃទី៣០ ខែមីនា គឺជា​បាតុកម្ម​លើកទីមួយ​ហើយ​ដែល​គណបក្សប្រឆាំង​ទទួលបាន​ការអនុញ្ញាត​ជា​ផ្លូវការ​ពី​ក្រសួងមហាផ្ទៃ និង​សាលា​រាជធានី​ភ្នំពេញ​ដើម្បី​រៀបចំ​បាតុកម្ម បន្ទាប់ពី​មានការ​បដិសេធ​ម្តង​ហើយ​ម្តងទៀត។

លោក អាដាម បាន​និយាយថា “ការអនុម័ត​របស់រ​ដ្ឋា​ភិ​បាល​ដែល​មិន​ធ្លាប់មាន​ពីមុនមក បាន​ជំរុញ​ឲ្យ​មានការ​សង្ស័យថា បាតុកម្ម​នោះ​ត្រូវបាន​អនុញ្ញាត ក្នុង​គោលបំណង​ដើម្បី​ធ្វើការ​វាយប្រហារ។ អាជ្ញាធរ​មិនដែល​បានផ្តល់​ការពន្យល់​ដែល​អាច​ទុកចិត្តបាន​ចំពោះ​ការដាក់​ពង្រាយ​អង្គរក្ស ឬ​ចំណាត់ការ​របស់​ពួកគេ នៅក្នុង​ការអនុញ្ញាត​ឲ្យ​អ្នក​គប់​គ្រាប់បែក​គេចខ្លួន​នោះទេ។

អ្នកស៊ើប​អង្កេត​នាំមុខ​របស់ អេ​ហ្វ​ប៊ី​អាយ បាន​សម្ភាស​ទាហាន និង​មន្ត្រី​តាម​ឋានានុក្រម​នៃ​អំណាច​ពីក្រោម​ឡើងលើ។ មេបញ្ជាការ​កងពលតូច​លេខ ៧០ នៅពេលនោះ​ឈ្មោះ ហ៊ុយ ពិសិដ្ឋ បាន​សារភាព​ប្រាប់ អេ​ហ្វ​ប៊ី​អាយ ថា លោក​បាន​បញ្ជា​ឲ្យ​ដាក់ពង្រាយ​កម្លាំង​កងពល​តូច​លេខ ៧០ ទៅកាន់​កន្លែងកើតហេតុ​នៅថ្ងៃនោះ។ អ្នកស៊ើប​អង្កេត អេ​ហ្វ​ប៊ី​អាយ បាន​សន្និដ្ឋានថា មានតែ​លោក ហ៊ុន សែន ប៉ុណ្ណោះ​ដែល​អាច​បញ្ជា​ឲ្យ​កង​អង្គរក្ស​ចូលទៅក្នុង​សួន និង​បាន​និយាយថា ប្រសិនបើ​លោក​មាន​ពេលវេលា​ច្រើន លោក​ជឿថា លោក​អាច​ប្រមូល​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​បង្ហាញ​រឿងក្ដី​ដល់​ព្រះរាជអាជ្ញា​ដើម្បី​ដាក់ពាក្យ​បណ្តឹង​ព្រហ្មទណ្ឌ។ ជា​អកុសល នៅ​ខែឧសភា ឆ្នាំ១៩៩៧ ឯកអគ្គរដ្ឋទូត​អាមេរិក​នៅពេលនោះ គឺ​លោក ខេន​ណិ​ត ឃី​ន (Kenneth Quinn) បាន​បញ្ជា​ឲ្យ​លោក​ចាក​ចេញពី​ប្រទេស​កម្ពុជា។

លោក អា. ជេ​ហ្វ​ហ្វ្រី ស្មី​ត (R. Jeffrey Smith) បាន​សរសេរ​នៅក្នុង​កាសែត វ៉ាស៊ីនតោន​ប៉ុស្តិ៍ នា​ខែមិថុនា ឆ្នាំ ១៩៩៧ ថា ៖ “នៅក្នុង​របាយការណ៍​ស​ម្ងា​ត់​មួយ​ដែល​អាច​បង្កបញ្ហា​ឈឺក្បាល​ខ្លះ​សម្រាប់​អ្នករៀបចំ​គោលនយោបាយ​អាមេរិក  អេ​ហ្វ​ប៊ី​អាយ​បានដាក់​ការទទួលខុសត្រូវ​ចំពោះ​ការ​គប់​គ្រាប់បែក និង​ការជ្រៀតជ្រែក​ជា​បន្តបន្ទាប់ ទៅលើ​កង​អង្គរក្ស​ផ្ទាល់ខ្លួន​របស់លោក ហ៊ុន សែន ដែលជា​នាយករដ្ឋមន្ត្រី​ទី​ពីរ​នៃ​ប្រទេស​កម្ពុជា ដោយ​ផ្អែកទៅលើ​ប្រភព​ចំនួន ៤ របស់​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក ដែល​ដឹង​អំពី​ព័ត៌មាន​នោះ។ ការិយាល័យ​នេះ​បាន​ឲ្យ​ដឹងថា ការស៊ើបអង្កេត​របស់​ខ្លួន​កំពុង​បន្ត​នៅឡើយ ប៉ុន្តែ​បណ្តា​ភ្នាក់ងារ​ដែល​ពាក់ព័ន្ធ ត្រូវបាន​រាយការណ៍​ថា​បានធ្វើការ​ត្អូញត្អែរថា អ្នកផ្តល់​ព័ត៌មាន​បន្ថែ​ម​នៅទីនេះ​មានការ​ភ័យខ្លាច​ពេក​ក្នុង​ការចេញមុខ”

នៅ​ថ្ងៃទី៩ ខែមករា ​ឆ្នាំ២០០០ លោក ច​ច ថេ​ណិ​ត (George Tenet) ដែលជា​នាយក​ទីភ្នាក់ងារ​ចារកម្ម​កណ្តាល បាន​និយាយថា សហរដ្ឋអាមេរិក​នឹងមិន​ភ្លេច​អំពើ​ភេរវកម្ម​ប្រឆាំង​ពលរដ្ឋ​ខ្លួនឯង​នោះទេ ហើយនឹង​នាំ​អ្នក​ដែល​ទទួលខុសត្រូវ​ទៅ​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់ “មិន​ថា​ត្រូវការ​រយៈពេល​យូរ​ប៉ុណ្ណា​នោះទេ។ ទោះជា​យ៉ាងនេះ​ក្តី  អង្គការ​ឃ្លាំមើល​សិ​ទិ្ធ​មនុស្ស​អន្តរជាតិ​បាន​និយាយថា ការស៊ើបអង្កេត​របស់​អេ​ហ្វ​ប៊ី​អាយ​ទៅលើ​ការវាយប្រហារ​ដោយ​គ្រាប់បែក ត្រូវបាន​លុបចោល​ជា​ស្ថាពរ​ហើយ។ ភស្តុតាង​របស់ អេ​ហ្វ​ប៊ី​អាយ អំពី​តួនាទី​របស់លោក ហ៊ុន សែន នៅក្នុង​ការវាយប្រហារ​នោះ​នៅតែមាន​នៅក្នុង​ឯកសារ​របស់​ការិយាល័យ​នេះ​ដដែល ប៉ុន្តែ អេ​ហ្វ​ប៊ី​អាយ បាន​បដិសេធ​មិន​ផ្តល់​ការសហការ​ពេញលេញ​ជាមួយនឹង​ការសាកសួរ​នៅ​សភា ឬ​បន្ត​ការស៊ើបអង្កេត​បឋមរ​បស់​ខ្លួន​នោះទេ។

លោក អាដាម បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា “អេ​ហ្វ​ប៊ី​អាយ ហៀបនឹង​បញ្ចប់​ដំណើរការ​ដោះស្រាយ​សំណុំ​រឿងនេះ​ទៅហើយ​នៅពេលដែល​អ្នកស៊ើប​អង្កេត​នាំមុខ​របស់ខ្លួន​ត្រូវបាន​បញ្ជា​ឲ្យ​ចាក​ចេញពី​ប្រទេស [កម្ពុជា] ភ្លាម។ សហរដ្ឋអាមេរិក​មិនគួរ​ផ្តល់​អាទិភាព​ដល់​ទំនាក់ទំនង​របស់ខ្លួន​ជាមួយ​ជន​ផ្តាច់ខ្លួន​ដូច​លោក ហ៊ុន សែន ជាជាង​យុត្តិធម៌ និង​នីតិរដ្ឋ​នៅ​កម្ពុជា​នោះទេ ហើយ​គួរ​បញ្ជា​ឲ្យ អេ​ហ្វ​ប៊ី​អាយ បញ្ចប់​ការងារ​ដែល​ការិយាល័យ​នេះ​បានចាប់ផ្តើម​កន្លងមក។

កង​អង្គរក្ស​លោក ហ៊ុន សែន មាន​ភាពល្បីល្បាញ​នៅ​ប្រទេស​កម្ពុជា​ខាង​ប្រើ​អំពើហិង្សា អំពើពុករលួយ និង​និ​ទណ្ឌ​ភាព​ដែល​ខ្លួន​បានទទួល​ក្នុងនាម​ជា​កងទ័ព​ឯកជន​តាម​ព្រឹត្តិ​ន័យ​របស់លោក​នាយករដ្ឋមន្ត្រី។ របាយការណ៍​ ឆ្នាំ២០០៧ របស់​អង្គការ​មិនមែន​រដ្ឋាភិបាល Global Witness បាន​និយាយថា ៖ “កងពលតូច​លេខ ៧០ នៃ​កងយោធពល​ខេមរភូមិន្ទ [ឈ្មោះ​ផ្លូវការ​របស់​កង​អង្គរក្ស] ដ៏​ល្បីល្បាញ​អាច​រកចំណូលបាន​ចន្លោះ​ពី ២ លាន​ដុល្លារ​ទៅ ២,៥ លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​តាមរយៈ​ការដឹកជញ្ជូន​ឈើ​ប្រណីត និង​ទំនិញរត់ពន្ធ​ខុសច្បាប់។ ប្រាក់ចំណេញ​មួយផ្នែកធំ​ដែល​បានមកពី​សកម្មភាព​ទាំងនេះ បាន​ទៅលើ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ីង ប៊ុន​ហៀង មេបញ្ជាការ​កង​អង្គរក្ស​លោកនាយក​រដ្ឋមន្ត្រី “។

ចាប់តាំងពី​ពេលនោះ​មក លោក ហ៊ុន សែន បាន​ដំឡើង​តំណែង​លោក ហ៊ីង ប៊ុន​ហៀ​ង ឲ្យ​ធ្វើជា​អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ។ លោក ហ៊ុយ ពិសិដ្ឋ អតីត​មេបញ្ជាការ​កងពលតូច​លេខ ៧០ បាន​ក្លាយជា​អនុរដ្ឋលេខាធិការ​ក្រសួងការពារជាតិ។ នៅ​ឆ្នាំ២០១៥ អ្នក​ទាំងពីរ​ត្រូវបានតែងតាំង​ចូល​ជា​សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​របស់​គណបក្ស​កាន់អំណាច។ លោក អាដាម បាន​និយាយថា “ការដំឡើង​តំណែង​ដល់​ជន​ដែល​ពាក់ព័ន្ធ​នឹង​ការសម្លាប់​រង្គាល​ក្រុមអ្នកតវ៉ា​ដែល​បានធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី បង្ហាញ​ពី​ការមើល​ងាយ​ដ៏​ឃោរឃៅ​ចំពោះ​ជនរងគ្រោះ។ សារ​នេះ​ចង់​បង្ហាញថា អ្នករំលោភ​សិ​ទិ្ធ​មនុស្ស មិន​ថា​ពួកគេ​ប្រព្រឹត្ត​អំពើអាក្រក់​យ៉ាងណា​នោះទេ នឹងមិន​ត្រឹម​តែមាន​សេរីភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ទទួលបាន​រង្វាន់​ទៀតផង”

ការវាយប្រហារ​ឆ្នាំ១៩៩៧ បានកើត​ឡើង​នៅពេល​ដែលមាន​ភាព​តានតឹង​ផ្នែក​នយោបាយ​ខ្លាំង​នៅក្នុង​ប្រទេស​កម្ពុជា។ រដ្ឋាភិបាលចម្រុះ​រវាង​គណបក្ស​រាជានិយម ហ្វ៊ុន ស៊ិនប៉ិច និង​គណបក្ស​ប្រជាជន​កម្ពុជា​របស់លោក ហ៊ុន សែន រង​ការ​រង្គោះរង្គើ បន្ទាប់ពី​ការប៉ះទង្គិច​ប្រដាប់អាវុធ​នៅ​ខេត្តបាត់ដំបង​កាលពី​មួយ​ខែ​មុន។ គណបក្ស​របស់លោក សម រង្ស៊ី ត្រូវបាន​គេ​មើលឃើញថា​ជាការ​គំរាមកំហែង​មួយ​នៅក្នុង​ការបោះឆ្នោតជាតិ​ដែល​គ្រោង​ធ្វើ​នៅ​ឆ្នាំ​បន្ទាប់។ លោក​និង​សមាជិក​គណបក្ស​របស់​លោក​បាន​រង​ការវាយប្រហារ និង​ការគំរាមកំហែង​ពី​សំណាក់​មន្ត្រី និង​ភ្នាក់ងារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​អស់​រយៈពេល​ជាង​មួយឆ្នាំ។

រដ្ឋប្រហារ​បង្ហូរឈាម​ដោយ​កងកម្លាំង​របស់លោក ហ៊ុន សែន បាន​ធ្វើឡើង​នៅក្នុង​ខែកក្កដា ​ឆ្នាំ១៩៩៧ ដោយបាន​សម្លាប់​មនុស្ស​ជាង ១០០ នាក់ និង​បាន​បង្ខំ​ឲ្យ​អ្នកនយោបាយ និង​សកម្មជន​នយោបាយ​និរទេស​ខ្លួន​ទៅ​ក្រៅប្រទេស​ដោយសារ​ភ័យខ្លាច​គ្រោះថ្នាក់​ដល់​អាយុជីវិត​របស់​ពួកគេ។ បើទោះបីជា​អង្គការសហប្រជាជាតិ​បានផ្តល់​ឯកសារ​យ៉ាង​លម្អិត​អំពី​យុទ្ធនាការ​ឃាតកម្ម​ក្រៅ​ប្រព័ន្ធតុលាការ​ក្តី ក៏​គ្មាន​នរណាម្នាក់​ត្រូវបាន​គេ​ចាប់​ឲ្យ​ទទួលខុសត្រូវ​លើ​ការរំលោភបំពាន​ដែល​ទាក់ទង​នឹង​រដ្ឋប្រហារ​នេះឡើយ។

លោក អាដាម បាន​និយាយថា “ការវាយប្រហារ​ដោយ​គ្រាប់បែក​បាន​ចាក់​ស្រមោល​ដិតដាម​យ៉ាងយូរ​ទៅលើ​នយោបាយ​កម្ពុជា​ដែល​នៅតែ​បន្ត​មាននៅ​ថ្ងៃនេះ។ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​នេះ លោក ហ៊ុន សែន បានធ្វើ​រដ្ឋប្រហារ​មួយ​ដែល​បាន​ពង្រឹង​ការ​កាន់អំណាច​ដ៏​យូរ​របស់លោក​ដែលមាន​រយៈពេល​ជាង ៣២ ឆ្នាំ​ហើយ និង​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​ខាង​រាងកាយ និង​ការបង្កើន​ការចោទប្រកាន់​ទៅលើ​គណបក្សប្រឆាំង។ អ្នក​ដែល​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​ដោយ​គ្រាប់បែក​នេះ​បាន​រួច​ពីបទ​មនុស្សឃាត ហេតុដូច្នេះ​ហើយ​បានជា​ថ្ងៃទី៣០ ខែមីនា ត្រូវបាន​មនុស្ស​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​ហៅថា ‘ទិវា​និ​ទណ្ឌ​ភាព’ ។ ”

Your tax deductible gift can help stop human rights violations and save lives around the world.

Region / Country