Skip to main content

World Report 2013: កម្ពុជា

Events of 2012

 

ស្ថានភាពសិទិ្ធមនុស្សនៅក្នុងប្រទសេកម្ពុជា បានធ្លាក់ចុះគួរឲ្យកត់សម្គាល់ មកដល់ឆ្នាំ ២០១២ ដោយការកើនឡើងនៃឧបទ្វហេតុហឹង្សា នៅពេល គណបក្សប្រជាជនកម្ពុជា (គ.ប.ក.) រៀបចំការបោះឆ្នោតជាតិដែលគ្រោងនឹងធ្វើ នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១៣។ នៅថ្ងៃទី ១ ខែមិថុនា ជាថ្ងែទី ១០,០០០ (ពោលគឺជាង ២៧ ឆ្នាំ) ដែលនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្ថិតក្នុងដំណែងនេះ ធ្វើឲ្យរូបគាត់ក្លាយជាមនុស្សម្នាក់ ក្នុងចំណោមមេដឹកនាំកាន់អំណាចយូរជាងនៅលើពិភពលោក។ នាយករដ្ឋមន្ត្រី ដែលសព្វថ្ងៃមានអាយុ ៦០ ឆ្នាំ បាននិយាយថាគាត់ចង់ស្ថិតនៅក្នុងដំណែងនេះរហូតដល់គាត់មានអាយុ ៩០ ឆ្នាំ ។

            អំពើហឹង្សាជាប់ពាក់ព័ន្ធជាមួយកម្លាំងសន្តិសុខរបស់រដ្ឋបានកើតមាន ក្នុងពេលដែលការរឹបអូសយកដីធ្លី ដោយអ្នកមានផលប្រយោជន៍ឈ្មួញ និងសន្តិសុខ ដែលមានអំណាច និងការកើនឡើងនៃភាពមិនស្ងប់ខាងការងារ បណ្តាលមកពីការមិនពេញចិត្តនឹងនយោបាយសេដ្ឋកិច្ច ដែលពឹងផ្អែកយ៉ាងធ្ងន់ទៅលើអាជ្ញាធររដ្ឋាភិបាល ដែលតែងតែជម្រុញអំពើពុករលួយក្នុងការវិនិយោគបរទេសដូចសេះដាច់បង្ហៀរ ជាពិសេសតាមរយៈនៃការផ្តល់សម្បទានសេដ្ឋកិច្ច និងដីធ្លីដទៃទៀត ដែលចេះតែបន្តធ្វើ ទៅបីជាមាន  សេចក្តីប្រកាសរបស់រដ្ឋាភិបាលថាឲ្យផ្អាកសិនកាលពីខែឧសភា ឆ្នាំ ២០១២ ក៏ដោយ ។

លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង នៅតែស្ថិតនៅនិរទេសខ្លួនក្នុងប្រទេសបារាំង ជាជាងការវិលមកទទួលទោសជាប់គុកសរុបទាំងអស់ ១២ ឆ្នាំ ដែលជាលទ្ធផលនៃការវិនិច្ឆ័យសេចក្តីដោយន-​យោ​បាយ និងមិនត្រឹមត្រូវ យ៉ាងច្បាស់ក្រឡែតនោះ ។ យ៉ាងហោចណាស់មានសកម្មជនយោបាយ និងសង្គមនិងអ្នកមានលំនៅដ្ឋានដទៃទៀត ៣៥ នាក់ ដែលជាប់ពាក់ព័ន្ធក្នុងការការពារសិទិ្ធមនុស្ស ប្រឆាំងការរឹបអូសយកដី និងឲ្យមានល័ក្ខខ័ណ្ឌធ្វើការងារប្រសើរជាងសព្វថ្ងៃ បានត្រូវសម្លាប់់ ធ្វើឲ្យរបួស ចាប់ដោយខុសច្បាប់ ទទួលការគំរាមកំហែងចាប់ខ្លួន ឬទុកឲ្យនៅនិរទេសខ្លួន ដោយកម្លាំងសន្តិសុខដឹកនាំដោយ គ.ប.ក. និងតុលាការត្រួតត្រាដោយ គ.ប.ក.​ ។

មន្ត្រីតុលាការកម្ពុជា ធ្វើការក្នុង អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាករកម្ពុជា (អវតក) បានបន្តអនុវត្តការប្រកាសរបស់ លោក ហ៊ុន សែន ដោយបដិសេធមិនធ្វើការស៊ើបអង្កេតជនសង្ស័យខ្មែរក្រហមបន្ថែមទៀត ដោយរួមទាំងពួកអ្នកប្រព្រឹត្តបទល្មើសពីជំនាន់របបខ្មែរក្រហម ប៉ុល ពត ឆ្នាំ ១៩៧៥-១៩៧៩ ដែលមានចំណងជាមួយ គ.ប.ក. ។ ក្នុងពេលជាមួយគ្នានេះ ក្នុងឋានៈជាប្រធានសមាគមប្រជាជាតិអាស៊ីអគ្នេយ៍ (អាស៊ាន) រដ្ឋាភិបាលកម្ពុជាបានដើរតួនាទីដឹកមុខមួយក្នុងការបន្ទុចបង្អាក់កិច្ចខិតខំរបស់អង្គការសង្គមស៊ីវិលក្នុងតំបន់ ក្នុងការអនុម័តយកយន្តការសិទិ្ធមនុស្សគួរឲ្យជឿទុកចិត្តបាន និងប្រកបដោយប្រសិទ្ធភាពមួយនោះ ។

 

ការវាយប្រហារ ការធ្វើទុក្ខបុកម្នេញ និងការវិនិច្ឆ័យសេចក្តី ប្រឆាំងសកម្មជន និងបាតុករ

នៅថ្ងៃទី ២០ ខែកុម្ភៈ ស្រ្តីក្មេងៗ បីនាក់ជាកម្មការីនីរោងចក្រ ត្រូវបានធ្វើឲ្យរបួសដោយបាញ់នឹងកាំភ្លើង ក្នុងពេលបាតុកម្មដោយសន្តិវិធីដ៏ធំមួយ ទាមទារដំឡើងប្រាក់ខែ និងប្រាក់បំណាច់ដទៃទៀត នៅក្នុងទីក្រុងបាវ៉ិត ខេត្តស្វាយរៀង  ស្ថិតនៅប៉ែកបូព៌ា នៃកម្ពុជា ។  ខណៈដែលមានភស្តុតាងបញ្ជាក់ថាអភិ​បាលក្រុងមកពី គ.ប.ក. លោក ឈូក បណ្ឌិត បានបាញ់ដោយចេតនាសំដៅទៅហ្វូងមហាជន​ សាលាដំបូងខេត្ត បានត្រឹមតែដាក់រូបគេឲ្យស្ថិតក្នុងការស៊ើបអង្កេត ពីបទធ្វើឲ្យរបួសស្នាមដោយអចេតនា ដោយពុំបានដាក់រូបគេក្នុងការឃុំឃាំង មុនពេលកាត់សេចក្តី ឡើយ ។

នៅថ្ងែទី ២៦ ខែមេសា សកម្មជនបរិស្ថាន ឈុត វុទ្ធី ត្រូវបានបាញ់សម្លាប់ បន្ទាប់ពីកងរាជអាវុធ-ហត្ថ និងកងសន្តិសុខក្រុមហ៊ុន បានបញ្ឈប់រូបគេមិនឲ្យធ្វើការចងក្រងទិន្នន័យនៃសកម្មភាពកាប់ឈើខុសច្បាប់ក្នុងខេត្តកោះកុង ស្ថិតនៅប៉ែកនិរតីកម្ពុជា ។ ទោះបីជាកាលៈទេសៈពិតប្រាកដនៃមរណភាពរូបគេនេះស្ថិតក្នុងភាពមិនច្បាស់លាស់ក៏ដោយ ក៏ការស៊ើបអង្កេតរបស់រដ្ឋាភិបាល និងតុលាការ ក្នុងការសម្លាប់រូបគេនេះ ហាក់បីដូចជាធ្វើឡើងដើម្បីការពារពួកអ្នកទទួលខុសត្រូវជាងគេបំផុត និងបិទបាំងសកម្មភាពសេដ្ឋកិច្ចខុសច្បាប់របស់ពួកគេ ។ ឃាតកម្មនេះ បានជះបច្ច័យយ៉ាងត្រជាក់ទៅលើកិច្ចខិតខំរបស់អ្នកដទៃទៀត ដើម្បីគាស់កកាយយកចេញនូវសកម្មភាពដូចគ្នានេះ ។

នៅថ្ងៃទី១៦ ខែឧសភា កម្លាំងសន្តិសុខបានបាញ់សម្លាប់កុមារីអាយុ ១៤ ឆ្នាំម្នាក់ឈ្មោះ ហេង ចន្ថា ក្នុងប្រតិបត្តិការយោធារដ្ឋាភិបាលមួយ ប្រឆាំងអ្នកភូមិក្នុងខេត្តក្រចេះ ស្ថិតនៅប៉ែកបូព៌ានៃកម្ពុជា ដែលបានធ្វើការតវ៉ាប្រឆាំងការរឹបអូសយកដីដែលពួកគេចោទប្រកាន់ថាខុសច្បាប់ ដោយអ្នកទទួលបានសម្ប​-ទានបរទេស ។ ជាជំនួសការស៊ើបអង្កេតព្រហ្មទ័ណ្ឌមួយក្រោមការដឹកនាំរបស់នគរបាល លោក ហ៊ុន សែន បានចោទពួកបាតុការថាបានរៀបចំធ្វើ “នលនាអបគមន៍” មួយ ហើយបន្ទាប់មកបានបញ្ជាឲ្យចាប់ខ្លួនពួកមេដឹកនាំចលនានេះ ។

រដ្ឋាភិបាលបានប្រើឧបទ្វហេតុនេះ ដើម្បីចោទប្រកាន់ដោយខុសផងដែរ លើរូប​លោក ម៉ម សូ   ណង់ដូ - អាយុ ៧១ ឆ្នាំ នាយកវិទ្យុឯករាជ្យដ៏សំខាន់មួយក្នុងប្រទេសកម្ពុជា និងជាអ្នកទិតៀនរដ្ឋាភិបាលដោយឥតសំចៃ- ថាជាមេខ្លោងនៃរបស់ដែលហៅថាអបគមន៍នេះ ។ លោក សូណង់ដូ ត្រូវបានចាប់ខ្លួននៅថ្ងៃទី ១២ ខែកក្កដា ហើយក្រោយមកត្រូវបានផ្តន្ទាទោសដាក់គុក ២០ ឆ្នាំ ក្នុងសវនាការមួយដែលពុំមានភស្តុតាងគួរឲ្យជឿទុកចិត្តបានប្រឆាំងរូបគេត្រូវបានយកមកដាក់បង្ហាញ ។

រដ្ឋាភិបាល ក៏បានកំណត់ទិសដៅផងដែរ ដើម្បីធ្វើការចោទប្រកាន់ពួកអ្នកស៊ើបអង្កេតនាំមុខរបស់អង្គការ អាដហុក ដែលជាអង្គការសិទិ្ធមនុស្សកម្ពុជាដ៏ធំមួយ ទង្វើនេះហាក់ដូចជាដើម្បីដាក់ទណ្ឌកម្មដល់ពួកគេ ចំពោះសកម្មភាពសិទិ្ធមនុស្សរបស់ពួកគេ ។ សាលាដំបូងរាជធានីភ្នំពេញបានបញ្ជាឲ្យ លោក ចាន់ សាវ៉េត បង្ហាញខ្លួននៅថ្ងៃទី ២៤ ខែសីហា ពីបទជាប់ពាក់ព័ន្ធនឹងការតវ៉ាអំពីដីធ្លីក្នុងខេត្តក្រ​ចេះ ដូចបានកត់សំគាល់ខាងលើ ដើម្បីឆ្លើយទៅនឹងការចោទប្រកាន់ថារូបគេបានផ្តល់ជំនួមនុស្សធ៌មដ៏តិចតួចមួយ ដល់អ្នករៀបចំសហគមន៍ ដែលបានរត់ចេញពីប្រតិបត្តិបង្ក្រាបបាតុកររបស់រដ្ឋាភិបាល ដោយនិយាយថាជំនួយនេះគឺជាជំនួយដោយចេតនាដល់អ្នកប្រព្រឹត្តបទឧក្រិដ្ឋដែលត្រូវបានដឹងឮនោះ ។ សា​លាដំបូងខេត្តរតនគីរី ស្ថិតនៅប៉ែកឦសាននៃកម្ពុជា បានកោះហៅ លោក ប៉ែន បូណា នៅថ្ងៃទី ១ ខែតុ​លា ទាក់ទិនទៅនឹងជម្លោះដីធ្លីនៅទីនោះ ។

នៅថ្ងៃទី ២៤ ខែឧសភា ព្រះសង្ឃព្រះពុទ្ធសាសនាដែលលេចមុខជាងគេមួយអង្គ ព្រះនាម លន់ សាវ៉ាត ដែលក្នុងឱកាសជាច្រើន បានសំដែងសមាណចិត្ត និងគាំទ្រដល់ជនរងគ្រោះពីការរិបអូសយកដី ត្រូវបានជាប់ឃុំមួយរយៈពេលខ្លី ពេលលោកកំពុងនិមន្តទៅសង្កេតការណ៍សវនាការសកម្មជនជាស្ត្រី ១៣ នាក់ (“បឹងកក់ ១៣”) ប្រឆាំងការបណ្តេញចេញក្នុងទីក្រុងភ្នំពេញ ។ នៅថ្ងៃទី ១៤ ខែកុម្ភៈ លោកត្រូវបានចោទប្រកាន់ជាសម្ងាត់ ដោយភស្តុតាងឥតបានការ”ពីបទព្រហ្មទ័ណ្ឌ” ដែលលោកអាចត្រូវចាប់ខ្លួននៅពេលណាក៏បាន ។ លោក សាវ៉ាត បានទទួលរង្វាន់សិទិ្ធមនុស្សដ៏មានកិត្យានុភាព ម៉ារទីន អេនណាល (Martin Ennals)នៅក្នុងខែតុលា ។

នៅថ្ងៃទី ២៤ ខែឧសភា នេះដែរ សាលាដំបូងបានផ្តន្ទាទោសស្ត្រី ១៣ នាក់ ក្នុងនោះមានម្នាក់អាយុ ៧២ ឆ្នាំ ឲ្យជាប់គុកម្នាក់ ពីរឆ្នាំកន្លះ ចំពោះការជាប់ពាក់ព័ន្ធរបស់ពួកគេក្នុងយុទ្ធនាការតវ៉ាប្រឆាំងការបណ្តេញចេញ និងសុំឲ្យមានតាំងទីលំនៅជាថ្មីចំពោះប្រជាពលរដ្ឋផ្លាស់ប្តូរទីកន្លែង ដោយគម្រោងអភិវឌ្ឍន៍មួយរបស់អ្នកជិតស្និទ្ធជាមួយលោក ហ៊ុន សែន និងវិនិយោគិនចិន នៅតំបន់បឹងកក់ក្នុងទីក្រុងភ្នំពេញ ។ ក្រោមការកៀបសង្កត់ក្នុងស្រុក និងអន្តរជាតិ សាលាឧទ្ធរណ៍ បានដោះលែងស្ត្រីទាំង ១៣ នាក់នោះ តែនៅរក្សាសាលក្រមឲ្យនៅដដែល ។

ក្នុងខែសីហា និង កញ្ញា សាលាដំបូងខេត្តមួយ បានកោះហៅ លោក រ៉ុង ឈុន ប្រធានសហព័ន្ធសហជីពកម្ពុជា ដែលគេស្គាល់យ៉ាងទូលំទូលាយ ថាជាមេដឹកនាំខាងការងារដ៏ដាច់ខាតជាងគេនៃកម្ពុជា ដើម្បីឆ្លើយចំពោះការចោទប្រកាន់ ថាគាត់បានញុះញង់ឲ្យមានកូដកម្មកម្មករនៃរោងចក្រមួយក្បែរទីក្រុងភ្នំពេញ ដែលបានដាក់រូបគាត់ក្នុងហានិភ័យនៃការដាក់ឲ្យជាប់គុកដែរ ។

នៅដើមខែកញ្ញា មេដឹកនាំបាតុកម្មពីរនាក់ផ្សេងទៀត ប្រឆាំងការបណ្តេញចេញពីលំនៅដ្ឋានចាស់ក្នុងទីក្រុងរបស់ពួកគេឈ្មោះ យម បុប្ផា និង ទឹម សាក់មូនី ត្រូវបានចាប់ខ្លួន បន្ទាប់ពីត្រូវចោទប្រកាន់មានហេតុផលនយោបាយយ៉ាងច្បាស់ ត្រូវបានដាក់ប្តឹងទៅសាលាដំបូងភ្នំពេញ ។ ពួកគេត្រូវបានដាក់ឃុំរង់ចាំការវិនិច្ឆ័យសេចក្តី និងប្រឈមមុខការផ្តន្ទាទោសចាប់គុកបើសិនជាមានការសម្រេចថាមានកំហុស ។

 

សាលាក្តីខ្មែរក្រហម (អវតក)

ការជ្រៀតជ្រែកនយោបាយដោយ គ.ប.ក. បានអនុវត្តតាមរយៈការតែងតាំងចៅក្រម និងព្រះរាជអាជ្ញា​ និងបុគ្គលិកដទៃទៀតនៃ អវតក  ដែលបានជម្រុញឲ្យមានការលាលែងពីដំ​ណែង (ចាប់មានប្រសិទ្ធភាពពីថ្ងែទី ៤ ខែឧសភាតទៅ)របស់លោកចៅក្រម ឡូរ៉ង កាសស្ព័រ អង់ស៊ែមេ (Laurent Kasper-Amsermet) ចៅក្រមស៊ើបអង្កេតស្នើឈ្មោះដោយអគ្គលេខាធិការ អ.ស.ប. ដែលលោកចៅក្រមនេះបានប្រកាសថា ការជ្រៀតជ្រែក និងការខ្វះនូវកិច្ចសហប្រតិបត្តិការរបស់រដ្ឋាភិបាល បាននាំឲ្យរូបលោកមិនអាចធ្វើការកើត ។ ដីកាសន្និដ្ឋានរបស់លោក បាននិយាយលំអិតថាតើការជ្រៀតជ្រែកនោះធ្វើឡើងយ៉ាងដូចម្តេច​ ដែលធ្វើឲ្យស្ទះដល់កិច្ចខិតខំរបស់លោក ក្នុងការស៊ើបអង្កេតលើជនសង្ស័យ ៥ នាក់ ដែលនា​យករដ្ឋមន្ត្រី ហ៊ុន សែន មិនយល់ព្រម ។

យុទ្ធសាស្ត្រយូរអង្វែងរបស់ គ.ប.ក. នៃការប៉ុនប៉ងត្រួតត្រាលើតុលាការ តាមរយៈយុទ្ធវិធីពន្យារពេល និងការមិនសហប្រតិបត្តិការដោយធ្វើជាអសកម្ម បានរួមចំណែកបន្ថយការវិនិច្ឆ័យសេចក្តីរបស់ នួន ជា, អៀង សារី និង ខៀវ សំផន - ជនជាប់ចោទ ៣ នាក់ ដែលលោក ហុន សែន អនុញ្ញាតឲ្យធ្វើការចោទប្រកាន់ ក្នុងចំណោមអតីតមេដឹកនាំខ្មែរក្រហម-ឲ្យទៅជាការ “វិនិច្ឆ័យសេចក្តីដ៏តូចមួយ”ដែលក្នុងនេះមានតែការចោទប្រកាន់ដ៏តិចតួច អំពីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិរបស់ពួកគេប៉ុណ្ណោះ ដែលនឹងត្រូវលើកមកវិនិច្ឆ័យ​សេចក្តី ។ វាហាក់ដូចជាថាពួកគេនឹងមិនត្រូវបានយកមកវិនិច្ឆ័យសេចក្តី ពីបទចោទប្រកាន់អំពីការប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មសង្គ្រាម ដែលត្រូវបានដាក់ប្រឆាំងពួកគេក្នុងខែធ្នូ ឆ្នាំ ២០០៩ បើទោះ​បីជាតុលាការមួយនេះ ត្រូវបានចំណាយលុយអន្តរជាតិអស់ច្រើនជាងគេ ក្នុងចំណោមតុលាការអន្តរជាតិ ឬតុលាការកូនកាត់ដែលធ្លាប់មានពីមុនមក បើគិតក្នុងន័យតម្លៃសំរាប់ជនជាប់ចោទម្នាក់ៗ ដែលត្រូវបានយកមកជំនុំជម្រះនោះ ។

 

និទ្ទណ្ឌភាពនៃពួកអ្នករំលោភសិទិ្ធមនុស្ស

ការការពារពួកអ្នកប្រព្រឹត្តឧក្រិដ្ឋកម្មជាខ្មែរក្រហមរបស់លោក ហ៊ុន សែន និងការខកខានមិនបានធ្វើការស៊ើបអង្កេតដែលគួរឲ្យទុកចិត្តបាន ក្នុងឆ្នាំ ២០១២ នូវឃាតកម្មដែលមានជាប់ពាក់ព័ន្ធដល់កម្លាំងសន្តិសុខ បានក្លាយគ្រាន់តែជាឧទាហរណ៍ថ្មីចុងក្រោយមួយនៃនិទ្ទណ្ឌភាព សំរាប់ពួកអ្នករំលោភសិទ្ធមនុស្ស ក្នុងរយៈកាលនៃការកាន់អំណាចដ៏យូររបស់គាត់ ។ ទាំងនេះ រួមមានទារុណកម្ម និងការឲ្យធ្វើការដោយបង្ខំ ក្នុងទសវត្ស៍ឆ្នាំ ១៩៨០ ការសម្លាប់ដោយហេតុផលនយោបាយ នៅពេល អ.ស.ប. បានប៉ុនប៉ងធ្វើជាឆ្មប សំរាប់រយៈកាលឆ្លងកាត់ ទៅលទ្ធិប្រជាធិបតេយ្យ នាដើមទសវត្ស៍ ១៩៩០ និងការសម្លាប់ក្រៅប្រពន្ធតុលាការ ការលបធ្វើឃាត និងការប៉ុនប៉ងធ្វើឃាត ក្នុងឆ្នាំនានាចន្លោះពីពេលនោះដល់ឆ្នាំ​ ២០១១ ។

ឧក្រិដ្ឋកម្មទាំងនោះ ត្រូវបានដៅទៅលើពួកអ្នកកាសែត អ្នករៀបចំគណបក្សប្រឆាំង មេដឹកនាំកម្មករ និងបញ្ញាវន្ត-ដែលនាំទៅឲ្យមានស្លាប់ចំនួនរាប់រយនាក់។ ឧក្រិដ្ឋកម្មទាំងនោះ និងនិទ្ទណ្ឌភាពរបស់ពួកគេ គឺជាលក្ខណសម្បត្តិនៃការលេចធ្លោឡើង និងការកាន់អំណាច របស់លោក ហ៊ុន សែន ហើយការកើនឡើងនៃការរំលោភសិទិ្ធមនុស្ស​ក្នុងឆ្នាំ ២០១២ បានបញ្ជាក់ថា រូបគាត់ចាត់ទុកពួកអ្នកប្រព្រឹត្តថាជាមូល​​ដ្ឋាននៃការគ្រប់គ្រងរបស់គាត់ និងដើម្បីទប់ស្កាត់ការប្រកួតប្រជែងរបស់មហាជន និងលទ្ធិប្រជាធិប- តេយ្យ ។

 

មណ្ឌលឃុំឃាំងពួកអ្នកញៀនគ្រឿងញៀន

ក្នុងខែធ្នូ ឆ្នាំ ២០១១ ការពិនិត្យឡើងវិញនូវច្បាប់គ្រប់គ្រងគ្រឿងញៀនកម្ពុជា បាននាំទៅឲ្យមានការឃុំខ្លួនពួកអ្នកប្រើគ្រឿងញៀនទាំងឡាយ សម្រាប់ “ធ្វើការព្យាបាល” ជាកំហិត រយៈពេលពីរឆ្នាំ ។ ទោះ​បីនៅក្នុងខែមីនា ឆ្នាំ ២០១២ ទីភ្នាក់ងារ អ.ស.ប. ចំនួន ១២ បានអំពាវនាវឲ្យបិ​ទមណ្ឌលឃុំខ្លួនពួកអ្នកប្រើគ្រឿងញៀនក៏ដោយ ក៏ទីភ្នាក់ងារផ្សេងៗ របស់រដ្ឋាភិបាល-ក្នុងនេះរួមមានកម្លាំងសន្តិសុខផង-បានបន្តកិច្ចប្រតិបត្តិការនៃមណ្ឌលចំនួន ១០ នៅទូទាំងប្រទេស ។ អតីតអ្នកជាប់ឃុំ បានរាយការណ៍ថា ពួកគេត្រូវបានដាក់ឃុំដោយពុំមាននីតិវិធីត្រឹមត្រូវទេ ជាកម្មវត្ថុនៃលំហាត់យោធារហូតទាល់តែអស់កម្លាំង និងប្រព្រឹត្តកម្មយង់ឃ្នង និងរហូតដល់ធ្វើទារុណកម្ម ដោយបុគ្គលិលមណ្ឌលផង ។

 

កម្មករចំណាកស្រុក

ការផ្អាកជាបណ្តោះអាសន្ន ក្នុងឆ្នាំ ២០១១ របស់រដ្ឋាភិបាល អំពីចំណាកស្រុកនៃជនកម្ពុជា ទៅធ្វើការជាអ្នកបំរើក្នុងផ្ទះក្នុងប្រទេស ម៉ាឡេស្យ៉ា កំពុងស្ថិតនៅជាធរមាន។ ពួកមន្ត្រីបានធ្វើសេចក្តីថ្លែងការណ៍​លប់ការហាមឃាត់នេះទៅវិញ ទោះបីជាមានទិដ្ឋភាពមិនច្បាស់លាស់ ក្នុងកិច្ចព្រមព្រៀងរវាងកម្ពុជា និងម៉ាឡេស្យ៉ា សម្រាប់ការបង្កើតកិច្ចការពារជាអប្បបរមា ចំពោះអ្នកចំណាកស្រុកទាំងនេះ និងសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយព៍ត៌មានថ្មីៗ ស្តីពីប្រព្រឹត្តកម្មយង់ឃ្នងលើកម្មករបំរើការងារក្នុងផ្ទះនៅក្នុងប្រទេសម៉ាឡេស្យ៉ា យ៉ាងណាក៏ដោយ ។ ស្ថិតិដែលមាន បានគូសសង្កត់ថា មានការកើនឡើងនៃការ ពង្រត់ជាអន្តរជាតិនៃកម្មករកម្ពុជាបានកើនឡើងជាទូទៅ ដែលពួកគេជាច្រើន បានទៅធ្វើការក្នុងលក្ខណៈ​ស្មើនឹងការធ្វើការងារដោយបង្ខំ ។

 

តួអង្គអន្តរជាតិសំខាន់ៗ

សហរដ្ឋអាមេរិក ប្រទេសចិន និងវៀតណាម បានផ្តល់ជំនួយសន្តិសុខដល់កម្ពុជា ក្នុងទម្រង់ជាការហ្វកហ្វឺន បំពាក់សម្ភារៈ ឬទាំងពីរនេះ ។ ទោះបីជាច្បាប់ ស.រ.អ. បានតម្រូវថាពួកអ្នកទទួលការហ្វឹកហ្វឺនរបស់ពួកគេត្រូវធ្វើការស្រាវជ្រាវ ដើម្បីធានាថា ពុំមាននរណាម្នាក់ជាអ្នករំលោភសិទ្ធមនុស្សទេ កិច្ចដំណើរការធ្វើការស្រាវជ្រាវនៅតែស្ថិតនៅមានកំហុសយ៉ាងជ្រាជ្រៅនៅឡើយ ។ ពុំមានកិច្ចការពារសិទ្ធិមនុស្ស ក្នុងជំនួយសន្តិសុខរបស់ប្រទេសចិន ឬវៀតណាមទេ ។

ប្រទេសជប៉ុន បានបន្តជាអ្នកផ្តល់ជំនួយសេដ្ឋកិច្ចដ៏ធំមួយ ដោយពុំមានដាក់ល័ក្ខខ័ណ្ឌណាមួយជាក់លាក់ទេ ។ ជំនួយដោយទ្រង់ទ្រាយធំនិងការវិនិ​យោគ របស់រដ្ឋ និងឯកជន ចិន វៀតណាម និងកូរ៉េខាងត្បូង មានការខ្វះនូវយន្តការសម្រាប់ការចូលរួមរបស់សហគមន៍ ក្នុងការធ្វើសេចក្តីសម្រេចទាក់ទិនទៅនឹងដីធ្លី ឬបរិស្ថាននៅមូលដ្ឋាន។ ជាការផ្ទុយពីនេះ ធនាគារពិភពលោក បានបន្តបដិសេធផ្តល់មូលនិធិ ចំពោះគម្រោងថ្មីនានា រង់ចាំការដោះស្រាយរបស់រដ្ឋាភិបាលឲ្យបានពេញចិត្តសម្រាប់អ្នកត្រូវដកចេញពីគម្រោងអភិវឌ្ឍន៍បឹងកក់ ក្នុងទីក្រុងភ្នំពេញសិន នៅពេលដែលធនាគារអភិវឌ្ឍន៍អាស៊ី បានយល់ព្រម     ពិនិត្យឡើងវិញអំពីស្នាដៃរបស់ខ្លួន ក្នុងការដោះស្រាយការធ្លាក់ចុះនៃកម្រិតជីវភាពទទួលរងដោយប្រជាពលរដ្ឋប៉ះពាល់ដោយគម្រោងធ្វើផ្លូវរទេះភ្លើងមួយដែលធនាគារផ្តល់ហិរញ្ញប្បទាន។

ស.រ.អ.បានធ្វើសេចក្តីស្នើមួយចំនួន ជាសាធារណៈ និងជាឯកជន ទៅកាន់រដ្ឋាភិបាល ស្តីពីការព្រួយបារម្ភខាងសិទិ្ធមនុស្សជាក់លាក់ រួមមានករណីបឹងកក់ ១៣ ផង ។ ក៏ប៉ុន្តែ សន្និសិទប្រទេសផ្តល់ជំនួយធ្វើឡើងក្នុងខែកញ្ញា ក្នុងទីក្រុងភ្នំពេញ បានស្ងៀមស្ងាត់ស្ទើរទាំងស្រុងអំពីការធ្លាក់ចុះនៃស្ថានភាពសិទ្ធិមនុស្ស ។  រដ្ឋាភិបាលបានប្រតិកម្មដោយទ្រគោះទៅនឹងរបាយការណ៍របស់អ្នករាយការណ៍ពិសេស  អ.ស.ប. ស្តីពីស្ថានភាពសិទិ្ធមនុស្សនៅកម្ពុជា ដែលបានផ្តល់អនុសាសន៍ ឲ្យធ្វើការកែទម្រង់របបបោះឆ្នោត និងប្រព័ន្ធផ្តល់សម្បទានដីធ្លី ។  ​