Skip to main content

អូស្ត្រាលី/កម្ពុជា៖ ការដោះដូររបស់អូស្ត្រាលីជាមួយកម្ពុជា ដាក់ជនភៀសខ្លួនក្នុងហានិភ័យ

ភ្នំពេញ មានការកត់ត្រាមិនល្អអំពីកិច្ចការពារជនភៀសខ្លួន, សិទិ្ធជាមូលដ្ឋាន ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០១៤

(ស៊ីដនី) - កិច្ចព្រមព្រៀងថ្មីមួយស្តីពីជនភៀសខ្លួន រវាងប្រទេសអូស្ត្រាលី[2] និងប្រទេសកម្ពុជា[3]  មិនបានបំពេញកិច្ចសន្យារបស់ប្រទេសអូស្ត្រាលី ដើម្បីបញ្ជូនជនភៀសខ្លួនទៅកាន់ “ប្រទេសទី ៣ ដែលមានសុវត្ថិភាព” ទេ និងនឹងធ្វើឲ្យអន្តរាយដល់កិច្ចការពារជនភៀសខ្លួនក្នុងតំបន់  អង្គការឃ្លាំមើលសិទិ្ធមនុស្សបាននិយាយថ្ងៃនេះ ។ សេចក្តីប្រកាសព័ត៌មាន[4]របស់រដ្ឋាភិបាលកម្ពុជា ចែងថាលោករដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍អូស្ត្រាលី លោក ស្កុត ម៉ូរីសុន (Scott Morrison) នឹងចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាស្តីពីការតាំងលំនៅជនភៀសខ្លួនក្នុងប្រទេសកម្ពុជា ជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា ស ខេង ក្នុងទីក្រុងភ្នំពេញ នៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០១៤ ។

ប្រទេសអូស្ត្រាលី និងកម្ពុជា មិនបានប្រកាសខ្លឹមសារនៃកិច្ចព្រមព្រៀងនោះទេ ។ ក៏ប៉ុន្តែមុននេះ[5] លោក ម៉ូរីសុន បាននិយាយថា ពួកអ្នកស្វែងរកសិទិ្ធជ្រកកោនរហូតដល់ចំនួន ១,០០០ នាក់ ដែលប្រទេសអូស្ត្រាលីបានបញ្ជូនទៅកោះ ណូរូ ដែលនៅទីនោះពួកគេត្រូវបានទទួលស្គាល់ថាជាជនភៀសខ្លួន អាចនឹង​ត្រូវផ្ទេរទៅកាន់ប្រទេសកម្ពុជាលើ “មូលដ្ឋាននៃការស្មគ្រចិត្ត” ។ ទោះបីជាប្រទេសកម្ពុជាជាភាគីនៃអនុ សញ្ញាស្តីពីជនភៀសខ្លួនក៏ដោយ ក៏ប្រទេសនេះខកខានមិនបានការពារជនភៀសខ្លួន និងពួកអ្នកស្វែងរកសិទិ្ធជ្រកកោនទេ ដោយការបញ្ជូនពួកគេឲ្យត្រឡប់ទៅប្រទេសដែលពួកគេប្រឈមមុខនឹងការធ្វើទុក្ខបុកម្នេញ ។

ការដោះដូររបស់អូស្ត្រាលីជាមួយកម្ពុជា នឹងបញ្ជូនមនុស្សទៅកាន់ប្រទេសមួយ ដែលមានការកត់ត្រាសែនអាក្រក់អាក្រីក្នុងការការពារជនភៀសខ្លួន និងជាប់ផុងវ័ណ្ណកជាមួយការរំលោភសិទិ្ធមនុស្សធ្ងន់​ធ្ងរ” ។ លោកស្រី អេឡែន ភាសិន (Elaine Pearson)[6] នាយកប្រចាំប្រទេសអូស្រ្តាលីបាននិយាយ ។ “ប្រទេស​អូស្រ្តាលី គួរតែបានពិនិត្យសេចក្តីអះអាងរបស់ជនភៀសខ្លួនទាំងនេះដោយផ្ទាល់ ជាជាងបង្វែរពួកអ្នកស្វែងរកសិទិ្ធជ្រកកោនទៅកាន់កោះ ណូរូ តែយ៉ាងហោចណាស់ប្រទេសនេះគួរទទួលយកពួកអ្នកដែលត្រូវបានរកឃើញថាជាជនភៀសខ្លួន ជាជាងដឹកពួកគេចេញទៅកាន់ប្រទេសកម្ពុជា ។ ទោះបីជាមានការអះ​អាងរបស់ទីក្រុងខាន់ប៊ែរ៉ាក៏ដោយ ក៏ជាក់ស្តែងប្រទេសកម្ពុជាមិនមានសុវត្ថិភាព និងខ្វះមធ្យោបាយ ដើម្បីទទួលជនភៀសខ្លួនចំនួនច្រើន ដែលនឹងត្រូវបានផ្តល់ឲ្យនូវសំបុត្រធ្វើដំណើរឯកទិសទៅកាន់ទីក្រុងភ្នំពេញ” ។

ចាប់តាំងពីខែកញ្ញា ឆ្នាំ ២០១២ មក ប្រទេសអូស្រ្តាលីធ្លាប់បានបញ្ជូនពួកអ្នកស្វែងរកសិទិ្ធជ្រកកោនដែលបានមកដល់តាមកប៉ាល់ ទៅកាន់កោះ ណូរូ (Nauru) និងប្រទេស ប៉ាពួ ញូវហ្គីណេ (Papua New guinea) ដើម្បីពិនិត្យពិច្ច័យពីឋានៈជាជនភៀសខ្លួនរបស់ពួកគេ នៅទីនោះ ។ ស្របតាមខ្លឹមសារនៃកិច្ចព្រមព្រៀងមួយជាមួយកោះ ណូរូ, ប្រទេសអូស្ត្រាលីបានសន្យាថានឹងជួយការតាំងលំនៅរបស់ជនភៀសខ្លួននៅ “ប្រទេសទី ៣ ដែលមានសុវត្ថិភាព”[7] ។ ប្រទេសអូស្ត្រាលី បានបដិ​សេធមិនទទួលឲ្យត្រឡប់ទៅកាន់ប្រទេសអូស្រ្តាលីវិញទេ ពួកអ្នកត្រូវបានរកឃើញថាជាជនភៀសខ្លួនហើយនោះ ដោយអះអាងលើមូលដ្ឋានថាខ្លួនកំពុងស្វៃងរកដំណោះស្រាយមួយក្នុងការបែងចែកបន្ទុកក្នុងតំបន់[8] ។ រហូតដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០១៤ ពួកអ្នកស្វែងរកសិទិ្ធជ្រកកោនចំនួន ១,២៣៣ នាក់ ត្រូវបានដាក់ឃុំខ្លួននៅកោះ ណូរូ ។ រហូតដល់ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០១៤ រដ្ឋាភិបាលកោះ ណូរូ បានបញ្ចប់ការកំណត់ឋានៈជាជនភៀសខ្លួនលើមនុស្ស ២៥០ នាក់ ក្នុងនេះមាន ២០៦ នាក់ត្រូវបានទទួលស្គាល់ថាជាជនភៀសខ្លួន ។  

ប្រទេសអូស្ត្រាលី បានខកខានមិនបានបំពេញខ្លឹមសារនៃកិច្ចព្រមព្រៀងរបស់ខ្លួនទេ ពីព្រោះប្រទេសកម្ពុជាមិនមែនជាប្រទេសទី ៣ មានសុវត្ថិភាពទេ ។

រដ្ឋាភិបាលអូស្រ្តាលី បានយោងទៅលើការផ្ទេរទៅប្រទេសកម្ពុជា ដើម្បីធ្វើការតាំងលំនៅថ្មី។យ៉ាង​ណាក៏ដោយ អ្នកនាំពាក្យរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន បានពិព៌ណនាថា[9] ការតាំងលំនៅថ្មីក្នុងប្រទេសកម្ពុជា មិនមែនជាដំណោះស្រាយ ”យូរអង្វែង” ទេ។ “វាមិនមែនជាក្នុងស្មារតីនៃការតាំងលំនៅថ្មីទេ” អ្នកនាំពាក្យបាននិយាយ ។

ប្រទេសកម្ពុជាមិនបានបង្ហាញឲ្យឃើញនូវឆន្ទៈ ឬសម្បទា ក្នុងការផ្តល់ដល់ជនភៀសខ្លួន នូវកិច្ចការពារគ្រប់គ្រាន់ទេ។ អ្នកដែលត្រូវបានទទួលស្គាល់ជាជនភៀសខ្លួនមួយចំនួន ដែលបានតាំងលំនៅ​ថ្មីក្នុងប្រទេសកម្ពុជា រស់នៅក្នុងការភ័យខ្លាច និងស្វ័យឯកោ ពីព្រោះរដ្ឋាភិបាលកម្ពុជាបានបង្ហាញឲ្យឃើញនូវឆន្ទស៊ុំគ្រលុំជាមួយប្រទេសដើមរបស់ពួកគេ ដើម្បីឲ្យជនភៀសខ្លួនវិលត្រឡប់ទៅវិញ ទោះបីជាពួកគេមានឋានៈជាជនភៀសខ្លួនក៏ដោយ ។ ជាលទ្ធផល ជនភៀសខ្លួនអាចនឹងមានការភ័យខ្លាចនឹងចេញពីទីលំនៅដ្ឋានពួកគេ ទប់ស្កាត់ពួកគេមិនឲ្យធ្វើការងារ និងធ្វើឲ្យពួកគេកាន់តែក្រខ្លាំងថែមទៀត ។

ក្នុងឆ្នាំថ្មីៗ កន្លងទៅ រដ្ឋាភិបាលបានបញ្ជូនមនុស្សងាយរងការឈឺចាប់ឲ្យត្រឡប់ទៅប្រទេសពួកគេវិញ ដែលនៅទីនោះពួកគេបានប្រឈមមុខនឹងការរំលោភ ដូចជាប្រទេសចិន និងវៀតណាម ជាដើម។ ក្នុងខែធ្នូ ឆ្នាំ ២០០៩ កម្ពុជាបានប្រគល់ជាតិពន្ធុអ៊ុយហ្គួរ (Uighurs) ជាង ២០ នាក់ ដែលឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនកំណត់ថាជាមនុស្សនៃការយកចិត្តទុកដាក់[10] ទៅឲ្យមន្ត្រី    រដ្ឋាភិបាលចិន ដែលក្រោយមកបានបញ្ជូនពួកគេទៅកាន់ប្រទេសចិនវិញ ដើម្បីធើ្វការកាត់ទោសជាសម្ងាត់ និងផ្តន្ទាទោសឲ្យជាប់គុករយៈពេលយូរ ។

មានសេចក្តីព្រួយបារម្ភចំពោះជនភៀសខ្លួន បន្ទាប់ពីពួកគេបានមកដល់ប្រទេសកម្ពុជា ។ រដ្ឋាភិ បាលអូស្ត្រាលី និងកម្ពុជា មិនបានផ្តល់ព័ត៌មានស្តីពីការទទួលបាននៃជនភៀសខ្លួននូវ ផ្ទះសម្បែង ការអប់​រំសម្រាប់កូនៗ ការទទួលបានការព្យាបាលផ្នែកពេទ្យ និងជីវភាពរស់នៅជាមូលដ្ឋាន ទេ ។ រដ្ឋាភិបាល​អូ​-ស្រ្តាលី មិនបានចែកចាយព័ត៌មានលម្អិតស្តីពីលក្ខខ័ណ្ឌនៃកិច្ចចរចា និងខ្លឹមសារនៃកិច្ចព្រមព្រៀង ហើយ​ប្រទេសទាំងពីរមិនបានសុំឲ្យសាធារណៈជនបញ្ចូលយោបល់អំពីការស្នើនេះទេ ។

ស្ថានភាពសិទិ្ធមនុស្សដ៏អាក្រក់ជាទូទៅ[11]នៅក្នុងប្រទេសកម្ពុជា បានលើកឡើងនូវសេចក្តីព្រួយបារម្ភបន្ថែមទៀត ស្តីពីសន្តិសុខរបស់ជនភៀសខ្លួនដែលបានផ្ទេរទៅកាន់ទីនោះ ។ រដ្ឋាភិបាល ហ៊ុន សែន បានកំហិតយ៉ាងខ្លាំងនូវសិទិ្ធនៃសេរីភាពក្នុងការសំដែងមតិ ការជួបជុំគ្នា និងការធ្វើសមាគម ហើយកម្លាំងសន្តិសុខរដ្ឋជាប្រចាំ តែងតែប្រព្រឹត្តការសម្លាប់ ការធ្វើទារុណកម្ម និងការរំលោភដទៃទៀតប្រកបដោយនិទណ្ឌភាព ។ ពួកអ្នករស់នៅគ្មានទីពឹងក្នុងសង្គម - ក្នុងនេះរួមមាន ជនភៀសខ្លួន និងពួកអ្នកស្វែងរកការជ្រកកោន ដែលគ្មានការងារធ្វើ មិនចេះនិយាយភាសាខ្មែរ និងបណ្តាញសង្គម - គឺមានហានិភ័យជាពិសេស ។ ជាឧទាហរណ៍ អង្គការឃ្លាំមើលសិទិ្ធមនុស្សបានស្រាវជ្រាវចងក្រងជាឯកសារ[12] អំពីការចាប់ខ្លួនដោយមិនឈរលើច្បាប់ ការឃុំខ្លួន និងប្រព្រឹត្តកម្មយង់ឃ្នង នូវ “មនុស្សគេមិនចង់បាន” ឲ្យរស់នៅក្នុងមន្ទីរឃុំឃាំងស្មោកគ្រោក គ្រប់គ្រងដោយក្រសួងសង្គមកិច្ច ដែលនៅទីនោះ ពួកគេទទួលរងការវាយដំ ធ្វើទារុណកម្ម និងការរំលោភផ្លូវភេទ ដោយពួកអ្នកយាមដែលពុំទទួលការផ្តន្ទាទោស ។

“ជាជំនួសការឆ្លើយនឹងសំណួរស្តីពីប្រព្រឹត្តកម្មលើជនភៀសខ្លួនក្នុងប្រទេសកម្ពុជា រដ្ឋាភិបាល     អូស្ត្រាលី បានបំបិទការពិភាក្សាជាសាធារណៈណាមួយអំពីបញ្ហាទាំងនេះ”  លោកស្រី ភាសិន បាននិយាយ ។ “ប្រទេសអូស្ត្រាលី បានស្វះស្វែងរកលេសថ្មីមួយ ដើម្បីធ្វើព្រងើយចំពោះបញ្ហាជនភៀសខ្លួន ជាជាងការរិះរកដំណោះស្រាយពិតប្រាកដក្នុងតំបន់មួយ ដែលនឹងធ្វើឲ្យប្រទេស​អូស្រ្តាលីរួមចំណែកដ៏សក្តិសមក្នុងរឿងនេះ​” ៕

 

Your tax deductible gift can help stop human rights violations and save lives around the world.