Skip to main content

កម្ពុជា៖ បញ្ចប់ការផ្តន្ទាទោសដោយហតុផលនយោបាយ លើសហជីពករ ៦ នាក់

ប្រទេសផ្តល់ជំនួយគួរគាបសង្កត់រដ្ឋាភិបាលឲ្យទម្លាក់ចោលសំណុំរឿងទាំងនេះ ថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០១៤

(ញូវយក) - អាជ្ញាធរកម្ពុជា[2] គួរបញ្ចប់ការផ្តន្ទាទោសដោយហេតុផលនយោបាយលើសហជីពករកម្មករប្រាំមួយនាក់ ដែលត្រូវបានចោទប្រកាន់ថាបានជាប់ពាក់ព័ន្ធក្នុងឧបទ្ទវហេតុហឹង្សាក្នុងខែមករា ឆ្នាំ ២០១៤ អង្គការឃ្លាំមើលសិទិ្ធមនុស្សបាននិយាយ ថ្ងៃនេះ ។ កាលបរិច្ឆេតនៃការកោះហៅរបស់តុលាការឲ្យចូលខ្លួននៅថ្ងៃទី ១២ ខែកញ្ញា គឺ ៥ ថ្ងៃមុនសហជីពបានគ្រោងថានឹងចាប់ផ្តើមធ្វើយុទ្ធនាការថ្មីមួយ ដើម្បីទាម​ទារការដំឡើងប្រាក់ខែអប្បរមា ។

ព្រះរាជអាជ្ញាបានចោទប្រកាន់សកម្មជនដែលលេចមុខ ប៉ាវ ស៊ីណា, ជា មុនី, អាត់ ធន់, រ៉ុង ឈុន,  ម៉ម ញឹម និង យ៉ាង សុភ័ណ្ឌ ពីបទប្រព្រឹត្តហឹង្សា និងធ្វើឲ្យមានការខូចខាត មានស្ថានទម្ងន់ទោស គម្រាមធ្វើការខូចខាត និងធ្វើឲ្យស្ទះចរាចរ ក្នុងពេលប៉ះទង្គិចគ្នាដោយហឹង្សារវាងកម្មករតវ៉ា និងកម្លាំងសន្តិសុខរបស់រោងចក្រនិងរដ្ឋាភិបាល ក្នុងតំបន់ផ្លូវវ៉េងស្រេងនៃទីក្រុងភ្នំពេញ ពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០១៣ ដល់ថ្ងៃទី ៣ ខែមករា ឆ្នាំ ២០១៤ ។ ជនត្រូចចោទប្រឈមមុខនឹងការជាប់គុករហូតដល់ ១៤ ឆ្នាំ ។

“អាជ្ញាធរកម្ពុជា បានបន្តធ្វើការចោទប្រកាន់ដោយវាយខ្មោះទូងស្គរ ប្រឆាំងសកម្មជនការងារ ក្នុងការប៉ុនប៉ងយ៉ាងច្បាស់មួយ ធ្វើឲ្យពួកគេបោះបង់ចោលការទាមទារដើម្បីទទួលបានប្រាក់ខែ និងលក្ខ​ខណ្ឌការ​ងារ ល្អប្រសើរជាង ។ លោក ប្រាដ អាដាំ[3] នាយកផ្នែកអាស៊ី បាននិយាយ ។ “នេះគ្រាន់តែជាការព្យាយាមចុងក្រោយរបស់រដ្ឋាភិបាល ដើម្បីបន្លាចសកម្មជន និងពួកអ្នកនយោបាយប្រឆាំង ឲ្យបោះបង់ចោលផែនការរបស់ពួកគេក្នុងការប្រើការតវ៉ាដើម្បីធ្វើឲ្យបុព្វហេតុរបស់ពួកគេឈានទៅមុខ” ។

កម្មករកម្ពុជាបានប្រើការដំឡើងប្រាក់ខែធ្វើជាការស្នើសុំសំខាន់បំផុត នៃការពង្រីកជាបន្តបន្ទាប់កូដកម្ម ដែលបានឡើងដល់កម្រិតខ្ពស់បំផុតក្នុងខែធ្នូ ឆ្នាំ ២០១៣ ។ នៅពេលនោះ រដ្ឋាភិបាលបានព្រមានថាខ្លួននឹងមិនអនុគ្រោះដល់ភាពមិនស្ងប់ឧស្សាហកម្មដ៏រីករាលដាលតទៅទៀតទេ ។ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យហាមឃាត់ការធ្វើបាតុកម្មទាំងអស់ រួមទាំងមីទីងរបស់គណបក្សប្រឆាំង គណ​​បក្ស    សង្គ្រោះជាតិ និងការជួបជុំគ្នារបស់សង្គមស៊ីវិល ។ នៅថ្ងៃទី ២ ខែមករា ឆ្នាំ ២០១៤ អង្គភាពកងទ័ព កងនគរបាល និងកងអាវុធហត្ថ ត្រូវបានដាក់ឲ្យប្រតិបត្តិគោលនយោបាយនេះ ដោយការប្រើកម្លាំងបណ្តាលឲ្យស្លាប់ច្រើនហួសហេតុ និងមិនចាំបាច់ ។ ពួកគេបានបាញ់ដោយកាំភ្លើងវាយសម្រុក និងកាំ​ភ្លើងផ្សេងទៀត ទៅលើពួកបាតុករអស់ពីរថ្ងៃ ដោយសម្លាប់ពួកគេយ៉ាងហោចណាស់ ៧ នាក់ និងធ្វើឲ្យរបួសរាប់សិបនាក់ផ្សេងទៀត ។

កន្លងមក រដ្ឋាភិបាលកម្ពុជា បានធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋាន ប្រឆាំងកម្មករ សកម្មជន និងអ្នកដទៃទៀត ដែលជាប់ពាក់ព័ន្ធក្នុងការតវ៉ា ។

ក្នុងខែឧសភា តុលាការភ្នំពេញមួយបានផ្តន្ទាទោសកម្មករនិងសកម្មជន ២៣ នាក់ និងកាត់ឲ្យមានទោសជាប់គុកដោយព្យួរទោស បន្ទាប់ពីឃុំឃាំងពួកគេក្នុងលក្ខណៈលំបាក អស់រយៈពេលជាងបួនខែ    មក។ ពួកគេត្រូវបានចោទប្រកាន់ថាជាអ្នកទទួលខុសត្រូវចំពោះអំពើហឹង្សាកាលពីថ្ងៃទី ២-៣ ខែមករា ទោះបី​ជា​ពុំមានភស្តុតាងដាក់បង្ហាញភ្ជាប់ពួកគេណាម្នាក់ទៅនឹងអំពើឃោរឃៅនោះក៏ដោយ ។

តុលាការកម្ពុជាពុំមានឯករាជ្យភាពទេ និងបម្រើផលប្រយោជន៍គណបក្សកាន់អំណាច គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោក ហ៊ុន សែន ។ ពុំមានបទចោទប្រកាន់ណាត្រូវបានធ្វើឡើង ប្រឆាំងសមាជិកកងសន្តិសុខ ដែលទទួលខុសត្រូវចំពោះការសម្លាប់ និងធ្វើឲ្យរបួស ពួកអ្នកតវ៉ា ក្នុងថ្ងៃទី ២-៣ ខែមករា ទេ ។

“លោក ហ៊ុន សែន ជាថ្មីម្តងទៀត បានសន្យាធ្វើការកែទម្រង់ស៊ីជម្រៅ និងបានប្រកាសមួយរំពេចនោះថាគាត់បានដឹងថាមានសេចក្តីត្រូវការដោះស្រាយជម្លោះសេដ្ឋកិច្ចសង្គមដែលបានធ្វើឲ្យក្តៅក្រហាយតាំងពីយូរយារមកហើយនោះ រីឯតុលាការដែលគាត់ត្រួតត្រានៅតែត្រូវបានប្រើឲ្យកាត់ទោសសកម្មជននៅឡើយ” លោក អាដាំ បាននិយាយ ។ “ប្រទេសផ្តល់ជំនួយដល់កម្ពុជា គួរនិយាយឲ្យច្បាស់ថាពួកគេនឹងមិនទទួលនូវការផ្តន្ទាទោសដោយហេតុផលនយោបាយតទៅទៀតបានទេ និងតម្រូវឲ្យទម្លាក់ចោលសំណុំរឿងទាំងនេះ” ៕

Your tax deductible gift can help stop human rights violations and save lives around the world.

Region / Country