Skip to main content

កម្ពុជា៖ ដោះលែងមនុស្ស ៦ នាក់ ដែលត្រូវចាប់ខ្លួនដោយព្រាវៗ ក្នុងពេលមានការរំជើបរំជួល

កម្លាំងសន្តិសុខ គួរស៊ើបអង្កេតការវាយប្រហារលើហ្វូងមហាជន

(ញ៉ូវ យក) - អាជ្ញាធរកម្ពុជាគួរទម្លាក់ចោលការចោទប្រកាន់ និងដោះលែង ក្មេងជំទង់ម្នាក់ និងបុរសវ័យ​ក្មេងប្រាំនាក់ ដែលការចោទប្រកាន់ប្រឆាំងពួកគេមិនបានបង្ហាញភស្តុតាងគួរឲ្យជឿទុកចិត្តបាន អំពីសកម្ម​ភាពឧក្រិដ្ឋរបស់ពួកគេ នៅក្នុងសវនាការ នៅថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០១៤ ដោយតុលាការក្រុងភ្នំពេញមួយ ។ សាលក្រមកំណត់ថានឹងចេញនៅថ្ងៃទី ២១ ខែកុម្ភៈ នេះ ។

            នគរបាលបានចាប់មនុស្ស ៦ នាក់នេះ ក្នុងពេលនៃការរំជើបរំជួលរបស់ពលរដ្ឋក្រោយការបោះឆ្នោត នៅជាយក្រុងភ្នំពេញ នៅយប់ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០១៣ បន្ទាប់ពីបាតុកម្មដោយសន្តិវិធីនាមុននេះក្នុងថ្ងៃនោះ នៅក្នុងផ្នែកមួយទៀតនៃរាជធានី ប្រឆាំងការប្រកាសលទ្ធផលនៃការបោះឆ្នោតជាផ្លូវការ។ ការចោទប្រកាន់លើពួកគេ គ្រាន់តែបានថ្លែងថា ពួកគេបានស្ថិតនៅ ក្នុង ឬ ក្បែរ តំបន់ ដែលត្រូវបានចោទប្រ​កាន់ថាមានអំពើឧក្រិដ្ឋកម្មដោយហឹង្សាបានកើតមាន ។ នាយនគរបាលចំនួនជាង ៣០ នាក់ ក្នុងនោះរួមមានមេបញ្ជាការ ២ នាក់ផង នៅនឹងកន្លែងកើតហេតុ គឺ លោក​ សុខ ខេមរិន្ទ និង លោក គុច សុភាព បានផ្តល់សក្ខីកម្មនៅក្នុងសវនាការថ្ងៃទី ១៧ ខែកុម្ភៈ តែមិនបានផ្តល់អត្តសញ្ញាណបុគ្គលណាម្នាក់ក្នុងចំណោម​អ្នកទាំង ៦ នាក់នេះ ថាជាអ្នកប្រព្រឹត្តឧក្រិដ្ឋកម្មជាក់លាក់ណាមួយទេ ។

       “កិច្ចដំណើរការរបស់តុលាការ និងការរៀបរាប់របស់សាក្សីឃើញផ្ទាល់ភ្នែក បាននាំឲ្យឃើញច្បាស់ថានគរបាលបានចាប់ដោយមិនឈរលើច្បាប់ នូវមនុស្សមួយចំនួនពីហ្វូងមហាជន” លោក ប្រាដ អាដាំ[2] នាយកផ្នែកអាស៊ី បាននិយាយ ។ ជាជំនួសការកាត់ទោសមនុស្ស ៦ នាក់នេះ ដើម្បីធ្វើយុត្តិកម្មនៃការប្រើកម្លាំងហួសហេតុដោយនគរបាលប្រឆាំងពួកអ្នកតវ៉ា អាជ្ញាធរគួរដោះលែងពួកគេ និងនាំយកបទចោទប្រកាន់ទៅដាក់លើបុគ្គលិកសន្តិសុខទទួលខុសត្រូវចំពោះការស្លាប់របស់មនុស្សម្នាក់ និងរបួសជាច្រើននាក់វិញ” ។

            ចុងចោទ ៦ នាក់ - ឡាញ់ សាមឿន, វ៉ា នឿន, ង្វៀង ធីឌឹក, សុខ និស័យ, តាំង ចុងស៊ាង និង ឯក ជំនោ អាយុ ១៧ ឆ្នាំ - ត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តអំពើហឹង្សាដោយចេតនា បណ្តាលឲ្យរបួសដល់អ្នកដទៃ និងបំផ្លាញទ្រព្យសម្បត្តិ ។ ពួកគេត្រូវបានចាប់ខ្លួននៅជិតក្បាលថ្នល់ និងស្ពានមុនីវង្ស ស្ថិតនៅជាយក្រុងខាងត្បូងនៃទីក្រុងភ្នំពេញ ។

            នៅថ្ងៃទី ១៥ ខែកញ្ញា រដ្ឋាភិបាលរបស់គណបក្សកាន់អំណាច, គណបក្សប្រជាជនកម្ពុជា (គបក) បានបញ្ចេញសមាជិកនគរបាល កងអាវុធហត្ថ និងកម្លាំងសន្តិសុខដទៃទៀត យ៉ាងច្រើន ដើម្បីទប់ស្កាត់ការប្រមូលផ្តុំរបស់គណបក្សសង្គ្រោះជាតិ (គសជ) ជាគណបក្សប្រឆាំង ។ ការប្រមូលផ្តុំនៅតែប្រព្រឹត្តទៅដដែល តែកម្លាំងសន្តិសុខបានខ្ទប់ពួកអ្នកគាំទ្រ គសជ និងអ្នករស់នៅក្នុងភ្នំពេញជាច្រើនម៉ឺននាក់ផ្សេងទៀត មិនឲ្យទៅផ្ទះពួកគេវិញនៅពេលបន្ទាប់មក ។ ការបន្ថែមកម្លាំងបំពាក់ដោយកាំភ្លើងវាយសម្រុក និងកាំភ្លើងខ្លីស្វ័យ​ប្រវត្តិ ត្រូវបានដាក់ពង្រាយនៅម្តុំក្បាលថ្នល់ និងស្ពានមុនីវង្ស ។

            ប្រជាពលរដ្ឋបានងើបពីការរាំងខ្ទប់នៃរថយន្ត ប៉ុនប៉ងយករបាំងចេញ ឬសុំឲ្យកម្លាំងសន្តិសុខអនុ-ញ្ញាតឲ្យពួកគេចេញពីទីនោះ ។ អ្នកខ្លះបានសម្រុកទៅលើទីតាំងនៃកម្លាំងសន្តិសុខនៅលើស្ពានចំនួនពីរ   បណ្តាលឲ្យរបួសបុគ្គលិកកម្លាំងសន្តិសុខមួយចំនួនតូច ដែលនៅដាច់ប៉ែកពីគេនៅក្នុងភាពច្របូកច្របល់។ អង្គភាព និងកម្លាំងសន្តិសុខ បានបាញ់គ្រាប់បែកផ្សែង និងទីចុងបំផុតបានបាញ់គ្រាប់ពិត ។

            កិច្ចខិតខំដើម្បីត្រួតត្រាហ្វូងមនុស្ស ក្រោយការប្រមូលផ្តុំថ្ងៃទី ១៥ ខែកញ្ញា ហាក់ដូចជាខ្វះបទបញ្ជា និងការត្រួតត្រា អង្គការឃ្លាំមើលសិទិ្ធមនុស្សបាននិយាយ ។ កម្លាំងសន្តិសុខបានប្រើកម្លាំងហួសហេតុយ៉ាងច្បាស់ រួមមានការបាញ់មិនរើសមុខលើហ្វូងមហាជន ។ អ្នកឈរមើលម្នាក់ត្រូវបានស្លាប់ដោយគ្រាប់កាំភ្លើងដែលក្រោយមកត្រូវបានដឹងថា វាចេញមកពីកាំភ្លើងខ្លីមួយប្រភេទ ដែលកាន់ដោយនគរបាលជាទូទៅ ។ ក្នុងចំណោមអ្នករបួស មានមន្ត្រីមូលដ្ឋាន គបក ម្នាក់ ។ នគរបាលថែមទាំងបានបាញ់គ្រាប់ធ្វើឲ្យហៀរទឹកភ្នែកទៅលើកងអាវុធហត្ថមួយក្រុមដែលឈរយាមនៅក្រោមស្ពានដែលនគរ​បាលប្រតិបត្តិ-ការ ។ កម្លាំងសន្តិសុខ ក៏បានចាប់ឃុំនាយនគរបាលស្លៀកពាក់ស៊ីវិលមួយចំនួន មកពីអង្គភាពផ្សេងពីអង្គភាពរបស់ពួកគេ  មួយរយៈពេលខ្លី ដោយដោះលែងពួកគេវិញលុះត្រាតែពួកគេបានបង្ហាញឯកសារសំគាល់ខ្លួនពួកគេថាជាភ្នាក់ងារស៊ើបការ ។

            អង្គការឃ្លាមើលសិទិ្ធមនុស្ស បានកត់សំគាល់ថានគរបាលចាប់ដោយព្រាវៗ មនុស្សក្មេងៗ មួយចំនួន ដែលពួកគេដេញតាម និងវាយនៅក្រោមស្ពានក្បាលថ្នល់ ដោយចោទពួកគេថាជា “អ្នកបង្កបញ្ហា” ។ ក្នុងចំណោមពួកអ្នកត្រូវចាប់នោះ មានតែ ៦ នាក់ប៉ុណ្ណោះប្រឈមមុខនឹងការចោទប្រកាន់នៅពេលនេះ ។

            នគរបាលបានប្រកាសថា ម្នាក់ក្នុងចំណោមអ្នកទាំង ៦ នាក់នេះ ឈ្មោះ ង្វៀង ធីឌឹក ជាជនជាតិភាគតិចវៀតណាម បាន “សារភាព” ចំពោះឧក្រិដ្ឋកម្ម ។ ក៏ប៉ុន្តែ រូបគេបានដកសេចក្តីថ្លែងរបស់គេចេញវិញ ដោយចោទថានគរបាលបានធ្វើទារុណកម្មលើរូបគេដោយដំបងឆក់ បង្ខំឲ្យរូបគេចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ជាភាសាខ្មែរមួយច្បាប់ដែលរូបគេមិនបានយល់ច្បាស់ ។ សេចក្តីថ្លែងដែលមិនគួរឲ្យជឿនោះ បានចែងថា រូបគេត្រូវបានជួលដោយ គសជ ប្រឆាំង ដែលបានធ្វើយុទ្ធនាការប្រឆាំងជនអន្តោប្រវេសន៍វៀតណាម ចូលមកប្រទេសកម្ពុជា[3] ដើម្បីវាយប្រហាររដ្ឋាភិបាលយ៉ាងខ្លាំងក្លានោះ ។ នៅពេលអ្នក ៥ នាក់ផ្សេងទៀត ត្រូវបានដោះលែងបណ្តោះអាសន្នពីការឃុំខ្លួនរង់ចាំការកាត់សេចក្តីនោះ ង្វៀង ធីឌឹក ត្រវបានទុកក្នុងការឃុំឃាំងដដែល ។

            ក្នុងចំណោមអ្នក ៦ នាក់នេះ មានតែម្នាក់ទេដែលបានចូលរួមការប្រមូលផ្តុំនៃពួកប្រឆាំង ។ អ្នកផ្សេងទៀតគ្រាន់តែជាអ្នករស់នៅម្តុំនោះ ដែលស្ថិតនៅក្នុងតំបន់នោះដោយសារពួកគេប៉ុនប៉ងត្រឡប់ទៅផ្ទះ ឬជួយដល់បងប្អូនដែលជាប់ក្នុងការកកស្ទះចរាចរ ។

            “បើមិនទម្លាក់ចោលការចោទប្រកាន់ក្នុងករណីនេះទេ នោះនឹងមានភាពអយុត្តិធ៌មចំពោះជនជាប់ចោទ និងរួមចំណែកដល់ការចាក់ប្ញសកាន់តែជ្រៅថែមទៀតនៃនិទ័ណ្ឌភាព របស់កម្លាំងសន្តិសុខត្រួត​ត្រាដោយ គបក”, លោក អាដាំ បាននិយាយ ។ “ប្រទេសផ្តល់ជំនួយគួរចាប់យកករណីទាំងនេះឡើង ដូច​ដែលពួកគេបានធ្វើបើសិនជាអ្នកនយោបាយប្រឆាំងត្រូវចាប់ពីបទចោទប្រកាន់ក្លែងក្លាយ, ឬទុកឲ្យអ្នកទាំង ៦ នាក់នេះក្លាយទៅជាជនរងគ្រោះដែលត្រូវបំភ្លេចចោលថែមទៀត នៃរបប ហ៊ុន សែន” ។         

Your tax deductible gift can help stop human rights violations and save lives around the world.

Region / Country