Skip to main content

កម្ពុជា៖ រោងចក្រកាត់ដេរប្រឆាំងទាស់នឹងសហជីព[1]

រដ្ឋាភិបាលគួរអនុវត្តសិទិ្ធរបស់កម្មករក្នុងការធ្វើសហជីព និងធ្វើបាតុកម្ម ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០១៤

(បាងកក) - រដ្ឋាភិបាលកម្ពុជា[2]គួរធានាថា រោងចក្រកាត់ដេរឈប់បំភិតបំភ័យ និងគំរាមកំហែងកម្មករដែលចង់បង្កើតសហជីពនិងសំដែងសិទិ្ធការងាររបស់ពួកគេ អង្គការឃ្លាំមើលសិទិ្ធមនុស្សបាននិយាយថ្ងៃនេះ។ រដ្ឋាភិបាលគួរឈប់ដាក់បំរាមមិនឲ្យធ្វើបាតុកម្មជាសាធារណៈ និងប្រើកម្លាំងសន្តិសុខដើម្បីបំបែកការតវ៉ារបស់កម្មករ ហើយជាជំនួសដាក់ឲ្យអនុវត្តច្បាប់ការងាររបស់ប្រទេសវិញ ។

            រោងចក្រកាត់ដេរកម្ពុជាផ្គត់ផ្គង់ដល់យីហោអន្តរជាតិនានា តែងតែប្រើការគំរាមកំហែង ការ         បណ្តេញ​ចោល និងការផ្អាកមិនបន្តកិច្ចសន្យាការងារជាបណ្តោះអាសន្ន ដើម្បីជ្រៀតជ្រែកដល់សិទិ្ធរបស់កម្មករក្នុងការបង្កើត និងចូលរួម ក្នុងសហជីពឯករាជ្យ អង្គការឃ្លាំមើលសិទិ្ធមនុស្សបាននិយាយ ។ នៅថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០១៤ យីហោអន្តរជាតិនានាបានសរសេរលិខិត[3]ជាសាធារណៈមួយច្បាប់ទៅកាន់នាយករដ្ឋមន្ត្រី ហ៊ុន សែន គាំទ្រសិទិ្ធរបស់កម្មករក្នុងការបង្កើតសហជីព តែពួកគេគួរធ្វើច្រើនជាងនេះថែមទៀតដើម្បីធានាឲ្យអ្នកផ្គត់ផ្គង់ពួកគេ ធ្វើតាមច្បាប់ និងបញ្ឈប់ការអនុវត្តប្រឆាំងសហជីព ។

“រដ្ឋាភិបាលកម្ពុជា​ គួរធានាថា រោងចក្រកាត់ដេរឈប់ប្រើយុទ្ធសាស្ត្រកំទេចសហជីព និងគោរព សិទិ្ធរបស់កម្មករ” លោក ប្រាដ អាដាំ នាយកផ្នែកអាស៊ីនៃអង្គការឃ្លាំមើលសិទិ្ធមនុស្ស បាននិយាយ ។​ “យីហោសម្លៀកបំពាក់សកល ត្រូវតែធ្វើឲ្យបានប្រាកដប្រជាថា អ្នកផ្គត់ផ្គង់ពួកគេអនុញ្ញាតឲ្យកម្មករបង្កើតសហជីពឯករាជ្យ ដោយពុំមានការជ្រៀតជ្រែក និងថា តំណាងរបស់សហជីពអាចស្ថិតនៅក្នុងរោងចក្រដោយពុំមានការគំរាមកំហែង និងការសងសឹក” ។

            នៅចុងឆ្នាំ ២០១៣ អង្គការឃ្លាំមើលសិទិ្ធមនុស្សបានសម្ភាសន៍ជាមួយកម្មកររោងចក្រកាត់ដេរកម្ពុជាជិត ២០០ នាក់ និងតំណាងសហជីពមកពីរោងចក្រចំនួន ៥៥ ។ ពួកគេបាននិយាយលំអិតបញ្ហានៃការរើសអើងប្រឆាំងសហជីព ការធ្វើទុក្ខបុកម្និញដោយអ្នកគ្រប់គ្រង វិធីជាក់ស្តែងជួលអ្នកធ្វើការងារមិនស្របច្បាប់ និងលក្ខខណ្ឌធ្វើការមិនល្អ ។ អង្គការឃ្លាំមើលសិទិ្ធមនុស្សបានស្រាវជ្រាវចងក្រងជាឯកសារអំពីការអនុវត្តជាក់ស្តែងប្រឆាំងសហជីព ក្នុងរោងចក្រយ៉ាងហោចណាស់ចំនួន ៣៥ នៃរោងចក្រចំនួន ៥៥ នេះ  នៅចន្លោះឆ្នាំ ២០១២ និង ២០១៣ ។ នៅពេលដែលកម្មករជាច្រើននាក់បានចូលរួមសហជីព កម្មករដទៃទៀតបាននិយាយថាពួកគេចង់បង្កើត ឬចូលរួម សហជីពឯករាជ្យដែរ តែខ្លាចបាត់បង់ការងារពួកគេបើសិនជាធ្វើដូច្នេះ។ សកម្មភាពប្រឆាំងសហជីព បានប៉ះពាល់ដល់សិទិ្ធនៃសេរីភាពក្នុងការធ្វើសមាគម អនុលោមតាមច្បាប់ជាតិនិងអន្តរជាតិ និងបានរួមចំណែកធ្វើឲ្យកម្មករមិនសប្បាយចិត្ត និងធ្វើកូដកម្មពលករ ។

            “[ពួកអ្នកគ្រប់គ្រងរោងចក្រ] បានប្រាប់ពួកយើងឲ្យផ្តិតមេដៃលើលិខិតមួយសរសេរថា យើងនឹងមិនបង្កើតសហជីពទេ” កម្មករម្នាក់បានប្រាប់អង្គការឃ្លាំមើលសិទិ្ធមនុស្ស រៀបរាប់អំពីកិច្ចប្រជុំមួយក្នុងឆ្នាំ ២០១៣ ។ “ពួកគេបានប្រាប់យើងថា បើសិនជាយើងបង្កើតសហជីព យើងនឹងត្រូវគេដេញចោល” ។

            នៅដើមខែមករា ឆ្នាំ ២០១៤​ កម្លាំងសន្តិសុខកម្ពុជា រួមមានអង្គភាពរៀបរយនៃកងទ័ព និងកងរាជអាវុធហត្ថ បានប្រើកម្លាំងហួសហេតុ និងមិនសមមាត្រ ដើម្បីបំបែកបាតុកម្មក្នុងទីក្រុងភ្នំពេញដែលទាម​ទារប្រាក់ខែគោលអប្បបរិមាខ្ពស់ជាង សម្រាប់កម្មកររោងចក្រកាត់ដេរ ។ កម្លាំងសន្តិសុខបានបាញ់ទៅលើ និងវាយពួកបាតុករ សម្លាប់យ៉ាងហោចណាស់ ៥ នាក់ និងធ្វើឲ្យរបួសរាប់សិបនាក់ផ្សេងទៀត ក្នុងចំណោមនេះយ៉ាងហោចណាស់ ៣៩ នាក់ត្រូវដេកពេទ្យ ។ កម្លាំងសន្តិសុខក៏បានចាប់ខ្លួនសកម្មជន និងកម្មករ ២៣ នាក់ ដែលទាំងអស់គ្នានេះ រហូតមកទល់ពេលនេះ ត្រូវបានបដិសេធការសុំនៅក្រៅឃុំ និងប្រឈមមុខនឹងការកាត់ទោសដោយតុលាការត្រួតត្រាដោយរដ្ឋាភិបាល ។

            ក្នុងបរិបទនៃការតវ៉ាកាន់តែរីកធំឡើងៗ[4] ដោយការប្រឆាំងខាងប្រឆាំងនៅក្នុងទីក្រុងភ្នំពេញ តាំងពីពេលនោះមក រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្យួរការជួបជុំគ្នាជាសាធារណៈទាំងអស់ ដោយរំលោភលើច្បាប់អន្តរជាតិ ។ អាជ្ញាធរបានអនុវត្តការហាមឃាត់នេះ ដោយចាប់ឃុំជាបណ្តោះអាសន្នពួកអ្នកប្រមូលផ្តុំគ្នានៅទីកន្លែងសាធារណៈ និងដោយបញ្ចេញកម្លាំងសន្តិសុខ កម្លាំង”សណ្តាប់ធ្នាប់សាធារណៈ” ជំនួយជាស៊ីវិល ព្រមទាំងកម្លាំងបង្ក្រាបក្រៅផ្លូវការគាំទ្រដោយរដ្ឋាភិបាល ដើម្បីទប់ស្កាត់និងបំបែកពួកអ្នកតវ៉ា ។ នៅថ្ងៃទី ២៦ ខែមករា កម្លាំងបែបនេះ បានវាយបំបែកដោយហឹង្សា ការប៉ុនប៉ងប្រមូលផ្តុំគ្នាមួយនៃសហជីពករកម្មករ និងអ្នកដទៃទៀតនៅទីលានប្រជាធិបតេយ្យក្នុងទីក្រុងភ្នំពេញ ដែលបានបណ្តាលឲ្យមានរបួសក្នុងចំណោមពួកអ្នកតវ៉ា កម្លាំងសន្តិសុខ និងពួកអ្នកត្រូវចោទថាជាភ្នាក់​ងារស៊ើបការណ៍រដ្ឋាភិបាល មួយចំនួនតូច ។

            តាមសេចក្តីរាយការណ៍សារព័ត៌មាន ថៅកែរោងចក្រជាង ១០០ មានបំណងចង់ប្តឹងសហជីព ដែលពួកគេចោទថាគាំទ្រពួកអ្នកតវ៉ា ។ រហូតដល់ថ្ងៃនេះ តំណាងសហជីពការងារ[5] និងកម្មករ ជាង ១០០ ត្រូវបានបណ្តេញចោល ដោយសារពួកគេបានចូលរួមធ្វើបាតុកម្ម ។

            ក្នុងលិខិតមួយច្បាប់ចុះថ្ងៃទី ១៧ ខែមករា ជូនលោក ហ៊ុន សែន ពួកអ្នកមានយីហោអន្តរជាតិជាច្រើនបានសំដែង “សេចក្តីព្រួយបារម្ភយ៉ាងខ្លាំង” ចំពោះការប្រើកម្លាំងបណ្តាលឲ្យស្លាប់ ប្រឆាំងកម្មករជាអ្នកតវ៉ា បានអំពាវនាវឲ្យរដ្ឋាភិបាលធ្វើការស៊ើបអង្កេតជាបន្ទាន់ និងដោយហ្មត់ចត់ និងបានធ្វើអនុសាសន៍ដើម្បីដោះស្រាយ “មូលហេតុប្ញសគល់នៃជម្លោះបច្ចុប្បន្ន និងពីអតីតកាល” ដែលមាននៅក្នុងរោងចក្រ ។

            “មានតែពួកអ្នកមានយីហោសម្លៀកបំពាក់សកលទេ ដែលធ្វើឲ្យប្រាកដថា រោងចក្រកាត់ដេរ     កម្ពុជានឹងលើកតម្កើងប្រព្រឹត្តកម្មលើកម្មករដោយត្រឹមត្រូវ និងការពារសេរីភាពក្នុងការធ្វើសហជីពរបស់ពួកគេ”លោក អាដាំ បាននិយាយ ។ “ដើម្បីបូរណភាពនៃយីហោរបស់ពួកគេ ក៏ដូចជាសិទិ្ធរបស់កម្មករដែរ ពួកគេគួរបង្ហាញជាសាធារណៈឈ្មោះពួកអ្នកទទួលកិច្ចសន្យា និងបង្កើតរបបអធិការកិច្ចមួយ ដើម្បីកំណត់អត្តសញ្ញាណពួកអ្នកម៉ៅការបន្តឲ្យឃើញ ដែលជាកន្លែងដែលការរំលោភដ៏អាក្រក់អាក្រីបំផុតមួយចំនួន បានកើតមាននោះ” ។

ការជ្រៀតជ្រែករបស់រោងចក្រទៅលើសកម្មភាពរបស់សហជីពឯករាជ្យ

          ថៅកែ និងអ្នកគ្រប់គ្រងរោងចក្រកាត់ដេរកម្ពុជា បានរិះរកបិទខ្ទប់យ៉ាងមានះនូវការបង្កើត និងកិច្ចការរបស់សហជីពឯករាជ្យ ។ កម្មករកាត់ដេរ និងតំណាងសហជីពមកពីរោងចក្យចំនួន ៣៥ បានប្រាប់អង្គការឃ្លាំមើលសិទិ្ធមនុស្សថា ចន្លោះឆ្នាំ ២០១២ និង ២០១៣ អ្នកគ្រប់គ្រងបានយកវិធានការសងសឹក ឬសកម្មភាពដទៃទៀត ប្រឆាំងកម្មករដែលបានសាកល្បងបង្កើត ឬចូលរួមក្នុងសហជីពឯករាជ្យ ។ រោងចក្រក៏បានបង្កើត “សហជីព” លំអៀងខាងការគ្រប់គ្រង ដែលបានធ្វើអ្វីៗតែបន្តិចបន្តួចដើម្បីដោះស្រាយ ការឈឺចាប់របស់កម្មករ ហើយបន្ទាប់មកគាបសង្កត់ឲ្យកម្មករចូលសហជីពទាំងនេះ ជាជាងចូលខាងសហជីពឯករាជ្យ ។

            រោងចក្រតែងតែដេញចោលកម្មករភ្លាមៗ បន្ទាប់ពីពួកគេបានរៀបចំ ឬចូលរួមសហជីពឯករាជ្យ ដោយយកលេសថាពួកគេជា “កម្មករគ្មានបានផលិតអ្វី” ។ ឧទាហរណ៍ ក្នុងខែតុលា ឆ្នាំ ២០១៣ កម្មករកាត់ដេរ ៥ នាក់ ដែលបានធ្វើការដើម្បីបង្កើតសហជីពកម្មករឯករាជ្យមួយនៅក្នុងរោងចក្រមួយ ត្រូវបានបង្ខំឲ្យលាឈប់ពីការងាររបស់ពួកគេ-ក្នុងពេលតែប៉ុន្មានថ្ងៃបន្ទាប់ពីពួកគេបានជូនដំណឹងដល់រោងចក្រ អំពីការបោះឆ្នោតសហជីពនាពេលខាងមុខ ។ មន្ត្រីសហព័ន្ធសហជីពមួយ បានប្រាប់អង្គការសិទិ្ធមនុស្ស៖

            “សកម្មជនសហជីពទាំង ៥ នាក់នោះ ត្រូវបានកោះហៅឲ្យចូលរួមក្នុងការប្រជុំមួយ ... ហើយបានសុំឲ្យពួកគេផ្តិតមេដៃលើលិខិតមួយច្បាប់ចែងថាពួកគេបានសុំឈប់ធ្វើការ ។ ពួកគេបានបដិសេធមិនព្រមធ្វើតាម ។ ពួកគេត្រូវបានរុញច្រានឲ្យចេញពីទីនោះ ។ ពេលពួកគេសួរថា ពួកគេបានធ្វើអ្វីខុស គេបានប្រាប់ថា មិនបាច់សួរទេ ហើយកុំត្រឡប់មករោងចក្រទៀត” ។

            កម្មករទាំងនោះ បានប្រាប់អង្គការឃ្លាំមើលសិទិ្ធមនុស្សថា រោងចក្រកាត់ដេរប្រើល្បិចផ្សេងទៀត ដើម្បីជ្រៀតជ្រែកដល់លទ្ធភាពដែលពួកគេចូលរួមជាមួយសហជីពឯករាជ្យ  រួមមាន បង្ខំពួកគេឲ្យចុះហត្ថលេខាលើលិខិតសន្យាថា ពួកគេនឹងមិនចូលរួមក្នុងសហជីព និងយោគយល់ដល់កម្មករដែលមិនបានរួមចំណែកក្នុងសហជីពឯករាជ្យចំពោះការចង់បានការធ្វើការងារម៉ោងបន្ថែមខ្ពស់ ។ តំណាងសហជីព ក៏បាននិយាយផងដែរថា រោងចក្រទាំងនោះ បានប្រើការមានប្រៀបនៃការិយាធិបតេយ្យសម្រាប់ការចុះឈ្មោះធ្វើសហជីព ។ រោងចក្រខ្លះ បានបដិសេធមិនទទួលការជូនដំណឹងអំពីការបង្កើតសហជីព ដែលបបណ្តាលឲ្យពន្យារពេល។ អ្នកគ្រប់គ្រងរោងចក្រ បានបណ្តេញមេដឹកនាំ ឬបេក្ខជនសហជីព ក្នុងថ្ងៃបន្ទាប់ពីការទទួលបានសេចក្តីជូនដំណឹងអំពីការបោះឆ្នោតសហជីព ឬអនុវត្តការផ្ទេរជាទណ្ឌកម្មតំណាងសហជីពឲ្យទៅធ្វើការនៅសាខាផ្សេងទៀត ឬផ្នែកផ្សេងទៀត នៅក្នុងរោងចក្រដដែល ។

កិច្ចសន្យាមានរយៈពេលកំណត់ត្រូវបានប្រើដើម្បីបំភិតបំភ័យកម្មករ

          កម្មករជាច្រើននាក់បានប្រាប់អង្គការឃ្លាំមើលសិទិ្ធមនុស្សថា​ អ្នកគ្រប់គ្រងរោងចក្របានគំរាមកំហែងមិនបន្តកិច្ចសន្យាការងាររបស់ពួកគេ បើសិនជាពួកគេមានជាប់ពាក់ព័ន្ធជាមួយសហជីពឯករាជ្យ ។ កម្មករ​១០​ នាក់ នៃរោងចក្រមួយ ជាឧទាហរណ៍ បានរាយការណ៍ថាពួកគេត្រូវបានព្រមានព្រមានមិនឲ្យចូលរួមធ្វើសកម្មភាពសហជីពនៅពេលពួកគេចុះហត្ថលេខាលើកិច្ចសន្យារបស់ពួកគេ ។ ពួកគេបានពន្យល់ថា នៅពេលសហការីរបស់គេម្នាក់នៅផ្នែកស្តុក បានចូលរួមជាមួយសហជីពឯករាជ្យមួយ ប្រតិបត្តិការក្នុងរោងចក្រនោះ កិច្ចសន្យាមានរយៈពេលកំណត់មិនត្រូវបានបន្តឲ្យទេ ។

            ច្បាប់កម្ពុជាអនុញ្ញាតឲ្យរោងចក្រជួលកម្មករដោយកិច្ចសន្យាមានរយៈពេលកំណត់-តាមបែបផែនពី ២ ខែ ទៅ ៦ ខែ-ដែលអាចបន្តបានរហូតដល់ ២ ឆ្នាំ ។ បន្ទាប់ពីនោះ ច្បាប់តម្រូវឲ្យកម្មករត្រូវបានចាត់ថ្នាក់ជា “និយោជិកអចិន្ត្រៃយ៍” ដោយមានការការពារ និងកម្រៃកាន់តែខ្ពស់ ។ តែរោងចក្រខ្លះបានពន្យារពេលកិច្ចសន្យាមានរយៈពេលកំណត់ស្រំដែលៗ លើសពីព្រំដែនពីរឆ្នាំ ទុកឲ្យកម្មករមានការភិតភ័យជាប្រចាំ អំពីការមិនបន្តកិច្ចសន្យារបស់ពួកគេ បើសិនជាពួកគេត្រូវបានសន្មត់ថាធ្វើអំពើប្រឆាំងនឹងបំណងរបស់និយោជករបស់ពួកគេ ។

            តំណាងមកពីសហព័ន្ធសហជីពឯករាជ្យនានា និងសកម្មជនសិទិ្ធការងារដទៃទៀត ដែលធ្វើការជាមួយកម្មករកាត់ដេរ បានប្រាប់អង្គការឃ្លាំមើលសិទិ្ធមនុស្សថា កិច្ចសន្យាមានរយៈពេលកំណត់ គឺជាឧបសគ្គចំបងមួយដើម្បីធ្វើសហជីព ។ អ្នកទាំងនេះ រួមមានតំណាងសហជីពមកពីសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាស៊ីខាវឌូ (CCAWDU), សម្ព័ន្ធសហជីពកម្មកម្ពុជា (CATU), សហព័ន្ធសហជីពវាយនភ័ណ្ឌឯករាជ្យជាតិកម្ពុជា (NIFTUC),  និងសម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ (CUMW) និងសកម្មជនសិទិ្ធការងារដទៃទៀតមកពី មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍(CLEC) និងមជ្ឈមណ្ឌលព័ត៌មានសម្រាប់កម្មករ (WIC)។ សមាគមសិទិ្ធកម្មករ ដែលជាអង្គការសិទិ្ធការងារអន្តរជាតិ បានធ្វើការវាយតម្លៃថា រោងចក្រ ៧២ ភាគរយ នៃរោងចក្រកម្ពុជា​ ១៧២ ដែលខ្លួនបានធ្វើការស្ទាបស្ទង់ក្នុងឆ្នាំ ២០១៣ បានរំលោភច្បាប់ស្តីពីកិច្ចសន្យាមានរយៈពេលកំណត់, រោងចក្រទាំងនេះចំនួន ១១៩ ជាសមាជិកនៃសមាគមរោងចក្រកាត់ដេរនៅប្រទេសកម្ពុជា (GMAC) ដែលជាក្រុមពាណិជ្ជកម្មមួយ ។

របាំងនៃសហជីពភាវូបនិយកម្មក្នុងរោងចក្រអ្នកទទួលម៉ៅការបន្ត

          រោងចក្រធំៗ ដែលមានសហជីពឯករាជ្យ តែងតែប្រគល់ការងារម៉ៅការឲ្យទៅជារោងចក្រតូចៗ ដែលនៅទីនោះការបំភិតបំភ័យប្រឆាំងសហជីព មានជាទូទៅច្រើនថែមទៀតផង បើយោងតាមតំណាងសហជីព ។

            កម្មករមកពីរោងចក្រម៉ៅការតូចៗ ក្នុងទីក្រុងភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តព្រៃវែង បានប្រាប់អង្គការឃ្លាំមើលសិទិ្ធមនុស្សថា រោងចក្រពួកគេ ឬមួយមិនមានសហជីព ឬមួយដំឡើងរបាំងគួរឲ្យកត់សំគាល់ប្រឆាំងការធ្វើសហជីព ។ ជាញឹកញយ រោងចក្រតូចៗ ទាំងនេះ មិនទាំងមានស្លាកសញ្ញាសំគាល់ ឬផ្តល់អត្តសញ្ញាណឲ្យកម្មករ ដែលមានឈ្មោះរោងចក្រផង និងអាចបិទដោយជូនដំណឹងក្នុង     រយៈពេលខ្លី ទុកឲ្យកម្មករអត់ការងារធ្វើ ។ តំណាងសហជីពបាននិយាយថា ការអនុវត្តបែបនេះ​ធ្វើឲ្យមានការលំបាកជាពិសេសដើម្បីរៀបចំសហជីព ។

ការខ្វះតម្លាភាពក្នុងខ្សែរយៈផ្គត់ផ្គង់

          ការជីកយកចេញនូវព័ត៌មានអំពីការទាក់ទងរបស់អ្នកម៉ៅការបន្តក្នុងខ្សែរយៈផ្គត់ផ្គង់ គឺសំខាន់ណាស់ បើយីហោអន្តរជាតិនានាគាបសង្កត់ប្រកបដោយប្រសិទ្ធភាព ដើម្បីកែលំអលក្ខខណ្ឌ​សម្រាប់កម្មករខ្មែរ និងបញ្ចប់ការអនុវត្តការប្រឆាំងសហជីព ។ យីហោអន្តរជាតិជាច្រើន -ដូចជា Adidas, H&M, Levi’s, Nike and Puma- បានចាត់នូវជំហាន ដោយបង្ហាញជាសាធារណៈនូវឈ្មោះរបស់ពួកអ្នកផ្គត់ផ្គង់ផ្ទាល់របស់ពួកគេ ។ ការបើកបង្ហាញបែបនេះ បានជួយដល់អ្នកការពារសិទិ្ធការងារ និងសហជីព ឲ្យតាមដានបានកាន់តែប្រសើរឡើងនូវការអនុវត្តតាមគោលនយោបាយរបស់យីហោទាំងនោះ និងច្បាប់ការងារ ។ ជាអកុសល ពួកអ្នកផ្គត់ផ្គង់ខ្លួនឯងមិនសូវបង្ហាញអំពីការសម្របសម្រួសរបស់ពួកអ្នកម៉ៅការបន្តដែលពួកគេមានចំពោះរោងចក្រតូចៗទេ ដែលប្រឆាំងទាស់ទៅនឹងការពិនិត្យពិច្ច័យដោយជិតដិតនូវការគោរពសិទ្ធិកម្មករពេញមួយខ្សែរយៈបន្ត ។

ច្បាប់អន្តរជាតិ និងច្បាប់កម្ពុជា

          ប្រទេសកម្ពុជាបានផ្តល់សច្ចាប័ណ្ណដល់ កតិកាសញ្ញាអន្តរជាតិស្តីពីសិទិ្ធពលរដ្ឋ និងសិទ្ធិនយោ​-បាយ កតិកាសញ្ញាអន្តរជាតិស្តីពីសិទិ្ធសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធ៌ម និងអនុសញ្ញាលេខ ៨៧ នៃអង្គការការងារអន្តរជាតិស្តីពីសេរីភាពក្នុងការធ្វើសមាគម និងការការពារសិទិ្ធរៀបចំ ដែលទាំងអស់នេះ មានការគោរពសិទិ្ធរបស់កម្មករ ដើម្បីបង្កើតឬចូលរួមហជីពតាមការជ្រើសរើសរបស់ពួកគេ ។

            រដ្ឋធម្មនុញ្ញកម្ពុជាធានាដល់សិទិ្ធបង្កើតសហជីពកម្មករ សេរីភាពធ្វើសមាគម និងសិទិ្ធធ្វើកូដកម្ម និងធ្វើបាតុកម្មដោយអហឹង្សា ។

            ច្បាប់ការងារឆ្នាំ ១៩៩៧ ការពារសេរីភាពក្នុងការធ្វើសមាគម និងហាមឃាត់ការរើសអើងប្រឆាំងសហជីពដោយនិយោជក តែរដ្ឋាភិបាលខកខានមិនបានអនុវត្តច្បាប់ដោយប្រសិទ្ធភាពទេ ។ មាត្រា ២៧១ នៃច្បាប់ការងារ ធានាសេរីភាពរបស់កម្មករដើម្បីបង្កើតសហជីពមួយតាមការជ្រើសរើសរបស់ពួកគេដោយគ្មានការរើសអើង លើមូលដ្ឋានភេទ អាយុ និងសញ្ជាតិ ។ វិធីប្រឆាំងសហជីពរបស់រោងចក្ររំលោភមាត្រា ២៧៩ ដែលចែងថា “និយោជក ត្រូវហាមឃាត់មិនត្រូវយកមកពិចារណានូវខ្សែរយៈ ឬការចូលរួមសកម្ម​ភាពរបស់សហជីព នៅពេលធ្វើសេចក្តីសម្រេចអំពីការជ្រើសរើស ការគ្រប់គ្រង និងការចាត់តាំងឲ្យធ្វើការងារ ការដំឡើងតួនាទី ប្រាក់ខែ និងការផ្តល់អត្ថប្រយោជន៍ ការដាក់វិធានការវិន័យ និងការបណ្តេញ​ចោល”។ ការបង្កើតសហជីពត្រួតត្រាដោយរោងចក្រ រំលោភលើមាត្រា ២៨០ ដែលហាមមិនឲ្យនិយោ​ជកជ្រៀតជ្រែកចូលក្នុងសហជីពកម្មករ ដើម្បីធានាថាពួកគេមិនត្រូវបានគ្របសង្កត់ ឬ ត្រួតត្រា ដោយនិយោ​-ជក ។

អនុសាសន៍របស់អង្គការឃ្លាំមើលសិទិ្ធមនុស្ស                                                                       ចំពោះសមាគមរោងចក្រកាត់ដេរនៅកម្ពុជា

            ណែនាំសមាជិកឲ្យឈប់គ្រប់រូបភាពនៃការរើសអើងប្រឆាំងសហជីព បញ្ឈប់ការគំរាមកំហែងប្រឆាំងសហជីព និងសមាជិក សហជីពឯករាជ្យ និងបញ្ចប់ការប្រើមិនត្រឹមត្រូវការិយាធិបតេយ្យនៃនីតិវិធីចុះឈ្មោះសហជីព ។ ប្រតិបត្តិតាមច្បាប់ការងារកម្ពុជាស្តីពីកិច្ចសន្យាការងារមានរយៈពេលកំណត់ ចេញឲ្យនូវកិច្ចសន្យាសម្រាប់ “ការងារអចិន្ត្រៃយ៍” ដល់កម្មករដែលបានធ្វើការលើសពីពីរឆ្នាំ ។

            ចំពោះយីហោសម្លៀកបំពាក់អន្តរជាតិ៖

            បង្ហាញអពីរោងចក្រផ្គត់ផ្គង់ និងពួកអ្នកម៉ៅការបន្ត ទាំងអស់ និងធ្វើបច្ចុប្បន្នភាពជាទៀងទាត់ ។

គាបសង្កត់ពួកផ្គត់ផ្គង់ឲ្យបញ្ឈប់សកម្មភាពប្រឆាំងសហជីព និងចេញ “កិច្ចសន្យាអចិន្ត្រៃយ៍” ឲ្យកម្មករដែលបានធ្វើការលើសពីពីរឆ្នាំ ។

អំពាវនាវដល់រដ្ឋាភិបាលកម្ពុជាឲ្យដកចេញវិញ ការហាមឃាត់របស់ខ្លួនមិនឲ្យធ្វើការតវ៉ា និងដោះលែងនិងទម្លាក់ចោលការចោទប្រកាន់ ប្រឆាំងបុគ្គលទាំងអស់ដែលត្រូវបានចាប់ខ្លួនដោយសារតែការតវ៉ាសិទិ្ធការងាររបស់ពួកគេ ។

ដល់រដ្ឋាភិបាលកម្ពុជា៖

លុបចោលភ្លាមការហាមឃាត់មិនឲ្យធ្វើការតវ៉ា ។

ដោះលែងបុគ្គលទាំងអស់ ដែលត្រូវចាប់ដោយសារតែការតវ៉ារបស់ពួកគេឲ្យបានប្រាក់ខែប្រសើរជាង ឬសិទិ្ធជាមូលដ្ឋានដទៃទៀត ។ អនុវត្តដោយប្រសិទ្ធភាពច្បាប់ការងារឆ្នាំ ១៩៩៧ ជាពិសេសសិទិ្ធរបស់កម្មកក្នុងការបង្កើតសហជីព និងកិច្ចការពារពីសកម្មភាពប្រឆាំងសហជីព ។

បទសម្ភាសន៍ និងសក្ខីកម្ម

ឈ្មោះរោងចក្រ និងសហព័ន្ធសហជីព មិនត្រូវបានបង្ហាញនៅទីនេះទេ ដើម្បីការពារកម្មករ

រោងចក្រទី ១

កម្មករកាត់ដេរម្នាក់ បាននិយាយថា អ្នកគ្រប់គ្រងរោងចក្ររបស់ខ្លួន បានបណ្តេញខ្លួនចោល ភ្លាមៗបន្ទាប់ពីពួកគេត្រូវបានទទួលការជូនដំណឹងថា រូបខ្លួនត្រូវបានជ្រើសរើសទៅក្នុងសហជីពថ្មីមួយដែលរូបខ្លួនបានជួយបង្កើតវាឡើង ។ រូបគេបាននិយាយថា៖

ការបោះឆ្នោតបានធ្វើឡើងនៅក្នុងខែតុលា ឆ្នាំ ២០១៣ ហើយរូបខ្ញុំត្រូវបានជ្រើសរើសឲ្យធ្វើជាប្រធាន ។ យើងបានបញ្ជូនលិខិតជូនដំណឹងមួយច្បាប់ទៅឲ្យរោងចក្រ ។ ពួកគេមិនទទួលយកលិខិតនោះទេ ។ ជាជំនួស គូស្វាម៉ីភរិយាចិនជាថៅកែ បានកោះហៅខ្ញុំឲ្យទៅជួបប្រជុំជាមួយពួកគេ ហើយបានសួរខ្ញុំថាប្រាកដជាចង់បង្កើតសហជីពមែនទេ ។ ខ្ញុំមានការភ័យខ្លាច ហើយឆ្លើយថាអត់ទេ ។ ពួកគេបានឲ្យខ្ញុំត្រឡប់ទៅធ្វើការវិញនៅថ្ងៃនោះ ។ ពួកគេបានកោះហៅខ្ញុំជាថ្មីម្តងទៀតទៅប្រជុំនៅថ្ងៃបន្ទាប់ និងមានមនុស្សប្រុសម្នាក់ទៀតនៅក្នុងបន្ទប់ ។ គេបានណែនាំខ្លួនគេថាជាមន្ត្រីមកពីក្រសួងមហាផ្ទៃ ។ គេបានសួរខ្ញុំថា តើខ្ញុំចង់បានលុយប៉ុន្មានដើម្បីចាកចេញពីរោងចក្រ ។ ខ្ញុំមិនបានទទួលលុយទេ ។ ថ្ងៃបន្ទាប់មក អ្នកគ្រប់គ្រងរោងចក្របានកោះហៅខ្ញុំ អនុប្រធាន [សហជីព] និងលេខា​ធិការ[សហជីព] ហើយបានប្រាប់យើងថា យើងធ្វើការងារមិនបានល្អ ហើយពួកយើងត្រូវលែងឲ្យធ្វើការតទៅទៀតហើយ ។ ពួកគេបានណែនាំពួកអ្នកយាមសន្តិសុខមិនឲ្យពួកយើងចូលក្នុងរោងចក្រនៅថ្ងៃបន្ទាប់ទេ ។

            រោងចក្រទី ២

កម្មការីនីធ្វើការមានកិច្ចសន្យាមានរយៈ ៤ ខែ ម្នាក់ បានប្រាប់អង្គការឃ្លាំមើលសិទិ្ធមនុស្សថា ពួកអ្នកគ្រប់គ្រងរោងចក្ររបស់ខ្លួនបានបណ្តេញមេដឹកនាំសហជីពឯករាជ្យចោល នៅពាក់កណ្តាល​ឆ្នាំ ២០១៣ ហើយបានបង្កើត “សហជីព” លំអៀងទៅខាងអ្នកគ្រប់គ្រង គេបាននិយាយ៖

មុននេះ យើងមានសហជីពមួយផ្សេង - រោងចក្របានកំចាត់មេដឹកនាំសហជីពមុនៗទាំងអស់ និងបានបង្កើតសហជីពថ្មីមួយ ។ ទាំងអស់នេះបានកើតឡើងប៉ុន្មានខែបន្ទាប់ពីខ្ញុំបានចូលរួមឆ្នាំនេះ [២០១៣] ... មេដឹកនាំសហជីពបានបាត់បង់ការងាររបស់ពួកគេ ។ ទី ១ រោងចក្រមិនអនុញ្ញាតឲ្យមេដឹកនាំសហជីពណាម្នាក់ធ្វើការ ហើយពួកកម្មករបានបធ្វើកូដកម្ម ។ ពួកគេយកកម្មករនោះត្រឡប់មកវិញ តែមួយរយៈពេលក្រោយមក មេដឹកនាំសហជីពទាំងអស់ត្រូវបានបណ្តេញចោល ។

            រោងចក្រទី ៣

កម្មករមានកិច្ចសន្យារយៈពេលកំណត់ពីរនាក់ បាននិយាយថារោងចក្រពួកគេ បានបណ្តេញកម្មករដែលបានប៉ុនប៉ងបង្កើតសហជីព នៅក្នុងឆ្នាំ ២០១២ ។ “ចាប់តាំងពីពេលនោះមក អ្នកដឹកនាំក្រុម និងបុគ្គលិករដ្ឋបាល តែងតែព្រមានយើងជាបន្តបន្ទាប់ថា កិច្ចសន្យារបស់យើងនឹងមិនត្រូវបន្តឲ្យ​ទេ បើសិនជាយើងបង្កើតសហជីព” កម្មករម្នាក់បាននិយាយ ។ ពួកគេនិយាយថា រោងចក្រអនុញ្ញាតឲ្យមានតែសហជីពលំអៀងទៅខាងការគ្រប់គ្រងប៉ុណ្ណោះ ។

រោងចក្រទី ៤

កម្មករពីរនាក់បានរាយការណ៍ថា ពួកអ្នកគ្រប់គ្រងបានអនុញ្ញាតឲ្យតែកម្មករដែលមិនមែនជាសមាជិកសហជីពឯករាជ្យ ទទួលបានលុយបន្ថែមដោយធ្វើការបន្ថែមម៉ោង ។

រោងចក្រទី ៥

កម្មករ ២ នាក់ ដែលបានជួយបង្កើតសហជីពឯករាជ្យមួយ បានរាយការណ៍ថា ក្នុងឆ្នាំ ២០១៣ រដ្ឋបាលរោងចក្រ បានបង្ខំឲ្យកម្មករប្រុសពីរនាក់ ចុះហត្ថលេខាលើលិខិតមួយច្បាប់ សន្យាថាមិនបង្កើតសហជីពទេ ។ កម្មករម្នាក់បាននិយាយថា៖

បុគ្គលិករដ្ឋបាល បានកោះហៅកម្មករប្រុសជាច្រើននាក់ និងសុំឲ្យពួកយើងផ្តិតមេដៃលើលិខិតមួយច្បាប់ចែងថា យើងនឹងមិនបង្កើតសហជីពទេ ។ ពួកគេបានប្រាប់យើងថា បើសិនជាយើងបង្កើតសហជីព ពួកយើងនឹងត្រូវបណ្តេញចោល ។ អ្នកគ្រប់គ្រងបានសុំឲ្យមេក្រុមបញ្ជូនមនុស្សប្រុសទាំងនោះ [ទៅកាន់ការិយាល័យដើម្បីចុះហត្ថលេខាលើលិខិត] ដែលសកម្មក្នុងរោងចក្រ-ពួកដែលមានវោហារ និងរករឿងជាមួយពួកគ្រប់គ្រង ។

            បញ្ហាក្នុងរោងចក្រអ្នកម៉ៅការបន្ត

          អ្នកម៉ៅការបន្តទី ១

កម្មករម្នាក់ដែលធ្វើការតាំងពីឆ្នាំ ២០១៣​ នៅក្នុងរោងចក្រតូចមួយ ដែលម៉ៅការបន្តពីរោងចក្រធំ បាននិយាយថា៖

ខ្ញុំបានទៅធ្វើការក្នុងផ្នែកដេរនៃរោងចក្រតូចនោះ ។ យើងបានផលិតសម្រាប់រោងចក្រធំៗដទៃទៀត-ខ្ញុំមិនបានដឹងថារោងចក្រណាមួយទេ តែអ្នកគ្រប់បានប្រាប់យើងថា យើងបញ្ជូនផលិតផលទៅឲ្យរោងចក្រដទៃទៀត ។ ពួកគេបានជួលយើងដោយឲ្យប្រាក់ឈ្នួលប្រចាំថ្ងៃ ។ រោងចក្រមិនមានសហជីពទេ ។ លក្ខខណ្ឌធ្វើការងារនៅទីនោះអាក្រក់​។ គ្មានកម្មករណាដែលអាចបង្កើតសហជីពនៅទីនោះបានទេ ។ សូម្បីតែកម្មករនិយាយគ្នាក៏មិនត្រូវបានអនុញ្ញាតដែរ ... ក្នុងរោងចក្រ ។

             អ្នកម៉ៅការបន្តទី ២

កម្មករម្នាក់មកពីរោងចក្រម៉ៅការបន្តក្នុងខេត្តកណ្តាល បានប្រាប់អង្គការឃ្លាំមើលសិទិ្ធមនុស្សថា រូបគេត្រូវបានគម្រាមកំហែងដោយផ្ទាល់មាត់ជាប្រចាំ និងបានព្រមានប្រឆាំងការបង្កើតសហជីព។កម្មករដទៃទៀតនៃរោងចក្រម៉ៅការបន្តក្នុងខេត្តកណ្តាល បាននិយាយថា រោងចក្រពួកគេគ្មានសហជីពទេ ហើយកម្មករមានការខ្លាចខ្លាំងណាស់ក្នុងការចាប់ផ្តើមបង្កើតសហជីព ។

Your tax deductible gift can help stop human rights violations and save lives around the world.

Region / Country