ពួកអ្នករាជការ គួរត្រូវឲ្យទទួលគណនេយ្យភាព ចំពោះការឃុំឃាំងដោយមិនឈរលើច្បាប់ ទារុណកម្ម ការបង្ខំឲ្យធ្វើការ
December 9, 2013
“‘ការព្យាបាល’តែមួយមុខ ដែលមនុស្សក្នុងមណ្ឌលឃុំឃាំងទទួលបាន គឺការវាយដំ ការធ្វើឲ្យជាំ និងការបង្ខំឲ្យធ្វើការ” “រដ្ឋាភិបាលប្រើមណ្ឌលទាំងនេះជាកន្លែងចោលសម្រាមជាអ្នកសុំទាន អ្នកធ្វើការផ្លូវភេទ ក្មេងអានាថាតាមចិញ្ចើមថ្នល់ និង‘មនុស្សគេមិនចង់បាន’ដទៃទៀត ជាញឹកញាប់មុនពេលទស្សនកិច្ចរបស់អ្នកមុខអ្នកការជាន់ខ្ពស់បរទេស” ។
លោក ហូហ្សេហ្វ អាម៉ុន (Joseph Amon) នាយកផ្នែកសុខភាព និងសិទិ្ធមនុស្ស នៃអង្គការឃ្លាំមើលសិទិ្ធមនុស្ស បាននិយាយ ។

(បាងកក ថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០១៣)- អាជ្ញាធរកម្ពុជាឃុំឃាំងដោយខុសច្បាប់ ពួកអ្នកប្រើគ្រឿងញៀន និងអ្នកដទៃទៀតដែលគេគិតថាជា”មនុស្សគេមិនចង់បាន” រាប់រយនាក់ ក្នុងមណ្ឌលនានា, ទីដែលពួកគេប្រ​ឈមមុខនិងទារុណកម្ម ហឹង្សាផ្លូវភេទ និងការបង្ខំឲ្យធ្វើការ អង្គការឃ្លាំមើលសិទិ្ធមនុស្ស (Haman Rights Watch) បាននិយាយក្នុងរបាយការណ៍មួយចេញផ្សាយនៅថ្ងៃនេះ ។ អង្គការឃ្លាំមើលសិទិ្ធមនុស្ស បានអំពាវនាវឲ្យបិទមណ្ឌលឃុំឃាំងទាំងប្រាំបីក្នុងប្រទេស ដែលត្រូវបានគេសន្មត់ថាសម្រាប់ព្យាបាលពួកអ្នកអាស្រ័យលើគ្រឿងញៀន ភ្លាម។

របាយការណ៍ប្រវែង ៥៥ ទំព័រ ក្រោមចំណងជើងថា “‘ពួកគេចាត់ទុកយើងដូចសត្វ’៖ ការប្រព្រឹត្តមិនត្រឹមត្រូវលើអ្នកប្រើគ្រឿងញៀននិង‘មនុស្សគេមិនចង់បាន’ ក្នុងមណ្ឌលឃុំឃាំងគ្រឿងញៀននៅកម្ពុជា” បានស្រាវជ្រាវចងក្រងជាឯកសារ នូវបទពិសោធរបស់មនុស្សដែលជាប់ឃុំឃាំងក្នុងមណ្ឌលទាំងនេះកាលពីពេលថ្មីៗនេះ ដែលបានរៀបរាប់ថាពួកគេត្រូវបានវាយយ៉ាងខ្លាំង និងទុយយោទឹកកៅស៊ូ ឬនិងដំបង ឬមែកឈើ ។ អ្នកខ្លះបានរៀបរាប់ថា ត្រូវបានរងទ័ណ្ឌកម្មដោយឲ្យធ្វើការហាត់ប្រាណក្នុងបំណងធ្វើឲ្យមានការឈឺចាប់យ៉ាងខ្លាំងលើរាងកាយ និងភាពអាម៉ាស់ ដូចជាលូនលើដីក្រួស ឬឈរក្នុងរណ្តៅទឹកស្អុយ ជាដើម ។ អតីតស្ត្រីអ្នកជាប់ឃុំទាំងឡាយ បានរៀបរាប់អំពីការរំលោភផ្លូវភេទ និងការប៉ះពាល់ផ្លូវភេទដទៃទៀត ដោយអ្នកយាមជាបុរស ។ ពួកអ្នកជាប់ឃុំជាច្រើននាក់បាននិយាយថា ពួកគេត្រូវបានបង្ខំឲ្យធ្វើការដោយគ្មានកម្រៃនៅក្នុងមណ្ឌល ហើយក្នុងករណីខ្លះនៅការដ្ឋានសំណង់នានា-ហើយអ្នកណាបដិសេធត្រូវគេវាយដំ ។

“‘ការព្យាបាល’តែមួយមុខ ដែលមនុស្សក្នុងមណ្ឌលឃុំឃាំងទទួលបាន គឺការវាយដំ ការធ្វើឲ្យជាំ និងការបង្ខំឲ្យធ្វើការ” លោក ហូហ្សេហ្វ អាម៉ុន (Joseph Amon)នាយកផ្នែកសុខភាព និងសិទិ្ធមនុស្ស នៃអង្គការឃ្លាំមើលសិទិ្ធមនុស្ស បាននិយាយ ។ “រដ្ឋាភិបាលប្រើមណ្ឌលទាំងនេះជាកន្លែងចោលសម្រាមជាអ្នកសុំទាន អ្នកធ្វើការផ្លូវភេទ ក្មេងអានាថាតាមចិញ្ចើមថ្នល់ និង‘មនុស្សគេមិនចង់បាន’ដទៃទៀត ជាញឹកញាប់មុនពេលទស្សនកិច្ចរបស់អ្នកមុខអ្នកការជាន់ខ្ពស់បរទេស” ។

របាយការណ៍លើកនេះ​ គឺផ្អែកលើបទសម្ភាសន៍ជាមួយមនុស្ស ៣៣ នាក់ ដែលធ្លាប់បានជាប់ឃុំក្នុងមណ្ឌលឃុំឃាំងគ្រឿងញៀននៅក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប កោះកុង និងនៅរាជធានីភ្នំពេញ ។ រួមជាមួយអ្នកប្រើគ្រឿងញៀន អាជ្ញាធរក៏បានចាក់សោចោលនូវមនុស្សគ្មានផ្ទះសម្បែង ក៏ដូចជាអ្នកសុំទាន ក្មេងអានាថាតាមចិញ្ចើមថ្នល់ អ្នកធ្វើការផ្លូវភេទ និងមនុស្សដែលមានឬត្រូវគេឃើញថាមានសមត្ថភាពខុសគេ ។ មណ្ឌលទាំងនេះ ត្រូវបានត្រួតត្រាដោយពួកយោធា កងរាជអវុធហត្ថ នគរបាល ក្រសួងសង្គមកិច្ច និងអាជ្ញាធរក្រុង ។

“អ្វីដែលពិបាកជាងគេគឺការវាយដំ”, ឈ្មោះ “ប្រាំ” បុរសម្នាក់អាយុប្រមាណជាង ២០ ឆ្នាំ ដែលត្រូវបានជាប់ឃុំក្នុងមណ្ឌល ឱកាសខ្ញុំ ស្ថិតនៅជាប់ជាយក្រុងភ្នំពេញ អស់រយៈពេលជាងបីខែក្នុងឆ្នាំ ២០១៣ បាននិយាយ ។ “ការវាយដំទាំងនេះបានកើតមានជារៀងរាល់ពីរថ្ងៃម្តង” ។

ពួកអ្នកដែលត្រូវបានសម្ភាសន៍ បាននិយាយថា ពួកគេបានឃើញក្មេងគ្មានអ្នកណានាំមកជាមួយ មានអាយុរហូតដល់ ៦ ឆ្នាំ នៅក្នុងមណ្ឌលឃុំឃាំង ។ ក្មេងៗត្រូវបានដាក់ឃុំក្នុងបន្ទប់ជាមួយមនុស្សចាស់ បង្ខំឲ្យធ្វើការហាត់ប្រាណយ៉ាងនឿយហត់ និងហាត់ក្បួនដូចទ័ព ដាក់ច្រវ៉ាក់ និងវាយដំ ។

“រដ្ឋាភិបាលបានទទួលស្គាល់ថា ១០% នៃពួកអ្នកជាប់ឃុំក្នុងមណ្ឌលនានា គឺជាក្មេងអាយុក្រោម ១៨ ឆ្នាំ” អាម៉ុន បាននិយាយ ។ “ក្មេងៗដែលប្រើគ្រឿងញៀន ឬដែលរស់នៅតាមចិញ្ចើមថ្នល់ គួរត្រូវបានការពារពីទុក្ខវេទនា មិនត្រូវយកមកចាក់សោចោល វាយដំ និងរំលោភ ទេ” ។  

របាយការណ៍នេះ ជាការបន្តពីរបាយការណ៍របស់អង្គការឃ្លាំមើលសិទិ្ធមនុស្ស ឆ្នាំ ២០១០ ក្រោមចំណងជើង“ស្បែកដាច់ជាប់ខ្សែភ្លើង”  ដែលបានធ្វើឲ្យមានការយកចិត្តទុកដាក់ថ្នាក់ជាតិ និងអន្តរជាតិ ចំពោះបញ្ហាមណ្ឌល “ព្យាបាល” មនុស្សអាស្រ័យលើគ្រឿងញៀននៅក្នុងប្រទេសដោយបង្ខំ ។ បន្ទាប់ពីចេញរបាយការណ៍នោះ ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងប្រទេសផ្តល់ជំនួយ បានផ្កោលទោសការខ្វះនូវកិច្ចដំណើរការត្រឹមត្រូវតាមផ្លូវច្បាប់ និងប្រព្រឹត្តកម្មរំលោភ ក្នុងមណ្ឌលនានាក្នុងប្រទេសកម្ពុជា និងក្នុងតំបន់ រីឯមន្ត្រីរដ្ឋាភិបាលកម្ពុជាបានរិះរកយ៉ាងទូលំទូលាយ ដើម្បីបដិសេធថារបាយការណ៍”មិនពិត” ។

នៅខែមីនា ឆ្នាំ ២០១២ ទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួន ១២ បានចេញសេចក្តីថ្លែងការណ៍រួមមួយស្តីពីមណ្ឌលឃុំឃាំងគ្រឿងញៀន ដែលបានអំពាវនាវដល់ប្រទេសនានាដែលមានមណ្ឌលទាំងនេះ “ឲ្យបិទដោយមិនពន្យារពេល និងដោះលែងបុគ្គលទាំងឡាយដែលជាប់ឃុំក្នុងនោះ” ។ អាជ្ញាធរកម្ពុជាមិនបានឆ្លើយតបជាសាធារណៈចំពោះសេចក្តីអំពាវនាវនេះ មិនបានធ្វើការស៊ើបអង្កេតលើរបាយការណ៍អំពីទា​រុណកម្ម និងការរំលោភដទៃទៀត ដែលបានកើតមាននៅក្នុងមណ្ឌលទាំងនេះ ឬផ្តន្ទាទោសអ្នកណាម្នាក់ចំពោះការចោទប្រកាន់ពីបទព្រហ្មទ័ណ្ឌទេ ។ ចាប់តាំងពីឆ្នាំ ២០១០​ មក មណ្ឌលឃុំឃាំងគ្រឿងញៀនចំនួន ៣ ត្រូវបានបិទ តែចំនួនមនុស្សប្រុស ស្រី និង កុមារ ជាប់ឃុំក្នុងមួយឆ្នាំៗ ដែលមានប្រមាណ ២,២០០ នាក់ នៅតែនៅថេរដដែល ។

រដ្ឋាភិបាលកម្ពុជា ក៏បានប្រកាសអំពីផែនការស្ថាបនាមណ្ឌលព្យាបាលគ្រឿងញៀនថ្នាក់ជាតិដ៏ធំមួយ នៅខេត្តព្រះសីហនុ និងបានសុំឲ្យវៀតណាមជួយផ្តល់ហិរញ្ញប្បទាន ក្នុងការសាងសង់នេះ។ មណ្ឌលឃុំឃាំងគ្រឿងញៀននានានៅវៀតណាម ដែលបានដាក់ឃុំបុគ្គលទាំងឡាយក្នុងរយៈពេលយូរជាង និងបានបញ្ចូលការបង្ខំឲ្យធ្វើការ ជាផ្នែកជាផ្លូវការមួយនៃ“ការព្យាបាល”ការអាស្រ័យលើគ្រឿងញៀន បានលើកឡើងនូវសេចក្តីព្រួយបារម្ភអំពីលទ្ធភាពនៃការពង្រីកឥទ្ធិពលរបស់វៀតណាម តាមរយៈជំនួយហិរញ្ញវត្ថុសម្រាប់ការសាងសង់មណ្ឌលឃុំឃាំងក្នុងប្រទេសកម្ពុជា ។

រដ្ឋាភិបាលកម្ពុជា គួរដឹកនាំដំណើរការធ្វើការស៊ើបអង្កេតដោយហ្មត់ចត់និងមិនលំអៀង លើការឃុំឃាំងដោយមិនឈរលើច្បាប់ ទារុណកម្ម ប្រព្រឹត្តកម្មយង់ឃ្នង និងការបង្ខំឲ្យធ្វើការ នៅក្នុងមណ្ឌលឃុំឃាំងគ្រឿងញៀន  អង្គការឃ្លាំមើលសិទិ្ធមនុស្ស បាននិយាយ ។​ ស្របតាមសេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារ អសប ឆ្នាំ ២០១២ អ្នកណាក៏ដោយដែលជាប់នៅក្នុងមណ្ឌលឃុំឃាំងនានា គួរត្រូវដោះលែងភ្លាម ហើយបិទមណ្ឌលទាំងអស់ចោល ។ រដ្ឋាភិបាលគួរដាក់ជំនួសមណ្ឌលទាំងនោះ ដោយពង្រីកការទទួលបានការព្យាលគ្រឿងញៀនដោយស្មគ្រចិត្ត និងឈរលើមូលដ្ឋានសហគមន៍ ។

“នៅក្នុងមណ្ឌលឃុំឃាំងគ្រឿងញៀនកម្ពុជានានា ការឃុំខ្លួនដោយមិនឈរលើច្បាប់ ការបង្ខំឲ្យធ្វើពលកម្មនិងការរំលោភលើរាងកាយនិងផ្លូវភេទ ត្រូវបានធ្វើដោយនិទ័ណ្ឌភាព” លោក អាម៉ុន បាននិយាយ ។ “មណ្ឌលទាំងនេះគ្មានប្រសិទ្ធភាព អយុត្តិធ៌ម និងរំលោភសិទិ្ធមនុស្ស ។ វាត្រូវតែបិទចោលភ្លាម ហើយមនុស្សប្រុស ស្រី និងកុមារ ដែលជាប់នៅក្នុងនោះ ត្រូវដោះលែងដោយមិនពន្យារពេល” ។

More reporting on: