Skip to main content

កម្ពុជា៖ ហ៊ុន សែន តម្លើងបុណ្យសក្តិ និងផ្តល់រង្វាន់ ដល់ពួកឃាតករ

លោក អូបាម៉ា ត្រូវធ្វើយ៉ាងណាបញ្ចប់និទណ្ឌភាពរយៈពេល ២០ឆ្នាំ ជាទិសដៅចំបងនៃទស្សនកិច្ចរបស់លោកនាពេលខាងមុខនេះ

(ញូវយក ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១២) - ការគ្រប់គ្រងដោយហិង្សា និងអាជ្ញាធរនិយមរបស់នាយករដ្ឋមន្ត្រីខ្មែរ ហ៊ុន សែន អស់រយៈពេលជាងពីរទសវត្សរ៍កន្លងទៅនេះ បាននាំទៅឲ្យមានការសម្លាប់ និងការរំលោភធ្ងន់ធ្ងរដទៃទៀតរាប់មិនអស់ ដែលបានប្រព្រឹត្តទៅដោយពុំមានទោសទណ្ឌ, អង្គការឃ្លាំមើលសិទ្ធិមនុស្សបាននិយាយក្នុងរបាយការណ៍ថ្មីមួយនាថ្ងៃនេះ ។ លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា គួរតែប្រើដំណើរទស្សនកិច្ចរបស់លោកមកកាន់ប្រទេសកម្ពុជានៅក្នុងខែវិច្ឆិកានេះ ដែលជាដំណើរទស្សនកិច្ចលើកទីមួយមិនដែលធ្លាប់មានសោះពីមុនមក របស់ប្រធានាធីបតីសហរដ្ឋអាមេរិកណាម្នាក់នោះ ដើម្បីស្នើសុំជាសាធារណៈឲ្យមានការកែទម្រង់ជាប្រព័ន្ធ និងការបញ្ចប់នូវនិទណ្ឌភាព ចំពោះមន្ត្រីរាជការទាំងឡាយណាដែលរំលោភច្បាប់ ។

របាយការណ៍ចំនួន ៦៨ ទំព័រនេះ មានចំណងជើងថា,​ “ប្រាប់ពួកគេទៅថាខ្ញុំចង់សម្លាប់ពួកគេ‘៖ ពីរទសវត្សរ៍នៃនិទណ្ឌភាព ក្នុងប្រទេសកម្ពុជារបស់ ហ៊ុន សែន”, ផ្តល់ជូននូវឯកសារនៃករណីជាគន្លឹៈនានា​​នៃឃាតកម្មដែលមិនទាន់បានដោះស្រាយ លើពួកសកម្មជននយោបាយ ពួកអ្នកកា​សែត ពួកអ្នកនយោបាយប្រឆាំង និងមនុស្សដទៃទៀត ដោយកងកម្លាំងសន្តិសុខកម្ពុជា ចាប់តាំងពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ ឆ្នាំ ១៩៩១ ដែលត្រូវបានចុះហត្ថលេខាដោយប្រទេសចំនួន១៨ ក្នុងនោះរួមមានសមាជិកអចិន្ត្រៃយ៍ទាំង៥ នៃអង្គការសហប្រជាជាតិផង ។ កិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ និងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនាពេលបន្ទាប់មក ត្រូវបានកំណត់ថាជាការបើកទ្វារឲ្យមាននូវយុគសម័យថ្មីមួយនៃលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងគណនេយ្យភាព នៅក្នុងប្រទេសកម្ពុជា ។ ចាប់តាំងពីពេលនោះមក មានមនុស្សជាង ៣០០ នាក់ ត្រូវបានសម្លាប់ដោយការវាយប្រហារដោយហេតុផលនយោបាយ ក្នុងនេះមិនទាន់មានករណីណាមួយត្រូវបានធ្វើការស៊ើបអង្កេតដោយហ្មត់ចត់ និងនាំខ្លួនអ្នកប្រព្រឹត្តមកផ្តន្ទាទោសនៅឡើយទេ អង្គការឃ្លាំមើលសិទ្ធិមនុស្សបាននិយាយក្នុងរបាយការណ៍ ។

ការជាប់ពាក់ព័ន្ធរបស់មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជា និងយោធា នគរបាល កងរាជអាវុធហត្ថ និងបុគ្គលិកចារកម្ម ចំពោះការរំលោភដ៏ធ្ងន់ធ្ងរទាំងឡាយចាប់តាំងពីមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍មក ត្រូវបានស្រាវជ្រាវចងក្រងជាឯកសារជាបន្តបន្ទាប់ដោយ អ.ស.ប, ក្រសួងការបរទេសសហរដ្ឋអាមេរិក, អង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិនានា ព្រមទាំងប្រព័ន្ធផ្សព្វ​ផ្សាយព័ត៌​មានផង ។

“ជាជំនួសដល់ការផ្តន្ទាទោសពួកមន្ត្រីដែលទទួលខុសត្រូវក្នុងការសម្លាប់ និងការរំលោភធ្ងន់​ធ្ងរដទៃទៀត នាយករដ្ឋមន្រ្តី ហ៊ុន សែន បានតម្លើងបុណ្យសក្តិ និងផ្តល់រង្វាន់ ដល់ពួកគេទៅវិញ”, លោក ប្រាត អាដាំ Brad Adams នាយកផ្នែកអាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស និងសហនិពន្ធរបាយការណ៍ បាននិយាយ ។ “សារជូនចំពោះជនកម្ពុជាទាំងឡាយ គឺថា ទោះ​បីជាពួកឃាតករដែលត្រូវបានស្គាល់ច្បាស់ក៏ដោយ ត្រូវបានស្ថិតនៅពីលើច្បាប់ បើពួកគេមានកិច្ចការពារពីថ្នាក់ដឹកនាំនយោបាយ និងយោធានៃប្រទេស ។ រដ្ឋាភិបាលនៃប្រទេសផ្តល់ជំនួយនានា ជាជំនួសការធ្វើការកៀបសង្កត់ឲ្យមានគណនេយ្យភាព បានឈរមើលហើយធ្វើដូចជារឿងទាំងអស់នេះជារឿងធម្មតា”។

“ប្រាប់ពួកគេទៅថាខ្ញុំចង់សម្លាប់ពួកគេ” បានផ្អែកលើបទសម្ភាសន៍ចំនួនរាប់រយ ក្នុងរយៈពេលជាច្រើនឆ្នាំមកហើយ ជាមួយបច្ចុប្បន្ន និងអតីត មន្ត្រីរដ្ឋាភិបាល សមាជិកកងកម្លាំងប្រដាប់អាវុធ នគរបាល មន្ត្រីយុត្តិធ៌ម សមាជិកសភា និងស្ថាប័នរដ្ឋដទៃទៀត ព្រមទាំងតំណាងគណបក្សនយោបាយនានា សហជីពកម្មករ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងអង្គការសិទិ្ធមនុស្សនានា ។ វាក៏បានផ្អែកផងដែរលើព័ត៌មានបានមកពីឯកសារ អ.ស.ប. នានា, របាយការណ៍ទាំងឡាយរបស់តំណាង និងអ្នករាយការណ៍ ពិសេស អ.ស.ប. ព្រមទាំងពីការិយាល័យឧត្តមស្នងការ អ.ស.ប. ទទួលបន្ទុកសិទិ្ធមនុស្សប្រចាំកម្ពុជា, របាយការណ៍នានារបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស និងអង្គការសិទិ្ធមនុស្សមិនមែនរដ្ឋាភិបាលអន្តរជាតិនិងជាតិដទៃទៀត នឹងការរៀបរាប់របស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននានាផង​។

ចំណងជើងនៃរបាយការណ៍ គឺបានមកពីការដកស្រង់សំដីរបស់លោក ហ៊ីង ប៊ុន ហៀង ​ដែលពេលនោះជាមេបញ្ជាការរងនៃអង្គភាពអង្គរក្សរបស់លោក​ ហ៊ុន សែន  ឆ្លើយតបទៅនឹងសំណួរមួយរបស់អ្នកកាសែត ស្តីពីការចោទប្រកាន់ចំពោះតួនាទីរបស់លោកក្នុងការសម្លាប់មនុស្សយ៉ាងតិចចំនួន ១៦ នាក់ ក្នុងការវាយប្រហារដោយគ្រាប់បែកដោយមានការរៀបចំមួយ ទៅលើមេដឹក​នាំគណបក្សប្រឆាំង សម រង្ស៊ី ក្នុងខែមីនា ឆ្នាំ ១៩៩៧ ។ អ.ស.ប. និងការិយាល័យស៊ើបអង្កេតសហព័ន្ធនៃ ស.រ.អ. (F.B.I.) បានចោទអំពីការជាប់ពាក់ព័ន្ធរបស់អង្គភាពកងអង្គរក្សក្នុងការវាយប្រហារនេះ និងបានរកឃើញថាលោក ហ៊ីង ប៊ុន ហៀង ជាអ្នកដឹកនាំប្រតិបត្តិការនេះ ។ ក្រោយមក លោក ហ៊ីង ប៊ុន ហៀង ត្រូវបានតម្លើងឋានន្តរសក្តិជាឧត្តមសេននិយទោ ហើយសព្វថ្ងៃ លោកបានឡើងជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទកម្ពុជា ។

ជារឿយៗ ពួកអ្នកសម្លាប់គេ មិនត្រឹមតែត្រូវបានគេស្គាល់នោះទេ តែពួកគេថែមទាំងត្រូវបានតម្លើងបុណ្យសក្តិឲ្យទៀតផង អង្គការឃ្លាំមើលសិទ្ធិមនុស្សបាននិយាយ ។​ នេះគឺជាករណីនៃសមាជិកក្រុមកាប់សម្លាប់ដ៏ឃោរឃៅ ហៅថា “ក្រុម-ក” (“A-Team”) ក្នុងអំឡុងពេលនៃបេសក-‌​កម្មរក្សាសន្តិភាព អ.ស.ប. និងមន្ត្រីសន្តិសុខដែលបានបំពេញយុទ្ធនាការនៃការកាប់សម្លាប់ពួកអ្នកប្រឆាំង នៅក្រោយពេលរដ្ឋប្រហារឆ្នាំ​ ១៩៩៧ របស់ ហ៊ុន សែន ។ ការកាប់សម្លាប់នាពេលថ្មីៗ ក្រោយមកទៀត រួមមានការសម្លាប់មេដឹកនាំសហជីពកម្មករ ជា វិជ្ជា, អ្នកនយោបាយប្រឆាំង ឱម រ័ត្នសាឌី, និងសកម្មជនបរិស្ថាន ឈុត វុទ្ធី នៅតែមិនទាន់ត្រូវបានដោះស្រាយនៅឡើយទេ ។ ទោះ​បីជាក្នុងករណីដែលហាក់ដូចជាពុំមានជាប់ពាក់ព័ន្ធនឹងហេតុផលនយោបាយក៏ដោយ ក៏ការរំលោភស្ទើរទាំងអស់មិនដែលត្រូវបាននាំទៅឲ្យមានការផ្តន្ទាទោសពីបទព្រហ្មទ័ណ្ឌ ដោយជោគ​ជ័យ និងនាំខ្លួនទៅដាក់ពន្ធនាគារទេបើអ្នកប្រព្រឹត្តនោះជាយោធា ឬនគរបាល ឬមានខ្សែរយៈ ។

របាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សបានរៀបរាប់ដោយលំអិតករណីមួយចំនួន នៃការសម្លាប់ក្រៅប្រព័ន្ធតុលាការ និងការរំលោភដទៃទៀត ដែលមិនត្រូវបានធ្វើការស៊ើបអង្កេត ឬធ្វើការផ្តន្ទាទោស ដោយពិតប្រាកដដោយអាជ្ញាធរទេ៖

·       ការសម្លាប់ពួកអ្នកនយោបាយ និងសកម្មជនប្រឆាំង រាប់សិបនាក់ ក្នុងអំឡុងពេលនៃសម័យបេសកកម្មរក្សាសន្តិភាព អ.ស.ប. ក្នុងឆ្នាំ ១៩៩២-៩៣,

·       ការសម្លាប់បណ្ណាធិការកាសែតប្រឆាំង ធុន ប៊ុនលី នៅតាមដងវិថីនាទីក្រុងភ្នំពេញ ក្នុងខែឧសភា ឆ្នាំ១៩៩៦,

·       យុទ្ធនាការនៃការសម្លាប់ក្រៅប្រព័ន្ធតុលាការ នូវមន្ត្រីរាជានិយមចំនួនជិត ១០០ នាក់ ក្រោយរដ្ឋប្រហារខែកក្កដា ឆ្នាំ១៩៩៧ របស់ ហ៊ុន សែន ក្នុងនោះរួមមានអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហូ សុខ នៅក្នុងបរិវេណនៃក្រសួងមហាផ្ទៃផង,

·       ការវាយប្រហារដោយទឹកអាស៊ីត ដែលបានបំផ្លាញមុខមាត់របស់កញ្ញា តាត ម៉ារីណា ក្នុងឆ្នាំ១៩៩៩ ដោយប្រពន្ធរបស់ ស្វាយ ស៊ីថា ដែលជាមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាល,

·       ការសម្លាប់ជារបៀបធ្វើឡើងដោយអ្នកដៃដល់ជាឃាតករអាជីព លោក ឱម រ័ត្នសាឌី ដែលជាសមាជិកសភាគណបក្សប្រឆាំងដែលទទួលបានការគោរពពីអ្នកផង នៅក្នុងភោជ​​និយ​ដ្ឋានពោរពេញទៅដោយមនុស្សមួយ នាទីក្រុងភ្នំពេញ នៅឆ្នាំ២០០៣,

·       ការសម្លាប់មេដឹកនាំសហជីពកម្មករដ៏មានប្រជាប្រីយភាព ជា វិជ្ជា នៅក្នុងឆ្នាំ ២០០៤,

·       ការសម្លាប់អ្នកកាសែត ឃឹម សំបូរ និងកូនរបស់គាត់ នៅពេលចេញមកពីធ្វើការហាត់ប្រាណក្នុងសួនច្បារសាធារណៈមួយ ក្នុងឆ្នាំ២០០៨, និង

·       ការសម្លាប់សកម្មជនបរិស្ថាន ឈុត វទ្ធី នៅក្នុងខេត្តកោះកុង ក្នុងឆ្នាំ ២០១២​ ។

“បញ្ជីនៃការសម្លាប់ដោយហេតុផលនយោបាយ ក្នុងរយៈពេលជាង ២០ ឆ្នាំកន្លងទៅនេះ ធ្វើឲ្យអ្នក​ផងព្រឺឆ្អឹងខ្នង”, លោក អាដាំ បាននិយាយ ។ “ទោះបីជាមានការភ្ញាក់ផ្នើលយ៉ាងខ្លាំងជាសាធារណៈ​​បន្ទាប់ពីកើតមានករណីបែបនេះម្តងៗ ពួកមន្ត្រីមិនដែលចាត់វិធានការអ្វី ហើយមិនដែលមានផលវិបាកអ្វីទាំងអស់ចំពោះអ្នកប្រព្រឹត្ត ឬរដ្ឋាភិបាលដែលការពារពួកគេទាំងនោះទេ” ។

ដើម្បីដោះស្រាយអម្រែកនៃនិទណ្ឌភាព អង្គការឃ្លាំមើលសិទ្ធិមនុស្ស សូមអំពាវនាវដល់រដ្ឋាភិ​​បាលឲ្យ៖

·       បង្កើតសេវាកម្មនគរបាលអាជីព និងឯករាជ្យមួយ ដោយមេដឹកនាំរបស់វាត្រូវតែងតាំងដោយគណៈកម្មាធិការនគរបាលឯករាជ្យមួយ ដែលមានអំណាចធ្វើសវនកម្មនគរបាល ស៊ើបអង្កេតលើពាក្យបណ្តឹងនានា និងដេញចោលនាយនគរបាលណាដែលរំលោភលើក្រមសីលធម៌វិជ្ជាជីវៈ ផងដែរ,

·       បង្កើតសេវាកម្មយុតិ្តធម៌ និងអយ្យការ ឯករាជ្យមួយ ។ ចៅក្រម និងព្រះរាជអាជ្ញាត្រូវតែងតាំងដោយគណៈកម្មាធិការយុត្តិធម៌ឯករាជ្យមួយ ដែលមានអំណាចស៊ើបអង្កេតលើពាក្យបណ្តឹង និងដាក់ទោសខាងវិន័យចំពោះចៅក្រម និងព្រះរាជអាជ្ញាទាំងឡាយណាដែលរំលោភលើក្រមសីលធម៌វិជ្ជាជីវៈ ផងដែរ,

·       ហាមនាយនគរបាលជាន់ខ្ពស់ ចៅក្រម និងព្រះរាជអាជ្ញា មិនឲ្យកាន់តួនាទីដឹកនាំក្នុងគណបក្សនយោបាយ ទោះបីជាផ្លូវការ ឬមិនផ្លូវការក៏ដោយ, និងឲ្យ

·       ឆ្លើយតបដោយរបៀបជាអាជីព និងមិនលំអៀង ទៅនឹងការចោទប្រកាន់ពីការរំលោភសិទ្ធិមនុស្សធ្វើឡើងដោយជនរងគ្រោះនិងគ្រួសាររបស់ពួកគេ អង្គការសិទ្ធិមនុស្សនានា និងក្រុមសង្គមស៊ីវិលដទៃទៀត ការិយាល័យសិទ្ធិមនុស្ស អ.ស.ប.និងទីភ្នាក់ងារ អ.ស.ប. ដទៃទៀត ប្រព័ន្ធផ្សព្ធផ្សាយព័ត៌មាន និងអ្នកដទៃទៀតដែលបាននាំយកនូវសេចក្តីព្រួយបារម្ភរបស់ពួកគេជូនដល់រដ្ឋាភិបាល ។

“អនុសាសន៍នានាដើម្បីស្វែងរកយុត្តិធម៌ជូនដល់ជនរងគ្រោះ នឹងមិនត្រូវបានអនុវត្តបើគ្មានការកៀបសង្កត់ជាប្រចាំ និងដោយមានការសម្របសម្រួលពីសំណាក់រដ្ឋាភិបាលដ៏មានអំណាចនានា ដែលធ្វើការងារជិតស្និទ្ធជាមួយជនកម្ពុជាដ៏អង់អាចក្លាហាននានា ដែលធ្វើការស្រាវជ្រាវចងក្រងពីបញ្ហានៃការរំលោភទាំងឡាយទាំងនោះ”, លោក អាដាំ បាននិយាយ ។ “រដ្ឋាភិបាលជាច្រើនបាននិយាយអំពី ‘វប្បធម៌និទណ្ឌភាព’នៅប្រទេសកម្ពុជា តែពួកគេក៏ត្រូវដោះស្រាយបញ្ហានៃវប្បធម៌ធ្វើជាមិនដឹងមិនឮរបស់ពួកខ្លួនផងដែរ” ។

រយៈពេលពីរទសវត្សន៍កន្លងទៅនេះនៃប្រទេសកម្ពុជា គឺជាប្រវត្តិនៃឱកាសដែលបានបាត់បង់ទៅ អង្គការឃ្លាំមើលសិទ្ធិមនុស្សបាននិយាយ ។ ពីមួយឆ្នាំទៅមួយឆ្នាំ ប្រទេសផ្តល់ជំនួយបានស្នើ -ហើយរដ្ឋាភិបាលកម្ពុជាបានថាយល់ស្របទៅនឹងសេចក្តីស្នើទាំងនោះ - ឲ្យមានការកែទម្រង់ជាដុំកំភួន ដូចជាវិធានការទាំងឡាយដើម្បីជំរុញវិជ្ជាជីវៈភាវូបនីយកម្មរបស់កងនគរបាល និងឯករាជភាពរបស់ព្រះរាជអាជ្ញា និងចៅក្រម ។ ប៉ុន្តែយ៉ាងណាក៏ដោយ ប្រព័ន្ធតុលាការ នៅតែស្ថិតនៅជាស្ថាប័នមានលក្ខណៈនយោបាយ និងរយីករយាក យ៉ាងជ្រៅនៅឡើយ ដែលមន្ត្រីថ្នាក់កំពូលទាំងឡាយគឺជាអ្នកដែលត្រូវបានតែងតាំងមានលក្ខណៈនយោបាយ ដោយផ្អែកជាសំខាន់លើភាពស្មោះត្រង់ចំពោះនាយក​រដ្ឋមន្ត្រី និងគណបក្សប្រជាជនកម្ពុជាកាន់អំណាច ។ រដ្ឋាភិបាលបរទេសនានា អ.ស.ប. និងប្រទេសផ្តល់ជំនួយ មិនបានយកពេលវេលាដើម្បីរៀនសូត្រអំពីការរំលោភទាំងឡាយពីអតីតកាល និងពួកអ្នកប្រព្រឹត្តការរំលោភទាំងនោះទេ ហើយមិនបានដាក់ការកៀបសង្កត់ជាប្រចាំ និងដោយមានការសម្របសម្រួល ទៅលើមន្ត្រីជាន់ខ្ពស់ និងស្ថាប័នរដ្ឋាភិបាលនានាដែលទទួលខុសត្រូវចំពោះការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរទាំងនោះឡើយ ។

“ការខ្វះការទទួលខុសត្រូវនៅក្នុងប្រទេសកម្ពុជា តម្រូវឲ្យធ្វើការដោះស្រាយចំមុខតែម្តង ដោយមិនអើពើឬមើលស្រាល ដូចដែលរដ្ឋាភិបាលបរទេស និងប្រទេសផ្តល់ជំនួយជាច្រើន បានធ្វើក្នុងរយៈជាង ២០ ឆ្នាំកន្លងទៅនេះទេ”, លោក អាដាំ បាននិយាយ ។ “បើគ្មានការចងចាំទេ ភាពយុត្តិ​ធម៌គឺមិនអាចធ្វើបានជាដាច់ខាត ។ រដ្ឋាភិបាល និងប្រទេសផ្តល់ជំនួយនានាត្រូវឈប់និយាយដោយច្បោលៗអំពីសិទ្ធិមនុស្សទៀតទៅ ហើយចាប់ផ្តើមប្រឈមមុខជាមួយមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាល និងគណបក្សកាន់អំណាច អំពីការខកខានមិនមានយុត្តិធម៌នេះ” ។

ដោយសហរដ្ឋអាមេរិកជាប្រទេសចេញមុខជាងគេបំផុតមួយ ក្នុងការទិតៀនចំពោះការកត់ត្រាអំពីបញ្ហាសិទ្ធិមនុស្សនៃរដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំថ្មីៗកន្លងទៅនេះក៏ដោយ ក៏វិធានការជាក់ស្តែងរបស់ខ្លួនចំពោះមន្ត្រីទាំង​ឡាយជាប់ពាក់ព័ន្ធក្នុងការរំលោភធ្ងន់ធ្ងរ មិនបានធ្វើដូចពាក្យសំដីយ៉ាងនេះទេ ។ នៅខែមីនា ឆ្នាំ២០០៦ ការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI)បានផ្តល់រង្វាន់ជាមេ​ដាយដល់នាយនគរបាលជាតិកម្ពុជានាពេលនោះ ហុក ឡងឌី ចំពោះការគាំទ្ររបស់គាត់ដល់យុទ្ធនាការសកលរបស់សហរដ្ឋអាមេរិកប្រឆាំងភេរវកម្មនិយម ។ ហុក ឡងឌី ដែលបានស្លាប់ដោយការធ្លាក់ឧត្ថម្ភាគចក្រនៅក្នុងឆ្នាំ២០០៨ គឺជាអ្នករំលោភសិទ្ធិមនុស្សដ៏ល្បីល្បាញម្នាក់ និងប្រហែលជាមនុស្សម្នាក់ដែលធ្វើឲ្យអ្នកផងភ័យខ្លាចជាងគេបំផុតនៅក្នុងប្រទេសកម្ពុជាផង ។ មេ​ដាយបានមកពីសហរដ្ឋអាមេរិកនេះ ត្រូវបានយកទៅប្រើជាឧបករណ៍ឃោសនាដ៏សំខាន់មួយដោយរដ្ឋាភិបាលកម្ពុជា ហើយទន្ទឹមនឹងនេះសកម្មជនសិទ្ធិមនុស្សបានចោទជាសំណួរអំពីគោលបំណងពិតប្រាកដរបស់សហរដ្ឋអាមេរិក ។

នៅខែកញ្ញា ឆ្នាំ២០០៩ លោក រ៉ូប៊ែរ ហ្គេត (Robert Gates) រដ្ឋមន្ត្រីការពារប្រទេស ស.រ.អ. នាពេលនោះ បានធ្វើកិច្ចប្រជុំមួយនៅមន្ទីរបញ្ចកោណ (Pentagon) នាទីក្រុងវ៉ាស៊ីនតោន ជាមួយរដ្ឋមន្ត្រីការពារជាតិកម្ពុជា ទៀ បាញ់ ។ លោក ទៀ បាញ់ បានដឹកនាំកងកម្លាំងយោធាកម្ពុជាអស់​​    រយៈ​ពេលពីរទសវត្សន៍កន្លងទៅនេះ ដែលក្នុងរយៈពេលនេះ កម្លាំងយោធានេះបានប្រព្រឹត្តនូវការរំលោភដ៏រីករាលដាលប្រកបដោយនិទណ្ឌភាព ។ ដោយពុំមានការភ្ញាក់ផ្អើលអ្វីទេ លោក ទៀ បាញ់ ត្រូវបានទទួលស្វាគមន៍ជាវិរៈបុរស ដោយប្រព័ន្ធផ្សព្វផ្សាយព័ត៌មានត្រួតត្រាដោយគណបក្សកាន់អំណាច នៅពេលរូបគាត់វិលត្រឡប់មកពីសហរដ្ឋអាមេរិកវិញ ។

“ហ៊ុន សែន បានឡើងកាន់អំណាច ២៧ ឆ្នាំហើយ និងបាននិយាយថា គាត់ចង់នៅកាន់អំ​ ណាច ៣០ ឆ្នាំបន្តទៀត រីឯជនរងគ្រោះនៃការរំលោភទាំងឡាយមិនអាចរង់ចាំទទួលបាននូវយុត្តិ​ធម៌ ក្នុងរយៈពេលយ៉ាងយូរដូច្នេះបានទេ” អាដាំបាននិយាយ ។ “ក្នុងពេលទស្សនកិច្ចជាប្រ​វត្តិ-សាស្ត្រលើកទីមួយរបស់លោកមកកាន់ប្រទេសកម្ពុជា លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា មាន ឱកាសតែមួយគត់ដើម្បីស្នើជាសាធារណៈ ឲ្យលោក ហ៊ុន សែន ធ្វើការកែទម្រង់ដ៏ពិតប្រា​​​​​​​កដ ដើម្បីឲ្យប្រជាពលរដ្ឋកម្ពុជាទទួលបាននូវសិទ្ធិ និងសេរីភាព ដូចដែលប្រជាពលរដ្ឋអាមេរិកត្រូវបានផ្តល់ឲ្យ ដោយយល់ឃើញថាសិទិ្ធនោះជារបស់ធម្មជាតិ ដែលខ្លួនមិនបាច់ទាមទារឡើយ” ។

Your tax deductible gift can help stop human rights violations and save lives around the world.

Region / Country