មន្រ្តីមានសមត្ថកិច្ចត្រូវតែស៊ើបអង្កេត និងបិទមជ្ឈមណ្ឌលរដ្ឋាភិបាលដែលមានការរំលោភ
July 20, 2010
Downloadable Resources: 
“អស់ពេលជាយូរមកហើយ ប៉ូលីសនិងអាជ្ញាធរដទៃទៀត បានចាក់សោរបង្ខាំង អ្នកប្រកបរបររកស៊ីផ្លូវភេទដោយខុសច្បាប់ វាយដំ និងរំលោភលើផ្លូវភេទរបស់ពួកគេ ហើយលួចលុយនិងទ្រព្យសម្បត្តិដែលមានជាប់ខ្លួនរបស់ពួកគេ។ រដ្ឋាភិបាលកម្ពុជា ត្រូវតែ បញ្ជារឲ្យមានការស៊ើបអង្កេតជាបន្ទាន់ ដោយហ្មត់ចត់និងឯករាជ្យ ចំពោះអំពើរំលោភ ជាប្រព័ន្ធទៅលើសិទិ្ធមនុស្សរបស់អ្នកប្រកបមុខរបររកស៊ីផ្លូវភេទ និងត្រូវបិទមជ្ឈមណ្ឌល ដែលជាកន្លែងដែលអ្នកប្រកបមុខរបររកស៊ីផ្លូវភេទ ទទួលរងនូវអំពើរំលោភ។”
អេឡេន ភាសុន នាយកស្តីទីប្រចាំអាស៊ីនៃអង្គការឃ្លាំមើលសិទិ្ធមនុស្សបានមានប្រសាសន៍ ថា

(រាជធានីភ្នំពេញ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១០) - អង្គការឃ្លាំមើលសិទិ្ធមនុស្សបាននិយាយ​នៅ​​ក្នុងរបាយការណ៍ដែលចេញផ្សាយថ្ងៃនេះថា រដ្ឋាភិបាលកម្ពុជាគួរតែធ្វើសកម្មភាព បញ្ឈប់ជាបន្ទាន់នូវរាល់អំពើហិង្សាប្រឆាំងនឹងអ្នកប្រកបមុខរបររកស៊ីផ្លូវភេទ និងគួរបិទជាស្ថាពរ នូវមជ្ឈ​មណ្ឌល ដែលស្រ្តីប្រកបរបររកស៊ីផ្លូវភេទទាំងឡាយត្រូវបានគេឃុំឃាំងខ្លួនដោយខុសច្បាប់​ និងដោយ​រំលោភ​នៅទីនោះ។  អង្គការឃ្លាំមើលសិទិ្ធមនុស្ស បានជំរុញផងដែរឲ្យរដ្ឋាភិបាល កម្ពុជា ព្យួរ​បទបញ្ញត្តិមួយចំនួននៅក្នុងច្បាប់ឆ្នាំ២០០៨ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើ​អាជីវកម្មផ្លូវភេទ ដែលបញ្ញត្តិទាំងនោះ​សម្របសម្រួលឲ្យប៉ូលីសប្រព្រឹត្ត អំពើ យារយី និង​អំពើរំលោភបំពាន។

របាយការណ៍ចំនួន៧៦ទំព័រ របស់អង្គការឃ្លាំមើលសិទិ្ធមនុស្ស ដែលមានចំណងជើងថា   "បង្រ្កាបអ្នកប្រកបមុខរបររកស៊ីផ្លូវភេទ៖ ការ​ឃុំខ្លួនតាមអំពើចិត្តនិងអំពើរំលោភផ្សេងទៀត ប្រឆាំងនឹងអ្នកប្រកបរបររកស៊ី​ផ្លូវ​ភេទនៅ​ក្នុង​ប្រទេស​កម្ពុជា" ត្រូវបានធ្វើឡើងដោយផ្អែកលើ ការសម្ភាសន៍ និងការ​ពិភាក្សា​ជា​​​ក្រុមជាមួយអ្នកប្រកបរបររកស៊ី​ផ្លូវ​ភេទជាស្រ្តី និង ស្រីស្រស់ (Transgender) ច្រើនជាង៩០​នាក់ ​ក្នុងរាជ​ធានី​ភ្នំពេញ​ ខែត្របាត់ដំបង បន្ទាយមានជ័យ និងខែត្រសៀមរាប។ របាយការណ៍នេះបាន​ពិពណ៌នា​នូវ​របៀបដែលអ្នកប្រកបរបររកស៊ី ផ្លូវភេទ ប្រឈមនឹងការរំលោភដ៏រីករាលដាល មាន​ជាអាទិ៍ ការ​វាយដំ អំពើជំរិតយកលុយ និងអំពើរំលោភសេពសន្ថវៈនៅក្នុងដៃអាជ្ញាធរ ជាពិសេសនៅក្នុង​រាជធានីភ្នំពេញ។

អេឡេន ភាសុន នាយកស្តីទីប្រចាំអាស៊ីនៃអង្គការឃ្លាំមើលសិទិ្ធមនុស្សបានមានប្រសាសន៍ ថា​ "អស់ពេលជាយូរមកហើយ ប៉ូលីសនិងអាជ្ញាធរដទៃទៀត បានចាក់សោរបង្ខាំង អ្នកប្រកបរបររកស៊ីផ្លូវភេទដោយខុសច្បាប់ វាយដំ និងរំលោភលើផ្លូវភេទរបស់ពួកគេ ហើយលួចលុយ​និង​ទ្រព្យសម្បត្តិដែលមានជាប់ខ្លួនរបស់ពួក​គេ។ រដ្ឋាភិបាលកម្ពុជា ត្រូវតែ បញ្ជារឲ្យមានការស៊ើបអង្កេតជាបន្ទាន់ ដោយហ្មត់ចត់និងឯករាជ្យ ចំពោះអំពើរំលោភ ជាប្រព័ន្ធទៅលើសិទិ្ធមនុស្សរបស់អ្នកប្រកបមុខរបររកស៊ីផ្លូវភេទ និងត្រូវបិទមជ្ឈមណ្ឌល ដែលជាកន្លែងដែលអ្នកប្រកបមុខរបររកស៊ីផ្លូវភេទ ទទួលរង​នូវអំពើ​រំលោភ។"

ប៉ូលីសចាប់ខ្លួនអ្នកប្រកបរបររកស៊ីផ្លូវភេទ ក្នុងវិធានការបោសសម្អាតជាទៀងទាត់តាម ដងផ្លូវនិង​តាមសួនច្បារនៃរាជធានីភ្នំពេញ។ អំពើហិង្សាខ្លះជា   អំពើឆ្លៀតឱកាស ចំណែកឯ អំពើរំលោភ​ដទៃទៀតកើតឡើងជាទូទៅ នៅក្នុងវិធានការបង្រ្កាបនិង  ចុះចាប់ប្រមូលតាម ពេលកំណត់របស់ប៉ូ​លីសនិងអាជ្ញាធរខ័ណ្ឌ ជាពិសេស នៅ​ពេលសំដៅចាប់តែអ្នកប្រកប របររកស៊ីផ្លូវភេទ និងនៅ​ពេលផ្សេងទៀតសំដៅចាប់អ្នកប្រកបរបររកស៊ីផ្លូវភេទ ក្នុង ចំណោមក្រុមដទៃទៀតនៃប្រជាពលរដ្ឋដែលគេចាត់ទុកជា​កាក​សំណល់សង្គម ដែលគេ ឃើញនៅតាមដងផ្លូវ។

 

ប៉ូលីសរំលោភស្រ្តីប្រកបរបររកស៊ីផ្លូវភេទ ដោយគ្មានទទួលការផ្តន្ទាទោសឡើយ។ ស្រ្តី ប្រកបរបររកស៊ីផ្លូវភេទ បាន​ប្រាប់អង្គការឃ្លាំមើលសិទិ្ធមនុស្សថា មន្រ្តីប៉ូលីសបានវាយ ពួកគេដោយប្រើកណ្តាប់ដៃ រំពាត់​ ដំបងឈើ និងដំបងឆក់អគ្គីសនី។ ក្នុងកាលៈទេសៈខ្លះ មន្រ្តីប៉ូលីសបានរំលោភសេពសន្ថវៈ​លើស្រ្តីប្រកបរបររកស៊ីផ្លូវភេទ នៅអំឡុងពេលដែល ពួកគេស្ថិតក្នុងការឃុំឃាំងរបស់ប៉ូលីស។ ស្រ្តី​ប្រកបរបររកស៊ីផ្លូវភេទរាល់រូប ដែលអង្គការ ឃ្លាំមើលសិទិ្ធមនុស្សបានសម្ភាសន៍ បានបង់ប្រាក់​សំណូក ឬត្រូវមន្រ្តីប៉ូលីសលួចលុយ របស់ពួកគេ។

ច្បាប់កម្ពុជាឆ្នាំ២០០៨ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ បាន​ដាក់​ជាបទព្រហ្មទណ្ឌនូវរាល់ទម្រង់ទាំងអស់នៃអំពើជួញដូរ រួមទាំងការងារដោយបង្ខំ។ អង្គការ​ឃ្លាំមើលសិទិ្ធមនុស្សបានរកឃើញថា មន្រ្តីប៉ូលីសពេលខ្លះអាចប្រើផ្នែកទាំងឡាយ នៃច្បាប់​ដែលដាក់ជាបទព្រហ្មទណ្ឌលើ "អំពើអូសទាញ" និង "អំពើសញ្ចារកម្ម" នៃការជួញដូរភេទ ដើម្បី បង្ហាញពីភាពត្រឹមត្រូវចំពោះអំពើយារយីរបស់ខ្លួនលើស្រ្តី ប្រកប របររកស៊ីផ្លូវភេទ ។ បទបញ្ញត្តិ​ច្បាប់ទាំងឡាយ មានលក្ខណៈទូលំទូលាយគ្រប់គ្រាន់ សម្រាប់ប្រើប្រាស់ដាក់ជាបទ  ព្រហ្មទណ្ឌ​លើ​សកម្មភាពស្វែងរកការគាំទ្រ និងសកម្មភាព អប់រំដោយផ្ទាល់ ដោយក្រុមអ្នកប្រកបរបររកស៊ីផ្លូវភេទ និងអ្នកទាំងឡាយដែលគាំទ្រ ពួកគេ។

 

អង្គការឃ្លាំមើលសិទិ្ធមនុស្ស បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ពិភាក្សាជាមួយក្រុមអ្នកប្រកប របររកស៊ីផ្លូវភេទ ទីភ្នាក់ងារសហប្រជាជាតិ និងអង្គការដែលធ្វើការលើ បញ្ហាសិទិ្ធមនុស្ស បញ្ហា​ជួញ​ដូរ​មនុស្ស និងសុខភាព ដើម្បីពិនិត្យមើលឡើងវិញ បទបញ្ញត្តិច្បាប់ឆ្នាំ២០០៨ ស្តីពីអំពើជួញដូរមនុស្សនិងអំពើធ្វើអាជីវម្មផ្លូវភេទ និងដោះស្រាយផលប៉ះពាល់សិទិ្ធ មនុស្សរបស់អ្នក​ទាំងឡាយដែលជាប់ពាក់ព័ន្ធក្នុងការងារប្រកបរបររកស៊ីផ្លូវភេទ  មុនពេល អនុវត្តបទបញ្ញត្តិទាំងនោះ។​

 

ភាសុន បានមានប្រសាសន៍ថា "ក្នុងបរិយាកាសមួយ ដែលប៉ូលីសប្រព្រឹត្តអំពើរំលោភច្បាប់ ដោយឥតទោស​ពៃរ៍ នោះរដ្ឋាភិបាលកម្ពុជាចាំបាច់ត្រូវតែទទួលស្គាល់ថា ការដាក់ជាបទ ព្រហ្មទណ្ឌលើ អំពើអូស​ទាញ គឺជារូបមន្តមួយសម្រាប់បន្តរំលោភសិទិ្ធមនុស្ស។ រដ្ឋាភិបាល គួរតែត្រឡប់ទៅរកដំណាក់កាលមួយ - ដោយចាប់ផ្តើមដំបូងពីការពិភាក្សាយ៉ាងទូលំ ទូលាយជាមួយក្រុមអ្នកប្រកបរបររកស៊ីផ្លូវភេទ ​និង​ក្រុមដទៃទៀត - មុនបន្តអនុវត្តបទបញ្ញត្តិ ទាំងឡាយដែល រំលោភដោយប៉ូ​លីស។"

នៅក្នុងរាជធានីភ្នំពេញ ប៉ូលីសបញ្ជូនអ្នកប្រកបរបររកស៊ីផ្លូវភេទ ទៅមន្ទីរសង្គមកិច្ចរាជធានី និង​បញ្ជូន បន្តពី​ទីនោះទៅអង្គការមិនមែនរដ្ឋាភិបាល ឬមជ្ឈមណ្ឌលសង្គមកិច្ចរបស់ រដ្ឋាភិបាល ព្រៃ​ស្ពឺ។ ស្ថានភាពនៅ ព្រៃស្ពឺ គឺដូចជានរក។  អ្នកប្រកបរបររកស៊ីផ្លូវភេទ អ្នកសុំទាន អ្នកប្រើប្រាស់គ្រឿងញៀន កុមាររស់តាមចិញ្ចើមថ្នល់ និងអ្នកគ្មានផ្ទះសំបែង ដែលគេរក្សាទុកនៅព្រៃស្ពឺ បានរាយការណ៍ពីរបៀបដែលសមាជិកបុគ្គលិកមណ្ឌលបាន វាយដំ រំលោភសេពសន្ថវៈ និងធ្វើបាបអ្នកជាប់ឃុំ រួមទាំងកុមារ។ បុគ្គលិកសិទិ្ធមនុស្ស  ក្នុងស្រុក ដែលដកស្រង់សំដីសាក្សីផ្ទាល់ភ្នែក ចោទ​ប្រកាន់ថា យ៉ាងហោចណាស់ មនុស្ស បីនាក់ និងអាចច្រើនជាងនេះ ត្រូវបានឆ្មាំមណ្ឌលវាយ រហូតដល់ស្លាប់ នៅឯព្រៃស្ពឺ ចន្លោះ ឆ្នាំ២០០៦ និង២០០៨។

 

បន្ទាប់ពីមានសកម្មភាពស្វែងរកការគាំទ្រពីអង្គការជាតិ និងអន្តរជាតិ នៅក្នុងឆ្នាំ២០០៩​ និង​២០១០ មន្ទីរសង្គមកិច្ចរាជធានីបានចាប់ផ្តើមបញ្ជូនស្រ្តីប្រកបរបររកស៊ីផ្លូវភេទ ភាគច្រើន ដែលគេ​ចុះចាប់ប្រមូលបានក្នុងប្រតិបត្តិការបោសសម្អាត ទៅកាន់មណ្ឌលដែលគ្រប់គ្រង ដោយអង្គការ មិនមែនរដ្ឋាភិបាល ជាជាងបញ្ជូនទៅកាន់ព្រៃស្ពឺ។ ក៏ប៉ុន្តែ ចាប់តាំពីខែឧសភា ឆ្នាំ២០១០មកយ៉ាងហោច​ណាស់​ស្រ្តី​ប្រកបរបររកស៊ីផ្លូវភេទ ចំនួន​ប្រាំបីនាក់ ត្រូវបានគេ ឃុំឃាំងនៅព្រៃស្ពឺ ។ ស្រ្តីប្រកបរបររកស៊ីផ្លូវភេទ ដែល​គេឃុំឃាំងខ្លួននៅព្រៃស្ពឺ ក្នុងខែមិថុនា ឆ្នាំ២០១០ ត្រូវបានគេដាក់ឲ្យនៅក្នុង​បន្ទប់​របស់ពួកគេ ដោយអនុញ្ញាតឲ្យពួកនាងចាកចេញ ពីបន្ទប់ទៅងូតទឹកក្នុងទឹកស្រះដ៏កខ្វក់​បាន​​តែពីរដងប៉ុណ្ណោះក្នុងមួយ​ថ្ងៃ ឬក៏ត្រូវគេយាមអម ដំណើរតាមជាមួយដោយឆ្មាំមួយនាក់ ទៅ​កាន់​​បង្គន់អនាម័យ។

 

អង្គការឃ្លាំមើលសិទិ្ធមនុស្ស បានអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា ឲ្យបិទជាស្ថាពរនូវមជ្ឈ​មណ្ឌលសង្គមកិច្ច ដូចជា ព្រៃស្ពឺ ដែលជាកន្លែងឃុំឃាំងប្រជាពលរដ្ឋដោយខុសច្បាប់។ ក្នុង​របាយ​ការណ៍ខែមករាឆ្នាំ២០១០ ដែលមានចំណងជើងថា "ស្បែកដាច់ជាប់ខ្សែភ្លើង" អង្គការ​ឃ្លាំ​មើល​សិទិ្ធមនុស្សបានចងក្រងជាឯកសារផងដែរនូវការរំលោភដ៏សែនរន្ធត់​​ នៅឯកន្លែង​ឃុំ​​​ឃាំង​គ្រឿងញៀនក្នុងប្រទេសកម្ពុជាប្រឆាំងនឹងអ្នកប្រើប្រាស់គ្រឿងញៀន។ រដ្ឋាភិបាល​កម្ពុជាគួរតែបង្កើតគណៈកម្មាការពិសេសមួយ ដើម្បីស៊ើបអង្កេតយ៉ាងហ្មត់ចត់និងឯករាជ្យ នូវអំពើរំលោភទាំងឡាយ និងចាប់ជនប្រព្រឹត្តល្មើសឲ្យមកទទួលខុសត្រូវ។ តាំងពីដើមមក ប៉ូលីសនិងអាជ្ញាធរដទៃទៀត បានរួចខ្លួនពីការទទួលខុសត្រូវចំពោះអំពើរំលោភទាំងនេះ។

 

ភាសុន បានមានប្រសាសន៍ថា "រដ្ឋាភិបាលកម្ពុជា ត្រូវតែបិទមជ្ឈមណ្ឌលឃុំឃាំងទាំងនេះ ជា​បន្ទាន់​និងជាស្ថាពរ ដូចជាមជ្ឈមណ្ឌលព្រៃស្ពឺ ដែលជាកន្លែងឃុំឃាំងប្រជាពលរដ្ឋដោយ​ខុស​ច្បាប់ វាយដំ និងរំលោភ។ ការនាំខ្លួនជនទាំងឡាយ ដែលប្រព្រឹត្តបទឧក្រិដ្ឋទាំងនេះ ទៅ​វិនិច្ឆ័យទោស  គឺជាការបញ្ជូនសារប្រាប់យ៉ាងខ្លាំងថា ការរំលោភប្រឆាំងនឹង  អ្នកប្រកបរបរ រកស៊ីផ្លូវភេទ ​មិនអាចអត់ឱនឲ្យបានឡើយ។"

 

ម្ចាស់ជំនួយដែលគាំទ្រដល់កិច្ចប្រឹងប្រែងប្រឆាំងនឹងការជួញដូរមនុស្ស និងការហ្វឹកហ្វឺន ប៉ូលីស ជាពិសេសសហរដ្ឋអាមេរិក អូស្រ្តាលី ជប៉ុន សហគមន៍អឺរ៉ុប និងអង្គការសហប្រជា​ជាតិ គួរតែពិនិត្យមើលឡើងវិញនូវមូលនិធិរបស់ខ្លួន ដែលផ្តល់ដល់ប៉ូលីស និងក្រសួង​សង្គម​កិច្ច រហូតទាល់តែមាន ការស៊ើបអង្កេតមួយដែលឯករាជ្យលើការចោទប្រកាន់ស្តីពី អំពើរំលោភ និងរហូតទាល់តែមានការនាំខ្លួនជនដែលទទួលខុសត្រូវទៅផ្តន្ទាទោស និង រហូត​ទាល់​តែមជ្ឈមណ្ឌលសង្គមកិច្ច ដូចជាព្រៃស្ពឺ ត្រូវបានបិទជាស្ថាពរ។ ទោះជាប្រើពេល ច្រើន​ឆ្នាំសម្រាប់ហ្វឹកហ្វឺនប៉ូលីសក៏ដោយ ក៏ការរំលោភរបស់ប៉ូលីសនៅតែបន្តមាន ទោះជា កងឯក​ភាពដែលបានហ្វឹកហ្វឺនដោយមានការគាំទ្រពីម្ចាស់ជំនួយអន្តរជាតិក៏ដោយ ដូចជា កងនគរ​បាលឯក​ទេសប្រឆាំងការជួញដូរមនុស្សជាដើម។

 

ភាសុន បានមានប្រសាសន៍ថា "ម្ចាស់ជំនួយគួរតែកុំចំណាយលុយរបស់ពួកគេ ទៅហ្វឹកហ្វឺន មន្រ្តីរំលោភច្បាប់ទាំងអស់នេះ ផ្ទុយទៅវិញគួរតែចាប់បោះជំហានជួយលើកស្ទួយដល់ ការទទួលខុសត្រូវ​ពីរដ្ឋា​ភិបាលកម្ពុជា។"

 

សក្ខីកម្មពីអ្នកប្រកបមុខរបររកស៊ីផ្លូវភេទ ក្នុង "បង្រ្កាបអ្នកប្រកបមុខរបររកស៊ីផ្លូវភេទ"

នារី  ស្រីស្រស់​ប្រកបរបររកស៊ីផ្លូវភេទ បានពិពណ៌នាអំពីការទទួលរងទារុណកម្មពីប៉ូលីស ៖

"មន្រ្តីប៉ូលីសបីនាក់បានវាយដំច្រំធាក់ខ្ញុំយ៉ាងខ្លាំង នៅឯប៉ុស្តិប៉ូលីសសង្កាត់វត្តភ្នំ បន្ទាប់ពីខ្ញុំ​ត្រូវ​​បានគេនាំខ្លួនពីសួនច្បារ។ ប៉ូលីសម្នាក់ក្នុងចំណោមពួក​គេ បាន​យកកាំភ្លើងមកភ្ជង់​ក្បាល​ខ្ញុំ រួចកេះកៃ ក៏ប៉ុន្តែអត់ផ្ទុះគ្រាប់ទេ។ ពួក​គេទាត់កញ្ជឹងក​របស់​​ខ្ញុំ ចង្កេះរបស់ខ្ញុំ​និងវាយក្បាលរបស់ខ្ញុំ និងខ្លួនខ្ញុំជាមួយ​ដង​​អំបោស។ វាយប្រហែល​​​កន្លះ​​​ម៉ោង។ ខ្ញុំបានសំពះ​អង្វរពួកគេកុំឲ្យវាយខ្ញុំ។ មន្រ្តីប៉ូលីសឃោរឃៅណាស់ ហើយពួកគេមិនប្រាប់ខ្ញុំពីហេតុផល​ដែលធ្វើបែបនោះចំពោះខ្ញុំទេ។"

តុលា ដែលមានអាយុ២០ឆ្នាំ បានពិពណ៌នាអំពីរបៀបដែល ប៉ូលីស ជំរិតយកលុយពី ស្រ្តីប្រកបរបររកស៊ីផ្លូវភេទ ៖

"នៅឯស្ថានីយ៍ប៉ូលីសមួយ [ក្នុងខ័ណ្ឌដូនពេញ] ប៉ូលីសបានសួរយើងថាតើ ខ្ញុំមានមេការ [អ្នកគ្រប់គ្រង] ទេ។ ប៉ូលីសអនុញ្ញាតឲ្យខ្ញុំ និង​ស្រ្តីប្រកបរបររកស៊ីផ្លូវភេទដទែទៀត ទូរស័ព្ទ ហៅមេការមកអោយបង់ប្រាក់លោះ [សំណូក] ជាថ្នូរនឹងការដោះលែង។ ស្រ្តីដប់ប្រាំនាក់ក្នុង ចំណោមម្ភៃនាក់ ត្រូវបានគេដោះ​លែង បន្ទាប់ពីមេការរបស់ពួកគេ យកលុយមកបង់ឲ្យ ប៉ូលីស។ អ្នកនៅសល់ពីហ្នឹង ត្រូវគេទុកនៅឯប៉ុស្តិប៉ូលីសអស់ពេលបីថ្ងៃ មុនពេលបញ្ជូនទៅ មន្ទីរសង្គមកិច្ច និង​បន្ទាប់​មកបញ្ជូនទៅមណ្ឌលអង្គការក្រៅរដ្ឋាភិបាល។"

ស្រី ផា អាយុ២៧ឆ្នាំ បានពិពណ៌នាអំពីបទពិសោធន៍របស់នាងនៅឯព្រៃស្ពឺ ៖

"[ព្រៃស្ពឺ ] គឺដូចជាឋាននរកអញ្ចឹង។ ខ្ញុំស្ថិតក្នុងចំណោមមនុស្ស៣០នាក់ ដែលគេចាក់សោរ​ទុកក្នុងបន្ទប់ ដែលមានបុរស ស្រ្តី និងកុមារ។ អត់មានបង្គន់នៅក្នុងបន្ទប់ទេ​ ប៉ុន្តែមានធុង​ពីរ ដែលគេប្រើវាជាបង្គន់សម្រាប់ប្រើទាំងអស់គ្នា។ មានឈាមប្រឡាក់ពេញលើ​ជញ្ជាំង។ ខ្ញុំដេក មិនលក់ទេនៅពេលយប់ ព្រោះខ្ញុំខ្លាចនិងព្រួយ។ ខ្ញុំទទួលបានអាហារបន្តិច​បន្ទួច ហូបពីរ ពេលក្នុងមួយថ្ងៃ - បាយជាមួយប្រហុក (ត្រីដែលគេផ្អាប់ទុក) និងផ្លែអម្ពិល។​ មិនមានចាន បាយ​ ឬស្លាបព្រាទេ  ខ្ញុំត្រូវហូបពីថង់ផ្លាស់ស្ទិក។ នៅពេលយប់ ឆ្មាំបានវាយ​យ៉ាងធ្ងន់ធ្ងរ ទៅលើបុរសម្នាក់ ដែលបានព្យាយាមរត់គេចខ្លួន។"

នីកា អាយុ២៨ឆ្នាំ ពិពណ៌នាអំពីការវាយដំដោយឆ្មាំសន្តិសុខសួនច្បាររាជធានី ៖

"សន្តិសុខម្នាក់ដំបូងបានមក និងទាត់ខ្ញុំ ហើយនិយាយថា "ហេតុអី?" បន្ទាប់មក​ឆ្មាំបីនាក់​ទៀត​​បានមកដល់។ អ្នកយាមពីរនាក់ចាប់ដៃទាំងពីររបស់ខ្ញុំ ដោយទុកឲ្យពីរនាក់​ទៀតវាយ​ខ្ញុំ។ ពួកគេទះ​មុខ​ខ្ញុំ។ ពួកគេដូចជាស្រវឹងស្រាបន្តិច។ ពួកគេវៃ​ក្បាល​​​​ខ្ញុំនឹងដំបងឫស្សី និង​វិទ្យុរបស់​ពួកគេ និងវាយសព្វកន្លែងទាំងអស់។ ពួកគេ​ចាប់ហែកអាវខ្ញុំ។ ប៉ូលីសបានមក កាត់តាមនោះ តែគេអត់រវល់នឹងខ្ញុំទេ។ សន្តិសុខបន្តវាយខ្ញុំជិតកន្លះម៉ោង។ មនុស្សជាច្រើន​នាក់​ឃើញខ្ញុំ តែគេរាល់គ្នាខ្លាច មិនហ៊ានជួយខ្ញុំទេ។ ប្រធានសន្តិសុខ ប្រាប់កូនចៅ​ផ្សេង​ទៀតថាបើឃើញ​ខ្ញុំ​នៅទីនោះម្តងទៀត ត្រូវវាយខ្ញុំឲ្យងាប់។