Skip to main content

ប្រទេសចិនត្រូវទទួលខុសត្រូវចំពោះជនភៀសខ្លួនអ៊ូហ្គ័រ ដែលត្រូវបានគេចាប់បញ្ជូនដោយបង្ខំទៅកាន់ប្រទេសចិន

ជនភៀសខ្លួនបានពិពណ៌នាអំពីទារុណ្ឌកម្មពីអតីតមុនពេលវិលត្រឡប់ទៅវិញ

(ញូយក ថ្ងៃទី២២ ខែមករា ឆ្នាំ២០១០) - អង្គការឃ្លាំមើលសិទិ្ធមនុស្សបាននិយាយនៅថ្ងៃនេះក្នុងរបាយការណ៌ពិភពលោកឆ្នាំ២០១០ថ្មីរបស់ខ្លួនថា ការគោរពសិទិ្ធមូលដ្ឋានរបស់ប្រទេសកម្ពុជា មានសភាពកាន់តែយ៉ាប់យឺនធ្ងន់ធ្ងរទៅៗក្នុងឆ្នាំ២០០៩ នៅពេលដែលរដ្ឋាភិបាលប្រើប្រព័ន្ធតុលាការមិនត្រឹមត្រូវ ដើម្បីបំបិទមាត់អ្នករិះគន់រដ្ឋាភិបាល វាយប្រហារលើអ្នកការពារសិទិ្ធមនុស្ស ដាក់កំហិតសេរីភាពសារព័ត៌មាន និងបោះបង់ចោលកាតព្វកិច្ចអន្តរជាតិរបស់ខ្លួនក្នុងកិច្ចការពារជនភៀសខ្លួន។

អង្គការឃ្លាំមើលសិទិ្ធមនុស្សបាននិយាយថា របាយការណ៍ពិភពលោក២០១០ចំនួន៦១២ទំព័រ ដែលត្រួតពិនិត្យការអនុវត្តសិទិ្ធមនុស្សនៅជុំវិញពិភពលោកឆ្នាំទី២០របស់អង្គការ បានសង្ខេបពីនិន្នាការសិទិ្ធមនុស្សសំខាន់ៗក្នុងបណ្តាប្រជាជាតិនិងដែនដីចំនួន៩០នៅជុំវិញពិភពលោក។ អ្នកការពារសិទិ្ធមនុស្សកម្ពុជាបានទទួលរងការគំរាមកំហែង ការចាប់ខ្លួនតាមអំពើចិត្ត និងការវាយប្រហារលើរាងកាយអំឡុងឆ្នាំ២០០៩។ ជនរងគ្រោះមានរួមទាំងបុគ្គលិកនិងនិងអ្នកស្ម័គ្រចិត្តនៃអង្គការសិទិ្ធមនុស្ស ក៏ដូចជាសកម្មជនសហគមន៍ដែលធ្វើការលើសិទិ្ធដីធ្លី អាជីវកម្មធនធានធម្មជាតិ និងការបណ្តេញចេញដោយបង្ខំ។

លោកប្រាដអាដាំ នាយកអង្គការឃ្លាំមើលសិទិ្ធមនុស្សប្រចាំទ្វីបអាស៊ី បានមានប្រសាសន៍ថា "ប្រជាពលរដ្ឋកម្ពុជា ដែលបញ្ចញសម្លេងការពារផ្ទះរបស់ពួកគេ ការងាររបស់ពួកគេ និងសិទិ្ធរបស់ពួកគេ បានប្រឈមមុខនឹងការគំរាមកំហែង ការដាក់គុក និងការវាយប្រហារលើរាងកាយ។ មធ្យោបាយតែមួយគត់ដែលរដ្ឋាភិបាលកម្ពុជានឹងបញ្ចប់ការប្រើកម្លាំងរំលោភលើសង្គមស៊ីវិល គឺនៅពេលដែលបណ្តារដ្ឋាភិបាលនិងម្ចាស់ជំនួយដែលមានឥទិ្ធពលទាមទារឲ្យមានការផ្លាស់ប្តូរពិតៗ និងដាក់ការគាបសង្កត់លើរដ្ឋាភិបាលកម្ពុជា។"

ការរំលោភជាញឹកញយបានកើតឡើង អំឡុងពេលមានការបណ្តេញចេញជាទ្រង់ទ្រាយធំ ខណៈពេលដែលនគរបាលនិងទាហានជាញឹកញយបានប្រើប្រាស់កម្លាំងមិនចាំបាច់ឬហួសហេតុ។ ឧទាហរណ៍ នៅថ្ងៃទី២៤ខែមករា នៅតាមដងវិថីនៃរាជធានីភ្នំពេញភាគកណ្តាលមានពោរពេញទៅដោយទាហានប្រដាប់អាវុធធន់ធ្ងន់ បាញ់ឧស្ម័នបង្ហូរទឹកភ្នែកនិងកាំភ្លើងបាញ់ទឹក នៅពេលដែលពួកគេបណ្តេញមនុស្សជាច្រើនរយគ្រួសារដោយបង្ខំពីសហគមន៍ដីក្រហម។ ក្នុងខែមីនា នគរបាលបានបើកការបាញ់ប្រហារលើកសិករដៃទរទេរ ដែលតវ៉ាចំពោះការរឹបអូសយកដីធ្លីរបស់ពួកគេនៅក្នុងខែត្រសៀមរាប ដោយបានធ្វើឲ្យរបួសអ្នកភូមិបួននាក់យ៉ាងធ្ងន់ធ្ងរ។

សកម្មជនសហគមន៍ជាង៦០នាក់ ត្រូវបានគេចាប់ដាក់គុក ឬរងចាំសវនាការអំឡុងឆ្នាំ២០០៩ - ជាញឹកញយជាប់ពីបទចោទមិនត្រឹមត្រូវ - ចំពោះការជួយរៀបចំនិងធ្វើជាតំណាងឲ្យសមាជិកសហគមន៍ ដែលប្រឈមមុខនឹងការបណ្តេញចេញ ឬការរឹបអូសដីធ្លីរបស់ពួកគេដោយខុសច្បាប់។

អ្នកក្រីក្រជាយក្រុងដែលត្រូវបានគេបណ្តេញចេញពីផ្ទះ ជាញឹកញយត្រូវបានគេបោះបង់ចោលនៅទីកន្លែងស្មោកគ្រោកឆ្ងាយពីទីក្រុង ដែលជាទីខ្វះទឹក សេវាសង្គមកិច្ច និងច្រកទៅរកការងារធ្វើ។

របាយការណ៍នេះនិយាយថា យ៉ាងហោចណាស់អ្នករិះគន់រដ្ឋាភិបាលចំនួន ១០ នាក់ - រួមទាំងអ្នកសារព័ត៌មានបួនរូបនិងសមាជិកគណបក្សប្រឆាំងមួយចំនួនផងដែរ - ត្រូវបានរដ្ឋាភិបាលនិងមន្រ្តីយោធាប្តឹងពីបទបង្ខូចកេរ្តិ៍ឈ្មោះ និងផ្សាយព័ត៌មានមិនពិត។

លោកអាដាំបានមានប្រសាសន៍ថា "ខណៈពេលដែលសេរីភាពខាងនយោបាយកាន់តែរួញចង្អៀតទៅៗសម្រាប់ក្រុមសិទិ្ធមនុស្ស និងអ្នកស្វែរកការគាំទ្រ ដើម្បីការពារខ្លួន ក៏នៅមានកង្វល់ដែលអាចយកជាការបានច្រើនទៀតដែលថា ច្បាប់ដែលត្រៀមអនុម័តឆាប់ៗខាងមុខនេះ ដែលបង្កើនការដាក់កំហិតលើអង្គការក្រៅរដ្ឋាភិបាល នឹងត្រូវគេប្រើប្រាស់ដើម្បីបំបិទមាត់ក្រុមដែលរិះគន់រដ្ឋាភិបាល។"

របាយការណ៍នេះ ក៏ផ្តល់សេចក្តីពិស្តារ៍អំពីរឿងសំខាន់ៗដទៃទៀត រួមទាំងហិង្សាខាងនយោបាយ កង្វះខាតការទទួលខុសត្រូវរបស់មន្រ្តីរដ្ឋាភិបាលពាក់ព័ន្ធទៅនឹងអំពើរំលោភផ្សេងៗ ការឃុំខ្លួនតាមអំពើចិត្ត និងការរំលោភលើអ្នកបម្រើសេវាផ្លូវភេទ និងស្ថានភាពពន្ធនាគារដ៏អាក្រក់។

ប្រជាពលរដ្ឋជាង២០០០នាក់ ដែលប្រើប្រាស់គ្រឿងញៀន ត្រូវបានគេឃុំឃាំងតាមអំពើចិត្តនៅក្នុងមណ្ឌលឃុំឃាំងគ្រឿងញៀនទាំង ១១ កន្លែង  ដែលគ្រប់គ្រងដោយរដ្ឋាភិបាល។ មណ្ឌលទាំងនេះជាទីកន្លែងដែលគេយកលំហាត់ប្រាណលំបាកក្រៃលែងនិងពលកម្មបង្ខំ មកប្រើជាសកម្មភាពគាំទ្រដល់ "ការព្យាបាល" របស់ពួកគេ និងអំពើទារុណ្ឌកម្មគឺក្លាយជារឿងសាមញ្ញទៅហើយ។ ទោះជាការវាយតម្លៃមួយផ្តល់ សេចក្តីសន្និដ្ឋានថា បុគ្គលម្នាក់មិនញៀនគ្រឿងញៀនក៏ដោយ ក៏មជ្ឈមណ្ឌលទាំងនោះបន្តឃុំឃាំងអ្នកជាប់ឃុំឃាំងខ្លះតាមអំពើចិត្តដែរ។

ពិន្ទុមួយចំណោមពិន្ទុដែលទាបប្រចាំឆ្នាំ គឺនៅត្រង់ដែលរដ្ឋាភិបាលចាប់បញ្ជូនខ្លួន អ្នកស្វែងរកសិទិ្ធជ្រកកោនជនជាតិអ៊ូហ្គ័រចំនួន២០នាក់ដោយបង្ខំ ពីប្រទេសកម្ពុជាទៅ កាន់ប្រទេសចិនវិញនៅថ្ងៃទី១៩ ខែធ្នូ ដោយមិនពិនិត្យការស្នើសុំឋានៈជាជនភៀសខ្លួនរបស់ពួកគេឡើយ។ សកម្មភាពនេះ ជាការរំលោភយ៉ាងច្បាស់ក្រឡែតលើកាតព្វកិច្ចរបស់ប្រទេសកម្ពុជា ដែលជារដ្ឋមួយដែលបានផ្តល់សច្ចាប័នលើអនុសញ្ញាឆ្នាំ១៩៥១ទាក់ទងនឹងស្ថានភាពជនភៀសខ្លួន និងពិធីសារឆ្នាំ១៩៦៧របស់អនុសញ្ញានេះ។

លោកអាដាំបានមានប្រសាសន៍ថា "ការចាប់បញ្ជូនខ្លួនជនជាតិអ៊ូហ្គ័ររបស់ប្រទេសកម្ពុជាគឺជាឧទាហរណ៍ជាក់ស្តែងអំពីការខកខានរបស់រដ្ឋាភិបាលក្នុងការគោរពសិទិ្ធមនុស្ស។ រដ្ឋាភិបាលប្រទេសកម្ពុជាបានបង្ហាញពីការមិនគោរពទាល់តែសោះចំពោះបទដ្ឋានអប្បរមានៃនីតិវិធីត្រឹមត្រូវ កិច្ចការពារជនភៀសខ្លួន និងកិច្ចសហការអន្តរជាតិ។"

អ្នកស្វែងរកសិទិ្ធជ្រកកោននិងអ្នកបន្លាស់ទីកន្លែងខ្មែរក្រោម (ជាតិពន្ធខ្មែរពីប្រទេសវៀតណាមខាងត្បូង) បានប្រឈមមុខនឹងឧបសគ្គក្នុងការទទួលបានកន្លែងរស់នៅសុវត្ថិភាព និងសិទិ្ធទទួលបានសញ្ជាតិពេញលេញក្នុងប្រទេសកម្ពុជា ទោះជាមានការប្រកាសដោយរដ្ឋាភិបាលកម្ពុជាថា កម្ពុជាពិចារណាខ្មែរក្រោម ដែលមកនៅកម្ពុជា ជាប្រជាពលរដ្ឋខ្មែរក៏ដោយ។

អង្គការឃ្លាំមើលសិទិ្ធមនុស្សនិយាយថា សាមសិបឆ្នាំបន្ទាប់ពីការរលំដួលនៃរបបខ្មែរក្រហម យុត្តិធម៌សម្រាប់បទឧក្រិដ្ឋសម័យនោះនៅតែស្ថិតក្នុងភាពអាថ៌កំបាំងនៅឡើយមកទល់នឹងពេលនេះ។ សាលាក្តីខ្មែរក្រហមដែលមានតម្លៃ១០០លានដុល្លារ បានបន្តប្រឈមនឹងការជ្រៀតជ្រែកខាងនយោបាយ និងបានបោះជំហានទៅមុខបន្តិចបន្ទួចក្នុងការដោះស្រាយរបាយការណ៍ស្តីពីអំពើពុករលួយ ដែលបានញាំញីតុលាការ និងបានបំផ្លាញជំនឿទុកចិត្តចំពោះតុលាការនេះ។

អង្គការឃ្លាំមើលសិទិ្ធមនុស្សបានសម្តែងកង្វល់ចំពោះការគាំទ្រការហ្វឹកហ្វឺន និងសម្ភារ ដែលម្ចាស់ជំនួយបានផ្តល់ដល់យោធា នគរបាល និងកងប្រឆាំងភេរវកម្មកម្ពុជា ដែលមានប្រវត្តិរំលោភសិទិ្ធមនុស្សយ៉ាងធ្ងន់ធ្ងរ។ អង្គការឃ្លាំមើលសិទិ្ធមនុស្សបាននិយាយថា ម្ចាស់ជំនួយគួរធ្វើការជ្រើសរើសឲ្យបានហ្មត់ចត់បន្ថែមទៀតចំពោះបុគ្គល និងកងឯកភាព ដែលចូលរួមក្នុងកម្មវិធីបែបនោះ ដើម្បីធ្វើឲ្យប្រាកដថា គ្មានបុគ្គលណាម្នាក់ពាក់ព័ន្ធនឹងការរំលោភសិទិ្ធ។

លោកអាដាំបានមានប្រសាសន៍ថា "ខណៈពេលដែលម្ចាស់ជំនួយមានហេតុផលជាគោលនយោបាយក្នុងការធ្វើការជាមួយកងកម្លាំងសន្តិសុខកម្ពុជា ដូចជាភេរវកម្មនិងការរក្សាសន្តិភាព ម្ចាស់ជំនួយគួរតែយកចិត្តទុកដាក់ឲ្យបានខ្លាំងក្នុងការដាក់ជនរំលោភឲ្យទទួលខុសត្រូវ និងបញ្ចប់វប្បធម៌និទណ្ឌភាព ដែលកើតមានចំពោះសមាជិកនៃកងកម្លាំងសន្តិសុខស័ក្តិខ្ពស់ៗ និងសមាជិកដែលជិតស្និតនឹងនាយករដ្ឋមន្រ្តីហ៊ុនសែន។"

Your tax deductible gift can help stop human rights violations and save lives around the world.

Region / Country